លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ចូរផ្ចង់ចិត្ដទៅលើអ្វីដែលនៅស្ថានលើ»

«ចូរផ្ចង់ចិត្ដទៅលើអ្វីដែលនៅស្ថានលើ»

«ចូរផ្ចង់ចិត្ដទៅលើអ្វីដែលនៅស្ថានលើ មិនមែនទៅលើអ្វីនៅផែនដីឡើយ»។—កូឡុស ៣:២

១, ២. () ហេតុអ្វីក្រុមជំនុំនៅក្រុងកូឡុសអាចបែកសាមគ្គី? () តើឱវាទអ្វីបានជួយបងប្អូននៅក្រុងកូឡុសឲ្យរក្សាមិត្ដភាពជាមួយនឹងព្រះ?

ក្រុមជំនុំគ្រិស្ដសាសនិកនៅក្រុងកូឡុសនាសតវត្សរ៍ទី១អាចបែកសាមគ្គី! បងប្អូនខ្លះបាននិយាយថាមនុស្សគ្រប់រូបគួរធ្វើតាមច្បាប់ម៉ូសេ។ បងប្អូនខ្លះទៀតបាននិយាយថាការមានជីវិតសប្បាយ គឺខុស។ ប៉ូលបានព្រមានពួកគាត់ថាគំនិតខុសគ្នាទាំងនេះអាចបង្កឲ្យមានគ្រោះថ្នាក់ ដោយនិយាយថា«ចូរប្រយ័ត្ន ក្រែងលោមានអ្នកណាចាប់យកអ្នករាល់គ្នាធ្វើជាចំណី តាមរយៈទស្សនវិជ្ជានិងការបោកបញ្ឆោតអសារឥតការ ដែលមានមូលដ្ឋានលើទំនៀមទម្លាប់របស់មនុស្ស និងបឋមសេចក្ដីរបស់ពិភពលោកនេះ មិនមែនមានមូលដ្ឋានលើគ្រិស្ដឡើយ»។—កូឡុស ២:៨

បើគ្រិស្ដសាសនិកដែលបានត្រូវរើសតាំងទាំងនោះបានធ្វើតាមគំនិតរបស់មនុស្ស ពួកគាត់នឹងបោះបង់ឯកសិទ្ធិធ្វើជាកូនព្រះ។ (កូឡុស ២:២០-២៣) ដើម្បីជួយពួកគាត់រក្សាចំណងមិត្ដភាពដ៏មានតម្លៃរវាងពួកគាត់និងព្រះ ប៉ូលបានប្រាប់ពួកគាត់ថា«ចូរផ្ចង់ចិត្ដទៅលើអ្វីដែលនៅស្ថានលើ មិនមែនទៅលើអ្វីនៅផែនដីឡើយ»។ (កូឡុស ៣:២) គ្រិស្ដសាសនិកទាំងនោះត្រូវចាំអំពីសេចក្ដីសង្ឃឹមពិសេសរបស់ពួកគាត់ស្ដីអំពីជីវិតដែលគ្មានទីបញ្ចប់នៅស្ថានសួគ៌។—កូឡុស ១:៤, ៥

. () តើគ្រិស្ដសាសនិកដែលបានត្រូវរើសតាំងមានសេចក្ដីសង្ឃឹមអ្វី? () តើយើងនឹងពិចារណាសំណួរអ្វីខ្លះនៅក្នុងអត្ថបទនេះ?

សព្វថ្ងៃនេះ គ្រិស្ដសាសនិកដែលបានត្រូវរើសតាំងក៏ផ្ចង់ចិត្ដទៅលើរាជាណាចក្រព្រះនិងទៅលើសេចក្ដីសង្ឃឹមធ្វើជា«អ្នកទទួលមត៌ករួមជាមួយនឹងគ្រិស្ដ»នៅស្ថានសួគ៌ដែរ។ (រ៉ូម ៨:១៤-១៧) ប៉ុន្ដែ ចុះយ៉ាងណាពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដី? តើពាក្យរបស់ប៉ូលជាប់ទាក់ទងនឹងពួកគេយ៉ាងដូចម្ដេច? តើតាមរបៀបណាពួកគេអាចផ្ចង់ចិត្ដទៅលើ«អ្វីដែលនៅស្ថានលើ»? (យ៉ូហាន ១០:១៦) អាប្រាហាំនិងម៉ូសេបានផ្ចង់ចិត្ដទៅលើអ្វីដែលនៅស្ថានលើ សូម្បីតែក្នុងអំឡុងគ្រាលំបាកក៏ដោយ។ តើយើងអាចយកតម្រាប់ពួកគាត់យ៉ាងដូចម្ដេច?

តើការផ្ចង់ចិត្ដទៅលើអ្វីដែលនៅស្ថានលើ មានន័យយ៉ាងណា?

. តើតាមរបៀបណាគ្រិស្ដសាសនិកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីអាចផ្ចង់ចិត្ដទៅលើអ្វីដែលនៅស្ថានលើ?

ពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីត្រូវផ្ចង់ចិត្ដទៅលើអ្វីដែលនៅស្ថានលើ។ ពួកគេធ្វើដូច្នេះ ពេលពួកគេចាត់ទុកព្រះយេហូវ៉ានិងរាជាណាចក្ររបស់លោកជាអ្វីសំខាន់បំផុតក្នុងជីវិត។ (លូកា ១០:២៥-២៧) នេះគឺជាអ្វីដែលគ្រិស្ដបានធ្វើ ហើយនេះក៏ជាអ្វីដែលយើងត្រូវធ្វើដែរ។ (ពេត្រុសទី១ ២:២១) នៅជុំវិញគ្រិស្ដសាសនិកនាសតវត្សរ៍ទី១ មានពេញទៅដោយការវែកញែកមិនត្រឹមត្រូវ ទស្សនវិជ្ជារបស់ពិភពលោកនិងការចង់បានទ្រព្យសម្បត្ដិ។ សព្វថ្ងៃនេះក្នុងរបៀបរបបរបស់សាថាន យើងក៏ឃើញអ្វីទាំងនេះដែរ។ (សូមអាន កូរិនថូសទី២ ១០:៥) យើងត្រូវយកតម្រាប់លោកយេស៊ូ ហើយប្រុងប្រយ័ត្ននឹងអ្វីទាំងអស់ដែលអាចបង្ខូចចំណងមិត្ដភាពរវាងយើងនិងព្រះយេហូវ៉ា។

តើយើងបានឲ្យទស្សនៈរបស់ពិភពលោកអំពីលុយនិងទ្រព្យសម្បត្ដិមានឥទ្ធិពលមកលើយើងទេ?

. ស្ដីអំពីទស្សនៈរបស់យើងចំពោះលុយនិងទ្រព្យសម្បត្ដិ តើយើងអាចដណ្ដឹងសួរខ្លួនយើងអំពីអ្វីខ្លះ?

តើយើងបានឲ្យទស្សនៈរបស់ពិភពលោកអំពីលុយនិងទ្រព្យសម្បត្ដិមានឥទ្ធិពលមកលើយើងទេ? តាមរយៈអ្វីដែលយើងគិតនិងអ្វីដែលយើងធ្វើ យើងបង្ហាញឲ្យឃើញអំពីអ្វីដែលយើងពិតជាស្រឡាញ់។ លោកយេស៊ូបានពន្យល់ចំណុចនេះ ពេលលោកបានមានប្រសាសន៍ថា«ទ្រព្យសម្បត្ដិរបស់អ្នកនៅកន្លែងណា ចិត្ដរបស់អ្នកក៏នៅកន្លែងនោះដែរ»។ (ម៉ាថាយ ៦:២១) យើងត្រូវដណ្ដឹងសួរខ្លួនយើងអំពីអ្វីដែលសំខាន់បំផុតចំពោះយើង។ តើយើងចំណាយពេលច្រើនដើម្បីខ្វល់ខ្វាយអំពីលុយ គិតអំពីការរកការងារល្អជាង ឬខំព្យាយាមឲ្យមានរបៀបរស់នៅស្រួលជាងទេ? ឬតើយើងព្យាយាមមានជីវិតសាមញ្ញ ហើយផ្ដោតអារម្មណ៍ទៅលើចំណងមិត្ដភាពរវាងយើងនិងព្រះយេហូវ៉ាវិញ? (ម៉ាថាយ ៦:២២) លោកយេស៊ូបានមានប្រសាសន៍ថា បើយើងផ្ដោតអារម្មណ៍ទៅលើការប្រមូល‹ទ្រព្យសម្បត្ដិទុកនៅផែនដី› នោះយើងប្រហែលជាបាត់បង់ចំណងមិត្ដភាពរវាងយើងនិងព្រះយេហូវ៉ា។—ម៉ាថាយ ៦:១៩, ២០, ២៤

យើងអាចឈ្នះក្នុងការប្រយុទ្ធប្រឆាំងទំនោរចិត្ដមិនល្អឥតខ្ចោះរបស់យើង លុះត្រាតែយើងផ្ចង់ចិត្ដទៅលើអ្វីដែលនៅស្ថានលើ

. តើតាមរបៀបណាយើងអាចឈ្នះក្នុងការប្រយុទ្ធនឹងទំនោរចិត្ដមិនល្អឥតខ្ចោះរបស់យើង?

យើងជាមនុស្សមិនល្អឥតខ្ចោះ ម៉្លោះហើយ យើងងាយស្រួលធ្វើអ្វីដែលខុស។ (សូមអាន រ៉ូម ៧:២១-២៥) បើយើងមិនពឹងផ្អែកលើសកម្មពលបរិសុទ្ធរបស់ព្រះទេ យើងប្រហែលជាចូលរួមក្នុងការ«ជប់លៀងសប្បាយឥតបើគិត»និងការ«ផឹកស្រាឲ្យស្រវឹង» ប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ឬមាន«សីលធម៌ធូររលុង» ដោយគ្មានការគោរពចំពោះច្បាប់របស់ព្រះឡើយ។ (រ៉ូម ១៣:១២, ១៣) យើងកំពុងប្រយុទ្ធជាប់ជានិច្ចនឹងទំនោរចិត្ដមិនល្អឥតខ្ចោះរបស់យើង។ យើងអាចឈ្នះក្នុងការប្រយុទ្ធនេះ លុះត្រាតែយើងផ្ចង់ចិត្ដទៅលើអ្វីដែលនៅស្ថានលើ។ នេះតម្រូវឲ្យមានការខំប្រឹង ហើយនេះជាមូលហេតុដែលប៉ូលបាននិយាយថា«ខ្ញុំវាយដំរូបកាយរបស់ខ្ញុំ ហើយបង្ខំឲ្យចុះចូលដូចខ្ញុំបម្រើ»។ (កូរិនថូសទី១ ៩:២៧) យើងក៏ត្រូវតែតឹងរ៉ឹងចំពោះខ្លួនយើងដែរ។ សូមយើងពិភាក្សាអំពីគំរូរបស់បុរសដ៏ស្មោះត្រង់ពីរនាក់ដែលបានខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យព្រះពេញចិត្ដ។—ហេប្រឺ ១១:៦

អាប្រាហាំ«បង្ហាញជំនឿលើព្រះយេហូវ៉ា»

៧, ៨. () តើអាប្រាហាំនិងសារ៉ាមានបញ្ហាអ្វីខ្លះ? () តើអាប្រាហាំបានគិតជាប់ជានិច្ចអំពីអ្វី?

ពេលព្រះយេហូវ៉ាបានសុំអាប្រាហាំឲ្យរើទៅស្រុកកាណានជាមួយនឹងក្រុមគ្រួសាររបស់គាត់ អាប្រាហាំបានសុខចិត្ដធ្វើតាម។ ដោយសារជំនឿនិងការស្ដាប់បង្គាប់របស់អាប្រាហាំ ព្រះយេហូវ៉ាបានឲ្យពរដល់គាត់ដោយធ្វើកិច្ចព្រមព្រៀងមួយជាមួយនឹងគាត់។ ព្រះយេហូវ៉ាបានប្រាប់គាត់ថា«អញនឹងបង្កើតនគរយ៉ាងធំពីឯង អញនឹងឲ្យពរដល់ឯង»។ (លោកុប្បត្ដិ ១២:២) ច្រើនឆ្នាំបានកន្លងផុតទៅ អាប្រាហាំនិងសារ៉ានៅតែគ្មានកូន។ តើអាប្រាហាំបានឆ្ងល់ថាព្រះយេហូវ៉ាបានភ្លេចសេចក្ដីសន្យារបស់លោកឬ? នៅពេលនោះ ជីវិតរបស់អាប្រាហាំមិនមែនស្រួលទេ។ គាត់បានលះបង់ជីវិតសុខស្រួលនៅក្រុងអ៊ើរដ៏ចម្រុងចម្រើន ហើយបានធ្វើដំណើរជាង១.៦០០គីឡូម៉ែត្រ(១.០០០ម៉ៃល៍)ទៅស្រុកកាណាន។ គាត់និងក្រុមគ្រួសាររបស់គាត់បានរស់នៅក្នុងត្រសាល។ ពួកគាត់មិនតែងតែមានអាហារគ្រប់គ្រាន់ដើម្បីបរិភោគទេ ហើយជួនកាលពួកគាត់រងគ្រោះដោយសារពួកចោរ។ (លោកុប្បត្ដិ ១២:៥, ១០; ១៣:១៨; ១៤:១០-១៦) ទោះជាយ៉ាងនេះក្ដី អាប្រាហាំនិងក្រុមគ្រួសាររបស់គាត់មិនចង់ត្រឡប់ទៅរស់នៅយ៉ាងសុខស្រួលនៅក្រុងអ៊ើរវិញឡើយ។—សូមអាន ហេប្រឺ ១១:៨-១២, ១៥

អាប្រាហាំបាន«ជឿដល់ព្រះយេហូវ៉ា» ហើយគាត់មិនបានផ្ដោតអារម្មណ៍ទៅលើ«អ្វីនៅផែនដី»ឡើយ។ (លោកុប្បត្ដិ ១៥:៦) គាត់បានគិតជាប់ជានិច្ចអំពីសេចក្ដីសន្យារបស់ព្រះចំពោះគាត់។ ព្រះយេហូវ៉ាបានឃើញជំនឿរបស់អាប្រាហាំ ហើយបានមានប្រសាសន៍ថា«ចូរមើលទៅលើមេឃឥឡូវ ហើយរាប់ផ្កាយចុះ បើឯងអាចនឹងរាប់ទាំងអស់បាន»។ បន្ទាប់មកលោកបានប្រាប់គាត់ថា«ពូជឯងនឹងបានដូច្នោះដែរ»។ (លោកុប្បត្ដិ ១៥:៥) ពេលអាប្រាហាំបានដូច្នេះ គាត់បានដឹងថាព្រះយេហូវ៉ាមិនបានភ្លេចគាត់ទេ។ រាល់លើកដែលគាត់មើលទៅផ្កាយ គាត់បាននឹកចាំអំពីសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថាគាត់នឹងមានកូនចៅជាច្រើននាក់។ ម្យ៉ាងទៀត កាលដែលពេលរបស់ព្រះយេហូវ៉ាបានមកដល់ អាប្រាហាំមានកូនប្រុសម្នាក់ ដូចព្រះយេហូវ៉ាបានសន្យាមែន។—លោកុប្បត្ដិ ២១:១, ២

. តើតាមរបៀបណាយើងអាចយកតម្រាប់អាប្រាហាំ?

ដូចអាប្រាហាំដែរ យើងកំពុងរង់ចាំឲ្យសេចក្ដីសន្យារបស់ព្រះយេហូវ៉ាបានសម្រេច។ (ពេត្រុសទី២ ៣:១៣) បើយើងមិនផ្ចង់ចិត្ដទៅលើអ្វីដែលនៅស្ថានលើទេ យើងប្រហែលជាមានអារម្មណ៍ថាសេចក្ដីសន្យាទាំងនោះបានត្រូវពន្យារពេល ហើយយើងប្រហែលជាមិនមានចិត្ដខ្នះខ្នែងចំពោះកិច្ចបម្រើព្រះយេហូវ៉ាដូចយើងធ្លាប់មានពីមុនឡើយ។ ប្រហែលជាពីមុនអ្នកបានធ្វើការលះបង់សម្រាប់ព្រះយេហូវ៉ា ដើម្បីអ្នកអាចធ្វើជាអ្នកត្រួសត្រាយ ឬបម្រើតាមរបៀបពិសេសផ្សេងទៀត។ ប៉ុន្ដែ ឥឡូវនេះតើអ្នកកំពុងធ្វើអ្វី? តើអ្នកដូចអាប្រាហាំដែលខំអស់ពីសមត្ថភាពដើម្បីព្រះយេហូវ៉ា ហើយទន្ទឹងរង់ចាំពរនៅពេលអនាគតទេ? (ហេប្រឺ ១១:១០) អាប្រាហាំបាន«បង្ហាញជំនឿលើព្រះយេហូវ៉ា» ហើយគាត់បានត្រូវចាត់ទុកជាមិត្ដសម្លាញ់របស់ព្រះ។—រ៉ូម ៤:៣

ម៉ូសេបាន«មើលឃើញលោកដែលមនុស្សមើលពុំឃើញ»

១០. តើម៉ូសេបានត្រូវចិញ្ចឹមអប់រំយ៉ាងដូចម្ដេច?

១០ ម៉ូសេគឺជាបុរសម្នាក់ទៀតដែលបានផ្ចង់ចិត្ដទៅលើអ្វីដែលនៅស្ថានលើ។ គាត់បានត្រូវចិញ្ចឹមអប់រំជាសមាជិករាជវង្សនៃស្រុកអេស៊ីប នៅពេលដែលជនជាតិអេស៊ីបជាប្រជាជាតិដែលខ្លាំងក្លាបំផុតនៅក្នុងពិភពលោក។ គម្ពីរចែងថាគាត់«បានត្រូវអប់រំទៅតាមអស់ទាំងចំណេះវិជ្ជារបស់ជនជាតិអេស៊ីប»។ ការអប់រំខ្ពស់នេះបានធ្វើឲ្យម៉ូសេ«ពូកែក្នុងពាក្យសម្ដីនិងក្នុងកិច្ចការដែលគាត់បានធ្វើ»។ (សកម្មភាព ៧:២២) ដោយសារជីវប្រវត្ដិរបស់គាត់ ម៉ូសេមានឱកាសជាច្រើនដើម្បីធ្វើជាមនុស្សសំខាន់ម្នាក់នៅស្រុកអេស៊ីប។ ប៉ុន្ដែ មានការអប់រំមួយប្រភេទទៀតដែលសំខាន់ជាងចំពោះម៉ូសេ។

១១, ១២. តើការអប់រំដែលសំខាន់បំផុតចំពោះម៉ូសេគឺជាអ្វី? ហេតុអ្វីយើងដឹង?

១១ ពេលម៉ូសេជាកុមារ យ៉ុកិបិតដែលជាម្ដាយរបស់គាត់ បានបង្រៀនគាត់អំពីព្រះរបស់ជនជាតិហេប្រឺ។ ចំពោះម៉ូសេ ចំណេះនេះអំពីព្រះយេហូវ៉ាគឺសំខាន់ជាងអ្វីទៀតទាំងអស់។ ដោយចិត្ដរីករាយ គាត់បានបោះបង់ឱកាសមានទ្រព្យសម្បត្ដិនិងអំណាច ដើម្បីគាត់អាចធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ (សូមអាន ហេប្រឺ ១១:២៤-២៧) ការបង្ហាត់បង្រៀនដែលម៉ូសេបានទទួលកាលគាត់នៅក្មេងនិងជំនឿរបស់គាត់លើព្រះយេហូវ៉ាបានជួយគាត់ឲ្យផ្ចង់ចិត្ដទៅលើអ្វីដែលនៅស្ថានលើ។

ដោយចិត្ដរីករាយ ម៉ូសេបានបោះបង់ឱកាសមានទ្រព្យសម្បត្ដិនិងអំណាច ដើម្បីគាត់អាចធ្វើតាមបំណងប្រាថ្នារបស់ព្រះ

១២ ទោះជាម៉ូសេបានទទួលការអប់រំប្រសើរបំផុតដែលអាចមាននៅស្រុកអេស៊ីបក៏ដោយ គាត់មិនបានប្រើការអប់រំនោះដើម្បីក្លាយទៅជាមនុស្សម្នាក់ដែលមានអំណាច ល្បីឈ្មោះ ឬមានទ្រព្យសម្បត្ដិឡើយ។ តាមពិត គម្ពីរចែងថាគាត់«មិនព្រមឲ្យគេហៅគាត់ថាជាកូនរបស់កូនស្រីផារ៉ូឡើយ ដោយសម្រេចចិត្ដឲ្យគេធ្វើបាបគាត់ជាមួយនឹងរាស្ដ្ររបស់ព្រះ ជាជាងសប្បាយមួយរយៈពេលខ្លីនឹងអំពើខុសឆ្គង»។ ជាយូរក្រោយមក ម៉ូសេបានប្រើចំណេះរបស់គាត់អំពីព្រះយេហូវ៉ាដើម្បីដឹកនាំរាស្ដ្ររបស់លោក។

១៣, ១៤. () មុនម៉ូសេអាចរំដោះរាស្ដ្ររបស់ព្រះយេហូវ៉ា តើគាត់ត្រូវរៀនអ្វីខ្លះ? () តើយើងក៏ត្រូវរៀនអ្វីដែរ?

១៣ ម៉ូសេស្រឡាញ់ព្រះយេហូវ៉ានិងរាស្ដ្ររបស់លោក ដែលជាខ្ញុំបម្រើនៅស្រុកអេស៊ីបនៅពេលនោះ។ ពេលម៉ូសេមានអាយុ៤០ឆ្នាំ គាត់បានគិតថាគាត់បានត្រៀមលក្ខណៈហើយដើម្បីរំដោះពួកគេ។ (សកម្មភាព ៧:២៣-២៥) ប៉ុន្ដែ ព្រះយេហូវ៉ាបានជ្រាបថាម៉ូសេមិនទាន់មានលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើដូច្នេះទេ។ គាត់នៅតែត្រូវរៀនឲ្យចេះមានចិត្ដរាបទាប ចិត្ដអត់ធ្មត់ ចិត្ដស្លូតបូត និងចេះទប់ចិត្ដ។ (សុភាសិត ១៥:៣៣) ម៉ូសេត្រូវការការបង្ហាត់បង្រៀនដែលនឹងជួយគាត់ត្រៀមលក្ខណៈសម្រាប់បញ្ហាធ្ងន់ធ្ងរដែលនៅខាងមុខ។ រយៈពេល៤០ឆ្នាំដែលម៉ូសេបានធ្វើជាគង្វាល បានជួយគាត់ឲ្យបណ្ដុះនូវគុណសម្បត្ដិទាំងនេះ។

១៤ តើការបង្ហាត់បង្រៀននេះបានជួយម៉ូសេទេ? នេះបានជួយគាត់មែន ពីព្រោះគម្ពីរចែងថាគាត់បានទៅជាមនុស្ស«សុភាពណាស់លើសអស់ទាំងមនុស្សនៅលើផែនដី»។ (ជនគណនា ១២:៣) ដោយសារគាត់បានរៀនឲ្យចេះមានចិត្ដរាបទាប នោះគាត់អាចមានចិត្ដអត់ធ្មត់ចំពោះមនុស្សផ្សេងនិងបញ្ហារបស់ពួកគេ។ (និក្ខមនំ ១៨:២៦) យើងក៏ត្រូវការនូវគុណសម្បត្ដិដែលនឹងជួយយើងឲ្យរួចជីវិតនៅ«គ្រាទុក្ខវេទនាដ៏ខ្លាំង» ហើយចូលទៅពិភពលោកថ្មីរបស់ព្រះ។ (ការបើកបង្ហាញ ៧:១៤) តើយើងស្រុះស្រួលជាមួយនឹងមនុស្ស រួមទាំងពួកអ្នកដែលយើងគិតថាងាយខឹង ឬងាយអន់ចិត្ដទេ? ពាក្យរបស់សាវ័កពេត្រុសដែលថា«ចូរគោរពមនុស្សគ្រប់ប្រភេទ ចូរស្រឡាញ់បងប្អូនរួមជំនឿទាំងអស់គ្នា» អាចជួយយើង។—ពេត្រុសទី១ ២:១៧

ការផ្ចង់ចិត្ដទៅលើអ្វីដែលនៅស្ថានលើ

១៥, ១៦. () ហេតុអ្វីយើងត្រូវផ្ចង់ចិត្ដទៅលើអ្វីដែលត្រឹមត្រូវ? () ហេតុអ្វីគ្រិស្ដសាសនិកត្រូវរក្សាការប្រព្រឹត្ដល្អ?

១៥ យើងរស់នៅក្នុងគ្រាដែល«លំបាកណាស់»។ (ធីម៉ូថេទី២ ៣:១) ហេតុនេះហើយ បានជាយើងត្រូវផ្ចង់ចិត្ដទៅលើអ្វីដែលត្រឹមត្រូវដើម្បីរក្សាភាពជិតស្និទ្ធនឹងព្រះ។ (ថែស្សាឡូនិចទី១ ៥:៦-) សូមយើងពិចារណារបៀបបីយ៉ាងដែលយើងអាចធ្វើដូច្នេះ។

១៦ ការប្រព្រឹត្ដរបស់យើង: ពេត្រុសបានពន្យល់ថាការប្រព្រឹត្ដល្អគឺសំខាន់ណាស់ ពេលគាត់បាននិយាយថា«ចូរប្រព្រឹត្ដល្អប្រសើរជានិច្ចក្នុងចំណោមមនុស្សខាងពិភពលោកនេះ»។ គាត់បានបន្ថែមថាពួកអ្នកដែលមិនស្គាល់ព្រះយេហូវ៉ាប្រហែលជាកត់សម្គាល់របៀបដែលយើងប្រព្រឹត្ដ ហើយប្រហែលជា«ពួកគេនឹងបែរជាសរសើរព្រះ»។ (ពេត្រុសទី១ ២:១២) យើងត្រូវធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើដើម្បីសរសើរព្រះយេហូវ៉ាតាមរយៈការប្រព្រឹត្ដរបស់យើង ទោះជាយើងនៅផ្ទះ នៅកន្លែងធ្វើការ នៅសាលា នៅពេលកម្សាន្ដ ឬនៅក្នុងកិច្ចផ្សព្វផ្សាយក្ដី។ ពិតមែន យើងទាំងអស់គ្នាមិនល្អឥតខ្ចោះ ហើយយើងទាំងអស់គ្នាធ្វើខុស។ (រ៉ូម ៣:២៣) ប៉ុន្ដែ យើងមិនគួរធ្លាក់ទឹកចិត្ដឡើយ។ ដោយមានជំនួយពីព្រះយេហូវ៉ា យើងអាច«តស៊ូយ៉ាងប្រសើរដើម្បីជំនឿ»។—ធីម៉ូថេទី១ ៦:១២

បើយើងគិតដូចគ្រិស្ដ យើងនឹងមានចិត្ដរាបទាប ហើយមានចិត្ដខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ

១៧. តើយើងអាចធ្វើតាមចិត្ដគំនិតរបស់លោកយេស៊ូយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅដើមអត្ថបទ)។

១៧ ចិត្ដគំនិតរបស់យើង: ដើម្បីរក្សាការប្រព្រឹត្ដល្អ យើងត្រូវមានចិត្ដគំនិតត្រឹមត្រូវ។ សាវ័កប៉ូលបាននិយាយថា«ចូររក្សាឲ្យមានចិត្ដគំនិតបែបនេះជានិច្ច គឺចិត្ដគំនិតដូចគ្រិស្ដយេស៊ូ»។ (ភីលីព ២:៥) តើលោកយេស៊ូមានចិត្ដគំនិតបែបណា? លោកមានចិត្ដរាបទាប ហើយនេះបានធ្វើឲ្យលោកចង់ជូនអ្វីដែលល្អបំផុតទៅព្រះយេហូវ៉ា។ លោកតែងតែគិតអំពីការផ្សព្វផ្សាយដំណឹងល្អនៃរាជាណាចក្រព្រះ។ (ម៉ាកុស ១:៣៨; ១៣:១០) ចំពោះលោកយេស៊ូ បណ្ដាំរបស់ព្រះផ្ដល់ការណែនាំដ៏សំខាន់បំផុត។ (យ៉ូហាន ៧:១៦; ៨:២៨) លោកបានសិក្សាបទគម្ពីរបរិសុទ្ធដោយយកចិត្ដទុកដាក់ដើម្បីលោកអាចដកស្រង់ ការពារ និងពន្យល់បទគម្ពីរទាំងនោះ។ បើយើងគិតដូចគ្រិស្ដ យើងក៏នឹងមានចិត្ដរាបទាប មានចិត្ដខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ ហើយឧស្សាហ៍ក្នុងការសិក្សាគម្ពីរដែរ។

កិច្ចផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះគឺជាអ្វីដែលសំខាន់សម្រាប់លោកយេស៊ូ (សូមមើលវគ្គ១៧)

១៨. តើយើងអាចគាំទ្រកិច្ចការរបស់ព្រះយេហូវ៉ាតាមរបៀបសំខាន់ណាខ្លះ?

១៨ ការគាំទ្ររបស់យើង: ព្រះមានគោលបំណងឲ្យ‹អ្នកនៅស្ថានសួគ៌និងអ្នកនៅផែនដី›ចុះចូលលោកយេស៊ូ។ (ភីលីព ២:៩-១១) ទោះជាលោកយេស៊ូមានឋានៈខ្ពង់ខ្ពស់ណាស់ក៏ដោយ លោកចុះចូលបិតាលោកដោយចិត្ដរាបទាប។ យើងក៏គួរធ្វើដូច្នេះដែរ។ (កូរិនថូសទី១ ១៥:២៨) យើងរួមចំណែកក្នុងកិច្ចការរបស់ព្រះយេហូវ៉ា ពេលយើង«បង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាម»លោកយេស៊ូ។ (ម៉ាថាយ ២៨:១៩) យើងក៏«ធ្វើល្អដល់មនុស្សទាំងអស់» ពេលយើងធ្វើអំពើល្អចំពោះអ្នកជិតខាងនិងចំពោះបងប្អូនយើង។—កាឡាទី ៦:១០

១៩. តើយើងគួរតាំងចិត្ដធ្វើអ្វី?

១៩ យើងដឹងគុណព្រះយេហូវ៉ាយ៉ាងខ្លាំងដែលលោកប្រាប់យើងឲ្យផ្ចង់ចិត្ដទៅលើអ្វីដែលនៅស្ថានលើ! យើងត្រូវ«រត់ដោយស៊ូទ្រាំ» ហើយផ្ដោតអារម្មណ៍ជានិច្ចទៅលើអ្វីដែលត្រឹមត្រូវ។ (ហេប្រឺ ១២:១) សូមយើងតាំងចិត្ដធ្វើអ្វីទាំងអស់ដោយ«អស់ពីកម្លាំងកាយកម្លាំងចិត្ដ ទុកដូចជាធ្វើដើម្បីព្រះយេហូវ៉ា» ដោយដឹងថាបិតារបស់យើងដែលនៅស្ថានសួគ៌នឹងឲ្យពរយើងយ៉ាងបរិបូរ។—កូឡុស ៣:២៣, ២៤