លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរឲ្យតម្លៃចំពោះឯកសិទ្ធិរបស់អ្នកជាអ្នកធ្វើការជាមួយនឹងព្រះយេហូវ៉ា!

ចូរឲ្យតម្លៃចំពោះឯកសិទ្ធិរបស់អ្នកជាអ្នកធ្វើការជាមួយនឹងព្រះយេហូវ៉ា!

«យើងជាអ្នករួមការងារជាមួយនឹងព្រះ»។—កូរិនថូសទី១ ៣:៩

. តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះកិច្ចការដែលលោកធ្វើ ហើយតើនេះនាំឲ្យលោកធ្វើអ្វី?

ព្រះយេហូវ៉ាសប្បាយនឹងធ្វើការ។ (ទំនុកតម្កើង ១៣៥:៦; យ៉ូហាន ៥:១៧) លោកក៏ចង់ឲ្យទេវតានិងមនុស្សពេញចិត្ដនឹងកិច្ចការរបស់ពួកគេដែរ ដូច្នេះលោកផ្ដល់ឲ្យពួកគេនូវកិច្ចការដែលធ្វើឲ្យពួកគេសប្បាយនិងស្កប់ចិត្ដ។ ព្រះយេហូវ៉ាបានឲ្យបុត្រច្បងរបស់លោកចូលរួមក្នុងកិច្ចការបង្កើតអ្វីទាំងអស់។ (សូមអាន កូឡុស ១:១៥, ១៦) គម្ពីរប្រាប់យើងថាមុនលោកយេស៊ូបានមកផែនដី លោកបាននៅស្ថានសួគ៌ជាមួយនឹងព្រះដោយធ្វើ«ជាមេជាង»។—សុភាសិត ៨:៣០

. តើតាមរបៀបណាយើងដឹងថាទេវតាតែងតែមានកិច្ចការដែលសំខាន់និងនាំឲ្យស្កប់ចិត្ដ?

ពីសៀវភៅលោកុប្បត្ដិដល់សៀវភៅការបើកបង្ហាញ គម្ពីរពន្យល់ថាព្រះយេហូវ៉ាតែងតែផ្ដល់កិច្ចការឲ្យទេវតា។ ពេលអាដាមនិងអេវ៉ាបានប្រព្រឹត្ដអំពើខុសឆ្គង ហើយត្រូវចាកចេញពីសួនឧទ្យាន ព្រះបានផ្ដល់ឲ្យពួកទេវតានូវភារកិច្ចមួយ។ សៀវភៅលោកុប្បត្ដិចែងថា ព្រះបាន«ដាក់ចេរូប៊ីននៅខាងកើតសួនច្បារអេដែន នឹងដាវដែលជាអណ្ដាតភ្លើងរេបែរទៅគ្រប់ទិស ដើម្បីនឹងរក្សាផ្លូវទៅដើមជីវិត»។ (លោកុប្បត្ដិ ៣:២៤) ម្យ៉ាងទៀត នៅសៀវភៅការបើកបង្ហាញ យើងរៀនថាព្រះយេហូវ៉ា«បានចាត់ទេវតារបស់លោកឲ្យទៅបង្ហាញពួកខ្ញុំបម្រើរបស់លោកឲ្យឃើញអ្វីដែលត្រូវកើតឡើងក្នុងពេលឆាប់ខាងមុខនេះ»ឲ្យបើកបង្ហាញអំពីអនាគត។—ការបើកបង្ហាញ ២២:៦

កិច្ចការសម្រាប់មនុស្សជាតិ

. ពេលដែលលោកយេស៊ូនៅផែនដី តើលោកបានយកតម្រាប់បិតារបស់លោកយ៉ាងដូចម្ដេច?

ពេលដែលលោកយេស៊ូនៅផែនដី លោកបានធ្វើដោយអំណរនូវកិច្ចការដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យ។ ម្យ៉ាងទៀត លោកបានយកតម្រាប់បិតារបស់លោក ដោយផ្ដល់កិច្ចការសំខាន់ឲ្យអ្នកកាន់តាមលោក។ លោកបានធ្វើឲ្យពួកគេមានចិត្ដរំភើបចំពោះកិច្ចការរបស់ពួកគេ ដោយមានប្រសាសន៍ថា«ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលបង្ហាញជំនឿលើខ្ញុំ អ្នកនោះនឹងធ្វើការដែលខ្ញុំធ្វើដែរ ក៏នឹងធ្វើការដ៏ធំជាងនោះទៅទៀត ពីព្រោះខ្ញុំនឹងទៅបិតាដែលនៅស្ថានសួគ៌»។ (យ៉ូហាន ១៤:១២) លោកយេស៊ូបានជួយអ្នកកាន់តាមលោកឲ្យយល់ថាកិច្ចការដែលពួកគេត្រូវធ្វើគឺជាកិច្ចការបន្ទាន់ ដោយពន្យល់ថា«យើងត្រូវធ្វើកិច្ចការរបស់លោកដែលបានចាត់ខ្ញុំឲ្យមក ទាន់នៅថ្ងៃនៅឡើយ ព្រោះយប់នឹងមកដល់ ហើយពេលនោះគ្មានអ្នកណាអាចធ្វើបានទេ»។—យ៉ូហាន ៩:៤

-. () ហេតុអ្វីយើងមានចិត្ដដឹងគុណ ដោយសារណូអេនិងម៉ូសេបានធ្វើតាមអ្វីដែលព្រះយេហូវ៉ាបានប្រាប់ពួកគាត់ឲ្យធ្វើ? () តើកិច្ចការដែលព្រះយេហូវ៉ាផ្ដល់ឲ្យមនុស្ស មានលទ្ធផលពីរយ៉ាងអ្វី?

ជាយូរមុនលោកយេស៊ូបានមកផែនដី ព្រះយេហូវ៉ាបានផ្ដល់ឲ្យមនុស្សនូវកិច្ចការដែលធ្វើឲ្យពួកគេស្កប់ចិត្ដ។ ទោះបីជាអាដាមនិងអេវ៉ាមិនបានបំពេញភារកិច្ចរបស់ពួកគេក៏ដោយ មនុស្សជាច្រើននាក់បានបង្ហើយកិច្ចការដែលព្រះបានសុំឲ្យពួកគេធ្វើ។ (លោកុប្បត្ដិ ១:២៨) ព្រះយេហូវ៉ាបានឲ្យការណែនាំជាក់លាក់ដល់ណូអេអំពីរបៀបសង់ទូកធំ ដើម្បីគាត់និងក្រុមគ្រួសាររបស់គាត់អាចរួចជីវិតពីទឹកជំនន់។ ណូអេបានធ្វើតាមអ្វីទាំងអស់ដែលព្រះយេហូវ៉ាបានមានប្រសាសន៍។ យើងមានជីវិតសព្វថ្ងៃនេះ ដោយសារគាត់បានធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ាដោយយកចិត្ដទុកដាក់។—លោកុប្បត្ដិ ៦:១៤-១៦, ២២; ពេត្រុសទី២ ២:៥

ព្រះយេហូវ៉ាបានឲ្យម៉ូសេនូវការណែនាំជាក់លាក់អំពីរបៀបចាត់ចែងពួកសង្ឃ និងរបៀបសង់ត្រសាល។ ម៉ូសេបានធ្វើអ្វីទាំងអស់ដែលព្រះយេហូវ៉ាបានប្រាប់គាត់ឲ្យធ្វើ។ (និក្ខមនំ ៣៩:៣២; ៤០:១២-១៦) សព្វថ្ងៃនេះ តើយើងរៀនអ្វីពីការស្ដាប់បង្គាប់និងការខំប្រឹងធ្វើការរបស់ម៉ូសេ? ដូចសាវ័កប៉ូលបានពន្យល់ ត្រសាលនិងសង្ឃជាតំណាង«ពរដែលនឹងមកដល់»។—ហេប្រឺ ៩:១-៥, ៩; ១០:១

ពេលយើងធ្វើអ្វីដែលព្រះយេហូវ៉ាប្រគល់ឲ្យយើង នោះកិច្ចការរបស់យើងលើកតម្កើងលោក

កាលដែលគោលបំណងរបស់ព្រះកំពុងសម្រេចបន្ដិចម្ដងៗ អ្នកបម្រើរបស់លោកទទួលភារកិច្ចផ្សេងៗ។ ប៉ុន្ដែ ទោះជាភារកិច្ចអាចផ្លាស់ប្ដូរក៏ដោយ ភារកិច្ចទាំងនេះតែងតែលើកតម្កើងព្រះយេហូវ៉ា ហើយផ្ដល់ប្រយោជន៍ដល់មនុស្ស។ កិច្ចការដែលលោកយេស៊ូបានធ្វើមុនពេលដែលលោកបានមកផែនដីនិងនៅពេលដែលលោកនៅផែនដីក៏ដូច្នេះដែរ។ (យ៉ូហាន ៤:៣៤; ១៧:៤) សព្វថ្ងៃនេះ ពេលយើងធ្វើអ្វីដែលព្រះយេហូវ៉ាប្រគល់ឲ្យយើង នោះកិច្ចការរបស់យើងលើកតម្កើងលោក។ (ម៉ាថាយ ៥:១៦; សូមអាន កូរិនថូសទី១ ១៥:៥៨) ហេតុអ្វីយើងអាចនិយាយដូច្នេះបាន?

ការរក្សាទស្សនៈត្រឹមត្រូវចំពោះភារកិច្ច

៧, ៨. () សូមរៀបរាប់អំពីកិច្ចការដែលគ្រិស្ដសាសនិកសព្វថ្ងៃនេះមានឯកសិទ្ធិធ្វើ។ () តើយើងគួរប្រព្រឹត្ដយ៉ាងណាចំពោះការណែនាំពីព្រះយេហូវ៉ា?

គឺជាកិត្ដិយសសម្រាប់មនុស្សមិនល្អឥតខ្ចោះដែលព្រះយេហូវ៉ាអញ្ជើញពួកគេឲ្យបម្រើជាមួយនឹងលោក ក្នុងនាមជាអ្នករួមការងារ។ (កូរិនថូសទី១ ៣:៩) គ្រិស្ដសាសនិកខ្លះមានឯកសិទ្ធិធ្វើកិច្ចការសាងសង់ ដូចណូអេនិងម៉ូសេបានធ្វើ។ ពួកគេខ្លះប្រហែលជាជួយសង់សាលសន្និបាត សាលប្រជុំ និងការិយាល័យសាខា។ ទោះជាអ្នកកំពុងជួសជុលសាលប្រជុំនៅតំបន់របស់អ្នក ឬសង់មន្ទីរចាត់ការពិភពលោកនៅក្រុងវ័រវិក រដ្ឋញូវយ៉កក៏ដោយ ចូរឲ្យតម្លៃចំពោះឯកសិទ្ធិរបស់អ្នក! (សូមមើលរូបភាពនៅដើមអត្ថបទដើម្បីមើលគំនូរដែលវិចិត្រករបានគូរ)។ នេះជាកិច្ចបម្រើពិសិដ្ឋ។ ទោះជាមានតែអ្នកខ្លះប៉ុណ្ណោះអាចធ្វើកិច្ចការសាងសង់ក្ដី គ្រិស្ដសាសនិកទាំងអស់រួមចំណែកក្នុងកិច្ចការសាងសង់មួយក្នុងន័យធៀប។ កិច្ចការនេះគឺជាកិច្ចផ្សព្វផ្សាយ ជាកិច្ចការដែលលើកតម្កើងព្រះយេហូវ៉ានិងផ្ដល់ប្រយោជន៍ដល់មនុស្ស។ (សកម្មភាព ១៣:៤៧-៤៩) អង្គការរបស់ព្រះដឹកនាំកិច្ចផ្សព្វផ្សាយនេះ ហើយជួនកាលនេះមានន័យថាយើងនឹងទទួលភារកិច្ចថ្មី។

អ្នកបម្រើព្រះយេហូវ៉ាដ៏ស្មោះត្រង់តែងតែចង់ធ្វើតាមការណែនាំរបស់លោក។ (សូមអាន ហេប្រឺ ១៣:៧, ១៧) យើងប្រហែលជាមិនយល់មូលហេតុទាំងអស់ដែលយើងទទួលភារកិច្ចថ្មី ឬការណែនាំថ្មីទេ។ ប៉ុន្ដែយើងសហការជាមួយព្រះយេហូវ៉ា ដោយសារយើងដឹងថាការផ្លាស់ប្ដូរទាំងនោះមកពីលោក ហើយការផ្លាស់ប្ដូរទាំងនោះនឹងនាំឲ្យមានលទ្ធផលដ៏ល្អ។

. តើអ្នកចាស់ទុំទុកគំរូល្អអ្វីសម្រាប់ក្រុមជំនុំ?

អ្នកចាស់ទុំបង្ហាញថាពួកគាត់ចង់ធ្វើតាមយ៉ាងខ្លាំងនូវបំណងប្រាថ្នារបស់ព្រះយេហូវ៉ា តាមរយៈរបៀបដែលពួកគាត់ដឹកនាំក្រុមជំនុំ។ (កូរិនថូសទី២ ១:២៤; ថែស្សាឡូនិចទី១ ៥:១២, ១៣) អ្នកចាស់ទុំចង់ខំប្រឹងធ្វើកិច្ចការផ្សេងនិងធ្វើតាមការណែនាំ ហើយពួកគាត់ឆាប់រៀនរបៀបផ្សព្វផ្សាយថ្មី។ ពួកគាត់ឃើញលទ្ធផលល្អពេលដែលពួកគាត់ចាត់ចែងការផ្សព្វផ្សាយតាមទូរស័ព្ទ ការផ្សព្វផ្សាយនៅកំពង់ផែ ឬការផ្សព្វផ្សាយជាសាធារណៈ ទោះជាពួកគាត់ខ្លះប្រហែលជាបានឆ្ងល់ថាកិច្ចផ្សព្វផ្សាយថ្មីនេះនឹងធ្វើឡើងតាមរបៀបណាក៏ដោយ។ ជាឧទាហរណ៍ នៅប្រទេសអាឡឺម៉ង់ អ្នកត្រួសត្រាយបួននាក់បានសម្រេចចិត្ដផ្សព្វផ្សាយនៅតំបន់ធ្វើពាណិជ្ជកម្មដែលមិនបានត្រូវផ្សព្វផ្សាយអស់រយៈពេលជាយូរ។ ម៉ៃឃឺល ដែលជាអ្នកត្រួសត្រាយម្នាក់ក្នុងចំណោមអ្នកត្រួសត្រាយបួននាក់នោះ និងជាអ្នកចាស់ទុំបាននិយាយថា ពួកគាត់ភ័យយ៉ាងខ្លាំង ពីព្រោះពួកគាត់មិនបានផ្សព្វផ្សាយតាមរបៀបនេះអស់ប៉ុន្មានឆ្នាំហើយ។ គាត់បានបន្ថែមថា«ព្រះយេហូវ៉ាច្បាស់ជាបានដឹងអំពីអារម្មណ៍របស់យើង ព្រោះលោកបានឲ្យយើងមានព្រឹកមួយដ៏សប្បាយក្នុងកិច្ចបម្រើផ្សាយដែលយើងមិនអាចបំភ្លេចបាន។ យើងពិតជាសប្បាយដែលយើងបានធ្វើតាមការណែនាំក្នុងកិច្ចបម្រើព្រះ ហើយបានពឹងផ្អែកលើព្រះយេហូវ៉ា!»។ តើអ្នកចង់សាកល្បងរបៀបផ្សព្វផ្សាយថ្មីនៅតំបន់របស់អ្នកទេ?

១០. ក្នុងប៉ុន្មានឆ្នាំកន្លងទៅ តើអង្គការយើងមានការផ្លាស់ប្ដូរអ្វីខ្លះ?

១០ ជួនកាលមានការផ្លាស់ប្ដូរនៅបេតអែល។ ជាឧទាហរណ៍ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ការិយាល័យសាខាតូចខ្លះបានត្រូវបិទ ហើយកិច្ចការរបស់ការិយាល័យសាខាតូចទាំងនោះបានត្រូវប្ដូរទៅការិយាល័យសាខាធំជាង។ នេះបានមានឥទ្ធិពលលើអ្នកដែលបម្រើនៅការិយាល័យសាខាទាំងនោះ។ ពួកគេត្រូវធ្វើការកែប្រែ ប៉ុន្ដែក្រោយមកពួកគេបានឃើញលទ្ធផលល្អ។ (សាស្ដា ៧:៨) អ្នកធ្វើការស្ម័គ្រចិត្ដទាំងនេះសប្បាយរីករាយនឹងមានចំណែកក្នុងប្រវត្ដិរបស់រាស្ដ្រព្រះយេហូវ៉ានៅសម័យនេះ!

តើអ្នកចង់សាកល្បងរបៀបផ្សព្វផ្សាយថ្មីនៅតំបន់របស់អ្នកទេ?

១១-១៣. ដោយសារការផ្លាស់ប្ដូរក្នុងអង្គការយើង តើបងប្អូនខ្លះបានប្រឈមមុខនឹងការពិបាកអ្វីខ្លះ?

១១ យើងអាចរៀនមេរៀនដ៏សំខាន់ពីអ្នកដែលបានបម្រើនៅការិយាល័យសាខាដែលបានត្រូវបញ្ចូលគ្នា។ បងប្អូនជាច្រើនបានបម្រើនៅការិយាល័យសាខាទាំងនេះអស់រាប់ទសវត្សរ៍។ ប្ដីប្រពន្ធមួយគូដែលបានបម្រើនៅបេតអែលតូចមួយបានត្រូវសុំឲ្យប្ដូរទៅបេតអែលក្រុងម៉ិចស៊ិកដែលមានសមាជិកច្រើនជាងបេតអែលដែលពួកគាត់ធ្លាប់នៅ ជិត៣០ដង។ បងរ៉ូខេលីយ៉ូដែលជាប្ដីបាននិយាយថា«ការចាកចេញពីក្រុមគ្រួសារនិងមិត្ដភក្ដិគឺពិបាកខ្លាំងណាស់»។ បងប្រុសដែលជាសមាជិកបេតអែលម្នាក់ទៀតឈ្មោះខ្វាន់ដែលបានត្រូវសុំឲ្យប្ដូរទៅបេតអែលប្រទេសម៉ិចស៊ិក មានអារម្មណ៍ថាគឺហាក់ដូចជាគាត់ត្រូវចាប់ផ្ដើមជីវិតគាត់ម្ដងទៀត។ គាត់និយាយថា«យើងត្រូវបង្កើតចំណងមិត្ដភាពថ្មី។ យើងត្រូវសម្របខ្លួនតាមទម្លាប់ថ្មីនិងរបៀបគិតគូរថ្មី»។

១២ នៅពេលដែលការិយាល័យសាខាខ្លះនៅទ្វីបអឺរ៉ុបបានត្រូវបញ្ចូលគ្នា សមាជិកបេតអែលជាច្រើនបានត្រូវសុំឲ្យរើទៅការិយាល័យសាខានៅប្រទេសអាឡឺម៉ង់។ ពួកគាត់ក៏ត្រូវប្រឈមមុខនឹងការពិបាកផ្សេងដែរ ដោយសារការរើចេញពីស្រុកកំណើតគឺមិនតែងតែស្រួលទេ។ ពួកគាត់ខ្លះដែលបានរើចេញពីប្រទេសស្វីសនឹកជួរភ្នំអាល់ដ៏ស្អាត។ អ្នកខ្លះទៀតដែលបានរើចេញពីប្រទេសអូទ្រីសនឹកដល់ពេលដែលពួកគាត់ជាសមាជិកក្រុមគ្រួសារបេតអែលតូចជាង។

១៣ បងប្អូនដែលបានប្ដូរទៅការិយាល័យសាខានៅប្រទេសផ្សេងត្រូវធ្វើការផ្លាស់ប្ដូរជាច្រើន។ ពួកគាត់ត្រូវស៊ាំនឹងផ្ទះថ្មី អ្នករួមការងារថ្មី ហើយប្រហែលជាត្រូវស៊ាំនឹងកិច្ចការថ្មីនៅបេតអែល។ ម្យ៉ាងទៀត ពួកគាត់ត្រូវទម្លាប់ខ្លួននឹងក្រុមជំនុំថ្មី តំបន់ផ្សាយថ្មី ហើយប្រហែលជាត្រូវនិយាយភាសាថ្មី។ ពួកគាត់អាចមានការពិបាកពេលធ្វើការផ្លាស់ប្ដូរទាំងនេះ ប៉ុន្ដែសមាជិកបេតអែលជាច្រើននាក់បានធ្វើការផ្លាស់ប្ដូរទាំងនេះដោយចិត្ដសប្បាយ។ ហេតុអ្វី? សូមយើងពិចារណាអំពីទស្សនៈរបស់ពួកគាត់ខ្លះ។

«ពេលដែលខ្ញុំបាននឹកចាំថា សេចក្ដីអញ្ជើញនេះមកពីព្រះយេហូវ៉ា ខ្ញុំបានទទួលយកដោយអំណរ»

១៤, ១៥. () តើតាមរបៀបណាបងប្អូនជាច្រើននាក់បានបង្ហាញថាពួកគាត់ឲ្យតម្លៃចំពោះឯកសិទ្ធិជាអ្នកធ្វើការជាមួយនឹងព្រះយេហូវ៉ា? () តើតាមរបៀបណាពួកគាត់ជាគំរូល្អសម្រាប់យើង?

១៤ បងស្រីម្នាក់ឈ្មោះក្រិថិលនិយាយថា«ខ្ញុំបានទទួលយកសេចក្ដីអញ្ជើញនេះ ដោយសារនេះជាវិធីដែលខ្ញុំអាចបង្ហាញដល់ព្រះយេហូវ៉ាថាសេចក្ដីស្រឡាញ់ដែលខ្ញុំមានចំពោះលោកគឺធំជាងប្រទេសមួយ អាគារមួយ ឬឯកសិទ្ធិមួយទៅទៀត»។ បងស្រីឈ្មោះដេស្កានិយាយថា«ពេលដែលខ្ញុំបាននឹកចាំថាសេចក្ដីអញ្ជើញនេះមកពីព្រះយេហូវ៉ា ខ្ញុំបានទទួលយកដោយអំណរ»។ បងប្រុសអាន់ទ្រេនិងបងស្រីកាព្រីយេឡាយល់ស្រប ដោយនិយាយថា«យើងឃើញថានេះជាឱកាសថែមទៀតដើម្បីបម្រើព្រះយេហូវ៉ាដោយចាត់ទុកបំណងប្រាថ្នារបស់យើងជាអ្វីដែលមិនសូវសំខាន់»។ ពួកគាត់គិតថា កាលណាអង្គការព្រះយេហូវ៉ាធ្វើការផ្លាស់ប្ដូរ គឺប្រសើរជាង បើយើងទទួលយកដោយអំណរជាជាងប្រឆាំងការផ្លាស់ប្ដូរទាំងនោះ។

ឯកសិទ្ធិដ៏ធំបំផុតរបស់យើង គឺធ្វើកិច្ចការរបស់ព្រះយេហូវ៉ា!

១៥ កាលដែលការិយាល័យសាខាបានត្រូវបញ្ចូលគ្នា សមាជិកបេតអែលខ្លះបានត្រូវចាត់ឲ្យបម្រើជាអ្នកត្រួសត្រាយ។ នេះបានកើតឡើងដល់បងប្អូនជាច្រើននាក់ដែលធ្លាប់ជាសមាជិកបេតអែល ពេលដែលការិយាល័យសាខានៅប្រទេសដាណឺម៉ាក ន័រវ៉េ និងស៊ុយអែតបានត្រូវបញ្ចូលគ្នាដើម្បីបង្កើតការិយាល័យសាខាស្កង់ឌីណាវី។ ប្ដីប្រពន្ធមួយគូឈ្មោះផ្លរីអាននិងអានយ៉ានិយាយថា«យើងចាត់ទុកភារកិច្ចថ្មីរបស់យើងជាបទពិសោធន៍ដែលគួរឲ្យរំភើបចិត្ដ។ ចំពោះយើង គឺជាការអស្ចារ្យដែលព្រះយេហូវ៉ាប្រើយើង ទោះជាយើងបម្រើនៅកន្លែងណាក៏ដោយ។ យើងអាចនិយាយដោយស្មោះថា យើងមានអារម្មណ៍ថាយើងបានទទួលពរជាច្រើន!»។ ទោះបីជាយើងភាគច្រើនមិនស្ថិតនៅក្នុងស្ថានភាពនេះក៏ដោយ យើងអាចធ្វើតាមគំរូរបស់បងប្អូនទាំងនេះដែលស្ម័គ្រចិត្ដធ្វើតាមការណែនាំ ដោយចាត់ទុកកិច្ចការដែលទាក់ទងនឹងរាជាណាចក្រព្រះជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់យើង។ (អេសាយ ៦:៨) យើងអាចប្រាកដថាព្រះយេហូវ៉ានឹងផ្ដល់ពរជានិច្ចដល់ពួកអ្នកដែលឲ្យតម្លៃចំពោះឯកសិទ្ធិរបស់ពួកគាត់ជាអ្នកធ្វើការជាមួយនឹងលោក ទោះជាពួកគាត់នៅកន្លែងណាក៏ដោយ។

ចូរបន្ដសប្បាយនឹងឯកសិទ្ធិរបស់អ្នក ជាអ្នកធ្វើការជាមួយនឹងព្រះយេហូវ៉ា!

១៦. () តើកាឡាទី ៦:៤ប្រាប់យើងឲ្យធ្វើអ្វី? () តើឯកសិទ្ធិដ៏ធំបំផុតដែលយើងអាចមានគឺជាអ្វី?

១៦ ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ យើងច្រើនតែប្រៀបធៀបខ្លួនយើងជាមួយនឹងអ្នកទៀត។ ប៉ុន្ដែ បណ្ដាំរបស់ព្រះប្រាប់យើងឲ្យផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងអាចធ្វើបាន។ (សូមអាន កាឡាទី ៦:៤) មិនមែនយើងគ្រប់គ្នាអាចធ្វើជាអ្នកចាស់ទុំ អ្នកត្រួសត្រាយ សាសនទូត ឬសមាជិកបេតអែលឡើយ។ ទោះជាភារកិច្ចទាំងអស់នេះជាឯកសិទ្ធិក៏ដោយ ឯកសិទ្ធិដ៏ធំបំផុតដែលយើងទាំងអស់គ្នាមាន គឺការធ្វើជាអ្នកផ្សព្វផ្សាយដំណឹងល្អ ជាអ្នករួមការងារជាមួយនឹងព្រះយេហូវ៉ា។ សូមយើងឲ្យតម្លៃចំពោះឯកសិទ្ធិនេះ!

១៧. នៅក្នុងរបៀបរបបពិភពលោកនេះ តើអ្វីជាការពិត? ប៉ុន្ដែ ហេតុអ្វីយើងមិនគួរធ្លាក់ទឹកចិត្ដ?

១៧ នៅក្នុងរបៀបរបបពិភពលោកនេះ យើងប្រហែលជាមិនអាចបម្រើព្រះយេហូវ៉ាតាមរបៀបដែលយើងចង់ធ្វើនោះទេ។ យើងប្រហែលជាមានស្ថានភាពដែលយើងមិនអាចផ្លាស់ប្ដូរបាន ដូចជាភារកិច្ចចំពោះក្រុមគ្រួសារ ឬបញ្ហាសុខភាព។ ប៉ុន្ដែ យើងមិនគួរធ្លាក់ទឹកចិត្ដឡើយ។ ទោះបីជាយើងមានបញ្ហាអ្វីក៏ដោយ យើងអាចផ្សព្វផ្សាយអំពីនាមរបស់ព្រះយេហូវ៉ានិងរាជាណាចក្ររបស់លោកជានិច្ច។ អ្វីដ៏សំខាន់បំផុតគឺយើងខំប្រឹងអស់ពីសមត្ថភាពដើម្បីព្រះយេហូវ៉ា កាលដែលយើងអធិដ្ឋានសូមលោកជួយពួកអ្នកដែលអាចធ្វើច្រើនជាងយើង។ សូមចាំថា អស់អ្នកដែលសរសើរនាមរបស់ព្រះយេហូវ៉ាមានតម្លៃចំពោះលោក!

អស់អ្នកដែលសរសើរនាមរបស់ព្រះយេហូវ៉ាមានតម្លៃចំពោះលោក

១៨. តើយើងអាចទន្ទឹងរង់ចាំអ្វីនៅពេលអនាគត ប៉ុន្ដែនៅពេលនេះតើយើងមានឯកសិទ្ធិដ៏អស្ចារ្យអ្វី?

១៨ ព្រះយេហូវ៉ាអនុញ្ញាតឲ្យយើងធ្វើជាអ្នករួមការងារជាមួយនឹងលោក ទោះបីយើងជាមនុស្សមិនល្អឥតខ្ចោះក៏ដោយ។ គឺជាឯកសិទ្ធិដ៏អស្ចារ្យដែលយើងធ្វើការជាមួយនឹងព្រះរបស់យើងនៅគ្រាចុងក្រោយបង្អស់នេះ! យើងទន្ទឹងរង់ចាំនៅពេលអនាគត ពោលគឺ«ជីវិតដ៏ពិតប្រាកដ» ពេលដែលយើងអាចមានជីវិតដ៏សប្បាយរីករាយតាមរបៀបដែលយើងមិនអាចមាននៅសព្វថ្ងៃនេះទេ។ មិនយូរទៀត ក្នុងពិភពលោកថ្មីរបស់លោក ព្រះយេហូវ៉ានឹងផ្ដល់ពរឲ្យយើង គឺជីវិតដែលគ្មានទីបញ្ចប់ដោយមានសុភមង្គលនិងសេចក្ដីសុខសាន្ដ។—ធីម៉ូថេទី១ ៦:១៨, ១៩

តើអ្នកឲ្យតម្លៃចំពោះឯកសិទ្ធិដែលអ្នកមានដើម្បី បម្រើព្រះយេហូវ៉ាទេ? (សូមមើលវគ្គ១៦-១៨)

១៩. តើព្រះយេហូវ៉ាសន្យាអំពីអនាគតដ៏អស្ចារ្យអ្វី?

១៩ ពិភពលោកថ្មីដែលព្រះបានសន្យាជិតមកដល់ហើយ។ យើងគិតអំពីអ្វីដែលម៉ូសេបានប្រាប់ជនជាតិអ៊ីស្រាអែលមុនពួកគេចូលក្នុងស្រុកដែលព្រះបានសន្យា ពេលគាត់និយាយថា«ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងចំរើនគ្រប់ទាំងការដែលដៃឯងធ្វើឲ្យមានជាបរិបូរ»។ (ចោទិយកថា ៣០:៩) ក្រោយសង្គ្រាមហាម៉ាគេដូន ព្រះយេហូវ៉ានឹងឲ្យផែនដីដល់ពួកអ្នកដែលបានធ្វើការជាមួយនឹងលោក ដូចលោកបានសន្យា។ នៅពេលនោះ កិច្ចការថ្មីរបស់យើងគឺធ្វើឲ្យផែនដីទៅជាសួនឧទ្យានដ៏សែនស្អាត!