លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

ព្រឹត្ដិការណ៍ដ៏សំខាន់នៃកិច្ចបម្រើរាជាណាចក្រក្នុងជីវិតរបស់ខ្ញុំ

ព្រឹត្ដិការណ៍ដ៏សំខាន់នៃកិច្ចបម្រើរាជាណាចក្រក្នុងជីវិតរបស់ខ្ញុំ

ថ្ងៃមួយនៅឆ្នាំ១៩៤៧ ផ្ទះរបស់សាសនទូតនៅក្រុងសានថា អាណា ប្រទេសអែលសាវ៉ាឌ័រ បានត្រូវគេវាយប្រហារ។ ក្នុងអំឡុងការសិក្សាទស្សនាវដ្ដីប៉មយាម ក្មេងប្រុសខ្លះបានចាប់ផ្ដើមគប់ដុំថ្មធំចូលក្នុងផ្ទះតាមទ្វារដែលបានបើកចំហ។ បូជាចារ្យនៃសាសនាកាតូលិកបានបណ្ដាលឲ្យមានការវាយប្រហារនោះ។ មិនយូរក្រោយមក ពួកគេបានមកផ្ទះសាសនទូតដោយនាំមកនូវមនុស្សមួយក្រុមយ៉ាងធំដែលមានកំហឹង។ អ្នកខ្លះបានកាន់ចន្លុះដែលកំពុងឆេះនៅដៃរបស់ពួកគេ កាលដែលអ្នកខ្លះទៀតកំពុងកាន់រូបព្រះផ្សេងៗ។ អស់រយៈពេលពីរម៉ោង ពួកគេបានគប់ផ្ទះសាសនទូតដោយដុំថ្ម ហើយបានស្រែកថា«សូមឲ្យស្រីក្រមុំបរិសុទ្ធបានអាយុវែង!» ហើយ«សូមឲ្យយេហូវ៉ាស្លាប់ចុះ!» ពួកគេចង់បន្លាចសាសនទូតដើម្បីឲ្យពួកគាត់ចាកចេញ។ មូលហេតុដែលខ្ញុំដឹង គឺដោយសារខ្ញុំជាសាសនទូតម្នាក់ក្នុងចំណោមសាសនទូតដែលនៅកិច្ចប្រជុំនោះកាលពី៦៧ឆ្នាំមុន។

ពីរឆ្នាំមុនមនុស្សមួយក្រុមយ៉ាងធំបានធ្វើការវាយប្រហារនោះ អេវលិន ត្រាបឺតនិងខ្ញុំបានរៀនចប់នៅសាលាគម្ពីរគីលាតនៃសមាគមប៉មយាមជំនាន់ទី៤។ នៅពេលនោះ សាលាគីលាតបានត្រូវធ្វើឡើងនៅជិតក្រុងអ៊ីតាខា រដ្ឋញូវយ៉ក។ យើងបានត្រូវចាត់ឲ្យទៅបម្រើជាសាសនទូតនៅប្រទេសអែលសាវ៉ាឌ័រ ហើយខ្ញុំបានបម្រើនៅទីនោះអស់រយៈពេលជិត២៩ឆ្នាំ។ មុនខ្ញុំប្រាប់អ្នកអំពីជីវិតរបស់ខ្ញុំជាសាសនទូត សូមឲ្យខ្ញុំពន្យល់អំពីមូលហេតុដែលខ្ញុំបានសម្រេចចិត្ដធ្វើកិច្ចការស្ម័គ្រចិត្ដនោះ។

របៀបដែលក្រុមគ្រួសារយើងបានរៀនសេចក្ដីពិត

ខ្ញុំបានកើតនៅឆ្នាំ១៩២៣ នាក្រុងស្បូខេន រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ ឪពុកម្ដាយរបស់ខ្ញុំដែលមានឈ្មោះចននិងអេវ៉ា អូលសិនគឺជាអ្នកកាន់សាសនាលូថេរ៉ាន ប៉ុន្ដែ ពួកគាត់មិនបានទទួលយកសេចក្ដីបង្រៀនរបស់វិហារអំពីភ្លើងនរកនោះទេ។ ពួកគាត់មិនអាចជឿថាព្រះដែលមានសេចក្ដីស្រឡាញ់នឹងធ្វើទារុណកម្មមនុស្សឡើយ។ (យ៉ូហានទី១ ៤:៨) ឪពុករបស់ខ្ញុំធ្វើការនៅហាងធ្វើនំ។ នៅយប់មួយ អ្នកធ្វើការជាមួយឪពុកខ្ញុំបានពន្យល់គាត់ពីគម្ពីរថា ព្រះមិនធ្វើទារុណកម្មមនុស្សក្នុងស្ថាននរកឡើយ។ មិនយូរក្រោយមក ឪពុកម្ដាយរបស់ខ្ញុំបានចាប់ផ្ដើមរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា។ ពួកគាត់បានរៀនអ្វីដែលគម្ពីរពិតជាបង្រៀនអំពីជីវិតក្រោយពីស្លាប់។

នៅពេលនោះ ខ្ញុំមានអាយុតែឆ្នាំប៉ុណ្ណោះ ប៉ុន្ដែខ្ញុំនៅតែចាំថាឪពុកម្ដាយខ្ញុំរំភើបចិត្ដណាស់អំពីអ្វីដែលពួកគាត់បានរៀន។ ពួកគាត់សប្បាយណាស់ដែលបានរៀនថានាមរបស់ព្រះគឺយេហូវ៉ា ហើយថាគ្មានព្រះបីអង្គរួមជាព្រះតែមួយទេ។ (យ៉ូហាន ៨:៣២) ឪពុកម្ដាយរបស់ខ្ញុំក៏បានបង្រៀនខ្ញុំអំពីអ្វីដែលពួកគាត់បានរៀនដែរ ហើយខ្ញុំបានជក់ចិត្ដនឹងសេចក្ដីពិតទាំងនេះប្រៀបដូចជាអេប៉ុងដែលជក់ទឹក។ ខ្ញុំមិនដែលគិតថាការអានគម្ពីរជាអ្វីដែលធុញទ្រាន់នោះទេ។ ខ្ញុំសប្បាយនឹងរៀនបណ្ដាំរបស់ព្រះ។ ទោះជាខ្ញុំជាមនុស្សអៀនក៏ដោយ ខ្ញុំបានចូលរួមកិច្ចផ្សព្វផ្សាយជាមួយឪពុកម្ដាយរបស់ខ្ញុំ។ ក្នុងឆ្នាំ១៩៣៤ ពួកគាត់បានទទួលការជ្រមុជទឹក ហើយនៅឆ្នាំ១៩៣៩ កាលខ្ញុំមានអាយុ១៦ឆ្នាំ ខ្ញុំក៏បានទទួលការជ្រមុជទឹកដែរ។

ជាមួយឪពុកម្ដាយនៅសន្និបាត ក្រុងសាំងលូអ៊ីស រដ្ឋមីហ្សូរីនាឆ្នាំ១៩៤១

នៅខែកក្កដា ឆ្នាំ១៩៤០ ឪពុកម្ដាយរបស់ខ្ញុំបានលក់ផ្ទះរបស់ពួកគាត់ ហើយយើងបានរើទៅក្រុងគ័រដាឡេន រដ្ឋអៃដាហូ។ នៅទីនោះ យើងបានចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយជាមួយគ្នា។ យើងបានជួលផ្ទះល្វែងមួយដែលនៅជាន់ខាងលើយានដ្ឋានជួសជុលរថយន្ដ។ ផ្ទះរបស់យើងក៏បានត្រូវប្រើសម្រាប់កិច្ចប្រជុំនៃក្រុមជំនុំដែរ។ នៅពេលនោះ មានក្រុមជំនុំតែប៉ុន្មានប៉ុណ្ណោះដែលមានសាលប្រជុំ។ ក្រុមជំនុំភាគច្រើនប្រជុំគ្នានៅបន្ទប់ជួល ឬនៅផ្ទះរបស់បងប្អូន។

នៅឆ្នាំ១៩៤១ ឪពុកម្ដាយនិងខ្ញុំបានចូលរួមសន្និបាតមួយនាក្រុងសាំងលូអ៊ីស រដ្ឋមីហ្សូរី។ ថ្ងៃចុងក្រោយនៃសន្និបាតនោះបានត្រូវហៅថា«ទិវាកុមារ»។ នៅថ្ងៃនោះ ក្មេងដែលមានអាយុរវាងឆ្នាំនិង១៨ឆ្នាំបានត្រូវសុំឲ្យអង្គុយនៅជិតវេទិកា។ ពេលជិតចប់សុន្ទរកថាមួយរបស់បងប្រុសចូសេហ្វ រ៉ូធើហ្វឺត គាត់បាននិយាយមកយើងដែលជាក្មេងៗ។ គាត់បានសុំឲ្យយើងទាំងអស់ដែលជាក្មេងក្រោកឈរ បើសិនជាយើងយល់ព្រម«ស្ដាប់បង្គាប់ព្រះនិងស្ដេចរបស់លោក»។ យើងទាំងអស់គ្នាបានក្រោកឈរ។ ក្រោយមក បងរ៉ូធើហ្វឺតបានប្រកាសថា«មើល សាក្សីថ្មីនៃរាជាណាចក្រជាង១៥.០០០នាក់!»។ នៅពេលនោះ ខ្ញុំបានសម្រេចចិត្ដថាខ្ញុំចង់ធ្វើជាអ្នកត្រួសត្រាយអស់មួយជីវិតរបស់ខ្ញុំ។

ភារកិច្ចរបស់ក្រុមគ្រួសារយើង

ប៉ុន្មានខែក្រោយសន្និបាតនោះ គ្រួសាររបស់យើងបានត្រូវសុំឲ្យរើទៅក្រុងអុកណាដ នាភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។ យើងបានត្រូវចាត់ឲ្យទៅចាប់ផ្ដើមក្រុមជំនុំនៅទីនោះ។ យើងបានរស់នៅក្នុងផ្ទះចល័តតូចមួយដែលមានគ្រែតែមួយប៉ុណ្ណោះ។ រៀងរាល់យប់ យើងត្រូវរៀបចំគ្រែដាក់នៅលើតុញ៉ាំបាយដើម្បីឲ្យខ្ញុំគេង។ នោះគឺជាការផ្លាស់ប្ដូរធំមួយពីពេលដែលខ្ញុំមានបន្ទប់ផ្ទាល់ខ្លួន!

ថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤១ ប្រទេសជប៉ុនបានទម្លាក់គ្រាប់បែកនៅកំពង់ផែភើលហាប៊ើ នៅកោះហាវ៉ៃ ហើយនៅថ្ងៃបន្ទាប់សហរដ្ឋអាម៉េរិកបានចូលរួមក្នុងសង្គ្រាមលោកលើកទី២។ បន្ទាប់ពីនោះគឺជាពេលដែលយើងបានមកដល់រដ្ឋកាលីហ្វ័រញ៉ា។ នៅពេលនោះ នាវាមុជទឹករបស់ជនជាតិជប៉ុនបាននៅក្នុងទឹកដែលនៅមិនសូវឆ្ងាយ ដូច្នេះពួកអាជ្ញាធរបានបញ្ជាឲ្យអស់អ្នកដែលនៅជិតច្រាំងសមុទ្របិទភ្លើងរបស់ពួកគេនៅពេលយប់។ ភាពងងឹតសូន្យសុងនោះបានធ្វើឲ្យនាវាមុជទឹកពិបាកវាយប្រហារគោលដៅនៅលើគោក។

ប៉ុន្មានខែក្រោយមក នៅខែកញ្ញា ឆ្នាំ១៩៤២ យើងបានចូលរួមសន្និបាតដែលមានប្រធានថាពិភពលោកថ្មីក្រោមការគ្រប់គ្រងរបស់ព្រះ នាក្រុងគ្លីវឡិន រដ្ឋអូហៃយ៉ូ។ ជាពិសេសខ្ញុំចាំអំពីសុន្ទរកថារបស់បងណេថិន ន័រដែលមានចំណងជើងថា «តើសន្ដិភាពអាចនៅស្ថិតស្ថេរទេ?»។ ក្នុងសុន្ទរកថានោះ គាត់បានពិចារណាទំនាយនៅការបើកបង្ហាញជំពូកទី១៧អំពី«សត្វសាហាវ»ដែល«ធ្លាប់មានពីមុន តែក្រោយមកមិនមាន រួចហៀបនឹងឡើងមកពីទីជ្រៅបំផុត»។ (ការបើកបង្ហាញ ១៧:៨, ១១) បងន័របានពន្យល់ថា«សត្វសាហាវ»នោះគឺជាអង្គការសម្ព័ន្ធប្រជាជាតិដែលលែងមានសកម្មភាពក្នុងអំឡុងសង្គ្រាមនោះ។ បន្ទាប់មកគាត់បានប្រកាសថាអង្គការសន្ដិភាពពិភពលោកនឹងលេចមកម្ដងទៀត ហើយគ្រាដែលមានសន្ដិភាពច្រើនជាងនឹងមកដល់។ នោះបានកើតឡើងមែន។ នៅឆ្នាំ១៩៤៥ សង្គ្រាមលោកលើកទី២បានចប់។ ក្រោយមក អង្គការសម្ព័ន្ធប្រជាជាតិបានត្រូវជំនួសដោយអង្គការសហប្រជាជាតិវិញ។ ចាប់ពីពេលនោះមក សាក្សីព្រះយេហូវ៉ាបានចាប់ផ្ដើមផ្សព្វផ្សាយដំណឹងល្អនៅកន្លែងជាច្រើនថែមទៀតនៅទូទាំងផែនដី។ យើងបានឃើញការកើនឡើងយ៉ាងខ្លាំង តាំងពីពេលនោះមក!

សញ្ញាប័ត្រសាលាគីលាតរបស់ខ្ញុំ

ទំនាយនោះបានជួយខ្ញុំឲ្យយល់ថាមានកិច្ចការជាច្រើនដែលត្រូវធ្វើ។ ដូច្នេះ ពេលមានការប្រកាសថាសាលាគីលាតនឹងចាប់ផ្ដើមនៅឆ្នាំបន្ទាប់ ខ្ញុំចង់ទៅសាលានោះ ហើយក្លាយទៅជាសាសនទូត។ នៅចន្លោះពេលនោះ នាឆ្នាំ១៩៤៣ ខ្ញុំបានត្រូវចាត់ឲ្យធ្វើជាអ្នកត្រួសត្រាយនៅក្រុងផតឡិន រដ្ឋអរ៉េហ្គិន។ នៅគ្រានោះ យើងបានប្រើម៉ាស៊ីនថតសំឡេងដើម្បីចាក់សុន្ទរកថាឲ្យម្ចាស់ផ្ទះស្ដាប់នៅមុខទ្វារផ្ទះរបស់ពួកគេ ហើយបន្ទាប់មក យើងបានស្នើផ្ដល់សៀវភៅដែលមានមូលដ្ឋានលើគម្ពីរស្ដីអំពីរាជាណាចក្រព្រះដល់ពួកគេ។ ពេញមួយឆ្នាំនោះ ខ្ញុំគិតជានិច្ចអំពីកិច្ចបម្រើជាសាសនទូត។

ក្នុងឆ្នាំ១៩៤៤ អេវលិន ត្រាបឺតដែលជាមិត្ដសម្លាញ់របស់ខ្ញុំនិងខ្ញុំបានទទួលសេចក្ដីអញ្ជើញឲ្យចូលសាលាគីលាត។ ខ្ញុំសប្បាយរីករាយណាស់ដែលយើងបានទទួលសេចក្ដីអញ្ជើញនេះ! អស់រយៈពេលប្រាំខែ អ្នកបង្រៀនរបស់យើងបានបង្ហាញយើងអំពីរបៀបសិក្សាគម្ពីរតាមវិធីដែលឲ្យយើងមានអំណរពិតប្រាកដ។ យើងបានស្ងើចសរសើរយ៉ាងខ្លាំងនូវចិត្ដរាបទាបរបស់អ្នកបង្រៀនយើង។ ជាឧទាហរណ៍ ជួនកាលពួកគាត់បានធ្វើជាអ្នករត់តុពេលយើងញ៉ាំបាយ។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩៤៥ យើងបានរៀនចប់សាលាគីលាត។

ភារកិច្ចរបស់ខ្ញុំជាសាសនទូត

នៅខែមិថុនា ឆ្នាំ១៩៤៦ បងអេវលិននិងខ្ញុំ រួមទាំងបងលីអូនិងបងអេសធើរ ម៉ាហាន់ បានមកដល់ក្រុងសានថា អាណា ប្រទេសអែលសាវ៉ាឌ័រ។ កិច្ចផ្សព្វផ្សាយនៅទីនោះដូចជាវាលស្រូវដែលមាន‹ស្រូវទុំល្មមច្រូតហើយ›។ (យ៉ូហាន ៤:៣៥) ប៉ុន្មានខែក្រោយពីយើងបានមកដល់ យើងមានសន្និបាតប្រចាំមណ្ឌលលើកទី១នៅក្រុងសានថា អាណា។ យើងបានអញ្ជើញមនុស្សឲ្យចូលរួម ហើយយើងសប្បាយចិត្ដណាស់ ពេលមានមនុស្សជិត៥០០នាក់បានមកចូលរួម។ កិច្ចផ្សព្វផ្សាយរបស់យើងបានធ្វើឲ្យពួកបព្វជិតខឹងយ៉ាងខ្លាំង ហើយមួយសប្ដាហ៍ក្រោយមក ពួកគេបានរៀបចំឲ្យមនុស្សមួយក្រុមយ៉ាងធំមកវាយប្រហារយើង ដូចដែលខ្ញុំបានរៀបរាប់នៅដើមអត្ថបទនេះ។ ពួកគេបានព្យាយាមបន្លាចយើង ហើយចង់ឲ្យយើងចាកចេញពីក្រុងនោះ។ ប៉ុន្ដែ នោះបានធ្វើឲ្យយើងកាន់តែតាំងចិត្ដដើម្បីបន្ដនៅក្រុងនោះ ហើយជួយមនុស្ស។ ពួកបព្វជិតបានព្រមានពួកគេមិនឲ្យអានគម្ពីរ ហើយមានតែមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះដែលមានលុយគ្រប់គ្រាន់ដើម្បីទិញគម្ពីរ។ ប៉ុន្ដែ មនុស្សជាច្រើនចង់រៀនសេចក្ដីពិត។ ពួកគេមានចិត្ដដឹងគុណ ដោយសារយើងបានរៀនភាសាអេស្ប៉ាញដើម្បីយើងអាចបង្រៀនពួកគេអំពីព្រះយេហូវ៉ានិងសេចក្ដីសន្យារបស់លោកដែលថាលោកនឹងធ្វើឲ្យផែនដីទៅជាសួនឧទ្យាន។

យើងទាំងប្រាំនាក់ពីសាលាគីលាតជំនាន់ខ្ញុំដែលបានត្រូវចាត់ឲ្យទៅប្រទេសអែលសាវ៉ាឌ័រ។ ពីឆ្វេងទៅស្ដាំ: អេវលិន ត្រាបឺត, មីលី ប្រាស៊ា, អេសធើរ ម៉ាហាន់, ខ្ញុំ, និងលីអូ ម៉ាហាន់

សិស្សម្នាក់ក្នុងចំណោមសិស្សគម្ពីរដំបូងរបស់ខ្ញុំគឺបងរ៉ូសា អាសិនស៊ីអូ។ គាត់បានរស់នៅជាមួយបុរសម្នាក់ ហើយពួកគេមិនបានរៀបការទេ។ ប៉ុន្ដែក្រោយពីគាត់បានចាប់ផ្ដើមសិក្សាគម្ពីរ គាត់បានបែកគ្នាពីបុរសនោះ។ ក្រោយមកបុរសនោះក៏បានចាប់ផ្ដើមសិក្សាគម្ពីរដែរ។ ពួកគាត់បានរៀបការ បានទទួលការជ្រមុជទឹក ហើយបានក្លាយជាសាក្សីដ៏ខ្នះខ្នែង។ បងរ៉ូសាគឺជាអ្នកត្រួសត្រាយពេញពេលទី១ដែលមកពីក្រុងសានថា អាណា។

បងរ៉ូសាមានតូបលក់គ្រឿងទេសមួយ។ រាល់ដងពេលគាត់ចេញទៅផ្សព្វផ្សាយ គាត់បានបិទតូបរបស់គាត់ ហើយទុកចិត្ដថាព្រះយេហូវ៉ានឹងផ្គត់ផ្គង់សេចក្ដីត្រូវការរបស់គាត់។ បងរ៉ូសាតែងតែមានអតិថិជនគ្រប់គ្រាន់។ គាត់បានឃើញថាព្រះយេហូវ៉ាបានផ្គត់ផ្គង់គាត់ ដូចសៀវភៅម៉ាថាយ ៦:៣៣បានសន្យា។ បងរ៉ូសាបានស្មោះត្រង់ចំពោះព្រះយេហូវ៉ារហូតដល់គាត់ស្លាប់។

យើងទាំងនាក់ដែលជាសាសនទូតបានជួលផ្ទះរបស់អ្នកជំនួញម្នាក់ដែលគេស្គាល់ច្រើន។ ថ្ងៃមួយ បូជាចារ្យម្នាក់បានមកលេងបុរសនោះ ហើយបានព្រមានគាត់ថាបើគាត់បន្ដជួលផ្ទះឲ្យយើង គាត់និងប្រពន្ធរបស់គាត់នឹងត្រូវបណ្ដេញចោលពីសាសនារបស់ពួកគេ។ បុរសនោះមិនបានខ្លាចបូជាចារ្យនោះ ហើយបានប្រាប់បូជាចារ្យនោះថាគាត់មិនខ្វល់ថាគាត់ត្រូវបណ្ដេញចោល ឬមិនបណ្ដេញចោលពីវិហារនោះទេ។ គាត់ស្អប់ស្រាប់ហើយចំពោះរឿងខ្លះដែលពួកបព្វជិតបានធ្វើ។ គាត់បានធានាចំពោះយើងថាយើងអាចស្នាក់នៅក្នុងផ្ទះនោះរហូតក៏បានបើយើងចង់។

ពលរដ្ឋម្នាក់ដែលគេគោរពក្លាយទៅជាសាក្សី

ការិយាល័យសាខាបានសង់នៅឆ្នាំ១៩៥៥

នៅរដ្ឋធានីសាន សាវ៉ាឌ័រ សាសនទូតម្នាក់ទៀតបានសិក្សាគម្ពីរជាមួយប្រពន្ធរបស់វិស្វករម្នាក់ឈ្មោះបាល់ថាសា ផឺឡា។ គាត់លែងមានជំនឿទៅលើព្រះ ដោយសារគាត់បានឃើញអ្នកដឹកនាំសាសនាជាច្រើននាក់ជាមនុស្សលាក់ពុត។ ប៉ុន្ដែ គាត់ជាមនុស្សដែលមានចិត្ដល្អណាស់។ ទោះជាគាត់មិនទាន់ជាសាក្សីក៏ដោយ គាត់បានស្នើសុំគូរប្លង់និងជួយសង់ការិយាល័យសាខានៅប្រទេសអែលសាវ៉ាឌ័រ ហើយគាត់មិនបានគិតថ្លៃចំពោះការងារដែលគាត់បានធ្វើនោះទេ។

ក្នុងអំឡុងការសាងសង់ការិយាល័យសាខា បងបាល់ថាសាបានធ្វើការជាមួយសាក្សីជាច្រើននាក់ ហើយបានជឿជាក់ថាគាត់បានរកឃើញសាសនាពិត។ គាត់បានទទួលការជ្រមុជទឹកនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៥៥ ហើយមិនយូរក្រោយមក ប្រពន្ធរបស់គាត់ឈ្មោះផល្លីណា បានទទួលការជ្រមុជទឹក។ កូនរបស់ពួកគាត់ទាំងពីរនាក់កំពុងបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់។ កូនប្រុសរបស់ពួកគាត់ដែលមានឈ្មោះថាបាល់ថាសាដែរ បានបម្រើនៅបេតអែលក្រុងញូវយ៉កអស់រយៈពេល៤៩ឆ្នាំ នៅទីនោះគាត់គាំទ្រកិច្ចការផ្សព្វផ្សាយទូទាំងពិភពលោក ដោយបម្រើនៅគណៈកម្មាធិការការិយាល័យសាខាសហរដ្ឋអាម៉េរិក។

ពេលយើងចាប់ផ្ដើមមានមហាសន្និបាតនៅក្រុងសាន សាវ៉ាឌ័រ បងផឺឡាបានជួយយើងរកសាលធំមួយដែលជាកន្លែងហាត់កីឡាដើម្បីប្រជុំគ្នា។ លើកទី១ដែលយើងប្រជុំគ្នានៅទីនោះ មានកន្លែងអង្គុយសល់ជាច្រើន។ ប៉ុន្ដែរៀងរាល់ឆ្នាំមនុស្សកាន់តែច្រើនបានមកចូលរួម ហើយមិនយូរប៉ុន្មាន យើងមិនមានកន្លែងអង្គុយគ្រប់គ្រាន់នៅក្នុងសាលធំនោះទេ។ យើងអាចឃើញថាព្រះយេហូវ៉ាបានឲ្យពរចំពោះការខំប្រឹងប្រែងរបស់យើង។ នៅមហាសន្និបាតទាំងនេះ ខ្ញុំអាចជួបពួកអ្នកដែលខ្ញុំបានសិក្សាគម្ពីរជាមួយ។ ខ្ញុំសប្បាយរីករាយខ្លាំងណាស់ ពេលដែលសិស្សរបស់សិស្សគម្ពីរខ្ញុំបានទទួលការជ្រមុជទឹក! ខ្ញុំមានអារម្មណ៍ដូចជាអ្នកថ្មីទាំងនេះគឺជាចៅរបស់ខ្ញុំ។

បងប្រុសហ្វ្រេដេរិក ហ្វ្រេននិយាយទៅកាន់សាសនទូត នៅមហាសន្និបាតមួយ

នៅសន្និបាតមួយ បងប្រុសម្នាក់បានមកជួបខ្ញុំ ហើយនិយាយថាគាត់ចង់សុំខ្ញុំអភ័យទោសឲ្យគាត់។ ខ្ញុំមិនដឹងថាគាត់ចង់និយាយអំពីអ្វី ហើយខ្ញុំមិនស្គាល់គាត់ទេ។ គាត់បាននិយាយថា«ខ្ញុំនៅក្នុងក្រុមក្មេងប្រុសដែលបានគប់ដុំថ្មទៅបងនៅក្រុងសានថា អាណា»។ ចិត្ដរបស់ខ្ញុំពេញទៅដោយអំណរដោយដឹងថាឥឡូវគាត់កំពុងបម្រើព្រះយេហូវ៉ាជាមួយនឹងខ្ញុំ។ ការសន្ទនានោះបានរំលឹកខ្ញុំថាកិច្ចបម្រើពេញពេលគឺជារបៀបរស់នៅដែលនាំឲ្យស្កប់ចិត្ដបំផុត។

សន្និបាតប្រចាំមណ្ឌលលើកទី១ដែលយើងបានចូលរួម នៅប្រទេសអែលសាវ៉ាឌ័រ

ខ្ញុំបានធ្វើការសម្រេចចិត្ដដែលនាំឲ្យខ្ញុំស្កប់ចិត្ដ

អស់រយៈពេលជិត២៩ឆ្នាំ ខ្ញុំបានបន្ដធ្វើជាសាសនទូតនៅប្រទេសអែលសាវ៉ាឌ័រ។ ខ្ញុំបានបម្រើនៅក្រុងសានថា អាណា ក្រុងសុនសូណាតា ក្រុងសានថា តេក្លា ហើយចុងក្រោយបង្អស់នៅក្រុងសាន សាវ៉ាឌ័រ។ ក្នុងអំឡុងឆ្នាំទាំងនោះ ឪពុកម្ដាយរបស់ខ្ញុំកាន់តែចាស់ ហើយនៅទីបំផុតពួកគាត់ត្រូវការជំនួយពីខ្ញុំ។ ដូច្នេះ ក្រោយពីអធិដ្ឋានអស់ជាច្រើនដង ខ្ញុំបានសម្រេចចិត្ដឈប់ធ្វើជាសាសនទូត ហើយត្រឡប់ទៅក្រុងស្បូខេនវិញនាឆ្នាំ១៩៧៥។

នៅឆ្នាំ១៩៧៩ ឪពុករបស់ខ្ញុំបានស្លាប់ ហើយខ្ញុំបានមើលថែរក្សាម្ដាយរបស់ខ្ញុំអស់រយៈពេលឆ្នាំទៀត។ ដោយសារគាត់ខ្សោយខ្លាំងណាស់ គាត់មិនអាចធ្វើអ្វីច្រើនដោយគ្មានជំនួយពីខ្ញុំនោះទេ។ គាត់បានស្លាប់នៅពេលដែលគាត់មានអាយុ៩៤ឆ្នាំ។ ពេលនោះគឺជាពេលដ៏ពិបាកមែនទែនសម្រាប់ខ្ញុំ។ ការតានតឹងចិត្ដនិងការពិបាកចិត្ដធ្វើឲ្យខ្ញុំគ្មានកម្លាំងសោះ។ ខ្ញុំបានកើតជំងឺរើមដែលធ្វើឲ្យខ្ញុំឈឺខ្លាំងណាស់។ ប៉ុន្ដែ ខ្ញុំមានអារម្មណ៍ថាព្រះយេហូវ៉ាបានគាំទ្រខ្ញុំដោយសេចក្ដីស្រឡាញ់។ លោកបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ខ្ញុំ ហើយបានជួយខ្ញុំឲ្យស៊ូទ្រាំនៅពេលពិបាកនោះ។ ព្រះយេហូវ៉ាបានធ្វើតាមសេចក្ដីសន្យារបស់លោកដែលថាលោកនឹងថែរក្សាខ្ញុំទោះជាខ្ញុំមានវ័យចាស់ក៏ដោយ។—អេសាយ ៤៦:៤

នៅឆ្នាំ១៩៩០ ខ្ញុំបានរើទៅក្រុងអូម៉ាក រដ្ឋវ៉ាស៊ីនតោន។ នៅទីនោះ ខ្ញុំអាចផ្សព្វផ្សាយនៅតំបន់ដែលគេនិយាយភាសាអេស្ប៉ាញ ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំមានប្រយោជន៍ម្ដងទៀត។ សិស្សគម្ពីរខ្លះរបស់ខ្ញុំបានទទួលការជ្រមុជទឹក។ ប៉ុន្មានឆ្នាំក្រោយមក ខ្ញុំមិនអាចថែរក្សាផ្ទះរបស់ខ្ញុំនៅក្រុងអូម៉ាកបានទៀតទេ។ ដូច្នេះ នៅខែវិច្ឆិកា ឆ្នាំ២០០៧ ខ្ញុំបានរើទៅអាផាមិនមួយដែលនៅជិតក្រុងស៊ូឡេន រដ្ឋវ៉ាស៊ីនតោន។ ក្រុមជំនុំភាសាអេស្ប៉ាញនៅទីនេះថែរក្សាខ្ញុំយ៉ាងល្អ ហើយខ្ញុំមានចិត្ដដឹងគុណចំពោះពួកគេ។ ដោយសារខ្ញុំជាសាក្សីវ័យចាស់តែម្នាក់នៅទីនោះ ពួកគេស្រឡាញ់ខ្ញុំដូចជាជីដូនរបស់ពួកគេ។

ខ្ញុំបានសម្រេចចិត្ដមិនរៀបការនិងមិនមានកូនដើម្បីខ្ញុំអាចបម្រើព្រះយេហូវ៉ាយ៉ាងពេញលេញជាង។ (កូរិនថូសទី១ ៧:៣៤, ៣៥) ខ្ញុំយល់ឃើញថាក្នុងជីវិតនេះ ខ្ញុំមិនអាចមានអ្វីទាំងអស់បានទេ។ ដូច្នេះខ្ញុំបានសម្រេចចិត្ដផ្ដោតអារម្មណ៍ទៅលើអ្វីដែលសំខាន់បំផុត ពោលគឺការបម្រើព្រះយេហូវ៉ាដោយអស់ពីចិត្ដ។ ខ្ញុំបានជួយមនុស្សជាច្រើនឲ្យរៀនសេចក្ដីពិត ហើយពួកគេបានក្លាយទៅជាដូចកូនរបស់ខ្ញុំ។ ម្យ៉ាងទៀត នៅក្នុងពិភពលោកថ្មី ខ្ញុំនឹងមានពេលជាច្រើនដើម្បីធ្វើអ្វីទាំងអស់ដែលខ្ញុំចង់ធ្វើ។ ខគម្ពីរដែលខ្ញុំស្រឡាញ់ជាងគេគឺទំនុកតម្កើង ១៤៥:១៦ ដែលព្រះយេហូវ៉ាសន្យាថាលោកនឹង«បំពេញចិត្ដប្រាថ្នានៃជីវិតទាំងឡាយ»។

កិច្ចបម្រើជាអ្នកត្រួសត្រាយជួយខ្ញុំឲ្យនៅតែមានសកម្មភាពនិងឲ្យខ្ញុំមានគោលបំណងក្នុងជីវិត

ឥឡូវនេះខ្ញុំមានអាយុ៩១ឆ្នាំ ហើយសុខភាពរបស់ខ្ញុំគឺនៅតែល្អ ដូច្នេះ ខ្ញុំបន្ដធ្វើជាអ្នកត្រួសត្រាយ។ កិច្ចបម្រើជាអ្នកត្រួសត្រាយជួយខ្ញុំឲ្យនៅតែមានសកម្មភាពនិងឲ្យខ្ញុំមានគោលបំណងក្នុងជីវិត។ ពេលដែលខ្ញុំបានមកដល់ប្រទេសអែលសាវ៉ាឌ័រដំបូង កិច្ចផ្សព្វផ្សាយនៅទីនោះទើបតែបានចាប់ផ្ដើមប៉ុណ្ណោះ។ ប៉ុន្ដែ ឥឡូវនេះប្រទេសអែលសាវ៉ាឌ័រមានអ្នកផ្សព្វផ្សាយជាង៣៩.០០០នាក់។ ខ្ញុំដឹងថាសាថានមិនអាចបញ្ឈប់កិច្ចការរបស់យើងបានទេ ទោះជាវាបន្ដព្យាយាមក៏ដោយ។ ការរីកចម្រើននេះពិតជាពង្រឹងជំនឿរបស់ខ្ញុំ។ ខ្ញុំជឿជាក់ថាសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាកំពុងគាំទ្ររាស្ដ្ររបស់លោក។