លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្នករាល់គ្នានឹងទៅជារាជាណាចក្រមួយ«ដែលសុទ្ធតែជាសង្ឃ»

អ្នករាល់គ្នានឹងទៅជារាជាណាចក្រមួយ«ដែលសុទ្ធតែជាសង្ឃ»

«ឯងរាល់គ្នានឹងបានធ្វើជានគរដល់អញ ដែលសុទ្ធតែជាសង្ឃ»។—និក្ខមនំ ១៩:៦

១, ២. តើពូជរបស់ស្ដ្រីត្រូវការការការពារពីអ្វី ហើយហេតុអ្វី?

ទំនាយដំបូងនៅក្នុងគម្ពីរគឺសំខាន់ចាំបាច់ដើម្បីយល់អំពីរបៀបដែលគោលបំណងរបស់ព្រះនឹងបានសម្រេច។ ពេលព្រះបានធ្វើសេចក្ដីសន្យានៅសួនអេដែន លោកបានមានប្រសាសន៍ថា«អញនឹងធ្វើឲ្យឯង[សាថាន]ហើយនឹងស្ដ្រី គឺទាំងពូជឯងនឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា»។ តើសេចក្ដីខ្មាំងនឹងគ្នា ឬការស្អប់គ្នានេះនឹងខ្លាំងដល់កម្រិតណា? ព្រះយេហូវ៉ាបានមានប្រសាសន៍ថា«ពូជនាងនឹងកិនក្បាលឯង[សាថាន] ហើយឯងនឹងចឹកកែងជើងគេ»។ (លោកុប្បត្ដិ ៣:១៥) ការស្អប់គ្នារវាងសាថាននិងស្ដ្រីនោះនឹងខ្លាំងរហូតដល់មេកំណាចនឹងប្រើឫទ្ធានុភាពទាំងអស់របស់វាដើម្បីបំផ្លាញពូជនេះ។

មិនមែនជាការចម្លែកទេដែលអ្នកតែងទំនុកតម្កើងបានអធិដ្ឋានអំពីរាស្ដ្ររបស់ព្រះថា«មើល! ពួកខ្មាំងសត្រូវទ្រង់ គេកំពុងតែអ៊ូអែ ហើយពួកអ្នកដែលស្អប់ទ្រង់ គេធ្វើក្រអឺតក្រអោង គេប្រឹក្សាគ្នាបង្កើតឧបាយទាស់នឹងរាស្ដ្រទ្រង់ ហើយគិតគូរគ្នា ទាស់នឹងអស់អ្នកដែលទ្រង់ខារខាំង គេបានថា៖ ‹ចូរយើងកាត់គេចេញ មិនឲ្យធ្វើជានគរទៀតបាន›»។ (ទំនុកតម្កើង ៨៣:២-) សាថានមានគោលបំណងបំផ្លាញនិងបង្ខូចវង្សត្រកូលនៃពូជនោះ។ ដើម្បីការពារពូជស្ដ្រី ហើយធានាថារាជាណាចក្រមេស្ស៊ីនឹងទទួលជោគជ័យ ព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងថែមទៀត។

កិច្ចព្រមព្រៀងដែលការពារពូជរបស់ស្ដ្រី

៣, ៤. () តើកិច្ចព្រមព្រៀងខាងច្បាប់មានសុពលភាពនៅពេលណា ហើយតើប្រជាជាតិអ៊ីស្រាអែលបានយល់ព្រមធ្វើអ្វី?() តើកិច្ចព្រមព្រៀងខាងច្បាប់បានរៀបចំឡើងដើម្បីការពារអ្វី?

ក្រោយពីកូនចៅរបស់អាប្រាហាំ អ៊ីសាកនិងយ៉ាកុបបានកើនឡើងរហូតដល់មានចំនួនរាប់លាននាក់ ព្រះយេហូវ៉ាបានធ្វើឲ្យពួកគេទៅជាប្រជាជាតិអ៊ីស្រាអែលសម័យបុរាណ។ ដោយមានម៉ូសេជាអ្នកសម្រុះសម្រួល ព្រះបានធ្វើកិច្ចព្រមព្រៀងពិសេសមួយជាមួយនឹងប្រជាជាតិនេះ។ ព្រះយេហូវ៉ាបានឲ្យច្បាប់ដល់ជនជាតិអ៊ីស្រាអែល ហើយពួកគេបានយល់ព្រមធ្វើតាមច្បាប់នោះ។ គម្ពីរចែងថា ម៉ូសេបាន«យកសៀវភៅសញ្ញាមកអានមើលឲ្យបណ្ដាជនស្ដាប់ គេក៏ឆ្លើយឡើងថា៖ ‹យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់អស់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាបានមានបន្ទូលមក ហើយនឹងស្ដាប់បង្គាប់គ្រប់ចំពូកផង›។ ដូច្នេះ ម៉ូសេលោកយកឈាម[គោឈ្មោលដែលបានត្រូវសម្លាប់សម្រាប់ជាគ្រឿងបូជា]ទៅប្រោះលើជនទាំងឡាយដោយពាក្យថា៖ ‹នេះជាឈាមនៃសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាបានតាំងនឹងអ្នករាល់គ្នា តាមព្រះបន្ទូលទ្រង់ទាំងនេះ›»។—និក្ខមនំ ២៤:៣-

ច្បាប់របស់ព្រះបានធានាថា ពូជរបស់ស្ដ្រីដែលនឹងកើតពីវង្សត្រកូលអាប្រាហាំនឹងមិនខូចអាក្រក់ឡើយ

កិច្ចព្រមព្រៀងខាងច្បាប់បានមានសុពលភាពនៅឆ្នាំ១៥១៣ មុនគ.ស.។ តាមរយៈកិច្ចព្រមព្រៀងនោះ ព្រះយេហូវ៉ាបានជ្រើសរើសប្រជាជាតិអ៊ីស្រាអែលសម័យបុរាណសម្រាប់គោលបំណងពិសេសមួយ។ ព្រះនឹងធ្វើជាចៅក្រម អ្នកតែងច្បាប់ និងជាស្ដេចរបស់ពួកគេ។ (អេសាយ ៣៣:២២) ប្រវត្ដិសាស្ដ្ររបស់អ៊ីស្រាអែលបង្ហាញថាមានអ្វីកើតឡើង កាលណាបណ្ដាជនធ្វើតាម ឬមិនធ្វើតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះ។ ការធ្វើតាមច្បាប់របស់ព្រះមានន័យថាជនជាតិអ៊ីស្រាអែលមិនបានត្រូវអនុញ្ញាតឲ្យគោរពប្រណិប័តន៍ព្រះទៀត ឬរៀបការជាមួយនឹងពួកអ្នកដែលមិនគោរពប្រណិប័តន៍ព្រះយេហូវ៉ាឡើយ។ ច្បាប់នោះបានត្រូវរៀបចំឡើងដើម្បីការពារពូជរបស់អាប្រាហាំកុំឲ្យខូចអាក្រក់។—និក្ខមនំ ២០:៤-៦; ៣៤:១២-១៦

. () តើកិច្ចព្រមព្រៀងខាងច្បាប់បានផ្ដល់ឱកាសអ្វីឲ្យប្រជាជាតិអ៊ីស្រាអែល? () ហេតុអ្វីព្រះបានបដិសេធអ៊ីស្រាអែល?

ក្រោមកិច្ចព្រមព្រៀងខាងច្បាប់ ពួកសង្ឃបានត្រូវតែងតាំងឲ្យបម្រើនៅអ៊ីស្រាអែល។ ពួកសង្ឃទាំងនោះគឺជាតំណាងក្រុមសង្ឃមួយទៀតដែលនឹងបម្រើមនុស្សជាតិនៅពេលអនាគតតាមរបៀបដែលប្រសើរជាង។ (ហេប្រឺ ៧:១១; ១០:១) តាមពិត កិច្ចព្រមព្រៀងខាងច្បាប់បានផ្ដល់ឱកាសឲ្យប្រជាជាតិអ៊ីស្រាអែលក្លាយទៅជារាជាណាចក្រមួយ«ដែលសុទ្ធតែជាសង្ឃ»។ ដើម្បីមានឯកសិទ្ធិនេះ ជនជាតិអ៊ីស្រាអែលត្រូវធ្វើតាមច្បាប់របស់ព្រះយេហូវ៉ា។ (សូមអាន និក្ខមនំ ១៩:៥, ៦) ប៉ុន្ដែ ពួកគេមិនបានធ្វើតាមច្បាប់នោះទេ។ អ៊ីស្រាអែលមិនបានទទួលយកមេស្ស៊ីដែលជាផ្នែកសំខាន់ចម្បងនៃពូជរបស់អាប្រាហាំឡើយ។ ផ្ទុយទៅវិញ ពួកគេបានបដិសេធលោកយេស៊ូ ហើយព្រះបានបដិសេធពួកគេ។

ការដែលអ៊ីស្រាអែលមិនបានស្ដាប់បង្គាប់ នេះមិនមានន័យថាច្បាប់នោះខុសទេ (សូមមើលវគ្គ-)

. តើគោលបំណងនៃច្បាប់គឺជាអ្វី?

ដោយសារពួកគេមិនបានរក្សាភក្ដីភាពចំពោះព្រះ នោះប្រជាជាតិអ៊ីស្រាអែលមិនបានក្លាយទៅជារាជាណាចក្រមួយដែលសុទ្ធតែជាសង្ឃឡើយ។ ប៉ុន្ដែ នេះមិនមានន័យថាច្បាប់នោះខុសទេ។ ច្បាប់នោះបានការពារពូជរបស់ស្ដ្រី ហើយបានជួយមនុស្សឲ្យដឹងថាអ្នកណាជាមេស្ស៊ី។ ពេលដែលគ្រិស្ដបានមកផែនដី ហើយបានត្រូវគេស្គាល់ នោះច្បាប់បានសម្រេច។ គម្ពីរចែងថា«គ្រិស្ដជាទីបញ្ចប់នៃច្បាប់»។ (រ៉ូម ១០:៤) ដូច្នេះ តើក្រុមណានឹងមានឱកាសក្លាយទៅជារាជាណាចក្រមួយដែលសុទ្ធតែជាសង្ឃ? ព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងមួយទៀតស្របច្បាប់ ដើម្បីបង្កើតប្រជាជាតិថ្មីមួយ។

ប្រជាជាតិថ្មីមួយបានត្រូវបង្កើតឡើង

. តាមរយៈយេរេមា តើព្រះយេហូវ៉ាបានប្រកាសអ្វីទុកជាមុន?

ជាយូរមុនកិច្ចព្រមព្រៀងខាងច្បាប់បានត្រូវលុបចោល ព្រះយេហូវ៉ាបានប្រកាសទុកជាមុនតាមរយៈអ្នកប្រកាសទំនាយយេរេមាថាលោកនឹងធ្វើ«សញ្ញាថ្មី»មួយ ឬកិច្ចព្រមព្រៀងថ្មីមួយជាមួយនឹងប្រជាជាតិអ៊ីស្រាអែល។ (សូមអាន យេរេមា ៣១:៣១-៣៣) កិច្ចព្រមព្រៀងថ្មីនឹងខុសពីកិច្ចព្រមព្រៀងខាងច្បាប់ ពីព្រោះកិច្ចព្រមព្រៀងនោះមិនតម្រូវឲ្យជូនសត្វជាគ្រឿងបូជាដើម្បីទទួលការអភ័យទោសចំពោះការខុសឆ្គងទេ។ តើនេះអាចកើតឡើងយ៉ាងដូចម្ដេច?

៨, ៩. () តាមរយៈឈាមរបស់លោកយេស៊ូ តើអ្វីអាចកើតឡើង? () តើពួកអ្នកដែលជាភាគីនៃកិច្ចព្រមព្រៀងមានឱកាសអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)។

រាប់រយឆ្នាំក្រោយមក នៅថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ គ.ស. លោកយេស៊ូបានចាប់ផ្ដើមធ្វើពិធីថ្មី ពោលគឺពិធីអាហារល្ងាចរបស់លោកម្ចាស់។ ពេលលោកយេស៊ូមានប្រសាសន៍អំពីពែងស្រា លោកបានប្រាប់សាវ័កដ៏ស្មោះត្រង់របស់លោកទាំង១១នាក់ថា«ពែងនេះជាតំណាងកិច្ចព្រមព្រៀងថ្មី ដែលមានមូលដ្ឋានលើឈាមរបស់ខ្ញុំ ដែលនឹងត្រូវបង្ហូរចេញដើម្បីអ្នករាល់គ្នា»។ (លូកា ២២:២០) យោងទៅតាមកំណត់ហេតុរបស់ម៉ាថាយ លោកយេស៊ូបានមានប្រសាសន៍ថា«នេះជាតំណាង‹ឈាមរបស់ខ្ញុំដែលសម្រាប់កិច្ចព្រមព្រៀង›។ ឈាមនោះនឹងត្រូវបង្ហូរចេញសម្រាប់មនុស្សជាច្រើន ដើម្បីឲ្យពួកគេទទួលការអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួន»។—ម៉ាថាយ ២៦:២៧, ២៨

ឈាមនៃគ្រឿងបូជារបស់លោកយេស៊ូធ្វើឲ្យកិច្ចព្រមព្រៀងថ្មីមានសុពលភាព។ ឈាមនោះបានត្រូវផ្ដល់ឲ្យមួយដង ហើយផ្ដល់លទ្ធភាពឲ្យមនុស្សជាច្រើនទទួលការអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួនជារៀងរហូត។ លោកយេស៊ូមិនមែនជាភាគីនៃកិច្ចព្រមព្រៀងថ្មីនេះទេ។ លោកគ្មានភាពខុសឆ្គង ដូច្នេះលោកមិនត្រូវការការអភ័យទោសឡើយ។ ប៉ុន្ដែព្រះអាចប្រើតម្លៃនៃគ្រឿងបូជារបស់លោកយេស៊ូដើម្បីផ្ដល់ប្រយោជន៍ដល់មនុស្សជាតិ។ លោកក៏ប្រើសកម្មពលបរិសុទ្ធរបស់លោកដើម្បីរើសតាំងមនុស្សស្មោះត្រង់មួយចំនួន ហើយទទួលពួកគេ«ជាកូន»។ (សូមអាន រ៉ូម ៨:១៤-១៧) ព្រះយេហូវ៉ាអាចមានទស្សនៈចំពោះពួកគាត់ដូចទស្សនៈដែលលោកមានចំពោះលោកយេស៊ូជាបុត្ររបស់លោកដែលគ្មានភាពខុសឆ្គង។ ពួកអ្នកដែលបានត្រូវរើសតាំងទាំងនេះនឹងក្លាយទៅជា«អ្នកទទួលមត៌ករួមជាមួយនឹងគ្រិស្ដ»។ ពួកគាត់ក៏នឹងមានឱកាសនិងឯកសិទ្ធិដែលប្រជាជាតិអ៊ីស្រាអែលបានបាត់បង់ ពោលគឺក្លាយទៅជារាជាណាចក្រមួយ«ដែលសុទ្ធតែជាសង្ឃ»។ សាវ័កពេត្រុសបាននិយាយអំពីពួកគាត់ថា«អ្នករាល់គ្នាជា‹ពូជសាសន៍ដែលបានត្រូវជ្រើសរើស និងជាសង្ឃដែលមានតំណែងជាស្ដេច ក៏ជាជនជាតិបរិសុទ្ធ និងរាស្ដ្រដែលជាសម្បត្ដិពិសេស ដើម្បីឲ្យអ្នករាល់គ្នាប្រកាសនៅទីជិតឆ្ងាយអំពីគុណសម្បត្ដិប្រសើរថ្លៃថ្លា›របស់លោកដែលបានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹតឲ្យចូលក្នុងពន្លឺដ៏អស្ចារ្យរបស់លោក»។ (ពេត្រុសទី១ ២:៩) ច្បាស់ណាស់ កិច្ចព្រមព្រៀងថ្មីគឺសំខាន់ចាំបាច់មែន! កិច្ចព្រមព្រៀងនេះបើកឱកាសឲ្យអ្នកកាន់តាមលោកយេស៊ូក្លាយទៅជាផ្នែកបន្ថែមនៃពូជរបស់អាប្រាហាំ។

កិច្ចព្រមព្រៀងថ្មីមានសុពលភាព

១០. តើកិច្ចព្រមព្រៀងថ្មីមានសុពលភាពនៅពេលណា ហើយហេតុអ្វីកិច្ចព្រមព្រៀងនោះមិនមានសុពលភាពរហូតដល់ពេលនោះ?

១០ កិច្ចព្រមព្រៀងថ្មីមិនមានសុពលភាពនៅពិធីអាហារល្ងាចរបស់លោកម្ចាស់ឡើយ។ ហេតុអ្វី? ដើម្បីឲ្យកិច្ចព្រមព្រៀងនោះមានសុពលភាព លោកយេស៊ូត្រូវត្រឡប់ទៅស្ថានសួគ៌វិញ ហើយបង្ហាញព្រះនូវតម្លៃនៃគ្រឿងបូជារបស់លោក។ ម្យ៉ាងទៀត ពួកអ្នកដែលនឹង«ទទួលមត៌ករួមជាមួយនឹងគ្រិស្ដ»ត្រូវតែរើសតាំងដោយសកម្មពលបរិសុទ្ធ។ ដូច្នេះ កិច្ចព្រមព្រៀងថ្មីមានសុពលភាពនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ពេលអ្នកកាន់តាមលោកយេស៊ូបានទទួលសកម្មពលរបស់ព្រះ។

កិច្ចព្រមព្រៀងថ្មីមានសុពលភាព នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ពេលអ្នកកាន់តាមលោកយេស៊ូបានទទួលសកម្មពលរបស់ព្រះ

១១. តើតាមរបៀបណាកិច្ចព្រមព្រៀងថ្មីធ្វើឲ្យជនជាតិយូដានិងជនជាតិដទៃអាចក្លាយទៅជាផ្នែកនៃអ៊ីស្រាអែលនៃព្រះ ហើយតើពួកអ្នកដែលជាភាគីនៃកិច្ចព្រមព្រៀងថ្មីមានចំនួនប៉ុន្មាននាក់?

១១ ពេលព្រះយេហូវ៉ាបានប្រកាសតាមរយៈយេរេមាថាកិច្ចព្រមព្រៀងថ្មីនឹងធ្វើឡើងជាមួយនឹងអ៊ីស្រាអែល នេះបង្ហាញថា នៅទីបំផុត កិច្ចព្រមព្រៀងខាងច្បាប់នឹងលែងចាំបាច់ទៀត។ ច្បាប់នោះបានចប់ ពេលដែលកិច្ចព្រមព្រៀងថ្មីមានសុពលភាព។ (ហេប្រឺ ៨:១៣) តាមរយៈកិច្ចព្រមព្រៀងថ្មី ទាំងជនជាតិយូដា ទាំងជនជាតិដទៃដែលមិនកាត់ចុងស្បែកនឹងមានឱកាសស្មើគ្នាដើម្បីធ្វើជាអ្នកទទួលមត៌កនៃរាជាណាចក្រព្រះ ពីព្រោះ‹ការកាត់ចុងស្បែករបស់ពួកគាត់គឺនៅលើចិត្ដពួកគាត់វិញ ដោយសកម្មពលរបស់ព្រះ មិនមែនដោយក្បួនច្បាប់ជាលាយលក្ខណ៍អក្សរទេ›។ (រ៉ូម ២:២៩) ព្រះនឹងដាក់ច្បាប់នៅក្នុងគំនិតនិងនៅក្នុងចិត្ដរបស់ពួកគាត់។ (ហេប្រឺ ៨:១០) កិច្ចព្រមព្រៀងថ្មីរួមបញ្ចូលអ្នកដែលបានត្រូវរើសតាំង១៤៤.០០០នាក់។ ពួកគាត់រួមគ្នាជាប្រជាជាតិថ្មីមួយដែលបានត្រូវហៅថា«អ៊ីស្រាអែលនៃព្រះ»។—កាឡាទី ៦:១៦; ការបើកបង្ហាញ ១៤:១,

១២. តើកិច្ចព្រមព្រៀងខាងច្បាប់ខុសគ្នានឹងកិច្ចព្រមព្រៀងថ្មីយ៉ាងដូចម្ដេច?

១២ តើកិច្ចព្រមព្រៀងខាងច្បាប់ខុសគ្នានឹងកិច្ចព្រមព្រៀងថ្មីយ៉ាងដូចម្ដេច? កិច្ចព្រមព្រៀងខាងច្បាប់គឺរវាងព្រះយេហូវ៉ានិងប្រជាជាតិអ៊ីស្រាអែល ហើយកិច្ចព្រមព្រៀងថ្មី គឺរវាងព្រះយេហូវ៉ានិងអ៊ីស្រាអែលនៃព្រះ។ ម៉ូសេគឺជាអ្នកសម្រុះសម្រួលនៃកិច្ចព្រមព្រៀងខាងច្បាប់ ហើយលោកយេស៊ូគឺជាអ្នកសម្រុះសម្រួលនៃកិច្ចព្រមព្រៀងថ្មី។ កិច្ចព្រមព្រៀងខាងច្បាប់មានសុពលភាពតាមរយៈឈាមរបស់សត្វ ហើយកិច្ចព្រមព្រៀងថ្មីមានសុពលភាពតាមរយៈឈាមនៃគ្រឿងបូជារបស់លោកយេស៊ូ។ ក្រោមកិច្ចព្រមព្រៀងខាងច្បាប់ ម៉ូសេគឺជាអ្នកដឹកនាំនៃប្រជាជាតិអ៊ីស្រាអែល។ លោកយេស៊ូដែលជាប្រមុខនៃក្រុមជំនុំ គឺជាអ្នកដឹកនាំនៃពួកអ្នកដែលនៅក្រោមកិច្ចព្រមព្រៀងថ្មី។—អេភេសូរ ១:២២

១៣, ១៤. () តើកិច្ចព្រមព្រៀងថ្មីជាប់ទាក់ទងយ៉ាងណានឹងរាជាណាចក្រ? () តើអ្វីគឺសំខាន់ចាំបាច់ដើម្បីឲ្យអ៊ីស្រាអែលនៃព្រះអាចគ្រប់គ្រងជាមួយនឹងគ្រិស្ដនៅស្ថានសួគ៌?

១៣ តើកិច្ចព្រមព្រៀងថ្មីជាប់ទាក់ទងយ៉ាងណានឹងរាជាណាចក្រ? កិច្ចព្រមព្រៀងនេះនាំឲ្យមានប្រជាជាតិបរិសុទ្ធមួយដែលមានឱកាសក្លាយទៅជាស្ដេចនិងសង្ឃនៃរាជាណាចក្រនៅស្ថានសួគ៌។ ប្រជាជាតិនោះគឺជាផ្នែកបន្ថែមនៃពូជរបស់អាប្រាហាំ។ (កាឡាទី ៣:២៩) ដូច្នេះ កិច្ចព្រមព្រៀងថ្មីបញ្ជាក់ថាកិច្ចព្រមព្រៀងជាមួយនឹងអាប្រាហាំនឹងបានសម្រេច។

១៤ កិច្ចព្រមព្រៀងថ្មីនាំឲ្យមានប្រជាជាតិអ៊ីស្រាអែលនៃព្រះ ហើយជាមូលដ្ឋានស្របច្បាប់ដើម្បីពួកអ្នកដែលបានត្រូវរើសតាំងក្លាយទៅជា«អ្នកទទួលមត៌ករួមជាមួយនឹងគ្រិស្ដ»។ ប៉ុន្ដែ តើតាមរបៀបណាពួកអ្នកដែលបានត្រូវរើសតាំងអាចគ្រប់គ្រងជាស្ដេចនិងជាសង្ឃជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌? កិច្ចព្រមព្រៀងស្របច្បាប់មួយទៀតអនុញ្ញាតឲ្យពួកគាត់ធ្វើដូច្នោះ។

កិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឲ្យអ្នកទៀតគ្រប់គ្រងជាមួយនឹងគ្រិស្ដ

១៥. តើកិច្ចព្រមព្រៀងដែលលោកយេស៊ូផ្ទាល់បានធ្វើជាមួយនឹងពួកសាវ័កដ៏ស្មោះត្រង់របស់លោក គឺជាអ្វី?

១៥ ក្រោយពីបានចាប់ផ្ដើមពិធីអាហារល្ងាចរបស់លោកម្ចាស់ លោកយេស៊ូបានធ្វើកិច្ចព្រមព្រៀងមួយជាមួយនឹងពួកអ្នកកាន់តាមដ៏ស្មោះត្រង់របស់លោក ដែលបានត្រូវហៅថាកិច្ចព្រមព្រៀងរាជាណាចក្រ។ (សូមអាន លូកា ២២:២៨-៣០) កិច្ចព្រមព្រៀងនេះខុសពីកិច្ចព្រមព្រៀងទៀត ដោយសារព្រះយេហូវ៉ាមិនមែនជាភាគីនៃកិច្ចព្រមព្រៀងនេះឡើយ។ ផ្ទុយទៅវិញ នេះជាកិច្ចព្រមព្រៀងរវាងលោកយេស៊ូផ្ទាល់និងពួកអ្នកដែលបានត្រូវរើសតាំង។ ពេលលោកយេស៊ូបានមានប្រសាសន៍ថា«ដូចបិតារបស់ខ្ញុំបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងខ្ញុំ» លោកប្រហែលជាសំដៅលើកិច្ចព្រមព្រៀងដែលព្រះយេហូវ៉ាបានធ្វើជាមួយនឹងលោកដើម្បីធ្វើជា«សង្ឃជារៀងរហូត តាមរបៀបដូចម៉េលគីសេដិក»។—ហេប្រឺ ៥:៥, ៦

១៦. តើកិច្ចព្រមព្រៀងរាជាណាចក្រផ្ដល់លទ្ធភាពអ្វីឲ្យគ្រិស្ដសាសនិកដែលបានត្រូវរើសតាំង?

១៦ ពួកសាវ័កដ៏ស្មោះត្រង់ទាំង១១នាក់បានរក្សាភក្ដីភាពចំពោះលោកយេស៊ូក្នុងអំឡុងទុក្ខលំបាកទាំងអស់របស់លោក។ កិច្ចព្រមព្រៀងរាជាណាចក្របានធានាថាពួកសាវ័កនឹងអង្គុយនៅលើបល្ល័ង្ក ហើយគ្រប់គ្រងជាស្ដេចនិងបម្រើជាសង្ឃជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌។ ប៉ុន្ដែ មិនមែនតែពួកសាវ័កទាំង១១នាក់នោះប៉ុណ្ណោះទេដែលនឹងមានឯកសិទ្ធិនោះ។ លោកយេស៊ូបានលេចមកឲ្យសាវ័កយ៉ូហានឃើញក្នុងគំនិត ហើយបានមានប្រសាសន៍ថា«ខ្ញុំនឹងអនុញ្ញាតឲ្យអ្នកណាដែលឈ្នះ អង្គុយជាមួយនឹងខ្ញុំលើបល្ល័ង្ករបស់ខ្ញុំ ដូចខ្ញុំបានឈ្នះ ហើយអង្គុយជាមួយនឹងបិតារបស់ខ្ញុំលើបល្ល័ង្ករបស់លោក»។ (ការបើកបង្ហាញ ៣:២១) ដូច្នេះ កិច្ចព្រមព្រៀងរាជាណាចក្របានត្រូវធ្វើឡើងជាមួយនឹងគ្រិស្ដសាសនិកដែលបានត្រូវរើសតាំងទាំង១៤៤.០០០នាក់។ (ការបើកបង្ហាញ ៥:៩, ១០; ៧:៤) កិច្ចព្រមព្រៀងនេះគឺជាមូលដ្ឋានស្របច្បាប់ដើម្បីឲ្យពួកអ្នកដែលបានត្រូវរើសតាំងគ្រប់គ្រងជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌។ នេះគឺស្រដៀងគ្នានឹងកូនក្រមុំម្នាក់ដែលបានត្រូវជ្រើសរើសឲ្យរៀបការជាមួយនឹងស្ដេចមួយអង្គ។ ពេលដែលអ្នកទាំងពីរបានរៀបការហើយ កូនក្រមុំនោះអាចគ្រប់គ្រងជាមួយនឹងស្ដេច។ តាមការពិត គម្ពីរនិយាយអំពីពួកអ្នកដែលបានត្រូវរើសតាំងថាជា«កូនក្រមុំ»របស់គ្រិស្ដ ជា«ក្រមុំបរិសុទ្ធ»ដែលបានត្រូវសន្យាឲ្យធ្វើជាភរិយារបស់គ្រិស្ដ។—ការបើកបង្ហាញ ១៩:៧, ៨; ២១:៩; កូរិនថូសទី២ ១១:២

ចូរមានជំនឿមាំមួនទៅលើរាជាណាចក្ររបស់ព្រះ

១៧, ១៨. () សូមពិនិត្យមើលឡើងវិញនូវកិច្ចព្រមព្រៀងដែលយើងបានពិភាក្សា ដែលជាប់ទាក់ទងនឹងរាជាណាចក្រ។ () ហេតុអ្វីយើងអាចមានជំនឿមាំមួនទៅលើរាជាណាចក្រ?

១៧ កិច្ចព្រមព្រៀងទាំងអស់ដែលយើងបានពិភាក្សានៅក្នុងអត្ថបទទាំងពីរនេះគឺជាប់ទាក់ទងនឹងផ្នែកសំខាន់ចាំបាច់មួយ ឬច្រើនជាងនៃរាជាណាចក្រ។ (សូមមើលតារាងដែលមានចំណងជើងថា«របៀបដែលព្រះនឹងសម្រេចគោលបំណងរបស់លោក») ហេតុការណ៍ពិតនេះបញ្ជាក់ថារាជាណាចក្រនោះមានមូលដ្ឋានរឹងមាំលើកិច្ចព្រមព្រៀងស្របច្បាប់។ យើងអាចជឿជាក់ទាំងស្រុងថាព្រះនឹងប្រើរាជាណាចក្រមេស្ស៊ីដើម្បីសម្រេចគោលបំណងរបស់លោកចំពោះមនុស្សជាតិនិងផែនដី។—ការបើកបង្ហាញ ១១:១៥

តាមរយៈរាជាណាចក្រមេស្ស៊ី ព្រះយេហូវ៉ានឹងធ្វើឲ្យគោលបំណងរបស់លោកចំពោះផែនដីបានសម្រេច (សូមមើលវគ្គ១៥-១៨)

១៨ រាជាណាចក្រនោះប្រាកដជាដំណោះស្រាយតែមួយគត់ចំពោះបញ្ហារបស់មនុស្សជាតិ។ យើងមានទំនុកចិត្ដទាំងស្រុងថារាជាណាចក្រនោះនឹងនាំឲ្យមនុស្សទាំងអស់ទទួលប្រយោជន៍ដែលស្ថិតស្ថេរជារៀងរហូត។ ដូច្នេះ សូមឲ្យយើងប្រាប់អ្នកទៀតអំពីសេចក្ដីពិតដ៏អស្ចារ្យនេះដោយចិត្ដខ្នះខ្នែង!—ម៉ាថាយ ២៤:១៤