លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ តើនេះមានអត្ថន័យយ៉ាងណាចំពោះយើង?

ការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ តើនេះមានអត្ថន័យយ៉ាងណាចំពោះយើង?

«លោកបានត្រូវប្រោសឲ្យរស់ឡើងវិញ»។—ម៉ាថាយ ២៨:៦

១, ២. (ក) តើអ្នកដឹកនាំសាសនាយូដាខ្លះចង់ដឹងអំពីអ្វី ហើយតើពេត្រុសបានឆ្លើយយ៉ាងណា? (សូមមើលរូបភាពនៅដើមអត្ថបទ)។ (ខ) ហេតុអ្វីពេត្រុសអាចនិយាយដោយចិត្ដក្លាហាន?

ប៉ុន្មានសប្ដាហ៍ក្រោយពីលោកយេស៊ូបានទទួលមរណភាព សាវ័កពេត្រុសបានប្រឈមមុខនឹងអ្នកដឹកនាំសាសនាយូដាមួយក្រុមដ៏គួរឲ្យខ្លាច។ ពួកគេគឺជាមនុស្សដែលបានធ្វើផែនការសម្លាប់លោកយេស៊ូ។ ឥឡូវពួកគេខឹងពេត្រុស ដោយសារគាត់បានធ្វើឲ្យបុរសដែលពិការជើងជាសះស្បើយ។ ពួកគេបានសួរពេត្រុសថា៖ «តើអ្នករាល់គ្នាបានធ្វើការនេះដោយអាងអំណាចអ្វី ឬដោយអាងឈ្មោះរបស់អ្នកណា?»។ ពេត្រុសបានឆ្លើយដោយចិត្ដក្លាហានថា៖ «បុរសនេះឈរនៅមុខអ្នករាល់គ្នាទាំងមានរូបកាយមាំមួន ដោយសារនាមរបស់លោកយេស៊ូគ្រិស្ដពីក្រុងណាសារ៉ែត ដែលអ្នករាល់គ្នាបានព្យួរ តែព្រះបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ»។—សកម្មភាព ៤:៥-១០

មុននេះ ពេត្រុសភ័យខ្លាចដល់ម៉្លេះបានជាគាត់បដិសេធលោកយេស៊ូបីដង។ (ម៉ាកុស ១៤:៦៦-៧២) ឥឡូវនេះ ជាជាងភ័យខ្លាច ពេត្រុសមានចិត្ដក្លាហាននៅមុខពួកអ្នកដឹកនាំសាសនា។ ហេតុអ្វី? ពេត្រុសមានជំនួយពីសកម្មពលបរិសុទ្ធ ប៉ុន្ដែលើសពីនេះគាត់ជឿជាក់ថាលោកយេស៊ូកំពុងមានជីវិតរស់នៅ។ ហេតុអ្វីសាវ័កពេត្រុសបានជឿជាក់ដូច្នេះ? ហើយហេតុអ្វីយើងអាចមានការជឿជាក់ដូចគាត់?

៣, ៤. (ក) មុនពួកសាវ័ករបស់លោកយេស៊ូកើតមក តើមានការប្រោសបុគ្គលណាខ្លះឲ្យរស់ឡើងវិញ? (ខ) តើលោកយេស៊ូបានប្រោសអ្នកណាខ្លះឲ្យរស់ឡើងវិញ?

ពួកសាវ័កបានដឹងថាមនុស្សស្លាប់អាចមានជីវិតឡើងវិញ។ មុនពួកសាវ័កកើតមក ព្រះបានឲ្យអេលីយ៉ានិងអេលីសេដែលជាអ្នកប្រកាសទំនាយ មានសមត្ថភាពប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ (ពង្សាវតារក្សត្រទី១ ១៧:១៧-២៤; ពង្សាវតារក្សត្រទី២ ៤:៣២-៣៧) បុរសម្នាក់ដែលបានស្លាប់ បានរស់ឡើងវិញពេលដែលសាកសពរបស់គាត់បានត្រូវបោះចូលទៅក្នុងផ្នូរ ហើយបានប៉ះឆ្អឹងរបស់អេលីសេ។ (ពង្សាវតារក្សត្រទី២ ១៣:២០, ២១) គ្រិស្ដសាសនិកនៅសម័យដើមបានជឿលើកំណត់ហេតុទាំងនេះ ដូចយើងក៏ជឿថាបណ្ដាំរបស់ព្រះគឺជាសេចក្ដីពិតដែរ។

អ្នកទំនងជារំជួលចិត្ដយ៉ាងខ្លាំង ពេលអ្នកអានអំពីការដែលលោកយេស៊ូប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ

អ្នកទំនងជារំជួលចិត្ដយ៉ាងខ្លាំង ពេលអ្នកអានអំពីការដែលលោកយេស៊ូប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ ជាឧទាហរណ៍ សូមស្រមៃគិតអំពីការភ្ញាក់ផ្អើលយ៉ាងខ្លាំងរបស់ស្ដ្រីមេម៉ាយម្នាក់ នៅពេលលោកយេស៊ូបានប្រោសកូនប្រុសតែមួយរបស់គាត់ឲ្យរស់ឡើងវិញ។ (លូកា ៧:១១-១៥) ឬសូមគិតអំពីពេលដែលលោកយេស៊ូបានប្រោសក្មេងស្រីម្នាក់ឲ្យរស់ឡើងវិញ។ ទុក្ខព្រួយយ៉ាងខ្លាំងរបស់ឪពុកម្ដាយនាងច្បាស់ជាបានក្លាយទៅជាអំណរ ពេលដែលពួកគាត់បានឃើញថាកូនស្រីមានជីវិតរស់នៅ! (លូកា ៨:៤៩-៥៦) ម្យ៉ាងទៀត បណ្ដាជនច្បាស់ជារំភើបចិត្ដពេលពួកគេបានឃើញឡាសាដើរចេញពីផ្នូរដោយមានជីវិត!—យ៉ូហាន ១១:៣៨-៤៤

មូលហេតុដែលការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញខុសពីការប្រោសឲ្យរស់ឡើងវិញទៀត

. តើការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញគឺខុសគ្នាយ៉ាងណានឹងការប្រោសឲ្យរស់ឡើងវិញនៅពេលមុនៗ?

ពួកសាវ័កបានដឹងថាការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ គឺខុសគ្នានឹងការប្រោសឲ្យរស់ឡើងវិញទៀតទាំងអស់នៅពេលមុនៗ។ មនុស្សដែលបានត្រូវប្រោសឲ្យរស់ឡើងវិញមុនលោកយេស៊ូ បានទទួលជីវិតដោយមានរូបកាយជាសាច់ឈាម តែក្រោយមកពួកគេបានស្លាប់ម្ដងទៀត។ លោកយេស៊ូបានទទួលរូបកាយជាវិញ្ញាណដែលមិនអាចបំផ្លាញឡើយ។ (សូមអាន សកម្មភាព ១៣:៣៤) ពេត្រុសបានសរសេរថា ពេលដែលលោកយេស៊ូបានត្រូវ‹គេសម្លាប់ លោកជាមនុស្ស តែលោកបានត្រូវប្រោសឲ្យមានជីវិតរស់ឡើងវិញជាវិញ្ញាណ›។ គាត់ក៏សរសេរដែរថា៖ «លោកបានទៅស្ថានសួគ៌ ហើយឥឡូវលោកនៅខាងស្ដាំព្រះ ក្រោយមក ទេវតា អំណាច និងអាជ្ញាធរនានាបានត្រូវដាក់ឲ្យនៅក្រោមអំណាចរបស់លោក»។ (ពេត្រុសទី១ ៣:១៨-២២) ការប្រោសមនុស្សទៀតឲ្យរស់ឡើងវិញគឺជាអព្ភូតហេតុដ៏អស្ចារ្យ ប៉ុន្ដែការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញគឺជាអព្ភូតហេតុដ៏អស្ចារ្យបំផុតដែលធ្លាប់មាន។

. តើការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញមានឥទ្ធិពលយ៉ាងណាលើអ្នកកាន់តាមលោក?

ការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកកាន់តាមលោក។ ខុសពីអ្វីដែលសត្រូវរបស់លោកបានជឿ លោកយេស៊ូលែងនៅក្នុងផ្នូរទៀត។ ផ្ទុយទៅវិញ លោកមានជីវិតរស់នៅជាបុគ្គលវិញ្ញាណដ៏ខ្លាំងក្លា ហើយគ្មានមនុស្សណាអាចធ្វើទុក្ខដល់លោកបានទៀតទេ។ ការប្រោសលោកឲ្យរស់ឡើងវិញបានផ្ដល់ភ័ស្ដុតាងថាលោកជាកូនរបស់ព្រះ។ ដោយសារអ្នកកាន់តាមលោកដឹងថាលោកយេស៊ូមានជីវិតរស់នៅ ពួកគាត់លែងកើតទុក្ខ ឬភ័យខ្លាចទៀត។ ផ្ទុយទៅវិញ ពួកគាត់រំភើបចិត្ដ ហើយមានទំនុកចិត្ដ។ បើលោកយេស៊ូមិនបានត្រូវប្រោសឲ្យរស់ឡើងវិញទេ គោលបំណងរបស់ព្រះនឹងមិនសម្រេច ហើយដំណឹងល្អដែលពួកគាត់ផ្សាយនឹងមិនមានប្រយោជន៍ឡើយ។

. តើលោកយេស៊ូកំពុងធ្វើអ្វីនៅសព្វថ្ងៃនេះ ហើយតើយើងអាចសួរសំណួរអ្វីខ្លះ?

យើងដឹងថាលោកយេស៊ូមិនគ្រាន់តែជាបុរសដ៏ល្អម្នាក់ប៉ុណ្ណោះទេ។ លោកយេស៊ូមានជីវិតរស់នៅ ហើយកំពុងមើលការខុសត្រូវលើកិច្ចផ្សព្វផ្សាយទូទាំងពិភពលោក។ លោកជាស្ដេចនៃរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌ ដែលមិនយូរទៀតនឹងបំបាត់អំពើអាក្រក់ទាំងអស់ពីផែនដី ហើយកែប្រែផែនដីឲ្យទៅជាសួនឧទ្យានដែលមនុស្សនឹងរស់នៅជារៀងរហូត។ (លូកា ២៣:៤៣) អ្វីទាំងនេះមិនអាចកើតឡើងបានទេ បើលោកយេស៊ូមិនបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ដូច្នេះ ហេតុអ្វីយើងអាចមានទំនុកចិត្ដថាលោកយេស៊ូបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញ? ហើយតើការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញមានអត្ថន័យយ៉ាងណាចំពោះយើង?

បើលោកយេស៊ូមិនបានត្រូវប្រោសឲ្យរស់ឡើងវិញទេ គោលបំណងរបស់ព្រះនឹងមិនសម្រេច ហើយដំណឹងល្អដែលពួកគាត់ផ្សាយនឹងមិនមានប្រយោជន៍ឡើយ

ព្រះយេហូវ៉ាមានឫទ្ធានុភាពលើសេចក្ដីស្លាប់

៨, ៩. (ក) ហេតុអ្វីអ្នកដឹកនាំសាសនាយូដាបានសុំឲ្យមានអ្នកយាមនៅផ្នូររបស់លោកយេស៊ូ? (ខ) តើអ្វីបានកើតឡើងពេលដែលស្ដ្រីពីរនាក់បានមកដល់ទីបញ្ចុះសពរបស់លោក?

ក្រោយពីលោកយេស៊ូបានត្រូវគេប្រហារជីវិត អ្នកដឹកនាំសាសនាយូដាបានមកជួបពីឡាត ហើយនិយាយថា៖ «លោក! យើងបាននឹកឃើញអ្វីដែលអ្នកបោកប្រាស់នោះបាននិយាយកាលនៅរស់ថា៖ ‹ក្រោយបីថ្ងៃ ខ្ញុំនឹងត្រូវប្រោសឲ្យរស់ឡើងវិញ›។ ដូច្នេះ សូមបញ្ជាឲ្យគេយាមកន្លែងបញ្ចុះសពនោះរហូតដល់ថ្ងៃទីបី កុំឲ្យពួកអ្នកកាន់តាមអ្នកនោះមកលួចសពគាត់ ហើយប្រាប់បណ្ដាជនថា៖ ‹លោកបានត្រូវប្រោសឲ្យរស់ឡើងវិញហើយ!› រួចការបោកប្រាស់ចុងក្រោយនេះនឹងអាក្រក់ជាងលើកមុនទៅទៀត»។ ពីឡាតបានប្រាប់ពួកគេថា៖ «អ្នករាល់គ្នាមានពួកអ្នកយាមស្រាប់ហើយ។ ដូច្នេះ ចូរទៅចាត់ចែងឲ្យគេយាមកន្លែងបញ្ចុះសពឲ្យបានមាំទាំតាមការយល់ឃើញរបស់អ្នករាល់គ្នាចុះ»។ នោះជាអ្វីដែលពួកគេបានធ្វើ។—ម៉ាថាយ ២៧:៦២-៦៦

នៅពេលគេបញ្ចុះសពលោកយេស៊ូ សពរបស់លោកបានត្រូវដាក់ក្នុងផ្នូរដែលគេបានដាប់នៅក្នុងថ្មធំមួយ ហើយថ្មធំមួយទៀតបានបិទផ្នូរនោះ។ អ្នកដឹកនាំសាសនាចង់ឲ្យលោកយេស៊ូនៅក្នុងទីបញ្ចុះសពនោះជារៀងរហូត។ ប៉ុន្ដែ ព្រះយេហូវ៉ាមានគំនិតខុសពីពួកគេទាំងស្រុង។ បីថ្ងៃក្រោយមក អ្នកកាន់តាមលោកពីរនាក់ គឺម៉ារៀ ម៉ាក់ដាឡេននិងម៉ារៀមួយទៀតបានមកទីបញ្ចុះសព។ នៅទីនោះ ពួកគាត់បានឃើញថ្មប្រមៀលចេញ ហើយទេវតាមួយរូបកំពុងអង្គុយលើថ្មនោះ។ ទេវតានោះបានប្រាប់ស្ដ្រីពីរនាក់នោះឲ្យមើលក្នុងទីបញ្ចុះសព ហើយឃើញថាគ្មានអ្វីសោះនៅទីនោះ។ ទេវតានោះបាននិយាយទៅពួកគាត់ថា៖ «លោកមិននៅទីនេះទេ ព្រោះលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ»។ (ម៉ាថាយ ២៨:១-) លោកយេស៊ូមានជីវិតរស់នៅ!

១០. តើប៉ូលបានបញ្ជាក់យ៉ាងណាថាលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ?

១០ អ្វីដែលបានកើតឡើងនៅ៤០ថ្ងៃបន្ទាប់ពីនោះ បានបញ្ជាក់យ៉ាងច្បាស់ថាលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ។ សាវ័កប៉ូលបានសរសេរទៅគ្រិស្ដសាសនិកនៅក្រុងកូរិនថូសថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នានូវសេចក្ដីដ៏សំខាន់បំផុត ជាសេចក្ដីដែលខ្ញុំក៏បានទទួលដែរ គឺថា គ្រិស្ដបានទទួលមរណភាពដើម្បីលោះយើងពីភាពខុសឆ្គង ស្របទៅតាមបទគម្ពីរ ហើយថាលោកត្រូវគេបញ្ចុះ រួចបានត្រូវប្រោសឲ្យរស់ឡើងវិញនៅថ្ងៃទីបី ស្របទៅតាមបទគម្ពីរ ហើយថាលោកបានលេចមកជួបកេផាស រួចសាវ័កទាំងដប់ពីរនាក់។ បន្ទាប់មក លោកលេចមកជួបបងប្អូនជាងប្រាំរយនាក់នៅពេលតែមួយ។ បងប្អូនភាគច្រើនពីចំណោមបងប្អូនទាំងនោះ នៅរស់រហូតដល់សព្វថ្ងៃនេះ តែពួកគាត់ខ្លះបានដេកលក់ក្នុងសេចក្ដីស្លាប់ហើយ។ ក្រោយមកទៀត លោកលេចមកជួបយ៉ាកុប រួចសាវ័កទាំងអស់ តែក្រោយបង្អស់ លោកលេចមកជួបខ្ញុំ ដែលប្រៀបដូចជាកូនកើតមុនពេលកំណត់»។—កូរិនថូសទី១ ១៥:៣-

មូលហេតុបួនយ៉ាងដែលយើងដឹងថាលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ

១១. តើការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញបានកើតឡើង«ស្របទៅតាមបទគម្ពីរ»យ៉ាងដូចម្ដេច?

១១ ការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញបានកើតឡើង«ស្របទៅតាមបទគម្ពីរ»។ បណ្ដាំរបស់ព្រះបានប្រកាសទុកជាមុនអំពីការប្រោសឲ្យរស់ឡើងវិញនោះ។ ជាឧទាហរណ៍ ដាវីឌបានសរសេរថា«អ្នកបរិសុទ្ធ»ឬអ្នកដែលមានភក្ដីភាពចំពោះព្រះ នឹងមិននៅក្នុងផ្នូររហូតទេ។ (សូមអាន ទំនុកតម្កើង ១៦:១០) នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ពេត្រុសបានពន្យល់ថា «អ្នកបរិសុទ្ធ» ឬអ្នកដែលមានភក្ដីភាពនោះគឺជាលោកយេស៊ូ កាលដែលគាត់បាននិយាយថា៖ «[ដាវីឌ]បានឃើញទុកជាមុនក៏បាននិយាយអំពីការប្រោសគ្រិស្ដឲ្យរស់ឡើងវិញថា លោកមិនបានត្រូវទុកចោលក្នុងផ្នូរ ហើយសាច់របស់លោកក៏មិនបានខូចទៅដែរ»។—សកម្មភាព ២:២៣-២៧, ៣១

១២. តើអ្នកណាខ្លះបានឃើញលោកយេស៊ូក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ?

១២ សាក្សីជាច្រើននាក់បានឃើញលោកយេស៊ូក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ក្នុងអំឡុង៤០ថ្ងៃក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានលេចមកជួបអ្នកកាន់តាមលោកនៅសួនជិតផ្នូររបស់លោក នៅតាមផ្លូវទៅភូមិអេម៉ាស និងនៅកន្លែងទៀត។ (លូកា ២៤:១៣-១៥) លោកបាននិយាយជាមួយបុគ្គលផ្សេងៗរួមទាំងពេត្រុស និងជាមួយក្រុមមនុស្ស។ នៅពេលមួយ លោកយេស៊ូថែមទាំងបានលេចមកជួបមនុស្សមួយក្រុមដែលមានចំនួនជាង៥០០នាក់ទៀតផង។ សាក្សីជាច្រើននាក់បានឃើញលោកយេស៊ូក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ នេះជាហេតុការណ៍ពិតដែលយើងមិនអាចបដិសេធបានទេ។

១៣. តើចិត្ដខ្នះខ្នែងរបស់អ្នកកាន់តាមលោកយេស៊ូបានបង្ហាញយ៉ាងណាថាពួកគេជឿជាក់ថាលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ?

១៣ អ្នកកាន់តាមបានផ្សព្វផ្សាយយ៉ាងខ្នះខ្នែងអំពីការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ។ ពួកគេបានទទួលការបៀតបៀន បានរងទុក្ខវេទនា ហើយពួកគេខ្លះបានត្រូវគេសម្លាប់ដោយសារកិច្ចផ្សព្វផ្សាយ។ សូមពិចារណាថា បើលោកយេស៊ូមិនបានត្រូវប្រោសឲ្យមានជីវិតរស់ឡើងវិញទេ តើពេត្រុសនឹងប្រថុយជីវិតដើម្បីផ្សព្វផ្សាយអំពីការប្រោសគ្រិស្ដឲ្យរស់ឡើងវិញដល់មនុស្សដែលស្អប់លោកយេស៊ូនិងជាអ្នកដែលធ្វើផែនការសម្លាប់លោកទេ? ពេត្រុសនិងពួកសាវ័កទៀតបានជឿជាក់ថាលោកយេស៊ូមានជីវិតរស់នៅ ហើយកំពុងមើលការខុសត្រូវលើកិច្ចផ្សព្វផ្សាយ។ ម្យ៉ាងទៀត ការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញបានផ្ដល់ឲ្យអ្នកកាន់តាមលោកនូវសេចក្ដីសង្ឃឹមដ៏រឹងមាំថាពួកគេក៏នឹងត្រូវប្រោសឲ្យរស់ឡើងវិញដែរ។ ជាឧទាហរណ៍ ស្ទេផានបានស្លាប់ដោយមានការជឿជាក់ថាគាត់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។—សកម្មភាព ៧:៥៥-៦០

១៤. ហេតុអ្វីអ្នកជឿថាលោកយេស៊ូមានជីវិតរស់នៅ?

១៤ យើងមានទីសំអាងថាឥឡូវនេះលោកយេស៊ូកំពុងគ្រប់គ្រងជាស្ដេចនិងជាប្រមុខនៃក្រុមជំនុំគ្រិស្ដសាសនិកពិត។ គ្រិស្ដសាសនាពិតបន្ដរីកចម្រើន។ តើនេះនឹងកើតឡើងទេ បើលោកយេស៊ូមិនបានត្រូវប្រោសឲ្យមានជីវិតឡើងវិញ? តាមពិត យើងប្រហែលជាមិនបានអំពីលោកយេស៊ូទេ បើលោកមិនបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ប៉ុន្ដែ យើងមានមូលហេតុរឹងមាំដើម្បីជឿថាលោកយេស៊ូមានជីវិតរស់នៅ ហើយកំពុងមើលការខុសត្រូវលើកិច្ចផ្សព្វផ្សាយនៅទូទាំងពិភពលោក។

តើការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញមានអត្ថន័យយ៉ាងណាចំពោះយើង?

១៥. ហេតុអ្វីការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញផ្ដល់ឲ្យយើងនូវចិត្ដក្លាហានដើម្បីផ្សព្វផ្សាយ?

១៥ ការប្រោសគ្រិស្ដឲ្យរស់ឡើងវិញផ្ដល់ឲ្យយើងនូវចិត្ដក្លាហានដើម្បីផ្សព្វផ្សាយ។ តាំងពីសម័យលោកយេស៊ូ សត្រូវរបស់ព្រះបានព្យាយាមធ្វើអំពើអាក្រក់ជាច្រើនដើម្បីបញ្ឈប់កិច្ចផ្សព្វផ្សាយ ដោយប្រើការក្បត់ជំនឿ ការសើចចំអក អំពើហិង្សា ការដាក់បម្រាម ទារុណកម្ម និងការប្រហារជីវិត។ ប៉ុន្ដែ គម្ពីរបានប្រកាសទុកជាមុនថា៖ «ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើឡើង នោះគ្មានណាមួយនឹងអាចទាស់នឹងឯងបានឡើយ»។ (អេសាយ ៥៤:១៧) យើងមិនខ្លាចពួកអ្នកដែលសាថានប្រើឡើយ។ លោកយេស៊ូកំពុងជួយយើង ដូចលោកបានសន្យា។ (ម៉ាថាយ ២៨:២០) យើងអាចមានទំនុកចិត្ដ ពីព្រោះទោះជាសត្រូវធ្វើអ្វីក៏ដោយ ពួកគេមិនអាចបញ្ឈប់យើងបានទេ!

ការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញផ្ដល់ឲ្យយើងនូវចិត្ដក្លាហានដើម្បីផ្សព្វផ្សាយ (សូមមើលវគ្គ១៥)

១៦, ១៧. (ក) តើតាមរបៀបណាការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញបញ្ជាក់ថាអ្វីៗទាំងអស់ដែលលោកបានបង្រៀនគឺជាសេចក្ដីពិត? (ខ) យោងទៅតាមយ៉ូហាន ១១:២៥ តើព្រះបានផ្ដល់ឲ្យលោកយេស៊ូនូវឫទ្ធានុភាពដើម្បីធ្វើអ្វី?

១៦ ការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញបញ្ជាក់ថាអ្វីៗទាំងអស់ដែលលោកបានបង្រៀនគឺជាសេចក្ដីពិត។ បណ្ឌិតខាងគម្ពីរម្នាក់បានសរសេរថា បើគ្រិស្ដមិនបានត្រូវប្រោសឲ្យរស់ឡើងវិញទេ នោះគ្រិស្ដសាសនិកគឺជាមនុស្សល្ងង់ខ្លៅដែលជឿការភូតភរសុទ្ធសាធ។ ប៉ូលបានសរសេរថា បើលោកយេស៊ូមិនបានត្រូវប្រោសឲ្យរស់ឡើងវិញទេ កិច្ចផ្សព្វផ្សាយនិងជំនឿរបស់គ្រិស្ដសាសនិកគឺអសារឥតការ ហើយសៀវភៅដំណឹងល្អទាំងបួននឹងគ្រាន់តែជារឿងដ៏កម្សត់មួយអំពីបុរសល្អម្នាក់ដែលមានគំនិតឈ្លាសវៃ ដែលបានត្រូវសម្លាប់ដោយសត្រូវ។ ប៉ុន្ដែលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញមែន នេះបញ្ជាក់ថាអ្វីៗទាំងអស់ដែលលោកបានបង្រៀនគឺជាសេចក្ដីពិត។—សូមអាន កូរិនថូសទី១ ១៥:១៤, ១៥, ២០

១៧ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ការរស់ឡើងវិញនិងជីវិតគឺដោយសារខ្ញុំ។ អ្នកណាដែលបង្ហាញជំនឿលើខ្ញុំ ទោះជាអ្នកនោះស្លាប់ទៅក៏ដោយ ក៏នឹងរស់ឡើងវិញ»។ (យ៉ូហាន ១១:២៥) សេចក្ដីសន្យានេះរបស់លោកយេស៊ូនឹងបានសម្រេចជាមិនខាន។ ព្រះយេហូវ៉ាបានផ្ដល់ឲ្យលោកយេស៊ូនូវឫទ្ធានុភាពដើម្បីប្រោសឲ្យរស់ឡើងវិញនូវពួកអ្នកដែលនឹងគ្រប់គ្រងនៅស្ថានសួគ៌និងមនុស្សរាប់ពាន់លាននាក់ដែលនឹងរស់នៅផែនដី។ គ្រឿងបូជារបស់លោកយេស៊ូនិងការប្រោសលោកឲ្យរស់ឡើងវិញ ធានាថានឹងលែងមានសេចក្ដីស្លាប់ទៀត។ ដូច្នេះ យើងអាចមានកម្លាំងដើម្បីស៊ូទ្រាំនឹងទុក្ខលំបាកណាក៏ដោយ ហើយថែមទាំងប្រឈមមុខនឹងសេចក្ដីស្លាប់ដោយចិត្ដក្លាហានទៀតផង!

១៨. តើការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ ធានាអំពីអ្វី?

១៨ ការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញផ្ដល់ឲ្យយើងនូវទំនុកចិត្ដថាមនុស្សនឹងត្រូវវិនិច្ឆ័យស្របតាមខ្នាតតម្រាដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។ ប៉ូលបានប្រាប់បុរសស្ដ្រីមួយក្រុមនៅក្រុងអាថែនថា ព្រះនឹង«វិនិច្ឆ័យពិភពលោកដោយសេចក្ដីសុចរិត តាមរយៈបុរសម្នាក់ដែលលោកបានតែងតាំង» ហើយថា«លោកបានផ្ដល់ការធានាដល់មនុស្សគ្រប់រូប ដោយប្រោសបុរសនោះឲ្យរស់ពីស្លាប់ឡើងវិញ»។ (សកម្មភាព ១៧:៣១) ព្រះបានតែងតាំងលោកយេស៊ូឲ្យធ្វើជាអ្នកវិនិច្ឆ័យយើង ហើយយើងអាចប្រាកដថាលោកនឹងវិនិច្ឆ័យដោយសេចក្ដីស្រឡាញ់និងមិនលម្អៀង។—សូមអាន អេសាយ ១១:២-

យើងឲ្យតម្លៃចំពោះសេចក្ដីសង្ឃឹមអំពីការប្រោសឲ្យរស់ឡើងវិញ ហើយយើងចង់ស្ដាប់បង្គាប់ព្រះយេហូវ៉ាជានិច្ច

១៩. តើជំនឿលើការប្រោសគ្រិស្ដឲ្យរស់ឡើងវិញមានឥទ្ធិពលយ៉ាងណាមកលើយើង?

១៩ យើងចង់ធ្វើតាមបំណងប្រាថ្នារបស់ព្រះ ពីព្រោះយើងមានជំនឿថាលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ។ បើលោកយេស៊ូមិនបានលះបង់ជីវិតរបស់លោក ហើយមិនបានទទួលការប្រោសឲ្យរស់ឡើងវិញទេ យើងនឹងស្ថិតនៅក្រោមអំណាចនៃភាពខុសឆ្គងនិងសេចក្ដីស្លាប់ជារៀងរហូត។ (រ៉ូម ៥:១២; ៦:២៣) យើងនឹងគ្មានសេចក្ដីសង្ឃឹម ហើយចាប់ផ្ដើមមានគំនិតថា «ចូរឲ្យយើងស៊ីផឹកទៅ ព្រោះស្អែកយើងត្រូវស្លាប់»។ (កូរិនថូសទី១ ១៥:៣២) ប៉ុន្ដែ យើងមិនផ្ចង់ចិត្ដទៅលើការសប្បាយក្នុងជីវិតទេ។ ផ្ទុយទៅវិញ យើងឲ្យតម្លៃចំពោះសេចក្ដីសង្ឃឹមអំពីការប្រោសឲ្យរស់ឡើងវិញ ហើយយើងចង់ស្ដាប់បង្គាប់ព្រះយេហូវ៉ាជានិច្ច។

២០. តើតាមរបៀបណាការប្រោសលោកយេស៊ូឲ្យមានជីវិតឡើងវិញជាភ័ស្ដុតាងដែលបញ្ជាក់អំពីភាពឧត្ដុង្គឧត្ដមរបស់ព្រះ?

២០ ការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញជាភ័ស្ដុតាងដែលបញ្ជាក់អំពីភាពឧត្ដុង្គឧត្ដមរបស់ព្រះយេហូវ៉ា ជាអ្នកដែល«ឲ្យរង្វាន់ដល់អ្នកដែលខំស្វែងរកលោកអស់ពីចិត្ដ»។ (ហេប្រឺ ១១:៦) ព្រះយេហូវ៉ាបានប្រើឫទ្ធានុភាពខ្លាំងក្លានិងប្រាជ្ញារបស់លោកដើម្បីប្រោសលោកយេស៊ូឲ្យរស់ឡើងវិញដោយមានជីវិតអមតៈនៅស្ថានសួគ៌។ ព្រះក៏បានបង្ហាញដែរថាលោកមានសមត្ថភាពធ្វើឲ្យសេចក្ដីសន្យារបស់លោកបានសម្រេច។ ព្រះយេហូវ៉ាបានសន្យាថា«ពូជ»ពិសេសមួយនឹងដោះស្រាយបញ្ហាអំពីអ្នកណាមានសិទ្ធិគ្រប់គ្រងសកលលោក។ ដើម្បីឲ្យសេចក្ដីសន្យានេះបានសម្រេច លោកយេស៊ូដែលជា«ពូជ»នោះត្រូវស្លាប់ ហើយត្រូវទទួលការប្រោសឲ្យរស់ឡើងវិញ។—លោកុប្បត្ដិ ៣:១៥

២១. តើសេចក្ដីសង្ឃឹមអំពីការប្រោសឲ្យរស់ឡើងវិញមានអត្ថន័យយ៉ាងណាចំពោះអ្នក?

២១ យើងដឹងគុណព្រះយេហូវ៉ាយ៉ាងខ្លាំងចំពោះសេចក្ដីសង្ឃឹមអំពីការប្រោសឲ្យរស់ឡើងវិញ។ គម្ពីរសន្យាថា៖ «មើល! ត្រសាលរបស់ព្រះនៅជាមួយនឹងមនុស្សជាតិ ហើយលោកនឹងអាស្រ័យនៅជាមួយនឹងពួកគេ ឯពួកគេនឹងធ្វើជារាស្ដ្ររបស់លោក។ ហើយព្រះនឹងនៅជាមួយនឹងពួកគេដោយខ្លួនលោកផ្ទាល់។ លោកនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ក៏នឹងលែងមានទៀតដែរ។ អ្វីៗដែលធ្លាប់កើតឡើងពីមុន នោះបានកន្លងបាត់អស់ហើយ»។ សាវ័កយ៉ូហានបានទទួលសេចក្ដីសន្យានោះ ហើយបានទទួលបង្គាប់ថា៖ «ចូរសរសេរ ពីព្រោះពាក្យទាំងនេះគួរឲ្យទុកចិត្ដ ហើយក៏ពិតត្រង់»។ តើយ៉ូហានបានទទួលការបើកបង្ហាញនេះពីអ្នកណា? គឺមកពីលោកយេស៊ូគ្រិស្ដដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ!—ការបើកបង្ហាញ ១:១; ២១:៣-