លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មូលហេតុដែលយើងត្រូវតែបរិសុទ្ធ

មូលហេតុដែលយើងត្រូវតែបរិសុទ្ធ

«ចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធចុះ»។—លេវីវិន័យ ១១:៤៥

. តើសៀវភៅលេវីវិន័យអាចជួយយើងយ៉ាងណា?

ព្រះយេហូវ៉ាតម្រូវឲ្យអ្នកបម្រើទាំងអស់របស់លោក បរិសុទ្ធ។ ទោះជាគម្ពីរទាំងមូលបានលើកឡើងច្រើនដងអំពីសេចក្ដីបរិសុទ្ធក៏ដោយ គុណសម្បត្ដិនេះបានត្រូវលើកឡើងច្រើនជាងគេនៅក្នុងសៀវភៅលេវីវិន័យ។ ការយល់ដឹងនិងការយល់តម្លៃនៃសៀវភៅនេះ នឹងជួយយើងឲ្យដឹងអំពីរបៀបដែលយើងអាចបរិសុទ្ធ។

. តើយើងអាចរកឃើញអ្វីនៅក្នុងសៀវភៅលេវីវិន័យ?

សៀវភៅលេវីវិន័យដែលម៉ូសេបានសរសេរ គឺជាផ្នែកនៃ«គ្រប់ទាំងបទគម្ពីរ»ដែល«មានប្រយោជន៍សម្រាប់បង្រៀន»។ (ធីម៉ូថេទី២ ៣:១៦) ជំពូកនីមួយៗនៃសៀវភៅនេះបានចែងអំពីនាមព្រះយេហូវ៉ាប្រហែលជា១០ដង។ ការយល់ដឹងអំពីសៀវភៅលេវីវិន័យនឹងពង្រឹងយើងឲ្យជៀសវាងការធ្វើអ្វីក៏ដោយដែលនឹងបង្អាប់នាមរបស់ព្រះ។ (លេវីវិន័យ ២២:៣២) ឃ្លាដែលថា«អញនេះ គឺព្រះយេហូវ៉ា» ដែលមានជាច្រើនដងនៅក្នុងសៀវភៅនេះ គួរតែរំលឹកយើងឲ្យស្ដាប់បង្គាប់ព្រះ។ នៅក្នុងអត្ថបទនេះនិងនៅអត្ថបទបន្ទាប់ យើងនឹងរកឃើញព័ត៌មានដ៏មានតម្លៃដែលប្រៀបដូចជាទ្រព្យវិសេសនៅក្នុងសៀវភៅលេវីវិន័យ ដែលនឹងជួយយើងឲ្យធ្វើជាមនុស្សបរិសុទ្ធក្នុងការគោរពប្រណិប័តន៍ព្រះ។

សេចក្ដីបរិសុទ្ធគឺសំខាន់ចាំបាច់

៣, ៤. តើការសម្អាតអេរ៉ុននិងកូនប្រុសៗរបស់គាត់ជាតំណាងអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)។

សូមអាន លេវីវិន័យ ៨:៥, ៦ព្រះយេហូវ៉ាបានតែងតាំងអេរ៉ុនជាសម្ដេចសង្ឃនៃអ៊ីស្រាអែល និងកូនប្រុសៗរបស់គាត់ជាសង្ឃសម្រាប់ប្រជាជាតិនោះ។ អេរ៉ុនជាតំណាងលោកយេស៊ូ ហើយកូនប្រុសៗរបស់អេរ៉ុនជាតំណាងគ្រិស្ដសាសនិកដែលបានត្រូវរើសតាំង។ តើការសម្អាតអេរ៉ុនមានអត្ថន័យយ៉ាងណា? តើនេះមានន័យថាលោកយេស៊ូត្រូវឲ្យគេសម្អាតលោកឬ? មិនមែនទេ លោកយេស៊ូគ្មានភាពខុសឆ្គង ហើយ«ឥតខ្ចោះ»។ (ហេប្រឺ ៧:២៦; ៩:១៤) ប៉ុន្ដែ ក្រោយពីអេរ៉ុនបានត្រូវសម្អាត គាត់ជាតំណាងលោកយេស៊ូដែលស្អាត ហើយសុចរិត។ ដូច្នេះ តើការសម្អាតកូនប្រុសៗរបស់អេរ៉ុនជាតំណាងអ្វី?

ការសម្អាតកូនប្រុសៗរបស់អេរ៉ុនជាតំណាងការសម្អាតពួកអ្នកដែលបានត្រូវជ្រើសរើសឲ្យធ្វើជាសង្ឃនៅស្ថានសួគ៌។ តើការសម្អាតនេះជាប់ទាក់ទងនឹងការជ្រមុជទឹករបស់ពួកគាត់ទេ? មិនមែនទេ ពីព្រោះការជ្រមុជទឹកមិនលាងសម្អាតអំពើខុសឆ្គងឡើយ។ ផ្ទុយទៅវិញ ការជ្រមុជទឹកជាតំណាងការប្រគល់ខ្លួនរបស់បុគ្គលម្នាក់ជូនព្រះ។ ពួកអ្នកដែលបានត្រូវរើសតាំងបានត្រូវសម្អាតដោយ«បណ្ដាំរបស់ព្រះ» ដូច្នេះ ពួកគាត់ត្រូវអនុវត្ដសេចក្ដីបង្រៀនរបស់គ្រិស្ដឲ្យបានពេញលេញនៅក្នុងជីវិតរបស់ពួកគាត់។ (អេភេសូរ ៥:២៥-២៧) តាមរបៀបនេះ ពួកគាត់បានស្អាតនិងបរិសុទ្ធ។ ប៉ុន្ដែ ចុះយ៉ាងណាចំពោះ«ចៀមទៀត»?—យ៉ូហាន ១០:១៦

ព្រះយេហូវ៉ាពេញចិត្ដ ពេលលោកឃើញថារាស្ដ្រទាំងអស់របស់លោកស្អាតស្អំ ហើយមានសាមគ្គីភាព

. ហេតុអ្វីយើងអាចនិយាយថាចៀមទៀតបានត្រូវសម្អាតដោយបណ្ដាំរបស់ព្រះ?

កូនប្រុសៗរបស់អេរ៉ុនមិនមែនជាតំណាង«មនុស្សមួយក្រុមធំ»នៃចៀមទៀតរបស់លោកយេស៊ូទេ។ (ការបើកបង្ហាញ ៧:៩) ប៉ុន្ដែ តាមរយៈបណ្ដាំរបស់ព្រះ ចៀមទៀតក៏ទៅជាស្អាតនិងបរិសុទ្ធដែរ។ ពេលពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីបង្ហាញជំនឿទៅលើអ្វីដែលគម្ពីរចែងអំពីអំណាចនៃគ្រឿងបូជារបស់លោកយេស៊ូ នេះបានជំរុញចិត្ដពួកគេឲ្យគោរពប្រណិប័តន៍ព្រះយេហូវ៉ា«ទាំងយប់ទាំងថ្ងៃ»។ (ការបើកបង្ហាញ ៧:១៣-១៥) ការសម្អាតពួកអ្នកដែលបានត្រូវរើសតាំង និងចៀមទៀត គឺចេះតែបន្ដ។ ជាលទ្ធផល ការប្រព្រឹត្ដរបស់ពួកគាត់នៅតែស្អាតស្អំគ្រប់ពេលវេលា។ (ពេត្រុសទី១ ២:១២) ព្រះយេហូវ៉ាពេញចិត្ដ ពេលលោកឃើញថារាស្ដ្រទាំងអស់របស់លោកស្អាតស្អំ ហើយមានសាមគ្គីភាពកាលដែលពួកគេស្ដាប់បង្គាប់ ហើយដើរតាមគង្វាលរបស់ពួកគេយ៉ាងស្មោះត្រង់ ពោលគឺលោកយេស៊ូ!

. ហេតុអ្វីយើងត្រូវពិនិត្យពិចារណាអំពីខ្លួនយើងជាទៀងទាត់?

ដោយហេតុថាពួកសង្ឃនៅអ៊ីស្រាអែលត្រូវតែស្អាតបាតខាងរូបកាយ តើនេះមានន័យយ៉ាងណាចំពោះយើងនៅសព្វថ្ងៃនេះ? មនុស្សជាច្រើនដែលយើងសិក្សាគម្ពីរជាមួយកត់សម្គាល់ថា យើងជាមនុស្សដែលមានសណ្ដាប់ធ្នាប់និងស្អាតបាត ហើយថាយើងក៏រក្សាកន្លែងដែលយើងគោរពប្រណិប័តន៍ឲ្យស្អាតបាតដែរ។ ម្យ៉ាងទៀត ពួកអ្នកដែលចង់គោរពប្រណិប័តន៍ព្រះយេហូវ៉ាត្រូវមាន«ចិត្ដបរិសុទ្ធ»។ (សូមអាន ទំនុកតម្កើង ២៤:៣, ៤; អេសាយ ២:២, ៣) ហេតុនេះ យើងត្រូវបម្រើព្រះយេហូវ៉ាដោយមានចិត្ដគំនិតស្អាតស្អំ ព្រមទាំងមានរូបកាយស្អាតបាត។ យើងត្រូវពិនិត្យពិចារណាអំពីខ្លួនយើងជាទៀងទាត់។ ជួនកាលយើងប្រហែលជាយល់ឃើញថា យើងត្រូវធ្វើការកែប្រែយ៉ាងធំដើម្បីធ្វើជាមនុស្សបរិសុទ្ធ។ (កូរិនថូសទី២ ១៣:៥) ជាឧទាហរណ៍ បុគ្គលម្នាក់ដែលបានទទួលការជ្រមុជទឹក ដែលមើលរូបអាសអាភាសគួរតែដណ្ដឹងសួរខ្លួនថា ‹តើខ្ញុំកំពុងបង្ហាញថាខ្ញុំជាមនុស្សបរិសុទ្ធទេ?›។ បន្ទាប់មក គាត់គួរតែសុំជំនួយដើម្បីផ្ដាច់ទម្លាប់អាក្រក់នេះ។—យ៉ាកុប ៥:១៤

ចូរបង្ហាញថាអ្នកជាមនុស្សបរិសុទ្ធដោយចេះស្ដាប់បង្គាប់

. តើលោកយេស៊ូបានទុកគំរូអ្វីដែលស្រដៀងគ្នានឹងពួកសង្ឃដែលបានរៀបរាប់នៅលេវីវិន័យ ៨:២២-២៤?

ពេលដែលតំណែងជាសង្ឃនៃអ៊ីស្រាអែលបានត្រូវរៀបចំឡើង ឈាមចៀមឈ្មោលបានត្រូវយកទៅលាបនៅត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់សម្ដេចសង្ឃអេរ៉ុននិងកូនប្រុសៗរបស់គាត់។ (សូមអាន លេវីវិន័យ ៨:២២-២៤) របៀបដែលឈាមបានត្រូវប្រើបញ្ជាក់ថា ពួកសង្ឃនឹងបំពេញភារកិច្ចរបស់ខ្លួនដោយធ្វើតាមបង្គាប់របស់ព្រះ។ ស្រដៀងគ្នាដែរ ក្នុងនាមជាសម្ដេចសង្ឃ លោកយេស៊ូបានទុកគំរូដ៏ល្អឥតខ្ចោះសម្រាប់ពួកអ្នកដែលបានត្រូវរើសតាំងនិងចៀមទៀត។ លោកបានស្ដាប់ការណែនាំរបស់ព្រះយេហូវ៉ា បានធ្វើតាមបំណងប្រាថ្នារបស់ព្រះ ហើយមានរបៀបរស់នៅដ៏បរិសុទ្ធ។—យ៉ូហាន ៤:៣១-៣៤

. តើយើងទាំងអស់គ្នាត្រូវធ្វើអ្វីខ្លះ?

ក្នុងនាមជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា យើងទាំងអស់គ្នាត្រូវធ្វើតាមគំរូរបស់លោកយេស៊ូដែលបានរក្សាចិត្ដស្មោះគ្រប់លក្ខណៈចំពោះព្រះ។ យើងត្រូវតែធ្វើតាមការណែនាំរបស់ព្រះនៅក្នុងគម្ពីរឲ្យបានដិតដល់ ហើយតាមរបៀបនេះយើងជៀសវាងមិន‹ធ្វើឲ្យសកម្មពលបរិសុទ្ធរបស់ព្រះកើតទុក្ខ›ឡើយ។ (អេភេសូរ ៤:៣០) ចូរតាំងចិត្ដធ្វើ«ផ្លូវត្រង់សម្រាប់ជើងអ្នក»។—ហេប្រឺ ១២:១៣

យើងត្រូវតែធ្វើតាមការណែនាំរបស់ព្រះនៅក្នុងគម្ពីរឲ្យបានដិតដល់ ហើយតាមរបៀបនេះយើងជៀសវាងមិន‹ធ្វើឲ្យសកម្មពលបរិសុទ្ធរបស់ព្រះកើតទុក្ខ›ឡើយ

. តើបងប្រុសបីនាក់ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងសមាជិកគណៈអភិបាលបាននិយាយអ្វី ហើយតើពាក្យសម្ដីរបស់ពួកគាត់អាចជួយអ្នកយ៉ាងណាដើម្បីធ្វើជាមនុស្សបរិសុទ្ធ?

ចូរយើងពិចារណាពាក្យសម្ដីរបស់បងប្រុសបីនាក់ដែលបានធ្វើការយ៉ាងជិតស្និទ្ធអស់ជាច្រើនឆ្នាំជាមួយនឹងសមាជិកគណៈអភិបាល។ បងប្រុសម្នាក់បាននិយាយថា៖ «ទោះជានេះពិតជាឯកសិទ្ធិដ៏ពិសេសខាងកិច្ចបម្រើក៏ដោយ ការសេពគប់យ៉ាងជិតស្និទ្ធនោះជួនកាលបានបង្ហាញឲ្យឃើញថា ថ្វីបើបងប្រុសទាំងនោះបានត្រូវរើសតាំងតាមរយៈសកម្មពលបរិសុទ្ធក្ដី ក៏ពួកគាត់ជាមនុស្សមិនល្អឥតខ្ចោះ។ ប៉ុន្ដែ អស់ជាច្រើនឆ្នាំគោលដៅមួយរបស់ខ្ញុំ គឺស្ដាប់បង្គាប់ពួកអ្នកដែលនាំមុខ»។ បងប្រុសទី២បាននិយាយថា៖ «បទគម្ពីរដូចកូរិនថូសទី២ ១០:៥ ស្ដីអំពី‹ការស្ដាប់បង្គាប់គ្រិស្ដ›បានជួយខ្ញុំឲ្យចេះស្ដាប់បង្គាប់ និងសហការជាមួយនឹងពួកអ្នកដែលនាំមុខ។ នេះជាការស្ដាប់បង្គាប់ដែលចេញពីចិត្ដ»។ បងប្រុសទី៣បាននិយាយថា៖ «ស្រឡាញ់អ្វីដែលព្រះយេហូវ៉ាស្រឡាញ់និងស្អប់អ្វីដែលលោកស្អប់ ព្រមទាំងស្វែងរកជានិច្ចនូវការណែនាំរបស់លោកនិងធ្វើអ្វីដែលលោកពេញចិត្ដ មានន័យថាយើងស្ដាប់បង្គាប់អង្គការរបស់លោកនិងពួកអ្នកដែលលោកកំពុងប្រើដើម្បីធ្វើឲ្យគោលបំណងរបស់លោកសម្រាប់ផែនដីជឿនទៅមុខ»។ បងប្រុសនេះនឹកចាំអំពីគំរូរបស់បងប្រុសណេថិន ន័រ។ បងន័រដែលបានទៅជាសមាជិកគណៈអភិបាល បានជឿអ្វីដែលអត្ថបទដែលមានចំណងជើងថា «កំណើតនៃប្រជាជាតិ»ក្នុងទស្សនាវដ្ដីប៉មយាម ឆ្នាំ១៩២៥បានសរសេរ ទោះជាមានបងប្អូនខ្លះទៀតសង្ស័យការពន្យល់នៃអត្ថបទនេះក៏ដោយ។ ការស្ដាប់បង្គាប់បែបនេះពិតជាធ្វើឲ្យបងប្រុសនោះកោតស្ងើចមែន។ ការរំពឹងគិតអំពីពាក្យសម្ដីរបស់បងប្រុសទាំងបីនាក់នេះអាចជួយអ្នកឲ្យស្ដាប់បង្គាប់ព្រះនិងរក្សាខ្លួនជាមនុស្សបរិសុទ្ធ។

ការធ្វើតាមច្បាប់របស់ព្រះទាំងស្រុងស្ដីអំពីឈាម

១០. តើការដែលយើងធ្វើតាមច្បាប់របស់ព្រះស្ដីអំពីឈាម គឺសំខាន់យ៉ាងណា?

១០ សូមអាន លេវីវិន័យ ១៧:១០ព្រះយេហូវ៉ាបានបង្គាប់ជនជាតិអ៊ីស្រាអែលមិនឲ្យបរិភោគ«ឈាមអ្វីក៏ដោយ»។ គ្រិស្ដសាសនិកក៏បានទទួលបង្គាប់ឲ្យជៀសវាងពីឈាមមនុស្សនិងឈាមសត្វដែរ។ (សកម្មភាព ១៥:២៨, ២៩) យើងឈឺចិត្ដពេលយើងស្រមៃគិតថាយើងធ្វើអ្វីដែលបណ្ដាលឲ្យព្រះបដិសេធយើង ហើយដកយើងចេញពីក្រុមជំនុំរបស់លោក។ យើងស្រឡាញ់ព្រះយេហូវ៉ា ហើយចង់ស្ដាប់បង្គាប់លោក។ សូម្បីតែជីវិតរបស់យើងស្ថិតនៅក្នុងស្ថានភាពដែលនាំឲ្យមានគ្រោះថ្នាក់ក៏ដោយ យើងនឹងមិនធ្វើតាមពួកអ្នកដែលមិនស្គាល់ព្រះយេហូវ៉ា ឬមិនខ្វល់អំពីលោក ដែលទាមទារឲ្យយើងមិនស្ដាប់បង្គាប់លោកឡើយ។ យើងដឹងថាអ្នកខ្លះនឹងចំអកឲ្យយើងដោយសារយើងមិនព្រមចាក់បញ្ចូលឈាម ប៉ុន្ដែយើងសម្រេចចិត្ដស្ដាប់បង្គាប់ព្រះ។ (យូដាស ១៧, ១៨) តើអ្វីនឹងជួយយើងឲ្យតាំងចិត្ដមិនបរិភោគឈាម ឬមិនព្រមចាក់បញ្ចូលឈាម?—ចោទិយកថា ១២:២៣

យើងស្រឡាញ់ព្រះយេហូវ៉ា ហើយចង់ស្ដាប់បង្គាប់លោក

១១. ហេតុអ្វីយើងអាចនិយាយថាថ្ងៃជម្រះការខុសឆ្គងមិនគ្រាន់តែជាទំនៀមទម្លាប់ខាងសាសនា?

១១ អ្វីដែលសម្ដេចសង្ឃនៃអ៊ីស្រាអែលបានធ្វើមួយឆ្នាំម្ដងនៅថ្ងៃជម្រះការខុសឆ្គងជួយយើងឲ្យយល់អំពីទស្សនៈរបស់ព្រះចំពោះឈាម។ ឈាមបានត្រូវប្រើដើម្បីតែគោលបំណងពិសេសប៉ុណ្ណោះ ពោលគឺដើម្បីទទួលការអភ័យទោសចំពោះការខុសឆ្គង ដើម្បីឲ្យជនជាតិអ៊ីស្រាអែលអាចមានទំនាក់ទំនងដ៏សុខសាន្ដជាមួយនឹងព្រះ។ ឈាមគោឈ្មោលនិងឈាមពពែបានត្រូវប្រោះនៅមុខគម្របហឹបនៃកិច្ចព្រមព្រៀង។ (លេវីវិន័យ ១៦:១៤, ១៥, ១៩) តាមរយៈឈាមនោះ ព្រះនឹងអភ័យទោសចំពោះការខុសឆ្គងរបស់ជនជាតិអ៊ីស្រាអែល។ ព្រះយេហូវ៉ាក៏បានមានប្រសាសន៍ដែរថា បើមនុស្សម្នាក់សម្លាប់សត្វសម្រាប់ធ្វើជាអាហារ គាត់ត្រូវតែសម្រក់ឈាមវាចោលនៅលើដី ហើយយកដីគ្រប ពីព្រោះ«ជីវិតនៃសត្វទាំងឡាយជាឈាមនោះឯង»។ (លេវីវិន័យ ១៧:១១-១៤) បង្គាប់ទាំងនេះមិនមែនជាទំនៀមទម្លាប់ខាងសាសនាដែលមិនសំខាន់ឡើយ។ រាប់រយឆ្នាំមុន ព្រះបានហាមណូអេនិងកូនចៅរបស់គាត់មិនឲ្យបរិភោគឈាម។ (លោកុប្បត្ដិ ៩:៣-) តើនេះមានអត្ថន័យយ៉ាងណាចំពោះគ្រិស្ដសាសនិក?

១២. តើប៉ូលបាននិយាយថាឈាមជាប់ទាក់ទងយ៉ាងណានឹងការទទួលការអភ័យទោស?

១២ សាវ័កប៉ូលបានពន្យល់ថាឈាមមានសមត្ថភាពសម្អាត ពេលគាត់បានសរសេរថា៖ «តាមច្បាប់ ស្ទើរតែគ្រប់របស់ទាំងអស់ត្រូវសម្អាតដោយឈាម ហើយបើគ្មានការច្រួចឈាមទេ នោះគ្មានការអភ័យទោសចំពោះការខុសឆ្គងឡើយ»។ (ហេប្រឺ ៩:២២) ប៉ុន្ដែ គ្រឿងបូជាជាសត្វមានប្រយោជន៍តែមួយរយៈពេលប៉ុណ្ណោះ។ ប៉ូលបាននិយាយថា គ្រឿងបូជាទាំងនេះបានរំលឹកជនជាតិអ៊ីស្រាអែលថាពួកគេជាមនុស្សដែលមានភាពខុសឆ្គង ហើយថាពួកគេត្រូវការគ្រឿងបូជាមួយដែលប្រសើរជាង ដើម្បីដកចេញទាំងស្រុងនូវការខុសឆ្គងរបស់ពួកគេ។ ច្បាប់គឺជា«ស្រមោលនៃពរដែលនឹងមកដល់ ប៉ុន្ដែមិនមែនជារូបពិតនោះទេ»។ (ហេប្រឺ ១០:១-) ដូច្នេះ ធ្វើដូចម្ដេចទើបអាចទទួលការអភ័យទោសចំពោះការខុសឆ្គង?

១៣. តើការដែលលោកយេស៊ូជូនតម្លៃនៃឈាមរបស់លោកទៅព្រះយេហូវ៉ាមានអត្ថន័យយ៉ាងណាចំពោះអ្នក?

១៣ សូមអាន អេភេសូរ ១:៧លោកយេស៊ូបានស្លាប់ជាគ្រឿងបូជាសម្រាប់មនុស្សទាំងអស់ ហើយនេះមានអត្ថន័យជ្រាលជ្រៅចំពោះពួកអ្នកដែលស្រឡាញ់លោកនិងបិតារបស់លោក។ (កាឡាទី ២:២០) ប៉ុន្ដែ គឺអ្វីដែលលោកយេស៊ូបានធ្វើក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញដែលសង្គ្រោះយើងពីភាពខុសឆ្គង ដូចបានបញ្ជាក់ដោយអ្វីដែលបានកើតឡើងនៅថ្ងៃជម្រះការខុសឆ្គង។ ពេលសម្ដេចសង្ឃចូលទៅក្នុងទីបរិសុទ្ធបំផុត គឺហាក់ដូចជាគាត់ចូលក្នុងកន្លែងដែលព្រះមានវត្ដមាន។ នៅទីនោះ សម្ដេចសង្ឃបានជូនឈាមសត្វទៅព្រះ។ (លេវីវិន័យ ១៦:១១-១៥) ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានទៅស្ថានសួគ៌ ហើយបានជូនតម្លៃនៃឈាមរបស់លោកទៅព្រះ។ (ហេប្រឺ ៩:៦, ៧, ១១-១៤, ២៤-២៨) យើងមានចិត្ដដឹងគុណដែលយើងអាចទទួលការអភ័យទោសចំពោះការខុសឆ្គង និងមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស ពីព្រោះយើងមានជំនឿលើឈាមរបស់លោកយេស៊ូដែលបានត្រូវផ្ដល់ឲ្យជាគ្រឿងបូជា!

១៤, ១៥. ហេតុអ្វីការយល់និងការធ្វើតាមច្បាប់របស់ព្រះយេហូវ៉ាស្ដីអំពីឈាម គឺសំខាន់?

១៤ ប្រហែលជាឥឡូវនេះអ្នកយល់ច្បាស់ជាងអំពីមូលហេតុដែលព្រះយេហូវ៉ាបង្គាប់យើងមិនឲ្យបរិភោគ«ឈាមអ្វីក៏ដោយ»។ (លេវីវិន័យ ១៧:១០) តើអ្នកយល់អំពីមូលហេតុដែលឈាមគឺពិសិដ្ឋដល់ម៉្លេះចំពោះព្រះទេ? ឈាមជាតំណាងជីវិត។ (លោកុប្បត្ដិ ៩:៤) អ្នកច្បាស់ជាយល់ស្របថាយើងគួរមានទស្សនៈដូចព្រះចំពោះឈាម ហើយយើងគួរធ្វើតាមបង្គាប់របស់លោកដែលឲ្យយើងជៀសវាងពីឈាម។ របៀបតែមួយគត់ដែលយើងអាចមានសេចក្ដីសុខសាន្ដជាមួយនឹងព្រះ គឺដោយមានជំនឿលើគ្រឿងបូជាលោះរបស់លោកយេស៊ូ និងដោយយល់ថាឈាមគឺមានតម្លៃខ្លាំងណាស់ចំពោះព្រះដែលជាអ្នកបង្កើតយើង។—កូឡុស ១:១៩, ២០

តើអ្នកតាំងចិត្ដធ្វើតាមច្បាប់របស់ព្រះយេហូវ៉ាស្ដីអំពីឈាមទេ? (សូមមើលវគ្គ១៤, ១៥)

១៥ ដោយមិនបានរំពឹងទុក យើងម្នាក់ៗប្រហែលជាត្រូវសម្រេចចិត្ដថាទទួលយក ឬមិនទទួលយកការចាក់បញ្ចូលឈាម ធាតុផ្សេងៗដែលចម្រាញ់ចេញពីសមាសធាតុសំខាន់ៗនៃឈាម ឬវិធីព្យាបាលដែលទាក់ទងនឹងការប្រើឈាម។ ហេតុនេះ គឺជាការសំខាន់ដែលអ្នកអធិដ្ឋានទៅព្រះយេហូវ៉ា ធ្វើការស្រាវជ្រាវ ហើយធ្វើការសម្រេចចិត្ដដ៏ម៉ឺងម៉ាត់មុនហេតុការណ៍អាសន្នកើតឡើង។ ធ្វើដូច្នេះ អ្នកនឹងមានទំនុកចិត្ដដើម្បីជៀសវាងពីឈាម។ យើងមិនចង់ធ្វើឲ្យព្រះយេហូវ៉ាមិនសប្បាយចិត្ដ ដោយទទួលយកអ្វីដែលលោកផ្ដន្ទាទោសឡើយ! សព្វថ្ងៃនេះ គ្រូពេទ្យជាច្រើននាក់និងអ្នកទៀតលើកទឹកចិត្ដយើងឲ្យផ្ដល់ឈាមរបស់យើងដើម្បីអាចសង្គ្រោះជីវិត។ ប៉ុន្ដែ ក្នុងនាមជារាស្ដ្រដ៏បរិសុទ្ធរបស់ព្រះ យើងដឹងថាព្រះយេហូវ៉ាមានសិទ្ធិប្រាប់អំពីរបៀបដែលគួរប្រើឈាម។ ចំពោះលោក «ឈាមអ្វីក៏ដោយ»គឺពិសិដ្ឋ។ ដូច្នេះ យើងត្រូវតាំងចិត្ដធ្វើតាមច្បាប់របស់លោកស្ដីអំពីឈាម។ យើងក៏អាចបង្ហាញលោកតាមរយៈការប្រព្រឹត្ដដ៏បរិសុទ្ធរបស់យើងថា យើងឲ្យតម្លៃចំពោះឈាមរបស់លោកយេស៊ូដែលបានត្រូវផ្ដល់ឲ្យជាគ្រឿងបូជា។ មានតែឈាមរបស់លោកប៉ុណ្ណោះដែលផ្ដល់លទ្ធភាពឲ្យទទួលការអភ័យទោសចំពោះការខុសឆ្គង និងឲ្យមានជីវិតដែលគ្មានទីបញ្ចប់។—យ៉ូហាន ៣:១៦

យើងត្រូវតាំងចិត្ដធ្វើតាមច្បាប់របស់ព្រះស្ដីអំពីឈាម

មូលហេតុដែលព្រះយេហូវ៉ាតម្រូវឲ្យយើងបរិសុទ្ធ

១៦. ហេតុអ្វីរាស្ដ្ររបស់ព្រះយេហូវ៉ាត្រូវតែបរិសុទ្ធ?

១៦ ពេលព្រះយេហូវ៉ាបានរំដោះជនជាតិអ៊ីស្រាអែលពីទាសភាពនៅស្រុកអេស៊ីប លោកបានប្រាប់ពួកគេថា៖ «អញជាព្រះយេហូវ៉ាដែលបាននាំឯងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដើម្បីនឹងធ្វើជាព្រះនៃឯងរាល់គ្នា ដូច្នេះចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធចុះ ដ្បិតអញបរិសុទ្ធ»។ (លេវីវិន័យ ១១:៤៥) ព្រះយេហូវ៉ាបានតម្រូវឲ្យជនជាតិអ៊ីស្រាអែលបរិសុទ្ធ ពីព្រោះលោកបរិសុទ្ធ។ សព្វថ្ងៃនេះ ព្រះយេហូវ៉ាក៏តម្រូវឲ្យយើងបរិសុទ្ធដែរ។ សៀវភៅលេវីវិន័យបញ្ជាក់យ៉ាងច្បាស់អំពីចំណុចនេះ។

១៧. ឥឡូវនេះ តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះសៀវភៅលេវីវិន័យ?

១៧ អ្នកច្បាស់ជាបានទទួលប្រយោជន៍ពីការពិភាក្សានេះអំពីចំណុចខ្លះនៅក្នុងសៀវភៅលេវីវិន័យ។ អ្នកទំនងជាកាន់តែឲ្យតម្លៃចំពោះសៀវភៅនេះក្នុងគម្ពីរ ហើយយល់ច្បាស់ជាងអំពីមូលហេតុដែលយើងត្រូវតែបរិសុទ្ធ។ ប៉ុន្ដែ តើយើងអាចរៀនអ្វីថែមទៀតពីសៀវភៅលេវីវិន័យ? តើសៀវភៅនេះអាចជួយយើងយ៉ាងដូចម្ដេចឲ្យគោរពប្រណិប័តន៍ព្រះតាមរបៀបបរិសុទ្ធ? យើងនឹងពិភាក្សាអំពីចំណុចនេះនៅអត្ថបទបន្ទាប់។