លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹រាស្ដ្រដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន›

‹រាស្ដ្រដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន›

«សាសន៍ណាដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន នោះសប្បាយហើយ!»។—ទំនុកតម្កើង ១៤៤:១៥

. តើមនុស្សខ្លះជឿយ៉ាងណាអំពីអ្នកដែលគោរពប្រណិប័តន៍ព្រះ?

មនុស្សជាច្រើនសព្វថ្ងៃនេះនិយាយថាសាសនាធំៗរបស់ពិភពលោកមិនជួយមនុស្សជាតិទេ។ មនុស្សខ្លះគិតថាព្រះមិនអាចពេញចិត្ដនឹងសាសនាទាំងនេះឡើយ ពីព្រោះសាសនាទាំងនេះមិនបង្រៀនសេចក្ដីពិតអំពីព្រះ ហើយពួកគេធ្វើអំពើអាក្រក់។ ទោះជាយ៉ាងនេះក្ដី ពួកគេច្រើនតែជឿថាព្រះព្រមទទួលមនុស្សល្អនៅក្នុងសាសនាទាំងអស់។ ប៉ុន្ដែ តើនេះជាការពិតទេ? ឬតើព្រះតម្រូវឲ្យពួកអ្នកដែលគោរពប្រណិប័តន៍លោកញែកខ្លួនចេញពីសាសនាមិនពិត? សូមយើងរកចម្លើយដោយមើលអ្វីដែលគម្ពីរចែងអំពីអ្នកគោរពប្រណិប័តន៍ពិតរបស់ព្រះយេហូវ៉ាតាំងពីសម័យបុរាណមក។

កិច្ចព្រមព្រៀងរបស់ព្រះជាមួយនឹងរាស្ដ្ររបស់លោក

. តើអ្នកណាបានទៅជារាស្ដ្ររបស់ព្រះយេហូវ៉ា? តើអ្វីជាសញ្ញាសម្គាល់ដែលបញ្ជាក់ថាពួកគេជារាស្ដ្រដែលមានចំណងមិត្ដភាពពិសេសជាមួយនឹងព្រះយេហូវ៉ា? (សូមមើលរូបភាពនៅដើមអត្ថបទ)។

ប្រហែលជា៤.០០០ឆ្នាំមុន ព្រះយេហូវ៉ាបានជ្រើសរើសមនុស្សមួយក្រុមឲ្យធ្វើជារាស្ដ្ររបស់លោកនៅលើផែនដី។ អាប្រាហាំបានត្រូវរៀបរាប់ក្នុងគម្ពីរថាជា«ឪពុករបស់អស់អ្នកណាដែលមានជំនឿ» ហើយគាត់ជាប្រមុខនៃក្រុមគ្រួសារដ៏ធំមួយដែលមានអ្នកបម្រើរាប់រយនាក់។ (រ៉ូម ៤:១១; លោកុប្បត្ដិ ១៤:១៤) នៅស្រុកកាណាន គាត់បានត្រូវគេគោរពជា«អ្នកធំរបស់ព្រះ»។ (លោកុប្បត្ដិ ២១:២២; ២៣:៦) ព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀង ឬកិច្ចសន្យាមួយជាមួយនឹងអាប្រាហាំនិងកូនចៅរបស់គាត់។ (លោកុប្បត្ដិ ១៧:១, ២, ១៩) ព្រះបានប្រាប់អាប្រាហាំថា៖ «នេះជាសេចក្ដីសញ្ញា[កិច្ចព្រមព្រៀង]របស់អញ ដែលឯងនឹងពូជឯងត្រូវកាន់ចំពោះអញរៀងទៅគឺថា គ្រប់ទាំងប្រុសៗក្នុងពួកឯងត្រូវតែកាត់ស្បែក»។ លោកបានបន្ថែមថា នេះនឹង«ទុកជាទីសំគាល់ពីសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយនឹងគ្នា»។ (លោកុប្បត្ដិ ១៧:១០, ១១) ហេតុនេះ អាប្រាហាំនិងបុរសទាំងអស់ក្នុងគ្រួសាររបស់គាត់បានកាត់ចុងស្បែក។ (លោកុប្បត្ដិ ១៧:២៤-២៧) ការកាត់ចុងស្បែកជាសញ្ញាសម្គាល់ដែលបញ្ជាក់ថាកូនចៅរបស់អាប្រាហាំជារាស្ដ្រដែលមានចំណងមិត្ដភាពពិសេសជាមួយនឹងព្រះយេហូវ៉ា។

. តើតាមរបៀបណាកូនចៅរបស់អាប្រាហាំបានទៅជារាស្ដ្រមួយ?

យ៉ាកុប ឬអ៊ីស្រាអែលដែលជាចៅរបស់អាប្រាហាំ មានកូនប្រុស១២នាក់។ (លោកុប្បត្ដិ ៣៥:១០, ២២-២៦) ក្រោយមក កូនប្រុសទាំងនេះបានទៅជាប្រមុខនៃកុលសម្ព័ន្ធ១២របស់អ៊ីស្រាអែល។ (សកម្មភាព ៧:៨) យ៉ូសែបដែលជាកូនប្រុសរបស់យ៉ាកុបបានត្រូវគេយកទៅស្រុកអេស៊ីប ហើយក្រោយមកផារ៉ូបានឲ្យគាត់នូវអំណាចយ៉ាងធំ។ ក្នុងអំឡុងពេលមានការអត់ឃ្លាន យ៉ូសែបមានភារកិច្ចត្រួតពិនិត្យការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ស្រុកទាំងមូល។ ដោយសារមានការអត់ឃ្លាននៅគ្រានោះ យ៉ាកុបនិងក្រុមគ្រួសាររបស់គាត់បានទៅស្រុកអេស៊ីប។ (លោកុប្បត្ដិ ៤១:៣៩-៤១; ៤២:៦) កូនចៅរបស់យ៉ាកុបបានកើនឡើងជាច្រើន ហើយបានត្រូវហៅថា«ពួកច្រើនរួមគ្នាតែ១»។—លោកុប្បត្ដិ ៤៨:៤; សូមអាន សកម្មភាព ៧:១៧

ព្រះយេហូវ៉ាសង្គ្រោះរាស្ដ្ររបស់លោក

. ដំបូងឡើយ តើជនជាតិអេស៊ីបនិងកូនចៅរបស់យ៉ាកុបមានទំនាក់ទំនងយ៉ាងណាជាមួយគ្នា?

កូនចៅរបស់យ៉ាកុបបានរស់នៅជាង២០០ឆ្នាំនៅកន្លែងមួយនៃស្រុកអេស៊ីបដែលហៅថាកូសែន។ (លោកុប្បត្ដិ ៤៥:៩, ១០) ផារ៉ូបានអញ្ជើញជនជាតិអ៊ីស្រាអែលឲ្យរស់នៅស្រុកអេស៊ីប ដោយសារគាត់ស្គាល់និងគោរពយ៉ូសែប។ (លោកុប្បត្ដិ ៤៧:១-) អស់រយៈពេលប្រហែលជា១០០ឆ្នាំ ពួកគេបានរស់នៅដោយមានសន្ដិភាពជាមួយនឹងជនជាតិអេស៊ីប។ ជនជាតិអ៊ីស្រាអែលបានរស់នៅក្នុងក្រុងតូចៗ ហើយពួកគេចិញ្ចឹមសត្វ។ ទោះជាជនជាតិអេស៊ីបស្អប់មនុស្សដែលជាគង្វាលចៀមក៏ដោយ ពួកគេត្រូវស្ដាប់បង្គាប់ផារ៉ូ ហើយអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលរស់នៅទីនោះ។—លោកុប្បត្ដិ ៤៦:៣១-៣៤

៥, ៦. (ក) តើស្ថានភាពនៃរាស្ដ្ររបស់ព្រះនៅស្រុកអេស៊ីបបានផ្លាស់ប្ដូរយ៉ាងណា? (ខ) ហេតុអ្វីបានជាម៉ូសេមិនបានត្រូវសម្លាប់ ហើយតើព្រះយេហូវ៉ាបានធ្វើអ្វីដើម្បីរាស្ដ្រលោក?

មួយរយៈពេលក្រោយមក ជនជាតិអេស៊ីបបានបង្ខំជនជាតិអ៊ីស្រាអែលឲ្យធ្វើជាខ្ញុំបម្រើរបស់ពួកគេ។ គម្ពីរចែងថា៖ «នៅគ្រានេះ មានស្ដេចថ្មីអង្គសោយរាជ្យឡើងនៅស្រុកអេស៊ីព្ទ ស្ដេចនោះមិនបានស្គាល់យ៉ូសែបទេ។ ទ្រង់មានបន្ទូលទៅបណ្ដារាស្ដ្ររបស់ទ្រង់ថា៖ ‹មើល! ពួកជនជាតិអ៊ីស្រាអែលគេមានគ្នាច្រើន ក៏ស្ដុកស្ដម្ភជាងពួកយើងហើយ›»។ ជាលទ្ធផល ជនជាតិអេស៊ីបបានបង្ខំជនជាតិអ៊ីស្រាអែលឲ្យធ្វើឥដ្ឋ ថែស្រែចម្ការ និងធ្វើការពិបាកផ្សេងៗទៀតដូចខ្ញុំបម្រើ។ ពួកគេបានប្រព្រឹត្ដយ៉ាងឃោរឃៅទៅលើជនជាតិអ៊ីស្រាអែល។—និក្ខមនំ ១:៨, ៩, ១៣, ១៤

ផារ៉ូថ្មីនេះក៏បានបង្គាប់ដែរថាកូនង៉ែតប្រុសជនជាតិអ៊ីស្រាអែលទាំងអស់ត្រូវសម្លាប់ ពេលដែលពួកគេកើតមក។ (និក្ខមនំ ១:១៥, ១៦) នៅពេលនោះ ស្ដ្រីជនជាតិអ៊ីស្រាអែលម្នាក់ឈ្មោះយ៉ុកិបិតបានសម្រាលកូនមួយ ហើយបានដាក់ឈ្មោះថាម៉ូសេ។ ពេលដែលម៉ូសេមានអាយុបីខែ នាងបានលាក់គាត់នៅគុម្ពត្រែងដែលដុះឡើងក្បែរទន្លេនីល។ មិនយូរក្រោយមក កូនស្រីរបស់ផារ៉ូបានរកឃើញម៉ូសេ ហើយបានយកគាត់ទៅចិញ្ចឹមជាកូន។ នាងបានអនុញ្ញាតឲ្យម្ដាយរបស់ម៉ូសេមើលថែរក្សាគាត់ក្នុងប៉ុន្មានឆ្នាំដំបូងនៃជីវិតគាត់ ហើយម៉ូសេបានក្លាយទៅជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា។ (និក្ខមនំ ២:១-១០; ហេប្រឺ ១១:២៣-២៥) ព្រះយេហូវ៉ាបានឃើញថារាស្ដ្ររបស់លោកកំពុងរងទុក្ខ នោះលោកបានសម្រេចចិត្ដប្រើម៉ូសេដើម្បីដឹកនាំពួកគេចេញពីស្រុកអេស៊ីប។ (និក្ខមនំ ២:២៤, ២៥; ៣:៩, ១០) តាមរបៀបនេះ ព្រះយេហូវ៉ា«បានលោះ» ឬសង្គ្រោះជនជាតិអ៊ីស្រាអែល។—និក្ខមនំ ១៥:១៣; សូមអាន ចោទិយកថា ១៥:១៥

រាស្ដ្ររបស់ព្រះទៅជាប្រជាជាតិមួយ

៧, ៨. តើតាមរបៀបណារាស្ដ្ររបស់ព្រះយេហូវ៉ាបានទៅជាប្រជាជាតិបរិសុទ្ធមួយ?

ព្រះយេហូវ៉ាមិនទាន់បានរៀបចំជនជាតិអ៊ីស្រាអែលជាប្រជាជាតិមួយដែលមានច្បាប់និងសង្ឃនៅឡើយទេ ប៉ុន្ដែលោកបានជ្រើសរើសពួកគេឲ្យធ្វើជារាស្ដ្ររបស់លោក។ នោះគឺជាមូលហេតុដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេនិងអេរ៉ុនឲ្យនិយាយទៅកាន់ផារ៉ូថា៖ «ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា៖ ‹ចូរឲ្យរាស្ដ្រអញចេញទៅថ្វាយយញ្ញបូជាដល់អញនៅទីរហោស្ថាន›»។—និក្ខមនំ ៥:១

ប៉ុន្ដែ ផារ៉ូមិនចង់ឲ្យជនជាតិអ៊ីស្រាអែលចេញទៅទេ។ ដើម្បីរំដោះរាស្ដ្ររបស់លោក ព្រះយេហូវ៉ាបានធ្វើឲ្យមានសេចក្ដីវេទនា១០ប្រការនៅស្រុកអេស៊ីប ហើយក្រោយមកលោកបានបំផ្លាញផារ៉ូនិងកងទ័ពរបស់គាត់នៅក្នុងសមុទ្រក្រហម។ (និក្ខមនំ ១៥:១-) មិនដល់បីខែក្រោយមក ព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងមួយជាមួយនឹងជនជាតិអ៊ីស្រាអែលនៅភ្នំស៊ីណាយ ដោយមានប្រសាសន៍ថា៖ «បើឯងរាល់គ្នានឹងស្ដាប់តាមអញឥឡូវ ហើយកាន់តាមសេចក្ដីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញ លើសជាងអស់ទាំងសាសន៍»។ ពួកគេនឹងទៅជា«សាសន៍បរិសុទ្ធ» ឬប្រជាជាតិបរិសុទ្ធមួយ។—និក្ខមនំ ១៩:៥, ៦

៩, ១០. (ក) ដូចចោទិយកថា ៤:៥-បានពន្យល់ តើច្បាប់បានធ្វើឲ្យជនជាតិអ៊ីស្រាអែលខុសគ្នាយ៉ាងណាពីប្រជាជាតិផ្សេងទៀត? (ខ) តើជនជាតិអ៊ីស្រាអែលត្រូវធ្វើអ្វីដើម្បីបង្ហាញថាពួកគេ«ជារាស្ដ្របរិសុទ្ធដល់ព្រះយេហូវ៉ា»?

អស់ជាច្រើនសតវត្សរ៍ អ្នកបម្រើរបស់ព្រះយេហូវ៉ាបានត្រូវដឹកនាំដោយមេគ្រួសារដែលធ្វើជាអ្នកគ្រប់គ្រង ចៅក្រម និងសង្ឃ។ នៅស្រុកអេស៊ីប ជនជាតិអ៊ីស្រាអែលបានធ្វើតាមការរៀបចំនេះមុនពួកគេបានទៅជាខ្ញុំបម្រើ។ (លោកុប្បត្ដិ ៨:២០; ១៨:១៩; យ៉ូប ១:៤, ៥) ប៉ុន្ដែ ក្រោយពីព្រះយេហូវ៉ាបានរំដោះជនជាតិអ៊ីស្រាអែលពីទាសភាព លោកបានឲ្យពួកគេនូវច្បាប់ដែលធ្វើឲ្យពួកគេខុសពីប្រជាជាតិទៀតទាំងអស់។ (សូមអាន ចោទិយកថា ៤:៥-៨; ទំនុកតម្កើង ១៤៧:១៩, ២០) ច្បាប់នោះបានរៀបចំក្រុមមួយដោយឡែកឲ្យធ្វើជាសង្ឃសម្រាប់ប្រជាជាតិ។ ម្យ៉ាងទៀត ច្បាប់នោះបានចែងថា«ពួកចាស់ទុំ» ដែលគេគោរពដោយសារចំណេះនិងប្រាជ្ញារបស់ពួកគាត់ នឹងធ្វើជាចៅក្រម។ (ចោទិយកថា ២៥:៧, ៨) ក្នុងច្បាប់នោះមានការណែនាំសម្រាប់ការគោរពប្រណិប័តន៍និងសម្រាប់ជីវិតប្រចាំថ្ងៃរបស់រាស្ដ្រព្រះ។

ព្រះយេហូវ៉ាបានឲ្យជនជាតិអ៊ីស្រាអែលនូវច្បាប់ដែលធ្វើឲ្យពួកគេខុសពីប្រជាជាតិទៀតទាំងអស់

១០ មុនពេលជនជាតិអ៊ីស្រាអែលចូលស្រុកដែលព្រះបានសន្យា ព្រះយេហូវ៉ាបានមានប្រសាសន៍ម្ដងទៀតអំពីច្បាប់របស់លោកទៅពួកគេ។ ម៉ូសេបានប្រាប់ពួកគេថា៖ «ព្រះយេហូវ៉ាទ្រង់ក៏បានទទួលព្រមនៅថ្ងៃនេះថា ឯងជារាស្ដ្ររបស់ផងទ្រង់ពិតដូចជាទ្រង់បានសន្យានឹងឯងហើយ ព្រមទាំងប្រាប់ឲ្យឯងកាន់តាមគ្រប់ទាំងបញ្ញត្ដទាំងប៉ុន្មានរបស់ទ្រង់ ហើយឲ្យបានលើកឯងឡើងជាខ្ពស់ផង គឺខ្ពស់លើសអស់ទាំងសាសន៍ដែលទ្រង់បានបង្កើត ដោយមានសេចក្ដីសរសើរនឹងកេរ្ដិ៍ឈ្មោះ ហើយនឹងសេចក្ដីថ្កុំថ្កើង ដើម្បីឲ្យឯងបានធ្វើជារាស្ដ្របរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះនៃឯង»។—ចោទិយកថា ២៦:១៨, ១៩

ជនជាតិដទៃអាចគោរពប្រណិប័តន៍ព្រះជាមួយនឹងរាស្ដ្ររបស់លោក

១១-១៣. (ក) តើអ្នកណាបានចាប់ផ្ដើមគោរពប្រណិប័តន៍ព្រះជាមួយនឹងរាស្ដ្ររបស់លោក? (ខ) បើអ្នកដែលមិនមែនជាជនជាតិអ៊ីស្រាអែលចង់គោរពប្រណិប័តន៍ព្រះយេហូវ៉ា តើពួកគេត្រូវធ្វើអ្វី?

១១ ទោះជាជនជាតិអ៊ីស្រាអែលជាប្រជាជាតិដែលព្រះយេហូវ៉ាបានជ្រើសរើសនៅលើផែនដីក៏ដោយ លោកបានអនុញ្ញាតឲ្យមនុស្សដែលមិនមែនជាជនជាតិអ៊ីស្រាអែលរស់នៅក្នុងចំណោមរាស្ដ្ររបស់លោក។ ជាឧទាហរណ៍ គម្ពីរចែងថាពួកគេមួយចំនួនធំ ដែលរួមមានជនជាតិអេស៊ីប បានទៅជាមួយនឹងជនជាតិអ៊ីស្រាអែលពេលព្រះបាននាំពួកគេចេញពីស្រុកអេស៊ីប។ (និក្ខមនំ ១២:៣៨) ក្នុងចំណោមពួកគេទំនងជាមានអ្នកខ្លះដែលជាអ្នកបម្រើរបស់ផារ៉ូ ដែលបានធ្វើតាមការព្រមានរបស់ម៉ូសេក្នុងអំឡុងពេលមានសេចក្ដីវេទនាទី៧។—និក្ខមនំ ៩:២០

ជនជាតិដទៃអាចគោរពប្រណិប័តន៍ព្រះយេហូវ៉ាបាន បើពួកគេគោរពប្រណិប័តន៍លោកជាមួយនឹងរាស្ដ្រដែលលោកបានជ្រើសរើស

១២ មុនពេលជនជាតិអ៊ីស្រាអែលឆ្លងទន្លេយ៉ូដាន់ទៅស្រុកកាណាន ម៉ូសេបានប្រាប់ពួកគេថាពួកគេត្រូវស្រឡាញ់អ្នកប្រទេសក្រៅដែលនៅក្នុងចំណោមពួកគេ ពោលគឺជនជាតិដទៃដែលបានរស់នៅជាមួយពួកគេ។ (ចោទិយកថា ១០:១៧-១៩) បើជនជាតិដទៃម្នាក់សុខចិត្ដធ្វើតាមច្បាប់បឋមៗ ដូចជាបញ្ញត្ដិ១០ប្រការ រាស្ដ្ររបស់ព្រះត្រូវអនុញ្ញាតឲ្យជនជាតិដទៃនោះរស់នៅក្នុងសហគមន៍របស់ពួកគេ។ (លេវីវិន័យ ២៤:២២) ជនជាតិដទៃខ្លះថែមទាំងបានក្លាយទៅជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាទៀតផង។ ជាឧទាហរណ៍ រូថគឺជាជនជាតិម៉ូអាប់ម្នាក់ដែលចង់បម្រើព្រះយេហូវ៉ា។ នាងបាននិយាយទៅន៉ាអូមីដែលជាជនជាតិអ៊ីស្រាអែលថា៖ «សាសន៍របស់អ្នកម្ដាយនឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្ដាយនឹងបានជាព្រះរបស់ខ្ញុំដែរ»។ (នាងរស់ ១:១៦) ជនជាតិដទៃទាំងនេះដែលជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាបានត្រូវហៅថាអ្នកដូរសាសនា ហើយបុរសក្នុងចំណោមពួកគេបានកាត់ចុងស្បែក។ (និក្ខមនំ ១២:៤៨, ៤៩) ដោយចិត្ដសប្បាយ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យពួកគេធ្វើជាសមាជិកនៃរាស្ដ្រដែលលោកបានជ្រើសរើស។—ជនគណនា ១៥:១៤, ១៥

ជនជាតិអ៊ីស្រាអែលស្រឡាញ់មនុស្សដែលមកពីប្រជាជាតិផ្សេងទៀតដែលរស់នៅក្នុងចំណោមពួកគេ (សូមមើលវគ្គ១១-១៣)

១៣ សេចក្ដីអធិដ្ឋានមួយរបស់សាឡូម៉ូនក៏បង្ហាញដែរថា ព្រះយេហូវ៉ាពេញចិត្ដនឹងអ្នកគោរពប្រណិប័តន៍ដែលជាជនជាតិដទៃ។ ពេលដែលវិហារបានត្រូវឧទ្ទិសជូនព្រះ សាឡូម៉ូនបានអធិដ្ឋានថា៖ «ត្រង់ពួកសាសន៍ដទៃ ដែលមិនមែនជាពូជពង្សអ៊ីស្រាអែលជារាស្ដ្រទ្រង់ទេ បើកាលណាគេមកពីស្រុកឆ្ងាយ ដោយព្រោះព្រះនាមទ្រង់ដ៏ជាធំ នឹងព្រះហស្ដដ៏មានឥទ្ធិឫទ្ធិ ហើយព្រះពាហុលើកសំរេចរបស់ទ្រង់ កាលណាគេអធិស្ឋានដំរង់មកព្រះវិហារនេះ នោះសូមទ្រង់ប្រោសស្ដាប់ពីលើស្ថានសួគ៌ គឺពីទីលំនៅរបស់ទ្រង់ ហើយធ្វើសព្វគ្រប់តាមសេចក្ដីដែលសាសន៍ដទៃនោះនឹងសូមដល់ទ្រង់ផង ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានស្គាល់ព្រះនាមទ្រង់ ហើយកោតខ្លាចដល់ទ្រង់ដូចជាសាសន៍អ៊ីស្រាអែលជារាស្ដ្រទ្រង់ដែរ ហើយឲ្យគេបានដឹងថាព្រះវិហារដែលទូលបង្គំបានស្អាងនេះ បានហៅតាមព្រះនាមទ្រង់ពិត»។ (របាក្សត្រទី២ ៦:៣២, ៣៣) សូម្បីតែក្នុងសម័យរបស់លោកយេស៊ូក៏ដោយ ជនជាតិដទៃដែលចង់គោរពប្រណិប័តន៍ព្រះយេហូវ៉ា អាចគោរពប្រណិប័តន៍លោកបាន បើពួកគេគោរពប្រណិប័តន៍លោកជាមួយនឹងរាស្ដ្រដែលលោកបានជ្រើសរើស។—យ៉ូហាន ១២:២០; សកម្មភាព ៨:២៧

ប្រជាជាតិមួយដែលជាសាក្សីរបស់លោក

១៤-១៦. (ក) តើតាមរបៀបណាដែលជនជាតិអ៊ីស្រាអែលអាចទៅជាប្រជាជាតិមួយដែលជាសាក្សីរបស់ព្រះយេហូវ៉ា? (ខ) តើព្រះយេហូវ៉ាតម្រូវអ្វីពីរាស្ដ្ររបស់លោកនៅសព្វថ្ងៃនេះ?

១៤ ជនជាតិអ៊ីស្រាអែលគោរពប្រណិប័តន៍ព្រះរបស់ពួកគេ គឺព្រះយេហូវ៉ា ប៉ុន្ដែប្រជាជាតិផ្សេងទៀតក៏គោរពប្រណិប័តន៍ព្រះរបស់ពួកគេរៀងខ្លួនដែរ។ ដូច្នេះ សំណួរសំខាន់មួយដែលត្រូវឆ្លើយគឺ តើអ្នកណាជាព្រះពិត? នៅសម័យរបស់អេសាយ ព្រះយេហូវ៉ាបានមានប្រសាសន៍ថាសំណួរនេះត្រូវឆ្លើយតាមរបៀបដូចគ្នានឹងសំណួរដែលត្រូវឆ្លើយនៅការជំនុំជម្រះសេចក្ដីនៅតុលាការ។ លោកបានមានប្រសាសន៍ថា បើព្រះនៃប្រជាជាតិនោះជាព្រះមែន ព្រះទាំងនោះគួរតែមានសាក្សីរបស់ពួកគេសម្រាប់ការកាត់សេចក្ដីនេះ។ លោកបានពោលថា៖ «អោយព្រះទាំងនោះរកសាក្សី និងបង្ហាញភស្ដុតាងមក ដើម្បីអោយអ្នកទៀតឮ រួចពោលថា៖ ‹ពាក្យសំដីរបស់ព្រះនោះត្រឹមត្រូវមែន!›»។—អេសាយ ៤៣:៩; ខ.ស.

១៥ ព្រះនៃប្រជាជាតិនានាមិនអាចបង្ហាញថាពួកគេជាព្រះមែនទែនបានទេ។ ពួកគេគ្រាន់តែជារូបព្រះដែលមិនអាចនិយាយ ហើយមិនអាចកម្រើកបាន លុះត្រាតែមានអ្នកណាម្នាក់លើកពួកគេ។ (អេសាយ ៤៦:៥-) ប៉ុន្ដែ ព្រះយេហូវ៉ាបានប្រាប់រាស្ដ្ររបស់លោកដែលជាជនជាតិអ៊ីស្រាអែលថា៖ «ឯងរាល់គ្នាជាស្មរបន្ទាល់[សាក្សី]របស់អញ ហើយជាអ្នកបំរើដែលអញបានរើសតាំងដើម្បីឲ្យបានស្គាល់ ហើយជឿដល់អញ ព្រមទាំងយល់ថា គឺអញនេះហើយ ឥតមានព្រះណាកើតមកមុនអញទេ ហើយក្រោយអញក៏ឥតមានដែរ គឺអញ អញនេះហើយជាយេហូវ៉ា ក្រៅពីអញ គ្មានអ្នកសង្គ្រោះណាទៀតឡើយ។ . . . ហេតុដូច្នោះឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយគឺអញនេះដែលជាព្រះ»។—អេសាយ ៤៣:១០-១២

១៦ ដូចសាក្សីនៅការជំនុំជម្រះសេចក្ដីនៅតុលាការ រាស្ដ្ររបស់ព្រះយេហូវ៉ាមានកិត្ដិយសធ្វើជាសាក្សីបញ្ជាក់ថាព្រះយេហូវ៉ាជាព្រះពិតតែមួយ។ លោកបានហៅពួកគេថា«រាស្ដ្រដែលអញបានជបសូនសំរាប់តែខ្លួនអញ ដើម្បីឲ្យគេបានសំដែងចេញជាសេចក្ដីសរសើររបស់អញផង»។ (អេសាយ ៤៣:២១) ពួកគេបានត្រូវស្គាល់ថាជារាស្ដ្ររបស់ព្រះយេហូវ៉ា។ ដោយសារព្រះយេហូវ៉ាបានរំដោះជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប លោកតម្រូវឲ្យពួកគេស្ដាប់បង្គាប់លោកដោយស្ម័គ្រចិត្ដ ហើយលើកតម្កើងលោកជាអ្នកគ្រប់គ្រងរបស់ពួកគេ។ ព្រះយេហូវ៉ាតម្រូវឲ្យរាស្ដ្ររបស់លោកនៅសព្វថ្ងៃនេះធ្វើដូច្នេះដែរ។ អ្នកប្រកាសទំនាយមីកាបាននិយាយអំពីចិត្ដគំនិតដែលរាស្ដ្ររបស់ព្រះគួរមាន ដោយថា៖ «ទោះបើអស់ទាំងសាសន៍ប្រព្រឹត្ដតាមឈ្មោះរបស់ព្រះនៃគេរៀងខ្លួន គង់តែយើងរាល់គ្នានឹងប្រព្រឹត្ដតាមព្រះនាមនៃព្រះយេហូវ៉ាជាព្រះនៃយើង ជាដរាបរៀងទៅវិញ»។—មីកា ៤:៥

រាស្ដ្រដែលបះបោរប្រឆាំង

១៧. ហេតុអ្វីព្រះយេហូវ៉ាបានចាត់ទុកអ៊ីស្រាអែលថាជាវល្លិទំពាំងបាយជូរដែលឥតប្រយោជន៍?

១៧ គួរឲ្យស្ដាយណាស់ អ៊ីស្រាអែលមិនបានស្មោះត្រង់នឹងព្រះយេហូវ៉ាឡើយ។ ពួកគេបានចាប់ផ្ដើមយកតម្រាប់ប្រជាជាតិដែលគោរពបូជាព្រះដែលធ្វើពីឈើនិងថ្ម ហើយពួកគេបានធ្វើទីបូជាជាច្រើនសម្រាប់ការគោរពប្រណិប័តន៍មិនពិត។ ប្រហែលជា២.៨០០ឆ្នាំមុន អ្នកប្រកាសទំនាយហូសេបាននិយាយថាអ៊ីស្រាអែលគឺដូចជាវល្លិទំពាំងបាយជូរដែលលែងបង្កើតផលល្អទៀត។ គាត់បានបន្ថែមថា៖ «ចិត្ដគេចែកជាពីរហើយ គេនឹងត្រូវឃើញថាមានទោសឥឡូវ»។ (ហូសេ ១០:១, ២) ប្រហែលជា១៥០ឆ្នាំក្រោយមក យេរេមាក៏បានប្រៀបធៀបអ៊ីស្រាអែលដែលបះបោរប្រឆាំងទៅនឹងវល្លិទំពាំងបាយជូរដែរ។ គាត់បានរៀបរាប់ថាពួកគេជាវល្លិទំពាំងបាយជូរល្អដែលបានផ្លាស់ប្ដូរ ហើយបានទៅជាឥតប្រយោជន៍។ តាមរយៈយេរេមា ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «ព្រះដែលឯងបានធ្វើសំរាប់ខ្លួន តើនៅណា? ចូរឲ្យវាក្រោកឡើងជួយឯងចុះ បើវាអាចនឹងជួយសង្គ្រោះឯង ក្នុងគ្រាដែលឯងកើតមានសេចក្ដីវេទនានោះបាន»។ លោកបានបន្ថែមថា៖ «រាស្ដ្ររបស់អញបានភ្លេចអញ»។—យេរេមា ២:២១, ២៨, ៣២

ពួកអ្នកដែលជាភាគីនៃកិច្ចព្រមព្រៀងថ្មី នឹងទៅជាប្រជាជាតិថ្មីមួយ

១៨, ១៩. (ក) តើព្រះយេហូវ៉ាបានប្រកាសទុកជាមុនយ៉ាងណាថាលោកនឹងមានរាស្ដ្រថ្មីដែលលោកនឹងជ្រើសរើសនៅលើផែនដី? (ខ) តើយើងនឹងពិគ្រោះអ្វីក្នុងអត្ថបទបន្ទាប់?

១៨ អ៊ីស្រាអែលបានបង្កើតផលមិនល្អ ពីព្រោះពួកគេមិនបានគោរពប្រណិប័តន៍ព្រះយេហូវ៉ាតាមរបៀបត្រឹមត្រូវឡើយ។ ពួកគេមិនបានបន្ដធ្វើជាសាក្សីរបស់លោកទេ ផ្ទុយទៅវិញពួកគេបានគោរពបូជារូបព្រះនានា។ ហេតុនេះ លោកយេស៊ូបានប្រាប់អ្នកដឹកនាំសាសនាយូដាដ៏អាក្រក់នៅសម័យលោកថា៖ «រាជាណាចក្ររបស់ព្រះនឹងត្រូវដកហូតពីអ្នករាល់គ្នា ហើយប្រគល់ឲ្យប្រជាជាតិមួយដែលបង្កើតផលនៃរាជាណាចក្រនោះ»។ (ម៉ាថាយ ២១:៤៣) មានតែបុគ្គលដែលព្រះយេហូវ៉ាជ្រើសរើសប៉ុណ្ណោះអាចធ្វើជាសមាជិកនៃប្រជាជាតិថ្មី ពោលគឺអ៊ីស្រាអែលនៃព្រះ។ លោកនឹងធ្វើ«សញ្ញាថ្មី» ឬកិច្ចព្រមព្រៀងថ្មីជាមួយនឹងពួកគេ។ ព្រះយេហូវ៉ាបានមានប្រសាសន៍អំពីពួកគេថា៖ «អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ដ្ររបស់អញ»។—យេរេមា ៣១:៣១-៣៣

១៩ ក្រោយពីជនជាតិអ៊ីស្រាអែលបានទៅជាមនុស្សមិនស្មោះត្រង់ ព្រះយេហូវ៉ាបានជ្រើសរើសអ៊ីស្រាអែលនៃព្រះដើម្បីធ្វើជារាស្ដ្ររបស់លោកនៅសតវត្សរ៍ទី១។ ប៉ុន្ដែ តើអ្នកណាជារាស្ដ្ររបស់លោកនៅសព្វថ្ងៃនេះ? តើតាមរបៀបណាអ្នកដែលចង់បម្រើព្រះអាចដឹងថាអ្នកណាជាអ្នកគោរពប្រណិប័តន៍ពិតរបស់ព្រះ? យើងនឹងពិគ្រោះចម្លើយចំពោះសំណួរទាំងនេះក្នុងអត្ថបទបន្ទាប់។