លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ឥឡូវនេះអ្នករាល់គ្នាជារាស្ដ្ររបស់ព្រះ»

«ឥឡូវនេះអ្នករាល់គ្នាជារាស្ដ្ររបស់ព្រះ»

«ពីមុន អ្នករាល់គ្នាមិនមែនជារាស្ដ្ររបស់ព្រះទេ ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នាជារាស្ដ្ររបស់ព្រះ»។—ពេត្រុសទី១ ២:១០

១, ២. តើព្រះយេហូវ៉ាបានធ្វើការផ្លាស់ប្ដូរអ្វីនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស.? តើអ្នកណាបានទៅជាសមាជិកនៃប្រជាជាតិថ្មីរបស់ព្រះយេហូវ៉ា? (សូមមើលរូបភាពនៅដើមអត្ថបទ)។

នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ព្រះយេហូវ៉ាបានធ្វើការផ្លាស់ប្ដូរដ៏សំខាន់មួយក្នុងប្រវត្ដិសាស្ដ្រ។ លោកបានបង្កើតប្រជាជាតិថ្មីមួយដែលហៅថា«អ៊ីស្រាអែលនៃព្រះ»។ (កាឡាទី ៦:១៦) ព្រះយេហូវ៉ាបានប្រើសកម្មពលបរិសុទ្ធរបស់លោកដើម្បីជ្រើសរើសសមាជិកនីមួយៗនៃប្រជាជាតិនេះ។ ប៉ូលបានសរសេរថា សមាជិកនៃប្រជាជាតិនេះមិនចាំបាច់កាត់ចុងស្បែកដូចកូនចៅរបស់អាប្រាហាំធ្លាប់ធ្វើទេ។ ផ្ទុយទៅវិញ «ការកាត់ចុងស្បែករបស់អ្នកនោះគឺនៅលើចិត្ដគាត់» ដោយសកម្មពលបរិសុទ្ធ។—រ៉ូម ២:២៩

សមាជិកដំបូងនៃប្រជាជាតិថ្មីរបស់ព្រះគឺពួកសាវ័កនិងពួកអ្នកកាន់តាមទៀតរបស់គ្រិស្ដជាង១០០នាក់ ដែលបានប្រជុំគ្នានៅបន្ទប់ខាងលើមួយនៅក្រុងយេរូសាឡិម។ (សកម្មភាព ១:១២-១៥) ព្រះបានចាក់សកម្មពលបរិសុទ្ធលើពួកគាត់ ហើយពួកគាត់បានទៅជាកូនរបស់ព្រះ។ (រ៉ូម ៨:១៥, ១៦; កូរិនថូសទី២ ១:២១) នេះបានបញ្ជាក់ថាព្រះយេហូវ៉ាបានព្រមទទួលគ្រឿងបូជារបស់គ្រិស្ដ ហើយកិច្ចព្រមព្រៀងខាងច្បាប់បានត្រូវជំនួសដោយកិច្ចព្រមព្រៀងថ្មីមួយ។ (លូកា ២២:២០; សូមអាន ហេប្រឺ ៩:១៥) ពួកអ្នកកាន់តាមគ្រិស្ដដែលបានត្រូវរើសតាំងទាំងនេះ បានទៅជាសមាជិកនៃប្រជាជាតិថ្មី ឬរាស្ដ្រថ្មីរបស់ព្រះយេហូវ៉ា។ សកម្មពលបរិសុទ្ធបានជួយពួកគាត់ឲ្យមានសមត្ថភាពនិយាយនិងយល់ភាសាជាច្រើន ព្រមទាំងបង្រៀន«ការដ៏រុងរឿងរបស់ព្រះ»។—សកម្មភាព ២:១-១១

រាស្ដ្រថ្មីរបស់ព្រះ

-. (ក) តើពេត្រុសបានប្រាប់អ្វីដល់ជនជាតិយូដានៅបុណ្យថ្ងៃទី៥០? (ខ) តើប្រជាជាតិថ្មីនោះបានកើនឡើងយ៉ាងណាក្នុងប៉ុន្មានឆ្នាំដំបូង?

ព្រះយេហូវ៉ាបានប្រើសាវ័កពេត្រុសដើម្បីអញ្ជើញជនជាតិយូដានិងអ្នកដែលបានដូរសាសនាឲ្យទៅជាសមាជិកនៃប្រជាជាតិថ្មីរបស់លោក គឺក្រុមជំនុំនៃគ្រិស្ដសាសនិកដែលបានត្រូវរើសតាំង។ នៅបុណ្យថ្ងៃទី៥០ ពេត្រុសបានប្រាប់ជនជាតិយូដាដោយចិត្ដក្លាហានថា ពួកគេបានសម្លាប់លោកយេស៊ូ ហើយឥឡូវពួកគេត្រូវព្រមទទួលលោកជា«លោកម្ចាស់និងជាគ្រិស្ដ»របស់ពួកគេ។ ពេលក្រុមមនុស្សសួរថាតើពួកគេគួរធ្វើយ៉ាងណា ពេត្រុសបានប្រាប់ពួកគេថា៖ «ចូរប្រែចិត្ដ ហើយអ្នករាល់គ្នាម្នាក់ៗត្រូវទទួលការជ្រមុជទឹក ដោយនូវនាមលោកយេស៊ូគ្រិស្ដ ដើម្បីឲ្យការខុសឆ្គងរបស់អ្នករាល់គ្នាបានត្រូវអភ័យទោសឲ្យ រួចអ្នករាល់គ្នានឹងទទួលសកម្មពលបរិសុទ្ធរបស់ព្រះជាអំណោយទាន»។ (សកម្មភាព ២:២២, ២៣, ៣៦-៣៨) នៅថ្ងៃនោះ មនុស្សប្រហែលជា៣.០០០នាក់បានទៅជាសមាជិកនៃប្រជាជាតិថ្មីដែលជាអ៊ីស្រាអែលនៃព្រះ។ (សកម្មភាព ២:៤១) ក្រោយមក ពួកសាវ័កបន្ដផ្សព្វផ្សាយដោយចិត្ដខ្នះខ្នែង ហើយមនុស្សកាន់តែច្រើនបានទទួលយកសេចក្ដីពិត។ (សកម្មភាព ៦:៧) ប្រជាជាតិថ្មីនោះបានកើនឡើង។

ក្រោយមក ពួកអ្នកកាន់តាមលោកយេស៊ូបានចាប់ផ្ដើមផ្សព្វផ្សាយដល់ជនជាតិសាម៉ារី។ ពួកគេជាច្រើននាក់បានទទួលយកសេចក្ដីពិត ហើយបានទទួលការជ្រមុជទឹក ប៉ុន្ដែពួកគេមិនបានទទួលសកម្មពលបរិសុទ្ធទេ។ គណៈអភិបាលនៅក្រុងយេរូសាឡិម បានចាត់ពេត្រុសនិងយ៉ូហានឲ្យទៅជួបបងប្អូនថ្មីទាំងនេះដែលជាជនជាតិសាម៉ារី។ សាវ័កទាំងពីរនាក់នេះបានដាក់ដៃលើពួកគេ «ហើយពួកគេចាប់ផ្ដើមទទួលសកម្មពលបរិសុទ្ធរបស់ព្រះ»។ (សកម្មភាព ៨:៥, ៦, ១៤-១៧) តាមរបៀបនេះ ជនជាតិសាម៉ារីទាំងនេះបានត្រូវរើសតាំង ហើយបានទៅជាសមាជិកអ៊ីស្រាអែលនៃព្រះ។

ពេត្រុសបានផ្សព្វផ្សាយដល់កូនេលាសនិងញាតិសន្ដានរួមទាំងមិត្ដភក្ដិរបស់គាត់ (សូមមើលវគ្គ៥)

នៅឆ្នាំ៣៦ គ.ស. ព្រះបានប្រើពេត្រុសដើម្បីអញ្ជើញមនុស្សមួយក្រុមទៀតឲ្យចូលធ្វើជាសមាជិកប្រជាជាតិថ្មីដែលជាអ៊ីស្រាអែលនៃព្រះ។ នេះបានកើតឡើងពេលពេត្រុសបានផ្សព្វផ្សាយដល់នាយទាហានរ៉ូមម្នាក់ឈ្មោះកូនេលាសនិងញាតិសន្ដានរួមទាំងមិត្ដភក្ដិរបស់គាត់។ (សកម្មភាព ១០:២២, ២៤, ៣៤, ៣៥) គម្ពីរប្រាប់ថា កាលដែលពេត្រុសកំពុងនិយាយ ជនជាតិដទៃទាំងអស់ដែលកំពុងស្ដាប់គាត់បានទទួលសកម្មពលបរិសុទ្ធ។ «ពួកអ្នកស្មោះត្រង់ដែលបានមកជាមួយនឹងពេត្រុស គឺពួកអ្នកដែលបានត្រូវគេកាត់ចុងស្បែក បាននឹកអស្ចារ្យក្នុងចិត្ដ ពីព្រោះសកម្មពលបរិសុទ្ធដែលជាអំណោយទានរបស់ព្រះ កំពុងត្រូវចាក់ទៅលើជាតិសាសន៍ដទៃផងដែរ»។ (សកម្មភាព ១០:៤៤, ៤៥) តាំងពីពេលនោះមក ជនជាតិដទៃដែលមិនបានកាត់ចុងស្បែកបានត្រូវអញ្ជើញឲ្យធ្វើជាសមាជិកអ៊ីស្រាអែលនៃព្រះ។

«រាស្ដ្រមួយជាតំណាងនាមរបស់លោក»

៦, ៧. តើសមាជិកប្រជាជាតិថ្មីបានធ្វើអ្វីក្នុងនាមជារាស្ដ្រមួយដែលជាតំណាងនាមរបស់ព្រះយេហូវ៉ា?

នៅកិច្ចប្រជុំមួយនៃគណៈអភិបាលនាឆ្នាំ៤៩ គ.ស. យ៉ាកុបដែលជាអ្នកកាន់តាមគ្រិស្ដបាននិយាយថា៖ «ស៊ីម្មាន[ពេត្រុស] បានរៀបរាប់យ៉ាងល្អិតល្អន់អំពីដំណើរដែលព្រះបានបង្ហាញចំណាប់អារម្មណ៍ជាលើកដំបូងទៅលើប្រជាជាតិនានា ដើម្បីរើសយករាស្ដ្រមួយជាតំណាងនាមរបស់លោក»។ (សកម្មភាព ១៥:១៤) ‹រាស្ដ្រថ្មីនេះដែលជាតំណាងនាមរបស់លោក› រួមមានគ្រិស្ដសាសនិកជនជាតិយូដានិងគ្រិស្ដសាសនិកជនជាតិដទៃ ដែលព្រះបានប្រមូលមកធ្វើជាប្រជាជាតិតែមួយ។ (រ៉ូម ១១:២៥, ២៦) ក្រោយមក ពេត្រុសបានសរសេរថា៖ «ពីមុន អ្នករាល់គ្នាមិនមែនជារាស្ដ្ររបស់ព្រះទេ ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នាជារាស្ដ្ររបស់ព្រះ»។ ពេត្រុសបានពន្យល់អំពីគោលបំណងនៃប្រជាជាតិថ្មីនេះដោយនិយាយថា៖ «អ្នករាល់គ្នាជា‹ពូជសាសន៍ដែលបានត្រូវជ្រើសរើស និងជាសង្ឃដែលមានតំណែងជាស្ដេច ក៏ជាជនជាតិបរិសុទ្ធ និងរាស្ដ្រដែលជាសម្បត្ដិពិសេស ដើម្បីឲ្យអ្នករាល់គ្នាប្រកាសនៅទីជិតឆ្ងាយអំពីគុណសម្បត្ដិប្រសើរថ្លៃថ្លា›របស់លោកដែលបានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹតឲ្យចូលក្នុងពន្លឺដ៏អស្ចារ្យរបស់លោក»។ (ពេត្រុសទី១ ២:៩, ១០) ពួកគាត់ត្រូវធ្វើជាសាក្សីដ៏ក្លាហានរបស់ព្រះយេហូវ៉ា ហើយសរសើរលោកជាសាធារណៈថាលោកជាអ្នកគ្រប់គ្រងសកលលោក។

ពេលនោះ ព្រះយេហូវ៉ាប្រើប្រជាជាតិថ្មីដែលជាអ៊ីស្រាអែលនៃព្រះ ហើយលោកអាចហៅពួកគាត់ជា«រាស្ដ្រដែលអញបានជបសូនសំរាប់តែខ្លួនអញ ដើម្បីឲ្យគេបានសំដែងចេញជាសេចក្ដីសរសើររបស់អញផង»។ (អេសាយ ៤៣:២១) ដោយចិត្ដក្លាហាន ពួកគាត់បានប្រាប់បណ្ដាជនថាព្រះយេហូវ៉ាគឺជាព្រះពិតតែមួយ ហើយព្រះទៀតទាំងអស់គឺជាព្រះមិនពិត។ (ថែស្សាឡូនិចទី១ ១:៩) ពួកគាត់ជាសាក្សីបញ្ជាក់អំពីព្រះយេហូវ៉ានិងលោកយេស៊ូ«នៅក្រុងយេរូសាឡិម នៅតំបន់យូឌាទាំងមូល នៅស្រុកសាម៉ារី និងរហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។—សកម្មភាព ១:៨; កូឡុស ១:២៣

ដូចគ្រិស្ដសាសនិកនៅសតវត្សរ៍ទី១ «កូននៃរាជាណាចក្រ»ដែលជាអ្នករើសតាំង គឺជាសាក្សីរបស់ព្រះយេហូវ៉ា

. តើសាវ័កប៉ូលបានព្រមានអ្វីដល់រាស្ដ្ររបស់ព្រះនៅសតវត្សទី១?

ប៉ូលជាសាក្សីដ៏ក្លាហានម្នាក់ដែលបញ្ជាក់អំពីព្រះយេហូវ៉ា ហើយគាត់បាននិយាយការពារលោកថាជាព្រះពិតតែមួយ សូម្បីតែនៅពេលដែលគាត់និយាយទៅកាន់ពួកទស្សនវិទូដែលមិនកាន់គ្រិស្ដសាសនាក៏ដោយ។ គាត់បានវែកញែកថា ព្រះយេហូវ៉ា«បានបង្កើតពិភពលោកនិងអ្វីៗទាំងអស់ក្នុងពិភពលោក» ហើយថា«លោកជាម្ចាស់មេឃនិងផែនដី»។ (សកម្មភាព ១៧:១៨, ២៣-២៥) ប៉ូលក៏បានព្រមានក្រុមជំនុំនៃគ្រិស្ដសាសនិកដែលបានត្រូវរើសតាំងដែរថា៖ «ខ្ញុំដឹងថា ក្រោយពីខ្ញុំចាកចេញទៅនឹងមានឆ្កែចចកដ៏សាហាវចូលមកក្នុងចំណោមអ្នករាល់គ្នា ហើយនឹងមិនប្រព្រឹត្ដដោយស្លូតបូតចំពោះហ្វូងចៀមទេ ហើយពីចំណោមអ្នករាល់គ្នានឹងមានបុរសខ្លះក្រោកឡើងនិយាយបង្ខុសសេចក្ដីពិត ដើម្បីអូសទាញពួកអ្នកកាន់តាមឲ្យទៅតាមខ្លួនវិញ»។ (សកម្មភាព ២០:២៩, ៣០) នៅចុងសតវត្សរ៍ទី១ មានអ្នកក្បត់ជំនឿជាច្រើននាក់រួចហើយ។—យ៉ូហានទី១ ២:១៨, ១៩

. ក្រោយពីពួកសាវ័កបានស្លាប់ តើអ្វីបានកើតឡើងដល់រាស្ដ្ររបស់ព្រះ?

ក្រោយពីពួកសាវ័កបានស្លាប់ អ្នកក្បត់ជំនឿបានកើនឡើងនៅក្រុមជំនុំនានា ហើយបានបង្កើតនិកាយផ្សេងៗនៃពិភពគ្រិស្ដសាសនា។ ជាជាងធ្វើជារាស្ដ្រមួយដែលជាតំណាងនាមរបស់ព្រះយេហូវ៉ា គ្រិស្ដសាសនិកមិនពិតទាំងនេះបានដកនាមរបស់ព្រះចេញពីសេចក្ដីបកប្រែគម្ពីរផ្សេងៗរបស់ពួកគេ។ ពួកគេក៏បានបង្ខូចកិត្ដិយសព្រះតាមរបៀបផ្សេងៗជាច្រើនទៀតដែរ។ ពួកគេបានធ្វើតាមទំនៀមទម្លាប់ដែលមកពីសាសនាមិនពិត ហើយបានបង្រៀនអំពីជំនឿផ្សេងៗដែលគ្មានមូលដ្ឋានលើគម្ពីរ។ ពួកគេបានច្បាំងក្នុងសង្គ្រាមដែលពួកគេហៅថាសង្គ្រាមបរិសុទ្ធ ហើយអះអាងថាពួកគេច្បាំងដើម្បីព្រះ។ ពួកគេបានប្រព្រឹត្ដអំពើពុករលួយនិងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ អស់រាប់រយឆ្នាំក្រោយពីការក្បត់ជំនឿបានចាប់ផ្ដើម មានអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាតែប៉ុន្មាននាក់ប៉ុណ្ណោះនៅលើផែនដី ហើយគ្មានក្រុមដែលបានត្រូវរៀបចំឡើងដែលជា«រាស្ដ្រមួយជាតំណាងនាមរបស់លោក»ទេ។

រាស្ដ្ររបស់ព្រះបានត្រូវបង្កើតសាជាថ្មី

១០, ១១. (ក) តើលោកយេស៊ូបានប្រកាសអ្វីទុកជាមុនស្ដីអំពី«ស្រូវសាលី»និង«ស្រងែ»? (ខ) តើឧទាហរណ៍របស់លោកយេស៊ូបានសម្រេចយ៉ាងណាក្រោយឆ្នាំ១៩១៤?

១០ លោកយេស៊ូបានប្រើឧទាហរណ៍អំពីស្រូវសាលីនិងស្រងែដើម្បីប្រកាសទុកជាមុនថាការក្បត់ជំនឿនឹងធ្វើឲ្យមនុស្សពិបាកដឹងថាសាសនាមួយណាជាសាសនាពិត។ លោកមានប្រសាសន៍ថា៖ «កាលដែលមនុស្សទាំងឡាយកំពុងដេកលក់» មេកំណាចនឹងសាបព្រោះស្រងែក្នុងវាលដែលកូនមនុស្សបានសាបព្រោះស្រូវសាលី។ ស្រូវសាលីនិងស្រងែទាំងពីរនឹងដុះជាមួយគ្នារហូតដល់«ទីបញ្ចប់របៀបរបបពិភពលោកនេះ»។ លោកបានពន្យល់ថា«គ្រាប់ពូជល្អ»ជាតំណាង«កូននៃរាជាណាចក្រ» ហើយ«ស្រងែគឺជាកូនរបស់មេកំណាច»។ ក្នុងអំឡុងគ្រាចុងបញ្ចប់ កូនមនុស្សនឹងចាត់បណ្ដាទេវតាឲ្យញែកស្រងែចេញពីស្រូវសាលី។ បន្ទាប់មក បណ្ដាទេវតានឹងប្រមូលកូននៃរាជាណាចក្រ។ (ម៉ាថាយ ១៣:២៤-៣០, ៣៦-៤៣) តើនេះបានកើតឡើងយ៉ាងដូចម្ដេច? តើនេះបានបើកឱកាសអ្វីឲ្យព្រះអាចមានម្ដងទៀតនូវអ្នកគោរពប្រណិប័តន៍មួយក្រុមដែលបានត្រូវរៀបចំឡើងនៅផែនដី?

១១ «ទីបញ្ចប់នៃរបៀបរបបពិភពលោក»បានចាប់ផ្ដើមនៅឆ្នាំ១៩១៤។ នៅពេលនោះ មានគ្រិស្ដសាសនិកដែលបានត្រូវរើសតាំងតែប៉ុន្មានពាន់នាក់ប៉ុណ្ណោះនៅលើផែនដី។ ក្នុងអំឡុងសង្គ្រាមដែលបានចាប់ផ្ដើមនៅឆ្នាំនោះ ពួកអ្នករើសតាំងទាំងនេះដែលជា«កូននៃរាជាណាចក្រ» នៅតែនៅក្រោមអំណាចរបស់បាប៊ីឡូនដ៏ខ្លាំងក្លា។ ប៉ុន្ដែនៅឆ្នាំ១៩១៩ ព្រះយេហូវ៉ាបានរំដោះពួកគាត់ ហើយភាពខុសគ្នារវាងគ្រិស្ដសាសនិកពិតទាំងនេះនិងគ្រិស្ដសាសនិកមិនពិតបានត្រូវឲ្យឃើញយ៉ាងច្បាស់។ លោកបានប្រមូល«កូននៃរាជាណាចក្រ»ឲ្យធ្វើជារាស្ដ្រដែលបានត្រូវរៀបចំឡើង ដូចអេសាយបានប្រកាសទុកជាមុនថា៖ «តើនឹងឲ្យស្រុកកើតឡើងក្នុងថ្ងៃតែបានឬ? តើនគរនឹងលេចចេញមកភ្លាមរំពេចអី? ដ្បិតវេលាដែលក្រុងស៊ីយ៉ូនបានឈឺចាប់ នោះក៏បានសំរាលកូនទាំងប៉ុន្មានមកភ្លាម»។ (អេសាយ ៦៦:៨) ក្នុងបរិបទនេះ ស៊ីយ៉ូនជាតំណាងអង្គការរបស់ព្រះយេហូវ៉ាដែលសុទ្ធតែជាបុគ្គលវិញ្ញាណ។ ស៊ីយ៉ូន«បានសំរាលកូន»កាលដែលប្រជាជាតិដែលជាកូនរបស់នាងនៅផែនដីដែលជាអ្នករើសតាំងបានត្រូវបង្កើតឡើង។

១២. តើតាមរបៀបណាពួកអ្នករើសតាំងគឺជារាស្ដ្រមួយដែលជាតំណាងនាមរបស់ព្រះយេហូវ៉ា?

១២ ដូចគ្រិស្ដសាសនិកនៅសតវត្សរ៍ទី១ សព្វថ្ងៃនេះ«កូននៃរាជាណាចក្រ»ដែលជាអ្នករើសតាំង គឺជាសាក្សីរបស់ព្រះយេហូវ៉ា។ (សូមអាន អេសាយ ៤៣:១, ១០, ១១) ពួកគាត់ខុសប្លែកពីមនុស្សទៀត ដោយសារការប្រព្រឹត្ដល្អរបស់ពួកគាត់ជាគ្រិស្ដសាសនិកពិត ហើយដោយសារពួកគាត់ផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រ«ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ»។ (ម៉ាថាយ ២៤:១៤; ភីលីព ២:១៥) ដោយធ្វើដូច្នេះ ពួកគាត់បានជួយមនុស្សរាប់លាននាក់ឲ្យចាប់ផ្ដើមមានចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។—សូមអាន ដានីយ៉ែល ១២:៣

«យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ»

១៣, ១៤. តើអ្នកដែលមិនបានត្រូវរើសតាំងត្រូវធ្វើអ្វីដើម្បីឲ្យព្រះយេហូវ៉ាព្រមទទួលការគោរពប្រណិប័តន៍របស់ពួកគេ? តើនេះបានត្រូវប្រកាសទុកជាមុនក្នុងគម្ពីរយ៉ាងដូចម្ដេច?

១៣ អត្ថបទមុនបានបញ្ជាក់ថានៅអ៊ីស្រាអែលសម័យបុរាណ ព្រះយេហូវ៉ាបានព្រមទទួលការគោរពប្រណិប័តន៍របស់ជនជាតិដទៃ កាលដែលពួកគេគោរពប្រណិប័តន៍ជាមួយនឹងរាស្ដ្ររបស់លោក។ (ពង្សាវតារក្សត្រទី១ ៨:៤១-៤៣) នៅសព្វថ្ងៃនេះ ពួកអ្នកដែលមិនបានត្រូវរើសតាំង ត្រូវគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយនឹងសាក្សីដែលលោកបានរើសតាំង។

១៤ យូរយារមកហើយ អ្នកប្រកាសទំនាយបានប្រកាសទុកជាមុនថាមនុស្សជាច្រើននឹងគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយនឹងរាស្ដ្ររបស់លោកនៅគ្រាចុងបញ្ចប់នេះ។ អេសាយបានប្រកាសទុកជាមុនថា៖ «ប្រជាជាតិជាច្រើន គេនឹងទៅដោយពោលថា៖ ‹ចូរយើងឡើងទៅភ្នំនៃព្រះយេហូវ៉ា ដល់ព្រះវិហារនៃព្រះរបស់ពួកយ៉ាកុបចុះ ទ្រង់នឹងបង្រៀនយើងពីផ្លូវរបស់ទ្រង់ នោះយើងនឹងដើរតាមផ្លូវទាំងនោះ› ដ្បិតក្រិត្យវិន័យនឹងចេញពីក្រុងស៊ីយ៉ូនទៅ ហើយព្រះបន្ទូលនៃព្រះយេហូវ៉ាពីក្រុងយេរូសាឡិមដែរ»។ (អេសាយ ២:២, ៣) សាការីបានប្រកាសទុកជាមុនថា៖ «ជនជាតិជាច្រើននឹងសាសន៍យ៉ាងខ្លាំងពូកែ នឹងមកស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារ នៅក្រុងយេរូសាឡិមដើម្បីទូលអង្វរដល់ទ្រង់»។ មនុស្សមួយក្រុមនេះនឹងចេញពីប្រជាជាតិនានាដែលនិយាយ«ភាសាផ្សេងៗ»។ ពួកគេនឹងគោរពប្រណិប័តន៍ព្រះជាមួយនឹងអ៊ីស្រាអែលនៃព្រះ ហើយនិយាយថា៖ «យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា»។—សាការី ៨:២០-២៣

១៥. តើ«ចៀមទៀត»«ទៅជាមួយនឹង»អ៊ីស្រាអែលនៃព្រះដោយចូលរួមក្នុងកិច្ចការអ្វី?

១៥ «ចៀមទៀត»«ទៅជាមួយនឹង»អ៊ីស្រាអែលនៃព្រះដោយចូលរួមក្នុងកិច្ចផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រ។ (ម៉ាកុស ១៣:១០) ពួកគេទៅជាសមាជិករាស្ដ្ររបស់ព្រះ។ ពួកគេនិងពួកអ្នករើសតាំងជា«ហ្វូងតែមួយ»នៅក្រោម«គង្វាលតែម្នាក់» គឺលោកយេស៊ូគ្រិស្ដ។—សូមអាន យ៉ូហាន ១០:១៤-១៦

ចូរទទួលការការពារជាមួយនឹងរាស្ដ្ររបស់ព្រះយេហូវ៉ា

១៦. តើព្រះយេហូវ៉ានឹងធ្វើអ្វីដែលនឹងនាំឲ្យមានសង្គ្រាមហាម៉ាគេដូន?

១៦ ក្រោយពីបាប៊ីឡូនដ៏ខ្លាំងក្លាបានត្រូវបំផ្លាញ រាស្ដ្ររបស់ព្រះនឹងទទួលការវាយប្រហារយ៉ាងពេញទំហឹង។ យើងនឹងត្រូវការការការពារពីព្រះយេហូវ៉ាដើម្បីរួចជីវិត។ នៅពេលកំណត់របស់លោក ព្រះយេហូវ៉ានឹងបណ្ដាលឲ្យព្រឹត្ដិការណ៍កើតឡើងនៅលើផែនដីដែលនឹងនាំឲ្យមានការវាយប្រហារទៅលើរាស្ដ្ររបស់លោក។ នេះនឹងបណ្ដាលឲ្យមានផ្នែកចុងក្រោយនៃគ្រា«ទុក្ខវេទនាជាខ្លាំង» គឺសង្គ្រាមហាម៉ាគេដូន។ (ម៉ាថាយ ២៤:២១; អេសេគាល ៣៨:២-) កុកនឹងវាយប្រហារ«បណ្ដាមនុស្សដែលបានប្រមូលចេញពីគ្រប់ទាំងសាសន៍»។ (អេសេគាល ៣៨:១០-១២) ពេលនោះកើតឡើង ព្រះយេហូវ៉ានឹងចាត់វិធានការភ្លាមៗដើម្បីជួយសង្គ្រោះរាស្ដ្ររបស់លោក ហើយធ្វើសង្គ្រាមនឹងកុកព្រមទាំងកងទ័ពរបស់វា។ ព្រះយេហូវ៉ានឹងលើកតម្កើងសិទ្ធិគ្រប់គ្រងរបស់លោក ហើយធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធ។ លោកមានប្រសាសន៍ថា៖ «អញនឹងដំកើងខ្លួនអញ ហើយតាំងខ្លួនអញជាបរិសុទ្ធ ព្រមទាំងធ្វើឲ្យសាសន៍ជាច្រើនស្គាល់អញចំពោះភ្នែកផង នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត»។—អេសេគាល ៣៨:១៨-២៣

ក្នុងអំឡុងគ្រា«ទុក្ខវេទនាជាខ្លាំង» យើងត្រូវរក្សាភាពជិតស្និទ្ធជាមួយនឹងក្រុមជំនុំរបស់យើង (សូមមើលវគ្គ១៦-១៨)

១៧, ១៨. (ក) ពេលកុកវាយប្រហាររាស្ដ្ររបស់ព្រះយេហូវ៉ា តើលោកនឹងផ្ដល់ឲ្យពួកគេនូវការណែនាំអ្វី? (ខ) បើយើងចង់ទទួលការការពារពីព្រះយេហូវ៉ា តើយើងត្រូវធ្វើអ្វី?

១៧ ពេលកុកចាប់ផ្ដើមការវាយប្រហារ ព្រះយេហូវ៉ានឹងប្រាប់អ្នកបម្រើរបស់លោកថា៖ «ចូរមក ជនជាតិខ្ញុំអើយ ចូរឲ្យចូលទៅក្នុងបន្ទប់ខ្លួន ហើយបិទទ្វារចុះ ត្រូវឲ្យពួនខ្លួនបន្ដិចសិន ទាល់តែសេចក្ដីក្រោធបានកន្លងហួសទៅ»។ (អេសាយ ២៦:២០) ក្នុងអំឡុងពេលនោះ ព្រះយេហូវ៉ានឹងផ្ដល់ឲ្យយើងនូវការណែនាំអំពីអ្វីដែលយើងត្រូវធ្វើដើម្បីទទួលការការពារ។ «បន្ទប់ខ្លួន»ប្រហែលជាជាប់ទាក់ទងនឹងក្រុមជំនុំនៅតំបន់របស់យើង។

១៨ បើយើងចង់ទទួលការការពារក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង យើងត្រូវទទួលស្គាល់ថា សព្វថ្ងៃនេះព្រះមានរាស្ដ្រមួយនៅលើផែនដី ហើយលោកបានរៀបចំពួកគេជាក្រុមជំនុំផ្សេងៗ។ យើងត្រូវនៅខាងរាស្ដ្ររបស់ព្រះយេហូវ៉ា ហើយរក្សាភាពជិតស្និទ្ធជាមួយនឹងក្រុមជំនុំរបស់យើង។ ដូចអ្នកតែងទំនុកតម្កើងដែរ សូមឲ្យយើងនិយាយដោយអស់ពីចិត្ដថា៖ «ឯសេចក្ដីសង្គ្រោះនោះស្រេចនៅព្រះយេហូវ៉ា សូមឲ្យព្រះពរទ្រង់បាននៅលើរាស្ដ្រទ្រង់ចុះ»។—ទំនុកតម្កើង ៣:៨