លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកគួរផ្លាស់ប្ដូរគំនិតរបស់អ្នកឬទេ?

តើអ្នកគួរផ្លាស់ប្ដូរគំនិតរបស់អ្នកឬទេ?

សាក្សីព្រះយេហូវ៉ាដែលមានវ័យក្មេងមួយក្រុមសម្រេចចិត្ដទៅមើលភាពយន្ដមួយ។ គ្រប់គ្នានៅសាលាកំពុងនិយាយអំពីរឿងនេះថា ភាពយន្ដនេះល្អមើលណាស់។ ពេលពួកគេទៅរោងភាពយន្ដនិងមើលផ្ទាំងរូបភាពនៃភាពយន្ដ ពួកគេឃើញមានសស្ត្រាវុធដ៏ខ្លាំងនិងមានស្ដ្រីស្លៀកពាក់មិនសមរម្យ។ តើសាក្សីព្រះយេហូវ៉ាដែលមានវ័យក្មេងទាំងនេះនឹងធ្វើយ៉ាងណា? តើពួកគេនឹងចូលទៅមើលភាពយន្ដនោះទេ?

ជារៀងរាល់ថ្ងៃ យើងត្រូវធ្វើការសម្រេចចិត្ដដែលអាចធ្វើឲ្យចំណងមិត្ដភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ារឹងមាំជាង ឬខ្សោយជាង។ អ្នកប្រហែលជាសម្រេចចិត្ដធ្វើអ្វីមួយ ប៉ុន្ដែពេលដែលអ្នកគិតច្រើនជាងអំពីរឿងនោះ អ្នកផ្លាស់ប្ដូរគំនិត ហើយសម្រេចចិត្ដធ្វើអ្វីមួយផ្សេងទៀត។ តើអ្នកជាបុគ្គលដែលសង្ស័យលើការសម្រេចចិត្ដដែលអ្នកបានធ្វើ ឬតើអ្នកបានធ្វើអ្វីដែលត្រឹមត្រូវទេ?

ពេលដែលអ្នកមិនគួរផ្លាស់ប្ដូរគំនិតរបស់អ្នក

យើងស្រឡាញ់ព្រះយេហូវ៉ាដល់ម៉្លេះបានជាយើងប្រគល់ជីវិតរបស់យើងជូនលោក ហើយបានទទួលការជ្រមុជទឹក។ យើងបានសន្យាថាយើងនឹងបន្ដស្មោះត្រង់ចំពោះលោក ហើយយើងពិតជាចង់ធ្វើតាមសេចក្ដីសន្យានោះ។ ប៉ុន្ដែ មេកំណាចសាថានដែលជាសត្រូវរបស់យើងនឹងធ្វើអ្វីទាំងអស់ដែលវាអាចធ្វើបានដើម្បីបង្ខូចចិត្ដស្មោះភក្ដីរបស់យើងចំពោះព្រះ។ (ការបើកបង្ហាញ ១២:១៧) យើងបានសម្រេចចិត្ដបម្រើព្រះយេហូវ៉ា និងស្ដាប់បង្គាប់លោក។ បើយើងផ្លាស់ប្ដូរគំនិតរបស់យើង យើងអាចបាត់បង់ជីវិត។

ជាង២.៦០០ឆ្នាំមុន នេប៊ូក្នេសាដែលជាស្ដេចបាប៊ីឡូនបានសង់រូបមាសដ៏ធំមួយ ហើយបានបង្គាប់ឲ្យមនុស្សទាំងអស់គោរពបូជារូបមាសនោះ។ មនុស្សណាម្នាក់ដែលមិនព្រមធ្វើតាម នឹងត្រូវបោះចូលទៅក្នុងគុកភ្លើង។ សាដ្រាក់ មែសាក់ និងអ័បេឌនេកោជាបុរសវ័យក្មេងបីនាក់ដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយពួកគាត់មិនចង់ធ្វើអ្វីដែលលោកមិនពេញចិត្ដឡើយ។ ដូច្នេះ ពួកគាត់មិនព្រមស្ដាប់បង្គាប់ស្ដេចទេ ហើយស្ដេចនេប៊ូក្នេសាបានបោះពួកគាត់ចូលទៅក្នុងគុកភ្លើង។ ព្រះយេហូវ៉ាបានធ្វើអព្ភូតហេតុមួយ ហើយលោកបានសង្គ្រោះជីវិតរបស់ពួកគាត់។ ប៉ុន្ដែ ពួកគាត់បានសុខចិត្ដស្លាប់ជាជាងមិនស្ដាប់បង្គាប់ព្រះ។—ដានីយ៉ែល ៣:១-២៧

ក្រោយមក ដានីយ៉ែលដែលជាអ្នកប្រកាសទំនាយបានដឹងថាបើមានអ្នកទៀតឃើញគាត់អធិដ្ឋានទៅព្រះ គាត់នឹងត្រូវបោះចូលទៅក្នុងរូងសិង្ហ ហើយនឹងត្រូវស្លាប់យ៉ាងអាណោចអាធ័ម។ ប៉ុន្ដែ គាត់បានបន្ដអធិដ្ឋានបីដងក្នុងមួយថ្ងៃ។ គាត់មិនបានផ្លាស់ប្ដូរការសម្រេចចិត្ដគោរពប្រណិប័តន៍ព្រះពិតឡើយ ហើយជាលទ្ធផល ព្រះយេហូវ៉ាបានសង្គ្រោះគាត់«ពីអំណាចសិង្ហ»។—ដានីយ៉ែល ៦:១-២៧

អ្នកបម្រើរបស់ព្រះសព្វថ្ងៃនេះក៏ធ្វើតាមសេចក្ដីសន្យាដែលពួកគេបានធ្វើនឹងព្រះយេហូវ៉ាដែរ ពេលដែលពួកគេបានប្រគល់ជីវិតទៅលោក។ នៅទ្វីបអាហ្វ្រិក សាក្សីវ័យក្មេងមួយក្រុមមិនព្រមគោរពនិមិត្ដរូបជាតិក្នុងពិធីរបស់សាលាឡើយ ហើយពួកគេបានត្រូវគំរាមកំហែងបណ្ដេញចេញពីសាលា។ ក្រោយមក រដ្ឋមន្ដ្រីក្រសួងអប់រំបាននិយាយជាមួយនឹងសាក្សីវ័យក្មេងទាំងនោះ។ ពួកគេមិនបានភ័យខ្លាចទេ ហើយបានពន្យល់យ៉ាងគួរសមអំពីការសម្រេចចិត្ដរបស់ពួកគេដែលមិនព្រមគោរពនិមិត្ដរូបជាតិនោះ។ តាំងពីពេលនោះមក រឿងនេះមិនបានកើតឡើងម្ដងទៀតឡើយ។ ពួកគេអាចទៅសាលាដោយគ្មានការបង្ខិតបង្ខំនេះដែលឲ្យពួកគេមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា។

បងចូសេហ្វក៏បានប្រឈមមុខនឹងការល្បងមួយដែរ ពេលដែលប្រពន្ធរបស់គាត់បានស្លាប់ភ្លាមៗ។ ក្រុមគ្រួសារខាងបងចូសេហ្វបានព្រមធ្វើតាមបំណងប្រាថ្នារបស់គាត់ស្ដីអំពីការរៀបចំពិធីបុណ្យសព។ ប៉ុន្ដែ ក្រុមគ្រួសារខាងប្រពន្ធគាត់មិននៅក្នុងសេចក្ដីពិតទេ ហើយពួកគេចង់បញ្ចូលទំនៀមទម្លាប់ពិធីបុណ្យសពដែលព្រះមិនពេញចិត្ដ។ បងចូសេហ្វនិយាយថា«ពេលខ្ញុំមិនព្រមធ្វើតាមពួកគេសូម្បីតែបន្ដិចក៏ដោយ ពួកគេព្យាយាមបញ្ចុះបញ្ចូលកូនរបស់ខ្ញុំ តែកូនបានរក្សាជំហររឹងមាំ។ ញាតិសន្ដានទាំងនោះក៏បានព្យាយាមចាត់ចែងការកំដរសពនៅផ្ទះរបស់ខ្ញុំដែរ ដែលមនុស្សធ្វើជាទម្លាប់ ប៉ុន្ដែខ្ញុំបានប្រាប់ពួកគេថា បើពួកគេទទូចឲ្យមានការកំដរសព នេះមិនអាចធ្វើឡើងនៅផ្ទះរបស់ខ្ញុំបានឡើយ។ ពួកគេបានដឹងថាការកំដរសពមិនសមស្របនឹងជំនឿរបស់ខ្ញុំនិងប្រពន្ធរបស់ខ្ញុំទេ ដូច្នេះក្រោយពីបានពិភាក្សាគ្នាយ៉ាងយូរ ពួកគេបានធ្វើការកំដរសពនៅកន្លែងផ្សេងទៀត។

«ក្នុងអំឡុងពេលដ៏ពិបាកនេះដែលយើងមានទុក្ខព្រួយ ខ្ញុំបានអង្វរសុំជំនួយពីព្រះយេហូវ៉ាដើម្បីគ្រួសាររបស់យើងមិនបំពានលើច្បាប់របស់លោក។ លោកបានសេចក្ដីអធិដ្ឋានរបស់ខ្ញុំ ហើយលោកបានជួយយើងឲ្យរក្សាជំហររឹងមាំ ទោះជាមានការបង្ខិតបង្ខំក៏ដោយ»។ បងចូសេហ្វនិងកូនរបស់គាត់មិនដែលគិតផ្លាស់ប្ដូរការសម្រេចចិត្ដស្ដាប់បង្គាប់ព្រះយេហូវ៉ាសោះឡើយ។

ពេលដែលអ្នកប្រហែលជាត្រូវផ្លាស់ប្ដូរគំនិតរបស់អ្នក

នៅឆ្នាំ៣២ គ.ស. ស្ដ្រីម្នាក់ដែលមិនមែនជាជនជាតិអ៊ីស្រាអែលបានសុំលោកយេស៊ូបណ្ដេញវិញ្ញាណកំណាចចេញពីកូនស្រីរបស់នាង។ ទោះជានាងបានសុំលោកច្រើនដងក៏ដោយ លោកមិនបានឆ្លើយតបនឹងនាងទេ។ លោកបានពន្យល់អ្នកកាន់តាមលោកថា«ខ្ញុំមិនបានត្រូវចាត់ឲ្យទៅអ្នកណាទេ ក្រៅពីចៀមដែលវង្វេងផ្លូវក្នុងចំណោមជនជាតិអ៊ីស្រាអែល»។ ស្ដ្រីនោះមិនបានឈប់សុំទេ ដូច្នេះលោកយេស៊ូបានប្រាប់នាងថា«គឺមិនត្រឹមត្រូវទេ បើយកនំប៉័ងរបស់កូនក្មេង ហើយបោះទៅឲ្យឆ្កែតូចវិញ»។ នាងបានបង្ហាញថានាងមានជំនឿដ៏ខ្លាំង ដោយឆ្លើយថា«មែនហើយលោក! ប៉ុន្ដែតាមការពិត ឆ្កែតូចស៊ីកម្ទេចនំប៉័ងដែលជ្រុះពីតុរបស់ម្ចាស់វា»។ លោកយេស៊ូបានផ្លាស់ប្ដូរគំនិតរបស់លោក ហើយបានបណ្ដេញវិញ្ញាណកំណាចចេញពីកូនស្រីរបស់នាង។—ម៉ាថាយ ១៥:២១-២៨

ដោយសុខចិត្ដផ្លាស់ប្ដូរគំនិតរបស់លោកពេលដែលសមរម្យ លោកយេស៊ូបានយកតម្រាប់ព្រះយេហូវ៉ា។ ជាឧទាហរណ៍ ពេលដែលជនជាតិអ៊ីស្រាអែលមិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ាដោយគោរពបូជារូបគោមាស លោកបានសម្រេចចិត្ដថា ពួកគេសមនឹងស្លាប់។ ប៉ុន្ដែ ពេលដែលម៉ូសេបានសុំអង្វរលោកកុំសម្លាប់ពួកគេ ព្រះយេហូវ៉ាសុខចិត្ដផ្លាស់ប្ដូរគំនិតរបស់លោក។—និក្ខមនំ ៣២:៧-១៤

ដូចព្រះយេហូវ៉ានិងលោកយេស៊ូ សាវ័កប៉ូលសុខចិត្ដផ្លាស់ប្ដូរគំនិតរបស់គាត់។ ក្នុងអំឡុងពេលដំណើរលើកទី១របស់គាត់ជាសាសនទូត ម៉ាកុសបានចាកចេញពីគាត់។ ហេតុនេះហើយ ប៉ូលមិនចង់យកម៉ាកុសទៅជាមួយ ពេលគាត់ធ្វើដំណើរផ្សេងទៀតទេ។ ប៉ុន្ដែ តាមមើលទៅ នៅពេលក្រោយមកប៉ូលបានឃើញថាម៉ាកុសមានភាពចាស់ទុំ ហើយអាចមានប្រយោជន៍ច្រើនចំពោះគាត់។ ដូច្នេះ ប៉ូលបាននិយាយទៅធីម៉ូថេថា«ចូរយកម៉ាកុសមកជាមួយនឹងអ្នក ព្រោះគាត់មានប្រយោជន៍ចំពោះខ្ញុំសម្រាប់កិច្ចបម្រើ»។—ធីម៉ូថេទី២ ៤:១១

តើយើងរៀនអ្វីខ្លះពីអ្វីទាំងអស់នេះ? ទោះជាព្រះយេហូវ៉ាល្អឥតខ្ចោះក៏ដោយ លោកសុខចិត្ដផ្លាស់ប្ដូរគំនិតរបស់លោក ដោយសារលោកមានចិត្ដមេត្ដាករុណា មានចិត្ដអត់ធ្មត់ និងមានសេចក្ដីស្រឡាញ់។ យើងមិនល្អឥតខ្ចោះ ហើយយើងមិនតែងតែមានគំនិតត្រឹមត្រូវទេ។ ដូច្នេះ យើងមានមូលហេតុកាន់តែច្រើនដើម្បីផ្លាស់ប្ដូរគំនិតរបស់យើងនៅពេលខ្លះ។ ជាឧទាហរណ៍ យើងប្រហែលជាផ្លាស់ប្ដូរទស្សនៈរបស់យើងចំពោះអ្នកទៀត ពេលដែលយើងយល់ច្រើនជាងអំពីស្ថានភាពរបស់ពួកគេ។

ជួនកាល យើងប្រហែលជាត្រូវផ្លាស់ប្ដូរគំនិតរបស់យើងស្ដីអំពីគោលដៅក្នុងកិច្ចបម្រើព្រះ។ យើងប្រហែលជាសិក្សាគម្ពីរនិងទៅកិច្ចប្រជុំ ប៉ុន្ដែយើងប្រហែលជាពន្យារពេលទទួលការជ្រមុជទឹក។ ឬយើងប្រហែលជាអាចធ្វើជាអ្នកត្រួសត្រាយបាន ប៉ុន្ដែយើងស្ទាក់ស្ទើរនឹងចាប់ផ្ដើមធ្វើដូច្នេះ។ បងប្រុសម្នាក់ប្រហែលជាមិនចង់បម្រើជាជំនួយការខាងកិច្ចបម្រើ ឬជាអ្នកចាស់ទុំនៅក្នុងក្រុមជំនុំទេ។ (ធីម៉ូថេទី១ ៣:១) តើអ្នកធ្លាប់មានអារម្មណ៍ដូចនោះទេ? តើអ្នកគិតថាអ្នកអាចផ្លាស់ប្ដូរគំនិតរបស់អ្នកទេ? ព្រះយេហូវ៉ាអញ្ជើញអ្នកឲ្យមានឯកសិទ្ធិទាំងនេះ ហើយសប្បាយរីករាយបម្រើព្រះនិងអ្នកទៀត។

ការផ្លាស់ប្ដូរគំនិតរបស់អ្នកអាចនាំឲ្យមានពរ

បងអេលឡាដែលជាសមាជិកបេតអែលនៅទ្វីបអាហ្វ្រិកនិយាយថា«ពេលដែលខ្ញុំបានមកបេតអែលដំបូង ខ្ញុំមិនដឹងថាខ្ញុំនឹងអាចនៅយូរបានយ៉ាងណាទេ។ ខ្ញុំចង់បម្រើព្រះយេហូវ៉ាអស់ពីចិត្ដ ប៉ុន្ដែខ្ញុំក៏ជិតស្និទ្ធជាមួយនឹងគ្រួសាររបស់ខ្ញុំដែរ។ មុនដំបូង ខ្ញុំនឹកគ្រួសាររបស់ខ្ញុំណាស់! ប៉ុន្ដែបងស្រីដែលរួមបន្ទប់ជាមួយនឹងខ្ញុំបានលើកទឹកចិត្ដខ្ញុំ ដូច្នេះខ្ញុំបានសម្រេចចិត្ដនៅទៅទៀត។ បន្ទាប់ពីនៅបេតអែលបាន១០ឆ្នាំ ខ្ញុំមានអារម្មណ៍ថាខ្ញុំចង់បន្ដបម្រើបងប្អូនរួមជំនឿរបស់ខ្ញុំឲ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន ដោយបន្ដភារកិច្ចរបស់ខ្ញុំជាសមាជិកបេតអែល»។

ពេលដែលអ្នកត្រូវតែផ្លាស់ប្ដូរគំនិតរបស់អ្នក

មានពេលខ្លះដែលយើងប្រាកដជាត្រូវផ្លាស់ប្ដូរគំនិតរបស់យើង។ ជាឧទាហរណ៍ កាអ៊ីនបានច្រណែនប្អូនប្រុសរបស់គាត់ ហើយបាន«ក្ដៅក្រហាយ»។ ព្រះបានឃើញកាអ៊ីនចង់ធ្វើអ្វីមួយដែលអាក្រក់ ហើយបានព្រមានគាត់ឲ្យទប់កំហឹងរបស់គាត់។ ព្រះបានមានប្រសាសន៍ថា អំពើខុសឆ្គង«ដេកនៅមាត់ទ្វារ»តាមព្រះគម្ពីរភាសាខ្មែរសម្រាយ «ក្រាបនៅមាត់ទ្វាររបស់អ្នកដើម្បីជំរុញអ្នកអោយធ្វើតាមវា»។ ប៉ុន្ដែជាជាងផ្លាស់ប្ដូរគំនិតនិងទស្សនៈរបស់គាត់ កាអ៊ីនមិនបានអើពើនឹងការព្រមានរបស់ព្រះឡើយ។ លទ្ធផលដ៏អាក្រក់គឺកាអ៊ីនបានសម្លាប់ប្អូនប្រុសរបស់គាត់!—លោកុប្បត្ដិ ៤:២-

ចុះយ៉ាងណាបើកាអ៊ីនបាន ផ្លាស់ប្ដូរគំនិតរបស់គាត់?

យើងក៏អាចរៀនពីគំរូរបស់ស្ដេចអូសៀសដែរ។ មុនដំបូង គាត់បានស្ដាប់បង្គាប់ព្រះយេហូវ៉ានិងមានចំណងមិត្ដភាពល្អជាមួយនឹងលោក។ ប៉ុន្ដែគួរឲ្យស្ដាយ គាត់បានចាប់ផ្ដើមមានចិត្ដអំនួតយ៉ាងខ្លាំង។ គាត់បានចូលទៅក្នុងវិហារដើម្បីដុតគ្រឿងក្រអូប ទោះជាមានតែពួកសង្ឃប៉ុណ្ណោះដែលបានត្រូវអនុញ្ញាតឲ្យធ្វើដូច្នេះក៏ដោយ។ ពួកសង្ឃបានព្រមានគាត់មិនឲ្យធ្វើទេ ប៉ុន្ដែគាត់មិនបានផ្លាស់ប្ដូរគំនិតរបស់គាត់ឡើយ។ អូសៀសបាន«ក្រេវក្រោធ» ហើយមិនបានអើពើនឹងការព្រមានរបស់ពួកសង្ឃឡើយ។ ដូច្នេះ ព្រះយេហូវ៉ាបានបណ្ដាលឲ្យគាត់កើតឃ្លង់។—របាក្សត្រទី២ ២៦:៣-៥, ១៦-២០

គំរូមួយនៅសម័យយើងអំពីបុគ្គលម្នាក់ដែលត្រូវផ្លាស់ប្ដូរគំនិតរបស់គាត់ គឺបងប្រុសស្យអាឃីមដែលបានទទួលការជ្រមុជទឹកនៅឆ្នាំ១៩៥៥ ប៉ុន្ដែបានត្រូវបណ្ដាច់មិត្ដភាពនៅឆ្នាំ១៩៧៨។ ជាង២០ឆ្នាំក្រោយមក គាត់បានផ្លាស់ប្ដូរចិត្ដគំនិតរបស់គាត់ កែប្រែចិត្ដ ហើយបានត្រឡប់មកសេចក្ដីពិតវិញ។ ពេលដែលអ្នកចាស់ទុំម្នាក់សួរគាត់អំពីមូលហេតុដែលគាត់បានចាំយូរដូច្នេះទើបត្រឡប់មកវិញ បងស្យអាឃីមបាននិយាយថា«ខ្ញុំខឹងផងមានចិត្ដអំនួតផង។ ខ្ញុំស្ដាយក្រោយដែលខ្ញុំបានចាំយូរដូច្នេះ។ ក្នុងអំឡុងពេលដែលខ្ញុំបានត្រូវបណ្ដាច់មិត្ដភាព ខ្ញុំបានដឹងថាសាក្សីព្រះយេហូវ៉ាបង្រៀនសេចក្ដីពិត»។

នៅពេលខ្លះ យើងក៏ប្រហែលជាត្រូវផ្លាស់ប្ដូរការសម្រេចចិត្ដនិងការប្រព្រឹត្ដរបស់យើងដែរ។ កាលណាយើងសុខចិត្ដធ្វើដូច្នេះ ព្រះយេហូវ៉ានឹងពេញចិត្ដយើង។—ទំនុកតម្កើង ៣៤:៨