លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

តើពាក្យរបស់យេរេមាដែលថារ៉ាជែលយំនឹងកូននាងមានអត្ថន័យយ៉ាងណា?

នៅយេរេមា ៣១:១៥ យើងអានថា«ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា៖ ‹មានសូរសំឡេងនៅរ៉ាម៉ា ជាសូរទំនួញនឹងសូរយំយ៉ាងជូរចត់គឺនាងរ៉ាជែលយំនឹងកូននាង ហើយមិនព្រមកំសាន្ដចិត្ដពីដំណើរកូនសោះ ដ្បិតវាវិនាសបាត់ហើយ›»។

កូនប្រុសទាំងពីរនាក់របស់រ៉ាជែលមិនបានស្លាប់មុនរ៉ាជែលឡើយ។ ដូច្នេះ ពាក្យរបស់យេរេមាដែលបានសរសេរ១.០០០ឆ្នាំក្រោយរ៉ាជែលបានស្លាប់អាចមើលទៅដូចជាមិនត្រឹមត្រូវទេ។

យ៉ូសែបជាកូនប្រុសទី១របស់រ៉ាជែល។ (លោកុប្បត្ដិ ៣០:២២-២៤) ក្រោយមក រ៉ាជែលបានស្លាប់ពេលនាងកំពុងសម្រាលកូនប្រុសទី២ដែលមានឈ្មោះបេនយ៉ាមីន។ ដូច្នេះ យើងអាចសួរថា ហេតុអ្វីយេរេមា ៣១:១៥ចែងថា រ៉ាជែលបានយំពីព្រោះកូនប្រុសរបស់នាងបាន«វិនាសបាត់ហើយ»?

យ៉ូសែបមានកូនប្រុសពីរនាក់ គឺម៉ាណាសេនិងអេប្រាអ៊ីម។ (លោកុប្បត្ដិ ៤១:៥០-៥២; ៤៨:១៣-២០) ក្រោយមក កុលសម្ព័ន្ធអេប្រាអ៊ីមបានទៅជាកុលសម្ព័ន្ធដ៏ខ្លាំងក្លាបំផុតនៃរាជាណាចក្រអ៊ីស្រាអែលខាងជើង ហើយបានទៅជាតំណាងកុលសម្ព័ន្ធទាំងដប់នៃរាជាណាចក្រនោះ។ កុលសម្ព័ន្ធដែលមកពីកូនមួយទៀតរបស់រ៉ាជែលគឺបេនយ៉ាមីន បានទៅជាកុលសម្ព័ន្ធមួយនៃរាជាណាចក្រយូដាខាងត្បូង។ ដូច្នេះយើងអាចនិយាយថា រ៉ាជែលជាតំណាងម្ដាយទាំងឡាយនៅស្រុកអ៊ីស្រាអែល ទាំងរាជាណាចក្រខាងជើងទាំងរាជាណាចក្រខាងត្បូង។

នៅពេលដែលសៀវភៅយេរេមាបានត្រូវសរសេរ ជនជាតិអាសស៊ើរបានច្បាំងឈ្នះរាជាណាចក្រអ៊ីស្រាអែលខាងជើងរួចហើយ ហើយមនុស្សជាច្រើននាក់ពីរាជាណាចក្រនោះបានត្រូវចាប់យកទៅជាឈ្លើយសឹក។ ក៏ប៉ុន្ដែ កូនចៅខ្លះរបស់អេប្រាអ៊ីមប្រហែលជាបានរត់ទៅស្រុកយូដា។ នៅឆ្នាំ៦០៧មុន គ.ស. ជនជាតិបាប៊ីឡូនបានច្បាំងឈ្នះរាជាណាចក្រយូដាខាងត្បូងដែលមានកុលសម្ព័ន្ធពីរ ហើយបានចាប់ពួកគេជាឈ្លើយសឹក។ ពួកគេជាច្រើននាក់បានត្រូវចាប់យកទៅក្រុងរ៉ាម៉ាដែលមានចម្ងាយប្រហែលជាគីឡូម៉ែត្រ(ប្រាំម៉ៃល៍) ខាងជើងក្រុងយេរូសាឡិម។ (យេរេមា ៤០:១) ប្រហែលជាពួកគេខ្លះបានត្រូវសម្លាប់នៅស្រុកបេនយ៉ាមីន ជាកន្លែងដែលគេបញ្ចុះសពរ៉ាជែល។ (សាំយូអែលទី១ ១០:២) ដូច្នេះ ការដែលរ៉ាជែលយំ នេះអាចសំដៅលើអារម្មណ៍ទុក្ខព្រួយចំពោះអ្នកស្លាប់ទាំងអស់ពីកុលសម្ព័ន្ធបេនយ៉ាមីន ឬចំពោះពួកអ្នកដែលបានត្រូវគេសម្លាប់នៅជិតក្រុងរ៉ាម៉ា។ ពាក្យរបស់យេរេមាក៏អាចសំដៅលើម្ដាយទាំងអស់នៅអ៊ីស្រាអែលដែលកំពុងយំសោក ដោយសាររាស្ដ្ររបស់ព្រះបានត្រូវសម្លាប់ ឬបានត្រូវចាប់ជាឈ្លើយសឹក។

ទោះជាយ៉ាងណាក៏ដោយ ពាក្យរបស់យេរេមាអំពីការយំសោករបស់រ៉ាជែលចំពោះកូនប្រុសរបស់នាងគឺជាទំនាយ។ ពាក្យទាំងនេះសំដៅលើអ្វីដែលបានកើតឡើងរាប់រយឆ្នាំក្រោយមក ពេលលោកយេស៊ូជាក្មេងតូច។ ស្ដេចហេរ៉ូឌបានបង្គាប់ថា នៅក្រុងបេថ្លេហិមដែលនៅខាងត្បូងក្រុងយេរូសាឡិម កូនប្រុសទាំងអស់ដែលមានអាយុចាប់ពីឆ្នាំចុះត្រូវសម្លាប់។ សូមស្រមៃគិតអំពីសំឡេងឈឺចាប់របស់ម្ដាយទាំងនោះដែលកំពុងយំ ដោយសារកូនប្រុសរបស់ពួកគេបានស្លាប់ ឬបាន«វិនាសបាត់»។ គឺហាក់ដូចជាសំឡេងទាំងនោះអាចរហូតដល់ក្រុងរ៉ាម៉ា ដែលនៅខាងជើងក្រុងយេរូសាឡិម។—ម៉ាថាយ ២:១៦-១៨

ដូច្នេះ ទាំងសម័យយេរេមាទាំងសម័យលោកយេស៊ូ ពាក្យដែលថារ៉ាជែល«យំនឹងកូននាង»បានត្រូវប្រើដើម្បីរៀបរាប់អំពីទុក្ខព្រួយរបស់ម្ដាយជនជាតិយូដា ដោយសារកូនរបស់ពួកគេបានស្លាប់។ ពួកអ្នកដែលបានស្លាប់ ហើយបានទៅ«ស្រុករបស់ខ្មាំងសត្រូវ»ពោលគឺសេចក្ដីស្លាប់ អាចនឹងត្រឡប់មកវិញពេលមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។—យេរេមា ៣១:១៦; កូរិនថូសទី១ ១៥:២៦