លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរធ្វើឲ្យចំណងអាពាហ៍ពិពាហ៍រឹងមាំនិងមានសុភមង្គល

ចូរធ្វើឲ្យចំណងអាពាហ៍ពិពាហ៍រឹងមាំនិងមានសុភមង្គល

«បើគ្មានព្រះយេហូវ៉ាសង់ផ្ទះឡើង នោះពួកជាងដែលសង់ គេធ្វើការជាឥតប្រយោជន៍ទេ»។—ទំនុកតម្កើង ១២៧:១

-. តើគូអាពាហ៍ពិពាហ៍ជួបប្រទះការពិបាកអ្វីខ្លះ? (សូមមើលរូបភាពនៅដើមអត្ថបទ)

ប្ដីម្នាក់ដែលមានសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍អស់រយៈពេល៣៨ឆ្នាំ និយាយថា«បើអ្នកខំប្រឹងយ៉ាងស្មោះ ហើយបង្ហាញថាអ្នកចង់ឲ្យចំណងអាពាហ៍ពិពាហ៍របស់អ្នកបានជោគជ័យ អ្នកអាចទទួលពរពីព្រះយេហូវ៉ា»។ ពិតណាស់ ប្ដីនិងប្រពន្ធអាចសប្បាយជាមួយគ្នា ហើយគាំទ្រគ្នាក្នុងគ្រាពិបាកផ្សេងៗ។—សុភាសិត ១៨:២២

គឺជាការធម្មតាដែលគូអាពាហ៍ពិពាហ៍ជួបប្រទះនឹងការពិបាកខ្លះ។ គម្ពីរហៅនេះថា«ការលំបាកផ្សេងក្នុងជីវិត»។ (កូរិនថូសទី១ ៧:២៨) ហេតុអ្វី? បញ្ហាប្រចាំថ្ងៃអាចបង្កឲ្យមានភាពតានតឹងក្នុងចំណងអាពាហ៍ពិពាហ៍។ ដោយសារប្ដីនិងប្រពន្ធជាមនុស្សមិនល្អឥតខ្ចោះ ជួនកាលពួកគេធ្វើអ្វីនិយាយអ្វីដែលនាំឲ្យគូរបស់ខ្លួនឈឺចិត្ដ ហើយជួនកាលពួកគេយល់ច្រឡំពាក្យសម្ដីគ្នា។ (យ៉ាកុប ៣:២, ៥,) ប្ដីប្រពន្ធជាច្រើននាក់ធ្វើការនឿយហត់ច្រើនម៉ោង ហើយថែមទាំងចិញ្ចឹមអប់រំកូន។ ភាពតានតឹងនិងការអស់កម្លាំងធ្វើឲ្យប្ដីប្រពន្ធពិបាកមានពេលគ្រប់គ្រាន់ដើម្បីពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។ បញ្ហាលុយកាក់ ជំងឺ ឬការពិបាកទៀតអាចធ្វើឲ្យសេចក្ដីស្រឡាញ់និងការគោរពដែលពួកគេមានចំពោះគ្នាចុះខ្សោយបន្ដិចម្ដងៗ។ ម្យ៉ាងទៀត ចំណងអាពាហ៍ពិពាហ៍ដែលមើលទៅដូចជារឹងមាំអាចត្រូវបំផ្លាញដោយ«ការប្រព្រឹត្ដដែលផុសចេញពីភាពខុសឆ្គង» ដូចជាអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ការមានសីលធម៌ធូររលុង ការស្អប់គ្នា ការឈ្លោះប្រកែកគ្នា ការច្រណែន ការច្រឡោតខឹង និងទំនាស់។—កាឡាទី ៥:១៩-២១

អ្វីដែលធ្វើឲ្យបញ្ហាទាំងនេះកាន់តែពិបាកទៅទៀត គឺមនុស្សនៅ«គ្រាចុងក្រោយបង្អស់»នេះ ច្រើនតែគិតពីប្រយោជន៍ខ្លួននិងមិនគោរពព្រះ ចិត្ដគំនិតទាំងនោះអាចបំផ្លាញចំណងអាពាហ៍ពិពាហ៍។ (ធីម៉ូថេទី២ ៣:១-) បន្ថែមទៅទៀត មានសត្រូវដ៏សាហាវម្នាក់បានតាំងចិត្ដបំផ្លាញចំណងអាពាហ៍ពិពាហ៍របស់មនុស្ស។ សាវ័កពេត្រុសព្រមានយើងថា«មេកំណាច ដែលជាសត្រូវរបស់អ្នករាល់គ្នា ដើរក្រវែលដូចតោដែលកំពុងគ្រហឹមរកលេបត្របាក់អ្នកណាម្នាក់»។—ពេត្រុសទី១ ៥:៨; ការបើកបង្ហាញ ១២:១២

. តើតាមរបៀបណាប្ដីប្រពន្ធអាចមានចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំនិងមានសុភមង្គល?

ប្ដីម្នាក់នៅប្រទេសជប៉ុនសារភាពថា«បញ្ហាលុយកាក់បានធ្វើឲ្យខ្ញុំតានតឹងចិត្ដយ៉ាងខ្លាំង ហើយដោយសារខ្ញុំមិនសូវបានប្រាស្រ័យទាក់ទងជាមួយនឹងប្រពន្ធរបស់ខ្ញុំ នាងក៏តានតឹងចិត្ដយ៉ាងខ្លាំងដែរ។ បន្ថែមពីនេះទៀត នាងទើបតែមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ជួនកាល ការតានតឹងចិត្ដនេះបានបណ្ដាលឲ្យយើងឈ្លោះគ្នា»។ ការពិបាកខ្លះនឹងកើតឡើងក្នុងចំណងអាពាហ៍ពិពាហ៍ ប៉ុន្ដែយើងអាចយកឈ្នះការពិបាកទាំងនោះបាន។ ដោយមានជំនួយពីព្រះយេហូវ៉ា ប្ដីប្រពន្ធអាចមានចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំនិងមានសុភមង្គល។ (សូមអាន ទំនុកតម្កើង ១២៧:១) សូមឲ្យយើងពិចារណារបៀបប្រាំយ៉ាងដើម្បីធ្វើឲ្យចំណងអាពាហ៍ពិពាហ៍រឹងមាំនិងស្ថិតស្ថេរ។ យើងក៏នឹងពិនិត្យមើលដែរនូវមូលហេតុដែលសេចក្ដីស្រឡាញ់គឺសំខាន់ចាំបាច់ដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍ឲ្យរឹងមាំ។

ចូរឲ្យព្រះយេហូវ៉ាមានចំណែកក្នុងចំណងអាពាហ៍ពិពាហ៍របស់អ្នក

៥, ៦. តើប្ដីនិងប្រពន្ធអាចធ្វើអ្វីដើម្បីឲ្យព្រះយេហូវ៉ាមានចំណែកក្នុងចំណងអាពាហ៍ពិពាហ៍របស់ពួកគេ?

ពេលប្ដីប្រពន្ធមួយគូស្មោះត្រង់ចំពោះព្រះយេហូវ៉ា ហើយចុះចូលចំពោះលោក ចំណងអាពាហ៍ពិពាហ៍របស់ពួកគេនឹងមានគ្រឹះដ៏រឹងមាំ។ (សូមអាន សាស្ដា ៤:១២) ដោយធ្វើតាមការណែនាំដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ព្រះ ប្ដីនិងប្រពន្ធឲ្យព្រះមានចំណែកក្នុងអាពាហ៍ពិពាហ៍របស់ពួកគេ។ គម្ពីរចែងថា«ឯងរាល់គ្នាបែរទៅខាងស្ដាំ ឬខាងឆ្វេង នោះត្រចៀកនឹងពាក្យពីក្រោយឯងថា៖ ‹គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ›»។ (អេសាយ ៣០:២០, ២១) សព្វថ្ងៃនេះ ប្ដីប្រពន្ធ«»ពាក្យរបស់ព្រះយេហូវ៉ា កាលណាពួកគេអានគម្ពីរជាមួយគ្នា។ (ទំនុកតម្កើង ១:១-) ដោយមានការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជាទៀងទាត់ដែលសប្បាយនិងដែលលើកទឹកចិត្ដ នោះពួកគេធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់ពួកគេកាន់តែរឹងមាំថែមទៀត។ ម្យ៉ាងវិញទៀត ពេលប្ដីប្រពន្ធអធិដ្ឋានជាមួយគ្នារាល់ថ្ងៃ ពួកគេមានចំណងអាពាហ៍ពិពាហ៍ដែលអាចទប់ទល់នឹងការវាយប្រហារពីពិភពលោកសាថាន។

ពេលប្ដីនិងប្រពន្ធបម្រើព្រះយេហូវ៉ាជាមួយគ្នា ពួកគេកាន់តែជិតស្និទ្ធនឹងព្រះនិងគូរបស់ខ្លួន ព្រមទាំងមានសុភមង្គលក្នុងចំណងអាពាហ៍ពិពាហ៍ (សូមមើលវគ្គ៥, ៦)

បងប្រុសហ្គេហាតពីប្រទេសអាឡឺម៉ង់និយាយថា«ពេលណាយើងមិនសូវមានអំណរ ដោយសារបញ្ហាការយល់ច្រឡំផ្សេងៗ ឱវាទពីបណ្ដាំរបស់ព្រះបានជួយយើងបណ្ដុះឲ្យមានចិត្ដអត់ធ្មត់ ហើយចេះអភ័យទោស»។ គាត់បន្ថែមថា គុណសម្បត្ដិទាំងនេះគឺសំខាន់ចាំបាច់ក្នុងអាពាហ៍ពិពាហ៍ដែលមានជោគជ័យ។ ពេលប្ដីនិងប្រពន្ធព្យាយាមឲ្យព្រះមានចំណែកជានិច្ចក្នុងចំណងអាពាហ៍ពិពាហ៍របស់ពួកគេដោយបម្រើលោកជាមួយគ្នា នោះពួកគេបន្ដនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា ហើយពង្រឹងទំនាក់ទំនងជាមួយគ្នា។

ប្ដីដែលជាប្រមុខដែលមានសេចក្ដីស្រឡាញ់ចំពោះក្រុមគ្រួសារ

. តើប្ដីគួរប្រព្រឹត្ដយ៉ាងណាចំពោះប្រពន្ធរបស់គាត់?

របៀបដែលប្ដីនាំមុខគ្រួសាររបស់គាត់អាចជួយធ្វើឲ្យចំណងអាពាហ៍ពិពាហ៍រឹងមាំនិងមានសុភមង្គល។ គម្ពីរចែងថា«ប្រមុខរបស់បុរសទាំងឡាយគឺគ្រិស្ដ ឯប្រមុខរបស់ស្ដ្រីទាំងឡាយគឺបុរស»។ (កូរិនថូសទី១ ១១:៣) តើនេះមានអត្ថន័យយ៉ាងណា? ប្ដីគួរតែប្រព្រឹត្ដចំពោះប្រពន្ធរបស់គាត់ដូចលោកយេស៊ូបានប្រព្រឹត្ដចំពោះអ្នកកាន់តាមរបស់លោក។ លោកមិនដែលប្រព្រឹត្ដដោយឃោរឃៅ ឬឥតមេត្ដាឡើយ។ លោកយេស៊ូតែងតែស្លូត សប្បុរស សមហេតុសមផល មានចិត្ដរាបទាប ហើយប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់។—ម៉ាថាយ ១១:២៨-៣០

. តើតាមរបៀបណាប្ដីអាចទទួលសេចក្ដីស្រឡាញ់និងការគោរពពីប្រពន្ធរបស់គាត់?

ប្ដីដែលជាគ្រិស្ដសាសនិកមិនចាំបាច់ទាមទារការគោរពពីប្រពន្ធរបស់គាត់ទេ។ ផ្ទុយទៅវិញ គាត់«បន្ដរួមរស់ជាមួយនឹងប្រពន្ធដោយស្គាល់ចិត្ដនាងច្បាស់ ហើយដោយឲ្យកិត្ដិយសដល់នាងជាភាជនៈខ្សោយជាង ជាស្ដ្រីភេទ»។ (ពេត្រុសទី១ ៣:៧) ពេលនៅមុខអ្នកទៀតនិងពេលនៅតែពីរនាក់ ប្ដីគួរប្រើពាក្យដែលគោរពប្រពន្ធ ហើយបង្ហាញចិត្ដមេត្ដាករុណា។ ប្ដីបង្ហាញថាប្រពន្ធរបស់គាត់មានតម្លៃ តាមរយៈរបៀបដែលគាត់ប្រព្រឹត្ដចំពោះប្រពន្ធ និងរបៀបដែលគាត់និយាយទៅនាង។ (សុភាសិត ៣១:២៨) ពេលប្ដីប្រព្រឹត្ដចំពោះប្រពន្ធរបស់គាត់ដោយសេចក្ដីស្រឡាញ់ នាងនឹងស្រឡាញ់និងគោរពគាត់ ហើយព្រះយេហូវ៉ានឹងឲ្យពរទៅលើចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។

ប្រពន្ធដែលមានចិត្ដរាបទាបនិងចុះចូលនឹងប្ដី

. តើតាមរបៀបណាប្រពន្ធអាចបង្ហាញថានាងចុះចូលនឹងប្ដី?

សេចក្ដីស្រឡាញ់ដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនដែលយើងមានចំពោះព្រះយេហូវ៉ា ហើយដែលមានមូលដ្ឋានលើគោលការណ៍របស់លោក នឹងជួយយើងឲ្យបន្ទាបខ្លួន«ក្រោមដៃដ៏ខ្លាំងក្លារបស់ព្រះ»។ (ពេត្រុសទី១ ៥:៦) របៀបដ៏សំខាន់មួយដែលប្រពន្ធបង្ហាញការគោរពចំពោះអំណាចរបស់ព្រះយេហូវ៉ាគឺដោយសហការជាមួយនឹងប្ដីរបស់នាង។ គម្ពីរចែងថា«ប្រពន្ធទាំងឡាយអើយ ចូរចុះចូលនឹងប្ដី ព្រោះធ្វើបែបនេះគឺសមរម្យសម្រាប់អ្នកកាន់តាមលោកម្ចាស់»។ (កូឡុស ៣:១៨) ពិតមែនតែប្រពន្ធប្រហែលជាមិនចូលចិត្ដការសម្រេចចិត្ដទាំងអស់របស់ប្ដីនាង ប៉ុន្ដែដរាបណាការសម្រេចចិត្ដរបស់គាត់មិនប្រឆាំងនឹងច្បាប់របស់ព្រះ ដរាបនោះប្រពន្ធដែលចុះចូលចំពោះប្ដីនឹងចង់សហការជាមួយនឹងប្ដីរបស់នាង។—ពេត្រុសទី១ ៣:១

១០. ហេតុអ្វីការចុះចូលដោយសេចក្ដីស្រឡាញ់គឺសំខាន់?

១០ ព្រះយេហូវ៉ាបានឲ្យប្រពន្ធនូវតួនាទីដ៏មានកិត្ដិយសក្នុងគ្រួសារ។ ប្រពន្ធគឺជា‹ដៃគូ›របស់ប្ដីនាង។ (ម៉ាឡាគី ២:១៤) ពេលប្ដីប្រពន្ធធ្វើការសម្រេចចិត្ដជាមួយគ្នាសម្រាប់គ្រួសារ ប្រពន្ធនិយាយដោយគោរពអំពីអ្វីដែលនាងគិតនិងអារម្មណ៍របស់នាង ប៉ុន្ដែនាងនៅតែចុះចូល។ ប្ដីដែលមានគំនិតឈ្លាសវៃនឹងយកចិត្ដទុកដាក់ស្ដាប់នូវអ្វីដែលប្រពន្ធរបស់គាត់និយាយ។ (សុភាសិត ៣១:១០-៣១) ការចុះចូលដោយសេចក្ដីស្រឡាញ់អាចនាំឲ្យមានអំណរ សន្ដិភាព ហើយមានសុខដុមរមនាក្នុងគ្រួសារ។ ជាលទ្ធផល ប្ដីនិងប្រពន្ធអាចមានអារម្មណ៍ស្កប់ចិត្ដ ដោយសារពួកគេដឹងថាពួកគេកំពុងធ្វើឲ្យព្រះពេញចិត្ដ។—អេភេសូរ ៥:២២

ចូរបន្ដអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ

១១. ហេតុអ្វីការអភ័យទោសគឺសំខាន់ចាំបាច់?

១១ ដើម្បីមានចំណងអាពាហ៍ពិពាហ៍ដែលស្ថិតស្ថេរ ប្ដីនិងប្រពន្ធត្រូវរៀនអភ័យទោសឲ្យគ្នាទៅវិញទៅមក។ ពេលប្ដីប្រពន្ធ«ទ្រាំទ្រគ្នាទៅវិញទៅមក ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ» ពួកគេពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។ (កូឡុស ៣:១៣) ប៉ុន្ដែ ចំណងអាពាហ៍ពិពាហ៍នឹងទៅជាខ្សោយ កាលណាប្ដីប្រពន្ធមិនព្រមបំភ្លេចកំហុសពីអតីតកាល ហើយប្រើកំហុសទាំងនោះដើម្បីធ្វើឲ្យគូរបស់ខ្លួនឈឺចិត្ដ។ ដូចជាស្នាមប្រេះអាចធ្វើឲ្យអគារមួយមិនរឹងមាំ អារម្មណ៍ឈឺចាប់និងកំហឹងធ្វើឲ្យប្ដីប្រពន្ធកាន់តែពិបាកអភ័យទោសឲ្យគ្នានិងពិបាកសហការគ្នា។ ប៉ុន្ដែ ចំណងអាពាហ៍ពិពាហ៍ទៅជារឹងមាំជាង ពេលប្ដីនិងប្រពន្ធអភ័យទោសឲ្យគ្នាទៅវិញទៅមក ដូចព្រះយេហូវ៉ាអភ័យទោសឲ្យពួកគេ។—មីកា ៧:១៨, ១៩

១២. តើសេចក្ដីស្រឡាញ់គ្របបាំង«ការខុសឆ្គងជាច្រើន»យ៉ាងដូចម្ដេច?

១២ សេចក្ដីស្រឡាញ់ពិត«មិនចាំទុកក្នុងចិត្ដនូវអ្វីដែលគេធ្វើឲ្យយើងឈឺចិត្ដ»ទេ។ តាមពិត «សេចក្ដីស្រឡាញ់គ្របបាំងការខុសឆ្គងជាច្រើន»។ (កូរិនថូសទី១ ១៣:៤, ៥; សូមអាន ពេត្រុសទី១ ៤:៨) ដូច្នេះបើយើងស្រឡាញ់អ្នកទៀត យើងអាចអភ័យទោសឲ្យពួកគេទោះជាពួកគេធ្វើខុសប៉ុន្មានដងក៏ដោយ។ ពេលសាវ័កពេត្រុសបានសួរថា តើគាត់គួរអភ័យទោសឲ្យអ្នកណាម្នាក់ប៉ុន្មានដង? លោកយេស៊ូបានតបថា«រហូតដល់ចិតសិបប្រាំពីរដង»។ (ម៉ាថាយ ១៨:២១, ២២) តើលោកយេស៊ូចង់បញ្ជាក់អំពីអ្វី? លោកចង់មានប្រសាសន៍ថាគ្រិស្ដសាសនិកគួរអភ័យទោសឲ្យអ្នកទៀតទោះជាពួកគេធ្វើខុសប៉ុន្មានដងក៏ដោយ * (សូមមើលកំណត់សម្គាល់)។—សុភាសិត ១០:១២

១៣. តើតាមរបៀបណាយើងអាចយកឈ្នះអារម្មណ៍មិនចង់អភ័យទោសឲ្យគ្នា?

១៣ បងស្រីអាណេតពីប្រទេសអាឡឺម៉ង់និយាយថា«បើប្ដីប្រពន្ធមិនចង់អភ័យទោសឲ្យគ្នា ការតូចចិត្ដនិងការមិនទុកចិត្ដគ្នានឹងមានកាន់តែខ្លាំង ហើយនោះនឹងបំផ្លាញចំណងអាពាហ៍ពិពាហ៍។ ការអភ័យទោសឲ្យគ្នាពង្រឹងចំណងអាពាហ៍ពិពាហ៍ ហើយនាំឲ្យអ្នកជិតស្និទ្ធនឹងគ្នាជាង»។ ចូរចេះអរគុណនិងបង្ហាញការដឹងគុណ។ សូមរកចំណុចល្អផ្សេងនៃគូរបស់អ្នកដើម្បីសរសើរគាត់។ ដោយធ្វើដូច្នេះ អ្នកនឹងអាចយកឈ្នះអារម្មណ៍មិនចង់អភ័យទោសឲ្យគ្នា។ (កូឡុស ៣:១៥) ជាលទ្ធផល អ្នកនឹងមានសេចក្ដីសុខសាន្ដក្នុងចិត្ដ សាមគ្គីភាព ហើយទទួលការពេញចិត្ដពីព្រះ។—រ៉ូម ១៤:១៩

ចូរអនុវត្ដគោលការណ៍ដ៏ល្បីល្បាញ

១៤, ១៥. តើគោលការណ៍ដ៏ល្បីល្បាញជាអ្វី? តើការអនុវត្ដគោលការណ៍ដ៏ល្បីល្បាញនេះអាចពង្រឹងចំណងអាពាហ៍ពិពាហ៍យ៉ាងដូចម្ដេច?

១៤ អ្នកទំនងជាចង់ឲ្យគេប្រព្រឹត្ដចំពោះអ្នកដោយភាពថ្លៃថ្នូរនិងដោយការគោរព។ អ្នកមានចិត្ដដឹងគុណពេលអ្នកទៀតស្ដាប់អ្នកនិងយកចិត្ដទុកដាក់ចំពោះអារម្មណ៍របស់អ្នក។ ប៉ុន្ដែ តើអ្នកធ្លាប់អ្នកណាម្នាក់និយាយថា«ខ្ញុំនឹងធ្វើដាក់គាត់ដូចអ្វីដែលគាត់បានធ្វើដាក់ខ្ញុំ»ទេ? ជួនកាល យើងយល់ប្រតិកម្មបែបនេះ។ ក៏ប៉ុន្ដែ គម្ពីរប្រាប់យើងថា«កុំឲ្យពោលដូច្នេះឡើយថា‹អញនឹងប្រព្រឹត្ដដល់គេ ដូចជាគេបានប្រព្រឹត្ដដល់អញដែរ›»។ (សុភាសិត ២៤:២៩) លោកយេស៊ូបានបង្រៀនមនុស្សអំពីការប្រព្រឹត្ដដ៏ល្អបំផុតពេលមានស្ថានភាពពិបាកផ្សេងៗ។ ប្រសាសន៍របស់លោកយេស៊ូដែលច្រើនតែបានត្រូវហៅថាគោលការណ៍ដ៏ល្បីល្បាញ គឺ «ចូរប្រព្រឹត្ដទៅលើអ្នកទៀត ដូចអ្នកចង់ឲ្យពួកគេប្រព្រឹត្ដមកលើអ្នក»។ (លូកា ៦:៣១) លោកយេស៊ូចង់មានប្រសាសន៍ថា យើងគួរប្រព្រឹត្ដទៅលើមនុស្សដូចយើងចង់ឲ្យគេប្រព្រឹត្ដមកលើយើង មិនមែនដូចគេប្រព្រឹត្ដមកលើយើងទេ។ នេះមានន័យថា យើងចង់បានចំណងអាពាហ៍ពិពាហ៍បែបណា យើងត្រូវប្រព្រឹត្ដយ៉ាងនោះដែរ។

យើងចង់បានចំណងអាពាហ៍ពិពាហ៍បែបណា យើងត្រូវប្រព្រឹត្ដយ៉ាងនោះដែរ

១៥ ប្ដីប្រពន្ធពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ពួកគេ ពេលពួកគេពិតជាយកចិត្ដទុកដាក់ចំពោះអារម្មណ៍របស់គ្នាទៅវិញទៅមក។ ប្ដីម្នាក់នៅប្រទេសអាហ្វ្រិកខាងត្បូងនិយាយថា«យើងបានព្យាយាមអនុវត្ដគោលការណ៍ដ៏ល្បីល្បាញ។ ពិតមែន មានពេលខ្លះដែលយើងមិនសប្បាយចិត្ដ ប៉ុន្ដែយើងបានខំប្រឹងប្រព្រឹត្ដចំពោះគ្នាទៅវិញទៅមកដូចយើងចង់ឲ្យគូរបស់យើងប្រព្រឹត្ដមកលើខ្លួន ពោលគឺដោយភាពថ្លៃថ្នូរនិងដោយការគោរព»។

១៦. តើប្ដីនិងប្រពន្ធមិនគួរប្រព្រឹត្ដយ៉ាងណាចំពោះគ្នាទៅវិញទៅមក?

១៦ សូមកុំប្រាប់អ្នកទៀតអំពីភាពទន់ខ្សោយនៃគូរបស់អ្នក ឬបន្ដត្អូញត្អែរអំពីលក្ខណៈរបស់គាត់ដែលអ្នកទើសចិត្ដ សូម្បីតែក្នុងការនិយាយលេងសើចក៏ដោយ។ សូមចាំថា អាពាហ៍ពិពាហ៍មិនមែនជាការប្រកួតប្រជែងគ្នាដើម្បីបង្ហាញថាអ្នកណាខ្លាំងជាង អ្នកណាអាចស្រែកជាង ឬអ្នកណាអាចនិយាយពាក្យដែលធ្វើឲ្យឈឺចិត្ដខ្លាំងជាងគេនោះទេ។ ពិតមែន យើងទាំងអស់គ្នាជាមនុស្សមិនល្អឥតខ្ចោះ ហើយជួនកាលធ្វើឲ្យអ្នកទៀតមិនសប្បាយចិត្ដ។ ប៉ុន្ដែគ្មានមូលហេតុសមត្រឹមត្រូវសោះឡើយ ដែលប្ដីប្រពន្ធធ្វើឲ្យគូរបស់ខ្លួនអាម៉ាស់មុខ ប្រើពាក្យដែលធ្វើឲ្យឈឺចិត្ដពេលនិយាយជាមួយគ្នា ឬអាក្រក់ជាងនេះ ច្រាន ឬវាយគ្នា។—សូមអាន សុភាសិត ១៧:២៧; ៣១:២៦

១៧. តើតាមរបៀបណាប្ដីអាចប្រព្រឹត្ដតាមគោលការណ៍ដ៏ល្បីល្បាញ?

១៧ នៅក្នុងវប្បធម៌ខ្លះ បុរសសម្លុតវាយប្រពន្ធរបស់ពួកគេដើម្បីបង្ហាញថាពួកគេខ្លាំងពូកែ។ ប៉ុន្ដែ គម្ពីរចែងថា«អ្នកណាដែលយឺតនឹងខឹង នោះវិសេសជាងអ្នកដែលមានកំឡាំងខ្លាំង ហើយអ្នកណាដែលឈ្នះចិត្ដខ្លួន ក៏វិសេសជាងអ្នកដែលឈ្នះយកបានទីក្រុងទៅទៀត»។ (សុភាសិត ១៦:៣២) បុគ្គលម្នាក់ត្រូវការកម្លាំងចិត្ដខ្លាំងដើម្បីបង្ហាញការចេះទប់ចិត្ដដូចលោកយេស៊ូគ្រិស្ដ ដែលជាបុរសដ៏ឧត្ដមបំផុតដែលធ្លាប់រស់នៅ។ បុរសដែលសម្លុតវាយប្រពន្ធរបស់គាត់គឺជាបុរសទន់ខ្សោយដែលនឹងបាត់បង់ចំណងមិត្ដភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ា។ ដាវីឌដែលជាអ្នកតែងទំនុកតម្កើងដែលជាបុរសខ្លាំងពូកែនិងក្លាហានម្នាក់ បាននិយាយថា«ចូរមានចិត្ដញ័រចុះ[ខឹង] តែកុំឲ្យធ្វើបាបឡើយ។ ចូររំពឹងគិតនៅក្នុងចិត្ដ ក្នុងកាលដែលដេកលើដំណេក ហើយនៅស្ងៀមចុះ»។—ទំនុកតម្កើង ៤:៤

«ចូរបំពាក់ខ្លួនដោយសេចក្ដីស្រឡាញ់»

១៨. ហេតុអ្វីការបន្ដបង្ហាញសេចក្ដីស្រឡាញ់គឺជាការសំខាន់?

១៨ សូមអាន កូរិនថូសទី១ ១៣:៤-សេចក្ដីស្រឡាញ់គឺជាគុណសម្បត្ដិដ៏សំខាន់បំផុតក្នុងចំណងអាពាហ៍ពិពាហ៍។ គម្ពីរចែងថា«ចូរបំពាក់ខ្លួនដោយសេចក្ដីមេត្ដាករុណាដ៏ជ្រាលជ្រៅបំផុត សេចក្ដីសប្បុរស ចិត្ដរាបទាប ចិត្ដស្លូតបូត និងចិត្ដធ្ងន់។ ប៉ុន្ដែក្រៅពីការទាំងនេះ ចូរបំពាក់ខ្លួនដោយសេចក្ដីស្រឡាញ់ ព្រោះនោះជាចំណងដែលធ្វើឲ្យមានសាមគ្គីភាពល្អឥតខ្ចោះ»។ (កូឡុស ៣:១២, ១៤) ប្ដីនិងប្រពន្ធត្រូវបង្ហាញសេចក្ដីស្រឡាញ់ដែលមិនគិតពីប្រយោជន៍ខ្លួន ដោយយកតម្រាប់លោកយេស៊ូគ្រិស្ដដែលសុខចិត្ដលះបង់ជីវិតរបស់លោកសម្រាប់អ្នកទៀត។ បើអាពាហ៍ពិពាហ៍មានមូលដ្ឋានលើសេចក្ដីស្រឡាញ់បែបនេះ នោះអាពាហ៍ពិពាហ៍នឹងរឹងមាំ ទោះជាគូអាពាហ៍ពិពាហ៍មានទម្លាប់ណាក៏ដោយដែលធ្វើឲ្យទាស់ចិត្ដ បញ្ហាសុខភាពធ្ងន់ធ្ងរ បញ្ហាលុយកាក់ដែលធ្វើឲ្យតានតឹងចិត្ដ និងបញ្ហាជាមួយសាច់ថ្លៃក៏ដោយ។

១៩, ២០. () តើតាមរបៀបណាប្ដីប្រពន្ធអាចធ្វើឲ្យចំណងអាពាហ៍ពិពាហ៍រឹងមាំនិងមានសុភមង្គល? () តើយើងនឹងពិភាក្សាអ្វីនៅអត្ថបទបន្ទាប់?

១៩ សេចក្ដីស្រឡាញ់ ភក្ដីភាព និងការខំប្រឹងយ៉ាងស្មោះគឺចាំបាច់ដើម្បីមានអាពាហ៍ពិពាហ៍ដែលមានជោគជ័យ។ កាលណាមានការពិបាកផ្សេងៗ គូអាពាហ៍ពិពាហ៍មិនគួរអស់សង្ឃឹមចំពោះអាពាហ៍ពិពាហ៍របស់ពួកគេឡើយ។ ពួកគេគួរតាំងចិត្ដមានទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងគ្នា។ ប្ដីប្រពន្ធដែលស្រឡាញ់ព្រះយេហូវ៉ានិងស្រឡាញ់គ្នាទៅវិញទៅមកគួរតាំងចិត្ដដោះស្រាយបញ្ហារបស់ពួកគេ ដោយសារ«សេចក្ដីស្រឡាញ់មិនចេះសាបសូន្យឡើយ»។—កូរិនថូសទី១ ១៣:៨; ម៉ាថាយ ១៩:៥, ៦; ហេប្រឺ ១៣:៤

២០ ជាពិសេស ការធ្វើឲ្យចំណងអាពាហ៍ពិពាហ៍រឹងមាំនិងមានសុភមង្គលគឺពិបាកណាស់នៅគ្រាដ៏«លំបាក»នេះ។ (ធីម៉ូថេទី២ ៣:១) ទោះជាយ៉ាងនោះក្ដី ដោយមានជំនួយពីព្រះយេហូវ៉ា យើងអាចធ្វើបាន។ ប៉ុន្ដែ ប្ដីប្រពន្ធក៏ត្រូវតយុទ្ធដែរនឹងពិភពលោកដែលគិតហួសហេតុពេកអំពីការរួមភេទ។ នៅអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីរបៀបដែលប្ដីនិងប្រពន្ធអាចរក្សាចំណងអាពាហ៍ពិពាហ៍របស់ពួកគេឲ្យរឹងមាំ។

^ ???? 12 ទោះជាប្ដីប្រពន្ធព្យាយាមអភ័យទោសឲ្យគ្នា និងដោះស្រាយការពិបាករបស់ពួកគេក៏ដោយ គម្ពីរចែងថា គូអាពាហ៍ពិពាហ៍ម្នាក់ដែលគ្មានកំហុសមានសិទ្ធិសម្រេចចិត្ដថា អភ័យទោសលែងលះគូដែលបានប្រព្រឹត្ដអំពើផិតក្បត់។ (ម៉ាថាយ ១៩:៩) សូមមើលសេចក្ដីពន្យល់បន្ថែម«ការណែនាំក្នុងគម្ពីរស្ដីអំពីការលែងលះគ្នានិងការបែកលំនៅសង្វាស»នៅទំព័រ២៥១-២៥៣ ក្នុងសៀវភៅ«ព្រះស្រឡាញ់»។