លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរឲ្យព្រះយេហូវ៉ាពង្រឹងនិងការពារចំណងអាពាហ៍ពិពាហ៍របស់អ្នក

ចូរឲ្យព្រះយេហូវ៉ាពង្រឹងនិងការពារចំណងអាពាហ៍ពិពាហ៍របស់អ្នក

«បើគ្មានព្រះយេហូវ៉ាថែរក្សាទីក្រុង នោះពួកយាមល្បាតគេចាំយាមជាឥតប្រយោជន៍ដែរ»។—ទំនុកតម្កើង ១២៧:១

១, ២. () ហេតុអ្វីជនជាតិអ៊ីស្រាអែល២៤.០០០នាក់បានបាត់បង់រង្វាន់ដ៏អស្ចារ្យ? () ហេតុអ្វីកំណត់ហេតុនេះសំខាន់ចំពោះយើង?

មិនយូរប៉ុន្មានមុនប្រជាជាតិអ៊ីស្រាអែលចូលស្រុកដែលព្រះបានសន្យា បុរសរាប់ម៉ឺននាក់បានប្រព្រឹត្ដអំពើ«សហាយស្មន់នឹងពួកកូនស្រីរបស់សាសន៍ម៉ូអាប់»។ ជាលទ្ធផល ជនជាតិអ៊ីស្រាអែល២៤.០០០នាក់បានស្លាប់។ ពួកគេបានចាំយ៉ាងយូរដើម្បីទទួលកេរដំណែលរបស់ពួកគេ ហើយជិតនឹងទទួលកេរដំណែលនោះ! គួរឲ្យស្ដាយណាស់ ពួកគេបានបាត់បង់រង្វាន់ដ៏អស្ចារ្យ ដោយសារពួកគេបានចុះចាញ់ការល្បួងដោយពួកគេប្រព្រឹត្ដអំពើប្រាសចាកសីលធម៌។—ជនគណនា ២៥:១-៥,

គំរូដ៏គួរឲ្យខ្លោចផ្សានោះ«បានត្រូវកត់ទុកជាការព្រមានដល់យើងដែលរស់នៅគ្រាចុងបញ្ចប់នៃសម័យនេះ»។ (កូរិនថូសទី១ ១០:៦-១១) យើងរស់នៅជិតទីបញ្ចប់នៃ«គ្រាចុងក្រោយបង្អស់» ហើយជិតនឹងចូលពិភពលោកថ្មី។ (ធីម៉ូថេទី២ ៣:១; ពេត្រុសទី២ ៣:១៣) ប៉ុន្ដែ គួរឲ្យស្ដាយណាស់ បុគ្គលខ្លះដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ាបានបន្ធូរបន្ថយខ្នាតតម្រាសីលធម៌ដែលពួកគេធ្លាប់មាន ហើយបានចុះចាញ់ការល្បួងដោយប្រព្រឹត្ដអំពើប្រាសចាកសីលធម៌។ ឥឡូវ ពួកគេកំពុងទទួលលទ្ធផលអាក្រក់ពីការប្រព្រឹត្ដរបស់ពួកគេ ហើយបើពួកគេមិនប្រែចិត្ដ ពួកគេអាចបាត់បង់ឱកាសរស់ជារៀងរហូតនៅផែនដីជាសួនឧទ្យានទៀតផង។

. ហេតុអ្វីគូអាពាហ៍ពិពាហ៍ត្រូវការការណែនាំពីព្រះយេហូវ៉ា និងការការពាររបស់លោក? (សូមមើលរូបភាពនៅដើមអត្ថបទ)

ប្ដីនិងប្រពន្ធត្រូវការការណែនាំពីព្រះយេហូវ៉ា ព្រមទាំងការការពាររបស់លោកដើម្បីរក្សាការពារចំណងអាពាហ៍ពិពាហ៍របស់ពួកគេ ពីព្រោះពិភពលោកគិតហួសហេតុពេកអំពីការរួមភេទ។ (សូមអាន ទំនុកតម្កើង ១២៧:១) ក្នុងអត្ថបទនេះ យើងនឹងពិភាក្សាអំពីរបៀបដែលប្ដីប្រពន្ធអាចការពារចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។ ពួកគេត្រូវការពារចិត្ដរបស់ខ្លួន ចូលទៅជិតព្រះ ពាក់បុគ្គលិកលក្ខណៈថ្មី ប្រាស្រ័យទាក់ទងគ្នាល្អ ហើយបំពេញករណីយកិច្ចចំពោះគ្នាទៅវិញទៅមកក្នុងចំណងអាពាហ៍ពិពាហ៍។

ចូរការពារចិត្ដរបស់អ្នក

. ហេតុអ្វីគ្រិស្ដសាសនិកខ្លះបានត្រូវល្បួងឲ្យប្រព្រឹត្ដអំពើប្រាសចាកសីលធម៌?

តើតាមរបៀបណាគ្រិស្ដសាសនិកម្នាក់អាចត្រូវល្បួងឲ្យប្រព្រឹត្ដអំពើប្រាសចាកសីលធម៌? នេះច្រើនតែចាប់ផ្ដើមដោយភ្នែក។ លោកយេស៊ូបានពន្យល់ថា«អ្នកណាដែលសម្លឹងមើលស្រីរហូតដល់កើតមានចិត្ដស្រើបស្រាល អ្នកនោះបានផិតក្បត់ជាមួយនឹងនាងនៅក្នុងចិត្ដរួចហើយ»។ (ម៉ាថាយ ៥:២៧, ២៨; ពេត្រុសទី២ ២:១៤) បុគ្គលជាច្រើនដែលបានប្រព្រឹត្ដអំពើប្រាសចាកសីលធម៌បានបន្ធូរបន្ថយខ្នាតតម្រាសីលធម៌ដែលពួកគេធ្លាប់មាន ដោយមើលរូបអាសអាភាស អានសៀវភៅដែលធ្វើឲ្យមានអារម្មណ៍ស្រើបស្រាល ឬមើលអ្វីដែលគួរឲ្យទើសចិត្ដតាមប្រព័ន្ធអ៊ីនធឺណិត។ គ្រិស្ដសាសនិកទៀតបានមើលភាពយន្ដ ល្ខោន ឬកម្មវិធីទូរទស្សន៍ដែលបង្ហាញយ៉ាងច្បាស់អំពីការរួមភេទ។ គ្រិស្ដសាសនិកខ្លះទៀតបានទៅលេងក្លិបរាត្រី និងកន្លែងរាំស្រាត ឬបានទៅកន្លែងដើម្បីឲ្យគេម៉ាស្សាដែលធ្វើឲ្យមានអារម្មណ៍ស្រើបស្រាល ឬម៉ាស្សាដែលរួមបញ្ចូលអំពើប្រាសចាកសីលធម៌។

. ហេតុអ្វីយើងត្រូវការពារចិត្ដមិនល្អឥតខ្ចោះរបស់យើង?

អ្នកខ្លះចុះចាញ់ការល្បួងដោយសារពួកគេខំស្វែងរកការយកចិត្ដទុកដាក់ពីបុគ្គលដែលមិនមែនជាគូអាពាហ៍ពិពាហ៍របស់ខ្លួន។ យើងរស់នៅក្នុងពិភពលោកមួយដែលមនុស្សមិនសូវចេះទប់ចិត្ដ ហើយពួកគេចូលចិត្ដអំពើប្រាសចាកសីលធម៌គ្រប់ប្រភេទ។ ម្យ៉ាងទៀត ដោយសារចិត្ដមិនល្អឥតខ្ចោះរបស់យើងវៀចវេរនិងបញ្ឆោតខ្លួនយើង យើងអាចងាយស្រួលចាប់ផ្ដើមមានអារម្មណ៍ស្រឡាញ់បុគ្គលដែលមិនមែនជាប្ដី ឬប្រពន្ធរបស់យើង។ (សូមអាន យេរេមា ១៧:៩, ១០) លោកយេស៊ូបានមានប្រសាសន៍ថា៖ ‹គំនិតអាក្រក់ ឃាតកម្ម ការផិតក្បត់ អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ សុទ្ធតែចេញពីក្នុងចិត្ដមក›។—ម៉ាថាយ ១៥:១៩

៦, ៧. () បើសេចក្ដីប៉ងប្រាថ្នាខុសឆ្គងដុះឡើងក្នុងចិត្ដរបស់យើង តើអ្វីអាចកើតឡើង? () តើតាមរបៀបណាយើងអាចជៀសវាងពីការធ្វើខុសចំពោះព្រះយេហូវ៉ា?

កាលដែលសេចក្ដីប៉ងប្រាថ្នាខុសឆ្គងបានដុះឡើងក្នុងចិត្ដរបស់បុគ្គលពីរនាក់ដែលចាប់អារម្មណ៍គ្នាទៅវិញទៅមក ពួកគេប្រហែលជាចាប់ផ្ដើមនិយាយគ្នាអំពីរឿងខ្លះដែលពួកគេគួរនិយាយតែជាមួយនឹងប្ដី ឬប្រពន្ធរបស់ខ្លួនប៉ុណ្ណោះ។ មិនយូរក្រោយមក ពួកគេរកលេសកាន់តែច្រើនដើម្បីនៅជាមួយគ្នា។ ពួកគេជួបគ្នាកាន់តែច្រើន ដោយធ្វើហាក់ដូចជាពួកគេគ្រាន់តែជួបគ្នាដោយចៃដន្យ។ ពេលពួកគេមានអារម្មណ៍កាន់តែខ្លាំងឡើងចំពោះគ្នា នោះពួកគេរឹតតែពិបាកធ្វើអ្វីដែលត្រឹមត្រូវ។ កាលដែលចំណងស្នេហ៍របស់ពួកគេមានកាន់តែខ្លាំងឡើង នោះពួកគេកាន់តែពិបាកឈប់ទាក់ទងគ្នា ទោះជាពួកគេដឹងថាអ្វីដែលពួកគេកំពុងធ្វើគឺខុសក៏ដោយ។—សុភាសិត ៧:២១, ២២

ពួកគេបំភ្លេចទាំងស្រុងនូវខ្នាតតម្រាសីលធម៌របស់ព្រះយេហូវ៉ា កាលដែលសេចក្ដីប៉ងប្រាថ្នាខុសឆ្គងនិងការសន្ទនារបស់ពួកគេ នាំទៅដល់ការកាន់ដៃគ្នា ការថើបគ្នា ការស្ទាបអង្អែលគ្នា និងការពាល់គ្នាដែលធ្វើឲ្យមានអារម្មណ៍ស្រើបស្រាល។ គួរឲ្យស្ដាយណាស់ ពួកគេកំពុងធ្វើអ្វីដែលពួកគេគួរធ្វើតែជាមួយនឹងគូអាពាហ៍ពិពាហ៍របស់ខ្លួនប៉ុណ្ណោះ។ ពួកគេបានត្រូវ«ទាក់ទាញនិងល្បួងលួងលោម»ដោយសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន។ នៅទីបំផុត ពេលពួកគេមានសេចក្ដីប៉ងប្រាថ្នាយ៉ាងខ្លាំង ពួកគេប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ (យ៉ាកុប ១:១៤, ១៥) នេះជាអ្វីដ៏គួរឲ្យស្ដាយណាស់ ពីព្រោះបុគ្គលទាំងពីរនាក់នេះអាចជៀសវាងពីការធ្វើខុសចំពោះព្រះយេហូវ៉ា បើពួកគេបានឲ្យលោកជួយពួកគេមានការគោរពខ្លាំងជាងចំពោះចំណងអាពាហ៍ពិពាហ៍។ តើបុគ្គលម្នាក់អាចមានការគោរពបែបនេះយ៉ាងដូចម្ដេច?

ចូរបន្ដចូលទៅជិតព្រះ

. តើចំណងមិត្ដភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាការពារយើងពីអំពើប្រាសចាកសីលធម៌យ៉ាងដូចម្ដេច?

សូមអាន ទំនុកតម្កើង ៩៧:១០ចំណងមិត្ដភាពជាមួយនឹងព្រះយេហូវ៉ាអាចការពារយើងពីអំពើប្រាសចាកសីលធម៌។ ពេលយើងរៀនអំពីគុណសម្បត្ដិដ៏អស្ចារ្យរបស់ព្រះ យើងព្យាយាម‹យកតម្រាប់តាមលោក ក្នុងនាមជាកូនជាទីស្រឡាញ់របស់លោក ហើយបន្ដរស់នៅដោយបង្ហាញសេចក្ដីស្រឡាញ់›។ ជាលទ្ធផល យើងនឹងមានកម្លាំងចិត្ដដើម្បីបដិសេធ‹អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ និងអំពើស្មោកគ្រោក›។ (អេភេសូរ ៥:១-) ប្ដីនិងប្រពន្ធដែលដឹងថា«ព្រះនឹងវិនិច្ឆ័យទោសអ្នកដែលប្រព្រឹត្ដអំពើប្រាសចាកសីលធម៌និងអ្នកផិតក្បត់» ខំប្រឹងរក្សាភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក។—ហេប្រឺ ១៣:៤

. () ទោះជាយ៉ូសែបបានត្រូវល្បួងដោយប្រពន្ធរបស់ចៅហ្វាយគាត់ក៏ដោយ ហេតុអ្វីយ៉ូសែបអាចរក្សាភាពស្មោះត្រង់? () តើយើងអាចទាញមេរៀនអ្វីពីគំរូរបស់យ៉ូសែប?

គ្រិស្ដសាសនិកខ្លះបានបន្ធូរបន្ថយខ្នាតតម្រាសីលធម៌ដែលពួកគេធ្លាប់មាន ដោយចំណាយពេលក្រៅពីម៉ោងធ្វើការជាមួយនឹងអ្នករួមការងារដែលមិនមែនជាសាក្សីព្រះយេហូវ៉ា។ គ្រិស្ដសាសនិកទៀតក៏បានត្រូវល្បួងក្នុងអំឡុងពេលធ្វើការដែរ។ នេះជាអ្វីដែលបានកើតឡើងដល់បុរសវ័យក្មេងម្នាក់ឈ្មោះយ៉ូសែប។ ពេលគាត់ធ្វើការ គាត់បានកត់សម្គាល់ថាប្រពន្ធរបស់ចៅហ្វាយគាត់ចាប់អារម្មណ៍នឹងគាត់យ៉ាងខ្លាំង។ រាល់ថ្ងៃ នាងបានព្យាយាមល្បួងគាត់ឲ្យរួមដំណេកជាមួយនឹងនាង។ នៅទីបំផុត «នាងក៏ចាប់អាវគាត់ទាំងនិយាយថា៖ ‹មកដេកនឹងអញសិន!›»។ ប៉ុន្ដែ យ៉ូសែបបានបដិសេធ ហើយរត់ចេញ។ ហេតុអ្វីយ៉ូសែបអាចមានកម្លាំងចិត្ដគ្រប់គ្រាន់ដើម្បីរក្សាភាពស្មោះត្រង់? នោះគឺដោយសារគាត់បានតាំងចិត្ដការពារចំណងមិត្ដភាពដែលគាត់មានជាមួយនឹងព្រះ។ យ៉ូសែបបានបាត់បង់ការងាររបស់គាត់ ហើយបានត្រូវគេចាប់ដាក់គុក ប៉ុន្ដែព្រះយេហូវ៉ាបានផ្ដល់ពរឲ្យគាត់។ (លោកុប្បត្ដិ ៣៩:១-១២; ៤១:៣៨-៤៣) ទោះជាយើងនៅកន្លែងធ្វើការ ឬនៅកន្លែងផ្សេងទៀតក៏ដោយ យើងត្រូវជៀសវាងពីស្ថានភាពដែលអាចនាំឲ្យយើងទទួលការល្បួង។

ចូរពាក់បុគ្គលិកលក្ខណៈថ្មី

១០. តើបុគ្គលិកលក្ខណៈថ្មីជួយការពារចំណងអាពាហ៍ពិពាហ៍យ៉ាងដូចម្ដេច?

១០ បុគ្គលិកលក្ខណៈថ្មីដែល«បង្កើតស្របតាមបំណងប្រាថ្នារបស់ព្រះ ដោយសេចក្ដីសុចរិតនិងភក្ដីភាពដ៏ពិតប្រាកដ»នឹងការពារគូអាពាហ៍ពិពាហ៍ពីការប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ (អេភេសូរ ៤:២៤) ពេលយើងពាក់បុគ្គលិកលក្ខណៈថ្មី យើង«រម្ងាប់»អវយវៈរូបកាយរបស់យើងដោយតយុទ្ធនឹង«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក តម្រេក សេចក្ដីប៉ងប្រាថ្នាអាក្រក់ និងការច្រណែនចង់បានរបស់អ្នកដទៃ»។ (សូមអាន កូឡុស ៣:៥, ៦) ពាក្យ«រម្ងាប់»នៅបទគម្ពីរនេះ មានន័យថាយើងត្រូវធ្វើអ្វីក៏ដោយដែលចាំបាច់ដើម្បីតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាដែលប្រាសចាកសីលធម៌។ យើងនឹងជៀសវាងពីអ្វីណាក៏ដោយដែលអាចនាំឲ្យយើងមានបំណងប្រាថ្នាមិនត្រឹមត្រូវខាងផ្លូវភេទ។ (យ៉ូប ៣១:១) ពេលយើងរស់នៅស្របតាមខ្នាតតម្រារបស់ព្រះ យើងរៀនស្អប់«អ្វីដែលទុច្ចរិត» ហើយកាន់ខ្ជាប់«អ្វីដែលល្អ»។—រ៉ូម ១២:២,

ប្ដីប្រពន្ធត្រូវពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ពួកគេ ដោយនិយាយជាមួយគ្នា ដោយសប្បុរស ដោយថ្នម និងដោយអាណិតមេត្ដា

១១. តើបុគ្គលិកលក្ខណៈថ្មីអាចជួយពង្រឹងចំណងអាពាហ៍ពិពាហ៍យ៉ាងដូចម្ដេច?

១១ ពេលយើងពាក់បុគ្គលិកលក្ខណៈថ្មី យើងធ្វើតាមគុណសម្បត្ដិរបស់ព្រះយេហូវ៉ា។ (កូឡុស ៣:១០) ពេលដែលប្ដីនិងប្រពន្ធបង្ហាញ«សេចក្ដីមេត្ដាករុណាដ៏ជ្រាលជ្រៅបំផុត សេចក្ដីសប្បុរស ចិត្ដរាបទាប ចិត្ដស្លូតបូត និងចិត្ដធ្ងន់» ពួកគេនឹងមានចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំ ហើយព្រះយេហូវ៉ានឹងផ្ដល់ពរឲ្យពួកគេ។ (កូឡុស ៣:១២) ពួកគេក៏នឹងមានសុខដុមរមនាខ្លាំងជាងដែរ ពេលដែលពួកគេ«ឲ្យសេចក្ដីសុខសាន្ដរបស់គ្រិស្ដគ្រប់គ្រងចិត្ដ»របស់ពួកគេ។ (កូឡុស ៣:១៥) ដោយមាន«មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ» គូអាពាហ៍ពិពាហ៍នឹងបង្ហាញជា«មុន»នូវការយកចិត្ដទុកដាក់ចំពោះគ្នានិងការគោរពគ្នាទៅវិញទៅមក។—រ៉ូម ១២:១០

១២. តើអ្នកគិតថាគុណសម្បត្ដិអ្វីខ្លះគឺសំខាន់ដើម្បីមានសុភមង្គលក្នុងចំណងអាពាហ៍ពិពាហ៍?

១២ ពេលគេសួរប្ដីប្រពន្ធមួយគូអំពីគុណសម្បត្ដិអ្វីខ្លះដែលបានជួយពួកគាត់មានសុភមង្គលក្នុងចំណងអាពាហ៍ពិពាហ៍ បងប្រុសស៊ីដដែលជាប្ដីបាននិយាយថា«សេចក្ដីស្រឡាញ់ជាគុណសម្បត្ដិសំខាន់ចម្បងដែលយើងបានខំព្យាយាមបណ្ដុះឲ្យមានជានិច្ច។ យើងបានឃើញថាចិត្ដស្លូតបូតក៏សំខាន់ណាស់ដែរ»។ ប្រពន្ធរបស់គាត់បងសុនយ៉ាបានយល់ស្រប ហើយនិយាយថា«សេចក្ដីសប្បុរសពិតជាគុណសម្បត្ដិដ៏សំខាន់ចាំបាច់។ យើងក៏បានព្យាយាមបង្ហាញចិត្ដរាបទាបដែរ ទោះជានេះមិនតែងតែស្រួលក៏ដោយ»។

ចូរមានការប្រាស្រ័យទាក់ទងគ្នាដ៏ល្អ

១៣. តើអ្វីសំខាន់ចាំបាច់ដើម្បីមានចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំ ហើយហេតុអ្វី?

១៣ វិធីមួយក្នុងចំណោមវិធីដ៏ល្អបំផុតដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍ឲ្យរឹងមាំគឺដោយនិយាយជាមួយនឹងគូអាពាហ៍ពិពាហ៍របស់យើងតាមរបៀបដ៏សប្បុរស។ គួរឲ្យស្ដាយណាស់ ប្ដីនិងប្រពន្ធខ្លះនិយាយជាមួយគូរបស់ខ្លួនដោយមិនសូវបង្ហាញការគោរពទេ តែពេលពួកគេនិយាយជាមួយអ្នកដទៃ ពួកគេបង្ហាញការគោរពច្រើនជាង! ពេលចំណងអាពាហ៍ពិពាហ៍មាន«គំនុំ កំហឹង ចិត្ដក្ដៅក្រហាយ ការស្រែកគំហក និងពាក្យប្រមាថមើលងាយ» នោះនឹងធ្វើឲ្យចំណងអាពាហ៍ពិពាហ៍ចុះខ្សោយបន្ដិចម្ដងៗ។ (អេភេសូរ ៤:៣១) ការចេះតែរិះគន់និងការធ្វើឲ្យគូរបស់ខ្លួនឈឺចិត្ដនឹងបង្ខូចចំណងអាពាហ៍ពិពាហ៍។ ដូច្នេះ ប្ដីប្រពន្ធត្រូវពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ពួកគេដោយនិយាយជាមួយគ្នាដោយសប្បុរស ដោយថ្នម និងដោយអាណិតមេត្ដា។—អេភេសូរ ៤:៣២

១៤. តើយើងគួរជៀសវាងពីការធ្វើអ្វី?

១៤ គម្ពីរប្រាប់ថា«មានពេលដែលគួរនៅស្ងៀម»។ (សាស្ដា ៣:៧) នេះមិនមានន័យថាយើងអាចឈប់និយាយជាមួយនឹងគូអាពាហ៍ពិពាហ៍របស់យើងទេ ពីព្រោះការប្រាស្រ័យទាក់ទងគ្នាគឺសំខាន់ដើម្បីមានចំណងអាពាហ៍ពិពាហ៍ល្អ។ ប្រពន្ធម្នាក់នៅប្រទេសអាឡឺម៉ង់និយាយថា«ក្នុងស្ថានភាពបែបនេះ ការនៅស្ងៀមអាចធ្វើឲ្យគូអាពាហ៍ពិពាហ៍ឈឺចិត្ដ»។ គាត់បន្ថែមថា«ទោះជាយើងមិនតែងតែស្រួលមានចិត្ដស្ងប់នៅពេលដែលយើងមានការតានតឹងចិត្ដក៏ដោយ ការបញ្ចេញកំហឹងដើម្បីបន្ធូរអារម្មណ៍របស់ខ្លួនមិនមែនជាការល្អទេ។ នោះនាំឲ្យយើងនិយាយធ្វើអ្វីមួយដោយមិនគិតទុកជាមុនដែលអាចធ្វើឲ្យគូអាពាហ៍ពិពាហ៍ឈឺចិត្ដ ហើយនោះធ្វើឲ្យបញ្ហាកាន់តែធំ»។ ប្ដីនិងប្រពន្ធមិនដោះស្រាយបញ្ហារបស់ពួកគេដោយស្រែកដាក់គ្នា ឬដោយមិនព្រមនិយាយគ្នាឡើយ។ ផ្ទុយទៅវិញ ប្ដីប្រពន្ធពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ពួកគេ កាលដែលពួកគេសម្រេចចិត្ដដោះស្រាយការខ្វែងគំនិតគ្នាឲ្យបានលឿន ហើយមិនឲ្យរឿងទាំងនោះទៅជាការឈ្លោះប្រកែកគ្នាឡើយ។

១៥. តើការប្រាស្រ័យទាក់ទងគ្នាដ៏ល្អអាចពង្រឹងចំណងអាពាហ៍ពិពាហ៍យ៉ាងដូចម្ដេច?

១៥ អ្នកអាចធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់អ្នករឹងមាំជាង នៅពេលអ្នកចំណាយពេលនិយាយអំពីគំនិតនិងអារម្មណ៍របស់អ្នកប្រាប់គ្នាទៅវិញទៅមក។ របៀបដែលអ្នកនិយាយគឺសំខាន់ដូចអ្វីដែលអ្នកនិយាយ។ ដូច្នេះ សូម្បីតែអ្នកនៅក្នុងស្ថានភាពពិបាកក្ដី ចូរខំអស់ពីសមត្ថភាពដើម្បីប្រើពាក្យដ៏សប្បុរស ហើយនិយាយតាមរបៀបដ៏សប្បុរស។ នោះនឹងធ្វើឲ្យប្ដី ឬប្រពន្ធរបស់អ្នកស្រួលស្ដាប់អ្នកជាង។ (សូមអាន កូឡុស ៤:៦) ប្ដីប្រពន្ធអាចពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ពួកគេដោយមានការប្រាស្រ័យទាក់ទងគ្នាដ៏ល្អ ពេលពួកគេប្រើពាក្យដែលលើកទឹកចិត្ដនិងមានប្រយោជន៍។—អេភេសូរ ៤:២៩

ប្ដីនិងប្រពន្ធអាចពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ពួកគេ ដោយមានការប្រាស្រ័យទាក់ទងគ្នាដ៏ល្អ (សូមមើលវគ្គ១៥)

ចូរបំពេញករណីយកិច្ចក្នុងចំណងអាពាហ៍ពិពាហ៍

១៦, ១៧. ហេតុអ្វីគឺជាការសំខាន់ដែលប្ដីនិងប្រពន្ធយល់អំពីសេចក្ដីត្រូវការរបស់គូទាំងខាងផ្លូវចិត្ដទាំងខាងផ្លូវភេទ?

១៦ ប្ដីប្រពន្ធក៏អាចធ្វើឲ្យចំណងអាពាហ៍ពិពាហ៍រឹងមាំដែរ ពេលពួកគេចាត់ទុកសេចក្ដីត្រូវការរបស់គូអាពាហ៍ពិពាហ៍ថាសំខាន់ជាងសេចក្ដីត្រូវការរបស់ខ្លួន។ (ភីលីព ២:៣, ៤) ប្ដីនិងប្រពន្ធត្រូវយល់អំពីសេចក្ដីត្រូវការរបស់គូទាំងខាងផ្លូវចិត្ដទាំងខាងផ្លូវភេទ។—សូមអាន កូរិនថូសទី១ ៧:៣, ៤

១៧ គួរឲ្យស្ដាយណាស់ គូអាពាហ៍ពិពាហ៍ខ្លះមិនបង្ហាញសេចក្ដីស្រឡាញ់ ឬមិនស្និទ្ធស្នាគ្នាជាប្ដីប្រពន្ធឡើយ។ បុរសខ្លះគិតថា បើពួកគេថ្នមប្រពន្ធ នេះមានន័យថាពួកគេជាបុរសទន់ខ្សោយ។ ប៉ុន្ដែ គម្ពីរប្រាប់ថា«ចូរអ្នករាល់គ្នាដែលជាប្ដី បន្ដរួមរស់ជាមួយនឹងប្រពន្ធដោយស្គាល់ចិត្ដនាងច្បាស់»។ (ពេត្រុសទី១ ៣:៧) ប្ដីត្រូវយល់ថាករណីយកិច្ចក្នុងចំណងអាពាហ៍ពិពាហ៍មិនគ្រាន់តែសំដៅលើការរួមដំណេកជាមួយគ្នាប៉ុណ្ណោះទេ។ គាត់ត្រូវបង្ហាញសេចក្ដីស្រឡាញ់ ហើយចេះថ្នាក់ថ្នមគ្រប់ពេលវេលា។ ដោយធ្វើដូច្នេះ ប្រពន្ធរបស់គាត់ទំនងជានឹងចូលចិត្ដការរួមដំណេកជាង។ ពេលប្ដីប្រពន្ធបង្ហាញសេចក្ដីស្រឡាញ់ ហើយចេះថ្នាក់ថ្នមគ្នា នោះនឹងនាំឲ្យពួកគេស្រួលជាងក្នុងការបំពេញសេចក្ដីត្រូវការរបស់ពួកគេទៅវិញទៅមកខាងផ្លូវចិត្ដនិងខាងផ្លូវភេទ។

១៨. តើតាមរបៀបណាប្ដីនិងប្រពន្ធអាចពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ពួកគេ?

១៨ ទោះជាយើងគ្មានមូលហេតុត្រឹមត្រូវដើម្បីក្បត់គូអាពាហ៍ពិពាហ៍របស់យើងក៏ដោយ ការមិនបង្ហាញការថ្នាក់ថ្នមប្រហែលជាអាចធ្វើឲ្យប្ដីប្រពន្ធស្វែងរកសេចក្ដីស្រឡាញ់និងភាពជិតស្និទ្ធពីបុគ្គលម្នាក់ទៀត។ (សុភាសិត ៥:១៨; សាស្ដា ៩:៩) នេះជាមូលហេតុដែលគម្ពីរផ្ដល់ឱវាទឲ្យប្ដីប្រពន្ធថា«កុំបង្អត់គ្នា»ក្នុងការបំពេញករណីយកិច្ចក្នុងចំណងអាពាហ៍ពិពាហ៍ឡើយ លើកលែងតែទាំងពីរនាក់បានព្រមព្រៀងគ្នាធ្វើដូច្នេះសម្រាប់មួយរយៈពេលខ្លី។ ហេតុអ្វី? ដើម្បី«កុំឲ្យសាថានបន្ដល្បួងអ្នករាល់គ្នា ដោយសារអ្នករាល់គ្នាទប់ចិត្ដមិនបាន»។ (កូរិនថូសទី១ ៧:៥) គឺជារឿងខ្លោចផ្សា បើប្ដីប្រពន្ធអនុញ្ញាតឲ្យសាថានល្បួងពួកគេឲ្យផិតក្បត់ ដោយសារពួកគេ«ទប់ចិត្ដមិនបាន»! ដោយបំពេញករណីយកិច្ចក្នុងចំណងអាពាហ៍ពិពាហ៍ ប្ដីនិងប្រពន្ធ«សុខចិត្ដលះបង់ប្រយោជន៍ខ្លួន ដើម្បីប្រយោជន៍អ្នកទៀត»។ ពួកគេធ្វើដូច្នេះដោយសារពួកគេស្រឡាញ់គ្នា មិនមែនដោយសារនេះជាករណីយកិច្ចរបស់ពួកគេទេ។ ការបង្ហាញសេចក្ដីស្រឡាញ់និងការថ្នាក់ថ្នមក្នុងការរួមដំណេកនឹងពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។—កូរិនថូសទី១ ១០:២៤

ចូរបន្ដពង្រឹងចំណងអាពាហ៍ពិពាហ៍របស់អ្នក

១៩. តើយើងគួរតាំងចិត្ដធ្វើអ្វី ហើយហេតុអ្វី?

១៩ យើងជិតចូលពិភពលោកថ្មីហើយ! ការធ្វើតាមបំណងប្រាថ្នាខុសឆ្គងនឹងនាំឲ្យអន្ដរាយ ដូចជនជាតិអ៊ីស្រាអែល២៤.០០០នាក់បានធ្វើនៅវាលទំនាបស្រុកម៉ូអាប់។ ក្រោយរៀបរាប់អំពីអ្វីដែលបានកើតឡើង គម្ពីរព្រមានថា«ចូរឲ្យអ្នកដែលគិតថាខ្លួនឈរ ប្រយ័ត្នក្រែងលោដួល»។ (កូរិនថូសទី១ ១០:១២) ដើម្បីពង្រឹងចំណងអាពាហ៍ពិពាហ៍របស់យើង យើងត្រូវបន្ដនៅស្មោះត្រង់នឹងព្រះយេហូវ៉ា និងគូអាពាហ៍ពិពាហ៍របស់យើង។ (ម៉ាថាយ ១៩:៥, ៦) ឥឡូវនេះជាងពេលមុនទៅទៀត យើងត្រូវ‹ខំអស់ពីសមត្ថភាពរបស់យើង ដើម្បីនៅទីបំផុតលោកនឹងឃើញថា យើងរាល់គ្នាគឺឥតស្នាមប្រឡាក់ ស្អាតស្អំ ហើយមានសន្ដិភាព›។—ពេត្រុសទី២ ៣:១៣, ១៤