លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើសេចក្ដីស្រឡាញ់ដែលមិនចេះសាបសូន្យអាចមានទេ?

តើសេចក្ដីស្រឡាញ់ដែលមិនចេះសាបសូន្យអាចមានទេ?

«[សេចក្ដីស្រឡាញ់]ជាអណ្ដាតភ្លើងយ៉ាងសហ័សដែលមកពីព្រះ»។—បទចម្រៀងសាឡូម៉ូន ៨:៦

១, ២. តើអ្នកណាខ្លះអាចទទួលប្រយោជន៍ពីបទចម្រៀងសាឡូម៉ូន ហើយហេតុអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)

កូនក្រមុំនិងកូនកំលោះបានមើលភ្នែកគ្នាចំ ហើយញញឹមដាក់គ្នា។ មនុស្សគ្រប់គ្នាអាចឃើញថាពួកគេស្រឡាញ់គ្នា។ បងប្រុសដែលបានថ្លែងសុន្ទរកថាអាពាហ៍ពិពាហ៍របស់ពួកគេបានកត់សម្គាល់របៀបដែលពួកគេឱបគ្នាយ៉ាងថ្នាក់ថ្នម ហើយគាត់បានឆ្ងល់ថា ‹យូរទៅ តើសេចក្ដីស្រឡាញ់របស់ពួកគេនឹងជ្រាលជ្រៅជាងទេ? ឬតើសេចក្ដីស្រឡាញ់នោះនឹងរសាយបន្ដិចម្ដង?›។ ពេលប្ដីនិងប្រពន្ធពិតជាស្រឡាញ់គ្នា ចំណងអាពាហ៍ពិពាហ៍របស់ពួកគេអាចស្ថិតស្ថេរ ទោះជាពួកគេស៊ូទ្រាំនឹងបញ្ហាធ្ងន់ធ្ងរក៏ដោយ។ ប៉ុន្ដែគួរឲ្យស្ដាយណាស់ មនុស្សជាច្រើនដែលបានរៀបការលែងមានសុភមង្គល ហើយលែងរួមរស់ជាមួយគ្នា។ ដូច្នេះ អ្នកប្រហែលជាឆ្ងល់ថា ‹តើសេចក្ដីស្រឡាញ់ពិតជាអាចស្ថិតស្ថេរបានទេ?›។

សូម្បីតែពេលដែលស្ដេចសាឡូម៉ូននៅរស់ក្ដី សេចក្ដីស្រឡាញ់ពិតមិនសូវមានទេ។ ហេតុអ្វី? សាឡូម៉ូនបានពន្យល់ថា«ក្នុងពាន់នាក់ យើងរកបានប្រុសពិត[ទៀងត្រង់]តែម្នាក់ទេ តែក្នុងពួកអ្នកទាំងនោះ យើងរកស្រីពិតតែក៏មិនបានផង។ មើល យើងបានឃើញតែប៉ុណ្ណោះ គឺថាព្រះទ្រង់បានបង្កើតមនុស្សមកជាទៀងត្រង់ ប៉ុន្ដែគេបានស្វែងរកបង្កើតការអាក្រក់ជាច្រើនវិញ»។ (សាស្ដា ៧:២៦-២៩) ស្ដ្រីជនជាតិដទៃដែលប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ហើយដែលគោរពបូជាព្រះបាលបានរស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល។ ជាលទ្ធផល បុរសនិងស្ដ្រីជនជាតិអ៊ីស្រាអែលជាច្រើននាក់ក៏បានប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ដែរ។ ប៉ុន្ដែ ប្រហែលជា២០ឆ្នាំមុន ស្ដេចសាឡូម៉ូនបានសរសេរកំណាព្យមួយអំពីបុរសនិងស្ដ្រីមួយគូដែលពិតជាស្រឡាញ់គ្នា។ ទោះជាយើងបានរៀបការ ឬនៅលីវក៏ដោយ បទចម្រៀងសាឡូម៉ូនអាចជួយយើងឲ្យយល់ថាអ្វីជាសេចក្ដីស្រឡាញ់ពិត និងរបៀបដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ពិតនោះ។

សេចក្ដីស្រឡាញ់ពិតអាចមានមែន!

. ហេតុអ្វីបុរសនិងស្ដ្រីអាចមានសេចក្ដីស្រឡាញ់ពិត?

សូមអាន បទចម្រៀងសាឡូម៉ូន ៨:៦សេចក្ដីស្រឡាញ់បានត្រូវរៀបរាប់ថា ដូចជា‹អណ្ដាតភ្លើងដែលមកពីយ៉ា›។ ហេតុអ្វី? ពីព្រោះគុណសម្បត្ដិដ៏ធំចម្បងរបស់ព្រះយេហូវ៉ាគឺជាសេចក្ដីស្រឡាញ់ ហើយលោកបានបង្កើតយើងឲ្យមានសមត្ថភាពមានសេចក្ដីស្រឡាញ់ដូចលោក។ (លោកុប្បត្ដិ ១:២៦, ២៧) ក្រោយពីព្រះយេហូវ៉ាបានបង្កើតអាដាមដែលជាបុរសទី១ លោកបានឲ្យប្រពន្ធដ៏ស្រស់ស្អាតម្នាក់ដល់គាត់។ ពេលដែលអាដាមបានឃើញអេវ៉ាជាលើកដំបូង គាត់សប្បាយចិត្ដដល់ម៉្លេះបានជាគាត់រៀបរាប់អំពីអារម្មណ៍ដែលគាត់មានចំពោះនាង។ អេវ៉ាក៏មានអារម្មណ៍ជិតស្និទ្ធជាមួយនឹងប្ដីរបស់នាងដែរ។ អេវ៉ាទំនងជាមានអារម្មណ៍បែបនេះ ដោយសារព្រះយេហូវ៉ាបានបង្កើតនាងពីអាដាមមក។ (លោកុប្បត្ដិ ២:២១-២៣) តាំងពីដើមដំបូង ព្រះយេហូវ៉ាបានផ្ដល់ឲ្យបុរសនិងស្ដ្រីនូវសមត្ថភាពមានសេចក្ដីស្រឡាញ់ពិតនិងដ៏ស្ថិតស្ថេរចំពោះគ្នាទៅវិញទៅមក។

៤, ៥. តើបទចម្រៀងសាឡូម៉ូនរៀបរាប់អំពីរឿងអ្វី?

បទចម្រៀងសាឡូម៉ូនរៀបរាប់យ៉ាងពីរោះអំពីសេចក្ដីស្រឡាញ់ដែលបុរសនិងស្ដ្រីអាចមានចំពោះគ្នាទៅវិញទៅមក។ បទចម្រៀងនេះរៀបរាប់អំពីសេចក្ដីស្រឡាញ់រវាងស្ដ្រីក្រមុំជនបទម្នាក់ពីភូមិស៊ូណែម ឬស៊ូឡាម និងកំលោះគង្វាលម្នាក់។ រឿងរបស់ពួកគេគឺ ស្ដ្រីក្រមុំម្នាក់បានធ្វើការនៅចម្ការទំពាំងបាយជូររបស់បងប្រុសនាង ជិតកន្លែងស្ដេចសាឡូម៉ូននិងទាហានរបស់គាត់បានបោះជំរំ។ សាឡូម៉ូនបានឃើញស្ដ្រីក្រមុំនេះ ហើយបានបង្គាប់អ្នកបម្រើរបស់គាត់ឲ្យយកនាងមកជំរំ។ បន្ទាប់មក គាត់បានប្រាប់នាងអំពីសម្រស់ដ៏ស្អាតរបស់នាង ហើយស្នើផ្ដល់ឲ្យនាងនូវអំណោយជាច្រើន។ ប៉ុន្ដែ នាងស្រឡាញ់គង្វាលម្នាក់រួចហើយ ហើយនាងទទូចសុំនៅក្បែរគាត់។ (បទចម្រៀងសាឡូម៉ូន ១:៤-១៤) គង្វាលនោះស្វែងរកនាង ហើយបានចូលទៅក្នុងជំរំ។ ពេលគាត់រកឃើញនាង ពួកគាត់បានបញ្ជាក់សេចក្ដីស្រឡាញ់របស់ពួកគាត់ចំពោះគ្នាទៅវិញទៅមកដោយពាក្យសម្ដីដ៏ផ្អែមពីរោះ។—បទចម្រៀងសាឡូម៉ូន ១:១៥-១៧

កាលដែលសាឡូម៉ូនបានត្រឡប់ទៅក្រុងយេរូសាឡិមវិញ គាត់បានយកស្ដ្រីក្រមុំនោះទៅជាមួយនឹងគាត់ ហើយកំលោះគង្វាលនោះបានតាមពីក្រោយនាង។ (បទចម្រៀងសាឡូម៉ូន ៤:១-៥, ៨, ៩) ទោះជាសាឡូម៉ូនបាននិយាយអ្វី ឬធ្វើអ្វីក៏ដោយ គាត់មិនអាចផ្លាស់ប្ដូរសេចក្ដីស្រឡាញ់ដែលស្ដ្រីក្រមុំនោះមានចំពោះគង្វាលឡើយ។ (បទចម្រៀងសាឡូម៉ូន ៦:៤-៧; ៧:១-១០) ដូច្នេះ សាឡូម៉ូនអនុញ្ញាតឲ្យនាងត្រឡប់ទៅផ្ទះវិញ។ នៅទីបំផុត ស្ដ្រីក្រមុំនោះពីភូមិស៊ូឡាមបានហៅបុរសជាទីស្រឡាញ់របស់នាងឲ្យរត់‹ដូចជាក្ដាន់ស្ទាវ›មកជួបនាង។—បទចម្រៀងសាឡូម៉ូន ៨:១៤

. ហេតុអ្វីយើងប្រហែលជាពិបាកដឹងថាបុគ្គលមួយណាកំពុងនិយាយក្នុងបទចម្រៀងសាឡូម៉ូន?

បទចម្រៀងសាឡូម៉ូនគឺជាចម្រៀងដ៏ពីរោះ។ តាមពិត ចម្រៀងនេះបានត្រូវហៅថា«ចំរៀងដែលប្រសើរបំផុតជាងអស់ទាំងចំរៀង»។ (បទចម្រៀងសាឡូម៉ូន ១:១) ប៉ុន្ដែក្នុងចម្រៀងនេះ សាឡូម៉ូនមិនបានបញ្ចូលឈ្មោះនៃបុគ្គលនីមួយៗ ពេលដែលពួកគេនិយាយនោះទេ។ គាត់ចង់ឲ្យកំណាព្យនិងចម្រៀងដ៏ពីរោះលេចធ្លោ ជាជាងបន្ថែមព័ត៌មានជាច្រើន។ ទោះជាចម្រៀងនេះមិនបញ្ចូលឈ្មោះអ្នកនិយាយក៏ដោយ យើងនៅតែអាចដឹងថាបុគ្គលនោះជាអ្នកណាតាមរយៈអ្វីដែលគាត់និយាយ។

ពាក្យដែលបញ្ជាក់អំពី‹សេចក្ដីស្រឡាញ់របស់បងវិសេសជាងស្រាទំពាំងបាយជូរ›

៧, ៨. តើកំលោះគង្វាលនិងស្ដ្រីក្រមុំបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់ពួកគាត់ប្រាប់គ្នាទៅវិញទៅមកយ៉ាងដូចម្ដេច? សូមលើកឧទាហរណ៍ខ្លះ។

ស្ដ្រីក្រមុំនិងកំលោះគង្វាលបាននិយាយពាក្យពីរោះប្រាប់គ្នាទៅវិញទៅមកដើម្បីបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់ពួកគាត់។ ពាក្យខ្លះដែលពួកគាត់និយាយ ពេលបញ្ជាក់អំពី«សេចក្ដីស្រឡាញ់»របស់ពួកគាត់ ប្រហែលជាចម្លែកសម្រាប់យើង ដោយសារនោះបានត្រូវសរសេរជាង៣.០០០ឆ្នាំមុន។ (បទចម្រៀងសាឡូម៉ូន ១:២) ទោះជាវប្បធម៌របស់ពួកគាត់ខុសគ្នាពីវប្បធម៌របស់យើងសព្វថ្ងៃក៏ដោយ យើងអាចយល់អារម្មណ៍ដែលពួកគាត់មានចំពោះគ្នាទៅវិញទៅមក។ ជាឧទាហរណ៍ គង្វាលនោះបាននិយាយថាភ្នែករបស់នាងគឺដូចជា«ភ្នែកព្រាប» ដែលមានន័យថាគាត់ស្រឡាញ់ភ្នែកដ៏ស្រទន់របស់នាង។ (បទចម្រៀងសាឡូម៉ូន ១:១៥) ម្យ៉ាងទៀត នាងបាននិយាយអំពីភ្នែករបស់គាត់ថាស្អាតដូចជាព្រាប។ (សូមអាន បទចម្រៀងសាឡូម៉ូន ៥:១២) សូមស្រមៃគិតថាសត្វព្រាបព័ណ៌ខៀវលាយប្រផេះនៅក្នុងពាងដែលមានទឹកដោះគោ។ ដោយសារទឹកដោះគោព័ណ៌ស សម្បុរនៃសត្វព្រាបនឹងលេចធ្លោ។ ចំពោះនាង ព័ណ៌នៃប្រស្រីភ្នែកដ៏ស្អាតរបស់គង្វាលបានលេចធ្លោ គឺប្រៀបដូចជាសត្វព្រាបលាងក្នុងទឹកដោះគោ។

កំលោះគង្វាលនិងស្ដ្រីក្រមុំបានសរសើរសម្រស់គ្នាទៅវិញទៅមក ប៉ុន្ដែពួកគាត់មិនគ្រាន់តែបានសរសើរសម្រស់គ្នាប៉ុណ្ណោះទេ។ ជាឧទាហរណ៍ គង្វាលនោះបានស្រឡាញ់របៀបដែលនាងនិយាយដោយសប្បុរសជាមួយនឹងអ្នកទៀត។ (សូមអាន បទចម្រៀងសាឡូម៉ូន ៤:៧, ១១) ដូច្នេះគាត់បានប្រាប់នាងដែលជាអនាគតកូនក្រមុំថា៖ ‹បបូរមាត់អូនស្រក់មកជាទឹកឃ្មុំ មានទឹកឃ្មុំនឹងទឹកដោះគោនៅក្រោមអណ្ដាតអូន›។ ចំពោះគាត់ ពាក្យសម្ដីរបស់នាងផ្អែមនិងល្អដូចទឹកដោះគោ ហើយដូចទឹកឃ្មុំដ៏ឆ្ងាញ់ជាងគេ។ កាលដែលគង្វាលនោះបានប្រាប់នាងថា៖ ‹អូនស្រស់បស់ល្អសព្វសារពាង្គ›និង«ឥតមានខ្ចោះនៅខ្លួននាងឡើយ» គាត់មិនត្រឹមតែនិយាយអំពីសម្រស់របស់នាងប៉ុណ្ណោះទេ ប៉ុន្ដែក៏និយាយអំពីគុណសម្បត្ដិដ៏គួរឲ្យសរសើររបស់នាងដែរ។

ប្ដីនិងប្រពន្ធពង្រឹងទំនុកចិត្ដគ្នាទៅវិញទៅមកថាពួកគេស្រឡាញ់គ្នាតាមរយៈអ្វីដែលពួកគេនិយាយ និងអ្វីដែលពួកគេធ្វើ

. () តើសេចក្ដីស្រឡាញ់រវាងប្ដីនិងប្រពន្ធរួមបញ្ចូលអ្វីខ្លះ? () ហេតុអ្វីគឺសំខាន់ដែលប្ដីនិងប្រពន្ធបង្ហាញសេចក្ដីស្រឡាញ់ដែលពួកគេមានចំពោះគ្នាទៅវិញទៅមក?

សព្វថ្ងៃនេះ ចំពោះប្ដីនិងប្រពន្ធដែលបម្រើព្រះយេហូវ៉ា អាពាហ៍ពិពាហ៍មិនគ្រាន់តែជាកិច្ចសន្យាផ្លូវការមួយប៉ុណ្ណោះទេ។ ពួកគេពិតជាស្រឡាញ់គ្នា ហើយបង្ហាញសេចក្ដីស្រឡាញ់ដែលពួកគេមានចំពោះគ្នាទៅវិញទៅមក។ ប៉ុន្ដែ តើពួកគេគួរតែមានសេចក្ដីស្រឡាញ់បែបណា? តើនេះគឺជាសេចក្ដីស្រឡាញ់ដែលមិនគិតពីប្រយោជន៍ខ្លួនដែលគម្ពីរបង្រៀនយើងឲ្យមានចំពោះមនុស្សទាំងអស់ឬ? (យ៉ូហានទី១ ៤:៨) តើនេះគឺជាសេចក្ដីស្រឡាញ់តាមធម្មជាតិដែលយើងមានចំពោះក្រុមគ្រួសាររបស់យើងទេ? តើនេះគឺជាភាពជិតស្និទ្ធរវាងមិត្ដល្អពីរនាក់ឬ? (យ៉ូហាន ១១:៣) ឬតើនេះគឺជាសេចក្ដីស្រឡាញ់ក្នុងទំនាក់ទំនងស្នេហា? (សុភាសិត ៥:១៥-២០) តាមពិត ជាគូអាពាហ៍ពិពាហ៍ អ្នកត្រូវបង្ហាញសេចក្ដីស្រឡាញ់ពិតចំពោះគ្នាទៅវិញទៅមកតាមរបៀបទាំងអស់នេះ។ តាមរយៈអ្វីដែលអ្នកនិយាយនិងអ្វីដែលអ្នកធ្វើ អ្នកអាចពង្រឹងទំនុកចិត្ដគ្នាទៅវិញទៅមកថាអ្នកស្រឡាញ់គូរបស់អ្នក ហើយមានសុភមង្គលក្នុងចំណងអាពាហ៍ពិពាហ៍របស់អ្នក។ ពិតមែន គឺសំខាន់ណាស់ដែលអ្នកធ្វើដូច្នេះ ទោះជាអ្នករវល់យ៉ាងណាក្នុងជីវិតក៏ដោយ។ ក្នុងវប្បធម៌ខ្លះដែលឪពុកម្ដាយជាអ្នកផ្សំផ្គុំអាពាហ៍ពិពាហ៍ ប្ដីនិងប្រពន្ធប្រហែលជាមិនបានស្គាល់គ្នាមុនថ្ងៃរៀបការទេ។ ប៉ុន្ដែ កាលដែលពួកគេកាន់តែស្គាល់គ្នា ហើយស្រឡាញ់គ្នាកាន់តែច្រើនឡើង ពួកគេត្រូវប្រាប់គ្នាអំពីសេចក្ដីស្រឡាញ់ដែលពួកគេមានចំពោះគ្នាទៅវិញទៅមក។ នេះនឹងធ្វើឲ្យពួកគេកាន់តែជិតស្និទ្ធគ្នា ហើយនឹងធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់ពួកគេរឹងមាំ។

១០. តើការបញ្ជាក់អំពីសេចក្ដីស្រឡាញ់ដែលពួកគេមានចំពោះគ្នាអាចពង្រឹងចំណងអាពាហ៍ពិពាហ៍យ៉ាងដូចម្ដេច?

១០ ពេលប្ដីប្រពន្ធបញ្ជាក់អំពីសេចក្ដីស្រឡាញ់ដែលពួកគេមានចំពោះគ្នា ពួកគេពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ពួកគេតាមរបៀបផ្សេងទៀត។ ក្នុងចម្រៀងរបស់ស្ដេចសាឡូម៉ូន គាត់បានស្នើផ្ដល់ឲ្យស្ដ្រីក្រមុំនូវគ្រឿងអលង្ការ«មាសដាំដោយប្រាក់»។ គាត់បានសរសើរនាងដោយនិយាយថា នាង«ស្រស់ល្អដូចជាព្រះចន្ទ ហើយភ្លឺត្រចះដូចជាព្រះអាទិត្យ»។ (បទចម្រៀងសាឡូម៉ូន ១:៩-១១; ៦:១០) ប៉ុន្ដែ ស្ដ្រីក្រមុំនោះបានរកឃើញបុគ្គលដែលនាងពិតជាស្រឡាញ់រួចទៅហើយ។ តើអ្វីបានជួយនាងឲ្យរក្សាភក្ដីភាពចំពោះគង្វាលនោះ? ពេលពួកគេមិនបាននៅក្បែរគ្នា តើអ្វីបានសម្រាលទុក្ខនាង? (សូមអាន បទចម្រៀងសាឡូម៉ូន ១:២, ៣) នាងបាននឹកចាំថានាងសប្បាយចិត្ដយ៉ាងណាពេលសម្ដីដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់គង្វាល។ ចំពោះនាង ពាក្យសម្ដីដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់គាត់ នោះ«វិសេសជាងស្រាទំពាំងបាយជូរ» ហើយពេលនាងនៅក្នុងរាជវាំង ពាក្យសម្ដីទាំងនេះបានសម្រាលទុក្ខនាងដូច«ប្រេងក្រអូប»នៅលើក្បាល។ (ទំនុកតម្កើង ២៣:៥; ១០៤:១៥) គឺសំខាន់ដែលប្ដីនិងប្រពន្ធបញ្ជាក់អំពីសេចក្ដីស្រឡាញ់ដែលពួកគេមានចំពោះគ្នាជារឿយៗ ពីព្រោះនេះជួយពួកគេឲ្យស្រឡាញ់គ្នាកាន់តែច្រើនឡើង។ ម្យ៉ាងទៀត ការនឹកចាំអំពីអ្វីទាំងនេះនឹងជួយពួកគេរក្សាសេចក្ដីស្រឡាញ់ឲ្យនៅតែខ្លាំង។

កុំធ្វើឲ្យមានចិត្ដស្រឡាញ់«លុះត្រាតែនោះផុសចេញពីចិត្ដ»

១១. តើយើងអាចរៀនអ្វីពីពាក្យដែលស្ដ្រីក្រមុំពីភូមិស៊ូឡាមបានប្រាប់ពួកស្ដ្រីនៅរាជវាំងរបស់សាឡូម៉ូន?

១១ ប្រសិនបើអ្នកចង់រៀបការ តើអ្នកអាចរៀនអ្វីពីស្ដ្រីក្រមុំពីភូមិស៊ូឡាម? នាងមិនបានស្រឡាញ់ស្ដេចសាឡូម៉ូនទេ ហើយបានប្រាប់ពួកស្ដ្រីនៅរាជវាំងយ៉ាងម៉ឺងម៉ាត់ថា«កុំខំធ្វើឲ្យខ្ញុំមានចិត្ដស្រឡាញ់ លុះត្រាតែនោះផុសចេញពីចិត្ដខ្ញុំវិញ»។ (បទចម្រៀងសាឡូម៉ូន ២:៧; ៣:៥; ព.ថ.) ដូច្នេះ តើជាការសមត្រឹមត្រូវទេដែលយើងចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយនឹងអ្នកណាក៏ដោយ? មិនមែនទេ ផ្ទុយទៅវិញ គឺជាការឈ្លាសវៃដែលអ្នករង់ចាំដោយអត់ធ្មត់ ហើយរៀបការជាមួយនឹងបុគ្គលដែលអ្នកពិតជាស្រឡាញ់។

គឺជាការឈ្លាសវៃដែលអ្នករង់ចាំដោយអត់ធ្មត់ ហើយរៀបការជាមួយនឹងបុគ្គលដែលអ្នកពិតជាស្រឡាញ់

១២. ហេតុអ្វីស្ដ្រីក្រមុំពីភូមិស៊ូឡាមស្រឡាញ់កំលោះគង្វាលនោះ?

១២ ហេតុអ្វីស្ដ្រីក្រមុំពីភូមិស៊ូឡាមស្រឡាញ់កំលោះគង្វាលនោះ? ចំពោះនាង គាត់ជាបុរសសង្ហាដូចជា«ក្ដាន់ស្ទាវ»។ ដៃរបស់គាត់មាំដូចជា«ចិញ្ចៀនមាស»បំពង់មាស ហើយជើងរបស់គាត់ស្អាតនិងមាំដូចជា«សសរថ្មកែវ»។ ប៉ុន្ដែ គាត់មិនគ្រាន់តែមាំមួននិងសង្ហាប៉ុណ្ណោះទេ។ ស្ដ្រីក្រមុំបានដឹងថាកំលោះគង្វាលនេះស្រឡាញ់ព្រះយេហូវ៉ា ហើយមានគុណសម្បត្ដិដែលគួរឲ្យសរសើរ។ នោះជាមូលហេតុដែលគាត់ជាបុរសពិសេសចំពោះនាង ហើយគាត់«ប្រៀបដូចជាដើមសារី នាកណ្ដាលពួកឈើនៅព្រៃ»។—បទចម្រៀងសាឡូម៉ូន ២:៣, ៩; ៥:១៤, ១៥

១៣. ហេតុអ្វីកំលោះគង្វាលនោះស្រឡាញ់ស្ដ្រីក្រមុំពីភូមិស៊ូឡាម?

១៣ ស្ដ្រីក្រមុំពីភូមិស៊ូឡាមជាស្ដ្រីស្អាតណាស់។ សូម្បីតែស្ដេចសាឡូម៉ូនក៏បានចាប់អារម្មណ៍នឹងនាងដែរ ទោះជាគាត់មាន«ភរិយា៦០នាក់ នឹងអ្នកម្នាង៨០នាក់ ក៏មានស្រីក្រមុំឥតគណនា»រួចហើយក៏ដោយ។ តើសម្រស់របស់នាងជាមូលហេតុតែមួយដែលនាំឲ្យគង្វាលនោះស្រឡាញ់នាងឬ? មិនមែនទេ។ នាងក៏ស្រឡាញ់ព្រះយេហូវ៉ាដែរ ហើយមានគុណសម្បត្ដិដ៏គួរឲ្យសរសើរ។ ជាឧទាហរណ៍ នាងមានចិត្ដរាបទាប ហើយបានប្រៀបប្រដូចខ្លួននាងទៅនឹងផ្កាដ៏សាមញ្ញមួយ ពេលនាងថានាងជា«ផ្កាកុឡាបដែលដុះនៅវាលសារ៉ុន»។ ប៉ុន្ដែ ចំពោះគង្វាលនោះ គ្មានអ្នកណាដូចនាងទេ ហើយនាង«ប្រៀបដូចជាកំភ្លឹងដុះនៅកណ្ដាលគុម្ពបន្លា»។—បទចម្រៀងសាឡូម៉ូន ២:១, ២; ៦:៨

១៤. បើយើងចង់រៀបការ តើយើងអាចរៀនអ្វីពីកំលោះគង្វាលនិងស្ដ្រីក្រមុំពីភូមិស៊ូឡាម?

១៤ ព្រះយេហូវ៉ាបង្គាប់អ្នកបម្រើរបស់លោកឲ្យរៀបការតែជាមួយនឹង«អ្នកកាន់តាមលោកម្ចាស់»ប៉ុណ្ណោះ។ (កូរិនថូសទី១ ៧:៣៩) នេះមានន័យថាយើងនឹងមានទំនាក់ទំនងស្នេហា ឬរៀបការតែជាមួយនឹងបុគ្គលដែលជាអ្នកបម្រើព្រះយេហូវ៉ាដែលបានទទួលការជ្រមុជទឹកប៉ុណ្ណោះ។ តើនេះនឹងជួយចំណងអាពាហ៍ពិពាហ៍យ៉ាងដូចម្ដេច? ប្ដីនិងប្រពន្ធត្រូវប្រឈមមុខនឹងបញ្ហាក្នុងជីវិតប្រចាំថ្ងៃ។ ប៉ុន្ដែ កាលដែលពួកគេទាំងពីរនាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា អាពាហ៍ពិពាហ៍របស់ពួកគេអាចមានសេចក្ដីសុខសាន្ដនិងសុភមង្គល។ ដូច្នេះ បើអ្នកចង់រៀបការ សូមធ្វើតាមគំរូរបស់កំលោះគង្វាលនិងស្ដ្រីក្រមុំពីភូមិស៊ូឡាម។ ចូររកបុគ្គលម្នាក់ដែលមានគុណសម្បត្ដិដ៏គួរឲ្យសរសើរដែលពិតជាស្រឡាញ់ព្រះយេហូវ៉ា។

គ្រិស្ដសាសនិកនឹងមិនចង់មាន ទំនាក់ទំនងស្នេហា ឬរៀបការ ជាមួយនឹងបុគ្គលដែលមិនបាន ទទួលការជ្រមុជទឹកជាសាក្សី ព្រះយេហូវ៉ាឡើយ (សូមមើលវគ្គ១៤)

អនាគតកូនក្រមុំរបស់ខ្ញុំ«ប្រៀបដូចជាសួនច្បារដែលរាំងផ្លូវចូល»

១៥. តើភក្ដីភាពរបស់ស្ដ្រីក្រមុំពីភូមិស៊ូឡាមជាគំរូល្អយ៉ាងណាសម្រាប់គ្រិស្ដសាសនិកដែលមានគម្រោងរៀបការ?

១៥ សូមអាន បទចម្រៀងសាឡូម៉ូន ៤:១២ហេតុអ្វីកំលោះគង្វាលបាននិយាយថាស្ដ្រីក្រមុំពីភូមិស៊ូឡាម«ប្រៀបដូចជាសួនច្បារដែលរាំងផ្លូវចូល»? សួនច្បារដែលមានទ្វាររបងដែលចាក់សោ គឺមិនបើកសម្រាប់សាធារណជនទេ។ នាងដូចជាសួនច្បារនោះ ដោយសារនាងស្រឡាញ់តែគង្វាលនោះប៉ុណ្ណោះ។ នាងមានគម្រោងរៀបការជាមួយនឹងគាត់ ដូច្នេះនាងមិនបានអើពើនឹងការយកចិត្ដទុកដាក់ពីស្ដេចឡើយ។ ម្យ៉ាងទៀត នាងនឹងមិនផ្លាស់ប្ដូរគំនិតរបស់នាងទេ។ នាងដូចជា«កំផែង» មិនដូចជា«ទ្វារ»ដែលងាយបើកទេ។ (បទចម្រៀងសាឡូម៉ូន ៨:៨-១០) ដូចគ្នាដែរ គ្រិស្ដសាសនិកមួយគូដែលមានគម្រោងរៀបការនឹងមានភក្ដីភាពចំពោះគ្នាទៅវិញទៅមក។ ពួកគេនឹងមិនយកចិត្ដទុកដាក់ចំពោះអ្នកណាផ្សេងទៀតក្នុងបំណងមានទំនាក់ទំនងស្នេហាឡើយ។

១៦. បើអ្នកកំពុងស្វែងយល់ចិត្ដអ្នកណាម្នាក់ដើម្បីរៀបការ តើអ្នកអាចរៀនអ្វីពីបទចម្រៀងសាឡូម៉ូន?

១៦ ពេលកំលោះគង្វាលបានសុំស្ដ្រីក្រមុំនោះឲ្យដើរតាមផ្លូវជាមួយនឹងគាត់ បងប្រុសរបស់នាងបានឃាត់នាងមិនឲ្យទៅទេ។ ផ្ទុយទៅវិញ ពួកគេបានបង្គាប់នាងឲ្យទៅយាមចម្ការទំពាំងបាយជូររបស់ពួកគេ។ តើពួកគេមិនទុកចិត្ដនាងឬ? តើពួកគេគិតថាប្អូនស្រីរបស់ពួកគេនិងកំលោះគង្វាលចង់ធ្វើអ្វីដែលប្រាសចាកសីលធម៌ឬ? មិនមែនទេ។ បងប្រុសរបស់នាងចង់ការពារប្អូនស្រីរបស់ពួកគេពីស្ថានភាពមួយដែលអាចល្បួងនាងឲ្យធ្វើអ្វីដែលខុស។ (បទចម្រៀងសាឡូម៉ូន ១:៦; ២:១០-១៥) បើអ្នកកំពុងស្វែងយល់ចិត្ដអ្នកណាម្នាក់ដើម្បីរៀបការ តើតាមរបៀបណាអ្នកអាចជៀសវាងពីអ្វីដែលអាចនាំឲ្យអ្នកប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ? ចូរសម្រេចចិត្ដទុកជាមុនអំពីអ្វីដែលអ្នកនឹងជៀសវាងដើម្បីរក្សាទំនាក់ទំនងរបស់អ្នកឲ្យបានស្អាតស្អំ។ កុំនៅតែពីរនាក់ពេលនៅកន្លែងដែលមនុស្សទៀតមិនអាចឃើញអ្នក។ ចូរបង្ហាញសេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះគ្នាទៅវិញទៅមកតាមរបៀបដែលស្អាតស្អំប៉ុណ្ណោះ។

១៧, ១៨. តើការពិចារណានេះអំពីបទចម្រៀងសាឡូម៉ូនបានជួយអ្នកយ៉ាងដូចម្ដេច?

១៧ ព្រះយេហូវ៉ាចង់ឲ្យអាពាហ៍ពិពាហ៍ស្ថិតស្ថេរ។ លោកចង់ឲ្យប្ដីនិងប្រពន្ធស្រឡាញ់គ្នាទៅវិញទៅមក។ គឺជាការធម្មតាដែលពួកគេស្រឡាញ់គ្នាពេលពួកគេរៀបការ។ ប៉ុន្ដែ ដើម្បីមានអាពាហ៍ពិពាហ៍ដែលស្ថិតស្ថេរ ពួកគេត្រូវរក្សាសេចក្ដីស្រឡាញ់ឲ្យនៅតែខ្លាំង ដូចជាអណ្ដាតភ្លើងដែលមិនចេះរលត់។—ម៉ាកុស ១០:៦-

១៨ បើអ្នកចង់រៀបការ សូមស្វែងរកបុគ្គលដែលអ្នកពិតជាស្រឡាញ់។ ពេលអ្នករកឃើញបុគ្គលនោះ ចូរខំព្យាយាមជាមួយគ្នាដើម្បីរក្សាសេចក្ដីស្រឡាញ់ដ៏ខ្លាំងដែលអ្នកមានចំពោះគ្នា។ ដូចយើងបានរៀនពីបទចម្រៀងសាឡូម៉ូន យើងអាចមានសេចក្ដីស្រឡាញ់ដ៏ពិតនិងដែលស្ថិតស្ថេរ ដោយសារនេះជា‹អណ្ដាតភ្លើងដែលមកពីយ៉ា›។—បទចម្រៀងសាឡូម៉ូន ៨:៦