លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរមានចិត្ដក្លាហាននិងសមត្ថភាពយល់ដឹងដូចលោកយេស៊ូ

ចូរមានចិត្ដក្លាហាននិងសមត្ថភាពយល់ដឹងដូចលោកយេស៊ូ

«ទោះជាអ្នករាល់គ្នាមិនដែលឃើញលោកក៏ដោយ ក៏អ្នករាល់គ្នាស្រឡាញ់លោក។ ទោះជាឥឡូវនេះអ្នករាល់គ្នា មិនឃើញលោកក៏ដោយ ក៏អ្នករាល់គ្នាបង្ហាញជំនឿលើលោក»។—ពេត្រុសទី១ ១:៨

១, ២. () តើតាមរបៀបណាយើងអាចទទួលបានជីវិតដែលគ្មានទីបញ្ចប់? () តើអ្វីអាចជួយយើងឲ្យបន្ដផ្ដោតអារម្មណ៍ទៅលើដំណើរជីវិតរបស់យើង?

ពេលយើងក្លាយជាគ្រិស្ដសាសនិក គឺហាក់ដូចជាយើងចាប់ផ្ដើមធ្វើដំណើរមួយ។ បើយើងបន្ដស្មោះត្រង់នឹងព្រះ ដំណើររបស់យើងនឹងនាំយើងឲ្យទៅដល់គោលដៅ ហើយយើងអាចរស់នៅជារៀងរហូតបាន។ លោកយេស៊ូបានមានប្រសាសន៍ថា«អ្នកណាដែលស៊ូទ្រាំរហូតដល់ទីបញ្ចប់ អ្នកនោះនឹងត្រូវសង្គ្រោះ»។ (ម៉ាថាយ ២៤:១៣) មែនហើយ ដើម្បីបញ្ចប់ដំណើររបស់យើង យើងត្រូវបន្ដស្មោះត្រង់នឹងព្រះរហូតដល់«ទីបញ្ចប់» ទោះជាទីបញ្ចប់នៃជីវិតរបស់យើង ឬទីបញ្ចប់នៃពិភពលោកដ៏អាក្រក់នេះក្ដី។ ប៉ុន្ដែ យើងត្រូវប្រយ័ត្នមិនឲ្យពិភពលោកនេះបំបែរអារម្មណ៍របស់យើងឡើយ។ (យ៉ូហានទី១ ២:១៥-១៧) តើតាមរបៀបណាយើងអាចបន្ដផ្ដោតអារម្មណ៍ទៅលើដំណើរជីវិតរបស់យើង?

លោកយេស៊ូបានទុកគំរូដ៏ល្អឥតខ្ចោះសម្រាប់យើង។ ដោយសិក្សាអ្វីដែលគម្ពីរចែងអំពីដំណើរជីវិតរបស់លោកយេស៊ូ ឬរបៀបរស់នៅរបស់លោក យើងអាចរៀនថាលោកជាបុគ្គលបែបណា។ ម្យ៉ាងទៀត យើងនឹងស្រឡាញ់លោក ហើយនឹងមានជំនឿលើលោក។ (សូមអាន ពេត្រុសទី១ ១:៨, ៩) សាវ័កពេត្រុសបាននិយាយថាលោកយេស៊ូបានទុកគំរូសម្រាប់យើងដើម្បីឲ្យយើងធ្វើតាមយ៉ាងដិតដល់។ (ពេត្រុសទី១ ២:២១) មួយវិញទៀត បើយើងយកចិត្ដទុកដាក់ធ្វើតាមគំរូរបស់លោកយេស៊ូ យើងនឹងអាចស៊ូទ្រាំរហូតដល់ទីបញ្ចប់បាន។ * (សូមមើលកំណត់សម្គាល់) នៅក្នុងអត្ថបទមុន យើងបានរៀនអំពីរបៀបដែលយើងអាចធ្វើតាមគំរូរបស់លោកយេស៊ូស្ដីអំពីចិត្ដរាបទាបនិងចិត្ដអាណិតមេត្ដា។ នៅអត្ថបទនេះ យើងនឹងរៀនអំពីរបៀបធ្វើតាមគំរូរបស់លោកស្ដីអំពីចិត្ដក្លាហាននិងសមត្ថភាពយល់ដឹង។

លោកយេស៊ូមានចិត្ដក្លាហាន

. តើចិត្ដក្លាហានជាអ្វី ហើយតើតាមរបៀបណាយើងអាចមានចិត្ដក្លាហាន?

ចិត្ដក្លាហានគឺជាអារម្មណ៍មួយដែលអាចធ្វើឲ្យយើងរឹងមាំ ហើយជួយយើងឲ្យស៊ូទ្រាំនឹងការពិបាកផ្សេងៗ។ ចិត្ដក្លាហានក៏ជួយយើងឲ្យការពារអ្វីដែលត្រឹមត្រូវដែរ។ ពេលណាយើងរងទុក្ខលំបាក ចិត្ដក្លាហានអាចជួយយើងឲ្យបន្ដមានចិត្ដស្ងប់ និងបន្ដស្មោះត្រង់ចំពោះព្រះ។ ចិត្ដក្លាហានជាប់ទាក់ទងនឹងការកោតខ្លាច សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់។ តើអ្វីទាំងនេះជាប់ទាក់ទងគ្នាយ៉ាងដូចម្ដេច? ការកោតខ្លាចព្រះផ្ដល់ឲ្យយើងនូវចិត្ដក្លាហានដើម្បីយកឈ្នះការខ្លាចមនុស្ស។ (សាំយូអែលទី១ ១១:៧; សុភាសិត ២៩:២៥) សេចក្ដីសង្ឃឹមលើព្រះយេហូវ៉ាជួយយើងឲ្យផ្ដោតអារម្មណ៍ទៅលើអនាគតរបស់យើងមិនមែនទៅលើទុក្ខលំបាករបស់យើងឡើយ។ (ទំនុកតម្កើង ២៧:១៤) សេចក្ដីស្រឡាញ់ដែលមិនគិតអំពីប្រយោជន៍ខ្លួនជំរុញយើងឲ្យបង្ហាញចិត្ដក្លាហាន សូម្បីតែនៅពេលដែលយើងត្រូវគេបៀតបៀនក៏ដោយ។ (យ៉ូហាន ១៥:១៣) យើងអាចមានចិត្ដក្លាហានដោយទុកចិត្ដទៅលើព្រះ ហើយដោយធ្វើតាមគំរូរបស់បុត្រលោក។—ទំនុកតម្កើង ២៨:៧

. តើតាមរបៀបណាលោកយេស៊ូបានបង្ហាញចិត្ដក្លាហាននៅក្នុងវិហារ? (សូមមើលរូបភាពនៅដើមអត្ថបទ)

កាលលោកយេស៊ូមានអាយុ១២ឆ្នាំ លោកបានបង្ហាញចិត្ដក្លាហានពេលលោកកំពុងអង្គុយ«ក្នុងវិហារនៅក្នុងចំណោមពួកគ្រូ»។ (សូមអាន លូកា ២:៤១-៤៧) ពួកគ្រូសាសនាទាំងនោះស្គាល់ច្បាប់ម៉ូសេច្បាស់ណាស់ ប៉ុន្ដែពួកគេក៏ស្គាល់ទំនៀមទម្លាប់សាសនាយូដាដែរ។ ទំនៀមទម្លាប់ទាំងនេះបានធ្វើឲ្យបណ្ដាជនពិបាកធ្វើតាមច្បាប់ម៉ូសេ។ ប៉ុន្ដែ ទោះជាពួកគេមានចំណេះជាច្រើនក៏ដោយ លោកយេស៊ូមិនបានខ្លាចនិយាយអំពីសេចក្ដីពិតឡើយ។ លោកបានបន្ដ«សួរពួកគេនូវសំណួរផ្សេង»។ លោកយេស៊ូមិនបានសួរសំណួរដែលក្មេងប្រុសធម្មតាសួរនោះទេ។ ផ្ទុយទៅវិញ យើងអាចស្រមៃគិតថាលោកបានសួរសំណួរដ៏ជ្រាលជ្រៅដែលធ្វើឲ្យពួកគ្រូទាំងនោះស្ដាប់ដោយយកចិត្ដទុកដាក់ និងរំពឹងគិត។ បើពួកគ្រូទាំងនោះព្យាយាមសួរសំណួរដើម្បីបញ្ឆោតលោកយេស៊ូ ពួកគេនឹងបរាជ័យ។ អស់អ្នកដែលបានស្ដាប់លោក ដែលរួមមានពួកគ្រូទាំងនោះ បានកោតស្ងើច‹ដោយសារការយល់ដឹងនិងចម្លើយរបស់លោក›។ ដោយចិត្ដក្លាហាន លោកយេស៊ូបានការពារសេចក្ដីពិតដែលមាននៅក្នុងបណ្ដាំរបស់ព្រះ!

. តើតាមរបៀបណាលោកយេស៊ូបានបង្ហាញចិត្ដក្លាហានក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់លោក?

ក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់លោកយេស៊ូ លោកបានបង្ហាញចិត្ដក្លាហានតាមរបៀបផ្សេងៗ។ ជាឧទាហរណ៍ លោកបានបង្ហាញមនុស្សថាពួកអ្នកដឹកនាំសាសនាបានបំភាន់ពួកគេដោយសេចក្ដីបង្រៀនមិនពិត។ (ម៉ាថាយ ២៣:១៣-៣៦) ម្យ៉ាងវិញទៀត លោកយេស៊ូមិនបានអនុញ្ញាតឲ្យពិភពលោកនេះមានឥទ្ធិពលអាក្រក់មកលើលោកឡើយ។ (យ៉ូហាន ១៦:៣៣) លោកបានបន្ដផ្សព្វផ្សាយទោះជាមានការប្រឆាំងក៏ដោយ។ (យ៉ូហាន ៥:១៥-១៨; ៧:១៤) ដោយចិត្ដក្លាហាន លោកបានសម្អាតវិហារពីរដងដោយបណ្ដេញពួកអ្នកដែលបង្ខូចការគោរពប្រណិប័តន៍ពិតនៅទីនោះ។—ម៉ាថាយ ២១:១២, ១៣; យ៉ូហាន ២:១៤-១៧

លោកយេស៊ូបានប្រាប់តុលាការជាន់ខ្ពស់នៃជនជាតិយូដាយ៉ាងក្លាហានថាលោកគឺជាគ្រិស្ដនិងជាបុត្ររបស់ព្រះ

. តើតាមរបៀបណាលោកយេស៊ូបានបង្ហាញចិត្ដក្លាហាននៅថ្ងៃចុងក្រោយនៃជីវិតរបស់លោកនៅផែនដី?

សូមឲ្យយើងពិចារណាអំពីចិត្ដក្លាហានរបស់លោកយេស៊ូនៅថ្ងៃចុងក្រោយនៃជីវិតរបស់លោកនៅផែនដី។ លោកយេស៊ូបានដឹងអំពីអ្វីដែលនឹងកើតឡើងបន្ទាប់ពីយូដាសក្បត់លោក។ ប៉ុន្ដែ ពេលពិសាអាហារបុណ្យរំលង លោកយេស៊ូបានប្រាប់យូដាសថា«អ្វីដែលអ្នកកំពុងធ្វើ ចូរធ្វើឲ្យឆាប់ទៅ»។ (យ៉ូហាន ១៣:២១-២៧) បន្ទាប់មក នៅក្នុងសួនហ្គេតសេម៉ានី ដោយចិត្ដក្លាហាន លោកយេស៊ូបានបង្ហាញខ្លួនដល់ទាហានដែលបានមកចាប់លោក។ ទោះជាជីវិតរបស់លោកស្ថិតនៅក្នុងគ្រោះថ្នាក់ក៏ដោយ លោកបានការពារពួកអ្នកកាន់តាមលោក ដោយប្រាប់ពួកទាហានថា«ចូរឲ្យអ្នកទាំងនេះទៅចុះ»។ (យ៉ូហាន ១៨:១-) ក្រោយមក ពេលតុលាការជាន់ខ្ពស់នៃជនជាតិយូដាបានសួរលោក លោកយេស៊ូបានប្រាប់ពួកគេយ៉ាងក្លាហានថាលោកគឺជាគ្រិស្ដនិងជាបុត្ររបស់ព្រះ។ លោកមិនបានខ្លាចឡើយ ទោះជាសម្ដេចសង្ឃព្យាយាមរកលេសដើម្បីសម្លាប់លោកក៏ដោយ។ (ម៉ាកុស ១៤:៦០-៦៥) លោកយេស៊ូបានរក្សាចិត្ដស្មោះគ្រប់លក្ខណៈចំពោះព្រះ ហើយបានស្លាប់នៅលើបង្គោលទារុណកម្ម។ នៅដង្ហើមចុងក្រោយរបស់លោក លោកបានបន្លឺសំឡេងថា«ការទាំងអស់បានសម្រេចហើយ!»។—យ៉ូហាន ១៩:២៨-៣០

ចូរមានចិត្ដក្លាហានដូចលោកយេស៊ូ

. ប្អូនវ័យក្មេងទាំងឡាយ តើប្អូនមានអារម្មណ៍យ៉ាងណាដែលប្អូនជាសាក្សីព្រះយេហូវ៉ា ហើយតើប្អូនអាចបង្ហាញយ៉ាងដូចម្ដេចថាប្អូនមានចិត្ដក្លាហាន?

តើតាមរបៀបណាយើងអាចមានចិត្ដក្លាហានដូចលោកយេស៊ូ? នៅសាលា។ ប្អូនវ័យក្មេងទាំងឡាយ ប្អូនមានចិត្ដក្លាហាន ពេលប្អូនប្រាប់សិស្សរួមថ្នាក់និងមនុស្សទៀតថាប្អូនជាសាក្សីព្រះយេហូវ៉ា។ តាមរបៀបនេះ ប្អូនបង្ហាញថាប្អូនមានមោទនភាពដែលបានត្រូវហៅដោយនាមរបស់ព្រះយេហូវ៉ា ទោះជានេះនាំឲ្យមនុស្សទៀតសើចចំអកប្អូនក៏ដោយ។ (សូមអាន ទំនុកតម្កើង ៨៦:១២) មនុស្សខ្លះប្រហែលជាចង់ឲ្យប្អូនជឿលើការវិវត្ដន៍។ ប៉ុន្ដែ ប្អូនអាចទុកចិត្ដថាអ្វីដែលគម្ពីរចែងអំពីការបង្កើតគឺជាការពិត។ ប្អូនអាចប្រើសៀវភៅស្ដើងដែលមានចំណងជើងថាតើជីវិតទាំងឡាយមានអ្នកបង្កើតទេ? ដើម្បីឆ្លើយសំណួររបស់ពួកអ្នកដែលចង់ដឹង«អំពីមូលហេតុដែលអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមនោះ»។ (ពេត្រុសទី១ ៣:១៥) ពេលធ្វើដូច្នេះ ប្អូននឹងស្កប់ចិត្ដដោយដឹងថាប្អូនបានការពារសេចក្ដីពិតពីគម្ពីរដោយចិត្ដក្លាហាន!

. តើយើងមានមូលហេតុអ្វីខ្លះដើម្បីផ្សព្វផ្សាយដោយចិត្ដក្លាហាន?

ក្នុងកិច្ចបម្រើផ្សាយរបស់យើង។ ក្នុងនាមជាគ្រិស្ដសាសនិកពិត យើងត្រូវបន្ដ«និយាយយ៉ាងក្លាហានដោយមានអំណាចពីព្រះយេហូវ៉ា»។ (សកម្មភាព ១៤:៣) ហេតុអ្វីយើងអាចផ្សព្វផ្សាយដោយចិត្ដក្លាហាន? ទី១ យើងដឹងថាអ្វីដែលយើងផ្សព្វផ្សាយគឺជាសេចក្ដីពិត ដោយសារនោះមានមូលដ្ឋានលើគម្ពីរ។ (យ៉ូហាន ១៧:១៧) ទី២ «យើងជាអ្នករួមការងារជាមួយនឹងព្រះ» ហើយលោកបានផ្ដល់ឲ្យយើងនូវសកម្មពលបរិសុទ្ធរបស់លោកដើម្បីជួយយើង។ (កូរិនថូសទី១ ៣:៩; សកម្មភាព ៤:៣១) ទី៣ យើងស្រឡាញ់ព្រះយេហូវ៉ានិងមនុស្ស នេះជំរុញចិត្ដយើងឲ្យខំប្រឹងអស់ពីសមត្ថភាពដើម្បីប្រាប់មនុស្សទៀតអំពីដំណឹងល្អ។ (ម៉ាថាយ ២២:៣៧-៣៩) ដោយសារយើងមានចិត្ដក្លាហាន យើងនឹងមិនឈប់ផ្សព្វផ្សាយឡើយ។ យើងតាំងចិត្ដបង្រៀនសេចក្ដីពិតដល់ពួកអ្នកដែលបាន«ទៅជាងងឹត»បានត្រូវអ្នកដឹកនាំសាសនាបោកបញ្ឆោត។ (កូរិនថូសទី២ ៤:៤) យើងនឹងបន្ដផ្សព្វផ្សាយដំណឹងល្អ ទោះជាមនុស្សទៀតមិនព្រមស្ដាប់ដំណឹងដែលយើងផ្សាយ ឬបៀតបៀនយើងក៏ដោយ។—ថែស្សាឡូនិចទី១ ២:១, ២

. ពេលយើងរងទុក្ខលំបាក តើតាមរបៀបណាយើងអាចបង្ហាញចិត្ដក្លាហាន?

ពេលយើងរងទុក្ខលំបាក។ ពេលយើងទុកចិត្ដទៅលើព្រះ លោកនឹងផ្ដល់ឲ្យយើងនូវជំនឿនិងចិត្ដក្លាហានដែលយើងត្រូវការដើម្បីស៊ូទ្រាំនឹងការពិបាកផ្សេងៗ។ បើមនុស្សជាទីស្រឡាញ់ស្លាប់ យើងកើតទុក្ខជាខ្លាំង ប៉ុន្ដែយើងមិនអស់សង្ឃឹមទេ។ យើងមានទំនុកចិត្ដថា«ព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង»នឹងពង្រឹងកម្លាំងចិត្ដយើង។ (កូរិនថូសទី២ ១:៣, ៤; ថែស្សាឡូនិចទី១ ៤:១៣) ទោះជាយើងមានការឈឺចាប់ដោយសារជំងឺ ឬរបួសក៏ដោយ យើងមិនព្រមទទួលការព្យាបាលណាដែលព្រះមិនពេញចិត្ដឡើយ។ (សកម្មភាព ១៥:២៨, ២៩) បើយើងធ្លាក់ទឹកចិត្ដ នោះ«ចិត្ដរបស់យើងផ្ដន្ទាទោសយើង» ប៉ុន្ដែយើងមិនឈប់តស៊ូឡើយ។ ផ្ទុយទៅវិញ យើងទុកចិត្ដព្រះយេហូវ៉ាជាព្រះដែលនៅ«ជិតបង្កើយនឹងអស់អ្នកដែលមានចិត្ដសង្រេង» * (សូមមើលកំណត់សម្គាល់)។—យ៉ូហានទី១ ៣:១៩, ២០; ទំនុកតម្កើង ៣៤:១៨

លោកយេស៊ូមានសមត្ថភាពយល់ដឹង

១០. តើសមត្ថភាពយល់ដឹងមានន័យយ៉ាងណា ហើយតើគ្រិស្ដសាសនិកដែលមានសមត្ថភាពយល់ដឹងនិយាយនិងប្រព្រឹត្ដបែបណា?

១០ សមត្ថភាពយល់ដឹងគឺជាការវិនិច្ឆ័យត្រឹមត្រូវ ពោលគឺសមត្ថភាពយល់អំពីភាពខុសគ្នារវាងអ្វីដែលខុសនិងអ្វីដែលត្រូវ ហើយបន្ទាប់មកសម្រេចចិត្ដធ្វើអ្វីដែលត្រឹមត្រូវ។ (ហេប្រឺ ៥:១៤) គ្រិស្ដសាសនិកដែលមានសមត្ថភាពយល់ដឹងធ្វើការសម្រេចចិត្ដដែលនឹងពង្រឹងចំណងមិត្ដភាពរបស់គាត់ជាមួយនឹងព្រះ។ គាត់ប្រយ័ត្នមិនធ្វើឲ្យអ្នកទៀតឈឺចិត្ដដោយពាក្យសម្ដីរបស់គាត់។ ផ្ទុយទៅវិញ គាត់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ដ ដោយប្រើពាក្យដែលលើកទឹកចិត្ដអ្នកទៀត។ (សុភាសិត ១១:១២, ១៣) គាត់«មិនឆាប់ខឹង»។ (សុភាសិត ១៤:២៩) គាត់«ដើរតាមផ្លូវទៀងត្រង់» ពោលគឺគាត់ធ្វើការសម្រេចចិត្ដដ៏ល្អក្នុងជីវិតរបស់គាត់។ (សុភាសិត ១៥:២១) តើតាមរបៀបណាយើងអាចរៀនឲ្យមានសមត្ថភាពយល់ដឹង? យើងត្រូវសិក្សាបណ្ដាំរបស់ព្រះ ហើយអនុវត្ដអ្វីដែលយើងរៀន។ (សុភាសិត ២:១-៥, ១០, ១១) យើងក៏អាចសិក្សានិងធ្វើតាមគំរូដ៏ល្អឥតខ្ចោះរបស់លោកយេស៊ូស្ដីអំពីសមត្ថភាពយល់ដឹងដែរ។

១១. តើតាមរបៀបណាលោកយេស៊ូបានបង្ហាញសមត្ថភាពយល់ដឹងក្នុងពាក្យសម្ដីរបស់លោក?

១១ លោកយេស៊ូបានបង្ហាញសមត្ថភាពយល់ដឹងក្នុងគ្រប់ពាក្យសម្ដីនិងការប្រព្រឹត្ដទាំងអស់របស់លោក។ ក្នុងពាក្យសម្ដីរបស់លោក។ ពេលលោកយេស៊ូផ្សព្វផ្សាយដំណឹងល្អ លោកបានប្រើសម្ដីសប្បុរសដែលធ្វើឲ្យពួកអ្នកស្ដាប់កោតស្ងើច។ (ម៉ាថាយ ៧:២៨; លូកា ៤:២២) លោកច្រើនតែអាន ឬលើកឡើងអំពីអ្វីដែលបណ្ដាំរបស់ព្រះចែង។ លោកដឹងយ៉ាងច្បាស់នូវបទគម្ពីរដែលត្រូវប្រើក្នុងស្ថានភាពនីមួយៗ។ (ម៉ាថាយ ៤:៤, ៧, ១០; ១២:១-៥; លូកា ៤:១៦-២១) ម្យ៉ាងទៀត ពេលលោកយេស៊ូពន្យល់បទគម្ពីរ ពាក្យសម្ដីរបស់លោកមានឥទ្ធិពលយ៉ាងខ្លាំងទៅលើមនុស្សដែលបានស្ដាប់លោក។ ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបាននិយាយទៅអ្នកកាន់តាមលោកពីរនាក់កាលដែលពួកគេដើរតាមផ្លូវទៅភូមិអេម៉ាស។ លោកបានពន្យល់អត្ថន័យនៃបទគម្ពីរដែលសំដៅលើលោកផ្ទាល់។ ក្រោយមក អ្នកកាន់តាមលោកបាននិយាយថា«យើងបានរំភើបចិត្ដជាខ្លាំង កាលដែលលោកកំពុងមានប្រសាសន៍មកយើងតាមផ្លូវ ហើយកំពុងពន្យល់បទគម្ពីរយ៉ាងអស់សេចក្ដីឲ្យយើងយល់ មែនទេ?»។—លូកា ២៤:២៧, ៣២

១២, ១៣. តើមានគំរូអ្វីខ្លះដែលបង្ហាញថាលោកយេស៊ូយឺតនឹងខឹង និងមានគំនិតសមហេតុសមផល?

១២ អារម្មណ៍និងចិត្ដគំនិតរបស់លោក។ សមត្ថភាពយល់ដឹងបានជួយលោកយេស៊ូឲ្យ«យឺតនឹងខឹង»។ (សុភាសិត ១៦:៣២) លោកអាចគ្រប់គ្រងអារម្មណ៍របស់លោក ហើយលោក«ស្លូត»។ (ម៉ាថាយ ១១:២៩) លោកយេស៊ូតែងតែមានចិត្ដអត់ធ្មត់នឹងអ្នកកាន់តាមលោក ទោះជាពួកគេមានកំហុសក៏ដោយ។ (ម៉ាកុស ១៤:៣៤-៣៨; លូកា ២២:២៤-២៧) លោកបានរក្សាភាពស្ងប់ស្ងៀម សូម្បីតែពេលលោកត្រូវគេធ្វើបាបក្ដី។—ពេត្រុសទី១ ២:២៣

១៣ សមត្ថភាពយល់ដឹងបានជួយលោកយេស៊ូឲ្យមានគំនិតសមហេតុសមផល។ លោកយល់គំនិតនិងខ្លឹមសារនៃច្បាប់ម៉ូសេ ហើយនេះមានឥទ្ធិពលទៅលើរបៀបដែលលោកប្រព្រឹត្ដចំពោះមនុស្ស។ ជាឧទាហរណ៍ សូមគិតអំពីស្ដ្រីម្នាក់ដែលមាន«ជំងឺធ្លាក់ឈាម»។ (សូមអាន ម៉ាកុស ៥:២៥-៣៤) ស្ដ្រីនោះបានដើរកាត់ហ្វូងមនុស្ស បានពាល់សម្លៀកបំពាក់របស់លោកយេស៊ូ ហើយបានជាសះស្បើយ។ យោងទៅតាមច្បាប់ នាងជាមនុស្សមិនស្អាត ដូច្នេះនាងមិនគួរពាល់អ្នកណាម្នាក់ឡើយ។ (លេវីវិន័យ ១៥:២៥-២៧) ប៉ុន្ដែ លោកយេស៊ូមិនបានប្រើពាក្យគំរោះគំរើយទៅកាន់នាងទេ។ ហេតុអ្វី? ពីព្រោះលោកចាត់ទុកគុណសម្បត្ដិដូចជា«សេចក្ដីមេត្ដាករុណា និងសេចក្ដីស្មោះត្រង់» ថាសំខាន់ជាងការធ្វើតាមច្បាប់យ៉ាងតឹងរ៉ឹង។ (ម៉ាថាយ ២៣:២៣) លោកយេស៊ូបានមានប្រសាសន៍ដោយសប្បុរសថា«កូនស្រីអើយ ជំនឿរបស់នាងបានធ្វើឲ្យនាងជាហើយ។ សូមអញ្ជើញទៅឲ្យបានសេចក្ដីសុខចុះ ហើយសូមឲ្យនាងបានជាសះស្បើយពីជំងឺដែលបានធ្វើឲ្យរងទុក្ខ»។ នេះពិតជាគំរូដ៏ល្អប្រសើរមែនស្ដីអំពីរបៀបដែលសមត្ថភាពយល់ដឹងបានជំរុញលោកយេស៊ូឲ្យបង្ហាញចិត្ដសប្បុរស!

១៤. តើលោកយេស៊ូបានសម្រេចចិត្ដធ្វើអ្វី ហើយតើតាមរបៀបណាលោកបានបន្ដផ្ដោតអារម្មណ៍ទៅលើកិច្ចបម្រើផ្សាយ?

១៤ ក្នុងរបៀបរស់នៅរបស់លោក។ លោកយេស៊ូបានបង្ហាញថាលោកមានសមត្ថភាពយល់ដឹងក្នុងរបៀបរស់នៅរបស់លោក។ លោកបានជ្រើសយកកិច្ចបម្រើផ្សាយជាអាជីពរបស់លោក។ (លូកា ៤:៤៣) ម្យ៉ាងទៀត លោកយេស៊ូបានធ្វើការសម្រេចចិត្ដដែលជួយលោកឲ្យផ្ដោតអារម្មណ៍ទៅលើកិច្ចការនេះ ហើយបង្ហើយភារកិច្ចរបស់លោក។ ជាឧទាហរណ៍ លោកខំធ្វើឲ្យជីវិតរបស់លោកសាមញ្ញជានិច្ចដើម្បីលោកអាចប្រើពេលវេលានិងកម្លាំងរបស់លោកក្នុងកិច្ចបម្រើផ្សាយ។ (លូកា ៩:៥៨) លោកបានដឹងថាគឺសំខាន់ចាំបាច់ដែលលោកបង្ហាត់បង្រៀនអ្នកទៀត ដើម្បីពួកគេអាចបន្ដកិច្ចការផ្សព្វផ្សាយក្រោយពីលោកស្លាប់។ (លូកា ១០:១-១២; យ៉ូហាន ១៤:១២) ម្យ៉ាងទៀត លោកបានសន្យានឹងពួកអ្នកកាន់តាមលោកថាលោកនឹងជួយពួកគេក្នុងកិច្ចបម្រើផ្សាយ«រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។—ម៉ាថាយ ២៨:១៩, ២០

ចូរមានសមត្ថភាពយល់ដឹងដូចលោកយេស៊ូ

សមត្ថភាពយល់ដឹងជួយយើង យល់អំពីអ្វីដែលមនុស្សត្រូវការ ហើយគិតឲ្យបានដិតដល់នូវពាក្យ ដែលយើងនឹងនិយាយ (សូមមើលវគ្គ១៥)

១៥. តើតាមរបៀបណាយើងអាចបង្ហាញសមត្ថភាពយល់ដឹងក្នុងពាក្យសម្ដីរបស់យើង?

១៥ តើតាមរបៀបណាយើងអាចមានសមត្ថភាពយល់ដឹងដូចលោកយេស៊ូ? ក្នុងពាក្យសម្ដីរបស់យើង។ ពេលយើងនិយាយជាមួយនឹងបងប្អូនរបស់យើង យើងប្រើពាក្យដែលលើកទឹកចិត្ដពួកគេ ជាជាងប្រើពាក្យដែលធ្វើឲ្យពួកគេធ្លាក់ទឹកចិត្ដ។ (អេភេសូរ ៤:២៩) ពេលយើងនិយាយជាមួយនឹងមនុស្សទៀតអំពីរាជាណាចក្រព្រះ ពាក្យរបស់យើងគួរតែ«ប្រៀបដូចជាបានត្រូវបង់អំបិល» ពោលគឺយើងគួរតែប្រើសម្ដីសប្បុរស។ (កូឡុស ៤:៦) យើងព្យាយាមយល់អំពីអ្វីដែលមនុស្សត្រូវការ ហើយអ្វីដែលពួកគេចាប់អារម្មណ៍ បន្ទាប់មកយើងគិតឲ្យបានដិតដល់នូវពាក្យដែលយើងនឹងនិយាយ។ បើយើងប្រើពាក្យសប្បុរស មនុស្សប្រហែលជានឹងចង់ស្ដាប់យើង ហើយដំណឹងដែលយើងផ្សាយប្រហែលជានឹងមានឥទ្ធិពលលើចិត្ដរបស់ពួកគេ។ ម្យ៉ាងទៀត កាលដែលយើងពន្យល់អំពីជំនឿរបស់យើង យើងអានបទគម្ពីរពេលណាដែលអាចធ្វើបាន ដោយសារបណ្ដាំរបស់ព្រះជាមូលដ្ឋាននៃជំនឿរបស់យើង។ យើងដឹងថាអ្វីដែលគម្ពីរចែងមានឫទ្ធានុភាពខ្លាំងជាងពាក្យសម្ដីណាក៏ដោយដែលយើងអាចនិយាយ។—ហេប្រឺ ៤:១២

១៦, ១៧. () តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថាយើងមិនរហ័សខឹងនិងមានគំនិតសមហេតុសមផល? () តើតាមរបៀបណាយើងអាចបន្ដផ្ដោតអារម្មណ៍ទៅលើកិច្ចបម្រើផ្សាយរបស់យើង?

១៦ អារម្មណ៍និងចិត្ដគំនិតរបស់យើង។ សមត្ថភាពយល់ដឹងជួយយើងគ្រប់គ្រងអារម្មណ៍ពេលយើងស្ថិតក្នុងស្ថានភាពពិបាក ហើយក៏ជួយយើង«មិនរហ័សខឹង»ដែរ។ (យ៉ាកុប ១:១៩) ពេលមនុស្សធ្វើឲ្យយើងឈឺចិត្ដ យើងព្យាយាមយល់អំពីមូលហេតុដែលពួកគេនិយាយ ឬប្រព្រឹត្ដបែបនេះ។ ដោយធ្វើដូច្នេះ យើងនឹងស្រួលអភ័យទោសឲ្យពួកគេជាង ហើយមិនខឹងនឹងពួកគេឡើយ។ (សុភាសិត ១៩:១១) សមត្ថភាពយល់ដឹងក៏ជួយយើងមានគំនិតសមហេតុសមផលដែរ។ យើងមិនតម្រូវឲ្យបងប្អូនរបស់យើងធ្វើជាមនុស្សល្អឥតខ្ចោះទេ។ ផ្ទុយទៅវិញ យើងចាំថាពួកគេប្រហែលជាមានបញ្ហាដែលយើងមិនយល់ទាំងស្រុងឡើយ។ យើងសុខចិត្ដស្ដាប់យោបល់របស់ពួកគេ ហើយពេលដែលយើងអាចធ្វើបាន យើងព្រមតាម។—ភីលីព ៤:៥

១៧ ក្នុងរបៀបរស់នៅរបស់យើង។ យើងដឹងថាការផ្សព្វផ្សាយដំណឹងល្អគឺជាកិត្ដិយសដ៏ខ្ពង់ខ្ពស់បំផុតដែលយើងអាចមាន។ ដូច្នេះ យើងចង់ធ្វើការសម្រេចចិត្ដដែលនឹងជួយយើងបន្ដផ្ដោតអារម្មណ៍ទៅលើកិច្ចបម្រើផ្សាយរបស់យើង។ យើងសម្រេចចិត្ដចាត់ទុកព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតរបស់យើង។ យើងមានជីវិតសាមញ្ញដើម្បីយើងអាចប្រើពេលវេលានិងកម្លាំងរបស់យើងក្នុងការផ្សព្វផ្សាយដំណឹងល្អមុនទីបញ្ចប់មកដល់។—ម៉ាថាយ ៦:៣៣; ២៤:១៤

១៨. តើតាមរបៀបណាយើងអាចបន្ដដំណើរទៅជីវិតដែលគ្មានទីបញ្ចប់ ហើយតើអ្នកតាំងចិត្ដធ្វើអ្វី?

១៨ យើងមានអំណរដោយរៀនអំពីគុណសម្បត្ដិខ្លះដ៏គួរឲ្យសរសើររបស់លោកយេស៊ូ! សូមស្រមៃគិតថាយើងអាចទទួលប្រយោជន៍យ៉ាងណាពីការសិក្សាគុណសម្បត្ដិទៀតរបស់លោក និងពីការរៀនយកតម្រាប់លោកថែមទៀត។ ដូច្នេះ សូមឲ្យយើងតាំងចិត្ដយកតម្រាប់លោកយេស៊ូ។ ដោយធ្វើដូច្នេះ យើងនឹងបន្ដដំណើរទៅជីវិតដែលគ្មានទីបញ្ចប់ ហើយយើងនឹងចូលកាន់តែជិតព្រះយេហូវ៉ា។

^ ???? 2 ពេត្រុសទី១ ១:៨, ៩ បានត្រូវសរសេរចំពោះគ្រិស្ដសាសនិកដែលមានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌។ ទោះជាយ៉ាងនេះក្ដី ពាក្យរបស់ពេត្រុសក៏អាចសំដៅលើគ្រិស្ដសាសនិកដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដីដែរ។

^ ???? 9 ដើម្បីអានគំរូរបស់បងប្អូនខ្លះដែលបានបង្ហាញចិត្ដក្លាហាននៅពេលដែលពួកគេរងទុក្ខលំបាក សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣ ទំព័រ២៤-២៥ ហើយទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១២ ទំព័រ១៣-១៦។