លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូររក្សាចិត្ដខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ

ចូររក្សាចិត្ដខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ

ការផ្សព្វផ្សាយដំណឹងល្អគឺជាកិច្ចការសំខាន់បំផុតដែលកំពុងធ្វើឡើងនៅសព្វថ្ងៃនេះ។ ការធ្វើជាតំណាងព្រះយេហូវ៉ាក្នុងកិច្ចការបង្រៀននេះ គឺជាឯកសិទ្ធិមួយ។ ប៉ុន្ដែ ជួនកាលអ្នកត្រួសត្រាយនិងអ្នកផ្សាយអាចពិបាករក្សាចិត្ដខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ។ ហេតុអ្វី?

តើអ្វីអាចជួយអ្នករក្សាចិត្ដខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ?

អ្នកផ្សាយខ្លះឃើញថា ពេលពួកគេផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ពួកគេមិនសូវមានការសន្ទនាទេ ដោយសារមនុស្សជាច្រើនមិននៅផ្ទះ។ ម្យ៉ាងទៀត ពេលមនុស្សនៅផ្ទះ ពួកគេប្រហែលជាមិនចាប់អារម្មណ៍នឹងដំណឹងអំពីរាជាណាចក្រព្រះទេ ហើយប្រហែលជាខឹងនឹងយើងទៀតផង។ អ្នកផ្សាយទៀត មានតំបន់ផ្សាយធំដែលមានមនុស្សជាច្រើនចាប់អារម្មណ៍ ប៉ុន្ដែពួកគេខ្លាចថាពួកគេនឹងមិនអាចផ្សព្វផ្សាយដល់មនុស្សគ្រប់រូបនៅក្នុងតំបន់ផ្សាយនោះទេ។ ប៉ុន្ដែ អ្នកផ្សាយខ្លះទៀតផ្សព្វផ្សាយអស់ជាច្រើនឆ្នាំ ហើយបានធ្លាក់ទឹកចិត្ដដោយសារទីបញ្ចប់មិនទាន់មកដល់នៅឡើយ។

យើងនឹងមានការពិបាកផ្សេងក្នុងកិច្ចបម្រើផ្សាយដែលអាចជះឥទ្ធិពលលើចិត្ដខ្នះខ្នែងរបស់យើង។ យើងរស់នៅក្នុងពិភពលោកដែលគ្រប់គ្រងដោយ«មេកំណាច» ពោលគឺសាថាន ហេតុនេះយើងយល់ថាយើងនឹងពិបាកផ្សព្វផ្សាយដំណឹងល្អ។—យ៉ូហានទី១ ៥:១៩

ទោះជាខ្លួនអ្នកផ្ទាល់មានការពិបាកណាក៏ដោយក្នុងកិច្ចផ្សព្វផ្សាយ អ្នកអាចប្រាកដថាព្រះយេហូវ៉ានឹងជួយអ្នកយកឈ្នះការពិបាកទាំងនេះ។ ប៉ុន្ដែ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីបង្កើនចិត្ដខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ? យើងនឹងពិភាក្សាអំពីយោបល់ខ្លះ។

ចូរជួយអ្នកផ្សាយថ្មី

ជារៀងរាល់ឆ្នាំ មនុស្សរាប់ពាន់នាក់បានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា។ បើអ្នកទើបនឹងទទួលការជ្រមុជទឹក អ្នកអាចរៀនច្រើនពីពួកអ្នកដែលផ្សព្វផ្សាយអស់ជាច្រើនឆ្នាំ។ ម្យ៉ាងទៀត បើអ្នកជាអ្នកផ្សាយយូរឆ្នាំហើយ តើអ្នកអាចជួយបង្ហាត់បង្រៀនអ្នកថ្មីបានទេ? បើអ្នកធ្វើដូច្នោះ អ្នកអាចសប្បាយចិត្ដយ៉ាងខ្លាំង។

លោកយេស៊ូបានដឹងថាអ្នកកាន់តាមលោកត្រូវការការណែនាំដើម្បីក្លាយទៅជាអ្នកបង្រៀនដែលមានប្រសិទ្ធភាព ហើយលោកបានបង្ហាញពួកគេអំពីរបៀបផ្សព្វផ្សាយ។ (លូកា ៨:១) សព្វថ្ងៃនេះក៏ដូចគ្នាដែរ អ្នកថ្មីត្រូវការការបង្ហាត់បង្រៀនដើម្បីក្លាយទៅជាអ្នកផ្សព្វផ្សាយនិងអ្នកបង្រៀនដែលមានប្រសិទ្ធភាព។

យើងមិនគួរគិតថា អ្នកផ្សាយថ្មីនឹងរៀនរបៀបបង្រៀន ដោយគ្រាន់តែចេញទៅផ្សព្វផ្សាយឡើយ។ គាត់ត្រូវការការណែនាំដោយផ្ទាល់ពីអ្នកបង្ហាត់បង្រៀនដែលមានចិត្ដសប្បុរសនិងសេចក្ដីស្រឡាញ់។ អ្នកផ្សាយដែលមានបទពិសោធន៍ត្រូវបង្រៀនគាត់អំពីរបៀប () រៀបចំនិងហាត់ពាក្យផ្សាយដល់ម្ចាស់ផ្ទះ () សន្ទនាជាមួយនឹងម្ចាស់ផ្ទះនិងអ្នកទៀត () ស្នើផ្ដល់សៀវភៅ () ត្រឡប់ទៅជួបពួកអ្នកដែលចាប់អារម្មណ៍ ហើយ() ចាប់ផ្ដើមការសិក្សាគម្ពីរ។ អ្នកផ្សាយថ្មីអាចក្លាយទៅជាអ្នកផ្សព្វផ្សាយនិងអ្នកបង្រៀនដែលមានប្រសិទ្ធភាពបាន បើគាត់សង្កេតមើល ហើយធ្វើតាមរបៀបដែលអ្នកផ្សាយដែលមានបទពិសោធន៍បង្រៀន។ (លូកា ៦:៤០) ម្យ៉ាងទៀត អ្នកផ្សាយថ្មីនឹងមានទំនុកចិត្ដខ្លាំងជាង ដោយដឹងថាមានអ្នកណាម្នាក់ត្រៀមខ្លួនដើម្បីជួយ ពេលគាត់ត្រូវការជំនួយ។ ការសរសើរនិងការជូនយោបល់ក៏អាចជួយអ្នកផ្សាយថ្មីដែរ។—សាស្ដា ៤:៩, ១០

ចូរនិយាយជាមួយនឹងដៃគូផ្សាយក្នុងកិច្ចបម្រើផ្សាយ

ទោះជាអ្នកខំព្យាយាមយ៉ាងណាក៏ដោយដើម្បីនិយាយជាមួយនឹងម្ចាស់ផ្ទះ នៅថ្ងៃខ្លះការសន្ទនាដ៏ល្អបំផុតដែលអ្នកមានពេលអ្នកផ្សព្វផ្សាយ គឺការសន្ទនាជាមួយនឹងដៃគូផ្សាយ។ សូមចាំថាលោកយេស៊ូបានចាត់អ្នកកាន់តាមលោកឲ្យផ្សព្វផ្សាយ«ជាគូ»។ (លូកា ១០:១) កាលដែលពួកគេផ្សព្វផ្សាយជាមួយគ្នា ពួកគេអាចលើកទឹកចិត្ដគ្នានិងជំរុញចិត្ដគ្នាទៅវិញទៅមក។ យើងមានឱកាសដ៏ល្អដើម្បី«លើកទឹកចិត្ដគ្នាទៅវិញទៅមក» ពេលយើងផ្សព្វផ្សាយជាមួយនឹងបងប្អូនយើង។—រ៉ូម ១:១២

តើអ្នកអាចនិយាយអំពីអ្វីខ្លះ? ថ្មីនេះ តើអ្នកដៃគូផ្សាយរបស់អ្នកមានបទពិសោធន៍ណាមួយដែលលើកទឹកចិត្ដទេ? ក្នុងការសិក្សាផ្ទាល់ខ្លួនជាក្រុមគ្រួសារ តើអ្នកបានរៀនអំពីចំណុចមួយដែលគួរឲ្យចាប់អារម្មណ៍ទេ? តើអ្នកបានទទួលការលើកទឹកចិត្ដពីអ្វីមួយដែលអ្នកបាននៅកិច្ចប្រជុំទេ? ជួនកាល អ្នកប្រហែលជាផ្សព្វផ្សាយជាមួយនឹងអ្នកផ្សាយដែលអ្នកមិនសូវស្គាល់។ ប្រហែលជាអ្នកអាចសួរគាត់ថាគាត់មកក្នុងសេចក្ដីពិតយ៉ាងដូចម្ដេច។ ម្យ៉ាងទៀត អ្នកអាចសួរគាត់ថា តើអ្វីបានធ្វើឲ្យគាត់ជឿជាក់ថានេះជាអង្គការរបស់ព្រះយេហូវ៉ា? តើគាត់មានឯកសិទ្ធិអ្វីខ្លះ ឬមានបទពិសោធន៍ណាខ្លះ? ប្រហែលជាអ្នកអាចប្រាប់បទពិសោធន៍ខ្លះរបស់អ្នក។ ទោះជាមនុស្សក្នុងតំបន់ផ្សាយមានប្រតិកម្មយ៉ាងណាក៏ដោយ ពេលអ្នកផ្សព្វផ្សាយជាមួយនឹងបងប្អូនណាម្នាក់ អ្នកមានឱកាសដ៏ល្អដើម្បីបន្ដ«ពង្រឹងកម្លាំងគ្នាទៅវិញទៅមក»។—ថែស្សាឡូនិចទី១ ៥:១១

ចូរធ្វើឲ្យការសិក្សាផ្ទាល់ខ្លួនរបស់អ្នកកាន់តែប្រសើរឡើង

ដើម្បីរក្សាចិត្ដខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ យើងត្រូវធ្វើឲ្យការសិក្សាផ្ទាល់ខ្លួនរបស់យើងកាន់តែប្រសើរឡើង។ «ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»បោះពុម្ពផ្សាយព័ត៌មានអំពីប្រធានបទផ្សេងជាច្រើនដែលយើងអាចសិក្សា។ (ម៉ាថាយ ២៤:៤៥) ចូរយើងពិភាក្សាឧទាហរណ៍អំពីប្រធានបទដ៏ល្អមួយសម្រាប់ការសិក្សាផ្ទាល់ខ្លួនគឺ ហេតុអ្វីកិច្ចការផ្សព្វផ្សាយគឺសំខាន់ម៉្លេះ? ប្រអប់ដែលមានចំណងជើងថា« ហេតុអ្វីអ្នករក្សាចិត្ដខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ?»ផ្ដល់នូវមូលហេតុខ្លះ។

ការពិចារណាចំណុចដែលនៅក្នុងប្រអប់នោះអាចជំរុញចិត្ដអ្នកឲ្យបន្ដផ្សព្វផ្សាយដោយចិត្ដខ្នះខ្នែង។ សម្រាប់ការសិក្សានៅថ្ងៃក្រោយ សូមព្យាយាមធ្វើបញ្ជីអំពីមូលហេតុទៀតដែលជំរុញអ្នកឲ្យផ្សព្វផ្សាយដោយចិត្ដខ្នះខ្នែង និងបទគម្ពីរដែលបញ្ជាក់មូលហេតុទាំងនោះ។ បន្ទាប់មក សូមរំពឹងគិតអំពីមូលហេតុទាំងនោះ។ ពេលអ្នកធ្វើដូច្នេះ អ្នកនឹងមានចិត្ដខ្នះខ្នែងកាន់តែខ្លាំងឡើងក្នុងកិច្ចបម្រើផ្សាយ។

ចូរសុខចិត្ដសាកល្បងវិធីផ្សព្វផ្សាយថ្មី

អង្គការព្រះយេហូវ៉ាផ្ដល់យោបល់ជាទៀងទាត់អំពីវិធីផ្សេងដើម្បីជួយយើងធ្វើឲ្យកិច្ចបម្រើផ្សាយរបស់យើងកាន់តែប្រសើរឡើង។ ជាឧទាហរណ៍ ក្រៅពីកិច្ចការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ យើងក៏អាចសាកល្បងសរសេរសំបុត្រ ផ្សព្វផ្សាយតាមទូរស័ព្ទ ផ្សព្វផ្សាយតាមផ្លូវ ឬនៅកន្លែងសាធារណៈទៀត និងផ្សព្វផ្សាយក្រៅផ្លូវការ ឬពេលយើងជួបពួកគេនៅកន្លែងដែលពួកគេធ្វើការ។ ប្រហែលជាយើងក៏អាចធ្វើគម្រោងដើម្បីផ្សព្វផ្សាយក្នុងតំបន់ដែលមិនសូវមានសាក្សីព្រះយេហូវ៉ា ឬតំបន់ដែលគ្មានសាក្សីសោះ។

តើអ្នកសុខចិត្ដសាកល្បងវិធីផ្សព្វផ្សាយថ្មីទេ? បងប្អូនជាច្រើននាក់ដែលបានសាកល្បងប្រើយោបល់ទាំងនេះបានទទួលជោគជ័យ។ សូមពិចារណាគំរូបី។

បងស្រីម្នាក់ឈ្មោះអេប្រិលបានសម្រេចចិត្ដសាកល្បងប្រើយោបល់មួយពីអត្ថបទក្នុងកិច្ចបម្រើព្រះ ស្ដីអំពីរបៀបចាប់ផ្ដើមការសិក្សាគម្ពីរ។ គាត់បានស្នើសុំបង្រៀនគម្ពីរដល់អ្នករួមការងារបីនាក់។ បងអេប្រិលបានភ្ញាក់ផ្អើល និងរំភើបចិត្ដ ពេលអ្នកទាំងបីនាក់នោះបានយល់ព្រមសិក្សាគម្ពីរ ហើយក៏បានចាប់ផ្ដើមចូលរួមកិច្ចប្រជុំរបស់ក្រុមជំនុំដែរ។

យើងក៏បានត្រូវលើកទឹកចិត្ដដែរឲ្យស្វែងរកអ្នកដែលប្រហែលជាចាប់អារម្មណ៍នឹងអត្ថបទណាមួយនៅក្នុងទស្សនាវដ្ដីរបស់យើង។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលម្នាក់នៅសហរដ្ឋអាម៉េរិកបានសម្រេចចិត្ដស្នើផ្ដល់ទស្សនាវដ្ដីភ្ញាក់រឭក! (Awake!) ស្ដីអំពីសម្បកកង់ឡានដល់ពួកអ្នកគ្រប់គ្រងនៃហាងសម្បកកង់ឡានទាំងអស់នៅក្នុងតំបន់មួយ។ គាត់និងប្រពន្ធរបស់គាត់ក៏បានស្នើផ្ដល់អត្ថបទដែលចេញជាបន្ដបន្ទាប់ស្ដីអំពី«ការស្វែងយល់គ្រូពេទ្យរបស់អ្នក»ដល់មន្ទីរព្យាបាលជាង១០០ដែរ។ គាត់និយាយថាការទៅជួបទាំងនេះបានជួយអ្នកទៀតឲ្យដឹងអំពីកិច្ចការផ្សព្វផ្សាយនិងសៀវភៅរបស់យើង។ ក្រោយពីបានស្គាល់មនុស្សក្នុងតំបន់ផ្សាយច្បាស់ជាង អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងប្រពន្ធរបស់គាត់អាចធ្វើការត្រឡប់ទៅជួបបានច្រើនជាង។

បងស្រីម្នាក់ឈ្មោះជូឌីបានសរសេរទៅមន្ទីរចាត់ការពិភពលោក ដោយសារគាត់មានចិត្ដដឹងគុណចំពោះការលើកទឹកចិត្ដឲ្យផ្សព្វផ្សាយតាមទូរស័ព្ទ។ គាត់និយាយថាម្ដាយគាត់ដែលមានអាយុ៨៦ឆ្នាំ ហើយមានបញ្ហាសុខភាពជាច្រើន បានផ្សព្វផ្សាយដល់អ្នកទៀតតាមទូរស័ព្ទជាទៀងទាត់។ ជាលទ្ធផល ម្ដាយរបស់គាត់បានចាប់ផ្ដើមសិក្សាគម្ពីរជាមួយនឹងស្ដ្រីម្នាក់ដែលមានអាយុ៩២ឆ្នាំ!

យោបល់ដែលមាននៅក្នុងសៀវភៅរបស់យើងពិតជាមានប្រយោជន៍មែន! សូមសាកល្បងប្រើយោបល់ទាំងនោះ។ យោបល់ទាំងនោះអាចជួយអ្នករក្សាអំណរនិងចិត្ដខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ។

ចូរកំណត់គោលដៅសមហេតុសមផល

តើអ្វីធ្វើឲ្យយើងមានជោគជ័យក្នុងកិច្ចការផ្សព្វផ្សាយ? មិនមែនដោយសារយើងជូនសៀវភៅច្រើន ដឹកនាំការសិក្សាច្រើន ឬដោយសារយើងជួយមនុស្សច្រើននាក់ក្លាយទៅជាសាក្សីព្រះយេហូវ៉ាឡើយ។ សូមគិតអំពីណូអេ។ ក្រៅពីគ្រួសាររបស់គាត់ តើណូអេបានជួយមនុស្សប៉ុន្មាននាក់ក្លាយទៅជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា? ទោះជាគ្មានអ្នកណាក្រៅពីគ្រួសាររបស់គាត់បានក្លាយទៅជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាក៏ដោយ គាត់ប្រាកដជាអ្នកផ្សព្វផ្សាយដែលមានជោគជ័យ។ អ្វីដែលសំខាន់ គឺយើងបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់។—កូរិនថូសទី១ ៤:២

អ្នកផ្សាយជាច្រើននាក់ទទួលស្គាល់ថាដើម្បីមានចិត្ដរំភើបចំពោះកិច្ចការផ្សព្វផ្សាយ ពួកគេត្រូវកំណត់គោលដៅសមហេតុសមផល។ តើអ្វីខ្លះជាគោលដៅទាំងនេះ? យោបល់មួយចំនួនបានត្រូវរៀបរាប់នៅក្នុងប្រអប់« ចូរកំណត់គោលដៅសមហេតុសមផល»។

ចូរសុំព្រះយេហូវ៉ាជួយអ្នកធ្វើឲ្យកិច្ចបម្រើផ្សាយរបស់អ្នកគួរជាទីគាប់ចិត្ដ និងឲ្យផ្សព្វផ្សាយដោយមានគោលដៅ។ ពេលអ្នកសម្រេចគោលដៅ អ្នកនឹងពេញចិត្ដដោយដឹងថា អ្នកកំពុងខំប្រឹងអស់ពីសមត្ថភាពដើម្បីផ្សព្វផ្សាយដំណឹងល្អ។

ពិតមែនតែការផ្សព្វផ្សាយដំណឹងល្អអាចជាការពិបាក ប៉ុន្ដែមានអ្វីជាច្រើនដែលអ្នកអាចធ្វើដើម្បីមានចិត្ដខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ។ ចូរមានការសន្ទនាដែលលើកទឹកចិត្ដជាមួយនឹងដៃគូផ្សាយរបស់អ្នក ចូរធ្វើការសិក្សាផ្ទាល់ខ្លួនយ៉ាងស៊ីជម្រៅនិងជាទៀងទាត់ ចូរសាកប្រើយោបល់របស់ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា រួចកំណត់គោលដៅសមហេតុសមផល។ សំខាន់បំផុត សូមចាំថាព្រះយេហូវ៉ាបានឲ្យអ្នកមានឯកសិទ្ធិផ្សព្វផ្សាយដំណឹងល្អ ក្នុងនាមជាសាក្សីម្នាក់របស់លោក។ (អេសាយ ៤៣:១០) ពិតមែន អ្នកនឹងមានអំណរក្រៃលែងកាលដែលអ្នកបន្ដរក្សាចិត្ដខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ!