លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អំណោយមួយដែលមិនបានរំពឹងទុកសម្រាប់ប្រទេសជប៉ុន

អំណោយមួយដែលមិនបានរំពឹងទុកសម្រាប់ប្រទេសជប៉ុន

ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣ នៅកិច្ចប្រជុំដ៏ពិសេសមួយដែលបានធ្វើឡើងនាក្រុងណាហ្គោយ៉ា ប្រទេសជប៉ុន បងប្រុសអានថូនី ម៉ូរីស ដែលជាសមាជិកគណៈអភិបាលបានប្រកាសដំណឹងមួយដ៏គួរឲ្យរំភើបចិត្ដអំពីការចេញសៀវភៅថ្មីមួយជាភាសាជប៉ុន ដែលមានចំណងជើងថា គម្ពីរ ដំណឹងល្អរៀបរាប់ដោយម៉ាថាយ។ មានមនុស្សជាង២១០.០០០នាក់បានចូលរួមកិច្ចប្រជុំដោយផ្ទាល់ ឬមើលវីដេអូដែលបានត្រូវផ្សាយបន្ដផ្ទាល់ពីកិច្ចប្រជុំនោះ។ បន្ទាប់ពីពួកគេបានដំណឹងនេះ អស់អ្នកដែលចូលរួមបានបង្ហាញអំណររបស់ពួកគេដោយទះដៃយ៉ាងយូរ។

សៀវភៅដំណឹងល្អរៀបរាប់ដោយម៉ាថាយនេះបានត្រូវបោះពុម្ពឡើងវិញពីសេចក្ដីបកប្រែពិភពលោកថ្មី។ ប៉ុន្ដែ សៀវភៅនេះដែលមាន១២៨ទំព័រគឺខុសប្លែកពីសៀវភៅមុនៗ។ បងម៉ូរីសបានពន្យល់ថា សៀវភៅនេះបានត្រូវរៀបចំឡើងដើម្បីជួយមនុស្សនៅតំបន់ផ្សាយប្រទេសជប៉ុន។ តើសៀវភៅនេះខុសប្លែកយ៉ាងណា? ហេតុអ្វីត្រូវការសៀវភៅនេះ? ហើយតើមនុស្សមានប្រតិកម្មយ៉ាងណា?

តើសៀវភៅនេះខុសប្លែកយ៉ាងណា?

មនុស្សជាច្រើនបានភ្ញាក់ផ្អើល ដោយសារលក្ខណៈនៃសៀវភៅម៉ាថាយ។ តួអក្សរភាសាជប៉ុនអាចសរសេរជាជួរបញ្ឈរ ឬជួរផ្ដេក ហើយអក្សរនៃសៀវភៅជាច្រើន រួមបញ្ចូលសៀវភៅរបស់យើង គឺសរសេរជាជួរផ្ដេក។ ប៉ុន្ដែ អក្សរនៅក្នុងសៀវភៅថ្មីនេះបានត្រូវសរសេរជាជួរបញ្ឈរដូចសារព័ត៌មាននិងសៀវភៅផ្សេងជាភាសាជប៉ុន។ ចំពោះជនជាតិជប៉ុនជាច្រើន របៀបសរសេរជាជួរបញ្ឈរគឺងាយស្រួលអានជាង។ ម្យ៉ាងទៀត អក្សរនៅរឹមទំព័រដែលធម្មតានៅខាងលើទំព័រនីមួយបានត្រូវប្ដូរមកសរសេរជាចំណងជើងតូចវិញ ដើម្បីជួយអ្នកអានងាយស្រួលជាងក្នុងការសម្គាល់ចំណុចសំខាន់ៗ។

បងប្អូននៅប្រទេសជប៉ុនបានចាប់ផ្ដើមអានសៀវភៅម៉ាថាយនេះភ្លាមៗ។ បងស្រីម្នាក់ដែលមានអាយុជាង៨០ឆ្នាំបាននិយាយថា«ពីមុនខ្ញុំបានអានសៀវភៅម៉ាថាយជាច្រើនដង ប៉ុន្ដែរបៀបសរសេរជាជួរបញ្ឈរនិងចំណងជើងតូចបានជួយខ្ញុំយល់សុន្ទរកថានៅលើភ្នំកាន់តែច្បាស់»។ ប្អូនស្រីវ័យក្មេងម្នាក់បានសរសេរថា«ខ្ញុំបានអានសៀវភៅម៉ាថាយនេះពីដើមដល់ចប់ក្នុងមួយពេល។ ខ្ញុំមានទម្លាប់អានអក្សរជាជួរផ្ដេក ប៉ុន្ដែជនជាតិជប៉ុនជាច្រើនចូលចិត្ដអានអក្សរជាជួរបញ្ឈរជាង»។

សៀវភៅនេះបានត្រូវរៀបចំឡើងសម្រាប់តំបន់ផ្សាយប្រទេសជប៉ុន

ហេតុអ្វីសៀវភៅតែមួយនេះដែលចេញពីគម្ពីរមានប្រយោជន៍ជាពិសេសសម្រាប់តំបន់ផ្សាយប្រទេសជប៉ុន? ទោះជាជនជាតិជប៉ុនជាច្រើននាក់មិនសូវស្គាល់គម្ពីរក៏ដោយ ពួកគេសុខចិត្ដអានសៀវភៅនោះ។ ឥឡូវនេះ មនុស្សជាច្រើនដែលមិនធ្លាប់ឃើញគម្ពីរនឹងមានឱកាសមានគម្ពីរមួយផ្នែកនៅដៃរបស់ពួកគេ ហើយអានសៀវភៅនោះ។

ហេតុអ្វីសៀវភៅម៉ាថាយបានត្រូវជ្រើសរើស? ពេលជនជាតិជប៉ុនភាគច្រើនពាក្យ«គម្ពីរ» ពួកគេគិតអំពីលោកយេស៊ូគ្រិស្ដ។ ដូច្នេះ សៀវភៅម៉ាថាយបានត្រូវជ្រើសរើស ដោយសារសៀវភៅនេះមានកំណត់ហេតុអំពីតំណនៃវង្សត្រកូលនិងកំណើតរបស់លោកយេស៊ូ ជាសុន្ទរកថាដ៏ល្បីល្បាញរបស់លោក និងជាទំនាយដ៏គួរឲ្យចាប់អារម្មណ៍អំពីគ្រាចុងក្រោយបង្អស់។ អ្វីទាំងអស់នេះជាប្រធានបទដែលជនជាតិជប៉ុនជាច្រើននាក់ចាប់អារម្មណ៍។

អ្នកផ្សព្វផ្សាយនៅប្រទេសជប៉ុនបានចាប់ផ្ដើមស្នើផ្ដល់សៀវភៅថ្មីនេះយ៉ាងខ្នះខ្នែងពីផ្ទះមួយទៅផ្ទះមួយនិងនៅពេលត្រឡប់ទៅជួប។ បងស្រីម្នាក់បានសរសេរថា«ឥឡូវ ខ្ញុំមានឱកាសច្រើនជាងដើម្បីស្នើផ្ដល់បណ្ដាំរបស់ព្រះឲ្យមនុស្សនៅក្នុងតំបន់ផ្សាយរបស់យើង។ តាមពិត នាពេលរសៀលនៅថ្ងៃដែលមានកិច្ចប្រជុំពិសេសនោះតែម្ដង ខ្ញុំបានស្នើផ្ដល់សៀវភៅម៉ាថាយមួយក្បាល!»។

តើមនុស្សមានប្រតិកម្មយ៉ាងណា?

តើតាមរបៀបណាអ្នកផ្សព្វផ្សាយស្នើផ្ដល់សៀវភៅថ្មីនេះ? ជនជាតិជប៉ុនជាច្រើនស្គាល់ពាក្យដូចជា«ខ្លោងទ្វារតូច» ‹គជ់ខ្យងនៅមុខសត្វជ្រូក› និង«កុំខ្វល់ខ្វាយអំពីថ្ងៃស្អែកឲ្យសោះ»។ (ម៉ាថាយ ៦:៣៤; ៧:៦, ១៣) ពួកគេភ្ញាក់ផ្អើលពេលដឹងថាពាក្យទាំងនេះជាពាក្យរបស់លោកយេស៊ូគ្រិស្ដ។ ពេលពួកគេឃើញពាក្យទាំងនេះក្នុងសៀវភៅម៉ាថាយ ពួកគេជាច្រើននិយាយថា«ខ្ញុំចង់អានគម្ពីរយ៉ាងហោចណាស់ឲ្យបានម្ដង»។

ពេលអ្នកផ្សព្វផ្សាយត្រឡប់ទៅជួបម្ចាស់ផ្ទះដែលបានទទួលយកសៀវភៅម៉ាថាយ ពួកគេច្រើនតែនិយាយថា ភ្លាមពួកគេបានអានសៀវភៅនោះខ្លះ ឬបានអានទាំងអស់។ បុរសម្នាក់ដែលមានអាយុជាង៦០ឆ្នាំបានប្រាប់អ្នកផ្សព្វផ្សាយម្នាក់ថា«ខ្ញុំបានអានសៀវភៅនេះម្ដងហើយម្ដងទៀតអស់ជាច្រើនដង ហើយខ្ញុំបានទទួលការសម្រាលទុក្ខ។ សូមបង្រៀនខ្ញុំថែមទៀតអំពីគម្ពីរ»។

សៀវភៅម៉ាថាយក៏បានត្រូវស្នើផ្ដល់ក្នុងការផ្សព្វផ្សាយជាសាធារណៈដែរ។ ក្នុងអំឡុងពេលផ្សព្វផ្សាយ សាក្សីម្នាក់បានឲ្យអ៊ីមែលរបស់គាត់ទៅស្ដ្រីវ័យក្មេងម្នាក់ដែលបានព្រមទទួលយកសៀវភៅនោះ។ មួយម៉ោងក្រោយមក ស្ដ្រីនោះបានផ្ញើអ៊ីមែលមកបងស្រីយើងវិញ ហើយសរសេរថានាងបានអានមួយចំណែកនៃសៀវភៅនោះ ហើយចង់ដឹងថែមទៀត។ មួយអាទិត្យក្រោយមក ស្ដ្រីនោះបានសិក្សាគម្ពីរជាលើកដំបូង ហើយមិនយូរប៉ុន្មាននាងបានចាប់ផ្ដើមចូលរួមកិច្ចប្រជុំ។

សៀវភៅម៉ាថាយច្រើនជាងលានសែនក្បាលបានត្រូវបញ្ជូនទៅក្រុមជំនុំនានានៅប្រទេសជប៉ុន។ រៀងរាល់ខែ សាក្សីព្រះយេហូវ៉ាកំពុងផ្ដល់សៀវភៅនេះអស់រាប់ម៉ឺនក្បាល។ បុព្វកថានៃសៀវភៅនេះបញ្ជាក់អំពីអារម្មណ៍របស់អ្នកបោះពុម្ពផ្សាយសៀវភៅនេះដោយសរសេរថា«យើងពិតជាសង្ឃឹមថាការអានសៀវភៅនេះនឹងធ្វើឲ្យអ្នកមានចំណាប់អារម្មណ៍នឹងគម្ពីរកាន់តែខ្លាំងឡើង»។