លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

កាលពីមុន សៀវភៅរបស់យើងច្រើនតែបានរៀបរាប់អំពីនិមិត្ដរូបនិងអ្វីដែលពិតប្រាកដ។ ប៉ុន្ដែ ប៉ុន្មានឆ្នាំនេះ សៀវភៅរបស់យើងកម្ររៀបរាប់អំពីអ្វីទាំងនោះណាស់។ ហេតុអ្វីដូច្នេះ?

ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៥០ ជាភាសាអង់គ្លេស បានឲ្យនិយមន័យនៃ«និមិត្ដរូប»និង«អ្វីដែលពិតប្រាកដ» ដោយបានពន្យល់ថា និមិត្ដរូបគឺបុគ្គលម្នាក់ ព្រឹត្ដិការណ៍មួយ ឬវត្ថុមួយដែលជាតំណាងអ្នកណាម្នាក់ ឬអ្វីមួយដែលប្រសើរជាងនៅអនាគត។ អ្វីដែលពិតប្រាកដគឺបុគ្គល ព្រឹត្ដិការណ៍ ឬវត្ថុដែលនិមិត្ដរូបនោះជាតំណាង។ និមិត្ដរូបបានត្រូវហៅថាស្រមោល ហើយអ្វីដែលពិតប្រាកដបានត្រូវហៅថារូបពិត។

កាលពីមុនសៀវភៅរបស់យើងបានរៀបរាប់ថាបុរសស្ដ្រីស្មោះត្រង់ ដូចជាដេបូរ៉ា អេលីហ៊ូវ យែបថា យ៉ូប រ៉ាហាប រេបិកា និងបុគ្គលជាច្រើនទៀតគឺជានិមិត្ដរូបដែលជាតំណាងអ្នកដែលព្រះបានរើសតាំង ឬក៏«មនុស្សមួយក្រុមធំ»។ (ការបើកបង្ហាញ ៧:៩) ជាឧទាហរណ៍ យើងបាននិយាយថា យែបថា យ៉ូប និងរេបិកាជាតំណាងអ្នកដែលព្រះបានរើសតាំង ហើយថាដេបូរ៉ា និងរ៉ាហាបជាតំណាងមនុស្សមួយក្រុមធំ។ ប៉ុន្ដែ ក្នុងអំឡុងប៉ុន្មានឆ្នាំនេះ យើងមិនបានប្រៀបប្រដូចបែបនោះទៀតទេ។ ហេតុអ្វីដូច្នោះ?

និមិត្ដរូប

កូនចៀមដែលបានត្រូវបូជាសម្រាប់បុណ្យរំលងនៅប្រទេសអ៊ីស្រាអែលគឺជានិមិត្ដរូប។—ជនគណនា ៩:២

អ្វីដែលពិតប្រាកដ

ប៉ូលបាននិយាយថាគ្រិស្ដគឺ«កូនចៀមបុណ្យរំលងរបស់យើង»។—កូរិនថូសទី១ ៥:៧

បទគម្ពីរពិតជាបានបង្រៀនថាបុគ្គលខ្លះក្នុងគម្ពីរគឺជានិមិត្ដរូបដែលជាតំណាងអ្នកណាម្នាក់ ឬអ្វីមួយដែលប្រសើរជាងនៅអនាគត។ ជាឧទាហរណ៍ នៅកាឡាទី ៤:២១-៣១ សាវ័កប៉ូលសំដៅលើ«អត្ថន័យជានិមិត្ដរូប»ដែលទាក់ទងនឹងស្ដ្រីពីរនាក់។ ស្ដ្រីទី១គឺហាកា ដែលជាស្ដ្រីបម្រើរបស់អាប្រាហាំ។ ប៉ូលពន្យល់ថានាងជាតំណាងប្រជាជាតិអ៊ីស្រាអែលដែលមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាតាមរយៈច្បាប់ម៉ូសេ។ ស្ដ្រីទី២គឺ«ស្ដ្រីដែលមានសេរីភាព» ពោលគឺសារ៉ាដែលជាប្រពន្ធរបស់អាប្រាហាំ។ នាងជាតំណាងភរិយារបស់ព្រះ ដែលជាផ្នែកស្ថានសួគ៌នៃអង្គការរបស់លោក។ ប៉ូលក៏បានរៀបរាប់ដែរអំពីភាពស្រដៀងគ្នាជាច្រើនរវាងម៉េលគីសេដិកដែលជាស្ដេចផងជាសង្ឃផង និងលោកយេស៊ូ។ (ហេប្រឺ ៦:២០; ៧:១-) មួយវិញទៀត ប៉ូលបានប្រៀបប្រដូចអ្នកប្រកាសទំនាយអេសាយទៅនឹងលោកយេស៊ូ ហើយប្រដូចកូនរបស់អេសាយទៅនឹងគ្រិស្ដសាសនិកដែលព្រះបានរើសតាំង។ (ហេប្រឺ ២:១៣, ១៤) ព្រះយេហូវ៉ាបានដឹកនាំប៉ូលឲ្យធ្វើការប្រៀបប្រដូចទាំងអស់នេះ ដើម្បីយើងអាចប្រាកដថានិមិត្ដរូបនិងអ្វីដែលពិតប្រាកដទាំងនេះគឺត្រឹមត្រូវ។

ប៉ុន្ដែ ទោះជាពេលគម្ពីរបង្ហាញថាបុគ្គលម្នាក់គឺជានិមិត្ដរូបក៏ដោយ យើងមិនគួរសន្មតថាគ្រប់ព័ត៌មានល្អិតល្អន់ ឬគ្រប់ព្រឹត្ដិការណ៍ក្នុងជីវិតរបស់បុគ្គលនោះជាតំណាងអ្វីមួយដែលប្រសើរជាងនៅអនាគតឡើយ។ ជាឧទាហរណ៍ ប៉ូលពន្យល់ថាម៉េលគីសេដិកជាតំណាងលោកយេស៊ូ។ ទោះជាយ៉ាងនោះក៏ដោយ ប៉ូលមិនបានរៀបរាប់អំពីពេលដែលម៉េលគីសេដិកបានយកនំប៉័ងនិងស្រាមកឲ្យអាប្រាហាំក្រោយពីគាត់បានវាយឈ្នះស្ដេចបួនអង្គនោះទេ។ ដូច្នេះ គ្មានមូលហេតុពីគម្ពីរដែលឲ្យយើងខំរកអត្ថន័យបង្កប់ក្នុងព្រឹត្ដិការណ៍នោះឡើយ។—លោកុប្បត្ដិ ១៤:១, ១៨

នៅប៉ុន្មានសតវត្សរ៍ក្រោយពីលោកយេស៊ូបានស្លាប់ អ្នកនិពន្ធខ្លះបានធ្វើកំហុសដ៏ធ្ងន់ធ្ងរមួយ។ ពួកគេបានយល់ថាស្ទើរតែគ្រប់កំណត់ហេតុគម្ពីរគឺជានិមិត្ដរូប។ សព្វវចនាធិប្បាយមួយរៀបរាប់អំពីសេចក្ដីបង្រៀនរបស់អូរីហ្គេន អេមប៊្រូស និងយេរ៉ូមដោយពន្យល់ថា«ពួកគេបានខំស្វែងយល់និមិត្ដរូបនៃហេតុការណ៍និងព្រឹត្ដិការណ៍នីមួយដែលបានកត់ទុកក្នុងបទគម្ពីរ ហើយពួកគេពិតជាបានរកឃើញអត្ថន័យដែលជានិមិត្ដរូបទាំងនោះមែន ទោះជាហេតុការណ៍និងព្រឹត្ដិការណ៍ទាំងនោះមិនសូវសំខាន់ក៏ដោយ។ សូម្បីតែរឿងតូចតាចបំផុតនិងដែលកើតឡើងជាធម្មតាក្ដី ក៏ពួកគេបានគិតថារឿងទាំងនោះលាក់សេចក្ដីពិតដែលជា[អាថ៌កំបាំង]ជាទីបំផុត . . . ម្យ៉ាងទៀត សូម្បីតែចំនួនត្រីដែលពួកអ្នកកាន់តាមលោកយេស៊ូបានចាប់នៅយប់ដែលលោកយេស៊ូជាអ្នកសង្គ្រោះដែលបានត្រូវប្រោសឲ្យរស់ឡើងវិញបានលេចមកជួបពួកគេ ក៏អ្នកនិពន្ធជាច្រើននាក់បានព្យាយាមស្វែងយល់ដើម្បីដឹងថាលេខ១៥៣នោះជាតំណាងអ្វី!» (The International Standard Bible Encyclopaedia)។

អ្នកនិពន្ធម្នាក់ទៀតឈ្មោះអាហ្គូស្ទីននៅក្រុងហ៊ីប៉ូស បានពន្យល់ថាកំណត់ហេតុគម្ពីរអំពីលោកយេស៊ូឲ្យអាហារដល់មនុស្ស៥.០០០នាក់ដោយមាននំប៉័ងប្រាំដុំដែលធ្វើពីស្រូវគ្រីធីនិងត្រីពីរកន្ទុយមានអត្ថន័យជានិមិត្ដរូប។ គាត់បាននិយាយថានំប៉័ងប្រាំដុំនោះជាតំណាងសៀវភៅប្រាំក្បាលដំបូងក្នុងគម្ពីរ។ ម្យ៉ាងទៀត ដោយសារគេគិតថាស្រូវគ្រីធីថោកជាងស្រូវសាលី នេះមានន័យថាគម្ពីរ«សញ្ញាចាស់»អន់ជាងគម្ពីរ«សញ្ញាថ្មី»។ មួយវិញទៀត គាត់បានពន្យល់ថាត្រីពីរកន្ទុយនោះជាតំណាងស្ដេចមួយអង្គនិងសង្ឃមួយរូប។ បណ្ឌិតខាងគម្ពីរម្នាក់ទៀតបានពន្យល់ថាការដែលយ៉ាកុបទិញសិទ្ធិកូនច្បងរបស់អេសាវដោយឲ្យសម្លក្រហមមួយចាន នោះជាតំណាងការដែលលោកយេស៊ូទិញសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌សម្រាប់មនុស្សជាតិដោយឈាមរបស់លោក!

បើការពន្យល់ទាំងនោះមើលទៅពិបាកជឿ នោះអ្នកអាចយល់អំពីការពិបាករបស់មនុស្សជាតិដើម្បីយល់រឿងទាំងនោះ។ មនុស្សជាតិមិនអាចដឹងថាកំណត់ហេតុគម្ពីរមួយណាជាតំណាងអ្វីមួយដែលប្រសើរជាងនៅអនាគត ឬមួយណាមិនមែនជាតំណាងអ្វីមួយនោះឡើយ។ ដូច្នេះ ជាការល្អ តើយើងគួរធ្វើអ្វី? ពេលបទគម្ពីរបង្រៀនថាបុគ្គលម្នាក់ ព្រឹត្ដិការណ៍មួយ ឬវត្ថុមួយជាតំណាងអ្វីមួយដែលប្រសើរជាងនៅអនាគត យើងនឹងទទួលយកការពន្យល់នោះ។ ទោះជាយ៉ាងនោះក៏ដោយ យើងមិនគួរគិតថាកំណត់ហេតុគម្ពីរណាមួយមានអត្ថន័យជានិមិត្ដរូបឡើយ បើគ្មានមូលហេតុពីគម្ពីរឲ្យធ្វើដូច្នោះ។

ដូច្នេះ តើតាមរបៀបណាយើងអាចទទួលប្រយោជន៍ពីព័ត៌មានល្អិតល្អន់និងកំណត់ហេតុដែលយើងអានក្នុងគម្ពីរ? សាវ័កប៉ូលបានសរសេរថា«អ្វីទាំងអស់ដែលបានត្រូវសរសេរទុកជាមុន បានត្រូវសរសេរទុកដើម្បីណែនាំយើង ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹម តាមរយៈការស៊ូទ្រាំរបស់យើង និងការសម្រាលទុក្ខពីបទគម្ពីរ»។ (រ៉ូម ១៥:៤) ប៉ូលបានសរសេរទៅគ្រិស្ដសាសនិកដែលបានត្រូវរើសតាំងនៅសតវត្សរ៍ទី១ ដោយប្រាប់ពួកគេអំពីប្រយោជន៍ដែលពួកគេអាចទទួលពីកំណត់ហេតុគម្ពីរ។ ទោះជាយ៉ាងនេះក្ដី ចាប់តាំងពីពេលនោះមក គ្រិស្ដសាសនិកទាំងអស់ ដែលរួមបញ្ចូល«ចៀមទៀត»បានទទួលប្រយោជន៍ពីមេរៀនដែលមាននៅក្នុងបទគម្ពីរ។—យ៉ូហាន ១០:១៦; ធីម៉ូថេទី២ ៣:១

ហេតុនេះ កំណត់ហេតុគម្ពីរភាគច្រើនមិនគ្រាន់តែជាប់ទាក់ទងនឹងអ្នកដែលព្រះបានរើសតាំង «ចៀមទៀត»គ្រិស្ដសាសនិកក្នុងអំឡុងគ្រាណាមួយក្នុងប្រវត្ដិសាស្ដ្រប៉ុណ្ណោះទេ ផ្ទុយទៅវិញ កំណត់ហេតុគម្ពីរភាគច្រើនបានផ្ដល់ប្រយោជន៍ដល់អ្នកបម្រើទាំងអស់របស់ព្រះ ទាំងនៅអតីតកាលទាំងបច្ចុប្បន្នកាល។ ជាឧទាហរណ៍ ការរងទុក្ខរបស់យ៉ូបមិនគ្រាន់តែជាតំណាងការរងទុក្ខក្នុងអំឡុងសង្គ្រាមលោកលើកទី១របស់អ្នកដែលព្រះបានរើសតាំងប៉ុណ្ណោះទេ តែក៏ជាតំណាងការរងទុក្ខនៃរាស្ដ្រជាច្រើនរបស់ព្រះដែរ។ ពួកគេទាំងបុរស ទាំងស្ដ្រី ទាំងអ្នកដែលព្រះបានរើសតាំង ទាំង«ចៀមទៀត»បានទទួលប្រយោជន៍ពីការសិក្សាកំណត់ហេតុនោះ។ ពួកគេបាន«ឃើញថាព្រះយេហូវ៉ាមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ហើយក៏ពេញទៅដោយសេចក្ដីមេត្ដាករុណា»។—យ៉ាកុប ៥:១១

ក្នុងក្រុមជំនុំរបស់យើងនៅសព្វថ្ងៃនេះ យើងឃើញមានបងស្រីវ័យចាស់ដ៏ស្មោះត្រង់ដែលមានភក្ដីភាពដូចដេបូរ៉ា និងអ្នកចាស់ទុំវ័យក្មេងដែលមានប្រាជ្ញាដូចអេលីហ៊ូវ។ យើងក៏ឃើញបងប្អូនជាអ្នកត្រួសត្រាយពេញពេលដែលមានចិត្ដខ្នះខ្នែងនិងចិត្ដក្លាហានស្រដៀងនឹងយែបថា ព្រមទាំងបងប្អូនស្មោះត្រង់ដែលមានចិត្ដអត់ធ្មត់ដូចយ៉ូប។ យើងមានចិត្ដដឹងគុណណាស់ដែលព្រះយេហូវ៉ាបានធ្វើឲ្យប្រាកដថា«អ្វីទាំងអស់ដែលបានត្រូវសរសេរទុកជាមុន»គឺសម្រាប់យើងសព្វថ្ងៃនេះ ‹ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹម តាមរយៈការសម្រាលទុក្ខពីបទគម្ពីរ›!

ដូច្នេះដោយមានមូលហេតុទាំងនេះ យើងមិនគួរព្យាយាមរកអត្ថន័យជានិមិត្ដរូប ឬការសម្រេចនៅអនាគតក្នុងគ្រប់កំណត់ហេតុគម្ពីរឡើយ។ ផ្ទុយទៅវិញ សព្វថ្ងៃនេះសៀវភៅរបស់យើងផ្ដោតអារម្មណ៍ច្រើនជាងទៅលើសេចក្ដីបង្រៀនដ៏សំខាន់ពីបទគម្ពីរ។