លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើបង្គាប់ដែលឲ្យរៀបការតែជាមួយនឹង«អ្នកកាន់តាមលោកម្ចាស់»ប៉ុណ្ណោះ នៅតែមានប្រយោជន៍ទេ?

តើបង្គាប់ដែលឲ្យរៀបការតែជាមួយនឹង«អ្នកកាន់តាមលោកម្ចាស់»ប៉ុណ្ណោះ នៅតែមានប្រយោជន៍ទេ?

«ខ្ញុំមិនអាចរកបានគូក្នុងក្រុមជំនុំទេ ហើយខ្ញុំខ្លាចថាខ្ញុំនឹងចាស់ទៅនៅម្នាក់ឯង»។

«បុរសខ្លះក្នុងពិភពលោកគឺសប្បុរស គួរឲ្យស្រឡាញ់ ហើយចេះគិតវែងឆ្ងាយ។ ពួកគេមិនប្រឆាំងនឹងសាសនារបស់ខ្ញុំទេ ហើយពួកគេមើលទៅគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងបងប្រុសខ្លះ»។

អ្នកបម្រើខ្លះរបស់ព្រះដែលនៅលីវបាននិយាយអ្វីដែលស្រដៀងគ្នានេះ។ ពួកគេដឹងថាព្រះយេហូវ៉ាចង់ឲ្យអ្នកបម្រើរបស់លោករៀបការជាមួយនឹង«អ្នកកាន់តាមលោកម្ចាស់»ប៉ុណ្ណោះ ពោលគឺរៀបការជាមួយនឹងគ្រិស្ដសាសនិកពិតប៉ុណ្ណោះ។ (កូរិនថូសទី១ ៧:៣៩) ដូច្នេះ ហេតុអ្វីគ្រិស្ដសាសនិកខ្លះនិយាយដូច្នោះ?

ហេតុអ្វីបងប្អូនខ្លះមានការសង្ស័យ?

គ្រិស្ដសាសនិកដែលនិយាយដូច្នោះប្រហែលជាមានអារម្មណ៍ថា មានបងប្អូនស្រីនៅលីវច្រើនជាងបងប្អូនប្រុសនៅលីវ។ នៅប្រទេសជាច្រើន គឺដូច្នេះមែន។ ជាឧទាហរណ៍ នៅប្រទេសកូរ៉េ ៥៧ភាគរយនៃគ្រិស្ដសាសនិកដែលនៅលីវគឺបងប្អូនស្រី ហើយ៤៣ភាគរយគឺបងប្អូនប្រុស។ ម្យ៉ាងទៀត នៅប្រទេសកូឡុំប៊ី ៦៦ភាគរយនៃគ្រិស្ដសាសនិកគឺបងប្អូនស្រី ហើយ៣៤ភាគរយគឺបងប្អូនប្រុស។

នៅប្រទេសខ្លះ ពេលកូនស្រីរៀបការ ឪពុកម្ដាយដែលមិនមែនជាសាក្សីប្រហែលជាតម្រូវឲ្យកូនប្រុសជូនលុយច្រើន ឬអំណោយថ្លៃទៀត។ ម្យ៉ាងទៀត បងប្អូនប្រុសនៅលីវខ្លះប្រហែលជាមិនមានលទ្ធភាពជូនអំណោយទាំងនេះទេ។ ជាលទ្ធផល បងប្អូនស្រីនៅលីវខ្លះបារម្ភថា តើពួកគេនឹងអាចរកប្ដីដែលជាគ្រិស្ដសាសនិកបានទេ? * (សូមមើលកំណត់សម្គាល់)។

ការមានទំនុកចិត្ដលើព្រះយេហូវ៉ាគឺសំខាន់ចាំបាច់

បើអ្នកធ្លាប់មានអារម្មណ៍បែបនេះ អ្នកអាចប្រាកដថាព្រះយេហូវ៉ាយល់អំពីស្ថានភាពរបស់អ្នក ហើយជ្រាបយ៉ាងច្បាស់ថាអ្នកមានអារម្មណ៍យ៉ាងណា។—របាក្សត្រទី២ ៦:២៩, ៣០

ប៉ុន្ដែ នៅក្នុងគម្ពីរ ព្រះយេហូវ៉ាបង្គាប់យើងឲ្យរៀបការជាមួយនឹងអ្នកកាន់តាមលោកម្ចាស់ប៉ុណ្ណោះ។ ហេតុអ្វី? ដោយសារលោកស្គាល់អ្វីដែលល្អបំផុតសម្រាប់យើង ហើយលោកចង់ការពារយើង។ លោកមិនចង់ឲ្យយើងធ្វើការសម្រេចចិត្ដដែលមិនល្អដែលនឹងធ្វើឲ្យយើងឈឺចិត្ដ ឬមិនសប្បាយរីករាយឡើយ។ នៅសម័យនេហេមា ជនជាតិយូដាជាច្រើននាក់បានរៀបការជាមួយនឹងស្ដ្រីដែលមិនមែនជាអ្នកបម្រើព្រះទេ។ ដូច្នេះ នេហេមាបានលើកបញ្ជាក់អំពីគំរូអាក្រក់របស់សាឡូម៉ូនថា៖ ‹ព្រះក៏បានស្រឡាញ់គាត់ ព្រមទាំងតាំងឡើងឲ្យធ្វើជាស្ដេចលើសាសន៍អ៊ីស្រាអែលទាំងមូលផង ប៉ុន្ដែស្ដ្រីសាសន៍ដទៃបាននាំឲ្យគាត់ធ្វើបាបដែរ›។ (នេហេមា ១៣:២៣-២៦) ព្រះយេហូវ៉ាដឹងថាការរំលឹករបស់លោកគឺល្អសម្រាប់យើង ហេតុនេះហើយបានជាលោកបង្គាប់គ្រិស្ដសាសនិកឲ្យរៀបការជាមួយនឹងអ្នកកាន់តាមលោកម្ចាស់ប៉ុណ្ណោះ។ (ទំនុកតម្កើង ១៩:៧-១០; អេសាយ ៤៨:១៧, ១៨) យើងដឹងគុណព្រះយេហូវ៉ាណាស់ដែលលោកឲ្យយើងនូវឱវាទដែលប្រកបដោយសេចក្ដីស្រឡាញ់និងគួរឲ្យទុកចិត្ដ។ ពេលយើងស្ដាប់បង្គាប់ព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងរបស់យើង យើងទទួលស្គាល់ថាលោកមានសិទ្ធិប្រាប់យើងអំពីអ្វីដែលត្រូវធ្វើ។—សុភាសិត ១:៥

អ្នកប្រាកដជាមិនចង់«ផ្សំផ្គុំខ្លួនជាមួយនឹងអ្នកមិនជឿឡើយ» ពោលគឺរៀបការជាមួយនឹងអ្នកដែលមិនស្រឡាញ់ព្រះយេហូវ៉ា។ បុគ្គលនោះអាចធ្វើឲ្យអ្នកឈប់បម្រើព្រះ។ (កូរិនថូសទី២ ៦:១៤) ឱវាទរបស់ព្រះមានប្រយោជន៍ជានិច្ច ហើយដោយមានគំនិតឈ្លាសវៃគ្រិស្ដសាសនិកជាច្រើននាក់សព្វថ្ងៃនេះបានសម្រេចចិត្ដស្ដាប់បង្គាប់ព្រះយេហូវ៉ា។ ទោះជាយ៉ាងនេះក៏ដោយ អ្នកខ្លះទៀតមិនបានសម្រេចចិត្ដដូចនេះឡើយ។

នៅតែមានប្រយោជន៍

បងស្រីមេកហ្គីដែលនៅប្រទេសអូស្ត្រាលី បានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយនឹងបុគ្គលម្នាក់ដែលមិនមែនជាគ្រិស្ដសាសនិកពិត។ * (សូមមើលកំណត់សម្គាល់) នាងនិយាយថា«ខ្ញុំខានទៅកិច្ចប្រជុំច្រើនដង ដោយសារខ្ញុំចង់នៅជាមួយនឹងគាត់។ ការគោរពប្រណិប័តន៍ព្រះរបស់ខ្ញុំបានចុះខ្សោយយ៉ាងខ្លាំង»។ ស្ដ្រីវ័យក្មេងម្នាក់ទៀតឈ្មោះរតនាដែលនៅប្រទេសឥណ្ឌា មានទំនាក់ទំនងស្នេហាជាមួយនឹងមិត្ដរួមថ្នាក់ម្នាក់ដែលបានចាប់ផ្ដើមសិក្សាគម្ពីរ។ ក៏ប៉ុន្ដែ មិត្ដរួមថ្នាក់នោះសិក្សាគម្ពីរគឺដើម្បីគាត់អាចមានទំនាក់ទំនងស្នេហាជាមួយនឹងរតនាប៉ុណ្ណោះ។ នៅទីបំផុត រតនាបានឈប់បម្រើព្រះយេហូវ៉ា ហើយបានចូលរួមសាសនាមួយទៀតដើម្បីនាងអាចរៀបការជាមួយនឹងបុរសនោះ។

បងស្រីណដិនឃេ ដែលនៅប្រទេសកាមេរូន ពេលនាងមានអាយុ១៩ឆ្នាំ នាងបានរៀបការជាមួយនឹងបុរសម្នាក់ដែលមិនមែនជាអ្នកបម្រើព្រះយេហូវ៉ា។ មុនថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ពួកគាត់ បុរសនោះបានសន្យានឹងនាងថានាងអាចបន្ដធ្វើជាសាក្សីបាន។ ប៉ុន្ដែ ពីរសប្ដាហ៍ក្រោយពីពួកគាត់រៀបការហើយ បុរសនោះបានប្រាប់នាងថានាងមិនអាចទៅកិច្ចប្រជុំក្រុមជំនុំបានឡើយ។ នាងនិយាយថា«ខ្ញុំមានអារម្មណ៍កណ្ដោចកណ្ដែង ហើយក៏យំ។ ខ្ញុំបានទទួលស្គាល់ថាខ្ញុំមិនអាចកាន់កាប់ជីវិតរបស់ខ្លួនឯងបានទេ។ ខ្ញុំមានវិប្បដិសារីជាប់ជានិច្ច»។

ពិតមែនតែគ្រិស្ដសាសនិកខ្លះដែលបានរៀបការជាមួយនឹងអ្នកដែលមិនបម្រើព្រះយេហូវ៉ា ប៉ុន្ដែគូរបស់ពួកគេនៅតែមានចិត្ដសប្បុរស ហើយមានគំនិតសមហេតុសមផល។ ក៏ប៉ុន្ដែ ទោះជាគូរបស់អ្នកដែលមិនបម្រើព្រះយេហូវ៉ាមានចិត្ដសប្បុរសក៏ដោយ តើនោះនឹងប៉ះពាល់យ៉ាងណាទៅលើទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះយេហូវ៉ា? តើអ្នកនឹងមានអារម្មណ៍យ៉ាងណាកាលដែលដឹងថាអ្នកមិនបានធ្វើតាមឱវាទដែលលោកបានឲ្យអ្នកដើម្បីឲ្យអ្នកមានជីវិតសប្បាយ? ម្យ៉ាងទៀត អ្វីដែលសំខាន់បំផុត តើព្រះយេហូវ៉ានឹងមានអារម្មណ៍យ៉ាងណាចំពោះអ្វីដែលអ្នកបានធ្វើ?—សុភាសិត ១:៣៣

បងប្អូននៅជុំវិញពិភពលោកដែលធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាដែលឲ្យរៀបការជាមួយនឹង«អ្នកកាន់តាមលោកម្ចាស់»ប៉ុណ្ណោះ បានជឿជាក់ថានេះគឺជាការសម្រេចចិត្ដដ៏ល្អបំផុត។ បងប្អូននៅលីវបានតាំងចិត្ដធ្វើឲ្យព្រះយេហូវ៉ារីករាយដោយរៀបការជាមួយនឹងបុគ្គលដែលគោរពប្រណិប័តន៍លោក។ បងស្រីមីជីកូដែលមកពីប្រទេសជប៉ុន បានតាំងចិត្ដស្ដាប់បង្គាប់ព្រះ ទោះជាសាច់ញាតិរបស់នាងព្យាយាមបញ្ចុះបញ្ចូលនាងឲ្យរៀបការជាមួយនឹងអ្នកដែលមិនស្រឡាញ់ព្រះយេហូវ៉ាក៏ដោយ។ ម្យ៉ាងទៀត ពេលដែលនាងឃើញមិត្ដភក្ដិខ្លះរបស់នាងរៀបការជាមួយនឹងគ្រិស្ដសាសនិកពិត កាលដែលនាងមិនទាន់មានគូ នោះធ្វើឲ្យនាងមានអារម្មណ៍ពិបាកចិត្ដ។ នាងនិយាយថា«ខ្ញុំតែងប្រាប់ខ្លួនឯងថា ដោយសារព្រះយេហូវ៉ាគឺជា‹ព្រះដែលមានសេចក្ដីសប្បាយ› ដូច្នេះសុភមង្គលរបស់យើងមិនអាស្រ័យលើយើងបានរៀបការមិនបានរៀបការនោះទេ។ ម្យ៉ាងទៀត ខ្ញុំក៏ជឿដែរថា លោកផ្ដល់ឲ្យយើងមានសេចក្ដីប៉ងប្រាថ្នាក្នុងចិត្ដ។ ដូច្នេះ បើយើងមិនអាចរកគូបានទេ ទោះជាយើងចង់រៀបការក្ដី ជាការល្អបំផុតដែលយើងនៅលីវសម្រាប់រយៈពេលនេះ»។ (ធីម៉ូថេទី១ ១:១១) ក្រោយមក បងមីជីកូបានរៀបការជាមួយនឹងបងប្រុសដ៏ល្អម្នាក់ ហើយនាងសប្បាយចិត្ដដែលនាងបានធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ា។

ម្យ៉ាងទៀត មានបងប្អូនខ្លះបានរង់ចាំដើម្បីរកបានគូដែលស័ក្ដិសមនឹងរៀបការជាមួយគ្នា។ ជាឧទាហរណ៍ បងបៀដែលមកពីប្រទេសអូស្ត្រាលីបានសារភាពថា ជួនកាលគាត់បានចាប់អារម្មណ៍ស្ដ្រីដែលមិនមែនជាសាក្សីព្រះយេហូវ៉ា។ ក៏ប៉ុន្ដែ គាត់មិនចង់មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងស្ដ្រីណាម្នាក់ទេ ដោយសារគាត់មិនចង់ចាប់ផ្ដើមមានទំនាក់ទំនងដែលក្រោយមកនាំឲ្យគាត់«ផ្សំផ្គុំខ្លួន»ជាមួយនឹងអ្នកមិនជឿឡើយ។ ច្រើនឆ្នាំក្រោយមក គាត់ក៏បានចាប់អារម្មណ៍បងស្រីពីរបីនាក់ដែរ ប៉ុន្ដែបងស្រីទាំងនោះមិនចាប់អារម្មណ៍គាត់វិញទេ។ ដូច្នេះ បងបៀបានរង់ចាំអស់៣០ឆ្នាំ រហូតដល់គាត់បានជួបបងស្រីគ្រិស្ដសាសនិកដែលមានគោលដៅដូចគ្នា។ គាត់និយាយថា«ខ្ញុំមិនស្ដាយក្រោយសោះ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំបានទទួលពរពីព្រះ ដោយសារយើងទៅផ្សព្វផ្សាយជាមួយគ្នា សិក្សាគម្ពីរជាមួយគ្នា និងគោរពប្រណិប័តន៍ជាមួយគ្នា។ ខ្ញុំសប្បាយចិត្ដដែលបានជួប ហើយបានសេពគប់មិត្ដភក្ដិរបស់ប្រពន្ធខ្ញុំ ដោយសារពួកគាត់ទាំងអស់គ្នាជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ យើងពង្រឹងចំណងអាពាហ៍ពិពាហ៍របស់យើង ដោយប្រើគោលការណ៍គម្ពីរ»។

តើយើងអាចធ្វើអ្វីខ្លះកាលដែលរង់ចាំព្រះយេហូវ៉ា?

តើអ្នកអាចធ្វើអ្វីខ្លះកាលដែលអ្នកទុកចិត្ដឱវាទរបស់ព្រះយេហូវ៉ា ហើយរង់ចាំជួបគូដែលជាអ្នកបម្រើលោក? អ្នកអាចគិតអំពីមូលហេតុដែលអ្នកមិនបានរៀបការ។ បើអ្នកគិតថាគឺដោយសារអ្នកចង់ធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ា នោះអ្នកអាចប្រាកដថានេះនឹងធ្វើឲ្យលោករីករាយ។ (សាំយូអែលទី១ ១៥:២២; សុភាសិត ២៧:១១) ម្យ៉ាងទៀត សូមបន្ដអធិដ្ឋានទៅព្រះយេហូវ៉ាជាទៀងទាត់ ហើយជម្រាបលោកយ៉ាងចំអំពីអារម្មណ៍របស់អ្នក។ (ទំនុកតម្កើង ៦២:៨) កាលដែលអ្នកខំអស់ពីសមត្ថភាពដើម្បីយកឈ្នះការល្បួង ហើយតយុទ្ធនឹងបំណងប្រាថ្នាខុសឆ្គង នោះចំណងមិត្ដភាពរវាងអ្នកនិងព្រះយេហូវ៉ានឹងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកអាចមានទំនុកចិត្ដថា ព្រះយេហូវ៉ាយកចិត្ដទុកដាក់ចំពោះសេចក្ដីប៉ងប្រាថ្នា និងសេចក្ដីត្រូវការរបស់អ្នក ដោយសារអ្នកមានតម្លៃចំពោះលោក។ លោកមិនបានសន្យាថានឹងរកប្ដីប្រពន្ធឲ្យអ្នកណាម្នាក់ទេ។ ប៉ុន្ដែ បើការរៀបការគឺពិតជាអ្វីដែលអ្នកត្រូវការ នោះព្រះយេហូវ៉ាស្គាល់វិធីល្អបំផុតដើម្បីបំពេញសេចក្ដីត្រូវការរបស់អ្នក។—ទំនុកតម្កើង ១៤៥:១៦; ម៉ាថាយ ៦:៣២

ពេលខ្លះអ្នកប្រហែលជាមានអារម្មណ៍ដូចដាវីឌ ដែលបាននិយាយថា«ព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងឆ្លើយមកទូលបង្គំ ដ្បិតវិញ្ញាណទូលបង្គំអន់ថយហើយ សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ»។ (ទំនុកតម្កើង ១៤៣:៥-៧, ១០) សូមបន្ដព្យាយាម។ សូមទុកពេលឲ្យព្រះយេហូវ៉ាបង្ហាញអ្នកនូវអ្វីដែលលោកចង់ឲ្យអ្នកធ្វើ។ សូមស្ដាប់ព្រះយេហូវ៉ាដោយអានគម្ពីរ ហើយរំពឹងគិតយ៉ាងជ្រាលជ្រៅអំពីអ្វីដែលអ្នកអាន។ នេះនឹងជួយអ្នកឲ្យដឹងអ្វីដែលព្រះយេហូវ៉ាតម្រូវពីអ្នក ព្រមទាំងរបៀបដែលលោកបានជួយអ្នកបម្រើលោកនៅអតីតកាល។ បើអ្នកស្ដាប់លោក នោះអ្នកនឹងមានទំនុកចិត្ដដើម្បីបន្ដធ្វើតាមអ្វីដែលលោកបានបង្គាប់អ្នក។

គ្រិស្ដសាសនិកនៅលីវមានតម្លៃចំពោះក្រុមជំនុំ ហើយពួកគេច្រើនតែជួយបងប្អូនដែលមានក្រុមគ្រួសារ និងប្អូនវ័យក្មេង

តើអ្នកអាចធ្វើអ្វីទៀតដើម្បីនៅតែមានចិត្ដសប្បាយ ហើយជាប់រវល់កាលដែលអ្នកនៅលីវ? អ្នកអាចពង្រឹងចំណងមិត្ដភាពដែលអ្នកមានជាមួយនឹងព្រះយេហូវ៉ា ហើយកសាងកេរ្ដិ៍ឈ្មោះល្អ។ អ្នកក៏អាចរៀនធ្វើជាមនុស្សដែលមានចិត្ដសប្បុរស មនុស្សឧស្សាហ៍ព្យាយាម មនុស្សដែលមានទំនាក់ទំនងល្អជាមួយនឹងអ្នកទៀត ហើយស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ គុណសម្បត្ដិទាំងនេះគឺសំខាន់ចាំបាច់ដើម្បីអ្នកអាចមានអាពាហ៍ពិពាហ៍ដ៏សប្បាយរីករាយ។ (លោកុប្បត្ដិ ២៤:១៦-២១; នាងរស់ ១:១៦, ១៧; ២:៦, ៧, ១១; សុភាសិត ៣១:១០-២៧) ចូរស្វែងរករាជាណាចក្រព្រះជាមុន ដោយជាប់រវល់ជានិច្ចក្នុងកិច្ចបម្រើព្រះ និងក្នុងក្រុមជំនុំរបស់អ្នក។ អ្វីទាំងនេះនឹងជួយអ្នកឲ្យជៀសវាងពីការសម្រេចចិត្ដមិនត្រឹមត្រូវ។ បងបៀរៀបរាប់អំពីរយៈពេលប៉ុន្មានឆ្នាំដែលគាត់នៅលីវថា«ពេលវេលានោះកន្លងទៅយ៉ាងឆាប់រហ័ស! ខ្ញុំបានប្រើពេលវេលានោះក្នុងកិច្ចបម្រើព្រះដោយធ្វើជាអ្នកត្រួសត្រាយពេញពេល»។

បង្គាប់របស់ព្រះយេហូវ៉ាដែលឲ្យរៀបការជាមួយនឹង«អ្នកកាន់តាមលោកម្ចាស់»ប៉ុណ្ណោះ គឺនៅតែមានប្រយោជន៍ជានិច្ច។ បើយើងសម្រេចចិត្ដរៀបការជាមួយនឹងគ្រិស្ដសាសនិកពិត នោះមានន័យថាយើងផ្ដល់កិត្ដិយសដល់ព្រះយេហូវ៉ា ហើយយើងនឹងមានសុភមង្គល។ គម្ពីរចែងថា«មានពរហើយ អ្នកណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា ហើយមានសេចក្ដីអំណរជាខ្លាំង ចំពោះសេចក្ដីបង្គាប់របស់ទ្រង់ ចំណែកធនធាន នឹងទ្រព្យសម្បត្ដិ រមែងមាននៅក្នុងផ្ទះគេ ហើយសេចក្ដីសុចរិតរបស់អ្នកនោះក៏គង់នៅជាដរាប»។ (ទំនុកតម្កើង ១១២:១,) ដូច្នេះ សូមប្ដេជ្ញាចិត្ដស្ដាប់បង្គាប់ព្រះយេហូវ៉ាដោយរៀបការជាមួយនឹង«អ្នកកាន់តាមលោកម្ចាស់»ប៉ុណ្ណោះ។

^ ???? 7 ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីប្រធានបទនេះតាមទស្សនៈរបស់បងប្អូនស្រី។ ទោះជាយ៉ាងនេះក្ដី គោលការណ៍គម្ពីរនោះក៏មានប្រយោជន៍ចំពោះបងប្អូនប្រុសដែរ។

^ ???? 13 ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។