លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរទាញមេរៀនពីឧទាហរណ៍អំពីថាលិន

ចូរទាញមេរៀនពីឧទាហរណ៍អំពីថាលិន

«លោកឲ្យខ្ញុំបម្រើទីមួយ ប្រាំថាលិន ខ្ញុំបម្រើទីពីរ ពីរថាលិន ហើយខ្ញុំបម្រើទីបី មួយថាលិន»។—ម៉ាថាយ ២៥:១៥

១, ២. ហេតុអ្វីលោកយេស៊ូបានលើកឧទាហរណ៍អំពីថាលិន?

លោកយេស៊ូបានលើកឧទាហរណ៍អំពីថាលិន ដើម្បីជួយអ្នកកាន់តាមលោកដែលព្រះបានរើសតាំងឲ្យយល់ច្បាស់អំពីភារកិច្ចរបស់ពួកគាត់។ ប៉ុន្ដែ ឧទាហរណ៍នោះមានប្រយោជន៍ចំពោះអ្នកកាន់តាមទាំងអស់របស់លោកយេស៊ូ។ ដូច្នេះ ទោះជាយើងមានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌ ឬនៅផែនដីក្ដី យើងត្រូវយល់អត្ថន័យអំពីឧទាហរណ៍នេះ។

តើលោកយេស៊ូបានលើកឧទាហរណ៍នេះនៅពេលណា? គឺនៅពេលលោកប្រាប់អ្នកកាន់តាមលោកនូវសញ្ញាសម្គាល់មួយដែលបង្ហាញថា លោកនឹងក្លាយទៅជាស្ដេច ហើយថានៅពេលនោះគ្រាចុងបញ្ចប់នឹងចាប់ផ្ដើម។ (ម៉ាថាយ ២៤:៣) ដូច្នេះ ឧទាហរណ៍អំពីថាលិនគឺជាលក្ខណៈមួយនៃសញ្ញាសម្គាល់នោះ ហើយកំពុងកើតឡើងនៅសម័យរបស់យើង។

. តើយើងទាញមេរៀនអ្វីខ្លះពីឧទាហរណ៍នៅម៉ាថាយ ជំពូកទី២៤និង២៥?

ពេលលោកយេស៊ូលើកឧទាហរណ៍អំពីថាលិន លោកក៏បានលើកឧទាហរណ៍បីផ្សេងទៀតដែលជាលក្ខណៈនៃសញ្ញាសម្គាល់នៃគ្រាចុងបញ្ចប់ដែរ។ ឧទាហរណ៍ទាំងអស់នោះលើកបញ្ជាក់អំពីគុណសម្បត្ដិដែលអ្នកកាន់តាមលោកត្រូវមាន។ យើងអាចអានឧទាហរណ៍ទាំងនេះនៅម៉ាថាយ ២៤:៤៥ ដល់២៥:៤៦។ ឧទាហរណ៍ទី១គឺអំពីខ្ញុំបម្រើស្មោះត្រង់។ ពួកគាត់ជាមនុស្សមួយក្រុមតូចដែលព្រះយេហូវ៉ាបានរើសតាំង ដែលមានភារកិច្ចបង្រៀនរាស្ដ្ររបស់លោក។ ពួកគាត់ត្រូវស្មោះត្រង់ហើយចេះពិចារណា។ * (សូមមើលកំណត់សម្គាល់) ឧទាហរណ៍ទី២គឺអំពីស្ដ្រីក្រមុំបរិសុទ្ធ១០នាក់។ ក្នុងឧទាហរណ៍នោះ លោកយេស៊ូបានព្រមានអ្នកដែលព្រះបានរើសតាំងទាំងអស់ថា ពួកគាត់ត្រូវត្រៀមខ្លួន ហើយចាំយាម ពីព្រោះពួកគាត់មិនដឹងថ្ងៃណា ឬម៉ោងណាដែលលោកនឹងមកទេ។ * (សូមមើលកំណត់សម្គាល់) រួចមក លោកយេស៊ូបានលើកឧទាហរណ៍អំពីថាលិនដើម្បីបង្រៀនអ្នកដែលព្រះបានរើសតាំងទាំងអស់ថា ពួកគាត់ត្រូវខំប្រឹងព្យាយាម ដើម្បីបំពេញភារកិច្ចរបស់ពួកគាត់ជាគ្រិស្ដសាសនិកពិត។ បន្ទាប់មក លោកយេស៊ូបានលើកឧទាហរណ៍អំពីចៀមនិងពពែ ដែលផ្ដោតអារម្មណ៍ទៅលើពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដី។ លោកយេស៊ូបានបញ្ជាក់ថា ពួកគេត្រូវស្មោះត្រង់ ហើយខំអស់ពីសមត្ថភាពដើម្បីជួយបងប្អូនរបស់គ្រិស្ដដែលព្រះបានរើសតាំង។ * (សូមមើលកំណត់សម្គាល់) អត្ថបទនេះនឹងពន្យល់អត្ថន័យនៃឧទាហរណ៍អំពីថាលិន។

បុរសម្នាក់ឲ្យប្រាក់ជាច្រើនដល់ខ្ញុំបម្រើរបស់គាត់

៤, ៥. តើបុរសក្នុងឧទាហរណ៍អំពីថាលិនសំដៅលើអ្នកណា ហើយតើមួយថាលិនមានតម្លៃស្មើនឹងចំនួនប្រាក់ប៉ុន្មាន?

សូមអាន ម៉ាថាយ ២៥:១៤-៣០ក្នុងឧទាហរណ៍អំពីថាលិន លោកយេស៊ូបានមានប្រសាសន៍អំពីបុរសម្នាក់ដែលបានធ្វើដំណើរទៅក្រៅប្រទេស។ ក្នុងឧទាហរណ៍ស្រដៀងគ្នានោះ លោកយេស៊ូបានលើកឧទាហរណ៍អំពីបុរសម្នាក់ដែលបានធ្វើដំណើរទៅប្រទេសឆ្ងាយដើម្បីទទួលអំណាចគ្រប់គ្រងជាស្ដេច។ * (សូមមើលកំណត់សម្គាល់) (លូកា ១៩:១២) អស់ជាច្រើនឆ្នាំមកហើយ សៀវភៅរបស់យើងបានពន្យល់ថា ក្នុងឧទាហរណ៍ទាំងពីរនេះ បុរសនោះគឺសំដៅលើលោកយេស៊ូដែលបានទៅស្ថានសួគ៌នៅឆ្នាំ៣៣ គ.ស.។ ប៉ុន្ដែ នៅពេលនោះលោកយេស៊ូមិនបានគ្រប់គ្រងជាស្ដេចភ្លាមទេ។ លោកបានរង់ចាំរហូតដល់ឆ្នាំ១៩១៤ ពេលដែលពួកសត្រូវរបស់លោកបានត្រូវ«ដាក់ជាកំណល់កល់ជើងលោក»។—ហេប្រឺ ១០:១២, ១៣

លោកយេស៊ូបានមានប្រសាសន៍ថា បុរសក្នុងឧទាហរណ៍នោះមានប្រាក់ថាលិន។ នោះជាចំនួនប្រាក់ដ៏ច្រើន។ * (សូមមើលកំណត់សម្គាល់) មុននឹងបុរសនោះចេញដំណើរទៅ គាត់បានឲ្យប្រាក់នេះដល់ខ្ញុំបម្រើរបស់គាត់។ គាត់ប្រាប់ពួកគេឲ្យយកប្រាក់នោះទៅរកស៊ីឲ្យគាត់។ ប្រាក់នោះមានតម្លៃខ្លាំងណាស់ចំពោះបុរសនោះ ដូចគ្នាដែរមានអ្វីមួយដែលមានតម្លៃខ្លាំងណាស់ចំពោះលោកយេស៊ូ។ តើនោះជាអ្វី? នោះគឺជាកិច្ចការដែលលោកបានធ្វើពេលដែលលោកនៅផែនដី។

«ចូរងើយភ្នែកមើលវាលស្រូវ ឃើញថាស្រូវនោះទុំល្មមច្រូតហើយ»

៦, ៧. តើថាលិនសំដៅលើអ្វី?

កិច្ចការផ្សព្វផ្សាយគឺសំខាន់ណាស់ចំពោះលោកយេស៊ូ។ ដោយសារលោកផ្សព្វផ្សាយ មានមនុស្សជាច្រើនបានក្លាយទៅជាអ្នកកាន់តាមលោក។ (សូមអាន លូកា ៤:៤៣) ប៉ុន្ដែលោកបានដឹងថានៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ហើយថាមានមនុស្សជាច្រើនទៀតដែលនឹងព្រមទទួលយកដំណឹងល្អ។ តាមពិត លោកបានប្រាប់អ្នកកាន់តាមលោកថា«ចូរងើយភ្នែកមើលវាលស្រូវ ឃើញថាស្រូវនោះទុំល្មមច្រូតហើយ»។ (យ៉ូហាន ៤:៣៥-៣៨) កសិករដែលមានចិត្ដគំនិតត្រឹមត្រូវ គាត់នឹងមិនបោះបង់ចោលវាលស្រែដែលទុំល្មមច្រូតនោះទេ។ លោកយេស៊ូមានចិត្ដគំនិតបែបនោះ។ ដូច្នេះ បន្ដិចមុនលោកយេស៊ូត្រឡប់ទៅស្ថានសួគ៌វិញ លោកបានបង្គាប់អ្នកកាន់តាមលោកថា៖ ‹ដូច្នេះ ចូរទៅបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ›។ (ម៉ាថាយ ២៨:១៨-២០) ដោយបង្គាប់ដូច្នេះ លោកយេស៊ូបានឲ្យពួកគាត់នូវទ្រព្យដ៏ថ្លៃវិសេស ពោលគឺភារកិច្ចដ៏សំខាន់ក្នុងការផ្សព្វផ្សាយ។—កូរិនថូសទី២ ៤:៧

ដូចបុរសដែលបានឲ្យប្រាក់ទៅខ្ញុំបម្រើរបស់គាត់ នោះលោកយេស៊ូក៏បានឲ្យអ្នកកាន់តាមលោកដែលព្រះបានរើសតាំងនូវកិច្ចការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោក។ (ម៉ាថាយ ២៥:១៤) ដូច្នេះ ថាលិនសំដៅលើភារកិច្ចផ្សព្វផ្សាយ និងបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។

. ទោះជាខ្ញុំបម្រើម្នាក់បានទទួលចំនួនប្រាក់ខុសគ្នាក៏ដោយ តើម្ចាស់បានតម្រូវអ្វីពីពួកគេ?

លោកយេស៊ូបានមានប្រសាសន៍ថា ម្ចាស់បានឲ្យខ្ញុំបម្រើទី១ ប្រាំថាលិន ខ្ញុំបម្រើទី២ ពីរថាលិន និងខ្ញុំបម្រើទី៣ មួយថាលិន។ (ម៉ាថាយ ២៥:១៥) ម្ចាស់បានឲ្យខ្ញុំបម្រើម្នាក់នូវចំនួនប្រាក់ខុសគ្នា ប៉ុន្ដែគាត់តម្រូវឲ្យពួកគេទាំងអស់ខំអស់ពីសមត្ថភាពក្នុងការរកស៊ីឲ្យគាត់។ ដូចគ្នាដែរ លោកយេស៊ូក៏តម្រូវឲ្យអ្នកកាន់តាមលោកដែលព្រះបានរើសតាំងខំអស់ពីសមត្ថភាពរបស់ពួកគាត់ក្នុងកិច្ចការផ្សព្វផ្សាយដែរ។ (ម៉ាថាយ ២២:៣៧; កូឡុស ៣:២៣) នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. អ្នកកាន់តាមលោកយេស៊ូបានចាប់ផ្ដើមទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមលោក។ ម្យ៉ាងទៀត ពេលយើងអានសៀវភៅសកម្មភាព យើងយល់យ៉ាងច្បាស់អំពីការខំប្រឹងព្យាយាមរបស់ពួកគាត់ *(សូមមើលកំណត់សម្គាល់)។—សកម្មភាព ៦:៧; ១២:២៤; ១៩:២០

ខ្ញុំបម្រើប្រើថាលិននៅគ្រាចុងបញ្ចប់

. () តើខ្ញុំបម្រើស្មោះត្រង់ទី១និងទី២បានយកប្រាក់របស់ម្ចាស់ទៅធ្វើអ្វី ហើយតើយើងទាញមេរៀនអ្វីពីឧទាហរណ៍នោះ? () តើពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដីត្រូវធ្វើអ្វីខ្លះ?

ខ្ញុំបម្រើទី១និងទី២ដែលបានយកប្រាក់របស់ម្ចាស់ទៅរកស៊ី សំដៅលើបងប្អូនដែលព្រះបានរើសតាំងដែលនៅស្មោះត្រង់ក្នុងអំឡុងគ្រាចុងបញ្ចប់។ ជាពិសេសតាំងពីឆ្នាំ១៩១៩ ពួកគាត់បានខំអស់ពីសមត្ថភាពក្នុងកិច្ចផ្សព្វផ្សាយ។ ក្នុងឧទាហរណ៍នោះ ខ្ញុំបម្រើទី១និងទី២បានទទួលចំនួនប្រាក់ខុសគ្នា ប៉ុន្ដែនេះមិនមានន័យថាខ្ញុំបម្រើស្មោះត្រង់ដែលព្រះបានរើសតាំងមានពីរក្រុមនោះទេ។ ខ្ញុំបម្រើទាំងពីរនាក់នោះខំប្រឹងព្យាយាមរកស៊ី ហើយបានប្រាក់មួយជាពីរ។ ប៉ុន្ដែ តើមានតែអ្នកដែលព្រះបានរើសតាំងប៉ុណ្ណោះដែលត្រូវខំព្យាយាមផ្សព្វផ្សាយនិងបង្រៀនមនុស្សឬ? មិនមែនទេ។ ឧទាហរណ៍របស់លោកយេស៊ូអំពីចៀមនិងពពែបង្រៀនយើងថា ពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដីត្រូវជួយបងប្អូនរបស់គ្រិស្ដក្នុងកិច្ចផ្សព្វផ្សាយ ហើយត្រូវស្មោះត្រង់ចំពោះពួកគាត់។ ពួកគេគិតថាការជួយពួកគាត់គឺជាកិត្ដិយសមួយ។ ពិតមែន រាស្ដ្ររបស់ព្រះយេហូវ៉ាគឺជា«ហ្វូងតែមួយ» ហើយពួកគេទាំងអស់គ្នាខំប្រឹងព្យាយាមផ្សព្វផ្សាយនិងបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។—យ៉ូហាន ១០:១៦

១០. តើអ្វីជាលក្ខណៈមួយដ៏សំខាន់នៃសញ្ញាសម្គាល់ដែលបង្ហាញថាយើងកំពុងរស់នៅគ្រាចុងបញ្ចប់?

១០ លោកយេស៊ូតម្រូវឲ្យអ្នកកាន់តាមលោកទាំងអស់ខំព្យាយាមបង្រៀនមនុស្សកាន់តែច្រើនឲ្យក្លាយទៅជាអ្នកកាន់តាមលោក។ នោះជាកិច្ចការដែលអ្នកកាន់តាមលោកបានធ្វើនៅសតវត្សរ៍ទី១។ នៅគ្រាចុងបញ្ចប់នេះ ពេលឧទាហរណ៍របស់លោកយេស៊ូអំពីថាលិនកំពុងក្លាយទៅជាការពិត តើអ្នកកាន់តាមលោកកំពុងធ្វើកិច្ចការនេះទេ? ពួកគាត់ពិតជាកំពុងធ្វើកិច្ចការនេះមែន។ ពីមុនមកមិនដែលមានមនុស្សច្រើនដល់ម៉្លេះបានស្ដាប់ដំណឹងល្អ ហើយក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូទេ។ ដោយសារអ្នកកាន់តាមលោកខំព្យាយាមធ្វើកិច្ចការនេះ នោះជារៀងរាល់ឆ្នាំមានមនុស្សរាប់ពាន់នាក់បានទទួលការជ្រមុជទឹក ហើយពួកគេក៏បានចូលរួមក្នុងកិច្ចផ្សព្វផ្សាយដែរ។ សកម្មភាពទាំងអស់នេះ ព្រមទាំងលទ្ធផលល្អ បង្ហាញយ៉ាងច្បាស់ថាកិច្ចការផ្សព្វផ្សាយគឺជាលក្ខណៈមួយដ៏សំខាន់នៃសញ្ញាសម្គាល់ដែលលោកយេស៊ូបានប្រាប់អំពីគ្រាចុងបញ្ចប់។ លោកយេស៊ូច្បាស់ជាពេញចិត្ដនឹងខ្ញុំបម្រើរបស់លោកមែន!

លោកយេស៊ូបានឲ្យអ្នកបម្រើរបស់លោកនូវទ្រព្យដ៏ថ្លៃវិសេស ពោលគឺភារកិច្ចដ៏សំខាន់ក្នុងការផ្សព្វផ្សាយ (សូមមើលវគ្គ១០)

តើម្ចាស់នឹងមកនៅពេលណា?

១១. ហេតុអ្វីយើងដឹងថាលោកយេស៊ូនឹងមកក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង?

១១ លោកយេស៊ូបានមានប្រសាសន៍ថា«លុះយូរក្រោយមក ម្ចាស់របស់ខ្ញុំបម្រើទាំងនោះបានមកដល់ ហើយគិតបញ្ជីជាមួយនឹងពួកគេ»។ (ម៉ាថាយ ២៥:១៩) លោកយេស៊ូដែលជាម្ចាស់នឹងធ្វើដូច្នេះនៅចុងបញ្ចប់នៃគ្រាទុក្ខវេទនាជាខ្លាំង។ ហេតុអ្វីយើងដឹងដូច្នោះ? ក្នុងទំនាយរបស់លោកនៅម៉ាថាយជំពូកទី២៤និង២៥ លោកយេស៊ូបានមានប្រសាសន៍ច្រើនដងថាលោកនឹងមក។ ជាឧទាហរណ៍ លោកបានមានប្រសាសន៍ថាមនុស្ស«នឹងឃើញកូនមនុស្សមកលើពពកនៅលើមេឃ»។ នេះសំដៅលើគ្រាទុក្ខវេទនាជាខ្លាំងពេលដែលលោកយេស៊ូនឹងវិនិច្ឆ័យមនុស្ស។ ម្យ៉ាងទៀត លោកបានព្រមានអ្នកកាន់តាមលោកដែលកំពុងរស់នៅគ្រាចុងបញ្ចប់នេះឲ្យចាំយាម។ លោកបានមានប្រសាសន៍ថា«អ្នករាល់គ្នាមិនដឹងថាម្ចាស់របស់អ្នកនឹងមកវិញនៅថ្ងៃណាឡើយ» ហើយ«កូនមនុស្សនឹងមកនៅម៉ោងដែលអ្នករាល់គ្នាមិននឹកស្មាន»។ (ម៉ាថាយ ២៤:៣០, ៤២, ៤៤) ដូច្នេះ ក្នុងឧទាហរណ៍អំពីថាលិន លោកយេស៊ូក៏បានមានប្រសាសន៍ដែរអំពីគ្រាដែលលោកនឹងមកវិនិច្ឆ័យមនុស្ស ហើយបំផ្លាញពិភពលោករបស់សាថានចោល * (សូមមើលកំណត់សម្គាល់)។

១២, ១៣. () តើម្ចាស់បាននិយាយអ្វីទៅខ្ញុំបម្រើពីរនាក់នោះ ហើយហេតុអ្វី? () តើអ្នកដែលព្រះបានរើសតាំងនឹងទទួលការបោះត្រាជាលើកចុងក្រោយនៅពេលណា? (សូមមើលដែរនូវប្រអប់ដែលមានចំណងជើងថា« ពួកគាត់នឹងត្រូវវិនិច្ឆ័យពេលពួកគាត់ស្លាប់») () តើពួកអ្នកដែលជួយបងប្អូនរបស់គ្រិស្ដនឹងទទួលរង្វាន់អ្វី?

១២ ពេលម្ចាស់ត្រឡប់មកពីធ្វើដំណើរក្រៅប្រទេសវិញ គាត់បានឃើញថាខ្ញុំបម្រើដែលមានប្រាំថាលិនរកបានប្រាំថាលិនថែមទៀត ហើយខ្ញុំបម្រើដែលមានពីរថាលិនរកបានពីរថាលិនថែមទៀត។ ម្ចាស់ប្រាប់ខ្ញុំបម្រើទាំងពីរនាក់នោះ ម្នាក់ម្ដងថា«ខ្ញុំបម្រើដ៏ល្អហើយស្មោះត្រង់អើយ! អ្នកធ្វើការបានល្អណាស់! អ្នកបានស្មោះត្រង់ក្នុងការមើលខុសត្រូវលើរបស់បន្ដិចបន្ដួច។ ខ្ញុំនឹងតែងតាំងអ្នកឲ្យមើលការខុសត្រូវលើរបស់ជាច្រើនវិញ»។ (ម៉ាថាយ ២៥:២១,២៣) តើលោកយេស៊ូដែលជាម្ចាស់នឹងធ្វើអ្វីពេលលោកមកនៅអនាគត?

១៣ បន្ដិចមុនគ្រាទុក្ខវេទនាជាខ្លាំង ព្រះនឹងបោះត្រាជាលើកចុងក្រោយចំពោះអ្នកដែលលោកបានរើសតាំងដែលខំព្យាយាមធ្វើការ ដែលកំពុងរស់នៅផែនដីនៅពេលនោះ។ (ការបើកបង្ហាញ ៧:១-) បន្ទាប់មក មុនសង្គ្រាមហាម៉ាគេដូន លោកយេស៊ូនឹងផ្ដល់រង្វាន់ឲ្យពួកគាត់ដោយប្រោសពួកគាត់ឲ្យមានជីវិតនៅស្ថានសួគ៌។ ប៉ុន្ដែ ចុះយ៉ាងណាចំពោះពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដីដែលបានជួយបងប្អូនរបស់គ្រិស្ដក្នុងកិច្ចការផ្សព្វផ្សាយ? ពួកគេនឹងត្រូវវិនិច្ឆ័យថាជាចៀម ហើយពួកគេនឹងទទួលរង្វាន់ដោយរស់នៅផែនដីក្រោមការគ្រប់គ្រងរបស់រាជាណាចក្រព្រះ។—ម៉ាថាយ ២៥:៣៤

ខ្ញុំបម្រើទុច្ចរិតនិងខ្ជិលច្រអូស

១៤, ១៥. តើលោកយេស៊ូបានមានប្រសាសន៍ថាអ្នកដែលព្រះបានរើសតាំងជាច្រើននាក់នឹងក្លាយទៅជាខ្ញុំបម្រើទុច្ចរិតនិងខ្ជិលច្រអូសឬ? សូមពន្យល់។

១៤ ឧទាហរណ៍នោះក៏រៀបរាប់អំពីខ្ញុំបម្រើដែលមានមួយថាលិនដែរ។ គាត់មិនបានយកប្រាក់នោះទៅរកស៊ីឲ្យម្ចាស់គាត់ ឬយកទៅដាក់ធនាគារដើម្បីបានការប្រាក់ទេ។ ផ្ទុយទៅវិញ គាត់យកប្រាក់នោះទៅកប់ក្នុងដី។ ដូច្នេះ ម្ចាស់បានហៅគាត់ថាជាខ្ញុំបម្រើទុច្ចរិតនិងខ្ជិលច្រអូស។ ម្ចាស់បានយកថាលិនពីខ្ញុំបម្រើទុច្ចរិតនោះវិញ ហើយបានឲ្យទៅខ្ញុំបម្រើទី១។ រួចមក ម្ចាស់បានបោះខ្ញុំបម្រើទុច្ចរិតនោះទៅ«ខាងក្រៅដែលងងឹត» ហើយនៅទីនោះគាត់បានយំដោយអស់សង្ឃឹម។—ម៉ាថាយ ២៥:២៤-៣០; លូកា ១៩:២២, ២៣

១៥ ពេលលោកយេស៊ូបានមានប្រសាសន៍ថាខ្ញុំបម្រើម្នាក់ក្នុងចំណោមខ្ញុំបម្រើបីនាក់នោះ ជាមនុស្សទុច្ចរិតនិងខ្ជិលច្រអូស លោកមិនចង់មានប្រសាសន៍ថាមួយភាគបីនៃអ្នកដែលព្រះបានរើសតាំងនឹងមានចិត្ដគំនិតដូចខ្ញុំបម្រើម្នាក់នោះទេ។ យើងដឹងដូច្នេះដោយប្រៀបធៀបឧទាហរណ៍នេះជាមួយនឹងឧទាហរណ៍ពីរផ្សេងទៀត។ ក្នុងឧទាហរណ៍អំពីខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា លោកយេស៊ូបានមានប្រសាសន៍អំពីខ្ញុំបម្រើអាក្រក់ដែលបៀតបៀនខ្ញុំបម្រើទៀត។ លោកយេស៊ូមិនចង់មានប្រសាសន៍ថាពួកអ្នកដែលនៅក្នុងចំណោមខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណានឹងក្លាយទៅជាខ្ញុំបម្រើអាក្រក់នោះទេ។ ផ្ទុយទៅវិញ លោកកំពុងព្រមានអ្នកដែលព្រះបានរើសតាំងថា ពួកគាត់មិនគួរមានចិត្ដគំនិតដូចខ្ញុំបម្រើអាក្រក់នោះឡើយ។ បន្ទាប់មក ក្នុងឧទាហរណ៍អំពីស្ដ្រីក្រមុំបរិសុទ្ធ១០នាក់ លោកយេស៊ូបានមានប្រសាសន៍អំពីស្ដ្រីក្រមុំបរិសុទ្ធប្រាំនាក់ដែលមិនចេះពិចារណា។ លោកមិនបានមានប្រសាសន៍ថា ក្នុងចំណោមអ្នកដែលព្រះបានរើសតាំង ពាក់កណ្ដាលនឹងទៅជាមនុស្សដែលមិនចេះពិចារណានោះឡើយ។ ផ្ទុយទៅវិញ លោកយេស៊ូកំពុងព្រមានពួកគាត់អំពីអ្វីដែលនឹងកើតឡើង បើពួកគាត់មិនបានត្រៀមខ្លួន ហើយចាំយាមទេ។ * (សូមមើលកំណត់សម្គាល់) ស្រដៀងគ្នាដែរ ក្នុងឧទាហរណ៍អំពីថាលិន លោកយេស៊ូមិនបានមានប្រសាសន៍ថាក្នុងអំឡុងគ្រាចុងក្រោយបង្អស់ អ្នកដែលព្រះបានរើសតាំងជាច្រើននាក់នឹងទៅជាខ្ញុំបម្រើទុច្ចរិតនិងខ្ជិលច្រអូសឡើយ។ ផ្ទុយទៅវិញ លោកយេស៊ូកំពុងព្រមានអ្នកដែលព្រះបានរើសតាំងកុំឲ្យមានចិត្ដគំនិតដូចខ្ញុំបម្រើទុច្ចរិតនោះឲ្យសោះ តែឲ្យខំព្យាយាមជានិច្ចក្នុងកិច្ចផ្សព្វផ្សាយ។—ម៉ាថាយ ២៥:១៦

លោកយេស៊ូនឹងផ្ដល់រង្វាន់ដល់អ្នកកាន់តាមលោកទាំងអស់ដែលខំប្រឹងព្យាយាមក្នុងកិច្ចផ្សព្វផ្សាយ

១៦. () តើមេរៀនពីរដែលយើងទាញពីឧទាហរណ៍អំពីថាលិន គឺជាអ្វី? () តើអត្ថបទនេះជួយយើងឲ្យយល់ឧទាហរណ៍អំពីថាលិនយ៉ាងដូចម្ដេច? (សូមមើលប្រអប់ដែលមានចំណងជើងថា« តើយើងគួរយល់យ៉ាងណាអំពីឧទាហរណ៍ស្ដីអំពីថាលិន?»)

១៦ តើមេរៀនពីរដែលយើងទាញពីឧទាហរណ៍អំពីថាលិន គឺជាអ្វី? ទី១ លោកយេស៊ូបានឲ្យអ្នកកាន់តាមលោកដែលព្រះបានរើសតាំងនូវទ្រព្យដ៏ថ្លៃវិសេស ពោលគឺភារកិច្ចដ៏សំខាន់ក្នុងការផ្សព្វផ្សាយនិងបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោក។ ទី២ លោកយេស៊ូតម្រូវឲ្យយើងទាំងអស់គ្នាខំប្រឹងព្យាយាមក្នុងកិច្ចផ្សព្វផ្សាយ។ បើយើងស៊ូទ្រាំដោយចិត្ដស្មោះត្រង់ក្នុងកិច្ចការនេះ ហើយបន្ដស្ដាប់បង្គាប់ព្រមទាំងមានភក្ដីភាពចំពោះលោកយេស៊ូ នោះយើងអាចប្រាកដថាលោកនឹងផ្ដល់រង្វាន់ឲ្យយើង។—ម៉ាថាយ ២៥:២១, ២៣, ៣៤

^ ???? 3 ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ទំព័រ២១-២២ វគ្គ-១០ បានពន្យល់ថាអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា។

^ ???? 3 នៅអត្ថបទមុនក្នុងទស្សនាវដ្ដីនេះបានពន្យល់ថាអ្នកណាជាស្ដ្រីក្រមុំបរិសុទ្ធ។

^ ???? 3 ឧទាហរណ៍អំពីចៀមនិងពពែបានត្រូវពន្យល់ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៦ ទំព័រ២៧-៣២ និងក្នុងអត្ថបទបន្ទាប់នៃទស្សនាវដ្ដីនេះ។

^ ???? 5 នៅសម័យលោកយេស៊ូ មួយថាលិនស្មើនឹងចំនួនប្រាក់ដែលកម្មករត្រូវធ្វើការរយៈពេល២០ឆ្នាំ។

^ ???? 8 មិនយូរប៉ុន្មានក្រោយពីពួកសាវ័កស្លាប់អស់ទៅ ការក្បត់ជំនឿបានរីករាលដាលពេញក្រុមជំនុំទាំងអស់។ អស់ជាច្រើនសតវត្សរ៍ សកម្មភាពក្នុងកិច្ចផ្សព្វផ្សាយគឺមានតិចតួចណាស់។ ប៉ុន្ដែក្នុងអំឡុង«រដូវច្រូតកាត់»គ្រាចុងបញ្ចប់ កិច្ចការផ្សព្វផ្សាយនឹងចាប់ផ្ដើមម្ដងទៀត។ (ម៉ាថាយ ១៣:២៤-៣០, ៣៦-៤៣) សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ទំព័រ-១២។

^ ???? 11 សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ទំព័រ-៨ វគ្គ១៤-១៨។

^ ???? 15 សូមមើលវគ្គ១៣នៃអត្ថបទដែលមានចំណងជើងថា«តើអ្នកនឹង‹ចាំយាម›ឬទេ?» ក្នុងទស្សនាវដ្ដីលេខនេះ។