លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើចំណងមិត្ដភាពរវាងអ្នកនិងព្រះយេហូវ៉ាគឺពិតប្រាកដយ៉ាងណា?

តើចំណងមិត្ដភាពរវាងអ្នកនិងព្រះយេហូវ៉ាគឺពិតប្រាកដយ៉ាងណា?

«ចូរចូលទៅជិតព្រះ ហើយលោកនឹងចូលមកជិតអ្នករាល់គ្នាដែរ»។—យ៉ាកុប ៤:៨

. ហេតុអ្វីយើងត្រូវរក្សាចំណងមិត្ដភាពរវាងយើងនិងព្រះយេហូវ៉ាឲ្យរឹងមាំ?

បើអ្នកបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ាហើយ អ្នកមានអ្វីមួយដ៏មានតម្លៃខ្លាំងណាស់ ពោលគឺអ្នកមានចំណងមិត្ដភាពជាមួយនឹងព្រះយេហូវ៉ា។ ក៏ប៉ុន្ដែ ពិភពលោករបស់សាថានកំពុងព្យាយាមបង្ខូចចំណងមិត្ដភាពនោះ។ មិនត្រឹមតែប៉ុណ្ណោះ ភាពមិនល្អឥតខ្ចោះរបស់យើងក៏អាចធ្វើឲ្យចំណងមិត្ដភាពនោះចុះខ្សោយដែរ។ ហេតុនេះហើយបានជាយើងទាំងអស់គ្នាត្រូវរក្សាចំណងមិត្ដភាពរវាងយើងនិងព្រះយេហូវ៉ាឲ្យនៅរឹងមាំបំផុត។

. () តើចំណងមិត្ដភាពគឺជាអ្វី? (សូមមើលកំណត់សម្គាល់) () តើតាមរបៀបណាយើងអាចធ្វើឲ្យចំណងមិត្ដភាពរវាងយើងនិងព្រះយេហូវ៉ាកាន់តែរឹងមាំ?

តើព្រះយេហូវ៉ាជាបុគ្គលពិតចំពោះអ្នកទេ? តើអ្នកមានអារម្មណ៍ថាលោកជាមិត្ដរបស់អ្នកឬ? តើអ្នកចង់ឲ្យចំណងមិត្ដភាពរវាងអ្នកនិងលោកកាន់តែរឹងមាំជាងទេ? យ៉ាកុប ៤:៨ ប្រាប់អ្នកនូវអ្វីដែលអ្នកត្រូវធ្វើ។ ខនោះចែងថា«ចូរចូលទៅជិតព្រះ ហើយលោកនឹងចូលមកជិតអ្នករាល់គ្នាដែរ»។ ចំណងមិត្ដភាពរវាងអ្នកនិងព្រះយេហូវ៉ា គឺមានទៅមានមក។ * (សូមមើលកំណត់សម្គាល់) បើអ្នកចាត់វិធានការដើម្បីចូលទៅជិតព្រះយេហូវ៉ា នោះលោកក៏នឹងចាត់វិធានការដើម្បីចូលមកជិតអ្នកដែរ។ បើអ្នកកាន់តែធ្វើដូច្នេះ នោះអ្នកនឹងកាន់តែយល់ថាលោកជាបុគ្គលពិតចំពោះអ្នក។ ម្យ៉ាងទៀត ចំណងមិត្ដភាពរវាងអ្នកនិងព្រះនឹងកាន់តែជិតស្និទ្ធដល់ម៉្លេះបានជាអ្នកមានអារម្មណ៍ដូចលោកយេស៊ូ ពេលដែលលោកមានប្រសាសន៍ថា«មានលោកដែលបានចាត់ខ្ញុំឲ្យមកមែន»ហើយ«ខ្ញុំស្គាល់លោក»។ (យ៉ូហាន ៧:២៨, ២៩) ប៉ុន្ដែ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីចូលទៅកាន់តែជិតព្រះយេហូវ៉ា?

តើតាមរបៀបណាអ្នកអាចប្រស្រ័យទាក់ទងជាមួយនឹងព្រះ? (សូមមើលវគ្គ)

. តើយើងអាចប្រស្រ័យទាក់ទងជាមួយនឹងព្រះយេហូវ៉ាតាមវិធីណា?

បើអ្នកចង់ចូលទៅជិតព្រះយេហូវ៉ា ជាការសំខាន់ដែលអ្នកនិងព្រះយេហូវ៉ាត្រូវប្រស្រ័យទាក់ទងគ្នាជាទៀងទាត់។ ប៉ុន្ដែ តើអ្នកអាចប្រស្រ័យទាក់ទងជាមួយនឹងលោកតាមរបៀបណា? សូមគិតអំពីឧទាហរណ៍នេះ បើអ្នកនិងមិត្ដរបស់អ្នករស់នៅឆ្ងាយពីគ្នា តើអ្នកនិងគាត់អាចទាក់ទងគ្នាតាមវិធីណា? ជាញឹកញយ អ្នកអាចសរសេរសំបុត្រឆ្លើយឆ្លងគ្នា ហើយនិយាយគ្នាតាមទូរស័ព្ទ។ ស្រដៀងគ្នាដែរ អ្នកនិយាយទៅកាន់ព្រះយេហូវ៉ា ដោយអធិដ្ឋានទៅលោកយ៉ាងទៀងទាត់។ (សូមអាន ទំនុកតម្កើង ១៤២:២) ប៉ុន្ដែ តើតាមរបៀបណាអ្នកអាចឲ្យព្រះយេហូវ៉ាមានប្រសាសន៍មកអ្នកវិញ? អ្នកអាចធ្វើដូច្នេះ ដោយអានគម្ពីរដែលជាបណ្ដាំរបស់លោកជាទៀងទាត់ ហើយរំពឹងគិតអំពីអ្វីដែលអ្នកបានអាន។ (សូមអាន អេសាយ ៣០:២០, ២១) សូមយើងពិចារណាអំពីរបៀបដែលការប្រស្រ័យទាក់ទងគ្នារវាងអ្នកនិងព្រះយេហូវ៉ាតាមវិធីទាំងនេះ អាចជួយពង្រឹងចំណងមិត្ដភាពអ្នកនិងលោក ហើយធ្វើឲ្យលោកក្លាយទៅជាបុគ្គលពិតចំពោះអ្នក។

ចូរឲ្យព្រះយេហូវ៉ាមានប្រសាសន៍មកអ្នក ពេលអ្នកសិក្សាគម្ពីរ

៤, ៥. ពេលអ្នកសិក្សាគម្ពីរ តើតាមរបៀបណាព្រះយេហូវ៉ាមានប្រសាសន៍មកអ្នក? សូមលើកឧទាហរណ៍មួយ។

យើងដឹងថាគម្ពីរគឺជាសាររបស់ព្រះសម្រាប់មនុស្សគ្រប់រូប។ ប៉ុន្ដែ តើគម្ពីរអាចជួយអ្នកឲ្យចូលទៅកាន់តែជិតព្រះយេហូវ៉ាទេ? ពិតជាអាចមែន! កាលដែលអ្នកអាន ហើយសិក្សាគម្ពីរជាទៀងទាត់ សូមគិតដោយយកចិត្ដទុកដាក់ថា តើអ្នកមានអារម្មណ៍យ៉ាងណាអំពីអ្វីដែលអ្នកកំពុងអាន? រួចមក សូមគិតអំពីរបៀបដែលអ្នកអាចធ្វើតាមអ្វីដែលអ្នកបានរៀន។ ពេលអ្នកធ្វើដូច្នេះ អ្នកកំពុងឲ្យព្រះយេហូវ៉ាមានប្រសាសន៍មកអ្នក។ នេះនឹងជួយអ្នកឲ្យកាន់តែចូលទៅជិតលោក ហើយលោកនឹងក្លាយទៅជាមិត្ដជិតស្និទ្ធដែលជួយអ្នក។—ហេប្រឺ ៤:១២; យ៉ាកុប ១:២៣-២៥

ជាឧទាហរណ៍ ពេលអ្នកអានពាក្យរបស់លោកយេស៊ូដែលថា«ឈប់ប្រមូលទ្រព្យសម្បត្ដិទុកសម្រាប់ខ្លួននៅផែនដី» តើអ្នកមានអារម្មណ៍យ៉ាងណា? បើអ្នកកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីចាត់ទុកព្រះយេហូវ៉ាជាបុគ្គលសំខាន់បំផុតក្នុងជីវិតរបស់អ្នក នោះអ្នកនឹងដឹងថាលោកពេញចិត្ដអ្នក។ ប៉ុន្ដែ ក្រោយពីអ្នកបានអានពាក្យរបស់លោកយេស៊ូ អ្នកទទួលស្គាល់ថាអ្នកត្រូវកែប្រែជីវិតរបស់អ្នកឲ្យសាមញ្ញ និងត្រូវផ្ដោតអារម្មណ៍ច្រើនជាងទៅលើការបម្រើព្រះ។ បើដូច្នោះមែន នោះព្រះយេហូវ៉ាកំពុងជួយអ្នកឲ្យដឹងនូវអ្វីដែលអ្នកអាចធ្វើដើម្បីចូលទៅកាន់តែជិតលោក។—ម៉ាថាយ ៦:១៩, ២០

៦, ៧. () ពេលយើងសិក្សាគម្ពីរ តើនេះមានឥទ្ធិពលយ៉ាងណាមកលើសេចក្ដីស្រឡាញ់ដែលយើងមានចំពោះព្រះយេហូវ៉ា និងសេចក្ដីស្រឡាញ់ដែលលោកមានចំពោះយើង? () តើយើងគួរមានគោលដៅសំខាន់ចម្បងអ្វីពេលសិក្សាគម្ពីរ?

ពិតមែនតែពេលយើងសិក្សាគម្ពីរ យើងរៀនអំពីការកែប្រែផ្សេងដែលយើងអាចធ្វើដើម្បីបម្រើព្រះយេហូវ៉ាឲ្យបានល្អជាង ប៉ុន្ដែយើងក៏រៀនផងដែរអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើដោយសេចក្ដីស្រឡាញ់ និងអំពីគុណសម្បត្ដិដ៏អស្ចារ្យរបស់លោកដែលធ្វើឲ្យយើងស្រឡាញ់លោកកាន់តែខ្លាំង។ ម្យ៉ាងទៀត ពេលដែលយើងស្រឡាញ់លោកកាន់តែខ្លាំង នោះលោកក៏នឹងស្រឡាញ់យើងវិញកាន់តែខ្លាំងដែរ ហើយចំណងមិត្ដភាពរវាងយើងនិងព្រះនឹងកាន់តែរឹងមាំជាងមុនទៅទៀត។—សូមអាន កូរិនថូសទី១ ៨:៣

បើយើងចង់ចូលទៅជិតព្រះយេហូវ៉ា ជាការសំខាន់ដែលយើងសិក្សាគម្ពីរដោយមានមូលហេតុត្រឹមត្រូវ។ លោកយេស៊ូបានមានប្រសាសន៍ថា«ដើម្បីបានជីវិតដែលគ្មានទីបញ្ចប់ ពួកគាត់ត្រូវស្គាល់លោកដែលជាព្រះពិតតែមួយឲ្យបានច្បាស់ ព្រមទាំងយេស៊ូគ្រិស្ដ ដែលលោកបានចាត់ឲ្យមក»។ (យ៉ូហាន ១៧:៣) ពេលយើងអានគម្ពីរ យើងអាចរៀនអ្វីជាច្រើនដែលថ្មី និងដែលគួរឲ្យចាប់អារម្មណ៍ ប៉ុន្ដែគោលដៅសំខាន់ចម្បងរបស់យើង គឺគួរតែដើម្បីស្គាល់ព្រះយេហូវ៉ាឲ្យបានច្បាស់ជាងថាលោកជាបុគ្គលពិតចំពោះយើង។—សូមអាន និក្ខមនំ ៣៣:១៣; ទំនុកតម្កើង ២៥:៤

. () តើអ្នកខ្លះប្រហែលជាគិតយ៉ាងណាអំពីរបៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្ដទៅលើស្ដេចអ័សារា? () បើអ្នកស្គាល់ព្រះយេហូវ៉ាយ៉ាងច្បាស់ តើអ្នកនឹងមានអារម្មណ៍យ៉ាងណាអំពីអ្វីដែលលោកធ្វើ?

ពេលយើងស្គាល់ព្រះយេហូវ៉ាកាន់តែច្បាស់ យើងនឹងមិនខ្វល់ចិត្ដហួសហេតុពេកទេ បើកំណត់ហេតុខ្លះក្នុងគម្ពីរមិនតែងតែពន្យល់អំពីមូលហេតុដែលលោកប្រព្រឹត្ដដូច្នេះ។ ជាឧទាហរណ៍ ពេលអ័សារាគ្រប់គ្រងជាស្ដេចលើជនជាតិយូដា បណ្ដាជនបានគោរពបូជាព្រះមិនពិត។ ក៏ប៉ុន្ដែ អ័សារាមិនបានចូលរួមជាមួយនឹងពួកគេទេ។ គម្ពីរចែងថា«ទ្រង់បានប្រព្រឹត្ដអំពើដ៏ត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា»។ (ពង្សាវតារក្សត្រទី២ ១៥:១-) ប៉ុន្ដែ ព្រះយេហូវ៉ាបានដាក់ទោសអ័សារាឲ្យកើតជំងឺឃ្លង់។ ហេតុអ្វី? កំណត់ហេតុនោះមិនបានប្រាប់យើងទេ។ ដូច្នេះ តើអ្នកមានអារម្មណ៍យ៉ាងណាអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើ? តើរឿងនោះធ្វើឲ្យអ្នកខ្វល់ចិត្ដ ហើយធ្វើឲ្យអ្នកមានអារម្មណ៍ថាព្រះយេហូវ៉ាមិនមានយុត្ដិធម៌ ថាលោកដាក់ទោសអ័សារាដោយគ្មានមូលហេតុត្រឹមត្រូវឬ? មិនមែនទេ។ បើអ្នកស្គាល់ព្រះយេហូវ៉ាយ៉ាងច្បាស់ អ្នកប្រាកដជាដឹងថាការប្រៀនប្រដៅរបស់លោកតែងតែត្រឹមត្រូវជានិច្ច។ លោកតែងតែប្រៀនប្រដៅ«តាមខ្នាត»ត្រឹមត្រូវវិញ។ (យេរេមា ៣០:១១) ដូច្នេះ ទោះជាអ្នកប្រហែលជាមិនដឹងមូលហេតុដែលព្រះយេហូវ៉ាដាក់ទោសអ័សារាក្ដី អ្នកអាចប្រាកដថាព្រះយេហូវ៉ាបានធ្វើអ្វីដែលត្រឹមត្រូវ។

. តើព័ត៌មានល្អិតល្អន់អ្វីខ្លះជួយយើងឲ្យយល់មូលហេតុដែលព្រះយេហូវ៉ាបានដាក់ទោសអ័សារាឲ្យកើតរោគឃ្លង់?

គម្ពីរប្រាប់យើងនូវព័ត៌មានល្អិតល្អន់ជាងអំពីជីវិតរបស់ស្ដេចអ័សារា ដែលគេស្គាល់ថាជាស្ដេចអូសៀស។ (ពង្សាវតារក្សត្រទី២ ១៥:៧, ៣២) កំណត់ហេតុស្របគ្នានៅរបាក្សត្រទី២ ២៦:៣-៥, ១៦-២១ ចែងថាអូសៀសបាន«ប្រព្រឹត្ដសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា»។ ប៉ុន្ដែកំណត់ហេតុនោះក៏ប្រាប់ដែរថា ក្រោយមក«ព្រះទ័យទ្រង់ក៏ប៉ោងធំឡើង ត្រឡប់ជាខូចអស់ទៅ»។ ស្ដេចនោះបានព្យាយាមធ្វើកិច្ចការដែលមានតែពួកសង្ឃប៉ុណ្ណោះដែលបានត្រូវអនុញ្ញាតឲ្យធ្វើ។ ដូច្នេះ ពួកសង្ឃចំនួន៨១នាក់បានប្រាប់ស្ដេចថា អ្វីដែលគាត់ហៀបនឹងធ្វើនោះគឺមិនត្រឹមត្រូវទេ ហើយពួកគាត់បានព្យាយាមឃាត់ស្ដេចនោះ។ ពេលនោះ តើអូសៀសមានប្រតិកម្មយ៉ាងណា? គាត់មានអំណួតខ្លាំងដល់ម៉្លេះបានជាគាត់ខឹងពួកសង្ឃ! ព័ត៌មានទាំងនេះដែលល្អិតល្អន់ជាងជួយយើងឲ្យយល់មូលហេតុដែលព្រះយេហូវ៉ាបានដាក់ទោសស្ដេចនោះឲ្យកើតរោគឃ្លង់។

បើអ្នកស្គាល់ព្រះយេហូវ៉ាកាន់តែច្បាស់ នោះអ្នកនឹងកាន់តែទុកចិត្ដលោក ហើយថាអ្វីដែលលោកធ្វើគឺត្រឹមត្រូវជានិច្ច

១០. ស្ដីអំពីការប្រព្រឹត្ដរបស់ព្រះយេហូវ៉ា ហេតុអ្វីយើងមិនចាំបាច់ដឹងអំពីមូលហេតុទាំងអស់ដែលលោកធ្វើដូច្នោះ? តើតាមរបៀបណាយើងអាចមានទំនុកចិត្ដកាន់តែខ្លាំងថាព្រះយេហូវ៉ាតែងតែធ្វើអ្វីដែលត្រឹមត្រូវជានិច្ច?

១០ តើយើងបានទាញមេរៀនដ៏សំខាន់អ្វី? ក្នុងកំណត់ហេតុអំពីស្ដេចអ័សារា យើងមានព័ត៌មានគ្រប់គ្រាន់ដើម្បីជួយយើងឲ្យយល់មូលហេតុដែលព្រះយេហូវ៉ាបានដាក់ទោសគាត់។ ប៉ុន្ដែ ពេលដែលគម្ពីរមិនបានប្រាប់ព័ត៌មានទាំងអស់ តើអ្នកនឹងធ្វើអ្វី? តើអ្នកនឹងឆ្ងល់ថា ព្រះយេហូវ៉ាពិតជាបានធ្វើអ្វីដែលត្រឹមត្រូវមែនឬ? ឬក៏តើអ្នកនឹងមានអារម្មណ៍ថា គម្ពីរមានព័ត៌មានគ្រប់គ្រាន់ដើម្បីឲ្យអ្នកទុកចិត្ដថាព្រះតែងតែធ្វើអ្វីដែលត្រឹមត្រូវទេ? (ចោទិយកថា ៣២:៤) បើអ្នកស្គាល់ព្រះយេហូវ៉ាកាន់តែច្បាស់ថាលោកជាបុគ្គលពិត នោះអ្នកនឹងកាន់តែស្រឡាញ់ ហើយទុកចិត្ដលោក។ មួយវិញទៀត អ្នកមិនចាំបាច់ដឹងអំពីមូលហេតុដែលលោកធ្វើអ្វីទាំងអស់ទេ។ កាលដែលអ្នកសិក្សាគម្ពីរ ព្រះយេហូវ៉ានឹងទៅជាបុគ្គលពិតចំពោះអ្នក ហើយអ្នកនឹងចូលទៅកាន់តែជិតលោក។—ទំនុកតម្កើង ៧៧:១២, ១៣

អ្នកនិយាយទៅព្រះយេហូវ៉ា ពេលអ្នកអធិដ្ឋាន

១១-១៣. ហេតុអ្វីអ្នកដឹងថាព្រះយេហូវ៉ាស្តាប់សេចក្ដីអធិដ្ឋាន? (សូមមើលរូបភាពនៅដើមអត្ថបទ)

១១ ពេលយើងអធិដ្ឋាន យើងចូលទៅជិតព្រះយេហូវ៉ា។ ក្នុងសេចក្ដីអធិដ្ឋាននោះ យើងសរសើរលោក អរគុណលោក ហើយសុំលោកឲ្យជួយយើង។ (ទំនុកតម្កើង ៣២:៨) ប៉ុន្ដែ បើអ្នកចង់មានចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា អ្នកត្រូវតែជឿជាក់ថាលោកស្តាប់សេចក្ដីអធិដ្ឋាន។

១២ អ្នកខ្លះនិយាយថាព្រះមិនស្តាប់សេចក្ដីអធិដ្ឋានទេ ហើយថាការអធិដ្ឋានគឺគ្រាន់តែជាអ្វីមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អជាងប៉ុណ្ណោះ។ ពួកគេជឿថាសេចក្ដីអធិដ្ឋានគ្រាន់តែជួយអ្នកឲ្យគិតយ៉ាងដិតដល់អំពីបញ្ហារបស់អ្នក និងជួយអ្នកឲ្យរកដំណោះស្រាយដោយខ្លួនអ្នកប៉ុណ្ណោះ។ ពិតមែនតែសេចក្ដីអធិដ្ឋានអាចជួយអ្នកតាមរបៀបទាំងនោះ ប៉ុន្ដែពេលអ្នកនិយាយទៅព្រះយេហូវ៉ាតាមរយៈសេចក្ដីអធិដ្ឋាន លោកពិតជាកំពុងស្តាប់អ្នកមែន។ ហេតុអ្វីអ្នកអាចដឹងប្រាកដថាលោកស្តាប់សេចក្ដីអធិដ្ឋានរបស់អ្នក?

អ្នកអាចប្រាកដថា ព្រះយេហូវ៉ាស្តាប់សេចក្ដីអធិដ្ឋានរបស់អ្នក

១៣ សូមគិតអំពីរឿងនេះ: មុនពេលលោកយេស៊ូមកផែនដី លោកបានឃើញព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់អ្នកបម្រើលោកនៅផែនដី។ ពេលលោកយេស៊ូនៅផែនដី លោកបានអធិដ្ឋានទៅបិតានៅស្ថានសួគ៌អំពីគំនិតនិងអារម្មណ៍របស់លោក។ មានពេលមួយ លោកបានអធិដ្ឋានពេញមួយយប់។ (លូកា ៦:១២; ២២:៤០-៤៦) បើលោកយេស៊ូបានគិតថាព្រះយេហូវ៉ាមិនស្តាប់សេចក្ដីអធិដ្ឋានទេ តើលោកនឹងអធិដ្ឋានឬ? លោកយេស៊ូក៏បានបង្រៀនអ្នកកាន់តាមលោកអំពីរបៀបអធិដ្ឋានទៅព្រះយេហូវ៉ាដែរ។ បើលោកបានគិតថាព្រះយេហូវ៉ាមិនស្តាប់សេចក្ដីអធិដ្ឋានទេ តើលោកនឹងបង្រៀនពួកគេឲ្យអធិដ្ឋានឬ? លោកយេស៊ូដឹងច្បាស់ថា ព្រះយេហូវ៉ាពិតជាស្តាប់សេចក្ដីអធិដ្ឋានមែន។ លោកថែមទាំងបានមានប្រសាសន៍ថា«បិតាអើយ ខ្ញុំសូមអរគុណលោកដែលលោកបានស្តាប់ខ្ញុំ ពិតមែនតែខ្ញុំដឹងថាលោកតែងតែស្តាប់ខ្ញុំ»។ ដូចគ្នាដែរ យើងដឹងច្បាស់ថាព្រះយេហូវ៉ាស្តាប់សេចក្ដីអធិដ្ឋានរបស់យើង។—យ៉ូហាន ១១:៤១, ៤២; ទំនុកតម្កើង ៦៥:២

១៤, ១៥. () តើយើងទទួលប្រយោជន៍អ្វី ពេលយើងអធិដ្ឋានសុំអ្វីមួយយ៉ាងចំ? () តើតាមរបៀបណាសេចក្ដីអធិដ្ឋានរបស់បងខេធីបានជួយគាត់ឲ្យចូលទៅកាន់តែជិតព្រះយេហូវ៉ា?

១៤ ព្រះយេហូវ៉ាប្រហែលជាមិនតែងតែធ្វើតាមសេចក្ដីអធិដ្ឋានរបស់អ្នកតាមរបៀបដែលអ្នកងាយកត់សម្គាល់នោះទេ។ ប៉ុន្ដែ ពេលអ្នកអធិដ្ឋានសុំអ្វីមួយយ៉ាងចំៗ អ្នកនឹងអាចឃើញច្បាស់ជាងថាព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់អ្នក ហើយលោកនឹងទៅជាបុគ្គលដ៏ពិតចំពោះអ្នក។ បើអ្នកប្រាប់ព្រះយេហូវ៉ាដោយឥតលាក់លៀមអំពីទុក្ខកង្វល់ទាំងអស់ដែលអ្នកមាន នោះលោកក៏នឹងកាន់តែចូលមកជិតអ្នកដែរ។

១៥ ឧទាហរណ៍ បងស្រីខេធីច្រើនតែចេញទៅផ្សព្វផ្សាយ ប៉ុន្ដែគាត់គ្មានអំណរទេ។ * (សូមមើលកំណត់សម្គាល់) គាត់បាននិយាយថា«ខ្ញុំមិនចូលចិត្ដកិច្ចការផ្សព្វផ្សាយទេ។ ខ្ញុំចង់និយាយថា ខ្ញុំពិតជាមិនចូលចិត្ដកិច្ចការនោះឡើយ»។ ពេលគាត់ចូលនិវត្ដន៍ អ្នកចាស់ទុំម្នាក់បានលើកទឹកចិត្ដគាត់ឲ្យធ្វើជាអ្នកត្រួសត្រាយពេញពេល។ បងខេធីបាននិយាយថា«គាត់ថែមទាំងបានឲ្យក្រដាសបំពេញពាក្យសុំមកខ្ញុំទៀតផង។ ដូច្នេះ ខ្ញុំក៏បានសម្រេចចិត្ដចុះឈ្មោះធ្វើជាអ្នកត្រួសត្រាយពេញពេល។ ប៉ុន្ដែ ខ្ញុំក៏បានចាប់ផ្ដើមអធិដ្ឋានរាល់ថ្ងៃសុំឲ្យព្រះយេហូវ៉ាជួយខ្ញុំឲ្យចូលចិត្ដកិច្ចការផ្សព្វផ្សាយដែរ»។ តើព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់គាត់ទេ? ក្រោយពីបានធ្វើជាអ្នកត្រួសត្រាយអស់រយៈពេលបីឆ្នាំ ឥឡូវគាត់និយាយថា«ដោយសារខ្ញុំបានចំណាយពេលច្រើនជាងក្នុងកិច្ចបម្រើផ្សាយ ហើយរៀនពីបងប្អូនស្រីទៀត នោះបន្ដិចម្ដងខ្ញុំកាន់តែប៉ិនប្រសប់ផ្សព្វផ្សាយដល់អ្នកទៀត។ សព្វថ្ងៃនេះ ខ្ញុំមិនគ្រាន់តែចូលចិត្ដកិច្ចការផ្សព្វផ្សាយទេ តែខ្ញុំស្រឡាញ់កិច្ចការនោះ។ អ្វីដែលសំខាន់ជាងនោះទៅទៀត គឺខ្ញុំមានចំណងមិត្ដភាពជាមួយនឹងព្រះយេហូវ៉ាកាន់តែជិតស្និទ្ធជាងពីមុនឆ្ងាយណាស់»។ សេចក្ដីអធិដ្ឋានរបស់បងខេធីពិតជាបានជួយគាត់ឲ្យចូលទៅកាន់តែជិតព្រះយេហូវ៉ាមែន។

ចូរបន្ដចូលទៅកាន់តែជិតព្រះយេហូវ៉ា (សូមមើលវគ្គ១៦, ១៧)

អ្វីដែលអ្នកត្រូវធ្វើ

១៦, ១៧. () តើយើងត្រូវធ្វើអ្វីដើម្បីរក្សាចំណងមិត្ដភាពរវាងយើងនិងព្រះយេហូវ៉ាឲ្យរឹងមាំ? () តើយើងនឹងពិចារណាអ្វីនៅអត្ថបទបន្ទាប់?

១៦ យើងអាចចូលទៅកាន់តែជិតព្រះយេហូវ៉ាជានិច្ច។ ហេតុនេះ សូមយើងបន្ដស្តាប់លោក ដោយសិក្សាស្រាវជ្រាវគម្ពីរជាទៀងទាត់ ហើយសូមយើងបន្ដនិយាយទៅលោកតាមរយៈការអធិដ្ឋាន។ បើយើងធ្វើដូច្នេះ ចំណងមិត្ដភាពរវាងយើងនិងព្រះយេហូវ៉ានឹងកាន់តែរឹងមាំ ហើយដោយមានជំនួយពីលោក នោះយើងអាចស៊ូទ្រាំទុក្ខលំបាកបាន។

យើងអាចចូលកាន់តែជិតព្រះយេហូវ៉ាជានិច្ច

១៧ ទោះជាយើងអធិដ្ឋានជាប់ជានិច្ចទៅព្រះយេហូវ៉ាអំពីបញ្ហារបស់យើងក៏ដោយ ជួនកាលយើងនៅតែមានបញ្ហានោះ។ នេះអាចធ្វើឲ្យយើងពិបាក។ នៅគ្រាលំបាកនោះ យើងអាចចាប់ផ្ដើមបាត់បង់ទំនុកចិត្ដលើព្រះយេហូវ៉ា។ យើងប្រហែលជាមានអារម្មណ៍ថា ព្រះយេហូវ៉ាមិនស្តាប់សេចក្ដីអធិដ្ឋានរបស់យើងទេ ហើយយើងប្រហែលជាសង្ស័យថា យើងពិតជាមិត្ដសម្លាញ់របស់លោកយ៉ាងណា។ បើអ្នកចាប់ផ្ដើមមានអារម្មណ៍បែបនេះ តើអ្នកអាចធ្វើអ្វី? អត្ថបទបន្ទាប់នឹងជួយអ្នកឲ្យដឹងអំពីរឿងនោះ។

^ វគ្គ 2 ចំណងមិត្ដភាពគឺជារបៀបដែលមនុស្សពីរនាក់មានអារម្មណ៍ចំពោះគ្នា និងរបៀបដែលពួកគេប្រព្រឹត្ដចំពោះគ្នា។ ពួកគេទាំងពីរនាក់ត្រូវតែធ្វើអ្វីមួយដើម្បីរក្សាចំណងមិត្ដភាពរបស់ខ្លួនឲ្យនៅរឹងមាំ។

^ វគ្គ 15 ឈ្មោះបានត្រូវផ្លាស់ប្ដូរ។