លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

ពរ«នៅពេលដែលមានអំណោយផល»និង«នៅពេលដែលមានការលំបាក»

ពរ«នៅពេលដែលមានអំណោយផល»និង«នៅពេលដែលមានការលំបាក»

ខ្ញុំកើតនៅខែមីនា ឆ្នាំ១៩៣០ នាភូមិណាមឃូមបា ប្រទេសម៉ាឡាវី។ ខ្ញុំកើតក្នុងក្រុមគ្រួសារដែលបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់។ នៅឆ្នាំ១៩៤២ ខ្ញុំបានប្រគល់ជីវិតខ្ញុំជូនព្រះយេហូវ៉ា ហើយបានទទួលការជ្រមុជទឹកក្នុងទន្លេដ៏ស្អាតមួយនៅប្រទេសម៉ាឡាវី។ អស់រយៈពេល៧០ឆ្នាំ ខ្ញុំបានព្យាយាមធ្វើតាមយោបល់ដែលសាវ័កប៉ូលបានលើកទឹកចិត្ដធីម៉ូថេឲ្យ«ប្រកាសបណ្ដាំរបស់ព្រះ ចូរប្រកាសជាបន្ទាន់នៅពេលដែលមានអំណោយផល នៅពេលដែលមានការលំបាក»។—ធីម៉ូថេទី២ ៤:២

នៅឆ្នាំ១៩៤៨ បងណេថិន ន័រ និងបងមីលថុន ហេនសូល បានមកប្រទេសម៉ាឡាវី។ ទស្សនកិច្ចរបស់ពួកគាត់បានលើកទឹកចិត្ដខ្ញុំឲ្យបម្រើព្រះយេហូវ៉ាពេញពេល។ ក្រោយមកខ្ញុំបានជួបប្អូនស្រីរួមជំនឿដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះលីដាស៊ី ហើយនាងក៏មានគោលដៅបម្រើព្រះយេហូវ៉ាពេញពេលដូចខ្ញុំដែរ។ នាឆ្នាំ១៩៥០ យើងបានរៀបការជាមួយគ្នា ហើយនៅឆ្នាំ១៩៥៣ យើងមានកូនពីរនាក់។ ទោះជាយើងមានភារកិច្ចជាច្រើនក្នុងក្រុមគ្រួសារក៏ដោយ យើងទាំងពីរនាក់បានសម្រេចចិត្ដថាខ្ញុំនឹងចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយពេញពេលបាន។ ពីរឆ្នាំក្រោយមក ខ្ញុំបានត្រូវអញ្ជើញឲ្យបម្រើជាអ្នកត្រួសត្រាយពិសេស។

សន្និបាតបានពង្រឹងកម្លាំងយើង សម្រាប់ការបៀតបៀន នៅពេលអនាគត

មិនយូរក្រោយពីនោះ ខ្ញុំមានឯកសិទ្ធិធ្វើទស្សនកិច្ចនៅក្រុមជំនុំផ្សេងក្នុងនាមជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ ដោយសារលីដាស៊ីបានជួយខ្ញុំយ៉ាងច្រើន នោះខ្ញុំអាចបំពេញនូវអ្វីទាំងអស់ដែលក្រុមគ្រួសារយើងត្រូវការ ហើយខ្ញុំនៅតែចូលរួមក្នុងកិច្ចបម្រើពេញពេល។ * (សូមមើលកំណត់សម្គាល់) ក៏ប៉ុន្ដែ យើងទាំងពីរនាក់ចង់បម្រើព្រះយេហូវ៉ាពេញពេល។ ដូច្នេះ យើងបានរៀបចំគម្រោងយ៉ាងហ្មត់ចត់ ហើយកូនយើងក៏បានសហការជាមួយនឹងយើងដែរ។ ហេតុនេះ នៅឆ្នាំ១៩៦០ លីដាស៊ីអាចចាប់ផ្ដើមកិច្ចបម្រើពេញពេលបាន។

នៅឆ្នាំ១៩៦២ យើងបានចូលរួមសន្និបាតប្រចាំតំបន់ដែលមានប្រធានថា«អ្នកបម្រើដ៏ក្លាហាន»។ មួយឆ្នាំក្រោយមក បងហេនសូលបានមកធ្វើទស្សនកិច្ចនៅប្រទេសម៉ាឡាវីក្នុងអំឡុងមហាសន្និបាតពិសេសមួយ ជិតក្រុងប្លេនថាយអ៊ើរ។ នៅមហាសន្និបាតនោះមានអ្នកចូលរួមច្រើនជាង១០.០០០នាក់។ ពេលខ្ញុំគិតអំពីកម្មវិធីពិសេសនោះ ខ្ញុំយល់ថារបៀបដែលកម្មវិធីពិសេសទាំងនោះបានត្រូវរៀបចំឡើង គឺដើម្បីពង្រឹងកម្លាំងយើងទាំងអស់គ្នាក្នុងប្រទេសម៉ាឡាវីសម្រាប់គ្រាលំបាកដែលហៀបនឹងមកដល់។

ពេលដែលការលំបាកបានមកដល់

រដ្ឋាភិបាលបានដាក់បម្រាមលើកិច្ចការរបស់យើង ហើយបានកាន់កាប់អគារការិយាល័យសាខា

នៅឆ្នាំ១៩៦៤ សាក្សីព្រះយេហូវ៉ាបានត្រូវគេបៀតបៀន ដោយសារពួកគេមិនព្រមចូលរួមក្នុងសកម្មភាពខាងនយោបាយ។ ជាលទ្ធផល សាលប្រជុំជាង១០០ខ្នង និងផ្ទះជាង១.០០០ខ្នងរបស់បងប្អូនយើងបានត្រូវបំផ្លាញចោល។ លីដាស៊ីនិងខ្ញុំបន្ដធ្វើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌលរហូតដល់រដ្ឋាភិបាលបានដាក់បម្រាមលើកិច្ចផ្សព្វផ្សាយរបស់សាក្សីព្រះយេហូវ៉ានៅឆ្នាំ១៩៦៧។ រដ្ឋាភិបាលបានកាន់កាប់អគារការិយាល័យសាខា ហើយបង្ខំឲ្យសាសនទូតចាកចេញពីប្រទេសនោះ ព្រមទាំងចាប់សាក្សីព្រះយេហូវ៉ាជាច្រើននាក់ដាក់គុក ដែលរួមមានលីដាស៊ីនិងខ្ញុំដែរ។ ពេលគេដោះលែងយើងចេញពីគុកវិញ យើងបានបន្ដធ្វើកិច្ចការត្រួតពិនិត្យមណ្ឌលដោយប្រយ័ត្នប្រយែង។

នៅថ្ងៃមួយ ក្នុងខែតុលា ឆ្នាំ១៩៧២ សមាជិកជាច្រើនក្នុងក្រុមជ្រុលនិយមខាងនយោបាយដែលគេហៅថាសម្ព័ន្ធយុវជនម៉ាឡាវីបាននាំគ្នាសំដៅមកផ្ទះរបស់យើង។ ប៉ុន្ដែ សមាជិកម្នាក់ក្នុងក្រុមនោះបានរត់មកប្រាប់ខ្ញុំឲ្យទៅលាក់ខ្លួន ដោយសារពួកគេមានគម្រោងសម្លាប់ខ្ញុំ។ ឮដូច្នេះ ខ្ញុំក៏ប្រាប់ប្រពន្ធនិងកូនខ្ញុំឲ្យទៅលាក់ខ្លួននៅគុម្ពចេកដែលនៅក្បែរនោះ។ រួចមក ខ្ញុំក៏បានឡើងទៅពួនលើដើមស្វាយធំមួយ។ ខ្ញុំបានមើលពីលើដើមស្វាយនោះឃើញពួកគេកំពុងវាយបំផ្លាញផ្ទះនិងអីវ៉ាន់ទាំងអស់របស់យើង។

ដោយសារបងប្អូនយើងមិនចូលរួម ក្នុងរឿងនយោបាយ នោះគេបានដុតផ្ទះ របស់ពួកគាត់ចោល

ពេលដែលមានការបៀតបៀនកាន់តែច្រើនឡើង សាក្សីរាប់ពាន់នាក់បានចាកចេញពីប្រទេសម៉ាឡាវី។ យើងបានស្នាក់នៅក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសម៉ូសាំប៊ិចរហូតដល់ខែមិថុនា ឆ្នាំ១៩៧៤។ នៅពេលនោះ លីដាស៊ីនិងខ្ញុំបានត្រូវអញ្ជើញឲ្យបម្រើជាអ្នកត្រួសត្រាយពិសេសក្នុងក្រុងដូមវេ ដែលជាក្រុងតូចមួយនៅប្រទេសម៉ូសាំប៊ិច។ យើងបានបន្ដកិច្ចបម្រើនោះរហូតដល់ឆ្នាំ១៩៧៥ ពេលដែលគេបង្ខំយើងឲ្យចាកចេញពីប្រទេសម៉ូសាំប៊ិចទៅប្រទេសម៉ាឡាវីវិញ។ នៅប្រទេសម៉ាឡាវីសាក្សីព្រះយេហូវ៉ានៅតែត្រូវគេបៀតបៀន។

ក្រោយពីត្រឡប់មកប្រទេសម៉ាឡាវីវិញ ខ្ញុំបានត្រូវចាត់ឲ្យធ្វើទស្សនកិច្ចក្រុមជំនុំនានាក្នុងក្រុងលីឡងវេដែលជារដ្ឋធានីនៃប្រទេសនោះ។ ទោះជាមានការបៀតបៀន និងការពិបាកសព្វបែបយ៉ាងក្ដី ចំនួនក្រុមជំនុំបានកើនឡើងយ៉ាងច្រើនក្នុងមណ្ឌលដែលយើងកំពុងបម្រើ។

ការគាំទ្រដោយសេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ា

នៅថ្ងៃមួយ យើងបានទៅដល់ភូមិមួយដែលគេកំពុងធ្វើកិច្ចប្រជុំខាងនយោបាយ។ អ្នកខ្លះដែលនៅកិច្ចប្រជុំនោះបានដឹងថាយើងជាសាក្សីព្រះយេហូវ៉ា ដូច្នេះពួកគេក៏បានហៅយើងឲ្យអង្គុយជាមួយនឹងពួកអ្នកនយោបាយមួយក្រុមដែលគេហៅថាយុវជនឈានមុខម៉ាឡាវី។ នៅពេលនោះ យើងបានអធិដ្ឋានអង្វរសុំជំនួយនិងការណែនាំពីព្រះយេហូវ៉ា។ ពេលកិច្ចប្រជុំចប់ ពួកគេបានចាប់ផ្ដើមវាយយើង។ ភ្លាមនោះ ស្ដ្រីវ័យចាស់ម្នាក់បានរត់មក ហើយស្រែកឡើងថា«សូមកុំធ្វើបាបពួកគេ! បុរសនេះជាកូនប្រុសរបស់បងប្រុសខ្ញុំ។ សូមឲ្យគាត់បន្ដដំណើររបស់គាត់ទៅ!»។ អ្នកទទួលខុសត្រូវក្នុងកិច្ចប្រជុំនោះបានប្រាប់ថា«ឲ្យពួកគេទៅ!»។ យើងមិនដឹងមូលហេតុដែលស្ដ្រីនោះនិយាយដូច្នោះឡើយ ព្រោះយើងមិនមែនជាសាច់ញាតិរបស់គាត់ទេ។ យើងជឿថាព្រះយេហូវ៉ាច្បាស់ជាបានស្តាប់សេចក្ដីអធិដ្ឋានរបស់យើងមែន។

កាតគណបក្សនយោបាយ

នៅឆ្នាំ១៩៨១ យុវជនឈានមុខម៉ាឡាវីបានជួបយើងម្ដងទៀត។ លើកនេះពួកគេបានយកកង់ កាតាប និងសៀវភៅរបស់យើង ព្រមទាំងឯកសារសំខាន់ដែលមានព័ត៌មានអំពីបងប្អូនក្នុងមណ្ឌលនោះ។ យើងបានរត់គេចខ្លួនទៅផ្ទះរបស់អ្នកចាស់ទុំម្នាក់។ ទោះជាយ៉ាងនោះក្ដី យើងមានការព្រួយបារម្ភអំពីព័ត៌មានក្នុងឯកសារទាំងនោះ។ ពេលយុវជនឈានមុខម៉ាឡាវីបានមើលឯកសារទាំងនោះ ពួកគេបានឃើញសំបុត្រផ្សេងដែលបងប្អូននៅទូទាំងប្រទេសម៉ាឡាវីបានផ្ញើមកខ្ញុំ។ នេះបានធ្វើឲ្យពួកគេភិតភ័យ ដោយសារពួកគេគិតថាខ្ញុំជាមន្ដ្រីសំខាន់របស់រដ្ឋាភិបាល។ ដូច្នេះ ភ្លាមពួកគេបានបញ្ជូនឯកសារទាំងអស់នោះទៅឲ្យអ្នកចាស់ទុំក្នុងតំបន់នោះវិញ។

នៅពេលមួយទៀត យើងកំពុងជិះទូកឆ្លងទន្លេ។ ម្ចាស់ទូកនោះគឺជាអ្នកដឹកនាំខាងនយោបាយ។ ដូច្នេះ គាត់ចង់ឆែកមើលកាតគណបក្សនយោបាយរបស់មនុស្សទាំងអស់ដែលជិះទូកនោះ។ កាលដែលគាត់ដើរមកកាន់តែជិតយើង គាត់បានឃើញចោរម្នាក់ដែលប៉ូលិសកំពុងរកចាប់។ ហេតុការណ៍នេះបានបំបែរអារម្មណ៍មនុស្សទាំងអស់ ហើយម្ចាស់ទូកក៏ឈប់ឆែកមើលកាតគណបក្សទៀត។ ម្ដងនេះទៀត យើងដឹងថាព្រះយេហូវ៉ាបានគាំទ្រយើងដោយសេចក្ដីស្រឡាញ់។

ប៉ូលិសបានចាប់ខ្ញុំដាក់គុក

នៅខែកុម្ភៈ ឆ្នាំ១៩៨៤ ខ្ញុំកំពុងធ្វើដំណើរទៅក្រុងលីឡងវេដើម្បីប្រគល់របាយការណ៍ទៅការិយាល័យសាខានៅប្រទេសហ្សំប៊ី។ ពេលនោះមានប៉ូលិសម្នាក់បានឃាត់ខ្ញុំ ហើយឆែកឆេរកាតាបរបស់ខ្ញុំ។ គាត់បានរកឃើញសៀវភៅខ្លះដែលមានមូលដ្ឋានលើគម្ពីរ ដូច្នេះគាត់បានចាប់ខ្ញុំយកទៅប៉ុស្តិ៍ប៉ូលិស ហើយចាប់ផ្ដើមវាយខ្ញុំ។ រួចមក គាត់យកខ្សែពួរមកចងខ្ញុំ ហើយដាក់ខ្ញុំក្នុងបន្ទប់ជាមួយនឹងពួកអ្នកទោសដែលជាចោរ។

នៅថ្ងៃបន្ទាប់ មេប៉ូលិសបានដាក់ខ្ញុំក្នុងបន្ទប់មួយផ្សេងទៀត ហើយគាត់តម្រូវឲ្យខ្ញុំចុះហត្ថលេខាលើក្រដាសមួយដែលសរសេរថា«ខ្ញុំឈ្មោះត្រូភីម នឺសំបា ខ្ញុំឈប់ធ្វើជាសាក្សីព្រះយេហូវ៉ាទៀតហើយ ដើម្បីខ្ញុំអាចមានសេរីភាព»។ ខ្ញុំមិនព្រមចុះហត្ថលេខាលើក្រដាសនោះទេ។ ផ្ទុយទៅវិញ ខ្ញុំបានប្រាប់គាត់ថា«ខ្ញុំមិនគ្រាន់តែបានត្រៀមខ្លួនជាប់ចំណងប៉ុណ្ណោះទេ តែក៏បានត្រៀមខ្លួនដើម្បីស្លាប់ផងដែរ។ ខ្ញុំនៅតែជាសាក្សីព្រះយេហូវ៉ា»។ នេះធ្វើឲ្យមេប៉ូលិសនោះខឹង ហើយគាត់បានទះតុយ៉ាងខ្លាំងដល់ម៉្លេះបានជាប៉ូលិសដែលនៅបន្ទប់ក្បែរនោះរត់ចូលមកមើលថាមានអ្វីកើតឡើង។ មេប៉ូលិសនោះបានប្រាប់គាត់ថា«បុរសនេះមិនព្រមចុះហត្ថលេខាថាឈប់ធ្វើជាសាក្សីព្រះយេហូវ៉ាទេ។ ដូច្នេះ ចូរឲ្យគាត់ចុះហត្ថលេខាថាគាត់ជាសាក្សីព្រះយេហូវ៉ា ហើយយើងនឹងបញ្ជូនគាត់ទៅក្រុងលីឡងវេដើម្បីឲ្យគាត់ជាប់ចំណង»។ នៅគ្រាទាំងនោះ ប្រពន្ធខ្ញុំមិនបានដឹងថាខ្ញុំនៅណាទេ។ បួនថ្ងៃក្រោយមក បងប្អូនខ្លះអាចប្រាប់គាត់អំពីអ្វីដែលបានកើតឡើងចំពោះខ្ញុំ។

នៅប៉ុស្តិ៍ប៉ូលិសក្នុងក្រុងលីឡងវេ ពួកប៉ូលិសបានប្រព្រឹត្ដចំពោះខ្ញុំដោយចិត្ដសប្បុរស។ មេប៉ូលិសបាននិយាយថា«នេះបាយមួយចានសម្រាប់អ្នក ពីព្រោះអ្នកបានជាប់ចំណងដោយសារបណ្ដាំរបស់ព្រះ។ មនុស្សទៀតដែលនៅទីនេះជាចោរ»។ ក្រោយមកគាត់បានបញ្ជូនខ្ញុំទៅពន្ធនាគារកេជើរី។ ខ្ញុំជាប់គុកនៅទីនោះអស់រយៈពេលប្រាំខែ។

ប្រធានពន្ធនាគារនោះសប្បាយចិត្ដដែលគេបានបញ្ជូនខ្ញុំមកទីនេះ ដោយសារគាត់ចង់ឲ្យខ្ញុំធ្វើជា«គ្រូគង្វាល»នៅពន្ធនាគារនោះ។ គាត់បានដកគ្រូគង្វាលឥឡូវនេះចេញ ដោយប្រាប់គ្រូគង្វាលនោះថា«ខ្ញុំមិនត្រូវការឲ្យអ្នកបង្រៀនបណ្ដាំរបស់ព្រះនៅទីនេះទេ អ្នកជាប់គុកដោយសារអ្នកបានលួចពីវិហាររបស់អ្នក»។ ដូច្នេះ ជារៀងរាល់សប្ដាហ៍ខ្ញុំបានបង្រៀនគម្ពីរដល់ពួកអ្នកទោសនៅកិច្ចប្រជុំដែលបានត្រូវរៀបចំសម្រាប់ពួកគេ។

ក្រោយមកអ្វីកាន់តែអាក្រក់ទៅសម្រាប់ខ្ញុំ។ មន្ដ្រីពន្ធនាគារបានសួរខ្ញុំ ដោយសារពួកគេចង់ដឹងថាមានសាក្សីព្រះយេហូវ៉ាប៉ុន្មាននាក់នៅប្រទេសម៉ាឡាវី។ ខ្ញុំមិនបានប្រាប់ពួកគេតាមដែលពួកគេចង់ដឹងទេ ដូច្នេះពួកគេបានវាយខ្ញុំរហូតដល់ខ្ញុំសន្លប់។ នៅពេលមួយទៀត ពួកគេចង់ដឹងថាមន្ទីរចាត់ការពិភពលោករបស់យើងនៅណា។ ខ្ញុំបានប្រាប់ថា«លោកសួរសំណួរដែលស្រួលឆ្លើយ ចាំខ្ញុំប្រាប់លោក»។ ខ្ញុំបានប្រាប់ពួកគេថាមន្ទីរចាត់ការពិភពលោករបស់យើងបានត្រូវកត់ទុកក្នុងគម្ពីរ។ ពួកគេបានភ្ញាក់ផ្អើល ហើយសួរថា«នៅក្នុងគម្ពីរកន្លែងណា?»។

ខ្ញុំប្រាប់ថា«នៅអេសាយ ៤៣:១២»។ ពួកគេបើកមើលគម្ពីរនោះ ហើយអានដោយយកចិត្ដទុកដាក់ថា«‹ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយគឺអញនេះដែលជាព្រះ› នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា»។ ពួកគេអានគម្ពីរនោះបីដង រួចមកពួកគេសួរថា«ម៉េចបានជាមន្ទីរចាត់ការពិភពលោករបស់សាក្សីព្រះយេហូវ៉ានៅក្នុងគម្ពីរ មិនមែននៅប្រទេសអាម៉េរិក?»។ ខ្ញុំបានប្រាប់ពួកគេថា«សាក្សីព្រះយេហូវ៉ានៅប្រទេសអាម៉េរិកក៏យល់ដែរថាបទគម្ពីរនេះរៀបរាប់អំពីមន្ទីរចាត់ការពិភពលោករបស់ពួកគេ»។ ដោយសារខ្ញុំមិនបានប្រាប់ពួកគេដូចដែលពួកគេចង់ស្តាប់ នោះគេបានបញ្ជូនខ្ញុំទៅពន្ធនាគារឌឺស្លេកា ដែលស្ថិតនៅភាគខាងជើងនៃក្រុងលីឡងវេ។

យើងបានទទួលពរ សូម្បីតែនៅពេលដែលមានការលំបាកក៏ដោយ

ពេលខ្ញុំបានទៅដល់ពន្ធនាគារឌឺស្លេកានៅខែកក្កដា ឆ្នាំ១៩៨៤ មានសាក្សី៨១នាក់នៅទីនោះរួចហើយ។ គុកនោះមានអ្នកទោសច្រើនដល់ម៉្លេះបានជាពួកគេទាំង៣០០នាក់ត្រូវដេកប្រជ្រៀតគ្នានៅលើឥដ្ឋ។ នៅទីបំផុត ជារៀងរាល់ថ្ងៃសាក្សីទាំងអស់អាចប្រជុំគ្នាជាក្រុមតូចដើម្បីពិចារណាបទគម្ពីរមួយ ហើយនោះបានលើកទឹកចិត្ដយើងខ្លាំងណាស់។

ក្រោយពីបងប្អូនយើងបានត្រូវកាត់ទោស ប៉ូលិសនាំពួកគាត់ចេញ

នៅខែតុលា ឆ្នាំ១៩៨៤ យើងទាំងអស់គ្នាបានឡើងតុលាការ ហើយបានត្រូវកាត់ទោសឲ្យជាប់គុកពីរឆ្នាំ។ ដូចលើកមុន យើងបានត្រូវគេដាក់គុកមួយដែលគ្មានសាក្សីព្រះយេហូវ៉ាឡើយ។ ប៉ុន្ដែ ប្រធានពន្ធនាគារបានប្រាប់អ្នកយាមទាំងអស់ថា«សាក្សីព្រះយេហូវ៉ាមិនជក់បារីទេ។ ដូច្នេះ ពួកអ្នកយាមមិនចាំបាច់សុំបារីពីពួកគេទេ ហើយកុំប្រើពួកគេឲ្យរករងើកភ្លើងមកដុតកន្ទុយបារីរបស់អ្នករាល់គ្នាឡើយ។ ពួកគេគឺជារាស្ដ្ររបស់ព្រះ! សាក្សីព្រះយេហូវ៉ាទាំងអស់គួរតែបានទទួលអាហារពីរដងក្នុងមួយថ្ងៃ ពីព្រោះពួកគេនៅទីនេះមិនមែនដោយសារពួកគេបានប្រព្រឹត្ដបទឧក្រិដ្ឋទេ តែដោយសារជំនឿរបស់ពួកគេមានមូលដ្ឋានលើគម្ពីរ»។

យើងទទួលប្រយោជន៍ជាច្រើនទៀត ដោយសារការប្រព្រឹត្ដល្អរបស់យើង។ ពេលមេឃចាប់ផ្ដើមងងឹត ឬពេលមានភ្លៀង ពួកអ្នកយាមពន្ធនាគារមិនអនុញ្ញាតឲ្យអ្នកទោសចេញទៅក្រៅអគារទេ។ ប៉ុន្ដែ ពួកគេបានអនុញ្ញាតឲ្យយើងចេញពីអគារ ដោយសារពួកគេទុកចិត្ដយើង ហើយដឹងថាយើងនឹងមិនព្យាយាមរត់គេចនោះទេ។ ជាឧទាហរណ៍ មានពេលមួយយើងកំពុងធ្វើការនៅខាងក្រៅក្នុងវាល ហើយអ្នកយាមម្នាក់បានឈឺ។ ដូច្នេះ យើងបានគ្រាហ៍គាត់ត្រឡប់ទៅពន្ធនាគារវិញ។ ដោយសារយើងបានបន្ដប្រព្រឹត្ដល្អ នោះយើងអាចឃើញបុរសដែលយាមយើងបានសរសើរនាមព្រះយេហូវ៉ា * (សូមមើលកំណត់សម្គាល់)។—ពេត្រុសទី១ ២:១២

យើងមានពេលដែលមានអំណោយផលម្ដងទៀត

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៨៥ ខ្ញុំបានត្រូវដោះលែងចេញពីពន្ធនាគារឌឺស្លេកា ហើយខ្ញុំសប្បាយចិត្ដដែលបានមកជួបជុំក្រុមគ្រួសាររបស់ខ្ញុំវិញ! យើងអរគុណព្រះយេហូវ៉ាដែលលោកជួយយើងឲ្យរក្សាចិត្ដស្មោះគ្រប់លក្ខណៈចំពោះលោកក្នុងអំឡុងពេលដែលមានការលំបាកនោះ។ យើងមានអារម្មណ៍ដូចសាវ័កប៉ូលពេលគាត់បានសរសេរថា«បងប្អូនអើយ ព្រោះយើងចង់ឲ្យអ្នករាល់គ្នាដឹងអំពីសេចក្ដីវេទនាដែលយើងបានជួបប្រទះ . . . យើងគិតថាប្រហែលជានឹងបាត់បង់ជីវិត។ យើងមានអារម្មណ៍ថា យើងបានត្រូវកាត់ទោសដល់ជីវិត ដើម្បីឲ្យយើងទុកចិត្ដព្រះដែលប្រោសមនុស្សឲ្យរស់ពីស្លាប់ឡើងវិញ ជាជាងទុកចិត្ដខ្លួនយើង។ ដូច្នេះ លោកបានសង្គ្រោះយើងឲ្យរួចពីស្ថានភាពប្រកបដោយគ្រោះថ្នាក់ដល់ជីវិតពិតមែន»។—កូរិនថូសទី២ ១:៨-១០

បងនឺសំបានិងបងលីដាស៊ីប្រពន្ធរបស់គាត់ នៅខាងមុខសាលប្រជុំនាឆ្នាំ២០០៤

ជួនកាល តាមមើលទៅយើងនឹងមិនរួចជីវិតទេ។ ប៉ុន្ដែ យើងតែងតែសុំព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវចិត្ដក្លាហាន ប្រាជ្ញា និងចិត្ដរាបទាប ដើម្បីយើងអាចបន្ដនាំឲ្យនាមដ៏អស្ចារ្យរបស់លោកទទួលការសរសើរ។

ព្រះយេហូវ៉ាបានឲ្យពរដល់កិច្ចបម្រើរបស់យើងក្នុងអំឡុង«ពេលដែលមានអំណោយផល»និង«ពេលដែលមានការលំបាក»។ សព្វថ្ងៃនេះ យើងពិតជារំភើបចិត្ដដោយឃើញអគារការិយាល័យសាខាដ៏ថ្មីស្អាតនៅក្រុងលីឡងវេ និងសាលប្រជុំថ្មីជាង១.០០០ខ្នងនៅប្រទេសម៉ាឡាវី! ពរទាំងនេះដែលមកពីព្រះយេហូវ៉ាគឺអស្ចារ្យចំពោះលីដាស៊ីនិងខ្ញុំដល់ម៉្លេះបានជាពរទាំងនេះស្ទើរតែដូចជាសុបិនមួយ! * (សូមមើលកំណត់សម្គាល់)។

^ វគ្គ 6 បងប្អូនប្រុសដែលមានកូនតូចនៅក្នុងបន្ទុកមិនបានត្រូវអញ្ជើញឲ្យធ្វើកិច្ចការត្រួតពិនិត្យមណ្ឌលឡើយ។

^ វគ្គ 27 ដើម្បីបានព័ត៌មានថែមទៀតអំពីការបៀតបៀននៅប្រទេសម៉ាឡាវី សូមមើលសៀវភៅប្រចាំឆ្នាំរបស់សាក្សីព្រះយេហូវ៉ា ឆ្នាំ១៩៩៩ ទំព័រ១៧១-២២៣ ជាភាសាអង់គ្លេស។

^ វគ្គ 31 ក្នុងអំឡុងពេលរៀបចំអត្ថបទនេះ បងនឺសំបា បានស្លាប់ពេលដែលគាត់មានអាយុ៨៣ឆ្នាំ។