លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីការបណ្ដាច់មិត្ដភាពគឺជាការរៀបចំមួយដែលបង្ហាញនូវសេចក្ដីស្រឡាញ់?

ហេតុអ្វីការបណ្ដាច់មិត្ដភាពគឺជាការរៀបចំមួយដែលបង្ហាញនូវសេចក្ដីស្រឡាញ់?

បងហ៊ូលយ៉ាន់នឹកចាំអំពីអារម្មណ៍របស់គាត់ ពេលគាត់បានស្ដាប់សេចក្ដីជូនដំណឹងថាកូនប្រុសរបស់គាត់លែងធ្វើជាសាក្សីព្រះយេហូវ៉ាទៀត។ គាត់និយាយថា«អ្វីទាំងអស់ក្នុងជីវិតរបស់ខ្ញុំលែងដូចពីមុនទៀត។ គាត់គឺជាកូនច្បងរបស់ខ្ញុំ ហើយយើងជិតស្និទ្ធនឹងគ្នាណាស់ យើងធ្វើអ្វីជាច្រើនជាមួយគ្នា»។ បងហ៊ូលយ៉ាន់ប្រាប់ថាកូនប្រុសរបស់គាត់តែងតែមានការប្រព្រឹត្ដត្រឹមត្រូវ ប៉ុន្ដែក្រោយមកគាត់បានផ្លាស់ប្ដូរ ហើយចាប់ផ្ដើមធ្វើអ្វីដែលអាក្រក់។ ប្រពន្ធរបស់បងហ៊ូលយ៉ាន់យំម្ដងហើយម្ដងទៀត ហើយគាត់មិនដឹងថាសម្រាលទុក្ខនាងយ៉ាងដូចម្ដេចឡើយ។ បងហ៊ូលយ៉ាន់និយាយថា«យើងចេះតែឆ្ងល់ថាតើយើងបានអប់រំកូនល្អទេ?»។

តើមានមូលហេតុណាខ្លះក្នុងគម្ពីរដើម្បីបណ្ដាច់មិត្ដភាពបុគ្គលណាម្នាក់? ម្យ៉ាងទៀត ដោយសារការបណ្ដាច់មិត្ដភាពនាំឲ្យមានការឈឺចាប់យ៉ាងខ្លាំង ហេតុអ្វីយើងអាចនិយាយថាការបណ្ដាច់មិត្ដភាពគឺជាទង្វើដែលបង្ហាញនូវសេចក្ដីស្រឡាញ់?

មូលហេតុដែលបុគ្គលម្នាក់អាចត្រូវបណ្ដាច់មិត្ដភាព

បើអ្នកដែលបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ាម្នាក់បានប្រព្រឹត្ដអំពើខុសឆ្គងធ្ងន់ធ្ងរ ហើយមិនប្រែចិត្ដ នោះគាត់នឹងត្រូវបណ្ដាច់មិត្ដភាព។

ព្រះយេហូវ៉ាមិនតម្រូវឲ្យយើងល្អឥតខ្ចោះទេ ប៉ុន្ដែលោកតម្រូវឲ្យអ្នកបម្រើរបស់លោកធ្វើតាមច្បាប់របស់លោក ហើយរក្សាខ្លួនជាមនុស្សបរិសុទ្ធ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបង្គាប់អ្នកបម្រើរបស់លោកឲ្យជៀសវាងអំពើខុសឆ្គងធ្ងន់ធ្ងរ ដូចជាអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ការគោរពបូជារូបព្រះ ការលួច ការគំរាមយកទ្រព្យ ឃាតកម្ម និងការទាក់ទងនឹងពួកវិញ្ញាណអាក្រក់ជាដើម។—កូរិនថូសទី១ ៦:៩, ១០; ការបើកបង្ហាញ ២១:៨

អ្វីដែលព្រះយេហូវ៉ាតម្រូវពីយើងគឺសមហេតុសមផល ហើយក៏ការពារយើងដែរ។ ជាឧទាហរណ៍ យើងទាំងអស់គ្នាចង់រស់នៅក្នុងចំណោមមនុស្សដែលថ្លៃថ្នូរ ទៀងត្រង់ និងស្រឡាញ់សន្ដិភាព ហើយបងប្អូនរួមជំនឿរបស់យើងគឺជាមនុស្សដែលមានលក្ខណៈទាំងនោះ។ ហេតុអ្វីពួកគាត់មានលក្ខណៈទាំងនោះ? ដោយសារពួកគាត់បានប្រគល់ខ្លួនជូនព្រះយេហូវ៉ា ហើយសន្យាថានឹងរស់នៅស្របតាមអ្វីដែលលោកបានមានប្រសាសន៍ក្នុងគម្ពីរ។

ប៉ុន្ដែ ចុះយ៉ាងណាបើគ្រិស្ដសាសនិកដែលបានទទួលការជ្រមុជទឹកប្រព្រឹត្ដអំពើខុសឆ្គងធ្ងន់ធ្ងរដោយសារភាពទន់ខ្សោយរបស់មនុស្ស? នេះបានកើតឡើងចំពោះអ្នកបម្រើខ្លះរបស់ព្រះយេហូវ៉ានៅអតីតកាល ប៉ុន្ដែព្រះយេហូវ៉ាមិនបានបដិសេធពួកគេដាច់អហង្ការទេ។ ជាឧទាហរណ៍ ទោះជាស្ដេចដាវីឌបានប្រព្រឹត្ដអំពើផិតក្បត់ ហើយធ្វើឃាតមនុស្សក៏ដោយ អ្នកប្រកាសទំនាយណាថាន់បានប្រាប់ដាវីឌថាព្រះយេហូវ៉ាបានអភ័យទោសចំពោះការខុសឆ្គងរបស់គាត់។—សាំយូអែលទី២ ១២:១៣

ហេតុអ្វីព្រះយេហូវ៉ាបានអភ័យទោសឲ្យដាវីឌ? ពីព្រោះព្រះយេហូវ៉ាអាចឃើញថាដាវីឌពិតជាបានប្រែចិត្ដយ៉ាងស្មោះ។ (ទំនុកតម្កើង ៣២:១-) សព្វថ្ងៃនេះក៏ដូចគ្នាដែរ បុគ្គលដែលបានប្រព្រឹត្ដអំពើខុសឆ្គងនឹងត្រូវអភ័យទោសឲ្យ ប្រសិនបើគាត់ប្រែចិត្ដយ៉ាងស្មោះ ហើយឈប់ប្រព្រឹត្ដអ្វីដែលអាក្រក់ទៀត។ (សកម្មភាព ៣:១៩; ២៦:២០) បើពួកអ្នកចាស់ទុំនៃគណៈកម្មាធិការវិនិច្ឆ័យមិនយល់ឃើញថាបុគ្គលនោះប្រែចិត្ដយ៉ាងស្មោះទេ នោះគាត់ត្រូវបណ្ដាច់មិត្ដភាព។

បើសមាជិកក្នុងក្រុមគ្រួសារ ឬមិត្ដជិតស្និទ្ធរបស់អ្នកបានត្រូវបណ្ដាច់មិត្ដភាព អ្នកប្រហែលជាពិបាកទទួលយកការសម្រេចចិត្ដនោះ ហើយប្រហែលជាមានអារម្មណ៍ថានោះគឺតឹងតែងពេក។ ប៉ុន្ដែ បណ្ដាំរបស់ព្រះយេហូវ៉ាបង្ហាញយើងយ៉ាងច្បាស់ថាការបណ្ដាច់មិត្ដភាពគឺជាទង្វើដែលបង្ហាញនូវសេចក្ដីស្រឡាញ់។

ប្រយោជន៍ដែលមកពីការបណ្ដាច់មិត្ដភាព

លោកយេស៊ូបានមានប្រសាសន៍ថា«អំពើសុចរិតដែលមនុស្សម្នាក់ធ្វើ បង្ហាញថាអ្នកនោះមានប្រាជ្ញា»។ (ម៉ាថាយ ១១:១៩) ហេតុអ្វីការបណ្ដាច់មិត្ដភាពបុគ្គលណាម្នាក់ដែលមិនប្រែចិត្ដ គឺជាការសម្រេចចិត្ដដ៏ឈ្លាសវៃ? សូមឲ្យយើងពិចារណាអំពីមូលហេតុបីយ៉ាង។

ការបណ្ដាច់មិត្ដភាពគឺដើម្បីការពារកុំឲ្យគេបង្អាប់នាមព្រះយេហូវ៉ា។ ដោយសារយើងជាសាក្សីព្រះយេហូវ៉ា យើងបានត្រូវហៅដោយនាមរបស់លោក ហេតុនេះអ្វីដែលយើងធ្វើនឹងលើកកិត្ដិយសព្រះយេហូវ៉ា ឬក៏ធ្វើឲ្យលោកអាប់ឱនកិត្ដិយស។ (អេសាយ ៤៣:១០) ដូចការប្រព្រឹត្ដរបស់កូនអាចលើកកិត្ដិយស ឬធ្វើឲ្យឪពុកម្ដាយអាប់ឱនកិត្ដិយស នោះការប្រព្រឹត្ដរបស់អ្នកបម្រើព្រះយេហូវ៉ាក៏អាចលើកកិត្ដិយស ឬធ្វើឲ្យលោកអាប់ឱនកិត្ដិយសបានដែរ។ នៅសម័យអេសេគាល ពេលបណ្ដាជនអំពីជនជាតិយូដា ពួកគេនឹកឃើញដល់នាមព្រះយេហូវ៉ា។ (អេសេគាល ៣៦:១៩-២៣) ស្រដៀងគ្នាដែរសព្វថ្ងៃនេះ ពេលមនុស្សអំពីសាក្សីព្រះយេហូវ៉ា ពួកគេនឹកឃើញដល់នាមព្រះយេហូវ៉ា។ ដូច្នេះ បើយើងធ្វើតាមច្បាប់របស់ព្រះយេហូវ៉ា នោះយើងនឹងលើកកិត្ដិយសលោក។

សាវ័កពេត្រុសផ្ដល់ឱវាទដល់គ្រិស្ដសាសនិកថា«ក្នុងនាមជាកូនដែលស្ដាប់បង្គាប់ ចូរឈប់បណ្ដោយខ្លួនតាមសេចក្ដីប៉ងប្រាថ្នាដែលអ្នករាល់គ្នាធ្លាប់មានកាលនៅល្ងង់នៅឡើយ ប៉ុន្ដែចូរក្លាយទៅជាមនុស្សបរិសុទ្ធក្នុងការប្រព្រឹត្ដទាំងអស់ ដូចព្រះដ៏បរិសុទ្ធដែលបានហៅអ្នករាល់គ្នា ពីព្រោះបទគម្ពីរចែងថា៖ ‹អ្នករាល់គ្នាត្រូវតែបរិសុទ្ធ ពីព្រោះខ្ញុំបរិសុទ្ធ›»។ (ពេត្រុសទី១ ១:១៤-១៦) ជាឧទាហរណ៍ បើយើងប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ នោះយើងនឹងបង្អាប់នាមរបស់ព្រះ។ ប៉ុន្ដែ បើយើងរក្សាការប្រព្រឹត្ដឲ្យស្អាតស្អំ នោះយើងលើកកិត្ដិយសព្រះយេហូវ៉ា។

បើសាក្សីព្រះយេហូវ៉ាម្នាក់ប្រព្រឹត្ដអំពើអាក្រក់ នោះមនុស្សដែលស្គាល់គាត់នឹងប្រហែលជាដឹងអំពីអ្វីគាត់កំពុងធ្វើ។ ដូច្នេះ ពេលពួកគេថាគាត់លែងធ្វើជាសាក្សីព្រះយេហូវ៉ាទៀត នោះពួកគេនឹងទទួលស្គាល់ថារាស្ដ្ររបស់ព្រះយេហូវ៉ាធ្វើតាមអ្វីដែលគម្ពីរចែង ហើយរក្សាក្រុមជំនុំឲ្យស្អាតស្អំ។ ជាឧទាហរណ៍ បុរសម្នាក់បានចូលរួមកិច្ចប្រជុំនៅប្រទេសស្វីស ហើយបាននិយាយថាគាត់ចង់ធ្វើជាសមាជិកក្រុមជំនុំ។ បងប្អូនម្នាក់របស់គាត់បានត្រូវបណ្ដាច់មិត្ដភាព ដោយសារនាងបានប្រព្រឹត្ដអំពើប្រាសចាកសីលធម៌។ ដោយឃើញដូច្នេះបុរសនេះចង់ចូលរួមក្នុងអង្គការនេះដែល«មិនបណ្ដោយឲ្យមានការប្រព្រឹត្ដអាក្រក់»។

ការបណ្ដាច់មិត្ដភាពរក្សាក្រុមជំនុំគ្រិស្ដសាសនិកឲ្យស្អាតស្អំ។ សាវ័កប៉ូលបានព្រមានបងប្អូននៅក្រុងកូរិនថូសអំពីគ្រោះថ្នាក់ដែលមកពីការអនុញ្ញាតឲ្យអ្នកប្រព្រឹត្ដអំពើខុសឆ្គងដែលមិនប្រែចិត្ដនៅក្នុងក្រុមជំនុំ។ គាត់បានប្រៀបធៀបឥទ្ធិពលអាក្រក់ដែលមកពីអ្នកប្រព្រឹត្ដខុសឆ្គងទាំងនេះទៅនឹងដំបែដែលធ្វើឲ្យដុំម្សៅដោរឡើង។ ប៉ូលបាននិយាយថា«ដំបែតែបន្ដិចធ្វើឲ្យដុំម្សៅទាំងមូលដោរឡើង»។ ក្រោយមក គាត់បានផ្ដល់ឱវាទដល់ពួកគេថា«ចូរដកមនុស្សទុច្ចរិតចេញពីចំណោមអ្នករាល់គ្នា»។—កូរិនថូសទី១ ៥:៦, ១១-១៣

«មនុស្សទុច្ចរិត»នោះបានប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទដោយគ្មានការអៀនខ្មាសឡើយ។ អ្នកខ្លះក្នុងក្រុមជំនុំថែមទាំងបានចាប់ផ្ដើមដោះសាចំពោះការប្រព្រឹត្ដអាក្រក់របស់គាត់ទៀតផង។ (កូរិនថូសទី១ ៥:១, ២) ការធ្វើដូច្នេះនាំឲ្យមានគ្រោះថ្នាក់ ដោយសារគ្រិស្ដសាសនិកទៀតអាចទទួលឥទ្ធិពលពីរបៀបរស់នៅប្រាសចាកសីលធម៌ដែលមានជាទូទៅនៅក្រុងកូរិនថូស។ ស្រដៀងគ្នាដែរនៅសព្វថ្ងៃនេះ បើក្រុមជំនុំមិនអើពើនឹងការប្រព្រឹត្ដខុសឆ្គងធ្ងន់ធ្ងរទេ នោះបងប្អូនខ្លះអាចចាប់ផ្ដើមចាត់ទុកខ្នាតតម្រារបស់ព្រះយេហូវ៉ាថាមិនសំខាន់។ (សាស្ដា ៨:១១) ដូច«ផ្ទាំងថ្មនៅក្រោមផ្ទៃទឹក»អាចធ្វើឲ្យសំពៅលិច នោះអ្នកប្រព្រឹត្ដអំពើខុសឆ្គងដែលមិនប្រែចិត្ដអាចបំផ្លាញជំនឿរបស់បងប្អូនទៀតនៅក្នុងក្រុមជំនុំ។—យូដាស ៤, ១២

ការបណ្ដាច់មិត្ដភាពអាចជួយអ្នកប្រព្រឹត្ដអំពើខុសឆ្គងឲ្យទទួលស្គាល់ថាគាត់បានប្រព្រឹត្ដខុស។ លោកយេស៊ូបានលើកឧទាហរណ៍មួយអំពីបុរសវ័យក្មេងម្នាក់ដែលបានចាកចេញពីផ្ទះរបស់ឪពុកគាត់ ហើយបានចាយវាយមត៌កទាំងអស់របស់គាត់ដោយមានរបៀបរស់នៅដែលប្រាសចាកសីលធម៌។ នៅទីបំផុត បុរសវ័យក្មេងនោះបានទទួលស្គាល់ថាការរស់នៅដាច់ឆ្ងាយពីផ្ទះរបស់ឪពុកគាត់ធ្វើឲ្យជីវិតគាត់គ្មានន័យខ្លឹមសារសោះ។ ដូច្នេះ គាត់បានប្រែចិត្ដ ហើយបានសម្រេចចិត្ដត្រឡប់មកក្រុមគ្រួសាររបស់គាត់វិញ។ ឪពុករបស់គាត់សប្បាយចិត្ដណាស់ពេលឃើញកូនប្រុសរបស់គាត់បានកែប្រែចិត្ដគំនិតរបស់ខ្លួន ហើយគាត់បានទទួលស្វាគមន៍កូន ពេលកូនគាត់ត្រឡប់មកផ្ទះវិញ។ (លូកា ១៥:១១-២៤) ឧទាហរណ៍នេះជួយយើងឲ្យយល់អំពីអារម្មណ៍របស់ព្រះយេហូវ៉ាពេលបុគ្គលណាម្នាក់ប្រែចិត្ដ។ លោកមានប្រសាសន៍ថា«អញមិនរីករាយចំពោះសេចក្ដីស្លាប់របស់មនុស្សអាក្រក់ឡើយ គឺចូលចិត្ដឲ្យគេលះចោលផ្លូវរបស់ខ្លួន ហើយមានជីវិតរស់នៅវិញ»។—អេសេគាល ៣៣:១១

ក្រុមជំនុំគ្រិស្ដសាសនិកគឺជាក្រុមគ្រួសាររួមជំនឿរបស់យើង។ ពេលបុគ្គលណាម្នាក់បានត្រូវបណ្ដាច់មិត្ដភាព គាត់លែងធ្វើជាសមាជិកនៃក្រុមគ្រួសារនោះទៀត។ ក្រោយពីបានទទួលផលវិបាកពីការប្រព្រឹត្ដអាក្រក់របស់គាត់ គាត់ប្រហែលជាទទួលស្គាល់កំហុសរបស់គាត់ ហើយនឹកចាំថាគាត់មានសុភមង្គលច្រើនជាង ពេលគាត់មានចំណងមិត្ដភាពដ៏ល្អជាមួយនឹងព្រះយេហូវ៉ានិងក្រុមជំនុំ។ នេះប្រហែលជាលើកទឹកចិត្ដគាត់ឲ្យត្រឡប់មកក្រុមគ្រួសាររួមជំនឿវិញ។

ដើម្បីជួយបុគ្គលដែលបានត្រូវបណ្ដាច់មិត្ដភាពឲ្យត្រឡប់មកក្រុមជំនុំវិញ យើងត្រូវបង្ហាញសេចក្ដីស្រឡាញ់ដល់គាត់ដោយកាន់ជំហរមាំមួន។ ជាឧទាហរណ៍ សូមស្រមៃគិតថា អ្នកឡើងភ្នំពីរនាក់កំពុងរង់ចាំការសង្គ្រោះនៅថ្ងៃដ៏ត្រជាក់ខ្លាំងមួយនារដូវធ្លាក់ទឹកកក។ ដោយសារពេលនោះត្រជាក់ខ្លាំង អ្នកឡើងភ្នំម្នាក់ចាប់ផ្ដើមអស់កម្លាំងដល់ម៉្លេះបានជាគាត់ចង់ដេក។ ប៉ុន្ដែ បើគាត់ដេកលក់នៅលើទឹកកក នោះគាត់នឹងស្លាប់។ ដើម្បីជួយគាត់ឲ្យនៅភ្ញាក់ដឹងខ្លួន មិត្ដរបស់គាត់បានទះកំផ្លៀងគាត់។ ទោះជាការធ្វើដូច្នេះធ្វើឲ្យគាត់ឈឺក្ដី នេះអាចជួយសង្គ្រោះជីវិតរបស់គាត់បាន។ ដាវីឌបានបញ្ជាក់គំនិតស្រដៀងនេះ ពេលគាត់បាននិយាយថា«សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះ នោះនឹងបានជាគុណ[«សេចក្ដីស្រឡាញ់ដ៏ស្មោះ»]»។ (ទំនុកតម្កើង ១៤១:៥; ព.ថ.) ដាវីឌបានទទួលស្គាល់ថាទោះជាការប្រៀនប្រដៅធ្វើឲ្យឈឺចិត្ដក៏ដោយ នោះនឹងជួយគាត់។

ដូចការទះកំផ្លៀងនោះ ការបណ្ដាច់មិត្ដភាពគឺច្រើនតែជាអ្វីដែលបុគ្គលម្នាក់ត្រូវការដើម្បីត្រឡប់មកព្រះយេហូវ៉ាវិញ។ កូនប្រុសរបស់បងហ៊ូលយ៉ាន់ដែលបានរៀបរាប់នៅដើមអត្ថបទនេះ បានកែប្រែជីវិតរបស់គាត់ ហើយបានត្រឡប់មកក្រុមជំនុំវិញ១០ឆ្នាំក្រោយពីគាត់បានត្រូវបណ្ដាច់មិត្ដភាព។ ឥឡូវនេះគាត់គឺជាអ្នកចាស់ទុំ។ គាត់សារភាពថា«ការបណ្ដាច់មិត្ដភាពនាំឲ្យខ្ញុំទទួលផលដែលមកពីរបៀបរស់នៅរបស់ខ្ញុំ។ ខ្ញុំត្រូវការការប្រៀនប្រដៅបែបនោះ»។—ហេប្រឺ ១២:៧-១១

តើតាមរបៀបណាយើងអាចបង្ហាញថាយើងស្រឡាញ់អ្នកដែលបានត្រូវបណ្ដាច់មិត្ដភាព?

ពេលបុគ្គលណាម្នាក់បានត្រូវបណ្ដាច់មិត្ដភាព នោះគឺជារឿងដ៏គួរឲ្យខ្លោចផ្សាមួយ។ ប៉ុន្ដែ នេះមិនមានន័យថាគាត់មិនអាចត្រឡប់មកព្រះយេហូវ៉ាវិញបាននោះទេ។ គឺជាការសំខាន់ដែលយើងទាំងអស់គ្នាទុកឱកាសឲ្យការប្រៀនប្រដៅនោះមានប្រសិទ្ធភាព។ តើតាមរបៀបណាយើងអាចធ្វើដូច្នោះ?

អ្នកចាស់ទុំខំព្យាយាមជួយពួកអ្នកដែលបានប្រែចិត្ដឲ្យត្រឡប់មកព្រះយេហូវ៉ាវិញ

អ្នកចាស់ទុំព្យាយាមបង្ហាញសេចក្ដីស្រឡាញ់ដូចព្រះយេហូវ៉ាជានិច្ច ជាពិសេសពេលពួកគាត់ត្រូវប្រាប់បុគ្គលណាម្នាក់ថាគាត់លែងធ្វើជាសាក្សីព្រះយេហូវ៉ាទៀត។ ដោយចិត្ដស្លូតបូត ពួកគាត់ពន្យល់យ៉ាងច្បាស់អំពីអ្វីដែលបុគ្គលនោះត្រូវធ្វើដើម្បីត្រឡប់មកព្រះយេហូវ៉ាវិញ ហើយធ្វើជាសមាជិកក្រុមជំនុំម្ដងទៀត។ បើអ្នកណាដែលបានត្រូវបណ្ដាច់មិត្ដភាពបង្ហាញថាគាត់ចង់ត្រឡប់មកក្រុមជំនុំវិញ អ្នកចាស់ទុំអាចទៅជួបគាត់ម្ដងម្កាលដើម្បីរំលឹកគាត់អំពីអ្វីដែលគាត់អាចធ្វើដើម្បីត្រឡប់មកព្រះយេហូវ៉ាវិញ * (សូមមើលកំណត់សម្គាល់)។

សមាជិកក្រុមគ្រួសារបង្ហាញសេចក្ដីស្រឡាញ់ចំពោះក្រុមជំនុំនិងអ្នកដែលបានត្រូវបណ្ដាច់មិត្ដភាព ពេលពួកគេគាំទ្រការសម្រេចចិត្ដរបស់ពួកអ្នកចាស់ទុំ។ បងហ៊ូលយ៉ាន់ពន្យល់ថា«គាត់នៅតែជាកូនប្រុសរបស់ខ្ញុំ ប៉ុន្ដែរបៀបរស់នៅរបស់គាត់ជារបាំងរវាងយើងនិងគាត់»។

បងប្អូនទាំងអស់ក្នុងក្រុមជំនុំបង្ហាញសេចក្ដីស្រឡាញ់ដ៏ពិតចំពោះបុគ្គលដែលបានត្រូវបណ្ដាច់មិត្ដភាពដោយព្រមតាមការប្រៀនប្រដៅដែលព្រះយេហូវ៉ាបានឲ្យដល់បុគ្គលនោះតាមរយៈពួកអ្នកចាស់ទុំ។ នេះមានន័យថាពួកគាត់មិនគួរចំណាយពេលជាមួយនឹងបុគ្គលនោះ ឬក៏មិនទាំងនិយាយជាមួយនឹងគាត់នោះឡើយ។ (កូរិនថូសទី១ ៥:១១; យ៉ូហានទី២ ១០, ១១) ម្យ៉ាងទៀត ក្រុមជំនុំគួរតែផ្ដល់សេចក្ដីស្រឡាញ់និងការគាំទ្រលើសពីធម្មតាដល់ក្រុមគ្រួសាររបស់បុគ្គលដែលបានត្រូវបណ្ដាច់មិត្ដភាព ពីព្រោះនេះគឺជាពេលដ៏ពិបាកណាស់សម្រាប់ក្រុមគ្រួសាររបស់គាត់។ យើងមិនគួរធ្វើឲ្យពួកគេមានអារម្មណ៍ថាក្រុមជំនុំមិនរាប់អានពួកគេនោះទេ។—រ៉ូម ១២:១៣, ១៥

បងហ៊ូលយ៉ាន់និយាយថា«ការបណ្ដាច់មិត្ដភាពគឺជាការរៀបចំមួយដែលយើងត្រូវការ ហើយនោះជួយយើងឲ្យរស់នៅស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា។ ទោះជានេះធ្វើឲ្យឈឺចិត្ដ តែនៅទីបំផុត នោះនឹងនាំឲ្យមានលទ្ធផលដ៏ល្អ។ បើខ្ញុំបានបណ្ដោយឲ្យកូនប្រុសខ្ញុំប្រព្រឹត្ដអាក្រក់ នោះគាត់នឹងមិនបានត្រឡប់មកវិញឡើយ»។

^ វគ្គ 24 សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៧ ទំព័រ១៤ វគ្គ១២