លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

តើអ្នកណាជាកូកនៃស្រុកម៉ាកូកដែលបានត្រូវរៀបរាប់នៅសៀវភៅអេសេគាល?

អស់ជាច្រើនឆ្នាំ សៀវភៅរបស់យើងបានពន្យល់ថាឈ្មោះកូកនៃស្រុកម៉ាកូកសំដៅលើសាថានក្រោយពីវាបានត្រូវបោះទម្លាក់ពីស្ថានសួគ៌។ ហេតុអ្វីយើងបានគិតដូច្នោះ? ដោយសារសៀវភៅការបើកបង្ហាញបញ្ជាក់ថាសាថានជាអ្នកដឹកនាំការវាយប្រហាររាស្ដ្ររបស់ព្រះទូទាំងពិភពលោក។ (ការបើកបង្ហាញ ១២:១-១៧) ដូច្នេះ យើងបានយល់ថាកូកជាឈ្មោះមួយទៀតរបស់សាថាន។

ក៏ប៉ុន្ដែ ការពន្យល់នោះនាំឲ្យមានសំណួរដ៏សំខាន់ខ្លះ។ សូមពិចារណាអំពីរឿងនេះ: ពេលនិយាយអំពីការបំផ្លាញកូក ព្រះយេហូវ៉ាមានប្រសាសន៍ថាលោកនឹងឲ្យកូក«ដល់សត្វហើរផ្សេងដែលស៊ីគំរង់ ហើយដល់សត្វព្រៃឲ្យវាស៊ីទៅ»។ (អេសេគាល ៣៩:៤) រួចមក ព្រះយេហូវ៉ាបានប្រាប់ថែមទៀតថា«គ្រានោះ អញនឹងឲ្យកន្លែងដល់ពួកកុក[កូក] សំរាប់ជាទីកប់ខ្មោចនៅក្នុងស្រុកអ៊ីស្រាអែល»។ (អេសេគាល ៣៩:១១) ប៉ុន្ដែ តើតាមរបៀបណាសាថានដែលជាបុគ្គលវិញ្ញាណអាចត្រូវសត្វស្លាបនិងសត្វព្រៃស៊ី? តើគេអាចកប់វានៅផែនដីយ៉ាងដូចម្ដេចបាន? គម្ពីរបង្ហាញយ៉ាងច្បាស់ថា សាថាននឹងត្រូវបោះទៅក្នុងទីជ្រៅបំផុតអស់រយៈពេល១.០០០ឆ្នាំ។ ដូច្នេះ វានឹងមិនបានត្រូវសត្វស៊ី ឬកប់ឡើយ។—ការបើកបង្ហាញ ២០:១, ២

គម្ពីរចែងថា នៅដំណាច់១.០០០ឆ្នាំ សាថាននឹងត្រូវដោះលែងពីទីជ្រៅបំផុត ហើយ«វានឹងចេញទៅបំភាន់ប្រជាជាតិនានានៅជ្រុងទាំងបួននៃផែនដី គឺកូកនិងម៉ាកូក ដើម្បីប្រមូលពួកគេសម្រាប់សង្គ្រាម»។ (ការបើកបង្ហាញ ២០:៨) ប៉ុន្ដែ បើសាថានគឺជាកូក នេះមានន័យថាសាថាននឹងបំភាន់ខ្លួនឯង។ ហេតុនេះ «កូក»ដែលបានត្រូវរៀបរាប់ក្នុងសៀវភៅអេសេគាលនិងសៀវភៅការបើកបង្ហាញមិនបានសំដៅលើសាថានទេ។

ដូច្នេះ តើកូកនៃស្រុកម៉ាកូកជាអ្នកណា? ដើម្បីឆ្លើយសំណួរនោះ យើងត្រូវស្រាវជ្រាវគម្ពីរដើម្បីដឹងថាអ្នកណានឹងវាយប្រហាររាស្ដ្ររបស់ព្រះ។ គម្ពីរមិនគ្រាន់តែចែងអំពីការវាយប្រហារដោយ«កុកនៃស្រុកម៉ាកុក»ប៉ុណ្ណោះទេ តែក៏ចែងដែរអំពីការវាយប្រហារដោយ«ស្ដេចខាងជើង» និងការវាយប្រហារដោយ«ពួកស្ដេចនៅផែនដី»។ (អេសេគាល ៣៨:២, ១០-១៣; ដានីយ៉ែល ១១:៤០, ៤៤, ៤៥; ការបើកបង្ហាញ ១៧:១៤; ១៩:១៩) តើការវាយប្រហារទាំងនេះគឺជាការវាយប្រហារផ្សេងគ្នាទេ? ទំនងជាមិនផ្សេងគ្នាទេ។ តាមមើលទៅគម្ពីរប្រើឈ្មោះផ្សេងដើម្បីរៀបរាប់អំពីការវាយប្រហារតែមួយ។ ហេតុអ្វីយើងនិយាយដូច្នោះ? ពីព្រោះគម្ពីរប្រាប់យើងថាប្រជាជាតិទាំងឡាយនៅផែនដីនឹងចូលរួមក្នុងការវាយប្រហារចុងក្រោយដែលនាំឲ្យមានសង្គ្រាមហាម៉ាគេដូន។—ការបើកបង្ហាញ ១៦:១៤, ១៦

ពេលយើងប្រៀបធៀបបទគម្ពីរទាំងអស់នេះស្ដីអំពីការវាយប្រហារចុងក្រោយទៅលើរាស្ដ្ររបស់ព្រះ នោះឈ្មោះកូកនៃស្រុកម៉ាកូកច្បាស់ជាមិនមែនសំដៅលើសាថានទេ។ ផ្ទុយទៅវិញ កូកនៃស្រុកម៉ាកូកសំដៅលើប្រជាជាតិមួយចំនួនដែលចងសម្ព័ន្ធនឹងគ្នា។ តើ«ស្ដេចខាងជើង»នឹងដឹកនាំប្រជាជាតិទាំងនេះឬ? យើងមិនដឹងច្បាស់ទេ។ ប៉ុន្ដែ ការពន្យល់នេះមើលទៅសមស្របនឹងអ្វីដែលព្រះយេហូវ៉ាបានមានប្រសាសន៍អំពីកូកថា«ឯងនឹងចេញពីកន្លែងរបស់ឯង គឺពីស្រុកខាងជើងបំផុតមក មានទាំងសាសន៍ជាច្រើនមកជាមួយនឹងឯងផង ជាពួកកងយ៉ាងសន្ធឹក ហើយជាពលទ័ពខ្លាំងពូកែ ដែលសុទ្ធតែជិះសេះគ្រប់គ្នា»។—អេសេគាល ៣៨:៦, ១៥

ស្រដៀងគ្នាដែរ អ្នកប្រកាសទំនាយដានីយ៉ែលដែលរស់នៅសម័យអេសេគាល បាននិយាយអំពីស្ដេចខាងជើងថា«ដំណឹងដែលនឹងចេញពីស្រុកខាងកើត ហើយពីខាងជើង នឹងនាំឲ្យវាវិតក្កព្រួយ ដូច្នេះវានឹងចេញទៅដោយសេចក្ដីក្រេវក្រោធយ៉ាងខ្លាំងដើម្បីនឹងបំផ្លាញ ហើយរំលាងមនុស្សជាច្រើនបង់។ វានឹងដំឡើងអស់ទាំងពន្លានៃព្រះរាជស្ថាននៅជាកណ្ដាលសមុទ្រ ហើយនឹងភ្នំបរិសុទ្ធដ៏ឧត្ដម ប៉ុន្ដែវានឹងមកដល់ចុងបំផុតរបស់វា ឥតមានអ្នកណាជួយឡើយ»។ (ដានីយ៉ែល ១១:៤៤, ៤៥) ការរៀបរាប់នេះគឺស្រដៀងគ្នានឹងអ្វីដែលសៀវភៅអេសេគាលបានចែងស្ដីអំពីអ្វីដែលកូកនឹងធ្វើ។—អេសេគាល ៣៨:៨-១២, ១៦

តើអ្វីនឹងកើតឡើងក្រោយពីការវាយប្រហារចុងក្រោយ? ដានីយ៉ែលប្រាប់យើងថា«នៅគ្រានោះ មីកែល[លោកយេស៊ូគ្រិស្ដ] ជាមហាទេវតាដែលដំណាងពួកកូនចៅរបស់សាសន៍អ្នក[ចាប់តាំងពីឆ្នាំ១៩១៤] លោកនឹងឈរឡើង[នៅសង្គ្រាមហាម៉ាគេដូន] ក៏នឹងមានគ្រាវេទនាជាខ្លាំងដល់ម៉្លេះបានជាចាប់តាំងពីមាននគរដរាបដល់វេលានោះឯង នោះមិនដែលកើតមានយ៉ាងដូច្នោះឡើយ ហើយនៅគ្រានោះ សាសន៍អ្នកនឹងបានប្រោសឲ្យរួច គឺអស់អ្នកណាដែលមានកត់ទុកក្នុងបញ្ជី»។ (ដានីយ៉ែល ១២:១) ការរៀបរាប់ស្រដៀងគ្នានេះស្ដីអំពីអ្វីដែលលោកយេស៊ូនឹងធ្វើក៏បានត្រូវចែងដែរនៅក្នុងការបើកបង្ហាញ ១៩:១១-២១

ប៉ុន្ដែ តើអ្នកណាជា«កូកនិងម៉ាកូក»ដែលបានត្រូវរៀបរាប់នៅការបើកបង្ហាញ ២០:៨? ឈ្មោះនេះសំដៅលើអស់អ្នកដែលបះបោរប្រឆាំងព្រះយេហូវ៉ា ហើយវាយប្រហាររាស្ដ្ររបស់លោកក្នុងអំឡុងការសាកល្បងចុងក្រោយនៅដំណាច់១.០០០ឆ្នាំ។ ពួកគេនឹងស្អប់រាស្ដ្ររបស់ព្រះយេហូវ៉ាដូចប្រជាជាតិទាំងប៉ុន្មានដែលជាកូកនៃស្រុកម៉ាកូកដែលនឹងវាយប្រហាររាស្ដ្ររបស់ព្រះនៅចុងបញ្ចប់នៃគ្រាទុក្ខវេទនាជាខ្លាំង។ ដូចប្រជាជាតិទាំងប៉ុន្មានដែលនឹងត្រូវបំផ្លាញនៅហាម៉ាគេដូន នោះកូកនិងម៉ាកូកក៏នឹងត្រូវបំផ្លាញដែរ។ (ការបើកបង្ហាញ ១៩:២០, ២១; ២០:៩) ដូច្នេះ គឺហាក់ដូចជាសមត្រឹមត្រូវដែលពួកអ្នកបះបោរទាំងអស់នៅដំណាច់១.០០០ឆ្នាំបានត្រូវហៅថា«កូកនិងម៉ាកូក»។

ក្នុងនាមជាអ្នកសិក្សាគម្ពីរយ៉ាងយកចិត្ដទុកដាក់ នោះយើងចង់ដឹងយ៉ាងខ្លាំងថាអ្នកណានឹងក្លាយទៅជា«ស្ដេចខាងជើង»នាពេលឆាប់ខាងមុខនេះ។ ប៉ុន្ដែ ទោះជាអ្នកណាជាអ្នកដឹកនាំប្រជាជាតិទាំងនោះប្រឆាំងរាស្ដ្ររបស់ព្រះក៏ដោយ យើងជឿជាក់លើអ្វីពីរយ៉ាងគឺ: () កូកនៃស្រុកម៉ាកូកនិងកងទ័ពរបស់វានឹងបរាជ័យ ហើយនឹងត្រូវបំផ្លាញចោល។ () លោកយេស៊ូគ្រិស្ដដែលជាស្ដេចរបស់យើងនឹងសង្គ្រោះរាស្ដ្ររបស់ព្រះ ហើយនាំពួកគេចូលទៅក្នុងពិភពលោកថ្មីដែលមានសន្ដិភាពនិងសន្ដិសុខពិត។—ការបើកបង្ហាញ ៧:១៤-១៧