លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរយកតម្រាប់លោកដែលសន្យាអំពីជីវិតដែលគ្មានទីបញ្ចប់

ចូរយកតម្រាប់លោកដែលសន្យាអំពីជីវិតដែលគ្មានទីបញ្ចប់

«ចូរយកតម្រាប់តាមព្រះ ក្នុងនាមជាកូនជាទីស្រឡាញ់របស់លោក»។—អេភេសូរ ៥:១

. តើសមត្ថភាពអ្វីដែលជួយយើងឲ្យយកតម្រាប់ព្រះយេហូវ៉ា?

ព្រះយេហូវ៉ាបានបង្កើតយើងឲ្យចេះយល់អារម្មណ៍របស់អ្នកទៀត ទោះជាយើងមិនមានបញ្ហាដូចពួកគេក៏ដោយ។ (សូមអាន អេភេសូរ ៥:១, ២) តើតាមរបៀបណាសមត្ថភាពនេះជួយយើងឲ្យយកតម្រាប់ព្រះយេហូវ៉ា? ម្យ៉ាងទៀត ហេតុអ្វីយើងត្រូវប្រុងប្រយ័ត្នអំពីរបៀបដែលយើងប្រើសមត្ថភាពនេះ?

. ពេលយើងរងទុក្ខលំបាក តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណា?

ព្រះយេហូវ៉ាបានសន្យាចំពោះយើងថាលោកនឹងឲ្យយើងមានអនាគតដ៏អស្ចារ្យមួយដែលគ្មានទុក្ខលំបាក។ ទាំងអ្នករើសតាំងទាំង«ចៀមទៀត»អាចសង្ឃឹមទទួលជីវិតដែលគ្មានទីបញ្ចប់ ទោះជានៅស្ថានសួគ៌ ឬនៅផែនដីក្ដី។ (យ៉ូហាន ១០:១៦; ១៧:៣; កូរិនថូសទី១ ១៥:៥៣) ប៉ុន្ដែ ព្រះយេហូវ៉ាយល់អំពីការឈឺចាប់របស់យើង ពេលយើងជួបរឿងមិនល្អនៅសព្វថ្ងៃនេះ។ នៅអតីតកាល ព្រះយេហូវ៉ាឈឺចិត្ដពេលរាស្ដ្ររបស់លោករងទុក្ខនៅស្រុកអេស៊ីប។ គម្ពីរប្រាប់ថា«ទ្រង់ក៏រងទុក្ខដែរ»។ (អេសាយ ៦៣:៩) ក្រោយមក រាស្ដ្ររបស់លោកបានភ័យខ្លាចសត្រូវរបស់ពួកគេ ដោយសារសត្រូវទាំងនោះបានប្រឆាំងពួកគេក្នុងការសង់វិហារឡើងវិញ ប៉ុន្ដែព្រះយេហូវ៉ាយល់អារម្មណ៍របស់ពួកគេ។ លោកបានប្រាប់ពួកគេថា៖ ‹អ្នកណាប៉ះពាល់អ្នករាល់គ្នា ក៏ដូចជាប៉ះពាល់ប្រស្រីភ្នែករបស់ខ្ញុំដែរ›។ (សាការី ២:១២, ខ.ស. [សាការី ២:៨]) ដូចម្ដាយដែលស្រឡាញ់កូនរបស់ខ្លួន នោះព្រះយេហូវ៉ាក៏ស្រឡាញ់អ្នកបម្រើរបស់លោក ហើយចង់ជួយពួកគេដែរ។ (អេសាយ ៤៩:១៥) យើងអាចបង្ហាញសេចក្ដីស្រឡាញ់ដូចព្រះយេហូវ៉ា ពេលយើងព្យាយាមយល់អារម្មណ៍របស់អ្នកទៀតដោយស្រមៃគិតថាខ្លួនយើងស្ថិតក្នុងស្ថានភាពរបស់ពួកគេ។—ទំនុកតម្កើង ១០៣:១៣, ១៤

លោកយេស៊ូបានយកតម្រាប់ព្រះយេហូវ៉ា ដោយស្រឡាញ់មនុស្ស

. តើលោកយេស៊ូមានអារម្មណ៍យ៉ាងណាចំពោះមនុស្ស?

លោកយេស៊ូយល់អារម្មណ៍របស់មនុស្សពេលដែលពួកគេរងទុក្ខ ទោះជាលោកមិនដែលស្ថិតក្នុងស្ថានភាពដូចពួកគេក៏ដោយ។ ជាឧទាហរណ៍ លោកដឹងថាមនុស្សជាច្រើនមានជីវិតដ៏ពិបាក។ អ្នកដឹកនាំសាសនាបានកុហកពួកគេ ហើយបានបង្កើតច្បាប់ជាច្រើនដែលមិនមកពីព្រះទេ។ បណ្ដាជនខ្លាចអ្នកដឹកនាំសាសនាទាំងនោះ។ (ម៉ាថាយ ២៣:៤; ម៉ាកុស ៧:១-៥; យ៉ូហាន ៧:១៣) ទោះជាលោកយេស៊ូមិនដែលខ្លាចអ្នកដឹកនាំសាសនាទាំងនោះនិងមិនដែលជឿពាក្យកុហករបស់ពួកគេក៏ដោយ ក៏លោកអាចយល់អារម្មណ៍របស់បណ្ដាជនដែរ។ លោកយេស៊ូឈឺចិត្ដខ្លាំងណាស់ ពេលលោកឃើញអ្នកដឹកនាំសាសនាប្រព្រឹត្ដអាក្រក់ទៅលើបណ្ដាជន។ គ្មានអ្នកណាជួយពួកគេសោះ ពួកគេ«នៅរាត់រាយដូចសត្វចៀមដែលគ្មានគង្វាល»។ (ម៉ាថាយ ៩:៣៦) លោកយេស៊ូបានរៀនបង្ហាញសេចក្ដីស្រឡាញ់ «សេចក្ដីមេត្ដាករុណា ហើយនឹងសេចក្ដីអាណិតអាសូរ»ចំពោះមនុស្ស ពីបិតារបស់លោក។—ទំនុកតម្កើង ១០៣:៨

. ពេលលោកយេស៊ូឃើញមនុស្សរងទុក្ខ តើលោកបានធ្វើអ្វី?

ពេលលោកយេស៊ូឃើញមនុស្សរងទុក្ខ លោកបានជួយពួកគេ ដោយសារលោកស្រឡាញ់ពួកគេ។ លោកមានគុណសម្បត្ដិដូចបិតារបស់លោក។ ជាឧទាហរណ៍ មានពេលមួយក្រោយពីពួកសាវ័ករបស់លោកយេស៊ូបានធ្វើដំណើរយ៉ាងឆ្ងាយដើម្បីផ្សព្វផ្សាយ ពួកគាត់បានអស់កម្លាំង ហើយត្រូវការសម្រាកនៅកន្លែងដ៏ស្ងប់ស្ងាត់មួយ។ ប៉ុន្ដែ លោកយេស៊ូបានឃើញមនុស្សជាច្រើនកំពុងចាំលោក។ លោកយល់ថាពួកគេត្រូវការជំនួយពីលោក ហេតុនេះលោកបាន«ចាប់ផ្ដើមបង្រៀនពួកគេអ្វីជាច្រើន»។—ម៉ាកុស ៦:៣០, ៣១, ៣៤

ចូរមានសេចក្ដីស្រឡាញ់ដូចព្រះយេហូវ៉ា

៥, ៦. បើយើងចង់មានសេចក្ដីស្រឡាញ់ដូចព្រះយេហូវ៉ា តើយើងត្រូវធ្វើអ្វី? សូមលើកឧទាហរណ៍មួយ។ (សូមមើលរូបភាពនៅដើមអត្ថបទ)

បើយើងចង់មានសេចក្ដីស្រឡាញ់ដូចព្រះយេហូវ៉ា តើយើងត្រូវធ្វើអ្វី? សូមគិតអំពីស្ថានភាពនេះ មានប្អូនប្រុសវ័យក្មេងម្នាក់ឈ្មោះអាឡិន។ គាត់កំពុងគិតអំពីបងប្រុសវ័យចាស់ម្នាក់ដែលពិបាកដើរ ហើយភ្នែកមើលមិនសូវច្បាស់ទៀត។ ប្អូនអាឡិនចាំអំពីប្រសាសន៍របស់លោកយេស៊ូដែលថា«ចូរប្រព្រឹត្ដទៅលើអ្នកទៀត ដូចអ្នកចង់ឲ្យពួកគេប្រព្រឹត្ដមកលើអ្នក»។ (លូកា ៦:៣១) ដូច្នេះ ប្អូនអាឡិនបានសួរខ្លួនគាត់ថា ‹តើខ្ញុំចង់ឲ្យអ្នកទៀតប្រព្រឹត្ដយ៉ាងណាចំពោះខ្ញុំ?›។ គាត់ឆ្លើយថា ‹ខ្ញុំពិតជាចង់ឲ្យពួកគេលេងបាល់ជាមួយខ្ញុំណាស់!›។ ប៉ុន្ដែ បងប្រុសវ័យចាស់នេះមិនអាចរត់លេងបាល់បានទេ។ ដូច្នេះ អ្វីដែលប្អូនអាឡិនពិតជាត្រូវសួរខ្លួនគាត់គឺ ‹បើខ្ញុំជាបងប្រុសនោះ តើខ្ញុំនឹងចង់ឲ្យមនុស្សទៀតប្រព្រឹត្ដយ៉ាងណាចំពោះខ្ញុំ?›។

ទោះជាប្អូនអាឡិននៅក្មេងក៏ដោយ គាត់ព្យាយាមស្រមៃគិតអំពីអារម្មណ៍របស់គាត់ពេលដែលគាត់ចាស់ទៅ។ គាត់បានចំណាយពេលជាមួយបងប្រុសវ័យចាស់នោះ ហើយស្ដាប់ដោយយកចិត្ដទុកដាក់ពេលបងប្រុសនោះនិយាយ។ ក្រោយមក គាត់ចាប់ផ្ដើមដឹងថាបងប្រុសនោះពិបាកអានគម្ពីរនិងពិបាកដើរផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ ប្អូនអាឡិនស្គាល់របៀបដែលគាត់អាចជួយបងប្រុសនោះ ហើយចង់ខំប្រឹងអស់ពីសមត្ថភាពដើម្បីជួយបងប្រុសនោះ។ ពេលយើងយល់អារម្មណ៍របស់អ្នកទៀត ហើយបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកគេ នោះយើងនឹងមានគុណសម្បត្ដិដូចព្រះយេហូវ៉ា។—កូរិនថូសទី១ ១២:២៦

ចូរមានចិត្ដសប្បុរសដូចព្រះយេហូវ៉ា (សូមមើលវគ្គ)

. តើតាមរបៀបណាយើងអាចយល់អំពីអ្វីដែលបងប្អូនរបស់យើងកំពុងជួបប្រទះ?

យើងមិនតែងតែស្រួលយល់អំពីអ្វីដែលអ្នកទៀតកំពុងជួបប្រទះទេ ជាពិសេសបើយើងមិនស្ថិតនៅក្នុងស្ថានភាពរបស់ពួកគេ។ ជាឧទាហរណ៍ បងប្អូនជាច្រើនរងការឈឺចាប់ ដោយសារជំងឺ ដោយសាររបួស ឬដោយសារមានវ័យកាន់តែចាស់។ បងប្អូនខ្លះកំពុងមានទុក្ខលំបាកយ៉ាងខ្លាំង ដោយសារការធ្លាក់ទឹកចិត្ដ ការមានកង្វល់យ៉ាងខ្លាំង ឬដោយសារកាលពីមុនពួកគាត់បានត្រូវគេធ្វើបាប ឬបំពារបំពានលើរូបកាយ។ រីឯបងប្អូនខ្លះទៀតកំពុងចិញ្ចឹមអប់រំកូនតែម្នាក់ឯង ឬមានសមាជិកក្រុមគ្រួសារដែលមិនបម្រើព្រះយេហូវ៉ា។ មនុស្សគ្រប់រូបមានបញ្ហា ហើយបញ្ហាភាគច្រើនរបស់ពួកគេគឺខុសគ្នាពីបញ្ហារបស់យើង។ ប៉ុន្ដែ យើងចង់បង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកទៀត ហើយជួយពួកគេ។ ដូច្នេះ តើយើងអាចធ្វើអ្វី? មនុស្សម្នាក់ប្រហែលជាត្រូវការជំនួយខុសពីគ្នា។ ដូច្នេះ បើយើងស្ដាប់បុគ្គលណាម្នាក់យ៉ាងយកចិត្ដទុកដាក់ ហើយព្យាយាមយល់អារម្មណ៍របស់គាត់ នោះយើងនឹងដឹងអំពីរបៀបល្អបំផុតដើម្បីជួយគាត់។ ប្រហែលជាយើងអាចរំលឹកគាត់ថាព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះបញ្ហារបស់គាត់ ឬយើងអាចជួយគាត់តាមរបៀបផ្សេងៗ។ ពេលយើងធ្វើដូច្នេះ យើងយកតម្រាប់ព្រះយេហូវ៉ា។—សូមអាន រ៉ូម ១២:១៥; ពេត្រុសទី១ ៣:៨

ចូរមានចិត្ដសប្បុរសដូចព្រះយេហូវ៉ា

. តើអ្វីបានជួយលោកយេស៊ូឲ្យមានចិត្ដសប្បុរស?

ព្រះយេហូវ៉ាមានចិត្ដសប្បុរសចំពោះមនុស្សទាំងអស់។ (លូកា ៦:៣៥) លោកយេស៊ូក៏មានចិត្ដសប្បុរសដូចបិតារបស់លោកដែរ។ តើអ្វីបានជួយលោកយេស៊ូឲ្យមានចិត្ដសប្បុរសចំពោះមនុស្សកាលដែលលោកនៅផែនដី? មុននឹងលោកនិយាយ ឬធ្វើអ្វីមួយ លោកបានគិតអំពីពាក្យសម្ដី ឬការប្រព្រឹត្ដរបស់លោកថាអាចមានឥទ្ធិពលយ៉ាងណាទៅលើអារម្មណ៍របស់ពួកគេ។ ជាឧទាហរណ៍ ស្ដ្រីម្នាក់ដែលបានប្រព្រឹត្ដអំពើខុសឆ្គងជាច្រើនបានមកជួបលោកយេស៊ូ។ នាងបានយំសម្រក់ទឹកភ្នែកច្រើនដល់ម៉្លេះបានជាទឹកភ្នែករបស់នាងបានធ្លាក់ទៅលើជើងរបស់លោកយេស៊ូ។ លោកយេស៊ូអាចឃើញថានាងស្ដាយក្រោយយ៉ាងខ្លាំងចំពោះអ្វីដែលនាងធ្លាប់ធ្វើ ហើយឃើញថានាងបានប្រែចិត្ដ។ លោកបានទទួលស្គាល់ថាបើលោកប្រព្រឹត្ដមិនសប្បុរសចំពោះនាង នោះនាងនឹងកាន់តែពិបាកចិត្ដ។ ដូច្នេះ លោកបានសរសើរនាងចំពោះអ្វីដ៏ល្អដែលនាងបានធ្វើ ហើយបានអភ័យទោសឲ្យនាង។ លោកយេស៊ូក៏បានប្រើពាក្យសប្បុរសដែរ ពេលលោកមានប្រសាសន៍ទៅកាន់ផារិស៊ីម្នាក់ដែលមិនយល់ស្របនឹងអ្វីដែលលោកបានធ្វើចំពោះស្ដ្រីនេះ។—លូកា ៧:៣៦-៤៨

មុននឹងធ្វើការសម្រេចចិត្ដ យើងអាចស្រមៃគិតថា តើការសម្រេចចិត្ដនោះអាចមានឥទ្ធិពលយ៉ាងណាមកលើយើង ឬអ្នកទៀត?

. តើអ្វីអាចជួយយើងឲ្យបង្ហាញចិត្ដសប្បុរសដូចព្រះយេហូវ៉ា? សូមលើកឧទាហរណ៍មួយ។

តើតាមរបៀបណាយើងអាចមានចិត្ដសប្បុរសដូចព្រះយេហូវ៉ា? មុននឹងយើងនិយាយ ឬធ្វើអ្វីមួយ យើងត្រូវគិតទុកជាមុនដើម្បីយើងអាចប្រព្រឹត្ដដោយសុភាពចំពោះអ្នកទៀត ហើយមិនធ្វើឲ្យពួកគេឈឺចិត្ដ។ ប៉ូលបានសរសេរថាគ្រិស្ដសាសនិក«មិនចាំបាច់ឈ្លោះប្រកែកទេ តែត្រូវប្រព្រឹត្ដដោយសុភាពចំពោះមនុស្សទាំងអស់»។ (ធីម៉ូថេទី២ ២:២៤) ជាឧទាហរណ៍ សូមគិតអំពីរបៀបដែលអ្នកអាចបង្ហាញចិត្ដសប្បុរសពេលស្ថិតក្នុងស្ថានភាពទាំងនេះ: បើនិយោជករបស់អ្នកមិនចេះចាត់ចែងកិច្ចការ តើអ្នកនឹងធ្វើអ្វី? បើបងប្អូនម្នាក់មកចូលរួមកិច្ចប្រជុំក្រោយពីខានចូលរួមអស់ជាច្រើនខែមកហើយ តើអ្នកនឹងនិយាយអ្វីទៅគាត់? បើអ្នកកំពុងផ្សព្វផ្សាយ ហើយម្ចាស់ផ្ទះនិយាយថាគាត់រវល់ណាស់គ្មានពេលនិយាយជាមួយនឹងអ្នកទេ តើអ្នកអាចបង្ហាញចិត្ដសប្បុរសដល់គាត់យ៉ាងដូចម្ដេច? បើប្រពន្ធរបស់អ្នកសួរអ្នកអំពីមូលហេតុដែលអ្នកមិនបានប្រាប់នាងអំពីគម្រោងខ្លះដែលអ្នកបានធ្វើ តើអ្នកនឹងនិយាយទៅកាន់នាងដោយសប្បុរសទេ? យើងត្រូវស្រមៃគិតអំពីអារម្មណ៍របស់អ្នកទៀត ហើយស្រមៃគិតថាពាក្យសម្ដីរបស់យើងអាចមានឥទ្ធិពលយ៉ាងណាទៅលើពួកគេ។ ពេលយើងធ្វើដូច្នេះ យើងនឹងដឹងអំពីអ្វីដែលយើងគួរនិយាយនិងប្រព្រឹត្ដ ដើម្បីបង្ហាញចិត្ដសប្បុរសដូចព្រះយេហូវ៉ា។—សូមអាន សុភាសិត ១៥:២៨

ចូរមានគំនិតឈ្លាសវៃដូចព្រះយេហូវ៉ា

១០, ១១. តើតាមរបៀបណាយើងអាចមានគំនិតឈ្លាសវៃដូចព្រះយេហូវ៉ា? សូមលើកឧទាហរណ៍មួយ។

១០ ព្រះយេហូវ៉ាមានគំនិតឈ្លាសវៃអស្ចារ្យ ហើយលោកអាចជ្រាបអំពីអ្វីដែលនឹងកើតឡើងនៅអនាគត បើលោកចង់ដឹង។ ទោះជាយើងមិនដឹងអំពីអនាគតក៏ដោយ យើងក៏អាចមានគំនិតឈ្លាសវៃបានដែរ។ តើតាមរបៀបណា? មុននឹងធ្វើការសម្រេចចិត្ដ យើងអាចស្រមៃគិតថា តើការសម្រេចចិត្ដនោះអាចមានឥទ្ធិពលយ៉ាងណាមកលើយើង ឬអ្នកទៀត? យើងមិនគួរធ្វើដូចជនជាតិអ៊ីស្រាអែលទេ។ ពួកគេមិនបានគិតថាពួកគេនឹងទទួលលទ្ធផលយ៉ាងណាទេ បើពួកគេមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា។ ម្យ៉ាងទៀត ពួកគេមិនបានគិតអំពីចំណងមិត្ដភាពរបស់ពួកគេជាមួយនឹងលោក និងអ្វីទាំងអស់ដែលលោកបានធ្វើចំពោះពួកគេទេ។ ដោយសារម៉ូសេបានដឹងថាជនជាតិអ៊ីស្រាអែលមានចិត្ដគំនិតបែបនេះ នោះគាត់ដឹងថាក្រោយមកពួកគេនឹងធ្វើអ្វីដែលអាក្រក់។ ហេតុនេះហើយបានជាគាត់និយាយថា«ដ្បិតគេជាសាសន៍ដែលឥតមានសេចក្ដីដំបូន្មាន គេគ្មានយោបល់នៅក្នុងខ្លួនសោះ។ ឱបើគេមានប្រាជ្ញា ហើយបានយល់សេចក្ដីនេះ ឱបើគេនឹងពិចារណាពីចុងបំផុតរបស់គេទៅ»។—ចោទិយកថា ៣១:២៩, ៣០; ៣២:២៨, ២៩

១១ ជាឧទាហរណ៍ បើអ្នកកំពុងស្វែងយល់ចិត្ដអ្នកណាម្នាក់ដើម្បីរៀបការ សូមចាំថាពេលអ្នកចាប់ចិត្ដស្រឡាញ់បុគ្គលនោះ អ្នកនឹងពិបាកគ្រប់គ្រងអារម្មណ៍និងចំណង់ផ្លូវភេទរបស់អ្នក។ ដូច្នេះ ចូរមានគំនិតឈ្លាសវៃ ហើយកុំធ្វើអ្វីណាក៏ដោយដែលអាចបំផ្លាញចំណងមិត្ដភាពដ៏មានតម្លៃរវាងអ្នកនិងព្រះយេហូវ៉ា! ចូរស្ដាប់ដំបូន្មានដ៏ឈ្លាសវៃរបស់ព្រះយេហូវ៉ាដែលថា«មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញសេចក្ដីអាក្រក់មក ក៏ពួនខ្លួនទៅ តែមនុស្សខ្លៅល្ងង់គេចេះតែដើរទៅ ហើយត្រូវមានទុក្ខ»។—សុភាសិត ២២:៣

ចូរគ្រប់គ្រងគំនិតរបស់អ្នក

១២. តើតាមរបៀបណាអ្វីដែលយើងគិតអាចធ្វើឲ្យយើងអន្ដរាយ?

១២ មនុស្សដែលមានគំនិតឈ្លាសវៃចេះគ្រប់គ្រងគំនិតរបស់ខ្លួន។ គំនិតរបស់យើងអាចប្រៀបដូចជាភ្លើងដែលអាចជួយយើង ឬក៏អាចធ្វើឲ្យយើងអន្ដរាយបានដែរ។ ពេលយើងប្រើភ្លើងតាមរបៀបត្រឹមត្រូវ យើងអាចប្រើវាដើម្បីចម្អិនអាហារបាន។ ប៉ុន្ដែ បើយើងមិនប្រយ័ត្ន ភ្លើងអាចធ្វើឲ្យផ្ទះរបស់យើងឆេះ ហើយថែមទាំងអាចសម្លាប់យើងទៀតផង។ ចំពោះគំនិតរបស់យើងក៏ស្រដៀងគ្នាដែរ។ ពេលយើងគិតអំពីអ្វីដែលយើងបានរៀនពីព្រះយេហូវ៉ា នោះជាការល្អសម្រាប់យើង។ ប៉ុន្ដែ បើយើងចេះតែគិតអំពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ហើយស្រមៃគិតថាខ្លួនឯងកំពុងប្រព្រឹត្ដអំពើអាក្រក់ នោះយើងនឹងចង់ធ្វើអ្វីទាំងនោះកាន់តែខ្លាំងរហូតដល់យើងអាចប្រព្រឹត្ដអ្វីទាំងនោះមែន។ នោះអាចធ្វើឲ្យយើងបាត់បង់ចំណងមិត្ដភាពជាមួយនឹងព្រះយេហូវ៉ា។—សូមអាន យ៉ាកុប ១:១៤, ១៥

១៣. តើអេវ៉ាបានស្រមៃគិតអ្វីអំពីជីវិតរបស់នាង?

១៣ យើងអាចទាញមេរៀនពីគំរូរបស់ស្ដ្រីទី១គឺអេវ៉ា។ ព្រះយេហូវ៉ាបានបង្គាប់អាដាមនិងអេវ៉ាមិនឲ្យបរិភោគផ្លែពី«ដើមដឹងខុសត្រូវ»។ (លោកុប្បត្ដិ ២:១៦, ១៧) ប៉ុន្ដែ សាថានបានប្រាប់អេវ៉ាថា«អ្នកមិនស្លាប់ជាពិតមែនទេ។ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។ អេវ៉ាបានស្រមៃគិតអំពីជីវិតរបស់នាងថានឹងប្រសើរជាងយ៉ាងណាទៅ បើនាងអាចសម្រេចចិត្ដដោយខ្លួនឯងអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់។ នាងបន្ដគិតអំពីអ្វីទាំងនេះ ហើយ«ឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក»។ ក្រោយមក តើនាងបានធ្វើអ្វី? «នាងក៏យកផ្លែមកបរិភោគ ព្រមទាំងចែកឲ្យដល់ប្ដីដែរ គាត់ក៏បរិភោគតាម»។ (លោកុប្បត្ដិ ៣:១-) ជាលទ្ធផល ‹ភាពខុសឆ្គងបានចូលក្នុងពិភពលោក ហើយសេចក្ដីស្លាប់បានចូលតាមរយៈភាពខុសឆ្គង›។ (រ៉ូម ៥:១២) បើអេវ៉ាមិនបានបន្ដគិតអំពីអ្វីដែលមិនត្រឹមត្រូវ រឿងនោះមិនបានកើតឡើងទេ!

១៤. ស្ដីអំពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ តើគម្ពីរព្រមានយើងអំពីអ្វី?

១៤ ពិតមែនតែភាពខុសឆ្គងរបស់អេវ៉ាមិនជាប់ទាក់ទងនឹងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ប៉ុន្ដែគម្ពីរព្រមានយើងយ៉ាងច្បាស់ថាមិនត្រូវបន្ដស្រមៃគិតថាខ្លួនយើងកំពុងប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ឡើយ។ លោកយេស៊ូបានមានប្រសាសន៍ថា«អ្នកណាដែលសម្លឹងមើលស្រីរហូតដល់កើតមានចិត្ដស្រើបស្រាល អ្នកនោះបានផិតក្បត់ជាមួយនឹងនាងនៅក្នុងចិត្ដរួចហើយ»។ (ម៉ាថាយ ៥:២៨) ម្យ៉ាងទៀត ប៉ូលក៏បានព្រមានដែរថា«កុំមានគម្រោងដើម្បីបំពេញសេចក្ដីប៉ងប្រាថ្នាខុសឆ្គងឡើយ»។—រ៉ូម ១៣:១៤

១៥. តើយើងគួរផ្ដោតអារម្មណ៍ទៅលើទ្រព្យសម្បត្ដិបែបណា ហើយហេតុអ្វី?

១៥ គម្ពីរក៏ប្រាប់យើងដែរថាយើងគួរផ្ដោតអារម្មណ៍ទៅលើការបំពេញចិត្ដព្រះយេហូវ៉ា ហើយមិនបន្ដគិតអំពីការក្លាយទៅជាអ្នកមានឡើយ។ ទោះជាបុគ្គលម្នាក់ជាអ្នកមានក្ដី លុយមិនអាចការពារគាត់បានទេ។ (សុភាសិត ១៨:១១) ស្ដីអំពីរឿងនេះ លោកយេស៊ូបានមានប្រសាសន៍ថាបើមនុស្សម្នាក់ប្រមូលទ្រព្យសម្បត្ដិជាច្រើនទុកសម្រាប់ខ្លួន ប៉ុន្ដែមិនចាត់ទុកព្រះយេហូវ៉ាជាអាទិភាពក្នុងជីវិតរបស់គាត់ទេ បុគ្គលនោះជាមនុស្សដែលគ្មានគំនិតឈ្លាសវៃឡើយ។ ហេតុនេះគាត់«មិនមែនជាអ្នកមានចំពោះព្រះ»ទេ។ (លូកា ១២:១៦-២១) ពេលយើងប្រមូលទ្រព្យសម្បត្ដិទុក«នៅស្ថានសួគ៌» ដោយធ្វើអ្វីដែលបំពេញចិត្ដព្រះយេហូវ៉ា នោះយើងនឹងធ្វើឲ្យលោកសប្បាយរីករាយ ហើយយើងក៏សប្បាយរីករាយដែរ។ (ម៉ាថាយ ៦:២០; សុភាសិត ២៧:១១) ម្យ៉ាងទៀត ចំណងមិត្ដភាពដ៏ល្អជាមួយនឹងព្រះយេហូវ៉ាគឺមានតម្លៃជាងអ្វីទៀតទាំងអស់។

ចូរឈប់ខ្វល់ខ្វាយ

១៦. ពេលយើងមានកង្វល់ តើអ្វីអាចជួយយើងបាន?

១៦ បើយើងព្យាយាមធ្វើជាអ្នកមានក្នុងពិភពលោកនេះ នោះនឹងនាំឲ្យយើងមានកង្វល់ជាច្រើន។ (ម៉ាថាយ ៦:១៩) លោកយេស៊ូបានមានប្រសាសន៍ថាពួកអ្នកដែលតែងតែព្រួយបារម្ភអំពីលុយនឹងពិបាកបន្ដចាត់ទុករាជាណាចក្រព្រះជាអាទិភាពក្នុងជីវិតរបស់ពួកគេ។ (ម៉ាថាយ ១៣:១៨, ១៩, ២២) ម្យ៉ាងទៀត មនុស្សខ្លះព្រួយបារម្ភគ្រប់ពេលអំពីអ្វីមិនល្អដែលអាចកើតឡើងចំពោះពួកគេ។ ប៉ុន្ដែ បើយើងចេះតែព្រួយបារម្ភ នោះយើងប្រហែលជាធ្លាក់ខ្លួនឈឺ ឬថែមទាំងចាប់ផ្ដើមបាត់បង់ជំនឿទៅលើព្រះយេហូវ៉ាទៀតផង។ ផ្ទុយទៅវិញ យើងត្រូវទុកចិត្ដថាព្រះយេហូវ៉ានឹងជួយយើង។ គម្ពីរចែងថា«ការទុក្ខដែលគ្របសង្កត់ចិត្ដ នោះធ្វើឲ្យរួញថយចុះ តែពាក្យល្អម៉ាត់នឹងធ្វើឲ្យរីករាយឡើង»។ (សុភាសិត ១២:២៥) ដូច្នេះ បើអ្នកមានកង្វល់អំពីអ្វីមួយ សូមនិយាយជាមួយនឹងអ្នកណាម្នាក់ដែលបម្រើព្រះយេហូវ៉ានិងដែលស្គាល់អ្នកច្បាស់។ ជាឧទាហរណ៍ ឪពុក ម្ដាយ ប្ដី ប្រពន្ធ ឬមិត្ដដ៏ល្អរបស់អ្នកអាចលើកទឹកចិត្ដអ្នកឲ្យទុកចិត្ដទៅលើព្រះយេហូវ៉ា ហើយជួយអ្នកកុំឲ្យមានកង្វល់ច្រើនពេក។

ពេលអ្នកមានកង្វល់ សូមអធិដ្ឋានទៅព្រះយេហូវ៉ា ហើយគិតអំពីជំនួយផ្សេងដែលព្រះយេហូវ៉ាផ្ដល់ឲ្យអ្នក

១៧. ពេលយើងមានកង្វល់ តើព្រះយេហូវ៉ាអាចជួយយើងយ៉ាងដូចម្ដេច?

១៧ ព្រះយេហូវ៉ាយល់អារម្មណ៍របស់យើងច្បាស់ជាងអ្នកណាទាំងអស់ ហើយលោកអាចជួយយើងឲ្យមានអារម្មណ៍ស្ងប់ជាងពេលយើងមានកង្វល់។ ប៉ូលបានសរសេរថា«កុំខ្វល់ចិត្ដអំពីអ្វីឡើយ តែដោយអធិដ្ឋាន អង្វរសុំ ព្រមទាំងថ្លែងអំណរគុណ ចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់ ហើយសេចក្ដីសុខសាន្ដរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្ដនិងសមត្ថភាពរិះគិតរបស់អ្នករាល់គ្នា តាមរយៈគ្រិស្ដយេស៊ូ»។ (ភីលីព ៤:៦, ៧) ដូច្នេះ ពេលអ្នកមានកង្វល់ សូមគិតអំពីជំនួយផ្សេងដែលព្រះយេហូវ៉ាផ្ដល់ឲ្យអ្នកដើម្បីរក្សាចំណងមិត្ដភាពរវាងអ្នកនិងលោកឲ្យរឹងមាំ ដូចជាជំនួយតាមរយៈបងប្អូនរួមជំនឿ អ្នកចាស់ទុំ ខ្ញុំបម្រើដ៏ស្មោះត្រង់ ទេវតា និងលោកយេស៊ូជាដើម។

១៨. តើការចេះស្រមៃគិតអាចជួយយើងយ៉ាងដូចម្ដេច?

១៨ ដូចដែលយើងបានរៀនហើយ យើងយកតម្រាប់ព្រះយេហូវ៉ា ពេលយើងចេះយល់អារម្មណ៍របស់អ្នកទៀត។ (ធីម៉ូថេទី១ ១:១១; យ៉ូហានទី១ ៤:៨) យើងនឹងសប្បាយរីករាយ ពេលយើងបង្ហាញសេចក្ដីស្រឡាញ់និងចិត្ដសប្បុរសចំពោះអ្នកទៀត គិតពិចារណាអំពីលទ្ធផលនៃការប្រព្រឹត្ដរបស់យើង ហើយមិនខ្វល់ចិត្ដជាប់ជានិច្ច។ សូមឲ្យយើងស្រមៃគិតថាជីវិតរបស់យើងនឹងទៅជាយ៉ាងណាពេលនៅក្រោមការគ្រប់គ្រងរាជាណាចក្រ ហើយសូមខំប្រឹងអស់ពីសមត្ថភាពដើម្បីយកតម្រាប់ព្រះយេហូវ៉ា។—រ៉ូម ១២:១២