លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«អ្នករាល់គ្នាត្រូវចេះស៊ូទ្រាំ»

«អ្នករាល់គ្នាត្រូវចេះស៊ូទ្រាំ»

ពេលបងស្រីអានីតាបានទៅជាសាក្សីព្រះយេហូវ៉ាម្នាក់ ប្ដីរបស់នាងបានខឹងយ៉ាងខ្លាំង។ * (សូមមើលកំណត់សម្គាល់) គាត់បានព្យាយាមឃាត់នាងមិនឲ្យនាងទៅប្រជុំ ហើយបានបង្គាប់នាងមិនឲ្យនិយាយនាមរបស់ព្រះឡើយ។ គ្រាន់តែនាងនិយាយនាមព្រះយេហូវ៉ា នោះធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំង។

ម្យ៉ាងទៀត ប្ដីរបស់បងអានីតាមិនចង់ឲ្យនាងបង្រៀនកូនអំពីព្រះយេហូវ៉ា ឬយកពួកគេទៅកិច្ចប្រជុំទេ។ នេះគឺពិបាកណាស់សម្រាប់នាង ពីព្រោះនាងត្រូវព្យាយាមជួយកូនដោយមិនឲ្យប្ដីដឹង។

ដូចបទពិសោធន៍របស់បងអានីតា បុគ្គលក្នុងក្រុមគ្រួសាររបស់អ្នកប្រហែលជាព្យាយាមឃាត់អ្នកមិនឲ្យបម្រើព្រះយេហូវ៉ា ឬអ្នកប្រហែលជាស្ថិតក្នុងស្ថានភាពពិបាកផ្សេងទៀត។ ប្រហែលជាអ្នកឈឺអស់រយៈពេលយូរ។ ប្រហែលជាកូន ប្ដីប្រពន្ធរបស់អ្នកបានស្លាប់ ឬក៏ប្រហែលជាសមាជិកក្រុមគ្រួសារដែលអ្នកស្រឡាញ់បានចាកចេញពីព្រះយេហូវ៉ា។ ក្នុងករណីទាំងនេះ តើអ្នកអាចធ្វើអ្វីដើម្បីនៅស្មោះត្រង់នឹងព្រះយេហូវ៉ា?

សាវ័កប៉ូលបាននិយាយថា«អ្នករាល់គ្នាត្រូវចេះស៊ូទ្រាំ»។ (ហេប្រឺ ១០:៣៦) ដូច្នេះ តើអ្វីអាចជួយអ្នកចេះស៊ូទ្រាំ?

ចូរអធិដ្ឋានសុំព្រះយេហូវ៉ាជួយ

ពេលដែលអ្នករងទុក្ខ ចូរនឹកចាំថាអ្នកត្រូវពឹងព្រះយេហូវ៉ាឲ្យជួយអ្នកស៊ូទ្រាំ។ ចូរអធិដ្ឋានសុំលោកជួយអ្នក។ នេះជាអ្វីដែលបងស្រីអាណាបានធ្វើនៅពេលប្ដីរបស់នាងបានស្លាប់ភ្លាមៗ។ ពួកគាត់បានរៀបការអស់៣០ឆ្នាំ។ បងអាណានិយាយថា«នៅថ្ងៃនោះគាត់មិនបានត្រឡប់មកពីធ្វើការវិញទេ។ គាត់បានស្លាប់ពេលដែលគាត់មានអាយុតែ៥២ឆ្នាំប៉ុណ្ណោះ»។

ការងាររបស់បងអាណាធ្វើឲ្យនាងជាប់រវល់ ប៉ុន្ដែនេះមិនបានបំបាត់ការឈឺចាប់របស់នាងទេ។ តើនាងបានធ្វើអ្វី? នាងនិយាយថា«ខ្ញុំបានអធិដ្ឋានអស់ពីចិត្ដទៅព្រះយេហូវ៉ា ហើយបានអង្វរលោកឲ្យជួយខ្ញុំ»។ បងអាណាដឹងថាព្រះយេហូវ៉ាបានជួយនាង ពីព្រោះក្រោយពីនាងបានអធិដ្ឋាន នាងមានចិត្ដស្ងប់និងសេចក្ដីសុខសាន្ដ។ នាងនិយាយថា«ខ្ញុំជឿជាក់ថាព្រះយេហូវ៉ានឹងប្រោសប្ដីរបស់ខ្ញុំឲ្យរស់ឡើងវិញ»។—ភីលីព ៤:៦, ៧

ព្រះយេហូវ៉ាសន្យានឹងអ្នកបម្រើលោកថាលោកនឹងស្ដាប់សេចក្ដីអធិដ្ឋានរបស់ពួកគេ។ (ទំនុកតម្កើង ៦៥:២) ម្យ៉ាងទៀត លោកនឹងផ្ដល់ឲ្យពួកគេនូវអ្វីទាំងអស់ដែលពួកគេត្រូវការដើម្បីបន្ដបម្រើលោក។ ព្រះយេហូវ៉ានឹងជួយអ្នកឲ្យនៅស្មោះត្រង់នឹងលោកសូម្បីតែពេលអ្នកស្ថិតក្នុងស្ថានភាពពិបាកក៏ដោយ។

ចូរនៅជិតស្និទ្ធនឹងបងប្អូនរួមជំនឿ

មានវិធីមួយទៀតដែលព្រះយេហូវ៉ាប្រើដើម្បីជួយយើងស៊ូទ្រាំ។ លោកបានផ្ដល់ឲ្យយើងនូវបងប្អូនក្នុងក្រុមជំនុំ។ យើងអាចរៀនពីរបៀបដែលបងប្អូននៅក្រុងថែស្សាឡូនិចបានជួយគ្នាទៅវិញទៅមកនៅពេលពួកគេបានទទួលការបៀតបៀនយ៉ាងសាហាវ។ ជាពិសេសនៅគ្រានោះ ពួកគេត្រូវបន្ដលើកទឹកចិត្ដគ្នាទៅវិញទៅមក។ (ថែស្សាឡូនិចទី១ ២:១៤; ៥:១១) ពួកគេបានជួយបងប្អូនរួមជំនឿឲ្យនៅស្មោះត្រង់នឹងព្រះយេហូវ៉ាដោយប្រជុំគ្នានិងដោយធ្វើជាមិត្ដជិតស្និទ្ធនឹងគ្នា។ តើយើងអាចធ្វើអ្វីដើម្បីនៅស្មោះត្រង់ដូចពួកអ្នកនៅក្រុងថែស្សាឡូនិច?

ជាពិសេសនៅគ្រាដ៏ពិបាក យើងត្រូវមានមិត្ដជិតស្និទ្ធក្នុងក្រុមជំនុំ ហើយត្រូវលើកទឹកចិត្ដគ្នាទៅវិញទៅមក។ (រ៉ូម ១៤:១៩) សាវ័កប៉ូលបានរងទុក្ខដោយសារការបៀតបៀននិងបញ្ហាផ្សេងទៀត ប៉ុន្ដែព្រះយេហូវ៉ាបានផ្ដល់ឲ្យគាត់នូវកម្លាំងដែលគាត់ត្រូវការដើម្បីស៊ូទ្រាំ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានផ្ដល់ឲ្យប៉ូលនូវបងប្អូនរួមជំនឿដើម្បីលើកទឹកចិត្ដគាត់។ សាវ័កនេះបាននិយាយអំពីមិត្ដរបស់គាត់ថា«ពួកគាត់បានក្លាយទៅជាជំនួយរបស់ខ្ញុំនិងអ្នកពង្រឹងកម្លាំងខ្ញុំ»។ (កូឡុស ៤:១០, ១១) បងប្អូនទាំងនេះស្រឡាញ់ប៉ូល។ ដូច្នេះ ពេលគាត់ត្រូវការជំនួយ ពួកគេបានសម្រាលទុក្ខនិងលើកទឹកចិត្ដគាត់។ អ្នកប្រហែលជាអាចនឹកចាំអំពីពេលខ្លះដែលបងប្អូនក្នុងក្រុមជំនុំរបស់អ្នកបាននិយាយអ្វីធ្វើអ្វីដែលបានលើកទឹកចិត្ដអ្នក។

ចូរសុំពួកអ្នកចាស់ទុំឲ្យជួយអ្នក

ព្រះយេហូវ៉ាក៏បានផ្ដល់ឲ្យអ្នកនូវពួកអ្នកចាស់ទុំក្នុងក្រុមជំនុំដែរ។ បងប្រុសទាំងនេះអាចលើកទឹកចិត្ដអ្នក ហើយផ្ដល់ឲ្យអ្នកនូវឱវាទល្អពីគម្ពីរ។ ពួកគាត់គឺ«ដូចជាទីបាំងឲ្យរួចពីខ្យល់ នឹងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា ដូចផ្លូវទឹកហូរនៅទីហួតហែង ហើយដូចជាម្លប់នៃថ្មដាយ៉ាងធំនៅទីខ្សោះល្វើយ»។ (អេសាយ ៣២:២) យើងទទួលការសម្រាលទុក្ខដោយដឹងថាបងប្រុសទាំងនេះបានប្រុងប្រៀបជួយយើង។ ដូច្នេះ ក្នុងគ្រាដ៏ពិបាក សូមទៅជួបពួកអ្នកចាស់ទុំ។ ពួកគាត់អាចជួយអ្នកបន្ដបម្រើព្រះយេហូវ៉ា។

ពួកអ្នកចាស់ទុំមិនអាចដោះស្រាយបញ្ហាទាំងអស់របស់អ្នកបានទេ។ ពួកគាត់ក៏ជាមនុស្សមិនល្អឥតខ្ចោះដូចអ្នកដែរ។ (សកម្មភាព ១៤:១៥) ប៉ុន្ដែ អ្នកនឹងមានអារម្មណ៍ធូរស្រាលពេលដែលអ្នកទៅជួបអ្នកចាស់ទុំម្នាក់ ហើយគាត់អធិដ្ឋានទៅព្រះយេហូវ៉ាអំពីបញ្ហារបស់អ្នក។ (យ៉ាកុប ៥:១៤, ១៥) ជាឧទាហរណ៍ ពួកអ្នកចាស់ទុំបានលើកទឹកចិត្ដបងប្រុសម្នាក់នៅប្រទេសអ៊ីតាលីដែលបានរងទុក្ខអស់ជាច្រើនឆ្នាំដោយសារបញ្ហាសុខភាពធ្ងន់ធ្ងរ។ គាត់បាននិយាយថា«សេចក្ដីស្រឡាញ់និងការយកចិត្ដទុកដាក់របស់បងប្រុសទាំងនេះ ហើយការដែលពួកគាត់បានមកលេងខ្ញុំជារឿយៗ បានជួយខ្ញុំស៊ូទ្រាំ»។ បើអ្នកកំពុងរងទុក្ខ ព្រះយេហូវ៉ាចង់ឲ្យអ្នកសុំពួកអ្នកចាស់ទុំជួយអ្នក។

ចូរផ្ដោតអារម្មណ៍ទៅលើការបម្រើព្រះយេហូវ៉ា

ពេលយើងផ្ដោតអារម្មណ៍ទៅលើការបម្រើព្រះយេហូវ៉ា យើងនឹងឃើញរបៀបដែលព្រះយេហូវ៉ាជួយយើង។ នេះជាអ្វីដែលបងប្រុសចនបានធ្វើ។ ពេលគាត់មានអាយុ៣៩ឆ្នាំ គ្រូពេទ្យបានប្រាប់គាត់ថាគាត់មានជំងឺមហារីកម្យ៉ាងដែលកម្រមាន។ គាត់បានគិតថាគឺអយុត្ដិធម៌ដែលគាត់ឈឺខ្លាំងដូច្នេះ ជាពិសេសដោយសារគាត់នៅវ័យក្មេង។ ម្យ៉ាងទៀត បងចនបានបារម្ភអំពីប្រពន្ធរបស់គាត់និងកូនប្រុសដែលមានអាយុតែបីឆ្នាំប៉ុណ្ណោះ។ គាត់និយាយថា«ប្រពន្ធរបស់ខ្ញុំមិនគ្រាន់តែត្រូវមើលថែកូនតូចរបស់យើងប៉ុណ្ណោះទេ ប៉ុន្ដែនាងក៏ត្រូវថែរក្សាខ្ញុំ ហើយជួយខ្ញុំទៅជួបគ្រូពេទ្យផ្សេងដែរ»។ ការព្យាបាលដែលគាត់ទទួល បានធ្វើឲ្យគាត់អស់កម្លាំងយ៉ាងខ្លាំង ហើយធ្វើឲ្យគាត់មានបញ្ហាក្រពះ។ បញ្ហារបស់បងចនមិនមានត្រឹមតែប៉ុណ្ណឹងទេ នៅពេលដំណាលគ្នានោះគាត់បានថាឪពុករបស់គាត់ជិតស្លាប់ ហើយត្រូវការអ្នកថែរក្សាគាត់។

តើអ្វីបានជួយបងចននិងក្រុមគ្រួសាររបស់គាត់ក្នុងអំឡុងពេលដ៏ពិបាកនោះ? ទោះជាបងចនច្រើនតែអស់កម្លាំងក៏ដោយ គាត់បានចាត់ចែងឲ្យប្រាកដថាក្រុមគ្រួសាររបស់គាត់ផ្ដោតអារម្មណ៍ទៅលើការបម្រើព្រះយេហូវ៉ា។ គាត់បាននិយាយថា«យើងទៅកិច្ចប្រជុំទាំងអស់ ចូលរួមក្នុងកិច្ចបម្រើផ្សាយរាល់សប្ដាហ៍ ហើយបានគោរពប្រណិប័តន៍ជាក្រុមគ្រួសារជាទៀងទាត់ សូម្បីតែពេលនោះខ្ញុំមិនស្រួលខ្លួនក៏ដោយ»។ បងចនបានដឹងថាគឺសំខាន់ណាស់ដែលគាត់រក្សាចំណងមិត្ដភាពដ៏រឹងមាំជាមួយនឹងព្រះយេហូវ៉ា។ ទោះជាដំបូងគាត់តក់ស្លុត ហើយព្រួយបារម្ភក៏ដោយ មិនយូរក្រោយមកគាត់មានចិត្ដស្ងប់ជាង។ គាត់ដឹងថាព្រះយេហូវ៉ាស្រឡាញ់គាត់ ហើយលោកបានផ្ដល់កម្លាំងដែលគាត់ត្រូវការ។ ដូចគ្នាដែរ ព្រះយេហូវ៉ាអាចជួយអ្នកពេលអ្នកព្រួយបារម្ភភ័យខ្លាច។ បងចននិយាយថា«ព្រះយេហូវ៉ាអាចធ្វើឲ្យអ្នកមាំមួន ដូចលោកបានធ្វើចំពោះខ្ញុំ»។

ពេលអ្នករងទុក្ខ សូមចាំពាក្យរបស់ប៉ូលដែលថា«អ្នករាល់គ្នាត្រូវចេះស៊ូទ្រាំ»។ ចូរពឹងផ្អែកលើព្រះយេហូវ៉ាដោយអធិដ្ឋានទៅលោក។ ចូរនៅជិតស្និទ្ធនឹងបងប្អូននៅក្រុមជំនុំ ចូរសុំជំនួយពីពួកអ្នកចាស់ទុំ ហើយចូរបន្ដផ្ដោតអារម្មណ៍ទៅលើការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ លោកនឹងជួយអ្នកទោះជាអ្នកមានបញ្ហាណាក៏ដោយនៅពេលឥឡូវនេះ ឬនៅពេលអនាគត។

^ វគ្គ 2 ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។