លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូររស់នៅសមស្របតាមសេចក្ដីអធិដ្ឋានគំរូ ភាគទី២

ចូររស់នៅសមស្របតាមសេចក្ដីអធិដ្ឋានគំរូ ភាគទី២

«បិតារបស់អ្នករាល់គ្នាជ្រាបពីអ្វីដែលអ្នកត្រូវការ»។—ម៉ាថាយ ៦:៨

-. ហេតុអ្វីបងស្រីម្នាក់ជឿជាក់ថាព្រះយេហូវ៉ាដឹងអំពីអ្វីដែលគាត់ត្រូវការ?

ឡាណាដែលជាអ្នកត្រួសត្រាយពេញពេលម្នាក់មិនដែលភ្លេចអ្វីដែលបានកើតឡើងចំពោះគាត់ពេលគាត់បានទៅលេងប្រទេសអាល្លឺម៉ង់នៅឆ្នាំ២០១២ឡើយ។ គាត់ជឿជាក់ថាព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានពីររបស់គាត់។ កាលដែលគាត់នៅលើរថភ្លើងដែលកំពុងធ្វើដំណើរទៅអាកាសយានដ្ឋាន គាត់បានអធិដ្ឋានសុំព្រះយេហូវ៉ាជួយគាត់ឲ្យរកឃើញបុគ្គលម្នាក់ដើម្បីគាត់អាចផ្សព្វផ្សាយដល់បុគ្គលនោះ។ ពេលគាត់មកដល់អាកាសយានដ្ឋាន គាត់បានឃើញថាជើងហោះហើររបស់គាត់ត្រូវពន្យារពេលទៅថ្ងៃស្អែកវិញ។ បងឡាណាបានអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា ដោយសារគាត់នៅសល់លុយតែបន្ដិចបន្ដួច ហើយគាត់ត្រូវការកន្លែងមួយដើម្បីស្នាក់នៅយប់នោះ។

ពេលបងឡាណាបានបញ្ចប់សេចក្ដីអធិដ្ឋានរបស់គាត់ ស្រាប់តែគាត់បានមនុស្សម្នាក់និយាយថា«សួស្ដីឡាណា ហេតុអ្វីឡាណានៅទីនេះ?»។ អ្នកដែលនិយាយនោះគឺជាបុរសវ័យក្មេងម្នាក់ដែលធ្លាប់រៀននៅសាលាជាមួយគាត់។ ពេលនោះ បុរសនោះនៅជាមួយនឹងម្ដាយនិងជីដូនរបស់គាត់ដែលមកដើម្បីជូនដំណើរបុរសនោះដោយសារគាត់នឹងចាកចេញទៅប្រទេសអាហ្វ្រិកខាងត្បូង។ ពេលបងឡាណាបានប្រាប់ពួកគេអំពីស្ថានភាពរបស់គាត់ ម្ដាយនិងជីដូនរបស់បុរសនោះបានអញ្ជើញបងឡាណាឲ្យស្នាក់នៅផ្ទះរបស់ពួកគេ។ ពួកគេបានសួរសំណួរជាច្រើនដែលទាក់ទងនឹងជំនឿរបស់គាត់និងកិច្ចការជាអ្នកត្រួសត្រាយ។

នៅព្រឹកបន្ទាប់ ក្រោយពីបរិភោគអាហារពេលព្រឹក បងឡាណាបានឆ្លើយនឹងសំណួរថែមទៀតរបស់ពួកគេអំពីគម្ពីរ។ បងឡាណាបានសុំពួកគេនូវព័ត៌មានសម្រាប់ទាក់ទងដើម្បីឲ្យអ្នកណាម្នាក់អាចបន្ដឆ្លើយសំណួររបស់ពួកគេ។ បងឡាណាបានត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព ហើយគាត់នៅតែធ្វើជាអ្នកត្រួសត្រាយ។ គាត់ជឿជាក់ថាព្រះយេហូវ៉ាបានស្ដាប់សេចក្ដីអធិដ្ឋានរបស់គាត់ ដឹងអំពីអ្វីដែលគាត់ត្រូវការ ហើយបានជួយគាត់។—ទំនុកតម្កើង ៦៥:២

យើងមិនចាំបាច់បារម្ភអំពីសេចក្ដីត្រូវការនៅអនាគតឡើយ

. តើយើងនឹងពិភាក្សាសេចក្ដីត្រូវការអ្វីខ្លះ?

ពេលមានបញ្ហាកើតឡើងភ្លាមៗ យើងស្រួលអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា ហើយលោកសប្បាយចិត្ដស្ដាប់សេចក្ដីអធិដ្ឋានរបស់យើង។ (ទំនុកតម្កើង ៣៤:១៥; សុភាសិត ១៥:៨) ប៉ុន្ដែ សេចក្ដីអធិដ្ឋានគំរូរបស់លោកយេស៊ូបង្រៀនយើងថាមានសេចក្ដីត្រូវការផ្សេងដ៏សំខាន់ជាងដែលយើងត្រូវអធិដ្ឋានសុំ។ នៅអត្ថបទនេះ យើងនឹងពិភាក្សាអំពីរបៀបដែលសំណូមពរទាំងបួនចុងក្រោយនៃសេចក្ដីអធិដ្ឋានគំរូអាចជួយយើងឲ្យស្មោះត្រង់នឹងព្រះយេហូវ៉ា។—សូមអាន ម៉ាថាយ ៦:១១-១៣

«សូមផ្ដល់អាហារដែលយើងត្រូវការសម្រាប់ថ្ងៃនេះ»

៥, ៦. ហេតុអ្វីលោកយេស៊ូបង្រៀនយើងឲ្យអធិដ្ឋានសុំ«អាហារដែលយើងត្រូវការ» ទោះជាយើងមានអាហារបរិបូរក៏ដោយ?

លោកយេស៊ូបានបង្រៀនយើងឲ្យអធិដ្ឋានសុំ«អាហារដែលយើងត្រូវការ» មិនគ្រាន់តែ«អាហារដែលខ្ញុំត្រូវការ»ប៉ុណ្ណោះទេ។ នៅប្រទេសអាហ្វ្រិក បងប្រុសវីកទឺរដែលជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌលម្នាក់ពន្យល់ថា«ជារឿយៗ ខ្ញុំអរគុណព្រះយេហូវ៉ាយ៉ាងស្មោះដែលប្រពន្ធរបស់ខ្ញុំនិងខ្ញុំមិនចាំបាច់ព្រួយបារម្ភខ្លាំងអំពីម្ហូបអាហារ ហើយក៏មិនចាំបាច់បារម្ភអំពីអ្នកណានឹងបង់ថ្លៃជួលផ្ទះឲ្យយើងដែរ។ រាល់ថ្ងៃបងប្អូនរបស់យើងបង្ហាញសេចក្ដីសប្បុរសដោយថែរក្សាយើង។ ប៉ុន្ដែខ្ញុំក៏អធិដ្ឋានឲ្យពួកអ្នកដែលកំពុងជួយយើងដែរដើម្បីពួកគេអាចចិញ្ចឹមជីវិតបានទោះជាមានបញ្ហាសេដ្ឋកិច្ចក៏ដោយ»។

យើងប្រហែលជាមានអាហារបរិបូរ ប៉ុន្ដែបងប្អូនជាច្រើនរបស់យើងក្រីក្រ។ ម្យ៉ាងទៀត បងប្អូនខ្លះបានរងទុក្ខលំបាកដោយសារគ្រោះមហន្ដរាយផ្សេងៗ។ យើងមិនត្រឹមតែអាចអធិដ្ឋានឲ្យពួកគាត់ តែយើងក៏អាចធ្វើអ្វីមួយដើម្បីជួយពួកគាត់បានដែរ។ ជាឧទាហរណ៍ យើងអាចចែករំលែកអ្វីដែលយើងមានឲ្យពួកគាត់។ យើងក៏អាចដាក់វិភាគទានជាទៀងទាត់សម្រាប់កិច្ចការទូទាំងពិភពលោករបស់រាស្ដ្រព្រះយេហូវ៉ាដែរ។ យើងដឹងថាវិភាគទានរបស់យើងអាចជួយបងប្អូនរបស់យើងដែលត្រូវការជំនួយ។—យ៉ូហានទី១ ៣:១៧

. តើតាមរបៀបណាលោកយេស៊ូបានបង្រៀនថាយើងមិនគួរ«ខ្វល់ខ្វាយអំពីថ្ងៃស្អែកឲ្យសោះ»?

ក្រោយពីលោកយេស៊ូបានបង្រៀនសេចក្ដីអធិដ្ឋានគំរូ លោកបានបង្រៀនយើងមិនឲ្យផ្ដោតអារម្មណ៍ទៅលើវត្ថុទ្រព្យ។ លោកបានមានប្រសាសន៍ថា បើព្រះយេហូវ៉ាយកចិត្ដទុកដាក់នឹងផ្កាព្រៃ លោក«នឹងផ្ដល់សម្លៀកបំពាក់លើសជាងនោះទៅទៀតឲ្យអ្នករាល់គ្នា ដែលជាអ្នកមានជំនឿតិច មែនទេ? ដូច្នេះ កុំខ្វល់ខ្វាយឲ្យសោះថា៖ . . . ‹តើយើងនឹងបានអ្វីស្លៀកពាក់?›»។ ក្រោយមក លោកបានមានប្រសាសន៍ម្ដងទៀតថា«កុំខ្វល់ខ្វាយអំពីថ្ងៃស្អែកឲ្យសោះ»។ (ម៉ាថាយ ៦:៣០-៣៤) យើងមិនចាំបាច់បារម្ភអំពីសេចក្ដីត្រូវការនៅអនាគតឡើយ។ ផ្ទុយទៅវិញ យើងគួរស្កប់ចិត្ដនឹងអ្វីដែលយើងត្រូវការជាចាំបាច់ជារៀងរាល់ថ្ងៃ។ ជាឧទាហរណ៍ យើងអាចអធិដ្ឋានសុំកន្លែងដើម្បីរស់នៅ ការងារដើម្បីផ្គត់ផ្គង់គ្រួសាររបស់យើង និងប្រាជ្ញាដើម្បីធ្វើការសម្រេចចិត្ដត្រឹមត្រូវអំពីសុខភាពរបស់យើង។ ប៉ុន្ដែ មានអ្វីដែលសំខាន់ជាងនេះទៅទៀតដែលយើងត្រូវអធិដ្ឋានសុំ។

. តើពាក្យរបស់លោកយេស៊ូស្ដីអំពីអាហារប្រចាំថ្ងៃរបស់យើងធ្វើឲ្យយើងនឹកឃើញដល់អ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)

ពាក្យរបស់លោកយេស៊ូអំពីអាហារប្រចាំថ្ងៃរបស់យើង ធ្វើឲ្យយើងនឹកឃើញដល់ពាក្យមួយទៀតរបស់លោក ដែលថា«មនុស្សមិនត្រូវរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ តែដោយសារគ្រប់ទាំងប្រសាសន៍ដែលចេញពីមាត់ព្រះយេហូវ៉ាមក»។ (ម៉ាថាយ ៤:៤) ដូច្នេះ យើងគួរអធិដ្ឋានសុំឲ្យព្រះយេហូវ៉ាបន្ដបង្រៀនយើងនិងផ្ដល់ឲ្យយើងនូវអ្វីដែលយើងត្រូវការដើម្បីនៅជិតស្និទ្ធនឹងលោក។

«សូមអភ័យទោសចំពោះការខុសឆ្គងរបស់យើង»

. ហេតុអ្វីអំពើខុសឆ្គងរបស់យើងគឺប្រៀបដូចជាបំណុល?

លោកយេស៊ូបានមានប្រសាសន៍ថា«សូមអភ័យទោសចំពោះការខុសឆ្គងរបស់យើង[តាមកំណត់សម្គាល់ លុបបំណុលរបស់យើងចោល]»។ (ម៉ាថាយ ៦:១២; លូកា ១១:៤) អំពើខុសឆ្គងរបស់យើងគឺប្រៀបដូចជាបំណុល។ នៅឆ្នាំ១៩៥១ ទស្សនាវដ្ដីប៉មយាមបានពន្យល់ថា ពេលយើងប្រព្រឹត្ដអំពើខុសឆ្គង គឺប្រៀបដូចជាយើងជំពាក់បំណុលព្រះយេហូវ៉ា។ យើងត្រូវតែស្រឡាញ់ព្រះយេហូវ៉ា ហើយស្ដាប់បង្គាប់លោក។ ដូច្នេះ ពេលយើងប្រព្រឹត្ដអំពើខុសឆ្គងចំពោះព្រះ យើងមិនបានជូនលោកនូវអ្វីដែលយើងត្រូវជូនលោកឡើយ។ ទស្សនាវដ្ដីប៉មយាមនោះបានពន្យល់ថា បើព្រះយេហូវ៉ាចង់ធ្វើ លោកអាចឈប់រាប់យើងជាមិត្ដរបស់លោក ហើយបានបន្ថែមទៀតថា«កាលណាយើងប្រព្រឹត្ដអំពើខុសឆ្គង នោះយើងមិនបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះទេ»។—យ៉ូហានទី១ ៥:៣

ចូរអរគុណព្រះយេហូវ៉ាជានិច្ច ចំពោះថ្លៃលោះដែលជាអំណោយ ដ៏មានតម្លៃ

១០. ហេតុអ្វីព្រះយេហូវ៉ាអាចអភ័យទោសអំពើខុសឆ្គងរបស់យើង ហើយតើនេះធ្វើឲ្យយើងមានអារម្មណ៍យ៉ាងណា?

១០ យើងដឹងគុណព្រះយេហូវ៉ាណាស់ដែលលោកបានផ្ដល់គ្រឿងបូជាដែលជាថ្លៃលោះរបស់លោកយេស៊ូដើម្បីលោកអាចអភ័យទោសអំពើខុសឆ្គងរបស់យើង! ជារៀងរាល់ថ្ងៃ យើងត្រូវការការអភ័យទោសពីព្រះយេហូវ៉ា។ ជិត២.០០០ឆ្នាំមុន លោកយេស៊ូបានស្លាប់ដើម្បីយើង ប៉ុន្ដែសព្វថ្ងៃនេះ យើងនៅតែទទួលប្រយោជន៍ពីថ្លៃលោះនោះ។ យើងគួរអរគុណព្រះយេហូវ៉ាជានិច្ចចំពោះអំណោយដ៏មានតម្លៃនេះ។ គ្មានយើងណាម្នាក់អាចបង់ថ្លៃលោះដែលយើងត្រូវការដើម្បីរំដោះយើងពីភាពខុសឆ្គងនិងសេចក្ដីស្លាប់នោះទេ។ (សូមអាន ទំនុកតម្កើង ៤៩:៧-៩; ពេត្រុសទី១ ១:១៨, ១៩) ពាក្យក្នុងសេចក្ដីអធិដ្ឋានគំរូដែលថា«សូមអភ័យទោសចំពោះការខុសឆ្គងរបស់យើង»រំលឹកយើងថា ដូចយើងត្រូវការថ្លៃលោះ នោះបងប្អូនរបស់យើងក៏ត្រូវការថ្លៃលោះដែរ។ ព្រះយេហូវ៉ាក៏ចង់ឲ្យយើងគិតអំពីពួកគាត់និងអំពីចំណងមិត្ដភាពរបស់ពួកគាត់ជាមួយនឹងលោកដែរ។ នេះរួមបញ្ចូលការឆាប់អភ័យទោសឲ្យពួកគាត់ពេលពួកគាត់ប្រព្រឹត្ដអំពើខុសឆ្គងចំពោះយើង។ ធម្មតាអំពើខុសឆ្គងទាំងនោះគឺគ្រាន់តែជាកំហុសតូចតាចប៉ុណ្ណោះ ប៉ុន្ដែពេលយើងអភ័យទោសឲ្យបងប្អូនរបស់យើង យើងបង្ហាញថាយើងស្រឡាញ់ពួកគាត់។ យើងក៏បង្ហាញដែរថាយើងដឹងគុណព្រះយេហូវ៉ាដែលលោកអភ័យទោសឲ្យយើង។—កូឡុស ៣:១៣

១១. ហេតុអ្វីជាការសំខាន់ដែលយើងអភ័យទោសឲ្យអ្នកទៀត?

១១ ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ ជួនកាលយើងប្រហែលជាពិបាកអភ័យទោសឲ្យពួកអ្នកដែលធ្វើឲ្យយើងឈឺចិត្ដ។ (លេវីវិន័យ ១៩:១៨) បើយើងចាប់ផ្ដើមនិយាយអំពីអ្វីដែលពួកគាត់បានធ្វើចំពោះយើង បងប្អូនទៀតក្នុងក្រុមជំនុំប្រហែលជាកាន់ជើងយើង ហើយនេះនឹងប៉ះពាល់ដល់សាមគ្គីភាពរបស់ក្រុមជំនុំ។ បើយើងឲ្យស្ថានភាពនោះបន្ដកើតឡើង នោះបង្ហាញថាយើងមិនឲ្យតម្លៃចំពោះថ្លៃលោះដែលជាអំណោយពីព្រះ ហើយយើងនឹងមិនទទួលប្រយោជន៍ពីថ្លៃលោះនោះឡើយ។ (ម៉ាថាយ ១៨:៣៥) ពេលយើងមិនអភ័យទោសឲ្យអ្នកទៀត ព្រះយេហូវ៉ាក៏មិនអាចអភ័យទោសឲ្យយើងដែរ។ (សូមអាន ម៉ាថាយ ៦:១៤, ១៥) ម្យ៉ាងទៀត បើយើងចង់ឲ្យព្រះយេហូវ៉ាអភ័យទោសឲ្យយើង នោះយើងមិនត្រូវបន្ដធ្វើអ្វីដែលលោកស្អប់ឡើយ។—យ៉ូហានទី១ ៣:៤,

បើអ្នកចង់ឲ្យព្រះអភ័យទោសឲ្យអ្នក នោះអ្នកត្រូវអភ័យទោសឲ្យអ្នកទៀត (សូមមើលវគ្គ១១)

«សូមកុំឲ្យយើងចាញ់សេចក្ដីល្បួងឡើយ»

១២, ១៣. () តើអ្វីបានកើតឡើងចំពោះលោកយេស៊ូក្រោយពីលោកបានទទួលការជ្រមុជទឹក? () ហេតុអ្វីយើងមិនគួរបន្ទោសអ្នកទៀត បើយើងចុះចាញ់ការល្បួង? () តើលោកយេស៊ូបានបង្ហាញអ្វីពេលលោករក្សាភាពស្មោះត្រង់រហូតដល់ស្លាប់?

១២ ពាក្យនៃសេចក្ដីអធិដ្ឋានគំរូដែលថា«សូមកុំឲ្យយើងចាញ់សេចក្ដីល្បួងឡើយ»រំលឹកយើងអំពីអ្វីដែលបានកើតឡើងចំពោះលោកយេស៊ូមិនយូរក្រោយពីលោកបានទទួលការជ្រមុជទឹក។ សកម្មពលរបស់ព្រះបាននាំលោកទៅតំបន់ស្ងាត់ជ្រងំ «ហើយមេកំណាចបានល្បួងលោក»។ (ម៉ាថាយ ៤:១; ៦:១៣) ហេតុអ្វីព្រះយេហូវ៉ាអនុញ្ញាតឲ្យស្ថានភាពនោះកើតឡើង? ព្រះយេហូវ៉ាបានចាត់លោកយេស៊ូឲ្យមកផែនដីដើម្បីដោះស្រាយបញ្ហាដែលបណ្ដាលមកពីអាដាមនិងអេវ៉ាបានបដិសេធការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ ការបះបោររបស់ពួកគេបានលើកឡើងនូវសំណួរផ្សេងដែលត្រូវការពេលដើម្បីឆ្លើយ ជាឧទាហរណ៍ តើព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិឲ្យមានគុណវិបត្ដិណាមួយឬ? ពេលមានការល្បួងពី«មេកំណាច» តើមនុស្សល្អឥតខ្ចោះអាចនៅស្មោះត្រង់នឹងព្រះយេហូវ៉ាទេ? ប្រសិនបើមនុស្សធ្វើជាម្ចាស់លើខ្លួនឯងដោយគ្មានព្រះគ្រប់គ្រងលើពួកគេ តើនោះនឹងប្រសើរជាងទេ? (លោកុប្បត្ដិ ៣:៤, ៥) នៅអនាគត ពេលសំណួរទាំងអស់នេះនឹងត្រូវឆ្លើយដល់កម្រិតដែលព្រះយេហូវ៉ាពេញចិត្ដ បុគ្គលគ្រប់រូបដែលនៅស្ថានសួគ៌និងនៅផែនដីនឹងដឹងថារបៀបគ្រប់គ្រងរបស់ព្រះយេហូវ៉ាគឺល្អបំផុត។

យើងអាចនៅស្មោះត្រង់នឹងព្រះយេហូវ៉ាបាន សូម្បីតែស្ថិតក្នុងស្ថានភាពពិបាកយ៉ាងខ្លាំងក៏ដោយ

១៣ ព្រះយេហូវ៉ាគឺបរិសុទ្ធ ដូច្នេះលោកមិនដែលល្បួងអ្នកណាម្នាក់ដោយសេចក្ដីអាក្រក់ទេ។ ប៉ុន្ដែគឺសាថានទេដែលជា«មេល្បួង»។ (ម៉ាថាយ ៤:៣) សាថានព្យាយាមល្បួងយើងតាមរបៀបផ្សេងជាច្រើន។ ប៉ុន្ដែយើងមានជម្រើស។ យើងម្នាក់អាចសម្រេចចិត្ដថាតយុទ្ធនឹងការល្បួងក៏មិនតយុទ្ធ។ (សូមអាន យ៉ាកុប ១:១៣-១៥) ពេលសាថានល្បួងលោកយេស៊ូ ភ្លាមលោកបានបដិសេធវាដោយដកស្រង់ពាក្យពីបណ្ដាំរបស់ព្រះ។ លោកយេស៊ូបានស្មោះត្រង់នឹងព្រះ។ ទោះជាយ៉ាងនេះក៏ដោយ សាថានមិនបានឈប់ព្យាយាមនោះទេ។ វាបានរង់ចាំ«រហូតដល់មានឱកាសល្អមួយទៀត»ដើម្បីល្បួងលោកយេស៊ូ។ (លូកា ៤:១៣) ប៉ុន្ដែទោះជាសាថានបានធ្វើអ្វីក៏ដោយ លោកយេស៊ូបានស្ដាប់បង្គាប់ព្រះជាអ្នកគ្រប់គ្រងរបស់លោកជានិច្ច។ លោកបានបង្ហាញថាមនុស្សល្អឥតខ្ចោះអាចស្មោះត្រង់នឹងព្រះយេហូវ៉ាបាន សូម្បីតែស្ថិតក្នុងស្ថានភាពពិបាកយ៉ាងខ្លាំងក៏ដោយ។ ប៉ុន្ដែ សាថានព្យាយាមល្បួងអ្នកកាន់តាមលោកយេស៊ូរួមទាំងអ្នកដើម្បីមិនឲ្យស្ដាប់បង្គាប់ព្រះយេហូវ៉ា។

ព្រះយេហូវ៉ាមានទំនុកចិត្ដថាយើងអាចនៅស្មោះត្រង់នឹងលោកបាន ហើយលោកចង់ជួយយើង

១៤. តើយើងត្រូវធ្វើអ្វីដើម្បីតយុទ្ធនឹងសេចក្ដីល្បួង?

១៤ សំណួរដែលបានលើកឡើងអំពីការគ្រប់គ្រងរបស់ព្រះយេហូវ៉ានៅតែមិនទាន់ឆ្លើយនៅឡើយ។ ដូច្នេះរហូតមកដល់សព្វថ្ងៃនេះ ព្រះយេហូវ៉ាអនុញ្ញាតឲ្យសាថានល្បួងយើង។ ព្រះយេហូវ៉ាមិន«ឲ្យយើងចាញ់សេចក្ដីល្បួងឡើយ»។ តាមពិត លោកមានទំនុកចិត្ដថាយើងអាចនៅស្មោះត្រង់នឹងលោកបាន ហើយលោកចង់ជួយយើង។ ប៉ុន្ដែ លោកមិនដែលបង្ខំយើងឲ្យធ្វើអ្វីដែលត្រឹមត្រូវទេ។ លោកឲ្យយើងមានចិត្ដសេរី។ ដូច្នេះលោកអនុញ្ញាតឲ្យយើងសម្រេចចិត្ដដោយខ្លួនយើងថាយើងនឹងស្មោះត្រង់ចំពោះលោក ឬមិនស្មោះត្រង់។ ដើម្បីកុំឲ្យចុះចាញ់សេចក្ដីល្បួង យើងត្រូវធ្វើអ្វីពីរយ៉ាង គឺនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា ហើយបន្ដអធិដ្ឋានសុំជំនួយពីលោក។ តើព្រះយេហូវ៉ាធ្វើតាមសេចក្ដីអធិដ្ឋានរបស់យើងយ៉ាងដូចម្ដេចដើម្បីតយុទ្ធនឹងសេចក្ដីល្បួង?

ចូរនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា ហើយខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ (សូមមើលវគ្គ១៥)

១៥, ១៦. () តើយើងត្រូវតយុទ្ធនឹងសេចក្ដីល្បួងណាខ្លះ? () បើយើងចុះចាញ់សេចក្ដីល្បួង តើយើងគួរបន្ទោសអ្នកណា?

១៥ ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវសកម្មពលបរិសុទ្ធដ៏ខ្លាំងក្លារបស់លោកដើម្បីជួយយើងប្រយុទ្ធប្រឆាំងនឹងសេចក្ដីល្បួងរបស់សាថាន។ ព្រះយេហូវ៉ាក៏បានផ្ដល់ឲ្យយើងដែរនូវគម្ពីរនិងក្រុមជំនុំដើម្បីព្រមានយើងអំពីគ្រោះថ្នាក់ផ្សេងៗ។ ជាឧទាហរណ៍ លោកព្រមានយើងមិនឲ្យចំណាយពេលវេលា លុយ និងកម្លាំងច្រើនពេកទៅលើអ្វីដែលយើងមិនសូវត្រូវការ។ បងប្រុសអេស្ពិននិងបងស្រីយ៉ានណារស់នៅក្នុងប្រទេសអ្នកមាននៅទ្វីបអឺរ៉ុប។ អស់ជាច្រើនឆ្នាំ ពួកគាត់បានធ្វើជាអ្នកត្រួសត្រាយពេញពេលនៅប្រទេសនោះក្នុងតំបន់មួយដែលត្រូវការអ្នកផ្សព្វផ្សាយ។ ពេលពួកគាត់មានកូន ពួកគាត់បានឈប់ធ្វើជាអ្នកត្រួសត្រាយ ហើយឥឡូវពួកគាត់មានកូនពីរនាក់។ បងអេស្ពិននិយាយថា«ជាញឹកញាប់ យើងអធិដ្ឋានទៅព្រះយេហូវ៉ាសុំកុំឲ្យយើងធ្លាក់ចូលក្នុងសេចក្ដីល្បួង ដោយសារនៅឥឡូវនេះយើងមិនអាចចំណាយពេលច្រើនក្នុងកិច្ចការដែលទាក់ទងនឹងកិច្ចបម្រើព្រះដូចពីមុនបានឡើយ។ យើងសុំព្រះយេហូវ៉ាជួយយើងរក្សាជំនឿមាំមួននិងចិត្ដខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ»។

១៦ សេចក្ដីល្បួងមួយទៀតដែលយើងត្រូវតយុទ្ធនោះគឺការមើលរូបអាសអាភាស។ បើយើងចុះចាញ់សេចក្ដីល្បួងនេះ យើងមិនអាចបន្ទោសសាថានបានទេ។ ហេតុអ្វី? ដោយសារសាថាននិងពិភពលោករបស់វាមិនអាចបង្ខំយើងឲ្យធ្វើអ្វីដែលមិនត្រឹមត្រូវបានឡើយ។ មនុស្សខ្លះមើលរូបអាសអាភាសដោយសារពួកគេមិនបានបោះបង់ចោលគំនិតមិនត្រឹមត្រូវ។ ប៉ុន្ដែ បងប្អូនរបស់យើងជាច្រើននាក់បានតយុទ្ធនឹងសេចក្ដីល្បួងនេះ ហើយយើងក៏អាចធ្វើដូច្នេះដែរ។—កូរិនថូសទី១ ១០:១២, ១៣

«សូមសង្គ្រោះយើងឲ្យរួចពីមេកំណាច»

១៧. () តើតាមរបៀបណាយើងអាចបង្ហាញថាយើងចង់ឲ្យព្រះយេហូវ៉ា«សង្គ្រោះយើងឲ្យរួចពីមេកំណាច»? () ហេតុអ្វីមិនយូរទៀតយើងនឹងធូរស្រាលក្នុងចិត្ដ?

១៧ តើតាមរបៀបណាយើងអាចបង្ហាញថាយើងចង់ឲ្យព្រះយេហូវ៉ា«សង្គ្រោះយើងឲ្យរួចពីមេកំណាច»? គឺយើងមិនត្រូវ«រួមចំណែកក្នុងពិភពលោក» ហើយមិនត្រូវ«ស្រឡាញ់ពិភពលោកនេះ ឬអ្វីក្នុងពិភពលោកនេះឡើយ»។ (យ៉ូហាន ១៥:១៩; យ៉ូហានទី១ ២:១៥-១៧) យើងនឹងធូរស្រាលក្នុងចិត្ដណាស់ ពេលព្រះយេហូវ៉ាដកសាថានចេញ ហើយបំផ្លាញពិភពលោកដ៏អាក្រក់នេះ! ប៉ុន្ដែទម្រាំដល់ពេលនោះ យើងត្រូវចាំថាសាថាន«មានកំហឹងយ៉ាងខ្លាំង ដោយដឹងថាវាមានពេលតែបន្ដិចបន្ដួច»។ វានឹងធ្វើអ្វីគ្រប់បែបយ៉ាងដែលវាអាចធ្វើបានដើម្បីបញ្ឈប់យើងមិនឲ្យបម្រើព្រះយេហូវ៉ា។ ដូច្នេះ យើងត្រូវបន្ដអធិដ្ឋានសុំព្រះយេហូវ៉ាការពារយើងពីសាថាន។—ការបើកបង្ហាញ ១២:១២, ១៧

១៨. បើយើងចង់រួចជីវិតនៅទីបញ្ចប់នៃពិភពលោករបស់សាថាន តើយើងត្រូវធ្វើអ្វី?

១៨ តើអ្នកចង់រស់នៅក្នុងពិភពលោកដែលគ្មានសាថានទេ? បើដូច្នេះ ចូរបន្ដអធិដ្ឋានសុំរាជាណាចក្ររបស់ព្រះមកដល់ សុំឲ្យនាមរបស់លោកបានបរិសុទ្ធ ហើយសុំឲ្យគោលបំណងរបស់លោកបានសម្រេចនៅផែនដី។ ចូរពឹងលើព្រះយេហូវ៉ាជានិច្ចឲ្យលោកថែរក្សាអ្នក ហើយផ្ដល់ឲ្យអ្នកនូវអ្វីទាំងអស់ដែលអ្នកត្រូវការដើម្បីនៅស្មោះត្រង់នឹងលោក។ ចូរធ្វើអ្វីទាំងអស់ដែលអ្នកអាចធ្វើបានដើម្បីរស់នៅសមស្របតាមសេចក្ដីអធិដ្ឋានគំរូ។