លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គ្រិស្ដជាឫទ្ធានុភាពរបស់ព្រះ

គ្រិស្ដជាឫទ្ធានុភាពរបស់ព្រះ

«គ្រិស្ដជាឫទ្ធានុភាពរបស់ព្រះ»។—កូរិនថូសទី១ ១:២៤

. ហេតុអ្វីប៉ូលបាននិយាយថា«គ្រិស្ដជាឫទ្ធានុភាពរបស់ព្រះ»?

ព្រះយេហូវ៉ាបានបង្ហាញឫទ្ធានុភាពរបស់លោកតាមរយៈលោកយេស៊ូគ្រិស្ដ ហើយលោកយេស៊ូបានបង្ហាញឫទ្ធានុភាពនោះតាមរបៀបផ្សេងដ៏អស្ចារ្យ។ ពេលលោកយេស៊ូនៅផែនដី លោកបានធ្វើអព្ភូតហេតុ។ យើងអាចអានអំពីការអស្ចារ្យទាំងនោះខ្លះក្នុងគម្ពីរ ហើយការអស្ចារ្យទាំងនោះអាចពង្រឹងជំនឿរបស់យើង។ (ម៉ាថាយ ៩:៣៥; លូកា ៩:១១) ដោយសារព្រះយេហូវ៉ាបានផ្ដល់ឫទ្ធានុភាពខ្លាំងក្លាដល់លោកយេស៊ូ នោះសាវ័កប៉ូលអាចនិយាយថា«គ្រិស្ដជាឫទ្ធានុភាពរបស់ព្រះ»។ (កូរិនថូសទី១ ១:២៤) ប៉ុន្ដែ តើការអស្ចារ្យរបស់លោកយេស៊ូមានឥទ្ធិពលយ៉ាងណាលើយើង?

. តើយើងអាចរៀនអ្វីពីការអស្ចារ្យរបស់លោកយេស៊ូ?

សាវ័កពេត្រុសបាននិយាយថាលោកយេស៊ូបានធ្វើ«ការដ៏គួរឲ្យកោតស្ងើច»ការអស្ចារ្យ។ (សកម្មភាព ២:២២) តើការអស្ចារ្យទាំងនេះបង្រៀនយើងអំពីអ្វី? ការអស្ចារ្យទាំងនេះបង្រៀនយើងអំពីអ្វីដែលលោកយេស៊ូនឹងធ្វើក្នុងអំឡុងការគ្រប់គ្រង១.០០០ឆ្នាំរបស់លោក។ នៅគ្រានោះ លោកនឹងធ្វើអព្ភូតហេតុអស្ចារ្យជាងអព្ភូតហេតុដែលលោកបានធ្វើពេលលោកនៅផែនដី ហើយការអស្ចារ្យទាំងនោះនឹងផ្ដល់ប្រយោជន៍ដល់មនុស្សទាំងអស់នៅផែនដី។ ការអស្ចារ្យរបស់លោកក៏ជួយយើងឲ្យយល់យ៉ាងច្រើនអំពីគុណសម្បត្ដិរបស់លោកនិងរបស់បិតាលោក។ ក្នុងអត្ថបទនេះ យើងនឹងពិភាក្សាអំពីការអស្ចារ្យបីរបស់លោកយេស៊ូ ហើយយើងនឹងរៀនអំពីរបៀបដែលការអស្ចារ្យទាំងនោះអាចមានឥទ្ធិពលលើយើងសព្វថ្ងៃនេះនិងនៅពេលអនាគត។

ការអស្ចារ្យមួយដែលបង្រៀនយើងអំពីចិត្ដទូលាយ

. () ហេតុអ្វីលោកយេស៊ូបានធ្វើអព្ភូតហេតុទី១របស់លោក? () នៅភូមិកាណា តើលោកយេស៊ូបានបង្ហាញចិត្ដទូលាយយ៉ាងដូចម្ដេច?

លោកយេស៊ូបានធ្វើអព្ភូតហេតុទី១របស់លោកនៅពិធីមង្គលការនាភូមិកាណា។ យើងមិនដឹងអំពីមូលហេតុដែលគ្មានស្រាទំពាំងបាយជូរគ្រប់គ្រាន់សម្រាប់ភ្ញៀវទាំងអស់ដែលបានចូលរួមឡើយ។ បញ្ហានេះអាចធ្វើឲ្យគូអាពាហ៍ពិពាហ៍ថ្មីនោះខ្មាសគេ ដោយសារពួកគេមានភារកិច្ចទទួលភ្ញៀវដោយរាក់ទាក់។ ម៉ារៀដែលជាម្ដាយរបស់លោកយេស៊ូក៏ជាភ្ញៀវដែលនៅទីនោះដែរ។ តើនាងបានសុំជំនួយពីលោកយេស៊ូដោយសារនាងជឿថាលោកមានសមត្ថភាពជួយពួកគេទេ? ម៉ារៀច្បាស់ជាបានរំពឹងគិតអំពីទំនាយទាំងអស់ស្ដីអំពីកូនប្រុសរបស់នាង ហើយនាងដឹងថាលោកនឹងត្រូវហៅថា«បុត្ររបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត»។ (លូកា ១:៣០-៣២; ២:៥២) យើងឃើញច្បាស់ថាទាំងម៉ារៀទាំងលោកយេស៊ូចង់ជួយគូអាពាហ៍ពិពាហ៍នោះ។ ដូច្នេះ លោកយេស៊ូបានធ្វើអព្ភូតហេតុដោយធ្វើឲ្យទឹកប្រហែលជា៣៨០លីត្រក្លាយទៅជា«ស្រាល្អ»។ (សូមអាន យ៉ូហាន ២:៣, -១១) តើលោកយេស៊ូត្រូវធ្វើអព្ភូតហេតុនេះទេ? មិនមែនទេ។ ប៉ុន្ដែលោកបានធ្វើដូច្នេះដោយសារលោកយកចិត្ដទុកដាក់នឹងមនុស្ស ហើយលោកចង់យកតម្រាប់បិតារបស់លោកដែលមានចិត្ដទូលាយ។

លោកយេស៊ូបានមានប្រសាសន៍ថាយើងគួរមាន«ទម្លាប់ឲ្យគេ»

៤, ៥. () តើការអស្ចារ្យទី១របស់លោកយេស៊ូបង្រៀនយើងអ្វីខ្លះ? () តើការអស្ចារ្យនៅភូមិកាណាបង្រៀនយើងអ្វីអំពីអនាគត?

ដោយអព្ភូតហេតុ លោកយេស៊ូបានផ្ដល់ស្រាទំពាំងបាយជូរជាច្រើនដែលល្មមសម្រាប់មនុស្សមួយក្រុមធំ។ តើការអស្ចារ្យនេះបង្រៀនយើងអំពីអ្វី? យើងរៀនថាព្រះយេហូវ៉ានិងលោកយេស៊ូមិនមែនកំណាញ់នោះទេ ផ្ទុយទៅវិញ លោកទាំងពីរមានចិត្ដទូលាយណាស់។ ការអស្ចារ្យនេះធ្វើឲ្យយើងជឿជាក់ថាលោកទាំងពីរយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះអារម្មណ៍របស់មនុស្ស។ ការអស្ចារ្យនេះក៏បង្ហាញដែរថាព្រះយេហូវ៉ានឹងប្រើឫទ្ធានុភាពរបស់លោកដើម្បីផ្ដល់អាហារជាបរិបូរនៅពិភពលោកថ្មី ទោះជាយើងរស់នៅកន្លែងណាក៏ដោយនៅផែនដី។—សូមអាន អេសាយ ២៥:៦

សូមគិតទៅមើល! មិនយូរទៀតព្រះយេហូវ៉ានឹងឲ្យយើងនូវអ្វីទាំងអស់ដែលយើងពិតជាត្រូវការ។ បុគ្គលគ្រប់រូបនឹងមានផ្ទះស្អាត និងអាហារល្អ។ យើងដឹងគុណព្រះយេហូវ៉ាខ្លាំងណាស់ពេលយើងគិតអំពីអ្វីទាំងអស់ដ៏អស្ចារ្យដែលលោកនឹងផ្ដល់ឲ្យយើងដោយចិត្ដទូលាយក្នុងសួនឧទ្យាននៅផែនដី។

យើងយកតម្រាប់លោកយេស៊ូពេលដែលយើងចំណាយពេលដើម្បីជួយអ្នកទៀតដោយចិត្ដទូលាយ (សូមមើលវគ្គ)

. តើលោកយេស៊ូតែងតែប្រើឫទ្ធានុភាពរបស់លោកយ៉ាងដូចម្ដេច ហើយតើតាមរបៀបណាយើងអាចយកតម្រាប់លោក?

លោកយេស៊ូមិនដែលប្រើឫទ្ធានុភាពរបស់លោកដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនទេ។ សូមគិតអំពីអ្វីដែលបានកើតឡើងនៅពេលមេកំណាចបានល្បួងលោកយេស៊ូឲ្យធ្វើដុំថ្មក្លាយទៅជានំប៉័ង។ លោកយេស៊ូមិនព្រមប្រើឫទ្ធានុភាពរបស់លោកដើម្បីប្រយោជន៍ខ្លួនឡើយ។ (ម៉ាថាយ ៤:២-) ប៉ុន្ដែ លោកយេស៊ូពេញចិត្ដប្រើឫទ្ធានុភាពរបស់លោកដើម្បីជួយអ្នកទៀត។ តើតាមរបៀបណាយើងអាចបង្ហាញចិត្ដគំនិតដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនដូចលោកយេស៊ូ? លោកយេស៊ូបានមានប្រសាសន៍ថាយើងគួរមាន«ទម្លាប់ឲ្យគេ»។ (លូកា ៦:៣៨) យើងអាចធ្វើដូច្នេះដោយអញ្ជើញអ្នកទៀតឲ្យមកផ្ទះរបស់យើងដើម្បីបរិភោគអាហារជាមួយគ្នា។ យើងក៏អាចចំណាយពេលក្រោយកិច្ចប្រជុំដើម្បីជួយបងប្អូនណាម្នាក់ដែរ ដូចជាស្ដាប់បងប្អូនប្រុសហាត់សុន្ទរកថារបស់គាត់ ឬផ្ដល់ជំនួយនិងការបង្ហាត់បង្រៀនដល់អ្នកទៀតក្នុងកិច្ចបម្រើផ្សាយ។ យើងបង្ហាញចិត្ដទូលាយដូចលោកយេស៊ូពេលយើងពេញចិត្ដជួយអ្នកទៀត កាលណាដែលយើងអាចធ្វើបាន។

«គ្រប់គ្នាបានបរិភោគឆ្អែត»

. តើពិភពលោករបស់សាថានតែងតែមានបញ្ហាអ្វី?

ភាពក្រីក្រមិនមែនជាបញ្ហាថ្មីទេ។ ព្រះយេហូវ៉ាបានប្រាប់ជនជាតិអ៊ីស្រាអែលថា«ពួកទាល់ក្រមិនចេះដែលផុតពីក្នុងស្រុកឡើយ»។ (ចោទិយកថា ១៥:១១) រាប់រយឆ្នាំក្រោយមក លោកយេស៊ូបានមានប្រសាសន៍ថា«អ្នកតែងតែមានអ្នកក្រនៅជាមួយ»។ (ម៉ាថាយ ២៦:១១) តើលោកយេស៊ូចង់មានប្រសាសន៍ថានឹងមានមនុស្សក្រនៅផែនដីជានិច្ចទេ? មិនមែនទេ។ ពាក្យរបស់លោកបញ្ជាក់ថានឹងមានភាពក្រីក្រដរាបណាយើងរស់នៅក្នុងពិភពលោករបស់សាថាន។ ពេលយើងរស់នៅក្នុងពិភពលោកថ្មី ស្ថានភាពពិភពលោកនឹងខុសពីនេះឆ្ងាយណាស់! នៅគ្រានោះ នឹងលែងមានភាពក្រីក្រទៀត។ មនុស្សទាំងអស់នឹងមានអាហារជាបរិបូរ ហើយនឹងបរិភោគឆ្អែត!

៨, ៩. () ហេតុអ្វីលោកយេស៊ូបានផ្ដល់អាហារឲ្យមនុស្សរាប់ពាន់នាក់? () តើអ្នកមានអារម្មណ៍យ៉ាងណាអំពីការអស្ចារ្យនេះ?

អ្នកតែងទំនុកតម្កើងបាននិយាយអំពីព្រះយេហូវ៉ាថា«ទ្រង់លាព្រះហស្ដ ក៏បំពេញចិត្ដប្រាថ្នានៃជីវិតទាំងឡាយ»។ (ទំនុកតម្កើង ១៤៥:១៦) ពេលលោកយេស៊ូនៅផែនដី លោកបានយកតម្រាប់បិតារបស់លោកយ៉ាងល្អឥតខ្ចោះ ហើយលោកច្រើនតែបំពេញសេចក្ដីត្រូវការរបស់អ្នកទៀត។ លោកយេស៊ូមិនគ្រាន់តែបានធ្វើដូច្នេះដើម្បីបង្ហាញថាលោកមានឫទ្ធានុភាពប៉ុណ្ណោះទេ តែលោកយកចិត្ដទុកដាក់យ៉ាងស្មោះចំពោះមនុស្ស។ សូមឲ្យយើងពិចារណាម៉ាថាយ ១៤:១៤-២១។ (សូមអាន) មនុស្សមួយក្រុមពីក្រុងនានាបានដើរតាមលោកយេស៊ូ។ (ម៉ាថាយ ១៤:១៣) នៅពេលល្ងាច ពួកអ្នកកាន់តាមលោកបានបារម្ភថាមនុស្សទាំងនោះអស់កម្លាំង ហើយឃ្លាន។ ដូច្នេះពួកគេបានសុំលោកយេស៊ូប្រាប់មនុស្សទាំងនោះឲ្យត្រឡប់ទៅវិញដើម្បីទិញអាហារសម្រាប់ខ្លួន។ តើលោកយេស៊ូនឹងធ្វើអ្វី?

លោកយេស៊ូបានផ្ដល់អាហារដោយប្រើនំប៉័ងប្រាំដុំនិងត្រីពីរកន្ទុយដល់បុរសប្រហែល៥.០០០នាក់ដោយមិនរាប់ស្ដ្រីនិងកូនក្មេងឡើយ។ ហេតុអ្វីលោកយេស៊ូបានធ្វើអព្ភូតហេតុនេះ? ដោយសារលោកពិតជាស្រឡាញ់មនុស្ស ហើយយកចិត្ដទុកដាក់ចំពោះពួកគេ។ លោកយេស៊ូច្បាស់ជាបានផ្ដល់អាហារជាច្រើន ពីព្រោះបណ្ដាជន«បានបរិភោគឆ្អែត»។ អាហារដែលពួកគេបានបរិភោគបានផ្ដល់កម្លាំងដែលពួកគេត្រូវការដើម្បីធ្វើដំណើរឆ្ងាយត្រឡប់ទៅផ្ទះវិញ។ (លូកា ៩:១០-១៧) ក្រោយពីបណ្ដាជនទាំងអស់បានបរិភោគឆ្អែត អ្នកកាន់តាមលោកថែមទាំងបានប្រមូលអាហារដែលនៅសល់បាន១២កញ្ជើទៀតផង!

១០. នៅពេលអនាគត តើអ្វីនឹងកើតឡើងដល់ភាពក្រីក្រ?

១០ ដោយសារអ្នកគ្រប់គ្រងមានចិត្ដលោភលន់និងពុករលួយ មនុស្សរាប់លាននាក់មានជីវភាពក្រីក្រ។ សូម្បីតែបងប្អូនយើងខ្លះក៏មិនមានអាហារគ្រប់គ្រាន់ដែរ។ ប៉ុន្ដែ មិនយូរទៀត មនុស្សដែលស្ដាប់បង្គាប់ព្រះយេហូវ៉ានឹងរស់នៅក្នុងពិភពលោកដែលគ្មានអំពើពុករលួយភាពក្រីក្រទៀត។ ព្រះយេហូវ៉ាគឺជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត ហើយលោកមានអំណាចនិងមានចិត្ដចង់បំពេញសេចក្ដីត្រូវការរបស់មនុស្សទាំងអស់។ លោកសន្យាថាមិនយូរទៀតលោកនឹងធ្វើឲ្យការឈឺចាប់លែងមានទៀត!—សូមអាន ទំនុកតម្កើង ៧២:១៦

ការអស្ចារ្យរបស់លោកយេស៊ូពង្រឹងទំនុកចិត្ដរបស់យើងថា លោកចង់ប្រើឫទ្ធានុភាពរបស់លោកដើម្បីជាប្រយោជន៍ដល់យើង

១១. ហេតុអ្វីអ្នកជឿជាក់ថាមិនយូរទៀតគ្រិស្ដនឹងធ្វើអព្ភូតហេតុទូទាំងផែនដី? ដោយយល់ដូច្នេះ តើអ្នកចង់ធ្វើអ្វី?

១១ កាលលោកយេស៊ូនៅផែនដី លោកបានធ្វើអព្ភូតហេតុនៅតំបន់តូចមួយសម្រាប់រយៈពេលតែបីឆ្នាំកន្លះប៉ុណ្ណោះ។ (ម៉ាថាយ ១៥:២៤) ប៉ុន្ដែក្នុងនាមជាស្ដេច លោកយេស៊ូនឹងជួយមនុស្សជាតិទាំងអស់ក្នុងអំឡុងការគ្រប់គ្រង១.០០០ឆ្នាំរបស់លោក។ (ទំនុកតម្កើង ៧២:៨) ការអស្ចារ្យរបស់លោកយេស៊ូពង្រឹងទំនុកចិត្ដរបស់យើងថាលោកចង់ប្រើឫទ្ធានុភាពរបស់លោកដើម្បីជាប្រយោជន៍ដល់យើង។ យើងគ្មានសមត្ថភាពធ្វើអព្ភូតហេតុទេ ប៉ុន្ដែមានអ្វីដែលយើងអាចធ្វើបាន។ យើងអាចប្រើពេលវេលានិងកម្លាំងរបស់យើងដើម្បីប្រាប់អ្នកទៀតអំពីអនាគតដ៏អស្ចារ្យដែលបានត្រូវសន្យាក្នុងគម្ពីរ។ នេះជាភារកិច្ចរបស់យើងជាសាក្សីព្រះយេហូវ៉ា។ (រ៉ូម ១:១៤, ១៥) ពេលយើងរំពឹងគិតអំពីអ្វីដែលគ្រិស្ដនឹងធ្វើនៅពេលឆាប់ខាងមុខនេះ យើងនឹងចង់ប្រាប់អ្នកទៀតអំពីអ្វីទាំងនោះ។—ទំនុកតម្កើង ៤៥:១; ៤៩:៣

ព្រះយេហូវ៉ានិងលោកយេស៊ូមានអំណាចលើកម្លាំងធម្មជាតិ

១២. ហេតុអ្វីយើងអាចដឹងច្បាស់ថាលោកយេស៊ូយល់ទាំងស្រុងអំពីបរិស្ថានផែនដី?

១២ ពេលព្រះយេហូវ៉ាបានបង្កើតផែនដីនិងអ្វីទាំងអស់នៅលើផែនដី លោកយេស៊ូបាន«នៅជិតទ្រង់ដូចជាមេជាង»។ (សុភាសិត ៨:២២, ៣០, ៣១; កូឡុស ១:១៥-១៧) ដូច្នេះ លោកយេស៊ូយល់ទាំងស្រុងអំពីបរិស្ថានរបស់ផែនដី។ លោកមានអំណាចលើកម្លាំងធម្មជាតិទាំងអស់ ហើយលោកក៏ដឹងអំពីរបៀបប្រើកម្លាំងធម្មជាតិទាំងនោះដែរ។

តើអ្វីធ្វើឲ្យអ្នកស្ងើចសរសើរអំពីរបៀបដែលលោកយេស៊ូបានប្រើឫទ្ធានុភាពរបស់លោកដើម្បីធ្វើអព្ភូតហេតុ? (សូមមើលវគ្គ១៣, ១៤)

១៣, ១៤. សូមលើកឧទាហរណ៍មួយអំពីអំណាចរបស់គ្រិស្ដលើកម្លាំងធម្មជាតិ។

១៣ ពេលលោកយេស៊ូនៅផែនដី លោកបានបង្ហាញថាលោកមានឫទ្ធានុភាពរបស់ព្រះដោយមានអំណាចលើកម្លាំងធម្មជាតិ។ ជាឧទាហរណ៍ សូមគិតអំពីអំណាចដែលលោកយេស៊ូមានលើខ្យល់ព្យុះមួយ។ (សូមអាន ម៉ាកុស ៤:៣៧-៣៩) បណ្ឌិតខាងគម្ពីរម្នាក់ពន្យល់ថា ពាក្យភាសាក្រិច«ខ្យល់ព្យុះ»នៅសៀវភៅម៉ាកុស បានត្រូវប្រើដើម្បីរៀបរាប់អំពីខ្យល់យ៉ាងខ្លាំងព្យុះសង្ឃរា។ ពាក្យនេះសំដៅលើខ្យល់ព្យុះដែលមកដោយមានពពកខ្មៅ ខ្យល់គំហុកខ្លាំង ផ្គរលាន់ និងភ្លៀងច្រើន។ នៅពេលដែលខ្យល់ព្យុះនោះឈប់ អ្វីទាំងអស់រប៉ាត់រប៉ាយ។ សាវ័កម៉ាថាយបានរៀបរាប់ថានេះជា«ខ្យល់ព្យុះយ៉ាងខ្លាំង»។—ម៉ាថាយ ៨:២៤

១៤ សូមស្រមៃគិតអំពីស្ថានភាពនេះ រលកកំពុងបោកទូក ហើយធ្វើឲ្យទឹកចូលទូកម្ដងហើយម្ដងទៀត។ ទោះជាមានសំឡេងខ្យល់ព្យុះ ហើយទូកនោះឃ្លេងឃ្លោងក្ដី លោកយេស៊ូកំពុងសម្រាន្ដលក់ដោយសារលោកអស់កម្លាំង។ ពេលនោះពួកអ្នកកាន់តាមលោកភ័យខ្លាច ដូច្នេះពួកគេបានដាស់លោកយេស៊ូហើយនិយាយថា«យើងជិតវិនាសហើយ!»។ (ម៉ាថាយ ៨:២៥) តើលោកយេស៊ូបានធ្វើអ្វី? លោកបានងើបឡើងហើយប្រាប់ខ្យល់និងសមុទ្រថា«ចូរស្ងៀមទៅ!»។ (ម៉ាកុស ៤:៣៩) ខ្យល់ព្យុះនោះបានឈប់ ហើយ«កើតមានសភាពស្ងប់ស្ងាត់ក្រៃលែង»។ នេះពិតជាឧទាហរណ៍ដ៏អស្ចារ្យដែលបង្ហាញអំពីអំណាចរបស់លោកយេស៊ូលើកម្លាំងធម្មជាតិ!

១៥. តើព្រះយេហូវ៉ាបានបង្ហាញយ៉ាងណាថាលោកអាចមានអំណាចលើកម្លាំងធម្មជាតិ?

១៥ ឫទ្ធានុភាពរបស់គ្រិស្ដមកពីព្រះយេហូវ៉ា ដូច្នេះយើងដឹងថាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតអាចមានអំណាចលើកម្លាំងធម្មជាតិបាន។ ជាឧទាហរណ៍ មុនទឹកជំនន់ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា«នៅថ្ងៃទៀត អញនឹងបង្អុរភ្លៀងមកលើផែនដី៤០ថ្ងៃ៤០យប់»។ (លោកុប្បត្ដិ ៧:៤) និក្ខមនំ ១៤:២១ចែងថា«ព្រះយេហូវ៉ាទ្រង់ច្រានផាត់សមុទ្រចេញ ដោយកំឡាំងខ្យល់ពីខាងកើតដែលបក់យ៉ាងខ្លាំង» ហើយយ៉ូណាស ១:៤ចែងថា«ព្រះយេហូវ៉ា ទ្រង់ធ្វើឲ្យមានខ្យល់យ៉ាងខ្លាំងបក់មកលើសមុទ្រ ដូច្នេះកើតមានព្យុះយ៉ាងធំនៅសមុទ្រដល់ម៉្លេះបានជានាវារកកល់តែនឹងបែកបាក់អស់ទៅ»។ យើងសប្បាយចិត្ដណាស់ដោយដឹងថា នៅពិភពលោកថ្មីព្រះយេហូវ៉ានឹងកាន់កាប់លើធម្មជាតិជានិច្ច។

១៦. ហេតុអ្វីការដឹងថាព្រះយេហូវ៉ានិងលោកយេស៊ូមានអំណាចលើកម្លាំងធម្មជាតិអាចជួយសម្រាលទុក្ខយើង?

១៦ ការដឹងថាព្រះយេហូវ៉ានិងលោកយេស៊ូមានអំណាចលើកម្លាំងធម្មជាតិ អាចជួយសម្រាលទុក្ខយើង។ ក្នុងអំឡុងការគ្រប់គ្រង១.០០០ឆ្នាំរបស់គ្រិស្ដ អស់អ្នកដែលរស់នៅផែនដីនឹងមានសុវត្ថិភាព។ គ្មានអ្នកណានឹងត្រូវរបួសស្លាប់ដោយសារមហន្ដរាយធម្មជាតិដូចជាព្យុះសង្ឃរា រលកយក្សស៊ូណាមី ភ្នំភ្លើង ឬការរញ្ជួយដីឡើយ។ យើងនឹងមិនខ្លាចមហន្ដរាយណាទាំងអស់ ពីព្រោះ«ត្រសាលរបស់ព្រះ»នឹងនៅជាមួយនឹងមនុស្សជាតិ ដូច្នេះយើងនឹងទទួលការការពារពីព្រះ! (ការបើកបង្ហាញ ២១:៣, ៤) ក្នុងអំឡុងការគ្រប់គ្រង១.០០០ឆ្នាំរបស់លោកយេស៊ូ យើងអាចមានទំនុកចិត្ដថាព្រះយេហូវ៉ានឹងផ្ដល់ឲ្យលោកយេស៊ូនូវឫទ្ធានុភាពដើម្បីកាន់កាប់លើកម្លាំងធម្មជាតិ។

ឥឡូវនេះ ចូរយកតម្រាប់ព្រះនិងគ្រិស្ដ

១៧. នៅឥឡូវនេះ តើតាមរបៀបណាយើងអាចយកតម្រាប់ព្រះនិងគ្រិស្ដ?

១៧ យើងមិនអាចទប់ស្កាត់មហន្ដរាយធម្មជាតិបានទេ។ មានតែព្រះយេហូវ៉ានិងលោកយេស៊ូប៉ុណ្ណោះដែលអាចធ្វើដូច្នោះបាន។ ប៉ុន្ដែ មានអ្វីមួយដែលយើងអាចធ្វើបាន។ យើងអាចធ្វើតាមសុភាសិត ៣:២៧។ (សូមអាន) ពេលបងប្អូនរបស់យើងរងទុក្ខ យើងអាចជួយបំពេញសេចក្ដីត្រូវការរបស់ពួកគេខាងរូបកាយនិងខាងផ្លូវចិត្ដ ដោយសម្រាលទុក្ខពួកគេ។ (សុភាសិត ១៧:១៧) ជាឧទាហរណ៍ យើងអាចជួយពួកគេក្រោយមហន្ដរាយធម្មជាតិ។ បងស្រីមេម៉ាយម្នាក់ដែលផ្ទះរបស់គាត់បានខូចខាតដោយសារព្យុះសង្ឃរា បាននិយាយថា«ខ្ញុំសប្បាយចិត្ដខ្លាំងណាស់ដែលខ្ញុំនៅក្នុងអង្គការព្រះយេហូវ៉ា មិនគ្រាន់តែដោយសារខ្ញុំបានទទួលជំនួយខាងសម្ភារប៉ុណ្ណោះទេ តែក៏ទទួលជំនួយដែលពង្រឹងចំណងមិត្ដភាពរបស់ខ្ញុំជាមួយនឹងព្រះយេហូវ៉ាដែរ»។ បងស្រីម្នាក់ទៀតដែលនៅលីវ អស់សង្ឃឹមពេលខ្យល់ព្យុះបានធ្វើឲ្យផ្ទះរបស់គាត់ខូចខាត។ ក្រោយពីបងប្អូនបានជួយគាត់ជួសជុលផ្ទះវិញ គាត់បាននិយាយថា«ខ្ញុំពិបាករៀបរាប់ណាស់អំពីអារម្មណ៍របស់ខ្ញុំឲ្យបានសព្វគ្រប់!»។ គាត់បាននិយាយបន្ថែមថា«អរគុណព្រះយេហូវ៉ា!»។ យើងសប្បាយចិត្ដដែលបងប្អូនរបស់យើងពិតជាយកចិត្ដទុកដាក់ចំពោះសេចក្ដីត្រូវការរបស់អ្នកទៀត។ លើសពីនោះទៅទៀត យើងសប្បាយចិត្ដដែលព្រះយេហូវ៉ានិងលោកយេស៊ូពិតជាយកចិត្ដទុកដាក់ចំពោះយើង។

១៨. តើអ្វីធ្វើឲ្យអ្នកស្ងើចសរសើរចំពោះមូលហេតុដែលលោកយេស៊ូបានធ្វើអព្ភូតហេតុ?

១៨ ក្នុងអំឡុងកិច្ចបម្រើរបស់លោកយេស៊ូ លោកបានបង្ហាញថាលោកជា«ឫទ្ធានុភាពរបស់ព្រះ»។ ប៉ុន្ដែ លោកមិនដែលប្រើឫទ្ធានុភាពរបស់លោកដើម្បីធ្វើឲ្យអ្នកទៀតស្ងើចសរសើរ ឬដើម្បីជាប្រយោជន៍ដល់លោកទេ។ ផ្ទុយទៅវិញ លោកយេស៊ូបានប្រើឫទ្ធានុភាពរបស់លោកដើម្បីធ្វើអព្ភូតហេតុដោយសារលោកពិតជាស្រឡាញ់មនុស្ស។ យើងនឹងរៀនថែមទៀតអំពីសេចក្ដីស្រឡាញ់នេះនៅអត្ថបទបន្ទាប់។