លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

ការនឹកចាំអំពីសេចក្ដីស្រឡាញ់ដែលខ្ញុំមាននៅដើមដំបូងបានជួយខ្ញុំឲ្យស៊ូទ្រាំ

ការនឹកចាំអំពីសេចក្ដីស្រឡាញ់ដែលខ្ញុំមាននៅដើមដំបូងបានជួយខ្ញុំឲ្យស៊ូទ្រាំ

នៅខែមិថុនា ឆ្នាំ១៩៧០ ខ្ញុំគេងលើគ្រែនៅមន្ទីរពេទ្យមួយនៅរដ្ឋប៉ិនស៊ីវ៉ានី សហរដ្ឋអាម៉េរិក។ ខ្ញុំជាទាហានម្នាក់អាយុ២០ឆ្នាំដែលមានជំងឺធ្ងន់ធ្ងរដែលបង្កដោយមេរោគ។ គិលានុបដ្ឋាកម្នាក់កំពុងវាស់សម្ពាធឈាមរបស់ខ្ញុំរាល់កន្លះម៉ោងម្ដង។ គិលានុបដ្ឋាកនោះដែលមានអាយុច្រើនជាងខ្ញុំតែប៉ុន្មានឆ្នាំប៉ុណ្ណោះ មានទឹកមុខព្រួយបារម្ភ។ កាលដែលសម្ពាធឈាមរបស់ខ្ញុំបានបន្ដធ្លាក់ចុះ ខ្ញុំបាននិយាយថា«បងមិនដែលឃើញអ្នកណាម្នាក់ស្លាប់ទេ មែនទេ?»។ មុខរបស់គាត់ឡើងស្លាំង ហើយគាត់បានឆ្លើយថា«ទេ ខ្ញុំមិនដែលឃើញទេ»។ តាមមើលទៅគឺហាក់ដូចជាខ្ញុំនឹងមិនរស់ទេ តែខ្ញុំមិនបានស្លាប់ឡើយ។ សូមទុកឲ្យខ្ញុំរៀបរាប់ប្រាប់អ្នកអំពីជីវប្រវត្ដិខ្លះរបស់ខ្ញុំ។

បទពិសោធន៍ដំបូងរបស់ខ្ញុំក្នុងសង្គ្រាម

ខ្ញុំបានធ្លាក់ខ្លួនឈឺ កាលដែលខ្ញុំធ្វើជាជំនួយការរបស់គ្រូពេទ្យនៅបន្ទប់វះកាត់មួយក្នុងអំឡុងសង្គ្រាមនៅប្រទេសវៀតណាម។ ខ្ញុំចូលចិត្ដជួយមនុស្សឈឺនិងអ្នករបួស ហើយមានគោលដៅក្លាយទៅជាគ្រូពេទ្យវះកាត់។ ខ្ញុំបានមកដល់ប្រទេសវៀតណាមនៅខែកក្កដា ឆ្នាំ១៩៦៩។ ដូចទាហានថ្មីទៀតដែរ ខ្ញុំបានទទួលការអនុញ្ញាតឲ្យមានពេលមួយសប្ដាហ៍ ដើម្បីទម្លាប់ខ្លួននឹងធាតុអាកាសក្ដៅនិងពេលវេលាខុសគ្នាពីប្រទេសកំណើតរបស់ខ្ញុំ។

ខ្ញុំបានត្រូវចាត់ឲ្យធ្វើការនៅមន្ទីរពេទ្យយោធាមួយនៅតំបន់ដីសណ្ដទន្លេមេគង្គ។ ឧទ្ធម្ភាគចក្រជាច្រើនគ្រឿងបានដឹកទាហានរបួសមកមន្ទីរពេទ្យ។ កាលនោះ ខ្ញុំស្រឡាញ់ប្រទេសរបស់ខ្ញុំ ហើយចូលចិត្ដធ្វើការខ្លាំងណាស់ ហេតុនេះខ្ញុំចង់ចូលធ្វើការភ្លាមដើម្បីជួយជនរួមជាតិខ្ញុំ។ ទាហានរបួសបានត្រូវរៀបចំសម្រាប់ការវះកាត់ ហើយបន្ទាប់មកបានត្រូវបញ្ជូនយ៉ាងឆាប់រហ័សទៅកុងតឺន័រតូចដែលមានម៉ាស៊ីនត្រជាក់ដែលបានត្រូវប្រើជាបន្ទប់វះកាត់។ គ្រូពេទ្យវះកាត់ម្នាក់ គ្រូពេទ្យចាក់ថ្នាំសន្លប់ម្នាក់និងគិលានុបដ្ឋាកពីរនាក់ខំប្រឹងអស់ពីសមត្ថភាពដើម្បីសង្គ្រោះជីវិតទាហានដែលរបួស។ ខ្ញុំបានឃើញថង់ធំព័ណ៌ខ្មៅដែលពួកទាហានមិនបានដាក់ចុះពីឧទ្ធម្ភាគចក្រទាំងនោះ។ គេបានប្រាប់ខ្ញុំថាថង់ទាំងនោះមានបំណែកសាកសពរបស់ពួកទាហានដែលដាច់ខ្ទេចខ្ទីដោយគ្រាប់បែកផ្ទុះពេលប្រយុទ្ធគ្នា។ នោះគឺជាបទពិសោធន៍ដំបូងរបស់ខ្ញុំក្នុងសង្គ្រាម។

ខ្ញុំបានស្វែងរកព្រះ

ខ្ញុំបានដំណឹងល្អជាលើកដំបូង ពេលខ្ញុំមានវ័យក្មេង

ខ្ញុំបានសេចក្ដីពិតពីសាក្សីព្រះយេហូវ៉ាជាលើកដំបូង ពេលខ្ញុំមានវ័យក្មេង។ ម្ដាយរបស់ខ្ញុំបានសិក្សាគម្ពីរជាមួយនឹងពួកសាក្សី ប៉ុន្ដែគាត់មិនដែលបានទទួលការជ្រមុជទឹកទេ។ ទោះជាយ៉ាងនេះក្ដី ខ្ញុំពិតជាសប្បាយចូលរួមការសិក្សាទាំងនោះ។ ថ្ងៃមួយ ឪពុកចុងខ្ញុំនិងខ្ញុំបានធ្វើដំណើរកាត់សាលប្រជុំរបស់សាក្សី។ ខ្ញុំបានសួរគាត់ថា«តើនោះជាកន្លែងអី?»។ គាត់បានឆ្លើយថា«កុំទៅជិតមនុស្សទាំងនោះឲ្យសោះ!»។ ដោយសារខ្ញុំស្រឡាញ់និងទុកចិត្ដឪពុកចុងខ្ញុំ ខ្ញុំបានស្តាប់បង្គាប់គាត់ ហើយលែងជួបសាក្សីព្រះយេហូវ៉ាទៀត។

ប៉ុន្ដែ ពេលខ្ញុំត្រឡប់ពីប្រទេសវៀតណាមវិញ ខ្ញុំមានអនុស្សាវរីយ៍ជាច្រើនដែលធ្វើឲ្យឈឺចាប់។ ដោយសារអ្វីដែលខ្ញុំបានឆ្លងកាត់ក្នុងអំឡុងសង្គ្រាម ខ្ញុំលែងមានអារម្មណ៍អ្វីទាំងអស់ទៀត គឺចិត្ដខ្ញុំទៅជាស្ពឹកតែម្ដង។ តាមមើលទៅគ្មានអ្នកណាពិតជាបានយល់អំពីអ្វីដែលកំពុងកើតឡើងនៅប្រទេសវៀតណាមទេ។ ខ្ញុំធ្លាប់ក្រុមអ្នកតវ៉ាហៅទាហានអាម៉េរិកថាអ្នកសម្លាប់កូនង៉ែត ដោយសារមានរបាយការណ៍ថាកូនក្មេងស្លូតត្រង់បានត្រូវសម្លាប់។ អ្វីទាំងអស់នេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវការចំណងមិត្ដភាពជាមួយនឹងព្រះ។

កាលដែលខ្ញុំស្វែងរកព្រះ ខ្ញុំបានចាប់ផ្ដើមទៅវិហារផ្សេងនៃពិភពគ្រិស្ដសាសនា។ ខ្ញុំស្រឡាញ់ព្រះតាំងពីដំបូងមកម៉្លេះ ប៉ុន្ដែខ្ញុំមិនចូលចិត្ដអ្វីដែលខ្ញុំបានឃើញនៅវិហារទាំងនោះទេ។ នៅទីបំផុត ខ្ញុំបានទៅសាលប្រជុំរបស់សាក្សីព្រះយេហូវ៉ានៅក្រុងដេលរ៉េ ប៊ីច រដ្ឋហ្ល័ររីដា។ កិច្ចប្រជុំដំបូងរបស់ខ្ញុំ គឺនៅថ្ងៃអាទិត្យមួយ នាខែកុម្ភៈ ឆ្នាំ១៩៧១។

ពេលខ្ញុំដើរចូលសាលប្រជុំ សុន្ទរកថាសាធារណៈជិតចប់ ហេតុនេះខ្ញុំបាននៅទីនោះពេលសិក្សាទស្សនាវដ្ដីប៉មយាម។ ខ្ញុំមិនបានចាំអំពីប្រធានបទនៃអត្ថបទនោះទេ ប៉ុន្ដែអ្វីដែលខ្ញុំនឹកចាំគឺខ្ញុំបានមើលក្មេងរកបទគម្ពីរក្នុងគម្ពីររបស់ពួកគេ។ ខ្ញុំកោតស្ងើចយ៉ាងខ្លាំង! ខ្ញុំគ្រាន់តែបានស្តាប់និងមើលគេប៉ុណ្ណោះ។ កាលដែលខ្ញុំកំពុងដើរចេញពីសាលប្រជុំ បងប្រុសម្នាក់អាយុប្រហែលជា៨០ឆ្នាំបានមកជិតខ្ញុំ។ គាត់ឈ្មោះជីម ហ្គាដណឺ។ គាត់បានហុចសៀវភៅសេចក្ដីពិតដែលនាំទៅដល់ជីវិតដែលគ្មានទីបញ្ចប់(The Truth That Leads to Eternal Life)ឲ្យខ្ញុំ រួចបានសួរថា«តើប្អូនព្រមទទួលសៀវភៅនេះទេ?»។ ខ្ញុំបានឆ្លើយថា ព្រម ហើយយើងបានសម្រេចចិត្ដជួបគ្នាដើម្បីខ្ញុំសិក្សាគម្ពីរលើកដំបូងនៅព្រឹកថ្ងៃព្រហស្បតិ៍។

ក្រោយកិច្ចប្រជុំនៅថ្ងៃអាទិត្យនោះ ខ្ញុំត្រូវទៅធ្វើការ។ ខ្ញុំមានការងារនៅមន្ទីរពេទ្យនាក្រុងបូកា រ៉ឺថូន រដ្ឋហ្ល័ររីដា ហើយត្រូវធ្វើការពីម៉ោង១១យប់ដល់ម៉ោងព្រឹក។ នៅយប់នោះ មិនសូវមានអ្នកជំងឺទេ ដូច្នេះខ្ញុំអាចអានសៀវភៅសេចក្ដីពិតនោះ។ គិលានុបដ្ឋាយិកាម្នាក់បានកញ្ឆក់យកសៀវភៅនោះពីដៃខ្ញុំ មើលអក្សរនៅក្រប រួចបង្ខំខ្ញុំឲ្យប្រាប់នាងថាខ្ញុំនឹងទៅជាសាក្សីព្រះយេហូវ៉ាម្នាក់យ៉ាងណា។ ខ្ញុំបានកញ្ឆក់សៀវភៅនោះមកវិញ ហើយបានប្រាប់នាងថា ទោះជាខ្ញុំបានអានសៀវភៅនោះតែប៉ុន្មានផ្នែកប៉ុណ្ណោះក៏ដោយ ខ្ញុំពិតជាកំពុងគិតក្លាយទៅជាសាក្សីម្នាក់មែន។ នាងក៏ឈប់រំខានខ្ញុំ ហើយខ្ញុំបានអានសៀវភៅនោះចប់នៅយប់នោះ។

អ្នកបង្រៀនគម្ពីរខ្ញុំ គឺបងជីម ហ្គាដណឺជាបងប្រុសម្នាក់ដែលព្រះបានរើសតាំង ដែលបានស្គាល់បងឆាល ថេស រ៉ាសិល

ខ្ញុំបានចាប់ផ្ដើមសិក្សាគម្ពីរលើកដំបូងជាមួយនឹងបងហ្គាដណឺដោយសួរគាត់ថា«ដូច្នេះ តើយើងនឹងរៀនអ្វី?»។ គាត់បានឆ្លើយថា«សៀវភៅដែលខ្ញុំបានឲ្យប្អូន»។ ខ្ញុំនិយាយថា«ខ្ញុំបានអានវារួចហើយ»។ បងហ្គាដណឺនិយាយដោយស្លូតបូតថា«អ៊ីចឹង សូមយើងពិចារណាជំពូកទី១នេះ»។ ខ្ញុំនឹកអស្ចារ្យក្នុងចិត្ដអំពីចំណុចជាច្រើនក្នុងជំពូកនោះដែលខ្ញុំមិនបានគិតដល់។ គាត់បានសុំខ្ញុំឲ្យបើកមើលគម្ពីរជាច្រើននៅក្នុងគម្ពីររបស់ខ្ញុំ។ នៅទីបំផុត ខ្ញុំរៀនអំពីព្រះពិត គឺព្រះយេហូវ៉ា។ បងជីមបានសិក្សាបីជំពូកពីសៀវភៅសេចក្ដីពិតជាមួយនឹងខ្ញុំនៅព្រឹកនោះ។ ក្រោយពីនោះ យើងបានសិក្សាបីជំពូករាល់ព្រឹកថ្ងៃព្រហស្បតិ៍។ ខ្ញុំចូលចិត្ដការសិក្សាទាំងនោះខ្លាំងណាស់។ គឺជាឯកសិទ្ធិចំពោះខ្ញុំដែលខ្ញុំបានត្រូវបង្រៀនដោយបងប្រុសម្នាក់នោះដែលព្រះបានរើសតាំង ជាអ្នកដែលបានស្គាល់បងឆាល ថេស រ៉ាសិល!

ក្រោយពីបានសិក្សាអស់ប៉ុន្មានសប្ដាហ៍មក ខ្ញុំបានទទួលការយល់ព្រមឲ្យផ្សព្វផ្សាយដំណឹងល្អ។ ការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយមិនមែនស្រួលទេចំពោះខ្ញុំ ប៉ុន្ដែបងជីមបានជួយខ្ញុំឲ្យយកឈ្នះកង្វល់របស់ខ្ញុំ។ (សកម្មភាព ២០:២០) ដោយមានជំនួយពីគាត់ ខ្ញុំបានរៀនស្រឡាញ់កិច្ចបម្រើផ្សាយ។ ខ្ញុំមានអារម្មណ៍ថាកិច្ចបម្រើផ្សាយគឺជាឯកសិទ្ធិដ៏ខ្ពង់ខ្ពស់បំផុតដែលខ្ញុំមាន។ ខ្ញុំសប្បាយចិត្ដជាខ្លាំងដែលខ្ញុំអាចធ្វើជាអ្នករួមការងារជាមួយនឹងព្រះ!—កូរិនថូសទី១ ៣:៩

សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាដែលខ្ញុំមាននៅដើមដំបូង

ឥឡូវសូមទុកឲ្យខ្ញុំប្រាប់អ្នកអំពីអ្វីមួយដែលពិសេសខ្លាំងណាស់ចំពោះខ្ញុំ គឺសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាដែលខ្ញុំមាននៅដើមដំបូង។ (ការបើកបង្ហាញ ២:៤) សេចក្ដីស្រឡាញ់នោះចំពោះព្រះយេហូវ៉ាបានជួយខ្ញុំឲ្យស៊ូទ្រាំនឹងការឈឺចាប់ដែលមកពីអនុស្សាវរីយ៍ពីសង្គ្រាមនិងបញ្ហាទៀតជាច្រើន។—អេសាយ ៦៥:១៧

សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាបានជួយខ្ញុំឲ្យស៊ូទ្រាំនឹងការឈឺចាប់ដែលមកពីអនុស្សាវរីយ៍ពីសង្គ្រាមនិងបញ្ហាទៀតជាច្រើន

ខ្ញុំបានទទួលការជ្រមុជទឹកនៅខែកក្កដា ឆ្នាំ១៩៧១ ក្នុងអំឡុងមហាសន្និបាតប្រចាំតំបន់ដែលមានប្រធានថា«នាមរបស់ព្រះ» នៅកីឡាដ្ឋានយ៉ាងគី

នៅឆ្នាំ១៩៧១ ឪពុកចុងខ្ញុំបានប្រាប់ខ្ញុំឲ្យរើចេញពីផ្ទះដែលឪពុកម្ដាយខ្ញុំបានអនុញ្ញាតឲ្យខ្ញុំរស់នៅ។ ហេតុអ្វី? ពីព្រោះឪពុកចុងខ្ញុំមិនចង់ឲ្យសាក្សីព្រះយេហូវ៉ាណាម្នាក់រស់នៅទីនោះឡើយ! ខ្ញុំមិនសូវមានលុយច្រើនទេនៅពេលនោះ។ មន្ទីរពេទ្យបើកប្រាក់ឲ្យខ្ញុំរាល់ពីរសប្ដាហ៍ម្ដង ហើយខ្ញុំបានចំណាយលុយភាគច្រើនរបស់ខ្ញុំទៅលើសម្លៀកបំពាក់សម្រាប់កិច្ចបម្រើផ្សាយ ពីព្រោះខ្ញុំចង់ធ្វើជាតំណាងព្រះយេហូវ៉ាឲ្យបានល្អ។ ខ្ញុំបានសន្សំលុយខ្លះនៅធនាគារមួយ ប៉ុន្ដែធនាគារនោះនៅក្រុងកំណើតរបស់ខ្ញុំក្នុងរដ្ឋមីស៊ីហ្គិន។ ហេតុនេះ ខ្ញុំត្រូវរស់នៅក្នុងឡានរបស់ខ្ញុំអស់ប៉ុន្មានថ្ងៃ។ ខ្ញុំលុបលាងខ្លួននិងកោរពុកមាត់ពុកចង្កានៅក្នុងបន្ទប់ទឹកនៃស្ថានីយប្រេងឥន្ធនៈ។

កាលដែលខ្ញុំនៅតែរស់នៅក្នុងឡានខ្ញុំនៅឡើយ មានថ្ងៃមួយខ្ញុំបានបង្ហើយការងារនៅមន្ទីរពេទ្យ ហើយបានទៅសាលប្រជុំប៉ុន្មានម៉ោងមុនកិច្ចប្រជុំសម្រាប់ផ្សព្វផ្សាយ។ កាលដែលខ្ញុំអង្គុយនៅខាងក្រោយសាលប្រជុំ ជាកន្លែងដែលគ្មានអ្នកណាអាចឃើញខ្ញុំ ខ្ញុំបាននឹកឃើញអនុស្សាវរីយ៍ពីប្រទេសវៀតណាមឡើងវិញ។ គឺហាក់ដូចជាខ្ញុំអាចធុំឈ្ងៀមសាច់មនុស្សដែលឆេះ ហើយឃើញឈាមជាច្រើន រួចខ្ញុំចាប់ផ្ដើមតានតឹងចិត្ដ។ គឺហាក់ដូចជាខ្ញុំបាននិងឃើញបុរសវ័យក្មេងកំពុងអង្វរខ្ញុំថា«តើខ្ញុំនឹងរស់ទេ? តើខ្ញុំនឹងរស់ទេ?»។ ខ្ញុំបានដឹងថាពួកគេនឹងស្លាប់ ប៉ុន្ដែខ្ញុំបានព្យាយាមសម្រាលទុក្ខពួកគេ ហើយធ្វើហាក់ដូចជាអ្វីនឹងបានល្អ។ កាលដែលខ្ញុំអង្គុយនៅខាងក្រោយសាលប្រជុំនោះ ខ្ញុំរំជួលចិត្ដយ៉ាងខ្លាំង។

កាលណាខ្ញុំមានបញ្ហាក្នុងជីវិត ខ្ញុំខំអស់ពីសមត្ថភាពដើម្បីនឹកចាំអំពីសេចក្ដីស្រឡាញ់ដែលខ្ញុំមានចំពោះព្រះយេហូវ៉ានៅដើមដំបូង

ខ្ញុំបានអធិដ្ឋានទៅព្រះយេហូវ៉ាដោយយំហើយយំទៀត។ (ទំនុកតម្កើង ៥៦:៨) ខ្ញុំបានចាប់ផ្ដើមគិតយ៉ាងជ្រៅជ្រះអំពីការប្រោសឲ្យរស់ឡើងវិញ។ គឺនៅពេលនោះឯងដែលខ្ញុំបានទទួលស្គាល់ថាសេចក្ដីសង្ឃឹមនេះគឺអស្ចារ្យមែន! ព្រះយេហូវ៉ានឹងប្រោសបុរសវ័យក្មេងទាំងនោះឲ្យមានជីវិតឡើងវិញ ហើយពួកគេនឹងមានឱកាសរៀនសេចក្ដីពិតអំពីលោក។ ការប្រោសឲ្យរស់ឡើងវិញនឹងបំបាត់ចោលរាល់ការឈឺចាប់និងទុក្ខវេទនាដែលយើងធ្លាប់មាន។ (សកម្មភាព ២៤:១៥) ពេលខ្ញុំបានយល់អំពីរឿងនោះ សេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះព្រះយេហូវ៉ា គឺកាន់តែខ្លាំងជាងពេលមុនទាំងអស់។ ថ្ងៃនោះនៅតែជាថ្ងៃពិសេសចំពោះខ្ញុំ។ តាំងពីពេលនោះមក កាលណាខ្ញុំមានបញ្ហាក្នុងជីវិត ខ្ញុំខំអស់ពីសមត្ថភាពដើម្បីនឹកចាំអំពីសេចក្ដីស្រឡាញ់ដែលខ្ញុំមានចំពោះព្រះយេហូវ៉ានៅដើមដំបូង។

ព្រះយេហូវ៉ាប្រព្រឹត្ដល្អចំពោះខ្ញុំ

មនុស្សធ្វើអំពើអាក្រក់ក្នុងអំឡុងសង្គ្រាម ហើយខ្ញុំក៏បានធ្វើដែរ។ ប៉ុន្ដែ ខ្ញុំបានទទួលការសម្រាលទុក្ខដោយរំពឹងគិតអំពីបទគម្ពីរពីរដែលខ្ញុំចូលចិត្ដជាងគេ។ បទគម្ពីរទី១ គឺនៅការបើកបង្ហាញ ១២:១០, ១១ដែលចែងថាមិនត្រឹមតែកិច្ចផ្សព្វផ្សាយរបស់យើងប៉ុណ្ណោះទេ ដែលធ្វើឲ្យយើងឈ្នះមេកំណាច ប៉ុន្ដែឈាមរបស់លោកយេស៊ូក៏ធ្វើឲ្យយើងឈ្នះវាដែរ។ បទគម្ពីរទី២ គឺនៅកាឡាទី ២:២០ដែលរំលឹកខ្ញុំថាលោកយេស៊ូបានស្លាប់ដើម្បីខ្ញុំ។ ដោយសារគ្រឿងបូជារបស់គ្រិស្ដ ព្រះយេហូវ៉ាបានអភ័យទោសឲ្យខ្ញុំចំពោះអ្វីដែលខ្ញុំបានធ្វើ។ អាស្រ័យហេតុនេះ ឥឡូវខ្ញុំមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស ហើយមានប្រាថ្នាយ៉ាងខ្លាំងដើម្បីប្រាប់មនុស្សទៀតអំពីព្រះយេហូវ៉ាជាព្រះរបស់យើងដែលមានសេចក្ដីមេត្ដាករុណា!—ហេប្រឺ ៩:១៤

ពេលខ្ញុំគិតអំពីអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់ក្នុងជីវិត ខ្ញុំយល់ច្បាស់ថាព្រះយេហូវ៉ាតែងតែថែទាំខ្ញុំ។ ជាឧទាហរណ៍ ថ្ងៃដែលបងជីមបានដឹងថាខ្ញុំកំពុងរស់នៅក្នុងឡាន គាត់បានណែនាំខ្ញុំឲ្យស្គាល់បងស្រីម្នាក់ដែលមានបន្ទប់ជួលនៅផ្ទះរបស់នាង។ ខ្ញុំប្រាកដក្នុងចិត្ដថាព្រះយេហូវ៉ាបានប្រើបងជីមនិងបងស្រីនោះដើម្បីផ្ដល់កន្លែងស្នាក់នៅដ៏ល្អឲ្យខ្ញុំ។ ព្រះយេហូវ៉ាមានចិត្ដសប្បុរសខ្លាំងណាស់! លោកថែទាំអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់លោក។

ការរៀនឲ្យមានចិត្ដខ្នះខ្នែងនិងឲ្យចេះនិយាយដោយគិតអំពីអារម្មណ៍អ្នកទៀត

នៅខែឧសភា ឆ្នាំ១៩៧១ ខ្ញុំត្រូវទៅរដ្ឋមីស៊ីហ្គិន។ ដូច្នេះ មុនខ្ញុំចេញដំណើរពីរដ្ឋហ្ល័ររីដា ខ្ញុំដាក់សៀវភៅជាច្រើនពេញគូទឡានខ្ញុំ ហើយបន្ទាប់មក ខ្ញុំធ្វើដំណើរទៅភាគខាងជើង។ មុនខ្ញុំចាកចេញពីរដ្ឋហ្សកហ្ស៊ី ជារដ្ឋដែលនៅជាប់នឹងរដ្ឋហ្ល័ររីដា ខ្ញុំបានចែកចាយសៀវភៅទាំងអស់។ ខ្ញុំផ្សព្វផ្សាយដំណឹងល្អយ៉ាងខ្នះខ្នែងនៅគ្រប់កន្លែងដែលខ្ញុំបានទៅ។ ខ្ញុំបានផ្សព្វផ្សាយនៅក្នុងពន្ធនាគារ ហើយថែមទាំងបានជូនខិត្ដប័ណ្ណដល់បុរសផ្សេងនាបន្ទប់ទឹកនៅកន្លែងសម្រាកតាមផ្លូវ។ ខ្ញុំនៅតែឆ្ងល់ថាក្នុងចំណោមមនុស្សទាំងប៉ុន្មានដែលខ្ញុំបាននិយាយជាមួយ តើមានអ្នកណាបានរៀនសេចក្ដីពិតទេ?—កូរិនថូសទី១ ៣:៦, ៧

ខ្ញុំត្រូវសារភាពថា កាលខ្ញុំបានរៀនសេចក្ដីពិតនៅដើមដំបូង ខ្ញុំមិនតែងតែចេះនិយាយដោយគិតអំពីអារម្មណ៍អ្នកទៀតឡើយ ជាពិសេសពេលខ្ញុំនិយាយជាមួយនឹងគ្រួសាររបស់ខ្ញុំ។ ជួនកាល ខ្ញុំនិយាយចំពេក។ ខ្ញុំស្រឡាញ់បងចននិងបងរ៉នដែលជាបងប្រុសខ្ញុំខ្លាំងណាស់ ហើយពេលខ្ញុំផ្សព្វផ្សាយដល់ពួកគាត់ ខ្ញុំបានព្យាយាមបង្ខំពួកគាត់ឲ្យទទួលយកជំនឿថ្មីរបស់ខ្ញុំ។ ក្រោយមក ខ្ញុំត្រូវសុំអភ័យទោសពីពួកគាត់។ ប៉ុន្ដែ ខ្ញុំបន្ដអធិដ្ឋានសុំឲ្យពួកគាត់ទទួលយកសេចក្ដីពិត។ តាំងពីពេលនោះមក ព្រះយេហូវ៉ាបានជួយខ្ញុំឲ្យចេះនិយាយដោយគិតច្រើនជាងអំពីអារម្មណ៍អ្នកទៀត ពេលខ្ញុំផ្សព្វផ្សាយនិងបង្រៀន។—កូឡុស ៤:៦

បុគ្គលទៀតដែលខ្ញុំស្រឡាញ់

ចំណងមិត្ដភាពរវាងខ្ញុំនិងព្រះយេហូវ៉ាតែងតែជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំ។ ប៉ុន្ដែ មានបុគ្គលទៀតដែលខ្ញុំស្រឡាញ់ខ្លាំងណាស់ ជាពិសេសស៊ូសានប្រពន្ធជាទីស្រឡាញ់របស់ខ្ញុំ។ ខ្ញុំតែងតែចង់បានប្រពន្ធម្នាក់ដែលនឹងជួយខ្ញុំឲ្យបន្ដបម្រើព្រះយេហូវ៉ា។ ស៊ូសានគឺជាស្ដ្រីដ៏ខ្ជាប់ខ្ជួនម្នាក់ដែលស្រឡាញ់ព្រះយេហូវ៉ាខ្លាំងណាស់។ ថ្ងៃមួយ កាលដែលយើងកំពុងស្វែងយល់ចិត្ដគ្នា ខ្ញុំបានទៅលេងគាត់នៅផ្ទះឪពុកម្ដាយគាត់នារដ្ឋរ៉ូដអាយឡិន។ នៅទីនោះ គាត់កំពុងអង្គុយនៅរានហាល ដោយអានទស្សនាវដ្ដីប៉មយាមជាមួយនឹងគម្ពីរ។ អ្វីដែលខ្ញុំបានកោតស្ងើច គឺគាត់បើកមើលបទគម្ពីរទាំងអស់ ទោះជានោះមិនមែនជាអត្ថបទសិក្សាក៏ដោយ។ ខ្ញុំអាចឃើញថាចំណងមិត្ដភាពរវាងគាត់និងព្រះយេហូវ៉ា គឺសំខាន់ខ្លាំងណាស់ចំពោះគាត់។ យើងបានរៀបការនៅខែធ្នូ ឆ្នាំ១៩៧១។ ខ្ញុំសប្បាយចិត្ដណាស់ដែលខ្ញុំមានប្រពន្ធដែលគាំទ្រខ្ញុំយ៉ាងខ្លាំង។ អ្វីដែលខ្ញុំសប្បាយចិត្ដខ្លាំងបំផុត គឺទោះជាគាត់ស្រឡាញ់ខ្ញុំក្ដី គាត់ស្រឡាញ់ព្រះយេហូវ៉ាខ្លាំងជាង។

ខ្ញុំជាមួយនឹងប្រពន្ធខ្ញុំស៊ូសាននិងកូនប្រុសរបស់យើង ផលនិងចេស៊ី

ព្រះយេហូវ៉ាបានឲ្យយើងមានកូនប្រុសដ៏អស្ចារ្យពីរនាក់ គឺចេស៊ីនិងផល។ កាលដែលពួកគាត់ធំឡើង ព្រះយេហូវ៉ាបានណែនាំពួកគាត់។ (សាំយូអែលទី១ ៣:១៩) ពួកគាត់ម្នាក់មានចំណងមិត្ដភាពផ្ទាល់ជាមួយនឹងលោក ហើយនេះធ្វើឲ្យយើងសប្បាយចិត្ដជាខ្លាំង។ ពួកគាត់ម្នាក់បានបម្រើព្រះយេហូវ៉ាពេញពេលអស់រយៈពេលជាង២០ឆ្នាំមកហើយ។ ម្យ៉ាងទៀត ពួកគាត់បន្ដបម្រើលោក ដោយសារពួកគាត់បាននឹកចាំអំពីសេចក្ដីស្រឡាញ់ចំពោះលោកដែលពួកគាត់មាននៅដើមដំបូង។ ខ្ញុំក៏មានមោទនភាពដែរចំពោះកូនប្រសាស្រីដ៏ស្រស់ស្អាតទាំងពីរនាក់របស់ខ្ញុំ គឺស្ដេហ្វានីនិងរ៉ាឃែល ដែលខ្ញុំចាត់ទុកជាកូនស្រីបង្កើតរបស់ខ្ញុំ។ ខ្ញុំសប្បាយចិត្ដខ្លាំងណាស់ដែលកូនប្រុសរបស់ខ្ញុំបានរៀបការជាមួយនឹងស្ដ្រីដែលស្រឡាញ់ព្រះយេហូវ៉ាអស់ពីចិត្ដ ហើយដែលប្រើជីវិតរបស់ពួកគាត់ដើម្បីបម្រើលោក។—អេភេសូរ ៦:៦

យើងសប្បាយផ្សព្វផ្សាយជាគ្រួសារក្នុងតំបន់ដែលមិនសូវបានផ្សព្វផ្សាយ

ខ្ញុំបានបម្រើអស់រយៈពេល១៦ឆ្នាំនៅរដ្ឋរ៉ូដអាយឡិន នៅទីនោះខ្ញុំមានមិត្ដភក្ដិជាច្រើន។ ខ្ញុំនៅតែចាំអំពីពួកអ្នកចាស់ទុំដ៏ល្អប្រសើរដែលខ្ញុំបានបម្រើជាមួយ។ ខ្ញុំក៏អរគុណដែរចំពោះអ្នកធ្វើដំណើរត្រួតពិនិត្យជាច្រើននាក់ដែលបានជួយខ្ញុំ។ ការបម្រើព្រះយេហូវ៉ាជាមួយនឹងបុរសដែលបានរក្សាសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាដែលពួកគាត់មាននៅដើមដំបូងនោះ គឺជាឯកសិទ្ធិ។ នៅឆ្នាំ១៩៨៧ យើងបានរើទៅរដ្ឋន័រការ៉ូឡៃណា ដែលមានសេចក្ដីត្រូវការច្រើនជាង ហើយនៅទីនោះយើងក៏មានមិត្ដល្អជាច្រើនដែរ * (សូមមើលកំណត់សម្គាល់)។

ខ្ញុំកំពុងដឹកនាំកិច្ចប្រជុំសម្រាប់ផ្សព្វផ្សាយ កាលដែលខ្ញុំជាអ្នកធ្វើដំណើរត្រួតពិនិត្យ

នៅខែសីហា ឆ្នាំ២០០២ ស៊ូសាននិងខ្ញុំបានទទួលសេចក្ដីអញ្ជើញឲ្យបម្រើជាសមាជិកក្រុមគ្រួសារបេតអែលសហរដ្ឋអាម៉េរិក នាក្រុងផាតឺសិន។ ខ្ញុំបានធ្វើការនៅផ្នែកកិច្ចបម្រើ រីឯស៊ូសានបានធ្វើការនៅផ្នែកបោកអ៊ុត ហើយគាត់ស្រឡាញ់កិច្ចការនៅទីនោះ! នៅខែសីហា ឆ្នាំ២០០៥ ខ្ញុំបានទទួលឯកសិទ្ធិឲ្យបម្រើជាសមាជិកគណៈអភិបាល។ ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនសមនឹងទទួលភារកិច្ចថ្មីនេះទេ។ ពេលស៊ូសានពិចារណាអំពីភារកិច្ចថ្មីនោះ កិច្ចការជាច្រើន និងការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ គាត់មានអារម្មណ៍ថានេះហួសពីសមត្ថភាពរបស់គាត់។ គាត់មិនដែលចូលចិត្ដធ្វើដំណើរតាមយន្ដហោះឡើយ ប៉ុន្ដែយើងធ្វើដំណើរច្រើនតាមយន្ដហោះ។ ឱវាទដែលប្រកបដោយសេចក្ដីស្រឡាញ់ដែលមកពីភរិយារបស់សមាជិកទៀតនៃគណៈអភិបាលបានជួយគាត់យ៉ាងច្រើន។ នេះបានធ្វើឲ្យគាត់កាន់តែតាំងចិត្ដគាំទ្រខ្ញុំ ហើយខ្ញុំស្រឡាញ់គាត់ដោយសារគាត់បានធ្វើដូច្នេះ!

ក្នុងការិយាល័យរបស់ខ្ញុំ ខ្ញុំមានរូបថតដ៏ល្អជាច្រើនដែលរំលឹកខ្ញុំអំពីជីវិតដ៏សប្បាយរបស់ខ្ញុំ។ ខ្ញុំបានទទួលពរជាច្រើនដោយសារខ្ញុំខំអស់ពីសមត្ថភាពដើម្បីនឹកចាំអំពីសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាដែលខ្ញុំមាននៅដើមដំបូង!

ការចំណាយពេលជាមួយនឹងគ្រួសារខ្ញុំនាំឲ្យខ្ញុំមានអំណរក្រៃលែង

^ វគ្គ 30 មានព័ត៌មានថែមទៀតអំពីកិច្ចបម្រើពេញពេលរបស់បងម៉ូរីសនៅទំព័រ២៦ នៃទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០០៦ជាភាសាអង់គ្លេស។