លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូររក្សាភក្ដីភាពចំពោះរាជាណាចក្រព្រះ

ចូររក្សាភក្ដីភាពចំពោះរាជាណាចក្រព្រះ

«ពួកគាត់មិនរួមចំណែកក្នុងពិភពលោកទេ»។—យ៉ូហាន ១៧:១៦

ចម្រៀងលេខ: ១៨, ៥៤

១, ២. () តើការមានភក្ដីភាពចំពោះព្រះយេហូវ៉ានិងការមិនចូលខាងណាមួយក្នុងជម្លោះពិភពលោកនេះ ជាប់ទាក់ទងគ្នាយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅដើមអត្ថបទ) () តើមនុស្សជាច្រើនមានភក្ដីភាពចំពោះអ្វីខ្លះ ប៉ុន្ដែតើនេះនាំឲ្យមានលទ្ធផលយ៉ាងណា?

អ្នកបម្រើរបស់ព្រះយេហូវ៉ាកាន់ជំហរអព្យាក្រឹត ហើយមិនចូលរួមក្នុងរឿងផ្សេងដែលធ្វើឲ្យមនុស្សបែកបាក់គ្នាដូចជា ការមានសញ្ជាតិ ពូជសាសន៍ ព័ណ៌សម្បុរ ឬវប្បធម៌ខុសគ្នាឡើយ។ ហេតុអ្វី? ដោយសារយើងស្រឡាញ់ព្រះយេហូវ៉ា មានភក្ដីភាពចំពោះលោក ហើយស្តាប់បង្គាប់លោក។ (យ៉ូហានទី១ ៥:៣) ទោះជាយើងរស់នៅតំបន់ណាមកពីប្រទេសណាក៏ដោយ យើងធ្វើតាមខ្នាតតម្រារបស់ព្រះ។ ភក្ដីភាពចំពោះព្រះយេហូវ៉ានិងរាជាណាចក្ររបស់លោកគឺសំខាន់ជាងអ្វីទាំងអស់។ (ម៉ាថាយ ៦:៣៣) ហេតុនេះហើយបានជាយើងអាចនិយាយថាយើង«មិនរួមចំណែកក្នុងពិភពលោកទេ»។—សូមអាន យ៉ូហាន ១៧:១១, ១៥, ១៦; អេសាយ ២:៤

សព្វថ្ងៃនេះ មនុស្សជាច្រើនក្នុងពិភពលោកមានភក្ដីភាពចំពោះប្រទេស កុលសម្ព័ន្ធ ឬវប្បធម៌របស់ពួកគេ ឬថែមទាំងក្រុមកីឡារបស់ពួកគេទៀតផង។ គួរឲ្យស្តាយ នេះបាននាំឲ្យពួកគេជាច្រើននាក់ប្រកួតប្រជែងគ្នា ស្អប់គ្នា ហើយជួនកាលសម្លាប់ពួកអ្នកដែលមិននៅខាងពួកគេ។ ទោះជាយើងមិនរួមចំណែកក្នុងជម្លោះទាំងនេះក៏ដោយ អ្វីទាំងនេះអាចមានឥទ្ធិពលមកលើយើងនិងក្រុមគ្រួសាររបស់យើង ហើយយើងប្រហែលជាទទួលរងអំពើអយុត្ដិធម៌ក្រៃលែង។ យើងងាយស្រួលចូលខាងណាមួយ បើរដ្ឋាភិបាលធ្វើការសម្រេចចិត្ដដែលអយុត្ដិធម៌។ នោះគឺដោយសារព្រះបានបង្កើតយើងឲ្យមានសមត្ថភាពដឹងអ្វីដែលយុត្ដិធម៌អយុត្ដិធម៌។ (លោកុប្បត្ដិ ១:២៧; ចោទិយកថា ៣២:៤) តើអ្នកមានអារម្មណ៍យ៉ាងណាពេលរឿងអយុត្ដិធម៌កើតឡើង? តើអ្នកអាចរក្សាជំហរអព្យាក្រឹតទេ ឬតើអ្នកគាំទ្រម្ខាងវិញ?

គ្រិស្ដសាសនិកពិតមិនគិតថាផ្នែកមួយនៃពិភពលោករបស់សាថានគឺប្រសើរជាងផ្នែកមួយទៀតឡើយ

៣, ៤. () ពេលមានជម្លោះ ហេតុអ្វីយើងមិនគាំទ្រម្ខាង? () តើយើងនឹងពិចារណាអំពីអ្វីក្នុងអត្ថបទនេះ?

ពេលមានជម្លោះ មនុស្សជាច្រើនគាំទ្រម្ខាងៗ ដោយសាររដ្ឋាភិបាលធ្វើឲ្យពួកគេជឿថានេះជាអ្វីដែលពលរដ្ឋល្អគួរធ្វើ។ ប៉ុន្ដែយើងធ្វើតាមលោកយេស៊ូ។ ដូច្នេះយើងមិនចូលរួមក្នុងរឿងនយោបាយ ហើយក៏មិនចូលរួមក្នុងសង្គ្រាមដែរ។ (ម៉ាថាយ ២៦:៥២) គ្រិស្ដសាសនិកពិតមិនគិតថាផ្នែកមួយនៃពិភពលោករបស់សាថានគឺប្រសើរជាងផ្នែកមួយទៀតឡើយ។ (កូរិនថូសទី២ ២:១១) យើងមិនចង់ចូលរួមក្នុងជម្លោះរបស់ពិភពលោកនេះទេ។—សូមអាន យ៉ូហាន ១៥:១៨, ១៩

យើងជាមនុស្សមិនល្អឥតខ្ចោះ ដូច្នេះក្នុងចំណោមយើង បងប្អូនខ្លះប្រហែលជានៅតែមានទស្សនៈមិនល្អចំពោះមនុស្សដែលខុសពីពួកគាត់។ (យេរេមា ១៧:៩; អេភេសូរ ៤:២២-២៤) ក្នុងអត្ថបទនេះ យើងនឹងរៀនគោលការណ៍ដែលនឹងជួយយើងប្រយុទ្ធប្រឆាំង ព្រមទាំងយកឈ្នះអារម្មណ៍ទាំងនោះដែលធ្វើឲ្យមនុស្សបែកបាក់គ្នា។ យើងក៏នឹងពិចារណាដែរអំពីរបៀបដែលយើងអាចរក្សាភក្ដីភាពចំពោះរាជាណាចក្រព្រះដោយអប់រំខ្លួនយើងឲ្យមានទស្សនៈដូចព្រះយេហូវ៉ានិងលោកយេស៊ូ។

មូលហេតុដែលយើងមិនគាំទ្រផ្នែកណាមួយ នៃពិភពលោក

៥, ៦. ពេលលោកយេស៊ូនៅផែនដី តើលោកមានទស្សនៈយ៉ាងណាចំពោះក្រុមមនុស្សផ្សេងៗ ហើយហេតុអ្វី?

ពេលអ្នកពិបាករក្សាជំហរអព្យាក្រឹត ហើយចាប់ផ្ដើមមានចិត្ដលម្អៀង សូមសួរខ្លួនអ្នកថា ‹តើលោកយេស៊ូបានប្រព្រឹត្ដយ៉ាងណា?›។ កាលដែលលោកយេស៊ូនៅផែនដី មានជម្លោះនិងការខ្វែងគំនិតគ្នារវាងមនុស្សដែលមកពីស្រុកកាលីឡេ ស្រុកសាម៉ារី និងតំបន់យូឌា។ សូមគិតអំពីឧទាហរណ៍ខ្លះ៖ ជនជាតិយូដានិងជនជាតិសាម៉ារីមិននិយាយរកគ្នាទេ។ (យ៉ូហាន ៤:៩) ពួកផារិស៊ីនិងពួកសាឌូស៊ីមិនយល់ស្របគ្នាអំពីរឿងជាច្រើន។ (សកម្មភាព ២៣:៦-) ជនជាតិយូដាដែលបានរៀនច្បាប់បានគិតថាពួកគេប្រសើរជាងពួកអ្នកដែលមិនបានរៀន។ (យ៉ូហាន ៧:៤៩) ម្យ៉ាងទៀត ជនជាតិយូដាជាច្រើននាក់ស្អប់ពួកអ្នកយកពន្ធនិងជនជាតិរ៉ូម។ (ម៉ាថាយ ៩:១១) ប៉ុន្ដែ លោកយេស៊ូមិនបានរួមចំណែកក្នុងជម្លោះទាំងនោះឡើយ។ ទោះជាលោកតែងតែការពារសេចក្ដីពិតអំពីព្រះយេហូវ៉ា ហើយបានដឹងថាអ៊ីស្រាអែលគឺជាប្រជាជាតិពិសេសរបស់ព្រះក៏ដោយ លោកមិនដែលបង្រៀនពួកអ្នកកាន់តាមលោកថាពួកគេប្រសើរជាងអ្នកទៀតនោះទេ។ (យ៉ូហាន ៤:២២) ផ្ទុយទៅវិញ លោកបានបង្រៀនពួកគេឲ្យស្រឡាញ់មនុស្សទាំងអស់។—លូកា ១០:២៧

ព្រះយេហូវ៉ានិងលោកយេស៊ូមិនគិតថាពូជសាសន៍ ជនជាតិ ឬភាសាមួយគឺប្រសើរជាងមួយទៀតឡើយ

ហេតុអ្វីលោកយេស៊ូមិនបានគិតថាមនុស្សមួយក្រុមប្រសើរជាងមនុស្សមួយក្រុមទៀត? គឺដោយសារទស្សនៈដែលលោកនិងបិតាលោកមានចំពោះមនុស្ស។ ព្រះយេហូវ៉ាបានបង្កើតមនុស្សដើម្បីឲ្យពួកគេធ្វើឲ្យផែនដីពេញទៅដោយពូជសាសន៍ផ្សេងៗ។ (លោកុប្បត្ដិ ១:២៧, ២៨) ដូច្នេះ ព្រះយេហូវ៉ានិងលោកយេស៊ូមិនគិតថាពូជសាសន៍ ជនជាតិ ឬភាសាមួយគឺប្រសើរជាងមួយទៀតឡើយ។ (សកម្មភាព ១០:៣៤, ៣៥; ការបើកបង្ហាញ ៧:៩, ១៣, ១៤) យើងត្រូវធ្វើតាមគំរូដ៏ល្អឥតខ្ចោះរបស់លោកទាំងពីរ។—ម៉ាថាយ ៥:៤៣-៤៨

៧, ៨. () តើយើងគាំទ្រខាងអ្នកណា ហើយហេតុអ្វី? () ស្ដីអំពីដំណោះស្រាយចំពោះបញ្ហារបស់មនុស្សជាតិ តើយើងត្រូវចាំអំពីអ្វី?

ហេតុអ្វីយើងមិនគាំទ្រអ្នកគ្រប់គ្រងណាម្នាក់ ឬរដ្ឋាភិបាលណាមួយ? ពីព្រោះយើងគាំទ្រខាងព្រះយេហូវ៉ា។ លោកជាអ្នកគ្រប់គ្រងរបស់យើង។ នៅសួនអេដែន សាថានបាននិយាយថាព្រះយេហូវ៉ាមិនមែនជាអ្នកគ្រប់គ្រងដ៏ល្អបំផុតសម្រាប់មនុស្សជាតិនោះទេ។ សាថានចង់ឲ្យមនុស្សជឿថាការគ្រប់គ្រងរបស់វាគឺប្រសើរជាងការគ្រប់គ្រងរបស់ព្រះ។ ព្រះយេហូវ៉ាទុកឲ្យយើងសម្រេចចិត្ដដោយខ្លួនយើងថាយើងចង់គាំទ្រខាងណា។ ប៉ុន្ដែ ចុះអ្នកវិញ? តើអ្នកស្តាប់បង្គាប់ព្រះយេហូវ៉ា ដោយសារអ្នកជឿថាការណែនាំរបស់លោកគឺប្រសើរជាងចិត្ដគំនិតរបស់អ្នកទេ? តើអ្នកជឿជាក់ថាមានតែរាជាណាចក្ររបស់លោកប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហារបស់យើងទេ? ឬតើអ្នកគិតថាមនុស្សអាចគ្រប់គ្រងដោយខ្លួនឯងបានល្អ ដោយមិននៅក្រោមការគ្រប់គ្រងរបស់ព្រះឬ?—លោកុប្បត្ដិ ៣:៤, ៥

ជាឧទាហរណ៍ បើបុគ្គលណាម្នាក់សួរអ្នកអំពីទស្សនៈរបស់អ្នកចំពោះគណបក្សនយោបាយ ក្រុមសកម្មជន ឬអង្គការទៀតដែលស្រដៀងនឹងអ្វីទាំងនោះ តើអ្នកនឹងឆ្លើយយ៉ាងណា? ក្រុមទាំងនេះខ្លះប្រហែលជាមានចិត្ដស្មោះ ហើយចង់ជួយមនុស្សទៀត។ ប៉ុន្ដែ យើងទទួលស្គាល់ថាមានតែរាជាណាចក្ររបស់ព្រះយេហូវ៉ាប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហារបស់មនុស្សជាតិនិងបំបាត់អំពើអយុត្ដិធម៌ទាំងអស់បាន។ យើងក៏ធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ានៅក្នុងក្រុមជំនុំដែរ ជាជាងបុគ្គលម្នាក់ធ្វើតាមអ្វីដែលខ្លួនគាត់គិតថាល្អបំផុត។ ហេតុនេះហើយបានជាក្រុមជំនុំមានសាមគ្គីភាព។

. តើគ្រិស្ដសាសនិកខ្លះនៅសតវត្សរ៍ទី១មានបញ្ហាអ្វី ហើយតើពួកគាត់ត្រូវធ្វើអ្វី?

នៅសតវត្សរ៍ទី១ គ្រិស្ដសាសនិកខ្លះនាក្រុងកូរិនថូសបានប្រកែកគ្នាដោយនិយាយថា«‹ខ្ញុំកាន់តាមប៉ូល› ‹តែខ្ញុំកាន់តាមអាប៉ូឡុស› ‹ឯខ្ញុំកាន់តាមកេផាស› ‹តែខ្ញុំកាន់តាមគ្រិស្ដ›»។ ប៉ូលមិនសប្បាយចិត្ដទេ ពេលគាត់បានដឹងអំពីរឿងនេះ។ នេះជារឿងដ៏ធ្ងន់ធ្ងរមួយ ដោយសារក្រុមជំនុំអាចលែងមានសេចក្ដីសុខសាន្ដ។ ដូច្នេះ គាត់បាននិយាយទៅបងប្អូនរួមជំនឿថា«គ្រិស្ដបែកសាមគ្គីហើយ»។ ប៉ូលបានផ្ដល់ឱវាទដល់ពួកគេថា«បងប្អូនអើយ តាមរយៈនាមរបស់លោកយេស៊ូគ្រិស្ដជាម្ចាស់របស់យើង ខ្ញុំសូមបំផុសទឹកចិត្ដអ្នកទាំងអស់គ្នាឲ្យនិយាយដូចគ្នាទាំងអស់ ហើយមិនត្រូវមានការបែកបាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ តែត្រូវមានគំនិតឯកភាព និងមានរបៀបគិតគូរតែមួយ»។ សព្វថ្ងៃនេះក៏ដូចគ្នាដែរ មិនគួរមានការបែកបាក់គ្នាក្នុងក្រុមជំនុំឡើយ។—កូរិនថូសទី១ ១:១០-១៣; សូមអាន រ៉ូម ១៦:១៧, ១៨

១០. តើប៉ូលបានរំលឹកគ្រិស្ដសាសនិកអំពីអ្វី ហើយតើយើងអាចទាញមេរៀនអ្វីពីរឿងនោះ?

១០ ប៉ូលបានរំលឹកគ្រិស្ដសាសនិកដែលព្រះបានរើសតាំងថាពួកគាត់ជាពលរដ្ឋស្ថានសួគ៌ ហើយថាពួកគាត់មិនគួរផ្ដោតអារម្មណ៍ទៅលើ«អ្វីនៅផែនដី»ឡើយ។ (ភីលីព ៣:១៧-២០) * (សូមមើលកំណត់សម្គាល់) ពួកអ្នកដែលព្រះបានរើសតាំងគឺជាទូតដែលជាតំណាងព្រះនិងគ្រិស្ដ។ ពេលទូតម្នាក់នៅប្រទេសក្រៅ គាត់មិនចូលរួមក្នុងបញ្ហា ឬនយោបាយរបស់ប្រទេសនោះទេ។ ស្រដៀងគ្នាដែរ គឺមិនសមត្រឹមត្រូវទេដែលពួកអ្នកដែលព្រះបានរើសតាំងចូលរួមក្នុងបញ្ហានយោបាយរបស់ពិភពលោកនេះ។ (កូរិនថូសទី២ ៥:២០) ពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដីក៏មានភក្ដីភាពចំពោះរាជាណាចក្រព្រះដែរ ហើយមិនគាំទ្រម្ខាងក្នុងជម្លោះផ្សេងរបស់ពិភពលោកនេះទេ។

ចូរអប់រំខ្លួនអ្នកឲ្យមានភក្ដីភាព ចំពោះរាជាណាចក្ររបស់ព្រះយេហូវ៉ា

១១, ១២. () បើយើងចង់រក្សាភក្ដីភាពចំពោះរាជាណាចក្ររបស់ព្រះ តើយើងគួរជៀសវាងចិត្ដគំនិតបែបណា? () តើបងស្រីម្នាក់ធ្លាប់មានទស្សនៈយ៉ាងណាចំពោះមនុស្សខ្លះ ហើយតើអ្វីបានជួយគាត់ឲ្យកែប្រែទស្សនៈនោះ?

១១ នៅតំបន់ភាគច្រើនក្នុងពិភពលោកនេះ មនុស្សមានអារម្មណ៍ជិតស្និទ្ធជាមួយនឹងពួកអ្នកដែលមានប្រវត្ដិ វប្បធម៌ និងភាសាដូចពួកគេ។ ពួកគេច្រើនតែមានមោទនភាពយ៉ាងខ្លាំងចំពោះស្រុកកំណើតរបស់ខ្លួន។ ប៉ុន្ដែ យើងមិនត្រូវឲ្យចិត្ដគំនិតទាំងនេះមានឥទ្ធិពលលើយើងឡើយ។ ផ្ទុយទៅវិញ យើងត្រូវកែប្រែរបៀបគិតគូររបស់យើង ហើយត្រូវអប់រំសមត្ថភាពវិនិច្ឆ័យរបស់ខ្លួនដើម្បីយើងអាចរក្សាជំហរអព្យាក្រឹតក្នុងគ្រប់កាលៈទេសៈ។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?

១២ ជាឧទាហរណ៍ បងស្រីមាយេតា * (សូមមើលកំណត់សម្គាល់) បានកើតនៅប្រទេសដែលធ្លាប់ហៅថាយូហ្គោស្លាវី។ គាត់បានធំឡើងនៅតំបន់ដែលមនុស្សស្អប់ជនជាតិស៊ែប៊ី។ ពេលគាត់បានរៀនអំពីព្រះយេហូវ៉ា គាត់បានទទួលស្គាល់ថាលោកមិនស្រឡាញ់ជាតិសាសន៍ណាមួយច្រើនជាងជាតិសាសន៍ណាមួយឡើយ ហើយថាសាថានចង់ឲ្យមនុស្សស្អប់គ្នា។ ដូច្នេះ គាត់បានខំព្យាយាមផ្លាស់ប្ដូរទស្សនៈរបស់គាត់។ ប៉ុន្ដែ ពេលចាប់ផ្ដើមមានសង្គ្រាមរវាងជាតិសាសន៍ផ្សេងនៅតំបន់ដែលគាត់រស់នៅ បងមាយេតាចាប់ផ្ដើមមានទស្សនៈមិនល្អចំពោះជនជាតិស៊ែប៊ីម្ដងទៀត។ គាត់ថែមទាំងមិនចង់ផ្សព្វផ្សាយដល់ពួកគេទៀតផង។ គាត់ដឹងថានេះគឺខុស ដូច្នេះគាត់បានអង្វរសុំព្រះយេហូវ៉ាជួយគាត់ឈប់មានទស្សនៈបែបនេះ។ គាត់ក៏បានសុំលោកឲ្យជួយគាត់ចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយដែរ។ បងមាយេតានិយាយថា«ពេលខ្ញុំផ្ដោតអារម្មណ៍ទៅលើកិច្ចបម្រើផ្សាយ នោះបានជួយខ្ញុំច្រើនណាស់។ ក្នុងកិច្ចបម្រើផ្សាយ ខ្ញុំព្យាយាមធ្វើតាមបុគ្គលិកលក្ខណៈដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា ហើយខ្ញុំបានឃើញថាទស្សនៈមិនល្អរបស់ខ្ញុំបានរសាយទៅ»។

១៣. () តើអ្វីបានកើតឡើងចំពោះបងសូយឡា ហើយតើគាត់បានប្រព្រឹត្ដយ៉ាងណា? () តើយើងអាចរៀនអ្វីពីបទពិសោធន៍របស់បងសូយឡា?

១៣ បងស្រីសូយឡាបានរើពីប្រទេសម៉ិកស៊ិកទៅទ្វីបអឺរ៉ុប។ ក្នុងក្រុមជំនុំរបស់គាត់ មានបងប្អូនដែលមកពីប្រទេសផ្សេងទៀតនៃអាម៉េរិកឡាទីន។ បងសូយឡានិយាយថាបងប្អូនខ្លះបានមើលងាយប្រទេសកំណើតរបស់គាត់ ទំនៀមទម្លាប់ និងតន្ដ្រីរបស់ប្រទេសនោះ។ នេះបានធ្វើឲ្យគាត់មិនសប្បាយចិត្ដ ដូច្នេះគាត់បានអធិដ្ឋានសុំព្រះយេហូវ៉ាជួយគាត់កុំឲ្យឈឺចិត្ដ។ បើយើងស្ថិតក្នុងស្ថានភាពរបស់គាត់ តើយើងនឹងធ្វើយ៉ាងណា? បងប្អូនរបស់យើងខ្លះនៅតែពិបាកគ្រប់គ្រងអារម្មណ៍របស់ខ្លួន ពេលពួកគាត់គេនិយាយមិនល្អអំពីស្រុកកំណើតរបស់ពួកគាត់។ ដូច្នេះយើងនឹងមិនចង់និយាយ ឬធ្វើអ្វីណាក៏ដោយដែលនាំឲ្យមនុស្សមួយក្រុមមើលទៅប្រសើរជាងមនុស្សមួយក្រុមទៀតឡើយ។ យើងមិនចង់ធ្វើឲ្យមានការបែកបាក់គ្នានៅក្នុងក្រុមជំនុំនៅកន្លែងផ្សេងទៀតឡើយ។—រ៉ូម ១៤:១៩; កូរិនថូសទី២ ៦:៣

ចូរអធិដ្ឋានសុំព្រះយេហូវ៉ាជួយអ្នកមានទស្សនៈដូចលោកចំពោះមនុស្សទៀត

១៤. តើអ្វីអាចជួយអ្នកមានទស្សនៈដូចព្រះយេហូវ៉ាចំពោះមនុស្សទៀត?

១៤ យើងទាំងអស់គ្នាដឹងថាអ្នកបម្រើរបស់ព្រះយេហូវ៉ាមានសាមគ្គីភាពដូចជាប្រជារាស្ដ្រមួយ ដូច្នេះយើងមិនត្រូវមានអារម្មណ៍ថាតំបន់មួយ ឬប្រទេសមួយគឺប្រសើរជាងមួយទៀតឡើយ។ ប៉ុន្ដែ គ្រួសាររបស់អ្នកនិងពួកអ្នកដែលនៅតំបន់ដូចអ្នកពេលអ្នកធំឡើងប្រហែលជាមានឥទ្ធិពលលើអ្នកដែលនាំឲ្យអ្នកស្រឡាញ់ស្រុកកំណើតរបស់ខ្លួន។ ដូច្នេះ ប្រហែលជាពេលខ្លះអ្នកនៅតែមានទស្សនៈមិនត្រឹមត្រូវចំពោះមនុស្សដែលមានជាតិសាសន៍ វប្បធម៌ ភាសា ឬពូជសាសន៍ផ្សេង។ តើអ្វីអាចជួយអ្នកកែប្រែទស្សនៈនេះ? ចូររំពឹងគិតអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះមនុស្សដែលអួតអំពីប្រទេសរបស់ពួកគេ ឬដែលគិតថាពួកគេប្រសើរជាងអ្នកទៀត។ ចូរធ្វើការស្រាវជ្រាវថែមទៀតអំពីរឿងនេះ កាលដែលអ្នកសិក្សាផ្ទាល់ខ្លួន ឬគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។ រួចមក ចូរអធិដ្ឋានសុំព្រះយេហូវ៉ាជួយអ្នកមានទស្សនៈដូចលោកចំពោះមនុស្សទៀត។—សូមអាន រ៉ូម ១២:២

ដើម្បីមានភក្ដីភាពចំពោះព្រះយេហូវ៉ា យើងត្រូវស្តាប់បង្គាប់លោកទោះជាមនុស្សធ្វើអ្វីចំពោះយើងក៏ដោយ (សូមមើលវគ្គ១៥, ១៦)

១៥, ១៦. () ដោយសារយើងខុសពីអ្នកទៀត តើមនុស្សខ្លះនឹងប្រព្រឹត្ដយ៉ាងណា? () តើតាមរបៀបណាឪពុកម្ដាយអាចជួយកូនរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា?

១៥ យើងចង់បម្រើព្រះយេហូវ៉ាដោយមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស ដូច្នេះជួនកាលមនុស្សនឹងឃើញថាយើងខុសប្លែកឆ្ងាយពីអ្នករួមការងារ សិស្សរួមថ្នាក់ អ្នកជិតខាង ឬសាច់ញាតិរបស់យើង។ (ពេត្រុសទី១ ២:១៩) លោកយេស៊ូបានព្រមានយើងថាមនុស្សទៀតនឹងថែមទាំងស្អប់យើង ដោយសារយើងខុសពីគេ។ ប៉ុន្ដែ សូមចាំថាមនុស្សភាគច្រើនដែលប្រឆាំងយើង មិនដឹងអំពីរាជាណាចក្ររបស់ព្រះនោះទេ។ ដូច្នេះ ពួកគេមិនយល់អំពីមូលហេតុដែលការមានភក្ដីភាពចំពោះរាជាណាចក្រព្រះជាជាងរដ្ឋាភិបាលរបស់មនុស្ស គឺជាអ្វីដ៏សំខាន់ចំពោះយើងឡើយ។

១៦ ដើម្បីមានភក្ដីភាពចំពោះព្រះយេហូវ៉ា យើងត្រូវស្តាប់បង្គាប់លោកទោះជាមនុស្សទៀតធ្វើអ្វី ឬនិយាយអ្វីចំពោះយើងក៏ដោយ។ (ដានីយ៉ែល ៣:១៦-១៨) ជាពិសេស ប្អូនវ័យក្មេងប្រហែលជាពិបាកធ្វើជាមនុស្សខុសប្លែកពីអ្នកទៀត។ ឪពុកម្ដាយទាំងឡាយ ចូរជួយកូនរបស់អ្នកឲ្យមានចិត្ដក្លាហានពេលនៅសាលា។ ការមិនព្រមគោរពទង់ជាតិ ឬមិនចូលរួមបុណ្យជាតិទៀត ប្រហែលជាធ្វើឲ្យកូនរបស់អ្នកភ័យខ្លាច។ ក្នុងអំឡុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ អ្នកអាចរៀនឲ្យស្គាល់ទស្សនៈរបស់ព្រះយេហូវ៉ាចំពោះអ្វីទាំងនេះ។ ចូរបង្រៀនកូនអំពីរបៀបពន្យល់ជំនឿរបស់ពួកគេយ៉ាងច្បាស់និងដោយការគោរព។ (រ៉ូម ១:១៦) ម្យ៉ាងទៀត បើចាំបាច់ ចូរជួយកូនរបស់អ្នកដោយទៅនិយាយជាមួយនឹងគ្រូបង្រៀនរបស់ពួកគេ ហើយពន្យល់គ្រូនោះអំពីជំនឿរបស់យើងជាសាក្សីព្រះយេហូវ៉ា។

ចូរសប្បាយនឹងអ្វីទាំងអស់ដែលព្រះយេហូវ៉ាបានបង្កើត

១៧. តើយើងត្រូវជៀសវាងទស្សនៈបែបណា ហើយហេតុអ្វី?

១៧ ជាធម្មតាយើងចូលចិត្ដអាហារ ភាសា ទេសភាព និងទំនៀមទម្លាប់នៅតំបន់ដែលយើងធំឡើង។ ប៉ុន្ដែ តើយើងមានអារម្មណ៍ថាអ្វីទាំងនោះតែងតែប្រសើរជាងអ្វីដែលអ្នកទៀតចូលចិត្ដទេ? ព្រះយេហូវ៉ាចង់ឲ្យយើងសប្បាយរីករាយនឹងអ្វីផ្សេងដែលលោកបានបង្កើត។ (ទំនុកតម្កើង ១០៤:២៤; ការបើកបង្ហាញ ៤:១១) ដូច្នេះ យើងគ្មានមូលហេតុអះអាងថារបៀបរបបប្រទេសរបស់ខ្លួនគឺប្រសើរជាងរបៀបរបបប្រទេសទៀតឡើយ មែនទេ?

ព្រះយេហូវ៉ាចង់ឲ្យ មនុស្សគ្រប់ប្រភេទ រស់ជារៀងរហូត

១៨. ហេតុអ្វីការមានទស្សនៈដូចព្រះយេហូវ៉ាចំពោះអ្នកទៀត គឺមានប្រយោជន៍សម្រាប់យើង?

១៨ ព្រះយេហូវ៉ាចង់ឲ្យមនុស្សគ្រប់ប្រភេទរៀនអំពីលោក គោរពប្រណិប័តន៍លោក និងរស់ជារៀងរហូត។ (យ៉ូហាន ៣:១៦; ធីម៉ូថេទី១ ២:៣, ៤) ហេតុនេះ ពេលបងប្អូនរបស់យើងមានគំនិតដែលខុសពីគំនិតយើង យើងសុខចិត្ដស្តាប់ពួកគាត់ ដរាបណាគំនិតរបស់ពួកគាត់នាំឲ្យព្រះយេហូវ៉ាពេញចិត្ដ។ បើយើងធ្វើដូច្នេះ ជីវិតរបស់យើងមានន័យខ្លឹមសារនិងសប្បាយរីករាយ ហើយយើងរក្សាសាមគ្គីភាពជាមួយនឹងបងប្អូនរួមជំនឿ។ ដូចយើងបានពិចារណាហើយ ដោយសារយើងមានភក្ដីភាពចំពោះព្រះយេហូវ៉ានិងរាជាណាចក្ររបស់លោក នោះយើងមិនគាំទ្រម្ខាងក្នុងជម្លោះពិភពលោកនេះឡើយ។ យើងស្អប់អំណួតនិងការប្រកួតប្រជែងគ្នាក្នុងពិភពលោករបស់សាថាន។ ដោយសារព្រះយេហូវ៉ាបានបង្រៀនយើងឲ្យស្រឡាញ់សន្ដិភាពនិងឲ្យមានចិត្ដរាបទាប នោះយើងដឹងគុណលោកខ្លាំងណាស់! យើងមានអារម្មណ៍ដូចអ្នកតែងទំនុកតម្កើងដែលបាននិយាយថា«មើល! ដែលបងប្អូននៅមូលជាមួយគ្នាដោយចិត្ដព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ!»។—ទំនុកតម្កើង ១៣៣:១

^ វគ្គ 10 បុគ្គលខ្លះក្នុងក្រុមជំនុំក្រុងភីលីពប្រហែលជាមានសញ្ជាតិរ៉ូម ហេតុនេះហើយបានជាពួកគាត់មានសិទ្ធិច្រើនជាងបងប្អូនដែលមិនមែនជាពលរដ្ឋរ៉ូម។

^ វគ្គ 12 ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។