លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរត្រៀមខ្លួននៅឥឡូវនេះសម្រាប់ជីវិតក្នុងពិភពលោកថ្មី

ចូរត្រៀមខ្លួននៅឥឡូវនេះសម្រាប់ជីវិតក្នុងពិភពលោកថ្មី

«ប្រាប់ពួកគេឲ្យព្យាយាមធ្វើអំពើល្អ . . . ធ្វើដូច្នេះ ពួកគេនឹងចាប់យ៉ាងជាប់នូវជីវិតដ៏ពិតប្រាកដ»។—ធីម៉ូថេទី១ ៦:១៨, ១៩

ចម្រៀងលេខ: ៤៣, ៤០

១, ២. () នៅសួនឧទ្យាន តើអ្នកទន្ទឹងរង់ចាំអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ) () តើអ្វីនឹងនាំឲ្យយើងមានអំណរខ្លាំងបំផុតនៅពិភពលោកថ្មី?

យើងពិតជាទន្ទឹងរង់ចាំ«ជីវិតដែលគ្មានទីបញ្ចប់»។ សាវ័កប៉ូលបានបញ្ជាក់ថានេះគឺជា«ជីវិតដ៏ពិតប្រាកដ»។ (សូមអាន ធីម៉ូថេទី១ ៦:១២, ១៩) ចំពោះយើងភាគច្រើន «ជីវិតដ៏ពិតប្រាកដ»មានន័យថាជីវិតដែលគ្មានទីបញ្ចប់ក្នុងសួនឧទ្យាននៅផែនដី។ យើងពិបាកស្រមៃគិតថាជីវិតនឹងទៅជាយ៉ាងណា កាលដែលយើងភ្ញាក់ឡើងជារៀងរាល់ព្រឹកដោយមានសុខភាពល្អ ស្កប់ចិត្ដ ហើយមានចិត្ដសប្បាយ។ (អេសាយ ៣៥:៥, ៦) សូមគិតថាអ្នកនឹងសប្បាយយ៉ាងណា ពេលអ្នកចំណាយពេលជាមួយនឹងគ្រួសារនិងមិត្ដភក្ដិរបស់អ្នក រួមទាំងពួកអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ។ (យ៉ូហាន ៥:២៨, ២៩; សកម្មភាព ២៤:១៥) អ្នកនឹងមានពេលរៀនជំនាញថ្មី ហើយកាន់តែពូកែធ្វើអ្វីដែលអ្នកចូលចិត្ដធ្វើ។ ជាឧទាហរណ៍ អ្នកអាចរៀនថែមទៀតអំពីវិទ្យាសាស្ដ្រ។ ឬមួយក៏អ្នកអាចរៀនអំពីរបៀបលេងឧបករណ៍ភ្លេងផ្សេងៗ ឬរបៀបរចនាប្លង់ផ្ទះរបស់អ្នក។

ទោះជាយើងទន្ទឹងរង់ចាំអ្វីដ៏ល្អទាំងអស់នេះក៏ដោយ ការគោរពប្រណិប័តន៍ព្រះយេហូវ៉ានឹងនាំឲ្យយើងមានអំណរខ្លាំងបំផុត។ សូមស្រមៃគិតថាជីវិតនឹងទៅជាយ៉ាងណា ពេលមនុស្សទាំងអស់ចាត់ទុកនាមព្រះយេហូវ៉ាថាបរិសុទ្ធ ហើយទទួលយកព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងរបស់ពួកគេ។ (ម៉ាថាយ ៦:៩, ១០) យើងនឹងរំភើបចិត្ដដោយឃើញផែនដីពោរពេញទៅដោយមនុស្សល្អឥតខ្ចោះ ដូចគោលបំណងដើមរបស់ព្រះ។ ម្យ៉ាងទៀត សូមគិតថាការពង្រឹងចំណងមិត្ដភាពរវាងយើងនិងព្រះយេហូវ៉ានឹងងាយស្រួលជាងឆ្ងាយណាស់ កាលដែលយើងក្លាយទៅជាល្អឥតខ្ចោះបន្ដិចម្ដង!—ទំនុកតម្កើង ៧៣:២៨; យ៉ាកុប ៤:៨

. តើឥឡូវនេះយើងគួរត្រៀមខ្លួនសម្រាប់អ្វី?

យើងទុកចិត្ដថាព្រះយេហូវ៉ានឹងធ្វើអ្វីដ៏អស្ចារ្យទាំងអស់នេះ ពីព្រោះ«ព្រះអាចសម្រេចគ្រប់ការទាំងអស់បាន»។ (ម៉ាថាយ ១៩:២៥, ២៦) បើយើងចង់រស់ជារៀងរហូតនៅក្នុងពិភពលោកថ្មី ឥឡូវនេះគឺជាពេលដែលយើងត្រូវ«ចាប់យ៉ាងជាប់»នូវជីវិតដែលគ្មានទីបញ្ចប់។ យើងដឹងថាទីបញ្ចប់នឹងមកនៅពេលឆាប់នេះ ហេតុនេះយើងត្រូវមានរបៀបរស់នៅដែលបង្ហាញថាយើងជឿជាក់ថាទីបញ្ចប់នឹងមកដល់មិនថានៅពេលណាទេ។ យើងត្រូវធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើបានឥឡូវនេះដើម្បីត្រៀមខ្លួនសម្រាប់ជីវិតនៅពិភពលោកថ្មី។ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចធ្វើដូច្នោះ។

តើយើងអាចត្រៀមខ្លួនយ៉ាងដូចម្ដេច?

. នៅឥឡូវនេះ តើយើងអាចត្រៀមខ្លួនយ៉ាងដូចម្ដេចសម្រាប់ជីវិតនៅពិភពលោកថ្មី? សូមលើកឧទាហរណ៍មួយ។

នៅឥឡូវនេះ តើយើងអាចត្រៀមខ្លួនយ៉ាងដូចម្ដេចសម្រាប់ជីវិតនៅពិភពលោកថ្មី? បើយើងមានគម្រោងទៅរស់នៅប្រទេសមួយទៀត យើងប្រហែលជាធ្វើអ្វីមួយចំនួនដើម្បីត្រៀមខ្លួនសម្រាប់ជីវិតនៅប្រទេសនោះ។ ជាឧទាហរណ៍ យើងប្រហែលជាចាប់ផ្ដើមរៀនភាសានិងទំនៀមទម្លាប់របស់មនុស្សដែលរស់នៅទីនោះ។ យើងប្រហែលជាសាកបរិភោគម្ហូបអាហារខ្លះរបស់ពួកគេ។ ស្រដៀងគ្នាដែរ យើងអាចត្រៀមខ្លួនឥឡូវនេះសម្រាប់ជីវិតនៅពិភពលោកថ្មីដោយធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីមានរបៀបរស់នៅដែលហាក់ដូចជាយើងនៅពិភពលោកថ្មីរួចហើយ។ យើងនឹងពិចារណាអំពីរបៀបខ្លះដែលយើងអាចធ្វើដូច្នេះ។

៥, ៦. តើការរៀនធ្វើតាមការណែនាំពីអង្គការព្រះយេហូវ៉ានឹងជួយយើងយ៉ាងដូចម្ដេចឲ្យត្រៀមខ្លួនសម្រាប់ជីវិតនៅពិភពលោកថ្មី?

នៅពិភពលោកនេះ សាថានចង់ឲ្យមនុស្សគិតថាពួកគេអាចធ្វើអ្វីក៏ដោយដែលពួកគេចូលចិត្ដ។ មនុស្សជាច្រើនគិតថាជាការសំខាន់ដែលពួកគេធ្វើតាមចិត្ដរបស់ពួកគេ ហើយថាពួកគេមិនចាំបាច់ស្តាប់បង្គាប់ព្រះឡើយ។ តើពួកគេបានទទួលលទ្ធផលយ៉ាងណា? ពួកគេមានការឈឺចាប់ជាច្រើន ហើយគ្មានជីវិតដ៏សប្បាយ។ (យេរេមា ១០:២៣) ប៉ុន្ដែព្រះយេហូវ៉ាគឺជាអ្នកគ្រប់គ្រងដែលមានសេចក្ដីស្រឡាញ់។ នៅពិភពលោកថ្មី ជីវិតនឹងល្អប្រសើរជាងយ៉ាងណាទៅ ពេលមនុស្សគ្រប់រូបស្តាប់បង្គាប់លោក!

នៅពិភពលោកថ្មី យើងនឹងសប្បាយចិត្ដធ្វើតាមការណែនាំពីអង្គការព្រះយេហូវ៉ា ដើម្បីជួយធ្វើឲ្យផែនដីក្លាយទៅជាសួនឧទ្យានដ៏ស្អាតនិងជួយបង្រៀនពួកអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ព្រះយេហូវ៉ានឹងផ្ដល់ឲ្យយើងនូវកិច្ចការជាច្រើន។ ប៉ុន្ដែ ចុះយ៉ាងណាបើពួកអ្នកនាំមុខសុំយើងឲ្យធ្វើអ្វីមួយដែលយើងមិនសូវចូលចិត្ដធ្វើ? តើយើងនឹងស្តាប់បង្គាប់ទេ? តើយើងនឹងខំអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ចរបស់យើងដោយចិត្ដសប្បាយទេ? ដើម្បីត្រៀមខ្លួនសម្រាប់ជីវិតដែលគ្មានទីបញ្ចប់នៅពិភពលោកថ្មី យើងត្រូវធ្វើតាមការណែនាំពីអង្គការព្រះយេហូវ៉ានៅពេលឥឡូវនេះ។

៧, ៨. () ហេតុអ្វីយើងគួរសហការជាមួយនឹងពួកអ្នកនាំមុខ? () តើគ្រិស្ដសាសនិកខ្លះបានឆ្លងកាត់ការផ្លាស់ប្ដូរអ្វីខ្លះ? () នៅពិភពលោកថ្មី តើយើងអាចប្រាកដអំពីអ្វី?

បើយើងចង់ប្រុងប្រៀបជាស្រេចសម្រាប់ជីវិតនៅពិភពលោកថ្មី យើងត្រូវរៀនឲ្យចេះស្កប់ចិត្ដនិងចេះសហការជាមួយនឹងអង្គការព្រះយេហូវ៉ា ហើយចេះសហការគ្នាដែរ។ ជាឧទាហរណ៍ ពេលយើងទទួលភារកិច្ចថ្មី យើងសុខចិត្ដសហការ ហើយខំអស់ពីសមត្ថភាពដើម្បីស្កប់ចិត្ដនិងមានចិត្ដអរសប្បាយ។ បើយើងសហការជាមួយនឹងពួកអ្នកនាំមុខនៅពេលឥឡូវនេះ យើងទំនងជានឹងធ្វើដូច្នេះដែរនៅពិភពលោកថ្មី។ (សូមអាន ហេប្រឺ ១៣:១៧) ពេលជនជាតិអ៊ីស្រាអែលចូលទៅក្នុងស្រុកដែលព្រះបានសន្យា ពួកគេត្រូវរស់នៅកន្លែងដែលពួកគេបានត្រូវចាត់ឲ្យទៅ។ (ជនគណនា ២៦:៥២-៥៦; យ៉ូស្វេ ១៤:១, ២) នៅពិភពលោកថ្មី យើងមិនដឹងថាយើងម្នាក់នឹងត្រូវចាត់ឲ្យរស់នៅកន្លែងណាឡើយ។ ប៉ុន្ដែ បើយើងបានរៀនឲ្យចេះសហការ យើងនឹងសប្បាយធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ានៅកន្លែងណាក៏ដោយដែលយើងរស់នៅ។

សូមស្រមៃគិតថាការបម្រើក្នុងពិភពលោកថ្មីរបស់ព្រះនៅក្រោមការគ្រប់គ្រងនៃរាជាណាចក្រ ច្បាស់ជាឯកសិទ្ធិដ៏ខ្ពង់ខ្ពស់មែន! អាស្រ័យហេតុនេះ យើងសប្បាយសហការជាមួយនឹងអង្គការព្រះយេហូវ៉ានៅពេលឥឡូវនេះ ហើយធ្វើអ្វីក៏ដោយដែលអង្គការព្រះចាត់ឲ្យយើងធ្វើ។ ប៉ុន្ដែ ជួនកាលភារកិច្ចរបស់យើងប្រហែលជាផ្លាស់ប្ដូរ។ ជាឧទាហរណ៍ សមាជិកបេតអែលខ្លះនាសហរដ្ឋអាម៉េរិកបានត្រូវចាត់ឲ្យបំពេញកិច្ចបម្រើពេញពេលផ្សេងទៀត។ ម្យ៉ាងទៀត ដោយសារមានវ័យចាស់ស្ថានភាពទៀត អ្នកធ្វើដំណើរត្រួតពិនិត្យខ្លះបានត្រូវចាត់ឲ្យបម្រើជាអ្នកត្រួសត្រាយពិសេស។ ពួកគាត់សប្បាយនឹងភារកិច្ចថ្មីនោះ ហើយព្រះយេហូវ៉ាកំពុងឲ្យពរពួកគាត់។ បើយើងអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា ធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើបានដើម្បីបម្រើលោក ហើយរៀនឲ្យចេះស្កប់ចិត្ដនឹងភារកិច្ចណាក៏ដោយដែលយើងទទួល នោះយើងនឹងមានចិត្ដសប្បាយ ហើយព្រះយេហូវ៉ានឹងឲ្យពរយើង។ (សូមអាន សុភាសិត ១០:២២) ចុះយ៉ាងណានៅពិភពលោកថ្មី បើយើងចង់រស់នៅតំបន់មួយ ប៉ុន្ដែអង្គការព្រះយេហូវ៉ាសុំយើងឲ្យរើទៅតំបន់មួយទៀត? នៅពេលនោះ កន្លែងដែលយើងរស់នៅ ឬអ្វីដែលយើងធ្វើ នឹងមិនសំខាន់ឡើយ។ យើងនឹងសប្បាយចិត្ដដោយសារយើងកំពុងរស់នៅក្នុងពិភពលោកថ្មី។—នេហេមា ៨:១០

៩, ១០. () នៅពិភពលោកថ្មី ហេតុអ្វីយើងប្រហែលជានឹងត្រូវមានចិត្ដអត់ធ្មត់? () តើតាមរបៀបណាយើងអាចបង្ហាញថាយើងមានចិត្ដអត់ធ្មត់នៅពេលឥឡូវនេះ?

នៅពិភពលោកថ្មី ជួនកាលយើងប្រហែលជានឹងត្រូវមានចិត្ដអត់ធ្មត់។ ជាឧទាហរណ៍ យើងប្រហែលជាថាបុគ្គលខ្លះរំភើបចិត្ដខ្លាំងណាស់ដោយសារញាតិសន្ដាននិងមិត្ដភក្ដិរបស់ពួកគេបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ប៉ុន្ដែ យើងប្រហែលជាត្រូវរង់ចាំការប្រោសឲ្យរស់ឡើងវិញនៃបុគ្គលជាទីស្រឡាញ់របស់យើង។ បើនោះកើតឡើង តើយើងនឹងអរសប្បាយជាមួយនឹងអ្នកទៀត ហើយមានចិត្ដអត់ធ្មត់ទេ? (រ៉ូម ១២:១៥) បើឥឡូវនេះយើងរៀនឲ្យចេះអត់ធ្មត់កាលដែលយើងរង់ចាំព្រះយេហូវ៉ាធ្វើតាមសេចក្ដីសន្យារបស់លោក នេះនឹងជួយយើងមានចិត្ដអត់ធ្មត់នៅពេលនោះ។សាស្តា ៧:៨

១០ យើងក៏អាចត្រៀមខ្លួនដែរសម្រាប់ពិភពលោកថ្មី ដោយមានចិត្ដអត់ធ្មត់ពេលយើងទទួលការផ្លាស់ប្ដូរខាងការយល់ដឹងរបស់យើងអំពីសេចក្ដីពិតក្នុងគម្ពីរ។ តើយើងសិក្សាព័ត៌មានថ្មីនោះទេ? ហើយតើយើងមានចិត្ដអត់ធ្មត់ទេបើយើងមិនយល់ព័ត៌មានថ្មីនោះច្បាស់? បើដូច្នេះមែន នៅពិភពលោកថ្មី យើងនឹងងាយស្រួលមានចិត្ដអត់ធ្មត់ជាង រាល់លើកដែលព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវការណែនាំថ្មី។—សុភាសិត ៤:១៨; យ៉ូហាន ១៦:១២

១១. ហេតុអ្វីឥឡូវនេះយើងគួររៀនឲ្យចេះអភ័យទោសឲ្យអ្នកទៀត ហើយតើនេះនឹងជួយយើងយ៉ាងណានៅពិភពលោកថ្មី?

១១ របៀបមួយទៀតដែលយើងអាចត្រៀមខ្លួនសម្រាប់ជីវិតនៅពិភពលោកថ្មី គឺដោយរៀនឲ្យចេះអភ័យទោស។ ដើម្បីឲ្យមនុស្សគ្រប់រូបក្លាយទៅជាល្អឥតខ្ចោះក្នុងអំឡុងការគ្រប់គ្រង១.០០០ឆ្នាំរបស់គ្រិស្ដ នោះនឹងត្រូវការមួយរយៈពេល។ (សកម្មភាព ២៤:១៥) តើយើងនឹងបង្ហាញសេចក្ដីស្រឡាញ់ ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកទេ? បើយើងរៀនឲ្យចេះអភ័យទោសឲ្យអ្នកទៀត ហើយមានទំនាក់ទំនងដ៏ល្អជាមួយនឹងពួកគេនៅឥឡូវនេះ យើងនឹងងាយស្រួលធ្វើដូច្នេះជាងនៅពិភពលោកថ្មី។—សូមអាន កូឡុស ៣:១២-១៤

នៅពិភពលោកថ្មី យើងនឹងត្រូវការគុណសម្បត្ដិដែលព្រះយេហូវ៉ាកំពុងបង្រៀនយើងឲ្យបង្ហាញនៅឥឡូវនេះ

១២. ហេតុអ្វីឥឡូវនេះយើងគួរត្រៀមខ្លួនសម្រាប់ជីវិតនៅពិភពលោកថ្មី?

១២ នៅពិភពលោកថ្មី យើងប្រហែលជាមិនតែងតែមានអ្វីដែលយើងចង់បានទេ ឬយើងប្រហែលជាត្រូវរង់ចាំដើម្បីមានអ្វីនោះ។ យើងនឹងត្រូវចេះដឹងគុណនិងស្កប់ចិត្ដ ទោះជាយើងស្ថិតក្នុងស្ថានភាពណាក៏ដោយ។ តាមពិត យើងនឹងត្រូវការគុណសម្បត្ដិដែលព្រះយេហូវ៉ាកំពុងបង្រៀនយើងឲ្យបង្ហាញនៅឥឡូវនេះ។ ហេតុនេះ ដោយរៀនបង្ហាញគុណសម្បត្ដិទាំងនេះនៅឥឡូវនេះ យើងបង្ហាញថាពិភពលោកថ្មីគឺជាអ្វីដែលពិតប្រាកដចំពោះយើង ហើយបង្ហាញថាយើងកំពុងត្រៀមខ្លួនសម្រាប់ជីវិតដែលគ្មានទីបញ្ចប់។ (ហេប្រឺ ២:៥; ១១:១) យើងក៏នឹងបង្ហាញដែរថាយើងពិតជាចង់រស់នៅក្នុងពិភពលោកមួយដែលមនុស្សគ្រប់រូបស្តាប់បង្គាប់ព្រះយេហូវ៉ា។

ចូរផ្ដោតអារម្មណ៍ទៅលើការបម្រើព្រះយេហូវ៉ា

ចូរផ្សព្វផ្សាយដំណឹងល្អយ៉ាងខ្នះខ្នែង

១៣. តើយើងនឹងចាត់ទុកអ្វីថាសំខាន់បំផុតក្នុងជីវិតរបស់យើងនៅពិភពលោកថ្មី?

១៣ នៅពិភពលោកថ្មី យើងនឹងមានអ្វីទាំងអស់ដែលយើងត្រូវការដើម្បីសប្បាយនឹងជីវិត។ ប៉ុន្ដែ យើងនឹងមានអំណរខ្លាំងបំផុតដោយសារយើងមានចំណងមិត្ដភាពដ៏ជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ (ម៉ាថាយ ៥:៣) យើងនឹងជាប់រវល់ក្នុងការបម្រើព្រះយេហូវ៉ា ហើយយើងនឹងសប្បាយបម្រើលោក។ (ទំនុកតម្កើង ៣៧:៤) ហេតុនេះ ពេលយើងចាត់ទុកព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតរបស់យើងនៅពេលឥឡូវនេះ នោះយើងកំពុងត្រៀមខ្លួនសម្រាប់ជីវិតនៅពិភពលោកថ្មី។—សូមអាន ម៉ាថាយ ៦:១៩-២១

១៤. តើប្អូនវ័យក្មេងអាចកំណត់គោលដៅអ្វីខ្លះក្នុងកិច្ចបម្រើព្រះយេហូវ៉ា?

១៤ តើតាមរបៀបណាយើងអាចកាន់តែសប្បាយបម្រើព្រះយេហូវ៉ា? របៀបមួយគឺកំណត់គោលដៅ។ បើអ្នកមានវ័យក្មេង សូមគិតឲ្យបានដិតដល់អំពីការប្រើជីវិតរបស់អ្នកដើម្បីបម្រើព្រះយេហូវ៉ា។ សូមធ្វើការស្រាវជ្រាវនៅក្នុងសៀវភៅរបស់យើងអំពីប្រភេទផ្សេងនៃកិច្ចបម្រើពេញពេល។ អ្នកអាចជ្រើសរើសកិច្ចបម្រើណាមួយក្នុងចំណោមកិច្ចបម្រើពេញពេលទាំងនោះជាគោលដៅ។ * (សូមមើលកំណត់សម្គាល់) សូមនិយាយជាមួយនឹងបងប្អូនខ្លះដែលបានបម្រើព្រះយេហូវ៉ាពេញពេលអស់ជាច្រើនឆ្នាំ។ បើអ្នកប្រើជីវិតរបស់អ្នកដើម្បីបម្រើព្រះយេហូវ៉ា អ្នកនឹងទទួលការបង្ហាត់បង្រៀនដ៏មានតម្លៃ។ បទពិសោធន៍នេះនឹងជួយអ្នកឲ្យបម្រើព្រះយេហូវ៉ានៅពិភពលោកថ្មី។

ចូរកំណត់គោលដៅក្នុងកិច្ចបម្រើព្រះយេហូវ៉ា

១៥. តើមានគោលដៅអ្វីទៀតក្នុងកិច្ចបម្រើព្រះយេហូវ៉ាដែលយើងអាចកំណត់បាន?

១៥ មានគោលដៅជាច្រើនក្នុងកិច្ចបម្រើព្រះយេហូវ៉ាដែលយើងអាចកំណត់បាន។ ជាឧទាហរណ៍ យើងអាចកំណត់គោលដៅដើម្បីរៀនបង្កើនសមត្ថភាពក្នុងផ្នែកណាមួយនៃកិច្ចបម្រើផ្សាយ។ ឬមួយយើងអាចព្យាយាមយល់គោលការណ៍គម្ពីរឲ្យបានប្រសើរជាង ហើយរៀនអំពីរបៀបដែលយើងអាចអនុវត្ដគោលការណ៍ទាំងនោះក្នុងជីវិតរបស់យើង។ យើងអាចព្យាយាមធ្វើឲ្យការអានសម្រាប់កិច្ចប្រជុំ ឬសុន្ទរកថា និងចម្លើយរបស់យើងនៅកិច្ចប្រជុំកាន់តែប្រសើរឡើង។ ចំណុចសំខាន់គឺ ពេលអ្នកកំណត់គោលដៅក្នុងកិច្ចបម្រើព្រះយេហូវ៉ា នេះនឹងជួយអ្នកឲ្យកាន់តែមានចិត្ដខ្នះខ្នែង ហើយត្រៀមខ្លួនសម្រាប់ជីវិតនៅពិភពលោកថ្មី។

របៀបរស់នៅដ៏ប្រសើរបំផុតនៅឥឡូវនេះ

ចូរដឹងគុណព្រះយេហូវ៉ាចំពោះអ្វីទាំងអស់ដែលលោកផ្ដល់ឲ្យអ្នក

១៦. ហេតុអ្វីការបម្រើព្រះយេហូវ៉ាគឺជារបៀបរស់នៅដ៏ប្រសើរបំផុត?

១៦ ពេលយើងប្រើពេលវេលារបស់យើងដើម្បីត្រៀមខ្លួនសម្រាប់ពិភពលោកថ្មីរបស់ព្រះ តើយើងខានទទួលប្រយោជន៍ពីជីវិតសព្វថ្ងៃនេះទេ? មិនមែនទេ! ការបម្រើព្រះយេហូវ៉ាគឺជារបៀបរស់នៅដ៏ប្រសើរបំផុត។ យើងមិនបម្រើលោកដោយសារអ្នកណាម្នាក់បង្ខំយើងឲ្យធ្វើដូច្នេះ ឬគ្រាន់តែដើម្បីឲ្យរួចជីវិតនៅគ្រាទុក្ខវេទនាជាខ្លាំងប៉ុណ្ណោះទេ។ ពេលយើងមានចំណងមិត្ដភាពដ៏ល្អជាមួយនឹងព្រះយេហូវ៉ា ជីវិតរបស់យើងគឺប្រសើរជាង ហើយយើងក៏សប្បាយជាងដែរ។ លោកបានបង្កើតយើងឲ្យមានរបៀបរស់នៅបែបនោះ។ ការទទួលសេចក្ដីស្រឡាញ់ពីព្រះនិងការណែនាំពីលោកក្នុងជីវិតរបស់យើង គឺប្រសើរជាងអ្វីផ្សេងទៀតឆ្ងាយណាស់។ (សូមអាន ទំនុកតម្កើង ៦៣:១-) យើងទាំងអស់គ្នាអាចមានអំណរដែលមកពីការគោរពប្រណិប័តន៍ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ដ។ បងប្អូនខ្លះដែលបានបម្រើលោកអស់ជាច្រើនឆ្នាំពិតជាអាចនិយាយថា នេះគឺជារបៀបរស់នៅដ៏ប្រសើរបំផុត។—ទំនុកតម្កើង ១:១-៣; អេសាយ ៥៨:១៣, ១៤

ចូរស្វែងរកការណែនាំពីគម្ពីរ

១៧. តើការធ្វើអ្វីដែលយើងចូលចិត្ដធ្វើនិងការកម្សាន្ដ នឹងសំខាន់យ៉ាងណានៅសួនឧទ្យាន?

១៧ នៅសួនឧទ្យាន យើងនឹងសប្បាយចំណាយពេលខ្លះរបស់យើងដើម្បីធ្វើអ្វីដែលយើងចូលចិត្ដធ្វើ និងដើម្បីកម្សាន្ដសប្បាយ។ ព្រះយេហូវ៉ាគឺជាអ្នកដែលបានបង្កើតយើងឲ្យចង់សប្បាយ ហើយលោកសន្យាថាលោកនឹង«បំពេញចិត្ដប្រាថ្នានៃជីវិតទាំងឡាយ»។ (ទំនុកតម្កើង ១៤៥:១៦; សាស្តា ២:២៤) យើងត្រូវការការកម្សាន្ដ និងការសម្រាកលម្ហែកាយ ប៉ុន្ដែយើងសប្បាយនឹងអ្វីទាំងនោះកាន់តែខ្លាំង កាលណាយើងចាត់ទុកចំណងមិត្ដភាពជាមួយនឹងព្រះយេហូវ៉ាថាសំខាន់បំផុត។ នៅពិភពលោកថ្មីក៏នឹងដូច្នេះដែរ។ ហេតុនេះ គឺជាការល្អដែលយើងបន្ដ‹ស្វែងរករាជាណាចក្រជាមុន› ហើយផ្ដោតអារម្មណ៍ទៅលើពរដែលយើងទទួលពីការបម្រើព្រះយេហូវ៉ា។—ម៉ាថាយ ៦:៣៣

ពេលយើងមានចំណងមិត្ដភាពដ៏ល្អជាមួយនឹងព្រះយេហូវ៉ា ជីវិតរបស់យើងគឺប្រសើរជាង ហើយយើងក៏សប្បាយជាងដែរ

១៨. តើតាមរបៀបណាយើងអាចបង្ហាញថាយើងកំពុងត្រៀមខ្លួនដើម្បីរស់ជារៀងរហូតនៅសួនឧទ្យាន?

១៨ នៅពិភពលោកថ្មី ជីវិតនឹងប្រសើរជាងការស្រមៃគិតរបស់យើងទៅទៀត។ សូមឲ្យយើងបង្ហាញថាយើងចង់នៅទីនោះខ្លាំងណាស់ ដោយត្រៀមខ្លួននៅពេលឥឡូវនេះសម្រាប់«ជីវិតដ៏ពិតប្រាកដ»។ ព្រះយេហូវ៉ាបង្រៀនយើងឲ្យបង្ហាញគុណសម្បត្ដិផ្សេងៗ ដូច្នេះសូមឲ្យយើងបណ្ដុះគុណសម្បត្ដិទាំងនោះ ហើយសូមឲ្យយើងផ្សព្វផ្សាយដំណឹងល្អដោយចិត្ដខ្នះខ្នែង។ សូមឲ្យយើងមានអំណរដែលមកពីការចាត់ទុកការគោរពប្រណិប័តន៍ព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតរបស់យើង។ យើងមានទំនុកចិត្ដទាំងស្រុងថានៅពិភពលោកថ្មី ព្រះយេហូវ៉ានឹងធ្វើអ្វីទាំងអស់ដែលលោកបានសន្យា។ ហេតុនេះ សូមឲ្យយើងមានរបៀបរស់នៅដែលហាក់ដូចជាយើងរស់នៅទីនោះរួចហើយ!