លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរទន្ទឹងរង់ចាំចុះ!

ចូរទន្ទឹងរង់ចាំចុះ!

«បើសិនជាបង្អង់យូរ ក៏ចូររង់ចាំចុះ!»។—ហាបាគុក ២:៣

ចម្រៀងលេខ: ៣២, ៤៥

១, ២. តើអ្នកបម្រើព្រះយេហូវ៉ាមានចិត្ដគំនិតបែបណា?

អ្នកបម្រើព្រះយេហូវ៉ាបានរង់ចាំដោយចិត្ដអត់ធ្មត់នូវការសម្រេចនៃទំនាយផ្សេងៗ។ ជាឧទាហរណ៍ យេរេមាបានជឿជាក់ថាជនជាតិបាប៊ីឡូននឹងបំផ្លាញស្រុកយូដា ហើយនេះបានកើតឡើងនៅឆ្នាំ៦០៧មុន គ.ស.។ (យេរេមា ២៥:៨-១១) អេសាយបានប្រកាសទុកជាមុនថាព្រះយេហូវ៉ានឹងធ្វើឲ្យជនជាតិយូដាត្រឡប់ពីនិរទេសទៅស្រុកយូដាវិញ ហើយគាត់បាននិយាយថា«មានពរហើយ អស់អ្នកណាដែលរង់ចាំទ្រង់»។ (អេសាយ ៣០:១៨) មីកាក៏បានជឿជាក់ដែរថាសេចក្ដីសន្យារបស់ព្រះយេហូវ៉ានឹងក្លាយទៅជាការពិត ហើយបាននិយាយថា៖ ‹ខ្ញុំទុកចិត្ដដល់ព្រះយេហូវ៉ា›។ (មីកា ៧:៧) ម្យ៉ាងទៀត អស់រាប់រយឆ្នាំអ្នកបម្រើព្រះបានជឿជាក់ថាមេស្ស៊ី ឬគ្រិស្ដដែលបានត្រូវសន្យានឹងមកដល់ * (សូមមើលកំណត់សម្គាល់)។—លូកា ៣:១៥; ពេត្រុសទី១ ១:១០-១២

សព្វថ្ងៃនេះ យើងក៏រង់ចាំដែរនូវការសម្រេចនៃទំនាយអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា។ មិនយូរទៀត ក្នុងនាមជាស្ដេចរបស់រាជាណាចក្រនោះ លោកយេស៊ូនឹងសង្គ្រោះអ្នកបម្រើព្រះពីពិភពលោកនេះដែលពោរពេញទៅដោយគ្រោះថ្នាក់។ លោកនឹងបំផ្លាញមនុស្សអាក្រក់ ហើយនឹងធ្វើឲ្យការឈឺចាប់ទាំងអស់លែងមានទៀត។ (យ៉ូហានទី១ ៥:១៩) ដូច្នេះ យើងត្រូវជឿជាក់ថាថ្ងៃរបស់ព្រះយេហូវ៉ាអាចមកដល់ដោយមិនដឹងថានៅពេលណាទេ ហើយយើងត្រូវធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើបានដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃនោះ។

. បើយើងបានរង់ចាំអស់រយៈពេលជាយូរនូវការមកដល់នៃទីបញ្ចប់ តើយើងប្រហែលជាឆ្ងល់អំពីអ្វី?

យើងពិតជាទន្ទឹងរង់ចាំថ្ងៃដែលបំណងប្រាថ្នារបស់ព្រះនឹងបានសម្រេចនៅផែនដី។ (ម៉ាថាយ ៦:១០) ប៉ុន្ដែ បើយើងបានរង់ចាំទីបញ្ចប់អស់ជាច្រើនឆ្នាំហើយ យើងប្រហែលជាចាប់ផ្ដើមឆ្ងល់ថា ‹ហេតុអ្វីយើងគួរបន្ដជឿជាក់ថាទីបញ្ចប់នឹងមកដល់នៅពេលឆាប់នេះ?›។

ហេតុអ្វីយើងគួរបន្ដជឿជាក់ថា ទីបញ្ចប់នឹងមកដល់នៅពេលឆាប់នេះ?

. ហេតុអ្វីជាការសំខាន់ដែលយើង«ចាំយាម»?

លោកយេស៊ូបានបង្គាប់អ្នកកាន់តាមលោកឲ្យ«ចាំយាម»។ នេះជាមូលហេតុសំខាន់ដែលយើងបន្ដជឿជាក់ថាទីបញ្ចប់នឹងមកដល់នៅពេលឆាប់នេះ។ (ម៉ាថាយ ២៤:៤២; លូកា ២១:៣៤-៣៦) ម្យ៉ាងទៀត អង្គការរបស់ព្រះយេហូវ៉ារំលឹកយើងជានិច្ចឲ្យ«ទន្ទឹងហើយចាំជាប់ជានិច្ចនូវការមកដល់នៃថ្ងៃរបស់ព្រះយេហូវ៉ា» ហើយបន្ដផ្ដោតអារម្មណ៍ទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាអំពីពិភពលោកថ្មី។—សូមអាន ពេត្រុសទី២ ៣:១១-១៣

. តើយើងមានមូលហេតុអ្វីទៀតដើម្បីបន្ដជឿជាក់ថាថ្ងៃរបស់ព្រះយេហូវ៉ានឹងមកដល់?

ប្រសិនបើអ្នកកាន់តាមលោកយេស៊ូនៅសតវត្សរ៍ទី១ត្រូវបន្ដជឿជាក់ថាថ្ងៃរបស់ព្រះយេហូវ៉ានឹងមកដល់ នេះគឺរឹតតែសំខាន់សម្រាប់យើងសព្វថ្ងៃនេះ។ ហេតុអ្វី? ពីព្រោះសញ្ញាសម្គាល់ដែលលោកយេស៊ូបានផ្ដល់ឲ្យបង្ហាញថាលោកបានធ្វើជាស្ដេចនៃរាជាណាចក្រព្រះតាំងពីឆ្នាំ១៩១៤ ហើយថាយើងកំពុងរស់នៅគ្រាចុងក្រោយ«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»។ ជាឧទាហរណ៍ ស្ថានភាពពិភពលោកកាន់តែអាក្រក់ទៅៗ ហើយដំណឹងល្អអំពីរាជាណាចក្រកំពុងផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដូចលោកយេស៊ូបានប្រកាសទុកជាមុន។ (ម៉ាថាយ ២៤:៣,-១៤) លោកយេស៊ូមិនបានមានប្រសាសន៍ថាគ្រាចុងក្រោយនឹងមានរយៈពេលប៉ុន្មានទេ ដូច្នេះយើងត្រូវប្រុងប្រៀបជានិច្ចសម្រាប់ការមកដល់នៃទីបញ្ចប់ ទោះជានោះមកដល់នៅពេលណាក៏ដោយ។

. ហេតុអ្វីយើងដឹងថាស្ថានភាពពិភពលោកនឹងកាន់តែអាក្រក់ទៅពេលដែលទីបញ្ចប់កាន់តែជិតមកដល់?

តើ«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»អាចសំដៅលើគ្រាមួយនាអនាគតពេលដែលពិភពលោកទៅជាអាក្រក់ជាងឥឡូវនេះទេ? គម្ពីរចែងថាមនុស្សនឹងកាន់តែអាក្រក់ទៅនៅ«គ្រាចុងក្រោយបង្អស់»។ (ធីម៉ូថេទី២ ៣:១, ១៣; ម៉ាថាយ ២៤:២១; ការបើកបង្ហាញ ១២:១២) ដូច្នេះ ទោះជាស្ថានភាពពិភពលោកគឺអាក្រក់ណាស់នៅឥឡូវនេះក្ដី យើងដឹងថាពិភពលោកនេះនឹងកាន់តែអាក្រក់ទៅៗ។

. តើម៉ាថាយ ២៤:៣៧-៣៩បង្រៀនយើងអ្វីអំពីស្ថានភាពពិភពលោកក្នុងអំឡុងគ្រាចុងក្រោយបង្អស់?

អ្នកខ្លះប្រហែលជាគិតថា មុន«គ្រាទុក្ខវេទនាដ៏ខ្លាំង»គ្រប់ប្រទេសនឹងមានសង្គ្រាម ហើយមនុស្សភាគច្រើននឹងឈឺអត់ឃ្លាន។ (ការបើកបង្ហាញ ៧:១៤) ប៉ុន្ដែបើនេះកើតឡើង មនុស្សទាំងអស់អាចឃើញជាក់ស្ដែងថាទំនាយគម្ពីរកំពុងក្លាយទៅជាការពិត ហើយសូម្បីតែមនុស្សដែលមិនចាប់អារម្មណ៍នឹងអ្វីដែលគម្ពីរចែងក៏នឹងឃើញច្បាស់ដែរ។ សូមចាំថា លោកយេស៊ូបានមានប្រសាសន៍ថានៅគ្រាចុងក្រោយបង្អស់មនុស្សភាគច្រើននឹង‹មិនយកចិត្ដទុកដាក់សោះ›។ ពួកគេនឹងមានរបៀបរស់នៅប្រចាំថ្ងៃជាធម្មតា ប៉ុន្ដែពួកគេនឹងតក់ស្លុតពេលដែលថ្ងៃរបស់ព្រះយេហូវ៉ាមកដល់។ (សូមអាន ម៉ាថាយ ២៤:៣៧-៣៩) យើងមិនគួររំពឹងទេថា មុន«គ្រាទុក្ខវេទនាដ៏ខ្លាំង»ស្ថានភាពពិភពលោកនឹងទៅជាអាក្រក់ខ្លាំងដល់ម៉្លេះបានជាមនុស្សត្រូវជឿថាទីបញ្ចប់ជិតមកដល់។—លូកា ១៧:២០; ពេត្រុសទី២ ៣:៣, ៤

យើងជឿជាក់ថាយើងកំពុងរស់នៅ«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»

. ដោយសារយើងយកចិត្ដទុកដាក់នឹងសញ្ញាសម្គាល់ដែលលោកយេស៊ូបានផ្ដល់ឲ្យ តើយើងជឿជាក់អ្វី?

លោកយេស៊ូបានផ្ដល់សញ្ញាសម្គាល់ឲ្យពួកអ្នកកាន់តាមលោកដើម្បីព្រមានពួកគេយ៉ាងច្បាស់អំពីគ្រាដែលពួកគេរស់នៅ។ ពួកអ្នកកាន់តាមលោកយេស៊ូបានចាំយាម។ (ម៉ាថាយ ២៤:២៧, ៤២) តាំងពីឆ្នាំ១៩១៤ លក្ខណៈផ្សេងនៃសញ្ញាសម្គាល់របស់លោកយេស៊ូកំពុងក្លាយទៅជាការពិត។ យើងជឿជាក់ថាយើងកំពុងរស់នៅគ្រាចុងក្រោយបង្អស់ដែលជា«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»។ ព្រះយេហូវ៉ាបានសម្រេចចិត្ដរួចហើយអំពីពេលដែលលោកនឹងបំផ្លាញពិភពលោកដ៏អាក្រក់របស់សាថាន។

. ហេតុអ្វីយើងត្រូវបន្ដជឿជាក់ថាទីបញ្ចប់នឹងមកដល់នៅពេលឆាប់នេះ?

ដូច្នេះ ហេតុអ្វីយើងត្រូវបន្ដជឿជាក់ថាទីបញ្ចប់នឹងមកដល់នៅពេលឆាប់នេះ? ពីព្រោះយើងស្តាប់បង្គាប់លោកយេស៊ូគ្រិស្ដ។ ម្យ៉ាងទៀត យើងឃើញច្បាស់ថាសញ្ញាសម្គាល់ដែលលោកយេស៊ូបានផ្ដល់ឲ្យស្ដីអំពីថ្ងៃចុងក្រោយបង្អស់កំពុងកើតឡើង។ យើងជឿថាទីបញ្ចប់ជិតមកដល់ហើយ មិនមែនដោយសារយើងទុកចិត្ដអ្វីទាំងអស់ដែលយើងទេ ប៉ុន្ដែគឺដោយសារយើងជឿជាក់ថាទំនាយគម្ពីរកំពុងក្លាយទៅជាការពិត។ យើងត្រូវចាំយាមនិងប្រុងប្រៀបជាស្រេចសម្រាប់ការមកដល់នៃទីបញ្ចប់។

តើយើងត្រូវរង់ចាំយូរប៉ុន្មាន?

១០, ១១. () ហេតុអ្វីលោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកថា«ចូរចាំយាម»? () តើលោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកឲ្យធ្វើអ្វី បើទីបញ្ចប់មិនមកដល់ភ្លាមដូចពួកគេនឹកស្មាន? (សូមមើលរូបភាពនៅដើមអត្ថបទ)

១០ យើងជាច្រើននាក់បានបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ ហើយអស់ជាច្រើនឆ្នាំយើងបានទន្ទឹងរង់ចាំដោយចិត្ដរំភើបនូវការមកដល់នៃថ្ងៃរបស់លោក។ ទោះជាយើងបានរង់ចាំយូរយ៉ាងណាក្ដី យើងត្រូវបន្ដជឿជាក់ថាថ្ងៃនោះជិតមកដល់។ យើងត្រូវប្រុងប្រៀបជាស្រេចមុនលោកយេស៊ូមកដើម្បីបំផ្លាញពិភពលោករបស់សាថាន។ សូមចាំអំពីអ្វីដែលលោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកឲ្យធ្វើ។ លោកបានមានប្រសាសន៍ថា«ចូរឃ្លាំមើលជានិច្ច ចូរប្រុងប្រយ័ត្ន ព្រោះអ្នករាល់គ្នាមិនដឹងថាពេលណាជាពេលកំណត់ឡើយ។ រឿងនេះគឺដូចជាបុរសម្នាក់ដែលធ្វើដំណើរទៅក្រៅប្រទេស។ គាត់ចេញពីផ្ទះដោយប្រគល់សិទ្ធិអំណាចឲ្យពួកខ្ញុំបម្រើរបស់គាត់ ហើយកំណត់ការងារឲ្យពួកគេ រួចក៏បង្គាប់អ្នកយាមទ្វារឲ្យចាំយាមជានិច្ច។ ដូច្នេះ ចូរចាំយាម ពីព្រោះអ្នករាល់គ្នាមិនដឹងថាម្ចាស់ផ្ទះនឹងមកវិញពេលណាឡើយ មិនដឹងថាពេលព្រលប់ ឬពេលអធ្រាត្រ ឬពេលមាន់រងាវ ឬពេលព្រលឹមទេ។ យ៉ាងនេះ ពេលដែលម្ចាស់ផ្ទះមកដល់ភ្លាម គាត់មិនឃើញថា អ្នករាល់គ្នាកំពុងដេកលក់ទេ។ ប៉ុន្ដែអ្វីដែលខ្ញុំប្រាប់អ្នក ខ្ញុំក៏ប្រាប់គ្រប់គ្នាដែរថា ចូរចាំយាម»។—ម៉ាកុស ១៣:៣៣-៣៧

ការវាយប្រហារទៅលើសាសនាមិនពិតអាចកើតឡើងភ្លាមៗមិនថានៅពេលណាទេ

១១ ពេលពួកអ្នកកាន់តាមលោកយេស៊ូយល់ថាលោកបានចាប់ផ្ដើមគ្រប់គ្រងនៅឆ្នាំ១៩១៤ ពួកគេបានទទួលស្គាល់ថាទីបញ្ចប់អាចមកដល់ដោយមិនដឹងថានៅពេលណាទេ។ ដូច្នេះ ពួកគេបានត្រៀមខ្លួនសម្រាប់ទីបញ្ចប់ដោយបង្កើនសកម្មភាពក្នុងកិច្ចបម្រើផ្សាយ។ លោកយេស៊ូបានមានប្រសាសន៍ថាលោកប្រហែលជាមកអស់មួយរយៈពេលក្រោយមក គឺ«ពេលមាន់រងាវ ឬពេលព្រលឹម»។ បើដូច្នេះ តើពួកអ្នកកាន់តាមលោកត្រូវធ្វើអ្វី? លោកយេស៊ូបានមានប្រសាសន៍ថា«ចូរចាំយាម»។ ហេតុនេះ បើយើងមានទស្សនៈថាយើងបានរង់ចាំអស់រយៈពេលជាយូរ នេះមិនមានន័យថាទីបញ្ចប់នៅយូរទៀត ឬថាទីបញ្ចប់នឹងមិនមកដល់ក្នុងជីវិតរបស់យើងឡើយ។

១២. តើហាបាគុកបានសួរព្រះយេហូវ៉ានូវសំណួរអ្វី ហើយតើលោកបានតបឆ្លើយយ៉ាងណា?

១២ អ្នកប្រកាសទំនាយហាបាគុកបានរង់ចាំដោយចិត្ដអត់ធ្មត់ពេលដែលគាត់ផ្សព្វផ្សាយអំពីការបំផ្លាញក្រុងយេរូសាឡិម។ អ្នកប្រកាសទំនាយទៀតមុនគាត់ ក៏បានផ្សព្វផ្សាយដំណឹងនោះអស់ជាច្រើនឆ្នាំដែរ។ ហាបាគុកបានឃើញថាមានអំពើអាក្រក់និងអំពើអយុត្ដិធម៌ច្រើនជាងមុន។ គាត់បានអង្វរសុំជំនួយពីព្រះយេហូវ៉ាដោយសួរថា«ព្រះយេហូវ៉ាអើយ តើត្រូវឲ្យទូលបង្គំអំពាវនាវដល់កាលណាទៀត?»។ ទោះជាព្រះយេហូវ៉ាមិនបានប្រាប់ថាទីបញ្ចប់នឹងមកដល់នៅពេលណាក្ដី លោកបានសន្យានឹងហាបាគុកថា ទីបញ្ចប់នឹងមកដោយ«ឥតរារង់ឡើយ!»។ ព្រះយេហូវ៉ាក៏បានប្រាប់ហាបាគុកដែរថា«ចូររង់ចាំចុះ»។—សូមអាន ហាបាគុក ១:១-៤; ២:៣

១៣. តើហាបាគុកអាចមានគំនិតបែបណា ហើយហេតុអ្វីគំនិតនោះនាំឲ្យមានគ្រោះថ្នាក់?

១៣ សូមស្រមៃគិតថាហាបាគុកធុញទ្រាន់នឹងរង់ចាំទីបញ្ចប់ ហើយគាត់និយាយថា ‹អស់ជាច្រើនឆ្នាំហើយ ខ្ញុំបានរង់ចាំការបំផ្លាញក្រុងយេរូសាឡិម។ ទីបញ្ចប់នៅយូរទៀត។ ខ្ញុំមិនចាំបាច់បន្ដផ្សព្វផ្សាយអំពីអ្វីនេះទេ។ ទុកឲ្យអ្នកទៀតធ្វើចុះ›។ បើគាត់មានគំនិតបែបនេះ តើអ្វីនឹងកើតឡើង? គាត់នឹងលែងទទួលការពេញចិត្ដពីព្រះយេហូវ៉ា។ ម្យ៉ាងទៀត បើគាត់មិនបានប្រុងប្រៀបខ្លួនពេលទីបញ្ចប់មកដល់ គាត់អាចបាត់បង់ជីវិត។

១៤. ហេតុអ្វីយើងនឹងសប្បាយចិត្ដ ដោយសារព្រះយេហូវ៉ាបានព្រមានយើងឲ្យបន្ដជឿជាក់និងរង់ចាំទីបញ្ចប់?

១៤ សូមស្រមៃគិតថាអ្នកនៅក្នុងពិភពលោកថ្មី។ ព្រឹត្ដិការណ៍ទាំងអស់ដែលបានត្រូវប្រកាសទុកជាមុនអំពីថ្ងៃចុងក្រោយបង្អស់បានកើតឡើងដូចព្រះយេហូវ៉ាបានមានប្រសាសន៍។ អ្នកទុកចិត្ដព្រះយេហូវ៉ាខ្លាំងជាងពេលមុនទៅទៀត ហើយអ្នកជឿជាក់កាន់តែខ្លាំងថាលោកនឹងធ្វើអ្វីផ្សេងទៀតដែលលោកបានសន្យា។ (សូមអាន យ៉ូស្វេ ២៣:១៤) អ្នកសប្បាយចិត្ដខ្លាំងណាស់ ដោយសារព្រះយេហូវ៉ាបានកំណត់ពេលត្រឹមត្រូវដើម្បីឲ្យទីបញ្ចប់មកដល់ ហើយក៏សប្បាយចិត្ដដែរដោយសារលោកបានព្រមានរាស្ដ្ររបស់លោកឲ្យបន្ដជឿជាក់និងរង់ចាំថ្ងៃនោះ។—សកម្មភាព ១:៧; ពេត្រុសទី១ ៤:៧

កាលដែលយើងរង់ចាំ យើងបន្ដផ្សព្វផ្សាយ

តើអ្នកផ្សព្វផ្សាយដំណឹងល្អយ៉ាងខ្នះខ្នែងទេ? (សូមមើលវគ្គ១៥)

១៥, ១៦. ហេតុអ្វីយើងគួរខំអស់ពីសមត្ថភាពក្នុងកិច្ចការផ្សព្វផ្សាយនៅអំឡុងគ្រាចុងបញ្ចប់នេះ?

១៥ អង្គការរបស់ព្រះយេហូវ៉ានឹងបន្ដរំលឹកយើងឲ្យចាត់ទុកការបម្រើព្រះយេហូវ៉ាជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់យើង។ ការរំលឹកទាំងនេះមិនគ្រាន់តែជួយយើងបន្ដជាប់រវល់ក្នុងការបម្រើព្រះ ប៉ុន្ដែក៏ជួយយើងយល់ច្បាស់ថាយើងផ្សព្វផ្សាយដំណឹងជាបន្ទាន់។ យើងជឿជាក់ថាសញ្ញាសម្គាល់ដែលលោកយេស៊ូបានផ្ដល់ឲ្យកំពុងក្លាយទៅជាការពិតនៅឥឡូវនេះ ហើយថាមិនយូរប៉ុន្មានទៀតទីបញ្ចប់នឹងមកដល់។ ដូច្នេះ យើងចាត់ទុកការគោរពប្រណិប័តន៍ព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតរបស់យើង ហើយបន្ដផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រលោក។—ម៉ាថាយ ៦:៣៣; ម៉ាកុស ១៣:១០

១៦ ពេលយើងផ្សព្វផ្សាយដំណឹងល្អដល់អ្នកទៀត យើងជួយពួកគេឲ្យរួចជីវិតពីការបំផ្លាញនៃពិភពលោករបស់សាថានដែលនឹងកើតឡើងនៅពេលឆាប់នេះ។ ការលិចកប៉ាល់ដ៏ល្បីមួយ(Wilhelm Gustloff) នៅឆ្នាំ១៩៤៥ គឺជាមហន្ដរាយដ៏គួរឲ្យខ្លោចផ្សាមួយដែលធ្លាប់មាននៅសមុទ្រ។ មនុស្សរាប់ពាន់នាក់បានស្លាប់។ បងស្រីម្នាក់និងប្ដីគាត់បានរួចជីវិតពីការលិចកប៉ាល់នោះ។ គាត់នឹកចាំថា កាលដែលកប៉ាល់នោះកំពុងលិច ស្ដ្រីម្នាក់យំស្រែកម្ដងហើយម្ដងទៀតថា«វ៉ាលីសរបស់ខ្ញុំ! វ៉ាលីសរបស់ខ្ញុំ! គ្រឿងអលង្ការរបស់ខ្ញុំ! គ្រឿងអលង្ការទាំងអស់របស់ខ្ញុំនៅក្នុងបន្ទប់ខាងក្រោមនោះ។ ខ្ញុំបានបាត់បង់អ្វីទាំងអស់ហើយ!»។ ប៉ុន្ដែ អ្នកដំណើរទៀតយល់អំពីអ្វីដែលសំខាន់បំផុត ហេតុនេះពួកគេខំប្រឹងសង្គ្រោះជីវិតអ្នកទៀត។ សព្វថ្ងៃនេះ ជីវិតរបស់មនុស្សស្ថិតក្នុងគ្រោះថ្នាក់។ យើងក៏ចង់ធ្វើដូចអ្នកដំណើរទាំងនោះដែលមិនគិតប្រយោជន៍ផ្ទាល់ខ្លួនដែរ ដោយផ្ដោតអារម្មណ៍ទៅលើកិច្ចផ្សព្វផ្សាយដែលជាកិច្ចការដែលត្រូវធ្វើជាបន្ទាន់។ យើងត្រូវធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើបានដើម្បីជួយមនុស្សរួចជីវិតពីទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ។

ចូរធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃ ហើយបន្ដផ្ដោតអារម្មណ៍ទៅលើកិច្ចការផ្សព្វផ្សាយដែលជាកិច្ចការបន្ទាន់ (សូមមើលវគ្គ១៧)

១៧. ហេតុអ្វីយើងគួរជឿថាទីបញ្ចប់អាចមកដល់មិនថានៅពេលណាទេ?

១៧ យើងអាចឃើញច្បាស់ថាទំនាយគម្ពីរកំពុងក្លាយទៅជាការពិត ហើយថាទីបញ្ចប់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះគឺជិតណាស់ហើយ។ យើងកំពុងរង់ចាំ«ស្នែងទាំងដប់»និង«សត្វសាហាវ»បែរមកប្រឆាំងនឹងបាប៊ីឡូនដ៏ខ្លាំងក្លាដែលសំដៅលើសាសនាមិនពិត។ (ការបើកបង្ហាញ ១៧:១៦) យើងមិនគួរគិតថា មុនព្រឹត្ដិការណ៍នោះកើតឡើង គឺត្រូវមានពេលយូរនោះទេ។ សូមចាំថាព្រះនឹង«បណ្ដាលចិត្ដពួកគេ»ឲ្យវាយប្រហារសាសនាមិនពិត ហើយនេះអាចកើតឡើងភ្លាមមិនថានៅពេលណាទេ! (ការបើកបង្ហាញ ១៧:១៧) ទីបញ្ចប់នៃពិភពលោកដ៏អាក្រក់របស់សាថានគឺជិតមកដល់។ ដូច្នេះ យើងគួរធ្វើតាមការព្រមានរបស់លោកយេស៊ូដែលថា«កុំភ្លេចខ្លួនឲ្យសោះ ក្រែងការផឹកនិងការបរិភោគហួសប្រមាណ និងកង្វល់អំពីជីវិតពង្វក់ចិត្ដអ្នករាល់គ្នា ស្រាប់តែថ្ងៃនោះមកដល់ភ្លាមមួយរំពេចដូចជាលប់»។ (លូកា ២១:៣៤, ៣៥; ការបើកបង្ហាញ ១៦:១៥) ចូរឲ្យយើងចាំយាមជានិច្ច ហើយជាប់រវល់ក្នុងកិច្ចបម្រើព្រះយេហូវ៉ា ដោយជឿជាក់ថាលោកជួយ«អ្នកដែលសង្ឃឹមដល់ទ្រង់»។—អេសាយ ៦៤:៤

១៨. ក្នុងអត្ថបទបន្ទាប់ តើយើងនឹងឆ្លើយសំណួរអ្វី?

១៨ កាលដែលយើងរង់ចាំទីបញ្ចប់នៃពិភពលោកដ៏អាក្រក់នេះ យើងគួរស្តាប់ឱវាទពីយូដាសដែលជាអ្នកកាន់តាមលោកយេស៊ូ ដែលថា«អ្នករាល់គ្នាជាទីស្រឡាញ់អើយ! ដោយធ្វើឲ្យខ្លួនអ្នកមាំមួនឡើងដោយផ្អែកលើជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នក ព្រមទាំងអធិដ្ឋានដោយនូវសកម្មពលរបស់ព្រះ ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់ កាលដែលអ្នកទន្ទឹងរង់ចាំទទួលនូវសេចក្ដីមេត្ដាករុណាពីលោកយេស៊ូគ្រិស្ដ ជាម្ចាស់របស់យើង ដើម្បីឲ្យបានជីវិតដែលគ្មានទីបញ្ចប់»។ (យូដាស ២០, ២១) ប៉ុន្ដែ តើយើងអាចបង្ហាញយ៉ាងណាថាយើងជឿជាក់ថាពិភពលោកថ្មីរបស់ព្រះនឹងមកដល់នៅពេលឆាប់នេះ ហើយថាយើងទន្ទឹងរង់ចាំពេលនោះ? យើងនឹងពិចារណាចម្លើយចំពោះសំណួរនេះក្នុងអត្ថបទបន្ទាប់។

^ វគ្គ 1 ដើម្បីមើលទំនាយខ្លះក្នុងគម្ពីរអំពីមេស្ស៊ីនិងរបៀបដែលទំនាយនោះបានក្លាយទៅជាការពិត សូមមើលទំព័រ២៣១នៃសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?