លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរប្រុងប្រយ័ត្នចំពោះការសេពគប់របស់អ្នកនៅគ្រាចុងក្រោយបង្អស់នេះ

ចូរប្រុងប្រយ័ត្នចំពោះការសេពគប់របស់អ្នកនៅគ្រាចុងក្រោយបង្អស់នេះ

«ការសេពគប់អាក្រក់បង្ខូចការប្រព្រឹត្ដល្អ»។—កូរិនថូសទី១ ១៥:៣៣

ចម្រៀងលេខ: ២៥, ២០

. តើយើងកំពុងរស់នៅគ្រាណា?

យើងកំពុងរស់នៅគ្រាដែល«លំបាកណាស់»។ តាំងពី«គ្រាចុងក្រោយបង្អស់»បានចាប់ផ្ដើមនៅឆ្នាំ១៩១៤ ស្ថានភាពពិភពលោកបានទៅជាអាក្រក់ជាងមុន។ (ធីម៉ូថេទី២ ៣:១-) ម្យ៉ាងទៀត យើងអាចប្រាកដថាពិភពលោកនឹងកាន់តែអាក្រក់ទៅៗ ដោយសារទំនាយគម្ពីរចែងថា«មនុស្សទុច្ចរិតព្រមទាំងជនបោកប្រាស់នឹងកាន់តែអាក្រក់ទៅ»។—ធីម៉ូថេទី២ ៣:១៣

. តើមនុស្សជាច្រើនចូលចិត្ដការកម្សាន្ដបែបណា? (សូមមើលរូបភាពនៅដើមអត្ថបទ)

សព្វថ្ងៃនេះ មនុស្សជាច្រើនមើលធ្វើអ្វីដែលឃោរឃៅ ប្រាសចាកសីលធម៌ ឬដែលរួមបញ្ចូលវេទមន្ដនិងការទាក់ទងនឹងពួកវិញ្ញាណអាក្រក់ ដើម្បីជាការកម្សាន្ដ។ ជាឧទាហរណ៍ ប្រព័ន្ធអ៊ីនធឺណិត កម្មវិធីទូរទស្សន៍ ភាពយន្ដ សៀវភៅនិងទស្សនាវដ្ដី ច្រើនតែធ្វើឲ្យអំពើឃោរឃៅនិងអំពើប្រាសចាកសីលធម៌មើលទៅដូចជាមិនទាស់ខុសទេ។ ម្យ៉ាងទៀត ការប្រព្រឹត្ដដែលពីមុនធ្វើឲ្យមនុស្សទើសចិត្ដ បានទៅជារឿងធម្មតារហូតដល់ឥឡូវនេះនៅកន្លែងខ្លះការប្រព្រឹត្ដនោះគឺស្របច្បាប់។ ប៉ុន្ដែ នោះមិនមានន័យថាព្រះយេហូវ៉ាពេញចិត្ដនឹងការប្រព្រឹត្ដបែបនោះទេ។—សូមអាន រ៉ូម ១:២៨-៣២

. តើមនុស្សជាច្រើនគិតយ៉ាងណាអំពីពួកអ្នកដែលរស់នៅសមស្របតាមខ្នាតតម្រារបស់ព្រះ?

នៅសតវត្សរ៍ទី១ មនុស្សក៏បានមើលអ្វីដែលឃោរឃៅនិងប្រាសចាកសីលធម៌ដើម្បីជាការកម្សាន្ដដែរ។ ប៉ុន្ដែ អ្នកកាន់តាមលោកយេស៊ូមិនបានធ្វើដូច្នេះទេ ដោយសារពួកគេបានរស់នៅសមស្របតាមខ្នាតតម្រារបស់ព្រះ។ នេះបានធ្វើឲ្យមនុស្សដែលនៅជុំវិញពួកគេ«ងឿងឆ្ងល់»។ តើមានលទ្ធផលយ៉ាងណា? មនុស្សបានសើចចំអកនិងបៀតបៀនគ្រិស្ដសាសនិក។ (ពេត្រុសទី១ ៤:៤) សព្វថ្ងៃនេះ មនុស្សជាច្រើនក៏គិតដែរថាពួកអ្នកដែលរស់នៅសមស្របតាមខ្នាតតម្រារបស់ព្រះគឺជាមនុស្សដែលខុសប្លែកពីគេ។ តាមពិត គម្ពីរព្រមានយើងថាពួកអ្នកដែលធ្វើតាមគំរូលោកយេស៊ូគ្រិស្ដក៏«នឹងទទួលការបៀតបៀន»ដែរ។—ធីម៉ូថេទី២ ៣:១២

«ការសេពគប់អាក្រក់បង្ខូចការប្រព្រឹត្ដល្អ»

. ហេតុអ្វីយើងមិនគួរស្រឡាញ់ពិភពលោកនេះ?

បើយើងចង់ធ្វើតាមបំណងប្រាថ្នារបស់ព្រះ យើងមិនអាចស្រឡាញ់«ពិភពលោកនេះ ឬអ្វីក្នុងពិភពលោកនេះឡើយ»។ (សូមអាន យ៉ូហានទី១ ២:១៥, ១៦) សាថានដែលជា«ព្រះនៃរបៀបរបបពិភពលោកនេះ» កាន់កាប់ពិភពលោក។ វាប្រើសាសនា រដ្ឋាភិបាល អង្គការពាណិជ្ជកម្មផ្សេងៗ និងប្រព័ន្ធផ្សាយព័ត៌មានដើម្បីបំភាន់មនុស្ស។ (កូរិនថូសទី២ ៤:៤; យ៉ូហានទី១ ៥:១៩) យើងមិនចង់ទទួលឥទ្ធិពលពីពិភពលោកទេ ដូច្នេះយើងត្រូវជៀសវាងការសេពគប់អាក្រក់។ គម្ពីរព្រមានយើងយ៉ាងច្បាស់ថា«កុំឲ្យអ្នកណាបំភាន់អ្នកឡើយ។ ការសេពគប់អាក្រក់បង្ខូចការប្រព្រឹត្ដល្អ»។—កូរិនថូសទី១ ១៥:៣៣

៥, ៦. តើយើងមិនគួរសេពគប់អ្នកណា ហើយហេតុអ្វី?

ដើម្បីរក្សាចំណងមិត្ដភាពល្អជាមួយនឹងព្រះយេហូវ៉ា យើងមិនចង់សេពគប់អ្នកណាដែលប្រព្រឹត្ដអាក្រក់ទេ។ នេះរួមបញ្ចូលមនុស្សដែលអះអាងថាពួកគេគោរពប្រណិប័តន៍ព្រះយេហូវ៉ា ប៉ុន្ដែសម្រេចចិត្ដមិនស្តាប់បង្គាប់លោក។ បើបុគ្គលបែបនេះប្រព្រឹត្ដអំពើខុសឆ្គងធ្ងន់ធ្ងរ ហើយមិនប្រែចិត្ដ យើងឈប់សេពគប់ពួកគេ។—រ៉ូម ១៦:១៧, ១៨

តាមធម្មតា មនុស្សចង់ធ្វើឲ្យមិត្ដភក្ដិរបស់ខ្លួនពេញចិត្ដ។ ដូច្នេះ បើយើងសេពគប់ពួកអ្នកដែលមិនស្តាប់បង្គាប់ព្រះ យើងប្រហែលជានឹងត្រូវល្បួងឲ្យប្រព្រឹត្ដដូចពួកគេដែរ។ ជាឧទាហរណ៍ បើយើងសេពគប់យ៉ាងជិតស្និទ្ធជាមួយនឹងមនុស្សដែលប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ យើងប្រហែលជានឹងធ្វើដូចពួកគេដែរ។ នោះបានកើតឡើងចំពោះបងប្អូនខ្លះរបស់យើង ហើយពួកគេខ្លះបានត្រូវបណ្ដាច់មិត្ដភាព ដោយសារពួកគេមិនបានប្រែចិត្ដ។ (កូរិនថូសទី១ ៥:១១-១៣) បើពួកគេមិនប្រែចិត្ដ ស្ថានភាពរបស់ពួកគេអាចដូចជាអ្វីដែលពេត្រុសបានរៀបរាប់។—សូមអាន ពេត្រុសទី២ ២:២០-២២

. តើយើងគួរជ្រើសរើសអ្នកណាឲ្យធ្វើជាមិត្ដជិតស្និទ្ធរបស់យើង?

ទោះជាយើងចង់ប្រព្រឹត្ដដោយសប្បុរសដល់មនុស្សទាំងអស់ក៏ដោយ យើងមិនគួរទៅជាមិត្ដជិតស្និទ្ធជាមួយនឹងពួកអ្នកដែលមិនស្តាប់បង្គាប់ព្រះទេ។ គឺជាការខុសបើសាក្សីព្រះយេហូវ៉ាម្នាក់មានទំនាក់ទំនងស្នេហាជាមួយនឹងបុគ្គលដែលមិនមែនជាអ្នកបម្រើស្មោះត្រង់ដែលបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា។ ការទទួលការពេញចិត្ដពីព្រះគឺសំខាន់ជាងការទទួលការពេញចិត្ដពីមនុស្សដែលមិនស្រឡាញ់លោក។ យើងគួរជាមិត្ដជិតស្និទ្ធតែជាមួយនឹងពួកអ្នកដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះប៉ុណ្ណោះ។ លោកយេស៊ូបានមានប្រសាសន៍ថា«អ្នកណាដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះ អ្នកនោះហើយជាប្អូនប្រុស ប្អូនស្រី និងម្ដាយរបស់ខ្ញុំ»។—ម៉ាកុស ៣:៣៥

ការទទួលការពេញចិត្ដពីព្រះយេហូវ៉ាគឺសំខាន់ជាងការទទួលការពេញចិត្ដពីមនុស្សដែលមិនស្រឡាញ់លោក

. តើការសេពគប់អាក្រក់មានឥទ្ធិពលយ៉ាងណាទៅលើជនជាតិអ៊ីស្រាអែលសម័យបុរាណ?

ការសេពគប់អាក្រក់នាំឲ្យមានអន្ដរាយ។ ជាឧទាហរណ៍ សូមពិចារណាអំពីអ្វីដែលបានកើតឡើងដល់ជនជាតិអ៊ីស្រាអែល។ មុនពួកគេបានចូលស្រុកដែលព្រះបានសន្យា ព្រះយេហូវ៉ាបានព្រមានពួកគេអំពីបណ្ដាជនដែលរស់នៅស្រុកនោះរួចហើយ។ លោកបានមានប្រសាសន៍ថា«កុំឲ្យក្រាបថ្វាយបង្គំគោរពប្រតិបត្ដិដល់ព្រះរបស់គេឲ្យសោះ ក៏កុំឲ្យប្រព្រឹត្ដតាមអំពើរបស់គេឡើយ គឺត្រូវឲ្យបំផ្លាញគេអស់រលីងវិញ ព្រមទាំងបំបាក់បំបែករូបព្រះគេឲ្យខ្ទេចខ្ទីផង។ ត្រូវឲ្យឯងរាល់គ្នាគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ាជាព្រះនៃឯងវិញ»។ (និក្ខមនំ ២៣:២៤, ២៥) ប៉ុន្ដែ ជនជាតិអ៊ីស្រាអែលភាគច្រើនមិនបានធ្វើតាមការណែនាំរបស់ព្រះ ហើយមិនបានស្មោះត្រង់នឹងលោកទេ។ (ទំនុកតម្កើង ១០៦:៣៥-៣៩) តើនោះមានលទ្ធផលយ៉ាងណា? ក្រោយមក ព្រះយេហូវ៉ាលែងទទួលស្គាល់ប្រជាជាតិអ៊ីស្រាអែលទៀត ហើយលោកបានជ្រើសរើសក្រុមជំនុំគ្រិស្ដសាសនិកពិតឲ្យធ្វើជារាស្ដ្ររបស់លោកជំនួសពួកគេវិញ។—ម៉ាថាយ ២៣:៣៨; សកម្មភាព ២:១-

ចូរប្រុងប្រយ័ត្នចំពោះអ្វីដែលអ្នកអាននិងមើល

. ហេតុអ្វីប្រព័ន្ធផ្សាយព័ត៌មានរបស់ពិភពលោកនេះអាចមានឥទ្ធិពលអាក្រក់?

ប្រព័ន្ធផ្សាយព័ត៌មានភាគច្រើនរបស់ពិភពលោកនេះ ដូចជា៖ កម្មវិធីទូរទស្សន៍ គេហទំព័រ និងសៀវភៅផ្សេងៗ អាចបង្ខូចចំណងមិត្ដភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ អ្វីទាំងនោះមិនបានរៀបចំឡើងដើម្បីជួយគ្រិស្ដសាសនិកមានជំនឿទៅលើព្រះយេហូវ៉ានិងសេចក្ដីសន្យារបស់លោកទេ។ ផ្ទុយទៅវិញ អ្វីទាំងនោះលើកទឹកចិត្ដមនុស្សឲ្យទុកចិត្ដទៅលើពិភពលោកដ៏អាក្រក់របស់សាថាន។ ដូច្នេះ យើងត្រូវប្រុងប្រយ័ត្នយ៉ាងខ្លាំងដើម្បីមិនសម្រេចចិត្ដមើល អាន ឬស្តាប់អ្វីណាក៏ដោយដែលអាចនាំឲ្យយើងមាន«សេចក្ដីប៉ងប្រាថ្នារបស់ពិភពលោកនេះ»។—ទីតុស ២:១២

១០. តើអ្វីនឹងកើតឡើងដល់ប្រព័ន្ធផ្សាយព័ត៌មានរបស់ពិភពលោកនេះ?

១០ មិនយូរទៀត ពិភពលោករបស់សាថាននិងប្រព័ន្ធផ្សាយព័ត៌មានដែលមានឥទ្ធិពលអាក្រក់របស់ពិភពលោកនេះនឹងត្រូវបំផ្លាញ។ គម្ពីរចែងថា«ពិភពលោកនេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា កំពុងឈានទៅរកការសាបសូន្យ ប៉ុន្ដែអ្នកណាដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះ អ្នកនោះនឹងនៅជាប់ជារៀងរហូតវិញ»។ (យ៉ូហានទី១ ២:១៧) ស្រដៀងគ្នាដែរ អ្នកតែងទំនុកតម្កើងបានច្រៀងថា«ពួកអ្នកដែលធ្វើអាក្រក់ នឹងត្រូវកាត់ចេញ»។ គាត់បានបន្ថែមថា«មនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្ដរីករាយ ដោយសេចក្ដីក្សេមក្សាន្ដដ៏បរិបូរ»។ តើនេះនឹងមានរយៈពេលយូរប៉ុន្មាន? «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។—ទំនុកតម្កើង ៣៧:៩, ១១, ២៩

១១. តើព្រះជួយយើងយ៉ាងដូចម្ដេចឲ្យនៅស្មោះត្រង់នឹងលោក?

១១ ខុសពីពិភពលោករបស់សាថាន អង្គការរបស់ព្រះយេហូវ៉ាជួយយើងមានរបៀបរស់នៅដែលនាំទៅដល់ជីវិតដែលគ្មានទីបញ្ចប់។ លោកយេស៊ូបានអធិដ្ឋានទៅព្រះយេហូវ៉ាថា«ដើម្បីបានជីវិតដែលគ្មានទីបញ្ចប់ ពួកគាត់ត្រូវស្គាល់លោកដែលជាព្រះពិតតែមួយឲ្យបានច្បាស់ ព្រមទាំងយេស៊ូគ្រិស្ដ ដែលលោកបានចាត់ឲ្យមក»។ (យ៉ូហាន ១៧:៣) ព្រះយេហូវ៉ាប្រើអង្គការរបស់លោកដើម្បីផ្ដល់អ្វីទាំងអស់ដែលយើងត្រូវការដើម្បីស្គាល់លោក។ ជាឧទាហរណ៍ យើងមានទស្សនាវដ្ដី សៀវភៅស្ដើង សៀវភៅ វីដេអូ និងគេហទំព័រផ្សេងដែលជួយយើងបន្ដបម្រើព្រះ។ អង្គការរបស់លោកក៏រៀបចំកិច្ចប្រជុំជាទៀងទាត់នៅជាង១១០.០០០ក្រុមជំនុំទូទាំងពិភពលោកដែរ។ អ្វីដែលយើងរៀនពីគម្ពីរនៅកិច្ចប្រជុំទាំងនោះ នៅសន្និបាតនិងមហាសន្និបាត ពង្រឹងជំនឿរបស់យើងទៅលើព្រះយេហូវ៉ានិងសេចក្ដីសន្យារបស់លោក។—ហេប្រឺ ១០:២៤, ២៥

ចូររៀបការតែជាមួយនឹង«អ្នកកាន់តាមលោកម្ចាស់»ប៉ុណ្ណោះ

១២. សូមពន្យល់បង្គាប់ក្នុងគម្ពីរដែលឲ្យរៀបការតែជាមួយនឹង«អ្នកកាន់តាមលោកម្ចាស់»ប៉ុណ្ណោះ។

១២ គ្រិស្ដសាសនិកដែលចង់រៀបការត្រូវប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះអ្នកដែលពួកគេសម្រេចចិត្ដសេពគប់។ បណ្ដាំរបស់ព្រះព្រមានយើងថា«កុំផ្សំផ្គុំខ្លួនជាមួយនឹងអ្នកមិនជឿឡើយ។ ព្រោះតើសេចក្ដីសុចរិតនិងការប្រឆាំងច្បាប់មានអ្វីត្រូវគ្នា? ឬតើពន្លឺមានចំណែកអ្វីជាមួយនឹងភាពងងឹត?»។ (កូរិនថូសទី២ ៦:១៤) គម្ពីរប្រាប់អ្នកបម្រើរបស់ព្រះឲ្យរៀបការតែជាមួយនឹង«អ្នកកាន់តាមលោកម្ចាស់»ប៉ុណ្ណោះ ពោលគឺរៀបការតែជាមួយនឹងអ្នកដែលបានប្រគល់ខ្លួនជូនព្រះនិងដែលបានទទួលការជ្រមុជទឹក ហើយដែលរស់នៅសមស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា។ (កូរិនថូសទី១ ៧:៣៩) ពេលអ្នករៀបការជាមួយនឹងបុគ្គលបែបនោះដែលស្រឡាញ់ព្រះយេហូវ៉ា អ្នកនឹងមានគូដែលនឹងជួយអ្នកឲ្យនៅស្មោះត្រង់នឹងព្រះ។

ពេលអ្នករៀបការជាមួយនឹងបុគ្គលដែលស្រឡាញ់ព្រះយេហូវ៉ា អ្នកនឹងមានគូដែលនឹងជួយអ្នកឲ្យនៅស្មោះត្រង់នឹងព្រះ

១៣. ស្ដីអំពីការរៀបអាពាហ៍ពិពាហ៍ តើព្រះបានបង្គាប់អ្វីដល់ជនជាតិអ៊ីស្រាអែល?

១៣ ព្រះយេហូវ៉ាដឹងអំពីអ្វីដែលល្អបំផុតសម្រាប់យើង ហើយបង្គាប់របស់លោកដែលឲ្យរៀបការតែជាមួយនឹង«អ្នកកាន់តាមលោកម្ចាស់»ប៉ុណ្ណោះ មិនមែនជាអ្វីថ្មីទេ។ ជាឧទាហរណ៍ សូមពិចារណាអ្វីដែលព្រះយេហូវ៉ាបានប្រាប់ជនជាតិអ៊ីស្រាអែលអំពីពួកអ្នកដែលមិនបម្រើលោក។ តាមរយៈម៉ូសេ លោកបានបង្គាប់ថា«មិនត្រូវរៀបការជាមួយនឹងគេ ឬឲ្យកូនស្រីឯងទៅកូនប្រុសគេ ហើយយកកូនស្រីគេមកឲ្យកូនប្រុសឯងនោះដែរ។ ដ្បិតគេនឹងបង្វែរកូនឯងពីអញចេញឲ្យទៅគោរពប្រតិបត្ដិតាមព្រះដទៃ យ៉ាងនោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ានឹងត្រូវកាត់ឡើងទាស់នឹងឯងរាល់គ្នា ហើយទ្រង់នឹងបំផ្លាញឯងចេញជាឆាប់»។—ចោទិយកថា ៧:៣, ៤

១៤, ១៥. តើអ្វីបានកើតឡើងដល់សាឡូម៉ូនដោយសារគាត់មិនបានអើពើនឹងបង្គាប់របស់ព្រះយេហូវ៉ា?

១៤ មិនយូរក្រោយពីសាឡូម៉ូនបានទៅជាស្ដេចនៃស្រុកអ៊ីស្រាអែល គាត់បានអធិដ្ឋានសុំប្រាជ្ញាពីព្រះយេហូវ៉ា ហើយលោកបានធ្វើតាមសេចក្ដីអធិដ្ឋានរបស់គាត់។ ហេតុនេះសាឡូម៉ូនបានល្បីឈ្មោះថាជាអ្នកគ្រប់គ្រងដ៏ឈ្លាសវៃនៃប្រជាជាតិមួយដ៏ចម្រុងចម្រើន។ មហាក្សត្រីស្រុកសេបាបានកោតស្ងើចប្រាជ្ញារបស់សាឡូម៉ូនខ្លាំងដល់ម៉្លេះបានជានាងបាននិយាយទៅគាត់ថា«ប្រាជ្ញានឹងសេចក្ដីចំរើនរបស់ទ្រង់ នោះហួសលើសពីកិត្ដិសព្ទដែលខ្ញុំម្ចាស់បានទៅទៀត»។ (ពង្សាវតារក្សត្រទី១ ១០:៧) ប៉ុន្ដែ គំរូរបស់សាឡូម៉ូនក៏បង្រៀនយើងដែរអំពីអ្វីដែលអាចកើតឡើងពេលបុគ្គលម្នាក់មិនអើពើនឹងបង្គាប់របស់ព្រះ ហើយរៀបការជាមួយនឹងអ្នកណាម្នាក់ដែលមិនបម្រើព្រះយេហូវ៉ា។—សាស្តា ៤:១៣

១៥ ទោះបីជាព្រះយេហូវ៉ាបានឲ្យពរដល់សាឡូម៉ូនក៏ដោយ គាត់មិនបានធ្វើតាមបង្គាប់ដ៏ច្បាស់លាស់របស់ព្រះទេ។ សាឡូម៉ូន«បានស្រឡាញ់ពួកស្រីសាសន៍ដទៃជាច្រើន»ដែលមិនបម្រើព្រះយេហូវ៉ា ហើយនៅទីបំផុតគាត់មានប្រពន្ធ៧០០នាក់និងស្រីស្នំ៣០០នាក់។ តើនោះមានលទ្ធផលយ៉ាងណា? ពេលដែលសាឡូម៉ូនមានវ័យកាន់តែចាស់ ប្រពន្ធទាំងនោះបាន«បង្វែរព្រះទ័យទ្រង់ឲ្យទៅតាមព្រះដទៃវិញ» ហើយ«សាឡូម៉ូនក៏ប្រព្រឹត្ដការដែលអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ា»។ (ពង្សាវតារក្សត្រទី១ ១១:១-) ការសេពគប់អាក្រក់មានឥទ្ធិពលទៅលើគាត់ ហើយគាត់លែងស្មោះត្រង់នឹងព្រះយេហូវ៉ាទៀត។ បើនេះអាចកើតឡើងដល់សាឡូម៉ូន នេះក៏អាចកើតឡើងដល់មនុស្សគ្រប់គ្នាដែរ។ នេះជាមូលហេតុដែលយើងមិនគិតសោះអំពីការរៀបអាពាហ៍ពិពាហ៍ជាមួយនឹងបុគ្គលដែលមិនស្រឡាញ់ព្រះយេហូវ៉ា!

១៦. តើគម្ពីរផ្ដល់ឱវាទអ្វីដល់អ្នកដែលមានគូអាពាហ៍ពិពាហ៍ដែលមិនជឿ?

១៦ ចុះយ៉ាងណា បើបុគ្គលម្នាក់ទៅជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា កាលដែលគាត់មានគូអាពាហ៍ពិពាហ៍ដែលមិនមែនជាអ្នកជឿ? គម្ពីរចែងថា«ចូរអ្នករាល់គ្នាដែលជាប្រពន្ធចុះចូលនឹងប្ដីខ្លួន ដើម្បីឲ្យប្ដីណាដែលមិនធ្វើតាមបណ្ដាំរបស់ព្រះ ក្លាយទៅជាអ្នកដែលធ្វើតាមវិញ តាមរយៈការប្រព្រឹត្ដរបស់អ្នករាល់គ្នាដែលជាប្រពន្ធ ដោយមិនចាំបាច់ឲ្យអ្នករាល់គ្នាបញ្ចេញពាក្យសម្ដីមួយម៉ាត់ឡើយ»។ (ពេត្រុសទី១ ៣:១) នេះក៏សំដៅលើប្ដីដែរ បើប្រពន្ធរបស់គាត់មិនគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ បណ្ដាំរបស់ព្រះបញ្ជាក់យ៉ាងច្បាស់ថា យើងត្រូវធ្វើជាប្ដីប្រពន្ធដ៏ល្អ ហើយធ្វើតាមខ្នាតតម្រារបស់ព្រះស្ដីអំពីអាពាហ៍ពិពាហ៍។ ក្រោយមក ពេលគូអាពាហ៍ពិពាហ៍កត់សម្គាល់ថាអ្នកកែខ្លួនបានល្អជាង គាត់ក៏ប្រហែលជានឹងចង់បម្រើព្រះយេហូវ៉ាដែរ។ គូអាពាហ៍ពិពាហ៍ជាច្រើននាក់ធ្លាប់មានបទពិសោធន៍នេះ។

ចូរសេពគប់ពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា

១៧, ១៨. តើអ្វីបានជួយណូអេរួចជីវិតពីទឹកជំនន់ ហើយតើអ្វីបានជួយគ្រិស្ដសាសនិកនៅសតវត្សរ៍ទី១ឲ្យរួចជីវិតពីការបំផ្លាញក្រុងយេរូសាឡិម?

១៧ ការសេពគប់អាក្រក់អាចនាំឲ្យអ្នកធ្វើអ្វីដែលខុសពីបង្គាប់របស់ព្រះយេហូវ៉ា ប៉ុន្ដែការសេពគប់ល្អអាចជួយអ្នកនៅស្មោះត្រង់នឹងលោក។ ណូអេគឺជាគំរូល្អសម្រាប់យើង។ គាត់បានរស់នៅសម័យដែល«ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្ដគេក៏សុទ្ធតែអាក្រក់ជានិច្ច»។ (លោកុប្បត្ដិ ៦:៥) មនុស្សនៅពេលនោះគឺអាក្រក់ដល់ម៉្លេះបានជាព្រះយេហូវ៉ាសម្រេចចិត្ដបំផ្លាញពិភពលោកដ៏អាក្រក់នោះ។ ប៉ុន្ដែ ណូអេគឺខុសពីពួកគេ។ គម្ពីរហៅគាត់ថា«អ្នកសុចរិត»ដែល«ដើរជាមួយនឹងព្រះ»។—លោកុប្បត្ដិ ៦:៧-

១៨ ណូអេមិនបានសេពគប់មនុស្សដែលមិនស្រឡាញ់ព្រះយេហូវ៉ាទេ។ គាត់និងគ្រួសាររបស់គាត់បានជាប់រវល់ក្នុងការសង់ទូកធំ ហើយគាត់ក៏ជា«អ្នកផ្សព្វផ្សាយអំពីសេចក្ដីសុចរិត»ដែរ។ (ពេត្រុសទី២ ២:៥) ណូអេ ប្រពន្ធរបស់ណូអេ និងកូនបីនាក់របស់គាត់ជាមួយនឹងប្រពន្ធរបស់ពួកគេបានសេពគប់គ្នា ហើយការសេពគប់នោះគឺជាការសេពគប់ល្អ។ ពួកគាត់បានជាប់រវល់ធ្វើអ្វីដែលនាំឲ្យព្រះពេញចិត្ដ ហើយជាលទ្ធផលពួកគាត់បានរួចជីវិតពីទឹកជំនន់។ យើងទាំងអស់គ្នានៅសព្វថ្ងៃនេះគឺជាកូនចៅរបស់ពួកគាត់ ដូច្នេះយើងគួរមានចិត្ដដឹងគុណចំពោះណូអេនិងគ្រួសាររបស់គាត់ ដោយសារពួកគាត់បានស្តាប់បង្គាប់ព្រះយេហូវ៉ា ហើយបានជៀសវាងការសេពគប់អាក្រក់។ ស្រដៀងគ្នាដែរ គ្រិស្ដសាសនិកនៅសតវត្សរ៍ទី១ មិនបានសេពគប់មនុស្សដែលមិនស្រឡាញ់ព្រះយេហូវ៉ាទេ។ ពួកគេបានស្តាប់បង្គាប់លោក ហើយបានរួចជីវិតពេលក្រុងយេរូសាឡិមបានត្រូវបំផ្លាញនៅឆ្នាំ៧០ គ.ស.។—លូកា ២១:២០-២២

ការសេពគប់ជាមួយនឹងពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ាអាចជួយយើងស្រមៃគិតអំពីជីវិតនៅពិភពលោកថ្មី (សូមមើលវគ្គ១៩)

១៩. តើអ្វីនឹងជួយយើងឲ្យនៅស្មោះត្រង់នឹងព្រះយេហូវ៉ា?

១៩ ដូចណូអេព្រមទាំងក្រុមគ្រួសាររបស់គាត់ និងគ្រិស្ដសាសនិកនៅសតវត្សរ៍ទី១ យើងក៏មិនសេពគប់អ្នកណាដែលមិនស្រឡាញ់ព្រះយេហូវ៉ាដែរ។ យើងមានបងប្អូនស្មោះត្រង់រាប់លាននាក់ដែលយើងអាចជ្រើសរើសធ្វើជាមិត្ដភក្ដិរបស់យើង។ ពួកគេនឹងជួយយើង«កាន់ជំហរមាំមួនក្នុងជំនឿ»ក្នុងអំឡុងគ្រាដ៏ពិបាកនេះ។ (កូរិនថូសទី១ ១៦:១៣; សុភាសិត ១៣:២០) សូមគិតថាយើងនឹងសប្បាយយ៉ាងណាទៅ ពេលយើងរួចជីវិតពីទីបញ្ចប់នៃពិភពលោកដ៏អាក្រក់នេះ ហើយរស់នៅក្នុងពិភពលោកថ្មីរបស់ព្រះយេហូវ៉ា! គឺសំខាន់ណាស់ដែលយើងជៀសវាងការសេពគប់អាក្រក់នៅឥឡូវនេះ!