លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ចូរកាន់ជំហរមាំមួនក្នុងជំនឿ»

«ចូរកាន់ជំហរមាំមួនក្នុងជំនឿ»

«ចូរកាន់ជំហរមាំមួនក្នុងជំនឿ . . . ចូរមានកម្លាំងខ្លាំងក្លាឡើង»។—កូរិនថូសទី១ ១៦:១៣

ចម្រៀងលេខ: ២៣, ៣៤

. () តើអ្វីបានកើតឡើងដល់ពេត្រុស ពេលមានខ្យល់ព្យុះនៅសមុទ្រកាលីឡេ? (សូមមើលរូបភាពនៅដើមអត្ថបទ) () ហេតុអ្វីពេត្រុសចាប់ផ្ដើមលិចទៅក្នុងទឹក?

នៅយប់មួយ សាវ័កពេត្រុសនិងពួកអ្នកកាន់តាមខ្លះរបស់លោកខំប្រឹងអុំទូកយ៉ាងលំបាកឆ្លងសមុទ្រកាលីឡេពេលកំពុងមានខ្យល់ព្យុះ។ រំពេចនោះ ពួកគាត់បានឃើញលោកយេស៊ូកំពុងដើរលើសមុទ្រ។ ពេត្រុសបានស្រែកហៅលោកយេស៊ូ ហើយបានសួរឲ្យដឹងថាគាត់អាចដើរលើទឹកទៅរកលោកបានទេ។ ពេលលោកយេស៊ូប្រាប់គាត់ឲ្យដើរមកលោក ពេត្រុសចុះពីទូក ហើយចាប់ផ្ដើមដើរទៅរកលោក។ ប៉ុន្ដែ មិនយូរក្រោយមក ពេត្រុសចាប់ផ្ដើមលិចទៅក្នុងទឹក។ ហេតុអ្វី? ពីព្រោះគាត់បានមើលទៅខ្យល់ព្យុះនិងរលក ហើយក៏បានភ័យខ្លាច។ ពេត្រុសបានស្រែកឲ្យលោកយេស៊ូជួយ ហើយលោកក៏លូកដៃយ៉ាងលឿនទៅចាប់គាត់ រួចមានប្រសាសន៍ថា«អ្នកមានជំនឿតិចអើយ! ហេតុអ្វីបានជាចាប់ផ្ដើមសង្ស័យ?»។—ម៉ាថាយ ១៤:២៤-៣២

. តើឥឡូវនេះយើងនឹងពិចារណាអំពីអ្វីខ្លះ?

ស្ដីអំពីជំនឿ យើងនឹងពិចារណាអ្វីបីយ៉ាងដែលយើងអាចរៀនពីបទពិសោធន៍របស់ពេត្រុសគឺ៖ () របៀបដែលពេត្រុសបានទុកចិត្ដនៅដើមដំបូងថាព្រះយេហូវ៉ាអាចជួយគាត់ () មូលហេតុដែលជំនឿរបស់ពេត្រុសបានចាប់ផ្ដើមចុះខ្សោយ និង () អ្វីដែលបានជួយពេត្រុសឲ្យមានជំនឿឡើងវិញ។ ការពិចារណាអំពីចំណុចទាំងនេះអាចជួយយើងឲ្យដឹងអំពីរបៀបដែលយើងអាច«កាន់ជំហរមាំមួនក្នុងជំនឿ»។—កូរិនថូសទី១ ១៦:១៣

ចូរមានជំនឿថាព្រះនឹងជួយយើង

. ហេតុអ្វីពេត្រុសបានចេញពីទូក ហើយតើតាមរបៀបណាយើងបានធ្វើអ្វីមួយដែលស្រដៀងគ្នានេះ?

ពេត្រុសមានជំនឿមាំមួន។ ហេតុអ្វីយើងអាចនិយាយដូច្នេះ? ពេលលោកយេស៊ូបានហៅពេត្រុស គាត់បានចេញពីទូក ហើយដើរលើទឹក។ គាត់បានទុកចិត្ដថាឫទ្ធានុភាពរបស់ព្រះនឹងឲ្យគាត់មានសមត្ថភាពដើរលើទឹកដូចបានធ្វើចំពោះលោកយេស៊ូ។ ស្រដៀងគ្នាដែរ ពេលលោកយេស៊ូបានអញ្ជើញយើងឲ្យទៅតាមលោក យើងបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា ហើយបានទទួលការជ្រមុជទឹក។ ហេតុអ្វី? ដោយសារយើងមានជំនឿលើព្រះយេហូវ៉ានិងលោកយេស៊ូ និងដោយសារយើងបានទុកចិត្ដថាលោកទាំងពីរនឹងជួយយើង។—យ៉ូហាន ១៤:១; សូមអាន ពេត្រុសទី១ ២:២១

ជំនឿរបស់ពេត្រុសបានឲ្យគាត់នូវសមត្ថភាពធ្វើអ្វីដែលមើលទៅមនុស្សមិនអាចធ្វើបានឡើយ

៤, ៥. ហេតុអ្វីជំនឿគឺជាអ្វីដែលមានតម្លៃ?

ជំនឿគឺជាអ្វីមួយដែលមានតម្លៃ។ ជំនឿរបស់ពេត្រុសបានឲ្យគាត់នូវសមត្ថភាពដើរលើទឹក ជាអ្វីមួយដែលមើលទៅមនុស្សមិនអាចធ្វើបានឡើយ។ ជំនឿក៏អាចជួយយើងឲ្យធ្វើអ្វីដែលមើលទៅមិនអាចធ្វើបានដែរ។ (ម៉ាថាយ ២១:២១, ២២) ពួកយើងខ្លះបានកែប្រែចិត្ដគំនិតនិងការប្រព្រឹត្ដច្រើនដល់ម៉្លេះបានជាមនុស្សដែលធ្លាប់ស្គាល់យើងពីមុន មើលយើងលែងស្គាល់ទៀត។ យើងបានធ្វើការកែប្រែទាំងនេះ ដោយសារយើងស្រឡាញ់ព្រះយេហូវ៉ា និងដោយសារលោកបានជួយយើងធ្វើដូច្នេះ។ (សូមអាន កូឡុស ៣:៥-១០) ជំនឿបានជំរុញចិត្ដយើងឲ្យប្រគល់ខ្លួនជូនព្រះយេហូវ៉ា ហើយយើងបានទៅជាមិត្ដរបស់លោក ជាអ្វីដែលយើងមិនអាចធ្វើបានឡើយ បើគ្មានជំនួយពីលោក។—អេភេសូរ ២:៨

ជំនឿរបស់យើងធ្វើឲ្យយើងមាំមួន។ ជាឧទាហរណ៍ ជំនឿជួយយើងប្រយុទ្ធប្រឆាំងការវាយប្រហាររបស់មេកំណាចដែលជាសត្រូវដ៏ខ្លាំងក្លារបស់យើង។ (អេភេសូរ ៦:១៦) ម្យ៉ាងទៀត ដោយសារយើងទុកចិត្ដព្រះយេហូវ៉ា យើងមិនចាំបាច់បារម្ភច្រើនទេ ពេលយើងមានបញ្ហា។ បើយើងមានជំនឿលើលោក ហើយចាត់ទុករាជាណាចក្ររបស់លោកជាអ្វីដែលសំខាន់បំផុត ព្រះយេហូវ៉ាបានសន្យាថាលោកនឹងផ្ដល់ឲ្យយើងនូវអ្វីដែលយើងត្រូវការ។ (ម៉ាថាយ ៦:៣០-៣៤) មិនត្រឹមតែប៉ុណ្ណោះ ដោយសារយើងមានជំនឿ នោះព្រះយេហូវ៉ានឹងផ្ដល់ឲ្យយើងនូវជីវិតដែលគ្មានទីបញ្ចប់ ដែលជាអំណោយដ៏អស្ចារ្យ។—យ៉ូហាន ៣:១៦

បើយើងលែងផ្ចង់អារម្មណ៍ នោះអាចនាំឲ្យយើងលែងមានជំនឿ

៦, ៧. () តើយើងអាចប្រៀបប្រដូចខ្យល់និងរលកសមុទ្រដែលធ្វើឲ្យពេត្រុសភ័យខ្លាចទៅនឹងអ្វី? () ហេតុអ្វីយើងត្រូវយល់ថាជំនឿរបស់យើងអាចបាត់បង់?

កាលដែលពេត្រុសដើរលើទឹកសមុទ្រកាលីឡេ គាត់បានចាប់ផ្ដើមភ័យខ្លាច។ ហេតុអ្វី? ដោយសារខ្យល់និងរលកសមុទ្រ។ យើងអាចប្រៀបប្រដូចអ្វីទាំងនេះទៅនឹងទុក្ខលំបាកនិងការល្បួងជាច្រើនដែលគ្រិស្ដសាសនិកជួបប្រទះនៅសព្វថ្ងៃនេះ។ ទោះជាបញ្ហាទាំងនេះគឺពិបាកខ្លាំងក៏ដោយ យើងអាចកាន់ជំហរមាំមួនបានដោយមានជំនួយពីព្រះយេហូវ៉ា។ ប៉ុន្ដែ សូមចាំអំពីអ្វីដែលបានកើតឡើងដល់ពេត្រុស។ គាត់មិនបានលិចទៅក្នុងទឹកដោយសារខ្យល់និងរលកសមុទ្របក់បោកមកលើគាត់ទេ។ ផ្ទុយទៅវិញ គម្ពីរចែងថា«ដោយមើលទៅខ្យល់ព្យុះ គាត់ក៏បានភ័យខ្លាច»។ (ម៉ាថាយ ១៤:៣០) ពេត្រុសបានឈប់មើលទៅលោកយេស៊ូ ហើយបានផ្ចង់អារម្មណ៍ទៅលើកម្លាំងខ្យល់ព្យុះទៅវិញ។ បន្ទាប់មក ជំនឿរបស់គាត់បានចាប់ផ្ដើមចុះខ្សោយ។ ស្រដៀងគ្នាដែរ បើយើងផ្ចង់អារម្មណ៍ទៅលើបញ្ហារបស់យើង យើងអាចចាប់ផ្ដើមសង្ស័យថាព្រះយេហូវ៉ានឹងមិនជួយយើងទេ។

បើយើងផ្ចង់អារម្មណ៍ទៅលើអ្វីដែលខុស ជំនឿរបស់យើងអាចចុះខ្សោយយ៉ាងឆាប់រហ័ស

យើងត្រូវយល់ថាជំនឿរបស់យើងអាចបាត់បង់។ ហេតុអ្វី? ពីព្រោះគម្ពីរចែងថាការបាត់បង់ជំនឿគឺជា«ការខុសឆ្គងដែលទាក់យើងយ៉ាងងាយ»។ (ហេប្រឺ ១២:១) ដូចពេត្រុសដែរ បើយើងផ្ចង់អារម្មណ៍ទៅលើអ្វីដែលខុស ជំនឿរបស់យើងអាចចុះខ្សោយយ៉ាងឆាប់រហ័ស។ ដូច្នេះ តើតាមរបៀបណាយើងដឹងថាជំនឿរបស់យើងកំពុងចុះខ្សោយ? សំណួរបន្ដបន្ទាប់នេះនឹងជួយយើងពិចារណាអំពីខ្លួនយើង។

. តើតាមរបៀបណាសេចក្ដីសន្យារបស់ព្រះអាចមើលទៅមិនសូវពិតប្រាកដចំពោះយើងដូចពីមុន?

តើឥឡូវនេះសេចក្ដីសន្យារបស់ព្រះគឺពិតប្រាកដចំពោះខ្ញុំដូចពីមុនទេ? ជាឧទាហរណ៍ ព្រះបានសន្យាថានឹងបំផ្លាញពិភពលោករបស់សាថាន។ ប៉ុន្ដែ តើការកម្សាន្ដជាច្រើនប្រភេទក្នុងពិភពលោកនេះបំបែរអារម្មណ៍យើងទេ? បើដូច្នេះ យើងប្រហែលជាចាប់ផ្ដើមសង្ស័យថាទីបញ្ចប់មិនមែនជិតមកដល់ទេ។ (ហាបាគុក ២:៣) សូមគិតអំពីឧទាហរណ៍មួយទៀត។ ព្រះយេហូវ៉ាបានផ្ដល់ថ្លៃលោះ ហើយលោកបានសន្យាថាលោកនឹងអភ័យទោសចំពោះកំហុសរបស់យើង។ ប៉ុន្ដែ បើយើងបន្ដផ្ចង់អារម្មណ៍ទៅលើកំហុសដែលយើងបានធ្វើនៅអតីតកាល យើងប្រហែលជាចាប់ផ្ដើមសង្ស័យថាព្រះយេហូវ៉ាមិនបានអភ័យទោសឲ្យយើងឡើយ។ (សកម្មភាព ៣:១៩) ជាលទ្ធផល យើងអាចលែងមានអំណរក្នុងកិច្ចបម្រើព្រះ ហើយឈប់ផ្សព្វផ្សាយដល់អ្នកទៀត។

. តើអ្វីអាចកើតឡើង បើយើងចាប់ផ្ដើមផ្ចង់អារម្មណ៍ច្រើនជាងទៅលើកិច្ចការដែលយើងចូលចិត្ដធ្វើ?

តើខ្ញុំនៅតែបម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាពទេ? ពេលយើងខំប្រឹងបម្រើព្រះយេហូវ៉ា នេះជួយយើងផ្ចង់អារម្មណ៍ទៅលើសេចក្ដីសង្ឃឹមចំពោះអនាគត។ ប៉ុន្ដែ ចុះយ៉ាងណាបើយើងចាប់ផ្ដើមផ្ចង់អារម្មណ៍ច្រើនជាងទៅលើកិច្ចការដែលយើងចូលចិត្ដធ្វើ? ជាឧទាហរណ៍ យើងប្រហែលជាព្រមធ្វើការងារដែលបានប្រាក់ខែច្រើន ប៉ុន្ដែការងារនោះប៉ះពាល់ដល់កិច្ចបម្រើរបស់យើងចំពោះព្រះយេហូវ៉ា។ នេះអាចធ្វើឲ្យជំនឿរបស់យើងចុះខ្សោយ ហើយយើងអាច«ក្លាយទៅជាមនុស្សខ្ជិល»ដោយមិនបម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាពរបស់យើងទេ។—ហេប្រឺ ៦:១០-១២

ពួកអ្នកកាន់តាមលោកយេស៊ូបានរៀនថាដើម្បីអភ័យទោសឲ្យអ្នកទៀត ពួកគេត្រូវមានជំនឿ

១០. ហេតុអ្វីពេលយើងអភ័យទោសឲ្យអ្នកទៀត យើងបង្ហាញជំនឿលើព្រះយេហូវ៉ា?

១០ តើខ្ញុំពិបាកអភ័យទោសឲ្យអ្នកទៀតទេ? ពេលអ្នកទៀតធ្វើឲ្យយើងមិនសប្បាយចិត្ដឈឺចិត្ដ តើយើងចង់ស្ដីឲ្យពួកគេ ឬចង់ឈប់និយាយជាមួយនឹងពួកគេទេ? បើដូច្នេះ យើងប្រហែលជាគិតច្រើនពេកអំពីអារម្មណ៍របស់យើង។ យើងបង្ហាញជំនឿលើព្រះយេហូវ៉ា ពេលយើងអភ័យទោសឲ្យអ្នកទៀត។ ហេតុអ្វីដូច្នេះ? បើបុគ្គលណាម្នាក់ធ្វើខុសនឹងយើង បុគ្គលនោះជំពាក់បំណុលយើង។ ពេលយើងធ្វើខុសនឹងព្រះយេហូវ៉ា យើងជំពាក់បំណុលលោកដែរ។ (លូកា ១១:៤) ដូច្នេះ ពេលយើងអភ័យទោសឲ្យអ្នកទៀត យើងទុកចិត្ដព្រះយេហូវ៉ា។ យើងទុកចិត្ដថាលោកនឹងឲ្យពរយើង ដោយសារយើងមានចិត្ដគំនិតបែបនេះ ហើយពររបស់លោកមានតម្លៃច្រើនជាងការឲ្យបុគ្គលណាម្នាក់សងនូវអ្វីដែលគាត់បានធ្វើចំពោះយើង។ ពួកអ្នកកាន់តាមលោកយេស៊ូបានរៀនថាដើម្បីអភ័យទោសឲ្យអ្នកទៀត ពួកគេត្រូវមានជំនឿ។ ពេលលោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកឲ្យអភ័យទោសអ្នកទៀត សូម្បីតែពួកអ្នកដែលបានធ្វើខុសនឹងពួកគេជាច្រើនដង នោះពួកគេបានអង្វរសុំលោកថា«សូមផ្ដល់ជំនឿមកយើងថែមទៀត»។—លូកា ១៧:១-

១១. ហេតុអ្វីយើងអាចបាត់បង់ឱកាសដើម្បីរៀនពីឱវាទដែលយើងទទួល?

១១ ពេលគេឲ្យឱវាទពីគម្ពីរដល់ខ្ញុំ តើខ្ញុំអាក់អន់ចិត្ដទេ? ចូរស្វែងរកវិធីផ្សេងដើម្បីទទួលប្រយោជន៍ពីឱវាទនោះ ជាជាងរកកំហុសនៅក្នុងឱវាទនោះ ឬរកចំណុចខ្សោយរបស់អ្នកដែលឲ្យឱវាទ។ (សុភាសិត ១៩:២០) សូមកុំបាត់បង់ឱកាសដើម្បីរៀនឲ្យកាន់តែមានទស្សនៈដូចព្រះយេហូវ៉ា!

១២. បើបុគ្គលម្នាក់តែងតែត្អូញត្អែរអំពីពួកអ្នកនាំមុខ តើនេះអាចបង្ហាញអំពីអ្វី?

១២ តើខ្ញុំត្អូញត្អែរអំពីពួកអ្នកនាំមុខក្នុងក្រុមជំនុំទេ? ពេលជនជាតិអ៊ីស្រាអែលផ្ចង់អារម្មណ៍ទៅលើសេចក្ដីរាយការណ៍មិនល្អរបស់អ្នកស៊ើបការណ៍១០នាក់ ពួកគេបានត្អូញត្អែរអំពីម៉ូសេនិងអេរ៉ុន។ ហេតុនេះ ព្រះយេហូវ៉ាបានសួរម៉ូសេថា«តើដល់កាលណាទៀតដែលគេនៅតែមិនជឿដល់អញ»។ (ជនគណនា ១៤:២-៤, ១១) ពិតមែន ព្រះយេហូវ៉ាបានជ្រាបថា ជនជាតិអ៊ីស្រាអែលមិនបានទុកចិត្ដលោកទេ ពីព្រោះពួកគេបានត្អូញត្អែរអំពីម៉ូសេនិងអេរ៉ុន ជាបុរសដែលលោកបានតែងតាំង។ ស្រដៀងគ្នាដែរ បើយើងតែងតែត្អូញត្អែរអំពីពួកអ្នកដែលព្រះយេហូវ៉ាប្រើដើម្បីនាំមុខរាស្ដ្ររបស់លោកនៅសព្វថ្ងៃនេះ នោះអាចបង្ហាញថាជំនឿរបស់យើងលើព្រះបានចុះខ្សោយ។

១៣. ហេតុអ្វីយើងមិនគួរខកចិត្ដ បើយើងឃើញចំណុចខ្សោយខ្លះក្នុងជំនឿរបស់យើង?

១៣ ក្រោយពីបានពិចារណាសំណួរទាំងនេះ សូមកុំខកចិត្ដបើអ្នកឃើញថាជំនឿរបស់អ្នកបានចុះខ្សោយ។ សូមចាំថា សូម្បីតែសាវ័កពេត្រុសក៏បានភ័យខ្លាច ហើយបានចាប់ផ្ដើមសង្ស័យដែរ។ ម្យ៉ាងទៀតនៅពេលខ្លះ លោកយេស៊ូបានឲ្យឱវាទដល់ពួកសាវ័កទាំងអស់ ដោយសារពួកគាត់មាន«ជំនឿតិច»។ (ម៉ាថាយ ១៦:៨) ប៉ុន្ដែ យើងអាចទាញយកមេរៀនដ៏សំខាន់មួយពីបទពិសោធន៍របស់ពេត្រុស។ សូមកត់សម្គាល់អ្វីដែលគាត់បានធ្វើក្រោយពីគាត់បានចាប់ផ្ដើមសង្ស័យ ហើយបានលិចទៅក្នុងសមុទ្រ។

ចូរផ្ដោតអារម្មណ៍ទៅលើលោកយេស៊ូ ដើម្បីពង្រឹងជំនឿរបស់អ្នក

១៤, ១៥. () តើពេត្រុសបានធ្វើអ្វី ពេលគាត់ចាប់ផ្ដើមលិចទៅក្នុងទឹក? () តើតាមរបៀបណាយើងអាច«សម្លឹងមើល»ទៅលោកយេស៊ូ?

១៤ តើពេត្រុសបានធ្វើអ្វី ពេលគាត់ចាប់ផ្ដើមលិចទៅក្នុងទឹក? ពេត្រុសចេះហែលទឹកយ៉ាងស្ទាត់ ដូច្នេះ គាត់អាចសម្រេចចិត្ដហែលត្រឡប់ទៅទូកវិញ។ (យ៉ូហាន ២១:៧) ប៉ុន្ដែ ហេតុអ្វីគាត់មិនបានធ្វើដូច្នោះ? ពីព្រោះគាត់មិនបានទុកចិត្ដលើខ្លួនគាត់ឡើយ។ គាត់បានផ្ចង់អារម្មណ៍ម្ដងទៀតទៅលើលោកយេស៊ូ ហើយបានព្រមឲ្យលោកជួយ។ បើយើងកត់សម្គាល់ថាជំនឿរបស់យើងចុះខ្សោយ យើងគួរយកតម្រាប់ពេត្រុស។ តើយើងអាចធ្វើដូច្នោះយ៉ាងដូចម្ដេច?

១៥ ដូចពេត្រុសបានផ្ចង់អារម្មណ៍ម្ដងទៀតទៅលើលោកយេស៊ូដើម្បីឲ្យលោកជួយ យើងក៏ត្រូវ«សម្លឹងមើល»ទៅលោកយេស៊ូដែរ។ (សូមអាន ហេប្រឺ ១២:២, ៣) ប៉ុន្ដែ យើងមិនអាចឃើញលោកដោយភ្នែកផ្ទាល់ដូចពេត្រុសបានឃើញលោកទេ។ ដូច្នេះ តើតាមរបៀបណាយើងអាច«សម្លឹងមើល»ទៅលោកយេស៊ូ? យើងអាចសិក្សាអ្វីដែលលោកបានបង្រៀននិងធ្វើ ហើយបន្ទាប់មកយើងអាចយកតម្រាប់លោកយ៉ាងដិតដល់។ ពេលយើងធ្វើដូច្នេះ យើងនឹងទទួលជំនួយដែលយើងត្រូវការ ដើម្បីពង្រឹងជំនឿរបស់យើង។ យើងនឹងពិចារណារបៀបខ្លះដែលយើងអាចយកតម្រាប់លោកយេស៊ូ។

ពេលយើងផ្ដោតអារម្មណ៍ទៅលើគំរូរបស់លោកយេស៊ូ ហើយយកតម្រាប់លោកយ៉ាងដិតដល់ យើងអាចមានជំនឿមាំមួន (សូមមើលវគ្គ១៥)

១៦. តើគម្ពីរអាចជួយពង្រឹងជំនឿរបស់យើងយ៉ាងដូចម្ដេច?

១៦ ចូរពង្រឹងទំនុកចិត្ដរបស់អ្នកទៅលើគម្ពីរ។ លោកយេស៊ូបានជឿជាក់ថាគម្ពីរគឺជាបណ្ដាំរបស់ព្រះ ហើយបានជឿជាក់ថាគម្ពីរផ្ដល់ឲ្យយើងនូវឱវាទដ៏ប្រសើរបំផុត។ (យ៉ូហាន ១៧:១៧) ដើម្បីមានការជឿជាក់ដូចលោកយេស៊ូ យើងត្រូវអានគម្ពីរជារៀងរាល់ថ្ងៃ សិក្សាគម្ពីរ ហើយរំពឹងគិតអំពីមេរៀនដែលយើងរៀន។ យើងក៏ត្រូវស្វែងរកចម្លើយចំពោះសំណួរដែលយើងមានផងដែរ។ ជាឧទាហរណ៍ តើអ្នកជឿជាក់យ៉ាងខ្លាំងថាយើងកំពុងរស់នៅគ្រាចុងក្រោយបង្អស់ទេ? ចូរពង្រឹងជំនឿរបស់អ្នកថាទីបញ្ចប់គឺជិតមកដល់ ដោយសិក្សាទំនាយគម្ពីរដែលបង្ហាញថាយើងកំពុងរស់នៅគ្រាចុងក្រោយបង្អស់។ តើអ្នកចង់ពង្រឹងជំនឿរបស់អ្នកទៅលើសេចក្ដីសន្យារបស់ព្រះស្ដីអំពីអនាគតទេ? បើដូច្នេះ ចូរសិក្សាទំនាយគម្ពីរដែលបានសម្រេចរួចហើយ។ តើអ្នកពិតជាជឿថាគម្ពីរមានប្រយោជន៍នៅសព្វថ្ងៃនេះទេ? អ្នកអាចអានអំពីបទពិសោធន៍របស់បងប្អូនរួមជំនឿដែលបានកែប្រែជីវិតរបស់ពួកគាត់ឲ្យបានប្រសើរឡើងដោយមានជំនួយពីគម្ពីរ * (សូមមើលកំណត់សម្គាល់)។—ថែស្សាឡូនិចទី១ ២:១៣

១៧. ហេតុអ្វីលោកយេស៊ូអាចស៊ូទ្រាំនឹងការល្បងដ៏ខ្លាំងក្រៃលែង ហើយតើតាមរបៀបណាអ្នកអាចយកតម្រាប់លោក?

១៧ ចូរផ្ចង់អារម្មណ៍ទៅលើពរដែលព្រះយេហូវ៉ាបានសន្យា។ លោកយេស៊ូបានផ្ចង់អារម្មណ៍ទៅលើពរដែលលោកនឹងទទួលនៅអនាគត ហើយនេះបានជួយលោកស៊ូទ្រាំនឹងការល្បងដ៏ខ្លាំងក្រៃលែង។ (ហេប្រឺ ១២:២) អ្វីដែលពិភពលោកនេះអាចផ្ដល់ឲ្យមិនបានបំបែរអារម្មណ៍លោកឡើយ។ (ម៉ាថាយ ៤:៨-១០) តើតាមរបៀបណាយើងអាចធ្វើតាមគំរូរបស់លោកយេស៊ូ? ចូររំពឹងគិតអំពីសេចក្ដីសន្យាដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា។ ចូរស្រមៃគិតថាខ្លួនអ្នកនៅក្នុងពិភពលោកថ្មី។ សូមសរសេរគូរអំពីអ្វីដែលអ្នកនឹងធ្វើនៅសួនឧទ្យាន ឬធ្វើបញ្ជីអំពីមនុស្សដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញដែលអ្នកចង់និយាយជាមួយនិងអ្វីដែលអ្នកចង់និយាយទៅកាន់ពួកគាត់។ ចូរចាត់ទុកសេចក្ដីសន្យាទាំងនេះរបស់ព្រះថាមិនគ្រាន់តែសម្រាប់មនុស្សជាទូទៅទេ តែគឺសម្រាប់អ្នកផ្ទាល់។

១៨. តើសេចក្ដីអធិដ្ឋានអាចជួយពង្រឹងជំនឿរបស់អ្នកយ៉ាងដូចម្ដេច?

១៨ ចូរអធិដ្ឋានសុំឲ្យមានជំនឿថែមទៀត។ លោកយេស៊ូបានបង្រៀនពួកអ្នកកាន់តាមលោកឲ្យសុំព្រះយេហូវ៉ានូវសកម្មពលបរិសុទ្ធ។ (លូកា ១១:៩, ១៣) កាលដែលអ្នកសុំសកម្មពលបរិសុទ្ធ ចូរអធិដ្ឋានសុំឲ្យមានជំនឿថែមទៀត។ ជំនឿគឺជាលក្ខណៈមួយនៃផលដែលបង្កើតដោយសកម្មពលបរិសុទ្ធ។ អ្នកអាចអធិដ្ឋានយ៉ាងចំៗ។ ជាឧទាហរណ៍ បើអ្នកកត់សម្គាល់ថាអ្នកពិបាកអភ័យទោសឲ្យអ្នកទៀត ចូរសុំព្រះយេហូវ៉ាជួយរក្សាជំនឿរបស់អ្នកឲ្យនៅមាំមួន ហើយជួយអ្នកឲ្យចេះអភ័យទោស។

១៩. តើតាមរបៀបណាយើងអាចជ្រើសរើសមិត្ដល្អ?

១៩ ចូរជ្រើសរើសមិត្ដភក្ដិដែលមានជំនឿមាំមួន។ លោកយេស៊ូបានជ្រើសរើសមិត្ដជិតស្និទ្ធដោយប្រុងប្រយ័ត្ន។ ពួកសាវ័កដែលជាមិត្ដជិតស្និទ្ធបំផុតរបស់លោក មានចិត្ដស្មោះត្រង់ ហើយស្តាប់បង្គាប់លោក។ (សូមអាន យ៉ូហាន ១៥:១៤, ១៥) ចូរយកតម្រាប់លោកយេស៊ូ ហើយជ្រើសរើសមិត្ដភក្ដិដោយប្រុងប្រយ័ត្ន។ ពួកគេគួរជាមនុស្សដែលមានជំនឿមាំមួនដែលស្តាប់បង្គាប់លោកយេស៊ូ។ មិត្ដភក្ដិពិតប្រាកដអាចនិយាយប្រាប់គ្នាដោយឥតលាក់លៀម សូម្បីតែពេលពួកគេត្រូវឲ្យឱវាទ ឬទទួលឱវាទក្ដី។—សុភាសិត ២៧:៩

២០. តើអ្វីនឹងកើតឡើង ពេលយើងជួយអ្នកទៀតឲ្យពង្រឹងជំនឿរបស់ពួកគេ?

២០ ចូរជួយអ្នកទៀតឲ្យពង្រឹងជំនឿរបស់ពួកគេ។ លោកយេស៊ូបានជួយពួកអ្នកកាន់តាមលោកឲ្យពង្រឹងជំនឿរបស់ពួកគាត់តាមរយៈអ្វីដែលលោកបានមានប្រសាសន៍និងអ្វីដែលលោកបានធ្វើ។ (ម៉ាកុស ១១:២០-២៤) យើងគួរធ្វើតាមគំរូរបស់លោកយេស៊ូ។ ពេលយើងធ្វើដូច្នេះ យើងនឹងពង្រឹងជំនឿរបស់យើងនិងជំនឿរបស់អ្នកទៀត។ (សុភាសិត ១១:២៥) តើអ្នកអាចជួយមនុស្សក្នុងតំបន់ផ្សាយរបស់អ្នកយ៉ាងដូចម្ដេច? ពេលអ្នកបង្រៀនគម្ពីរដល់អ្នកទៀត សូមបញ្ជាក់អំពីទីសំអាងថាពិតជាមានព្រះ ថាលោកយកចិត្ដទុកដាក់ចំពោះយើង ហើយថាគម្ពីរជាបណ្ដាំរបស់ព្រះ។ តើតាមរបៀបណាអ្នកអាចជួយបងប្អូនរក្សាជំនឿរបស់ពួកគាត់ឲ្យមាំមួន? បើអ្នកកត់សម្គាល់ថាអ្នកណាម្នាក់កំពុងត្អូញត្អែរអំពីបងប្អូនប្រុសដែលនាំមុខ សូមកុំប្រញាប់ជៀសចេញពីគាត់។ សូមនិយាយតាមរបៀបដែលមិនធ្វើឲ្យគាត់អន់ចិត្ដ ដើម្បីព្យាយាមជួយគាត់ឲ្យមានជំនឿឡើងវិញ។ (យូដាស ២២, ២៣) បើអ្នកនៅតែរៀននៅសាលា ហើយគ្រូបង្រៀនរបស់អ្នកនិយាយអំពីការវិវត្ដន៍ ចូរមានចិត្ដក្លាហាន ហើយនិយាយការពារជំនឿរបស់អ្នកទៅលើការបង្កើត។ ប្រតិកម្មរបស់គ្រូបង្រៀននិងសិស្សរួមថ្នាក់របស់អ្នកប្រហែលជាធ្វើឲ្យអ្នកភ្ញាក់ផ្អើលនិងពេញចិត្ដ។

២១. តើព្រះយេហូវ៉ាបានសន្យាអ្វីចំពោះយើងម្នាក់?

២១ ព្រះយេហូវ៉ានិងលោកយេស៊ូបានជួយពេត្រុសយកឈ្នះការសង្ស័យនិងការភ័យខ្លាច។ នៅពេលក្រោយមកក្នុងជីវិតរបស់ពេត្រុស គាត់បានទៅជាគំរូដ៏ល្អចំពោះអ្នកទៀតស្ដីអំពីជំនឿ។ ដូចគ្នាដែរ ព្រះយេហូវ៉ាជួយយើងម្នាក់ឲ្យកាន់ជំហរមាំមួនក្នុងជំនឿ។ (សូមអាន ពេត្រុសទី១ ៥:៩, ១០) ទោះជាយើងត្រូវខំព្យាយាមដើម្បីពង្រឹងជំនឿក៏ដោយ តែព្រះយេហូវ៉ានឹងផ្ដល់រង្វាន់ឲ្យយើងពេលយើងខំធ្វើដូច្នោះ។

^ វគ្គ 16 ជាឧទាហរណ៍ សូមមើលអត្ថបទដែលមានចំណងជើងថា«គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត»ដែលចេញជាបន្ដបន្ទាប់ក្នុងទស្សនាវដ្ដីប៉មយាមសម្រាប់ផ្សព្វផ្សាយ។