លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើតាមរបៀបណាខ្លះព្រះយេហូវ៉ាបង្ហាញថាលោកស្រឡាញ់យើង?

តើតាមរបៀបណាខ្លះព្រះយេហូវ៉ាបង្ហាញថាលោកស្រឡាញ់យើង?

«ចូរគិតពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលបិតានៅស្ថានសួគ៌មានចំពោះយើង»។—យ៉ូហានទី១ ៣:១

ចម្រៀងលេខ: ៥១, ១៣

. តើសាវ័កយ៉ូហានបានលើកទឹកចិត្ដយើងឲ្យគិតអំពីអ្វី ហើយហេតុអ្វី?

សាវ័កយ៉ូហានបានលើកទឹកចិត្ដយើងឲ្យគិតយ៉ាងដិតដល់អំពីសេចក្ដីស្រឡាញ់ដ៏ធំធេងដែលព្រះយេហូវ៉ាមានចំពោះយើង។ យ៉ូហានទី១ ៣:១ ចែងថា«ចូរគិតពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលបិតានៅស្ថានសួគ៌មានចំពោះយើង»។ ពេលយើងរំពឹងគិតអំពីសេចក្ដីស្រឡាញ់ដ៏ធំធេងដែលព្រះយេហូវ៉ាមានចំពោះយើង និងរបៀបដែលលោកបង្ហាញសេចក្ដីស្រឡាញ់ចំពោះយើង នោះយើងកាន់តែចូលទៅជិតលោក ហើយស្រឡាញ់លោកកាន់តែខ្លាំង។

. ហេតុអ្វីអ្នកខ្លះពិបាកយល់ថាព្រះស្រឡាញ់ពួកគេ?

គួរឲ្យស្តាយណាស់ មនុស្សខ្លះយល់ថាព្រះមិនអាចស្រឡាញ់ពួកគេបានឡើយ។ ពួកគេគិតថាព្រះមិនយកចិត្ដទុកដាក់ចំពោះមនុស្សទេ។ ពួកគេប្រហែលជាជឿថាព្រះគ្រាន់តែបង្កើតច្បាប់និងដាក់ទោសពួកអ្នកដែលមិនស្តាប់បង្គាប់លោក។ ដោយសារសេចក្ដីបង្រៀនមិនពិត អ្នកខ្លះថែមទាំងគិតថាព្រះគ្មានមេត្ដា ហើយថាមនុស្សមិនអាចស្រឡាញ់លោកបានទេ។ អ្នកខ្លះទៀតគិតថាព្រះស្រឡាញ់មនុស្សទាំងអស់ ទោះជាពួកគេធ្វើអ្វីណាក៏ដោយ។ ប៉ុន្ដែ អ្វីដែលអ្នកបានសិក្សាក្នុងគម្ពីរបានជួយអ្នកស្គាល់សេចក្ដីពិតអំពីព្រះយេហូវ៉ា។ អ្នកដឹងថាសេចក្ដីស្រឡាញ់គឺជាគុណសម្បត្ដិដ៏ប្រសើរបំផុតរបស់លោក ហើយថាលោកបានឲ្យបុត្ររបស់លោកជាថ្លៃលោះអ្នក។ (យ៉ូហាន ៣:១៦; យ៉ូហានទី១ ៤:៨) ប៉ុន្ដែ ដោយសារអ្វីដែលអ្នកធ្លាប់ឆ្លងកាត់ក្នុងជីវិត អ្នកប្រហែលជាពិបាកយល់ថាព្រះយេហូវ៉ាស្រឡាញ់អ្នកខ្លាំងយ៉ាងណា។

. តើអ្វីនឹងជួយយើងយល់អំពីសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ាមានចំពោះយើង?

ដើម្បីជួយយើងយល់អំពីសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ាមានចំពោះយើង មុនដំបូងយើងត្រូវយល់ថាព្រះយេហូវ៉ាជាអ្នកបង្កើតយើង។ លោកបានផ្ដល់ជីវិតឲ្យយើង។ ទំនុកតម្កើង ១០០:៣-ចែងថា«ត្រូវឲ្យដឹងថាព្រះយេហូវ៉ាទ្រង់ជាព្រះ គឺទ្រង់ដែលបានបង្កើតយើងខ្ញុំ យើងខ្ញុំជារបស់ផងទ្រង់ យើងខ្ញុំជារាស្ដ្ររបស់ទ្រង់ ហើយជាហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់។ ចូរនាំគ្នាចូលតាមទ្វារទ្រង់ដោយពោលពាក្យអរព្រះគុណ ហើយចូលទៅក្នុងទីលានទ្រង់ដោយបទសរសើរ។ ចូរអរព្រះគុណដល់ទ្រង់ ហើយសរសើរព្រះនាមទ្រង់ចុះ។ ពីព្រោះព្រះយេហូវ៉ាទ្រង់ល្អ សេចក្ដីសប្បុរស[សេចក្ដីស្រឡាញ់ដ៏ស្មោះ]នៃទ្រង់ស្ថិតស្ថេរនៅជានិច្ច ហើយសេចក្ដីស្មោះត្រង់របស់ទ្រង់ក៏នៅអស់ទាំងដំណមនុស្សទៅ»។ នេះជាមូលហេតុដែលគម្ពីរហៅមនុស្សដំបូងថា«កូនព្រះ»។ (លូកា ៣:៣៨) ម្យ៉ាងទៀត លោកយេស៊ូបានបង្រៀនយើងឲ្យហៅព្រះយេហូវ៉ាថា«បិតារបស់យើងដែលនៅស្ថានសួគ៌»។ (ម៉ាថាយ ៦:៩) ដូច្នេះ ព្រះយេហូវ៉ាជាបិតារបស់យើង ហើយលោកស្រឡាញ់យើងដូចឪពុកដ៏ល្អម្នាក់ស្រឡាញ់កូនរបស់គាត់។

. () តើព្រះយេហូវ៉ាជាបិតាបែបណា? () តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះនិងអត្ថបទបន្ទាប់?

អ្នកខ្លះពិបាកយល់ថាឪពុកជាបុគ្គលម្នាក់ដែលមានសេចក្ដីស្រឡាញ់។ ពួកគេប្រហែលជាមានអនុស្សាវរីយ៍ឈឺចាប់ពេលនៅក្មេង ដោយសារឪពុករបស់ពួកគេបានប្រព្រឹត្ដដោយគ្មានមេត្ដាចំពោះពួកគេ។ ព្រះយេហូវ៉ានឹងមិនដែលប្រព្រឹត្ដដូច្នោះចំពោះកូនរបស់លោកឡើយ។ លោកជាបិតាដ៏ល្អបំផុតដែលយើងអាចមាន។ (ទំនុកតម្កើង ២៧:១០) លោកស្រឡាញ់យើងយ៉ាងខ្លាំង ហើយលោកថែរក្សាយើងតាមរបៀបផ្សេងជាច្រើន។ ពេលយើងកាន់តែមានអារម្មណ៍ថាព្រះយេហូវ៉ាស្រឡាញ់យើង នោះយើងនឹងកាន់តែស្រឡាញ់លោក។ (យ៉ាកុប ៤:៨) ក្នុងអត្ថបទនេះ យើងនឹងពិចារណារបៀបបួនយ៉ាងដែលព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់របស់លោកចំពោះយើង ហើយក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណារបៀបបួនយ៉ាងដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះលោក។

ព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់ ហើយមានចិត្ដទូលាយ

. តើព្រះយេហូវ៉ាឲ្យអ្វីខ្លះដល់មនុស្សទាំងអស់?

ពេលសាវ័កប៉ូលនៅក្រុងអាថែននាប្រទេសក្រិច គាត់បានកត់សម្គាល់ថានៅក្រុងនោះមានរូបព្រះជាច្រើន ហើយមនុស្សជឿថាព្រះទាំងនោះបានផ្ដល់ជីវិតឲ្យពួកគេ។ ដូច្នេះគាត់បានប្រាប់ពួកគេអំពី«ព្រះដែលបានបង្កើតពិភពលោកនិងអ្វីទាំងអស់ក្នុងពិភពលោក»។ គាត់បាននិយាយថាព្រះ«ផ្ដល់ជីវិត ដង្ហើម និងអ្វីទាំងអស់ដល់មនុស្សគ្រប់រូប» ហើយ«គឺដោយសារលោកទើបមានយើង ហើយគឺដោយសារលោក ទើបយើងមានជីវិត ក៏អាចធ្វើចលនាផង»។ (សកម្មភាព ១៧:២៤, ២៥, ២៨) ព្រះយេហូវ៉ាឲ្យយើងអ្វីទាំងអស់ដែលយើងត្រូវការដើម្បីរស់នៅនិងដើម្បីមានជីវិតដ៏សប្បាយ។ សូមគិតអំពីអ្វីមួយចំនួនដែលលោកបានឲ្យយើងដោយសារលោកស្រឡាញ់យើង។

. តើព្រះយេហូវ៉ាបានឲ្យយើងលំនៅបែបណា? (សូមមើលរូបភាពនៅដើមអត្ថបទ)

ជាឧទាហរណ៍ ព្រះយេហូវ៉ាបានរៀបចំលំនៅដ៏ស្អាតសម្រាប់យើង។ (ទំនុកតម្កើង ១១៥:១៥, ១៦) តាមមើលទៅក្នុងចំណោមភពផ្សេងដែលលោកបានបង្កើត គ្មានភពណាមួយដែលដូចភពផែនដីទេ។ អ្នកវិទ្យាសាស្ដ្របានស្រាវជ្រាវរុករកលម្ហអាកាស ហើយបានរកឃើញភពផ្សេងជាច្រើន ប៉ុន្ដែពួកគេនៅតែមិនអាចរកឃើញភពណាដែលមានអ្វីទាំងអស់ដែលមនុស្សជាតិត្រូវការដើម្បីរស់នៅឡើយ។ ព្រះយេហូវ៉ាមិនគ្រាន់តែបានឲ្យយើងអ្វីទាំងអស់ដែលយើងត្រូវការដើម្បីបន្ដរស់នៅប៉ុណ្ណោះទេ ប៉ុន្ដែលោកក៏បានបង្កើតផែនដីដ៏ស្អាត ស្រួលរស់នៅ ហើយមានសុវត្ថិភាព ជាកន្លែងដែលយើងអាចមានជីវិតដ៏សប្បាយ។ (អេសាយ ៤៥:១៨) ពេលយើងគិតអំពីលំនៅដែលព្រះយេហូវ៉ាជាបិតារបស់យើងបានឲ្យយើង យើងពិតជាមានអារម្មណ៍ថាលោកស្រឡាញ់យើងខ្លាំងណាស់។—សូមអាន យ៉ូប ៣៨:៤, ៧; ទំនុកតម្កើង ៨:៣-

. តើរបៀបដែលព្រះយេហូវ៉ាបានបង្កើតយើងបង្ហាញយ៉ាងណាថាលោកពិតជាស្រឡាញ់យើង?

របៀបមួយទៀតដែលព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះយើង គឺដោយបង្កើតយើងឲ្យមានសមត្ថភាពយកតម្រាប់លោក។ (លោកុប្បត្ដិ ១:២៧) នេះមានន័យថាយើងអាចមានអារម្មណ៍ថាលោកស្រឡាញ់យើង ហើយបន្ទាប់មកយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះលោកវិញ។ លោកដឹងថាការធ្វើដូច្នេះនាំឲ្យយើងមានសុភមង្គលពិត។ កូនសប្បាយចិត្ដខ្លាំងបំផុតនៅពេលពួកគេមានអារម្មណ៍ថាឪពុកម្ដាយស្រឡាញ់ពួកគេ។ ម្យ៉ាងទៀត សូមចាំថា លោកយេស៊ូបានបង្រៀនយើងថាបើយើងជិតស្និទ្ធនឹងព្រះយេហូវ៉ាជាបិតារបស់យើង យើងនឹងមានសុភមង្គល។ (ម៉ាថាយ ៥:៣) ព្រះឲ្យ«អ្វីទាំងអស់ដល់យើង ដើម្បីឲ្យយើងបានសប្បាយ»។ យើងឃើញច្បាស់ថា លោកមានចិត្ដទូលាយក្រៃលែង ហើយស្រឡាញ់យើងខ្លាំងណាស់។—ធីម៉ូថេទី១ ៦:១៧; ទំនុកតម្កើង ១៤៥:១៦

ព្រះយេហូវ៉ាបង្រៀនយើងអំពីសេចក្ដីពិត

. ហេតុអ្វីយើងចង់ឲ្យព្រះយេហូវ៉ាបង្រៀនយើង?

ឪពុកស្រឡាញ់កូនរបស់ខ្លួន ហើយមិនចង់ឲ្យអ្នកណាអ្វីណាបំភាន់បោកបញ្ឆោតពួកគេឡើយ។ ប៉ុន្ដែ ឪពុកម្ដាយជាច្រើននាក់នៅសព្វថ្ងៃនេះ មិនព្រមទទួលខ្នាតតម្រាក្នុងគម្ពីរស្ដីអំពីអ្វីដែលខុសនិងអ្វីដែលត្រូវទេ។ ហេតុនេះ ពួកគេមិនអាចណែនាំកូនយ៉ាងត្រឹមត្រូវបានទេ ហើយនេះច្រើនតែនាំឲ្យក្រុមគ្រួសារច្របូកច្របល់និងគ្មានសុភមង្គល។ (សុភាសិត ១៤:១២) ប៉ុន្ដែ ព្រះយេហូវ៉ាផ្ដល់ឲ្យកូនរបស់លោកនូវការណែនាំដ៏ល្អបំផុត ដោយសារលោកជា«ព្រះនៃសេចក្ដីពិត»។ (ទំនុកតម្កើង ៣១:៥) លោកពេញចិត្ដបង្រៀនយើងនូវសេចក្ដីពិតអំពីលោក។ លោកក៏បង្រៀនយើងអំពីរបៀបគោរពប្រណិប័តន៍លោក ហើយបង្ហាញយើងអំពីរបៀបរស់នៅដ៏ប្រសើរបំផុតដែរ។ (សូមអាន ទំនុកតម្កើង ៤៣:៣) ដូច្នេះ តើព្រះយេហូវ៉ាបានបង្រៀនយើងអ្វីខ្លះដែលបង្ហាញថាលោកស្រឡាញ់យើងយ៉ាងខ្លាំង?

ឪពុកដែលជាគ្រិស្ដសាសនិកយកតម្រាប់ព្រះយេហូវ៉ាដោយបង្រៀនកូនអំពីសេចក្ដីពិត ហើយជួយពួកគេមានទំនាក់ទំនងជាមួយនឹងបិតារបស់ពួកគេដែលនៅស្ថានសួគ៌ (សូមមើលវគ្គ-១០)

៩, ១០. () ហេតុអ្វីព្រះយេហូវ៉ាប្រាប់យើងអំពីលោក? () តើលោកបង្រៀនយើងអ្វីអំពីគោលបំណងរបស់លោកចំពោះយើង?

មុនដំបូង ព្រះយេហូវ៉ាបង្រៀនយើងអំពីលោកផ្ទាល់។ លោកចង់ឲ្យយើងស្គាល់លោក។ (យ៉ាកុប ៤:៨) ដូច្នេះ លោកប្រាប់យើងអំពីនាមរបស់លោក។ តាមការពិត ក្នុងគម្ពីរមាននាមរបស់លោកច្រើនជាងនាមផ្សេងទៀត។ ព្រះយេហូវ៉ាក៏ប្រាប់យើងដែរថាលោកជាបុគ្គលបែបណា។ ពេលយើងពិចារណាមើលអ្វីទាំងអស់ដែលលោកបានបង្កើត យើងយល់ថាលោកមានឫទ្ធានុភាពនិងប្រាជ្ញា។ (រ៉ូម ១:២០) ម្យ៉ាងទៀតពេលយើងអានគម្ពីរ យើងយល់ថាលោកពិតជាមិនលម្អៀង ហើយស្រឡាញ់យើងខ្លាំងណាស់។ ពេលយើងកាន់តែស្គាល់បុគ្គលិកលក្ខណៈដ៏ល្អប្រសើររបស់ព្រះយេហូវ៉ា យើងកាន់តែមានអារម្មណ៍ជិតស្និទ្ធនឹងលោក។

ពេលយើងកាន់តែស្គាល់បុគ្គលិកលក្ខណៈដ៏ល្អប្រសើររបស់ព្រះយេហូវ៉ា យើងកាន់តែមានអារម្មណ៍ជិតស្និទ្ធនឹងលោក

១០ ព្រះយេហូវ៉ាក៏បង្រៀនយើងអំពីគោលបំណងរបស់លោកដែរ។ លោកប្រាប់យើងថាយើងជាសមាជិកនៃក្រុមគ្រួសាររបស់លោក។ លោកក៏ពន្យល់ដែរអំពីអ្វីដែលលោកតម្រូវពីយើងដើម្បីឲ្យយើងធ្វើការដោយមានសាមគ្គីភាពនិងដោយសុខសាន្ដជាមួយនឹងសមាជិកទាំងអស់នៃក្រុមគ្រួសាររបស់លោក។ គម្ពីរបង្ហាញយ៉ាងច្បាស់ថាព្រះមិនបានបង្កើតយើងឲ្យមានសិទ្ធិសម្រេចចិត្ដដោយខ្លួនយើងអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់ទេ។ (យេរេមា ១០:២៣) ព្រះយេហូវ៉ាដឹងអំពីអ្វីដែលល្អបំផុតសម្រាប់យើង។ ម្យ៉ាងទៀត លុះត្រាតែយើងទទួលស្គាល់សិទ្ធិអំណាចរបស់លោកនិងស្តាប់បង្គាប់លោក ទើបយើងអាចមានជីវិតដ៏គាប់ចិត្ដនិងមានសេចក្ដីសុខសាន្ដ។ ព្រះយេហូវ៉ាបង្រៀនយើងអំពីសេចក្ដីពិតដ៏សំខាន់នេះ ដោយសារលោកស្រឡាញ់យើង។

១១. តើបិតារបស់យើងដែលមានសេចក្ដីស្រឡាញ់បានប្រាប់យើងអ្វីអំពីអនាគត?

១១ បិតាដែលមានសេចក្ដីស្រឡាញ់គិតយ៉ាងដិតដល់អំពីអនាគតរបស់កូនៗ។ គាត់ចង់ឲ្យពួកគេមានជីវិតដែលគាប់ចិត្ដ។ គួរឲ្យស្តាយណាស់ នៅសព្វថ្ងៃនេះមនុស្សភាគច្រើនព្រួយបារម្ភអំពីអ្វីដែលនឹងកើតឡើងនៅពេលអនាគត ហើយមនុស្សជាច្រើននាក់ប្រើជីវិតខ្លួនដោយឥតប្រយោជន៍ចំពោះអ្វីដែលមិនស្ថិតស្ថេរ។ (ទំនុកតម្កើង ៩០:១០) យើងសប្បាយចិត្ដយ៉ាងខ្លាំងដែលព្រះយេហូវ៉ាជាបិតារបស់យើងមិនគ្រាន់តែបានបង្រៀនយើងអំពីរបៀបរស់នៅដែលនាំឲ្យគាប់ចិត្ដនៅឥឡូវនេះប៉ុណ្ណោះទេ តែលោកក៏បានសន្យាឲ្យយើងមានអនាគតដ៏អស្ចារ្យដែរ!

ព្រះយេហូវ៉ាណែនាំនិងប្រដៅកូនរបស់លោក

១២. តើព្រះយេហូវ៉ាបានព្យាយាមជួយកាអ៊ីននិងបារូកយ៉ាងដូចម្ដេច?

១២ ពេលព្រះយេហូវ៉ាបានឃើញថាកាអ៊ីនហៀបនឹងធ្វើអ្វីដ៏អាក្រក់ លោកព្យាយាមជួយកាអ៊ីនដោយសួរគាត់ថា«ឯងខឹងធ្វើអី ហេតុអ្វីបានជាឯងធ្វើទឹកមុខក្រញូវដូច្នេះ? បើឯងធ្វើល្អ តើមិនបានទឹកមុខរីករាយវិញទេអី?»។ (លោកុប្បត្ដិ ៤:៦, ៧) កាអ៊ីនបានបដិសេធជំនួយពីព្រះយេហូវ៉ា ហើយជាលទ្ធផលគាត់បានរងទុក្ខ។ (លោកុប្បត្ដិ ៤:១១-១៣) នៅពេលផ្សេងទៀត ព្រះយេហូវ៉ាបានកត់សម្គាល់ថាចិត្ដគំនិតមិនត្រឹមត្រូវរបស់បារូកបានធ្វើឲ្យគាត់អស់កម្លាំងនិងធ្លាក់ទឹកចិត្ដ។ ដូច្នេះ ព្រះយេហូវ៉ាបានប្រាប់បារូកថាគាត់មានរបៀបគិតគូរមិនត្រឹមត្រូវ ហើយគាត់ត្រូវកែប្រែ។ បារូកបានស្តាប់ឱវាទរបស់ព្រះយេហូវ៉ា ហើយនេះបានសង្គ្រោះជីវិតរបស់គាត់។—យេរេមា ៤៥:២-

១៣. តើអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាបានរៀនអ្វីពីទុក្ខលំបាករបស់ពួកគាត់?

១៣ ព្រះយេហូវ៉ាណែនាំនិងប្រដៅយើងពីព្រោះលោកស្រឡាញ់យើង។ លោកមិនគ្រាន់តែកែតម្រង់យើងនៅពេលដែលចាំបាច់ប៉ុណ្ណោះទេ តែលោកក៏បង្ហាត់បង្រៀនយើងផងដែរ។ (ហេប្រឺ ១២:៦) គម្ពីរចែងអំពីអ្នកបម្រើស្មោះត្រង់ដែលព្រះយេហូវ៉ាបានបង្ហាត់បង្រៀនឲ្យក្លាយទៅជាមនុស្សល្អប្រសើរជាង។ ជាឧទាហរណ៍ យ៉ូសែប ម៉ូសេ និងដាវីឌបានឆ្លងកាត់គ្រាដ៏ពិបាកយ៉ាងខ្លាំង។ ក្នុងអំឡុងពេលពួកគាត់មានទុក្ខលំបាក ព្រះយេហូវ៉ាបាននៅជាមួយនឹងពួកគាត់។ ម្យ៉ាងទៀត អ្វីដែលពួកគាត់បានរៀនក្នុងរយៈពេលដែលមានទុក្ខលំបាកទាំងនោះបានជួយពួកគាត់នៅពេលដែលព្រះយេហូវ៉ាបានឲ្យពួកគាត់នូវភារកិច្ចធំជាង។ កាលដែលយើងអានក្នុងគម្ពីរអំពីរបៀបដែលព្រះយេហូវ៉ាគាំទ្រនិងបង្ហាត់បង្រៀនរាស្ដ្ររបស់លោក យើងមានអារម្មណ៍ថាព្រះយេហូវ៉ាពិតជាស្រឡាញ់យើង។—សូមអាន សុភាសិត ៣:១១, ១២

១៤. បើយើងធ្វើខុស តើព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ចំពោះយើងយ៉ាងដូចម្ដេច?

១៤ សូម្បីតែពេលយើងធ្វើខុសក៏ដោយ ព្រះយេហូវ៉ាបន្ដបង្ហាញសេចក្ដីស្រឡាញ់ចំពោះយើង។ បើយើងធ្វើតាមការប្រដៅរបស់លោក ហើយប្រែចិត្ដ លោកនឹងអភ័យទោសឲ្យយើង«ជាបរិបូរ»។ (អេសាយ ៥៥:៧) តើនេះមានន័យយ៉ាងណា? ពាក្យរបស់ដាវីឌអំពីការអភ័យទោសរបស់ព្រះយេហូវ៉ាបង្ហាញថា យើងមានបិតាដែលពោរពេញទៅដោយសេចក្ដីមេត្ដាករុណា។ គាត់បានសរសេរថា«ទ្រង់អត់ទោសចំពោះអស់ទាំងការទុច្ចរិតរបស់ឯង ទ្រង់ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យជា ក៏ជួយជីវិតឯងឲ្យរួចពីរណ្ដៅ ហើយយកសេចក្ដីសប្បុរសនឹងសេចក្ដីមេត្ដាករុណាបំពាក់ជាមកុដឲ្យឯងវិញ។ ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់បានដកយកអស់ទាំងការល្មើសនៃយើងឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ»។ (ទំនុកតម្កើង ១០៣:៣, ៤, ១២) ព្រះយេហូវ៉ាប្រដៅនិងណែនាំយើងតាមរបៀបផ្សេងៗ។ តើអ្នកឆាប់ធ្វើតាមការប្រដៅនិងការណែនាំនោះទេ? សូមចាំជានិច្ចថាព្រះយេហូវ៉ាប្រដៅយើងដោយសារលោកស្រឡាញ់យើង។—ទំនុកតម្កើង ៣០:៥

ព្រះយេហូវ៉ាការពារយើង

១៥. តើព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់របស់លោកចំពោះយើងតាមរបៀបណាទៀត?

១៥ ឪពុកដែលស្រឡាញ់ក្រុមគ្រួសាររបស់គាត់ការពារពួកគេពីគ្រោះថ្នាក់។ នោះជាអ្វីដែលព្រះយេហូវ៉ាជាបិតារបស់យើងធ្វើចំពោះយើង។ អ្នកតែងទំនុកតម្កើងបានចែងអំពីព្រះយេហូវ៉ាថា«ទ្រង់ទំនុកបំរុងព្រលឹងនៃពួកអ្នកបរិសុទ្ធរបស់ទ្រង់ ក៏ជួយគេឲ្យរួចពីកណ្ដាប់ដៃនៃពួកមនុស្សអាក្រក់»។ (ទំនុកតម្កើង ៩៧:១០) សូមគិតអំពីឧទាហរណ៍មួយ។ អ្នកឆាប់ការពារភ្នែកដោយសារវាមានតម្លៃចំពោះអ្នក។ ដូចគ្នាដែរ ព្រះយេហូវ៉ាឆាប់ការពាររាស្ដ្ររបស់លោកដោយសារពួកគេមានតម្លៃចំពោះលោក។—សូមអាន សាការី ២:៨

ព្រះយេហូវ៉ាឆាប់ការពាររាស្ដ្ររបស់លោកដោយសារពួកគេមានតម្លៃចំពោះលោក

១៦, ១៧. តើព្រះយេហូវ៉ាបានការពាររាស្ដ្ររបស់លោកយ៉ាងដូចម្ដេចនៅសម័យមុននិងនៅសព្វថ្ងៃនេះ?

១៦ របៀបមួយដែលព្រះយេហូវ៉ាការពាររាស្ដ្ររបស់លោកនៅសម័យមុននិងនៅសព្វថ្ងៃនេះ គឺដោយប្រើពួកទេវតារបស់លោក។ (ទំនុកតម្កើង ៩១:១១) ទេវតាមួយរូបបានសម្លាប់ទាហានជនជាតិអាសស៊ើរអស់១៨៥.០០០នាក់ក្នុងពេលមួយយប់ ហើយបានសង្គ្រោះរាស្ដ្ររបស់ព្រះ។ (ពង្សាវតារក្សត្រទី២ ១៩:៣៥) នៅសតវត្សរ៍ទី១ ទេវតាបានជួយសង្គ្រោះពេត្រុស ប៉ូល និងអ្នកទៀតឲ្យរួចពីគុក។ (សកម្មភាព ៥:១៨-២០; ១២:៦-១១) នៅពេលថ្មីនេះ មានសង្គ្រាមដ៏សាហាវឃោរឃៅនៅប្រទេសមួយនាទ្វីបអាហ្វ្រិក។ ប្រទេសនោះច្របូកច្របល់ដោយសារមានការប្រយុទ្ធ ការលួច ការរំលោភ និងការសម្លាប់ជាច្រើន។ ទោះជាមិនមានបងប្អូនណាម្នាក់របស់យើងស្លាប់នៅសង្គ្រាមនោះក៏ដោយ បងប្អូនជាច្រើននាក់បានបាត់បង់អ្វីទាំងអស់។ ប៉ុន្ដែ ពួកគាត់ទាំងអស់គ្នាមានអារម្មណ៍ថាព្រះយេហូវ៉ាស្រឡាញ់ពួកគាត់ ហើយបានដឹងថាលោកថែរក្សាពួកគាត់។ ទោះជាពួកគាត់បានរងការឈឺចាប់ក្ដី ពួកគាត់នៅតែសប្បាយ។ ពេលបងប្រុសម្នាក់ដែលជាតំណាងមន្ទីរចាត់ការពិភពលោកបានទៅទីនោះ ហើយសួរសុខទុក្ខពួកគាត់ ពួកគាត់បាននិយាយថា«ដោយសារព្រះយេហូវ៉ា អ្វីទាំងអស់មិនអីទេ!»។

១៧ អ្នកបម្រើខ្លះរបស់ព្រះយេហូវ៉ា ដូចជាស្ទេផានដែលជាអ្នកកាន់តាមលោកយេស៊ូជាដើម បានស្លាប់ដោយសារពួកគាត់ជាមនុស្សស្មោះត្រង់។ ព្រះយេហូវ៉ាមិនតែងតែការពារជីវិតរបស់រាស្ដ្រលោកទេ។ ប៉ុន្ដែ លោកការពាររាស្ដ្ររបស់លោកជាក្រុម ដោយព្រមានពួកគេអំពីវិធីផ្សេងដែលសាថានព្យាយាមបោកបញ្ឆោតពួកគេ។ (អេភេសូរ ៦:១០-១២) យើងអាចឃើញការព្រមានទាំងនេះនៅក្នុងគម្ពីរនិងសៀវភៅផ្សេងពីអង្គការព្រះយេហូវ៉ា។ ជាឧទាហរណ៍ យើងដឹងអំពីគ្រោះថ្នាក់ដែលមកពីប្រព័ន្ធអ៊ីនធឺណិត ការស្រឡាញ់លុយ ព្រមទាំងគ្រោះថ្នាក់ដែលមកពីភាពយន្ដ សៀវភៅហ្គេមដែលមានអំពើប្រាសចាកសីលធម៌និងអំពើឃោរឃៅ។ ព្រះយេហូវ៉ាពិតជាស្រឡាញ់យើងនិងចង់ការពារយើង។

កិត្ដិយសដ៏ខ្ពង់ខ្ពស់មួយ

១៨. ស្ដីអំពីសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ាមានចំពោះអ្នក តើអ្នកមានអារម្មណ៍យ៉ាងណា?

១៨ កាលដែលម៉ូសេបានគិតអំពីរយៈពេលជាច្រើនឆ្នាំដែលគាត់បានបម្រើព្រះយេហូវ៉ា គាត់បានជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់គាត់។ ម៉ូសេបាននិយាយថា«សូមចំអែយើងខ្ញុំដោយសេចក្ដីសប្បុរស[សេចក្ដីស្រឡាញ់ដ៏ស្មោះ]នៃទ្រង់នៅពេលព្រឹក ដើម្បីឲ្យយើងខ្ញុំបានរីករាយឡើង ហើយមានសេចក្ដីអំណររហូតដល់អស់ជីវិត»។ (ទំនុកតម្កើង ៩០:១៤) គឺជាពរមួយដែលយើងអាចយល់អំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះយើង ហើយមានអារម្មណ៍ថាលោកស្រឡាញ់យើង។ ការទទួលសេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ាគឺជាកិត្ដិយសដ៏ខ្ពង់ខ្ពស់មួយ! យើងមានទស្សនៈដូចសាវ័កយ៉ូហានដែលបាននិយាយថា«ចូរគិតពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលបិតានៅស្ថានសួគ៌មានចំពោះយើង»។—យ៉ូហានទី១ ៣:១