លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើសមត្ថភាពវិនិច្ឆ័យរបស់អ្នកគួរឲ្យទុកចិត្ដទេ?

តើសមត្ថភាពវិនិច្ឆ័យរបស់អ្នកគួរឲ្យទុកចិត្ដទេ?

«គោលបំណងនៃបង្គាប់នេះ គឺដើម្បីឲ្យយើងមានសេចក្ដីស្រឡាញ់ផុសចេញពីចិត្ដបរិសុទ្ធ . . . និងពីសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស»។—ធីម៉ូថេទី១ ១:៥

ចម្រៀងលេខ: ២២, ៤៨

១, ២. តើអ្នកណាបានផ្ដល់ឲ្យយើងនូវសមត្ថភាពវិនិច្ឆ័យ ហើយហេតុអ្វីយើងសប្បាយចិត្ដដែលយើងមានសមត្ថភាពវិនិច្ឆ័យនោះ?

ព្រះយេហូវ៉ាបានបង្កើតមនុស្សឲ្យមានចិត្ដសេរី ពោលគឺមានសេរីភាពធ្វើការសម្រេចចិត្ដផ្សេងៗ។ ដើម្បីជួយយើងធ្វើការសម្រេចចិត្ដត្រឹមត្រូវ ព្រះយេហូវ៉ាបានឲ្យយើងនូវអ្វីមួយដើម្បីដឹកនាំយើង។ អ្វីនោះបានត្រូវហៅថាសមត្ថភាពវិនិច្ឆ័យ ហើយវាគឺជាសមត្ថភាពដែលមាននៅក្នុងខ្លួនយើងដែលជួយយើងស្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ។ ពេលយើងប្រើសមត្ថភាពវិនិច្ឆ័យរបស់យើងតាមរបៀបត្រឹមត្រូវ វាអាចជួយយើងធ្វើអ្វីដែលល្អ ហើយជៀសវាងពីអ្វីដែលអាក្រក់។ សមត្ថភាពវិនិច្ឆ័យរបស់យើងគឺជាភ័ស្ដុតាងដែលបញ្ជាក់ថាព្រះយេហូវ៉ាស្រឡាញ់យើង ហើយលោកចង់ឲ្យយើងទទួលជោគជ័យ។

នៅសព្វថ្ងៃនេះ មនុស្សខ្លះធ្វើអ្វីដែលល្អ ហើយស្អប់អ្វីដែលអាក្រក់ ទោះជាពួកគេមិនស្គាល់ខ្នាតតម្រាក្នុងគម្ពីរក៏ដោយ។ (សូមអាន រ៉ូម ២:១៤, ១៥) ហេតុអ្វីដូច្នោះ? នោះគឺដោយសារសមត្ថភាពវិនិច្ឆ័យរបស់ពួកគេ។ សមត្ថភាពវិនិច្ឆ័យរារាំងមនុស្សជាច្រើនមិនឲ្យធ្វើអ្វីដែលអាក្រក់។ សូមស្រមៃគិតថាបើមនុស្សគ្មានសមត្ថភាពវិនិច្ឆ័យ ពិភពលោកនឹងទៅជាអាក្រក់យ៉ាងណា! យើងទំនងជានឹងអំពីរឿងអាក្រក់កាន់តែច្រើនជាងអ្វីដែលយើងឥឡូវនេះទៅទៀត។ យើងសប្បាយចិត្ដដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យមនុស្សជាតិនូវសមត្ថភាពវិនិច្ឆ័យ!

តើសមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្វឹកបង្ហាត់យ៉ាងល្អអាចជួយយើងយ៉ាងដូចម្ដេចពេលយើងត្រូវធ្វើការសម្រេចចិត្ដផ្សេង?

. តើតាមរបៀបណាសមត្ថភាពវិនិច្ឆ័យរបស់យើងអាចជួយយើងក្នុងក្រុមជំនុំ?

មនុស្សភាគច្រើនមិនគិតអំពីការបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់ពួកគេទេ។ ប៉ុន្ដែ រាស្ដ្ររបស់ព្រះយេហូវ៉ាចង់ឲ្យសមត្ថភាពវិនិច្ឆ័យរបស់ពួកគេដំណើរការយ៉ាងត្រឹមត្រូវ ដោយសារវាអាចមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការជួយធ្វើឲ្យមានសាមគ្គីភាពក្នុងក្រុមជំនុំ។ យើងចង់ឲ្យសមត្ថភាពវិនិច្ឆ័យរបស់យើងរំលឹកយើងអំពីខ្នាតតម្រាក្នុងគម្ពីរស្ដីអំពីអ្វីដែលត្រូវនិងអ្វីដែលខុស អ្វីដែលល្អនិងអ្វីដែលអាក្រក់។ ប៉ុន្ដែ ដើម្បីបង្វឹកបង្ហាត់និងប្រើសមត្ថភាពវិនិច្ឆ័យរបស់យើង យើងមិនគ្រាន់តែត្រូវរៀនអំពីអ្វីដែលគម្ពីរចែងប៉ុណ្ណោះទេ គឺយើងត្រូវស្រឡាញ់ខ្នាតតម្រារបស់ព្រះ ហើយជឿថាខ្នាតតម្រាទាំងនោះមានប្រយោជន៍សម្រាប់យើង។ ប៉ូលបានសរសេរថា«គោលបំណងនៃបង្គាប់នេះ គឺដើម្បីឲ្យយើងមានសេចក្ដីស្រឡាញ់ផុសចេញពីចិត្ដបរិសុទ្ធ ផុសចេញពីជំនឿដែលគ្មានពុតត្បុត និងពីសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស»។ (ធីម៉ូថេទី១ ១:៥) ពេលយើងបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើង ហើយធ្វើតាមវា នោះយើងនឹងកាន់តែស្រឡាញ់ព្រះយេហូវ៉ា ហើយមានជំនឿលើលោកកាន់តែខ្លាំងឡើង។ របៀបដែលយើងប្រើសមត្ថភាពវិនិច្ឆ័យរបស់យើងបង្ហាញថាយើងមានចំណងមិត្ដភាពជិតស្និទ្ធយ៉ាងណាជាមួយនឹងព្រះយេហូវ៉ា ហើយក៏បង្ហាញដែរថាយើងចង់ធ្វើឲ្យលោកពេញចិត្ដខ្លាំងយ៉ាងណា។ សមត្ថភាពវិនិច្ឆ័យរបស់យើងក៏បង្ហាញដែរថាយើងគឺជាមនុស្សប្រភេទណា។

. តើតាមរបៀបណាយើងអាចបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើង?

ប៉ុន្ដែ តើតាមរបៀបណាយើងអាចបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើង? យើងត្រូវសិក្សាគម្ពីរជាទៀងទាត់ រំពឹងគិតអំពីអ្វីដែលយើងអាន ហើយសុំព្រះយេហូវ៉ាជួយយើងអនុវត្ដអ្វីដែលយើងបានរៀន។ ការធ្វើដូច្នេះមានន័យថាយើងមិនត្រឹមតែត្រូវរៀនអំពីព័ត៌មានផ្សេងនិងច្បាប់ក្នុងគម្ពីរប៉ុណ្ណោះ។ ពេលយើងសិក្សាគម្ពីរ គោលដៅរបស់យើងគឺដើម្បីស្គាល់ព្រះយេហូវ៉ាឲ្យកាន់តែច្បាស់។ យើងស្គាល់លោកថាជាបុគ្គលបែបណា ហើយស្គាល់អ្វីដែលលោកចូលចិត្ដនិងអ្វីដែលលោកមិនចូលចិត្ដ។ កាលដែលយើងរៀនអំពីព្រះយេហូវ៉ាកាន់តែច្រើន នោះនៅទីបំផុត សមត្ថភាពវិនិច្ឆ័យរបស់យើងនឹងឆាប់សម្គាល់អ្វីដែលលោកចាត់ទុកថាខុសនិងអ្វីដែលលោកចាត់ទុកថាត្រូវ។ ពេលយើងបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើងកាន់តែច្រើន នោះយើងកាន់តែអាចមានទស្សនៈដូចព្រះយេហូវ៉ា។

. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?

ប៉ុន្ដែ យើងប្រហែលជាសួរថា តើសមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្វឹកបង្ហាត់យ៉ាងល្អអាចជួយយើងយ៉ាងដូចម្ដេចពេលយើងត្រូវធ្វើការសម្រេចចិត្ដផ្សេង? តើតាមរបៀបណាយើងអាចបង្ហាញការគោរពចំពោះសមត្ថភាពវិនិច្ឆ័យរបស់បងប្អូនរួមជំនឿម្នាក់? ម្យ៉ាងទៀត តើតាមរបៀបណាសមត្ថភាពវិនិច្ឆ័យរបស់យើងអាចជំរុញចិត្ដយើងឲ្យធ្វើអ្វីដែលល្អ? សូមឲ្យយើងពិចារណាអំពីស្ថានភាពបីយ៉ាងដែលយើងត្រូវការសមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្វឹកបង្ហាត់យ៉ាងល្អ៖ () ការថែរក្សាសុខភាព () ការកម្សាន្ដ ហើយ () កិច្ចការផ្សព្វផ្សាយរបស់យើង។

ចូរធ្វើជាមនុស្សសមហេតុសមផល

. តើយើងធ្វើការសម្រេចចិត្ដអ្វីខ្លះស្ដីអំពីការថែរក្សាសុខភាពរបស់យើង?

គម្ពីរប្រាប់យើងឲ្យជៀសវាងការប្រព្រឹត្ដដែលនឹងនាំឲ្យយើងរងទុក្ខ ហើយក៏ប្រាប់យើងឲ្យមានតុល្យភាពស្ដីអំពីទម្លាប់របស់យើងដែរ ដូចជាការបរិភោគនិងការផឹកជាដើម។ (សុភាសិត ២៣:២០; កូរិនថូសទី២ ៧:១) ពេលយើងធ្វើតាមឱវាទក្នុងគម្ពីរ នោះអាចជួយការពារសុខភាពរបស់យើង។ ប៉ុន្ដែ យើងនៅតែចេះឈឺ ហើយចេះតែចាស់ទៅៗ។ តើយើងប្រហែលជាត្រូវធ្វើការសម្រេចចិត្ដអ្វីខ្លះ? នៅប្រទេសខ្លះមានវិធីព្យាបាលដែលប្រើថ្នាំពេទ្យនិងវិធីព្យាបាលដែលមិនប្រើថ្នាំពេទ្យ។ ការិយាល័យសាខាទទួលសំបុត្រជារឿយពីបងប្អូនដែលសួរពួកគាត់អំពីវិធីព្យាបាលផ្សេងៗ។ ពួកគេជាច្រើននាក់បានសួរថា «តើអ្នកបម្រើព្រះយេហូវ៉ាម្នាក់អាចទទួលយកវិធីព្យាបាលនេះ ឬវិធីព្យាបាលនោះបានទេ?»។

. តើតាមរបៀបណាយើងអាចធ្វើការសម្រេចចិត្ដអំពីឈាម?

ការិយាល័យសាខា ឬអ្នកចាស់ទុំក្នុងក្រុមជំនុំមិនមានសិទ្ធិធ្វើការសម្រេចចិត្ដអំពីវិធីព្យាបាលសម្រាប់គ្រិស្ដសាសនិកម្នាក់ឡើយ ទោះជាបុគ្គលនោះសួរពួកគាត់ថាតើគាត់គួរធ្វើអ្វីក៏ដោយ។ (កាឡាទី ៦:៥) ប៉ុន្ដែ អ្នកចាស់ទុំអាចប្រាប់អំពីប្រសាសន៍របស់ព្រះយេហូវ៉ាដើម្បីជួយគ្រិស្ដសាសនិកម្នាក់ឲ្យធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃ។ ជាឧទាហរណ៍ ព្រះបានបង្គាប់យើងឲ្យជៀសវាងពីឈាម។ (សកម្មភាព ១៥:២៩) បង្គាប់នេះច្បាស់ជាជួយគ្រិស្ដសាសនិកម្នាក់យល់ថាគាត់មិនអាចទទួលវិធីព្យាបាលដែលរួមបញ្ចូលការចាក់បញ្ចូលឈាមសុទ្ធ ឬសមាសធាតុសំខាន់ទាំងបួននៃឈាមឡើយ។ ព័ត៌មាននេះថែមទាំងអាចមានឥទ្ធិពលលើសមត្ថភាពវិនិច្ឆ័យរបស់គ្រិស្ដសាសនិកម្នាក់ ពេលដែលគាត់សម្រេចចិត្ដថាគាត់នឹងព្រមទទួលមិនព្រមទទួលនូវផលិតផលផ្សេងដែលជាធាតុតូចដែលចម្រាញ់ចេញពីសមាសធាតុសំខាន់ទាំងបួននៃឈាម។ * (សូមមើលកំណត់សម្គាល់) តើឱវាទណាផ្សេងទៀតក្នុងគម្ពីរអាចជួយយើងឲ្យធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃអំពីវិធីព្យាបាល?

. តើតាមរបៀបណាភីលីព ៤:៥ អាចជួយយើងធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃស្ដីអំពីការថែរក្សាសុខភាព?

សុភាសិត ១៤:១៥ ចែងថា«មនុស្សឆោតល្ងង់គេជឿគ្រប់ពាក្យទាំងអស់ តែមនុស្សមានគំនិតវាងវៃរមែងមើលផ្លូវខ្លួនដោយប្រយ័ត្ន»។ សព្វថ្ងៃនេះ ប្រហែលជាមានជំងឺខ្លះដែលមនុស្សមិនស្គាល់អំពីវិធីព្យាបាលទេ។ ដូច្នេះ យើងត្រូវប្រុងប្រយ័ត្នអំពីវិធីព្យាបាលដែលគេអះអាងថាអាចធ្វើឲ្យជាបាន តែគ្មានទីសំអាងថានឹងមានជោគជ័យនោះទេ។ ប៉ូលបានសរសេរថា«ចូរឲ្យមនុស្សទាំងអស់គ្នាឃើញថាអ្នករាល់គ្នាជាមនុស្សសមហេតុផល»។ (ភីលីព ៤:៥) ការធ្វើជាមនុស្សសមហេតុផលនឹងជួយយើងបន្ដផ្ដោតអារម្មណ៍ទៅលើការគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាជាងផ្ដោតអារម្មណ៍ទៅលើអ្វីដែលទាក់ទងនឹងសុខភាព។ បើការថែរក្សាសុខភាពទៅជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់យើង នោះយើងអាចទៅជាមនុស្សដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ (ភីលីព ២:៤) យើងដឹងថាយើងមិនអាចមានសុខភាពល្អឥតខ្ចោះក្នុងរបៀបរបបពិភពលោកនេះបានទេ។ ហេតុនេះ សូមពិចារណាឲ្យដឹងប្រាកដថាការបម្រើព្រះយេហូវ៉ាគឺជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នក។—សូមអាន ភីលីព ១:១០

តើអ្នកព្យាយាមបង្ខំអ្នកទៀតឲ្យមានមតិដូចអ្នកទេ? (សូមមើលវគ្គ)

. តើរ៉ូម ១៤:១៣,១៩ មានឥទ្ធិពលយ៉ាងណាលើការសម្រេចចិត្ដរបស់យើងអំពីសុខភាព ហើយតើអ្វីអាចធ្វើឲ្យសាមគ្គីភាពរបស់យើងបែកបាក់?

គ្រិស្ដសាសនិកដែលមានគំនិតសមហេតុសមផលនឹងមិនព្យាយាមបង្ខំអ្នកទៀតឲ្យធ្វើអ្វីដែលគាត់គិតថាគឺល្អបំផុតឡើយ។ នៅប្រទេសមួយ ប្ដីប្រពន្ធមួយគូបានលើកទឹកចិត្ដអ្នកទៀតឲ្យបរិភោគសារធាតុបំប៉នផ្សេងៗ ហើយបរិភោគនិងតមអាហារខ្លះ។ ពួកគាត់បានបញ្ចុះបញ្ចូលបងប្អូនខ្លះឲ្យធ្វើដូច្នេះ ប៉ុន្ដែបងប្អូនខ្លះទៀតសម្រេចចិត្ដមិនធ្វើទេ។ ពេលដែលសារធាតុបំប៉ននិងរបបអាហារនោះមិននាំឲ្យទទួលលទ្ធផលល្អដូចដែលបងប្អូនជាច្រើននាក់សង្ឃឹម នោះពួកគេបានខឹង។ ប្ដីប្រពន្ធនោះមានសិទ្ធិសម្រេចចិត្ដសម្រាប់ខ្លួនពួកគាត់ថាសាកល្បងសារធាតុបំប៉ននិងរបបអាហារនោះមិនសាកល្បង។ ប៉ុន្ដែ តើជាការសមហេតុសមផលទេដែលសាមគ្គីភាពក្នុងក្រុមជំនុំអាចបែកបាក់ដោយព្រោះតែការថែរក្សាសុខភាព? នៅក្រុងរ៉ូមសម័យបុរាណ គ្រិស្ដសាសនិកខ្លះមានមតិខុសគ្នាអំពីអាហារខ្លះនិងបុណ្យផ្សេងៗ។ តើប៉ូលបានផ្ដល់ឱវាទអ្វីដល់ពួកគេ? គាត់បាននិយាយថា«មនុស្សម្នាក់វិនិច្ឆ័យថាថ្ងៃមួយគឺសំខាន់ជាងថ្ងៃមួយទៀត ឯមនុស្សម្នាក់ទៀតវិនិច្ឆ័យថាថ្ងៃទាំងអស់គឺដូចគ្នា។ ចូរឲ្យមនុស្សម្នាក់ជឿប្រាកដក្នុងគំនិតរបស់ខ្លួន»។ សូមឲ្យយើងប្រុងប្រយ័ត្នជៀសវាងធ្វើឲ្យអ្នកទៀតជំពប់ដួល។—សូមអាន រ៉ូម ១៤:៥, ១៣, ១៥, ១៩, ២០

សូមពិចារណាឲ្យដឹងប្រាកដថាការបម្រើព្រះយេហូវ៉ាគឺជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នក

១០. ហេតុអ្វីយើងគួរគោរពការសម្រេចចិត្ដផ្ទាល់ខ្លួនរបស់អ្នកទៀត? (សូមមើលរូបភាពនៅដើមអត្ថបទ)

១០ ជួនកាល យើងប្រហែលជាមិនយល់អំពីមូលហេតុដែលបុគ្គលណាម្នាក់ក្នុងក្រុមជំនុំធ្វើការសម្រេចចិត្ដមួយអំពីបញ្ហាផ្ទាល់ខ្លួនទេ។ តើយើងគួរធ្វើអ្វី? យើងមិនគួរឆាប់វិនិច្ឆ័យគាត់ ឬបង្ខំគាត់ឲ្យផ្លាស់ប្ដូរគំនិតរបស់គាត់ឡើយ។ ប្រហែលជាគាត់ត្រូវបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់គាត់ថែមទៀត ឬប្រហែលជាសមត្ថភាពវិនិច្ឆ័យរបស់គាត់តឹងតែងពេក។ (កូរិនថូសទី១ ៨:១១, ១២) ឬក៏ប្រហែលជាយើងត្រូវបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើងថែមទៀត។ ស្ដីអំពីការថែរក្សាសុខភាពនិងរឿងផ្សេងទៀត យើងម្នាក់ត្រូវសម្រេចចិត្ដដោយខ្លួនយើង ហើយទទួលខុសត្រូវចំពោះការសម្រេចចិត្ដនោះ។

ចូររីករាយនឹងការកម្សាន្ដ

១១, ១២. តើតាមរបៀបណាគម្ពីរជួយយើងជ្រើសរើសការកម្សាន្ដ?

១១ ព្រះយេហូវ៉ាបានបង្កើតយើងឲ្យយើងអាចរីករាយនឹងការកម្សាន្ដ ហើយទទួលប្រយោជន៍ពីការកម្សាន្ដទាំងនោះ។ សាឡូម៉ូនបានសរសេរថា មាន«ពេលសើច»និង«ពេលសំរាប់លោតកញ្ឆេង»។ (សាស្តា ៣:៤) ទោះជាយ៉ាងនោះក្ដី មិនមែនការកម្សាន្ដទាំងអស់គឺមានប្រយោជន៍ លម្ហែកាយ ឬធ្វើឲ្យមានកម្លាំងចិត្ដឡើងវិញទេ។ យើងក៏ត្រូវជៀសវាងការចំណាយពេលច្រើនពេកទៅលើការកម្សាន្ដដែរ។ តើតាមរបៀបណាសមត្ថភាពវិនិច្ឆ័យរបស់យើងអាចជួយយើងសប្បាយនឹងការកម្សាន្ដដែលព្រះយេហូវ៉ាពេញចិត្ដ ហើយទទួលប្រយោជន៍ពីការកម្សាន្ដបែបនោះ?

‹តើសមត្ថភាពវិនិច្ឆ័យរបស់ខ្ញុំព្រមានខ្ញុំពេលខ្ញុំកំពុងទទួលការល្បួងទេ?›

១២ គម្ពីរព្រមានអំពី«ការប្រព្រឹត្ដដែលផុសចេញពីភាពខុសឆ្គង»។ ការប្រព្រឹត្ដទាំងនោះរួមមាន«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ការមានសីលធម៌ធូររលុង ការគោរពបូជារូបព្រះ ការទាក់ទងនឹងពួកវិញ្ញាណអាក្រក់ ការស្អប់គ្នា ការឈ្លោះប្រកែកគ្នា ការច្រណែន ការច្រឡោតខឹង ទំនាស់ ការបែកបាក់គ្នា និកាយ ការឈ្នានីស ការផឹកស្រាឲ្យស្រវឹង ការជប់លៀងសប្បាយឥតបើគិត ហើយអ្វីដែលស្រដៀងនឹងការទាំងនេះ»។ ប៉ូលបានសរសេរថា«អស់អ្នកដែលប្រព្រឹត្ដការទាំងនេះនឹងមិនទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ»។ (កាឡាទី ៥:១៩-២១) ដូច្នេះ យើងអាចសួរខ្លួនយើងថា ‹តើសមត្ថភាពវិនិច្ឆ័យរបស់ខ្ញុំជួយខ្ញុំជៀសវាងកីឡាដែលសាហាវ ប្រកួតប្រជែង ជាតិនិយម ឬកីឡាដែលប្រើហិង្សាទេ? តើសមត្ថភាពវិនិច្ឆ័យរបស់ខ្ញុំព្រមានខ្ញុំពេលខ្ញុំកំពុងត្រូវល្បួងឲ្យមើលភាពយន្ដដែលមានឈុតឆាកអាសអាភាស ឬរឿងដែលលើកទឹកចិត្ដឲ្យប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ផឹកស្រាឲ្យស្រវឹង ឬអ្វីដែលទាក់ទងនឹងពួកវិញ្ញាណអាក្រក់ទេ?›។

១៣. ស្ដីអំពីការកម្សាន្ដ តើឱវាទនៅធីម៉ូថេទី១ ៤:៨និងសុភាសិត ១៣:២០ អាចជួយយើងយ៉ាងណា?

១៣ គោលការណ៍គម្ពីរអាចជួយយើងបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើងស្ដីអំពីការកម្សាន្ដ។ ជាឧទាហរណ៍ គម្ពីរចែងថា«ការហ្វឹកហាត់ខ្លួនប្រាណមានប្រយោជន៍បន្ដិចបន្ដួច»។ (ធីម៉ូថេទី១ ៤:៨) មនុស្សជាច្រើនយល់ថាការហាត់ប្រាណជាទៀងទាត់ធ្វើឲ្យមានកម្លាំងចិត្ដឡើងវិញ និងមានប្រយោជន៍សម្រាប់សុខភាព។ ប៉ុន្ដែ ចុះយ៉ាងណាបើយើងចង់ហាត់ប្រាណជាក្រុម? តើយើងហាត់ប្រាណជាមួយនឹងអ្នកណាក៏បានឬ? សុភាសិត ១៣:២០ ប្រាប់យើងថា«អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ»។ គឺជាការសំខាន់ដែលយើងប្រើសមត្ថភាពវិនិច្ឆ័យរបស់យើងដែលបានត្រូវបង្វឹកបង្ហាត់ពីគម្ពីរពេលជ្រើសរើសការកម្សាន្ដ។

១៤. តើតាមរបៀបណាក្រុមគ្រួសារមួយបានធ្វើតាមរ៉ូម ១៤:២-?

១៤ បងគ្រីស្ទាននិងបងដានីអេឡាមានកូនស្រីជំទង់ពីរនាក់។ បងគ្រីស្ទាននិយាយថា«ក្នុងអំឡុងល្ងាចគោរពប្រណិប័តន៍ជាក្រុមគ្រួសារ យើងបានពិភាក្សាអំពីការកម្សាន្ដ។ យើងយល់ស្របថាការកម្សាន្ដខ្លះគឺអាចទទួលយកបាន រីឯខ្លះទៀតមិនអាចទទួលយកបានទេ។ តើយើងអាចចាត់ទុកអ្នកណាថាជាការសេពគប់ល្អ? កូនស្រីម្នាក់របស់យើងបានត្អូញត្អែរថាក្នុងអំឡុងពេលម៉ោងចេញលេង សាក្សីយុវវ័យខ្លះធ្វើអ្វីដែលនាងគិតថាមិនសមត្រឹមត្រូវ។ ម្យ៉ាងទៀត នាងមានអារម្មណ៍ថាខ្លួនត្រូវតែធ្វើដូចពួកគេ។ យើងបានលើកហេតុផលថាយើងម្នាក់មានសមត្ថភាពវិនិច្ឆ័យ ហើយគួរតែឲ្យវាដឹកនាំយើងពេលយើងសម្រេចចិត្ដធ្វើអ្វីមួយនិងធ្វើអ្វីនោះជាមួយនឹងអ្នកណា»។—សូមអាន រ៉ូម ១៤:២-

សមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្វឹកបង្ហាត់ពីគម្ពីរអាចជួយអ្នកជៀសវាងពីអ្វីដែលនាំឲ្យមានគ្រោះថ្នាក់ (សូមមើលវគ្គ១៤)

១៥. ពេលយើងរៀបចំការកម្សាន្ដ តើម៉ាថាយ ៦:៣៣អាចជួយយើងយ៉ាងដូចម្ដេច?

១៥ តើអ្នកចំណាយពេលប៉ុន្មានក្នុងការកម្សាន្ដ? តើអ្នកចាត់ទុកសកម្មភាពដូចជាកិច្ចប្រជុំ កិច្ចបម្រើផ្សាយ និងការអានគម្ពីរជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នកទេ ឬតើអ្នកចាត់ទុកការកម្សាន្ដថាសំខាន់បំផុតវិញ? តើអ្វីគឺសំខាន់បំផុតចំពោះអ្នក? លោកយេស៊ូបានមានប្រសាសន៍ថា«ដូច្នេះ ចូរបន្ដស្វែងរករាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះជាមុន ហើយលោកនឹងផ្ដល់របស់ទាំងនេះឲ្យអ្នក»។ (ម៉ាថាយ ៦:៣៣) ពេលអ្នកសម្រេចចិត្ដអំពីរបៀបចំណាយពេលវេលារបស់អ្នក តើសមត្ថភាពវិនិច្ឆ័យរបស់អ្នករំលឹកអ្នកអំពីឱវាទរបស់លោកយេស៊ូទេ?

សមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្វឹកបង្ហាត់ពីគម្ពីរជំរុញចិត្ដយើងឲ្យផ្សព្វផ្សាយ

១៦. តើតាមរបៀបណាសមត្ថភាពវិនិច្ឆ័យរបស់យើងលើកទឹកចិត្ដយើងឲ្យផ្សព្វផ្សាយ?

១៦ សមត្ថភាពវិនិច្ឆ័យដែលបានត្រូវបង្វឹកបង្ហាត់មិនគ្រាន់តែព្រមានយើងឲ្យជៀសវាងធ្វើអ្វីដែលខុសប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ជំរុញចិត្ដយើងឲ្យធ្វើអ្វីដែលល្អដែរ។ អ្វីមួយក្នុងចំណោមអ្វីដែលល្អទាំងនេះ គឺការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយនិងការផ្សព្វផ្សាយដល់ពួកអ្នកដែលយើងជួបក្រៅផ្លូវការ។ នោះគឺជាអ្វីដែលប៉ូលបានធ្វើ។ គាត់បានសរសេរថា«ខ្ញុំត្រូវតែប្រកាសដំណឹងល្អ។ តាមពិត ប្រសិនបើខ្ញុំមិនប្រកាសដំណឹងល្អ ខ្ញុំត្រូវវេទនាណាស់!»។ (កូរិនថូសទី១ ៩:១៦) ពេលយើងយកតម្រាប់ប៉ូល នោះយើងនឹងមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស ដោយដឹងថាយើងកំពុងធ្វើអ្វីដែលត្រឹមត្រូវ។ ម្យ៉ាងទៀត ពេលយើងផ្សព្វផ្សាយដំណឹងល្អដល់អ្នកទៀត នោះមានឥទ្ធិពលលើសមត្ថភាពវិនិច្ឆ័យរបស់ពួកគេដោយធ្វើឲ្យពួកគេចង់ធ្វើអ្វីដ៏ត្រឹមត្រូវ។ ប៉ូលបាននិយាយថា«ដោយឲ្យឃើញសេចក្ដីពិត យើងធ្វើជាគំរូល្អដោយគិតដល់សមត្ថភាពវិនិច្ឆ័យរបស់មនុស្សទាំងឡាយ នៅចំពោះមុខព្រះ»។—កូរិនថូសទី២ ៤:២

១៧. តើតាមរបៀបណាប្អូនស្រីវ័យក្មេងម្នាក់បានធ្វើតាមសមត្ថភាពវិនិច្ឆ័យរបស់គាត់ដែលបានត្រូវបង្វឹកបង្ហាត់ពីគម្ពីរ?

១៧ ពេលប្អូនស្រីចាកឃ្លីនមានអាយុ១៦ឆ្នាំ គាត់បានសិក្សាអំពីជីវវិទ្យានៅសាលា។ នៅពេលនោះសិស្សក្នុងថ្នាក់កំពុងរៀនអំពីទ្រឹស្ដីនៃការវិវត្ដន៍។ ប្អូនចាកឃ្លីនបាននិយាយថា«សមត្ថភាពវិនិច្ឆ័យរបស់ខ្ញុំមិនអនុញ្ញាតឲ្យខ្ញុំចូលរួមយ៉ាងពេញលេញក្នុងការពិភាក្សាដូចដែលខ្ញុំធ្លាប់ចូលរួមជាធម្មតានោះទេ។ ខ្ញុំមិនអាចគាំទ្រទ្រឹស្ដីនៃការវិវត្ដន៍បានឡើយ។ ដូច្នេះ ខ្ញុំបានទៅជួបគ្រូបង្រៀន ហើយពន្យល់អំពីជំនឿរបស់ខ្ញុំ។ ខ្ញុំភ្ញាក់ផ្អើលណាស់ ដោយសារគាត់ព្រមស្តាប់ ហើយបានផ្ដល់ឱកាសឲ្យខ្ញុំនិយាយអំពីប្រធានបទនៃការបង្កើតទៅសិស្សរួមថ្នាក់ទាំងអស់»។ ប្អូនចាកឃ្លីនស្កប់ចិត្ដដោយដឹងថាគាត់បានស្តាប់និងធ្វើតាមសមត្ថភាពវិនិច្ឆ័យរបស់គាត់ដែលបានត្រូវបង្វឹកបង្ហាត់ពីគម្ពីរ។ តើសមត្ថភាពវិនិច្ឆ័យរបស់អ្នកជំរុញអ្នកឲ្យធ្វើអ្វីដែលត្រឹមត្រូវទេ?

១៨. ហេតុអ្វីយើងចង់មានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស និងគួរឲ្យទុកចិត្ដ?

១៨ គោលដៅរបស់យើងគឺរស់នៅសមស្របតាមគោលការណ៍និងខ្នាតតម្រារបស់ព្រះយេហូវ៉ា។ សមត្ថភាពវិនិច្ឆ័យរបស់យើងអាចជួយយើងសម្រេចគោលដៅនោះ។ ពេលយើងសិក្សានិងរំពឹងគិតអំពីបណ្ដាំរបស់ព្រះជាទៀងទាត់ ហើយអនុវត្ដអ្វីដែលយើងរៀន នោះយើងនឹងបង្វឹកបង្ហាត់សមត្ថភាពវិនិច្ឆ័យរបស់យើង។ ពេលយើងធ្វើដូច្នេះ យើងនឹងមានសមត្ថភាពវិនិច្ឆ័យដ៏គួរឲ្យទុកចិត្ដដែលដឹកនាំយើងក្នុងជីវិតជាគ្រិស្ដសាសនិក!