លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការចូលទៅជិតព្រះ នោះជាការល្អដល់ខ្ញុំ

ការចូលទៅជិតព្រះ នោះជាការល្អដល់ខ្ញុំ

ពេលខ្ញុំមានអាយុឆ្នាំ ខ្ញុំឈប់លូតកម្ពស់ទៀត។ សព្វថ្ងៃនេះក្នុងវ័យ៤៣ឆ្នាំ ខ្ញុំមានកម្ពស់តែមួយម៉ែត្រ(បីហ្វីត)ប៉ុណ្ណោះ។ ពេលឪពុកម្ដាយរបស់ខ្ញុំបានយល់ថាខ្ញុំនឹងមិនលូតកម្ពស់ទៀត ពួកគាត់បានលើកទឹកចិត្ដខ្ញុំឲ្យខំប្រឹងធ្វើកិច្ចការដើម្បីកុំឲ្យខ្ញុំគិតច្រើនពេកអំពីកម្ពស់របស់ខ្ញុំ។ ដើម្បីកុំឲ្យខ្ញុំទំនេរ ខ្ញុំបានរៀបចំថ្នាក់ដាក់ផ្លែឈើលក់នៅមុខផ្ទះរបស់យើង ហើយរក្សាវាឲ្យមានរបៀបរៀបរយជានិច្ច។ នោះបានទាក់ទាញភ្ញៀវជាច្រើន។

ការខំប្រឹងធ្វើការមិនបានផ្លាស់ប្ដូរអ្វីទាំងអស់ទេ។ ខ្ញុំនៅតែមានកម្ពស់ទាបខ្លាំងណាស់ ហើយខ្ញុំត្រូវតែយកឈ្នះការពិបាកផ្សេងៗ សូម្បីតែអ្វីដ៏សាមញ្ញក្នុងជីវិតដូចជាកម្ពស់តុគិតលុយនៅហាងជាដើម។ អ្វីទាំងអស់មើលទៅបានត្រូវធ្វើឡើងសម្រាប់មនុស្សដែលខ្ពស់ជាងខ្ញុំជិតពីរដង។ ខ្ញុំអាណិតខ្លួនឯង ប៉ុន្ដែនោះបានផ្លាស់ប្ដូរពេលខ្ញុំមានអាយុ១៤ឆ្នាំ។

នៅថ្ងៃមួយ ស្ដ្រីពីរនាក់ដែលជាសាក្សីព្រះយេហូវ៉ាបានមកទិញផ្លែឈើខ្លះ ហើយបានស្នើសុំបង្រៀនគម្ពីរដល់ខ្ញុំ។ មិនយូរក្រោយមក ខ្ញុំបានទទួលស្គាល់ថាការស្គាល់ព្រះយេហូវ៉ានិងគោលបំណងរបស់លោកគឺសំខាន់ជាងកម្ពស់របស់ខ្ញុំ។ នោះបានជួយខ្ញុំច្រើនណាស់។ ទំនុកតម្កើង ៧៣:២៨បានទៅជាគម្ពីរដែលខ្ញុំចូលចិត្ដជាងគេ។ ផ្នែកដំបូងនៃនោះចែងថា៖ ‹កាលដែលទូលបង្គំចូលទៅជិតព្រះ នោះជាការល្អដល់ទូលបង្គំ›។

គ្រួសាររបស់យើងស្រាប់តែបានរើពីប្រទេសកូតឌីវ័រទៅប្រទេសបួគីណាហ្វាសូ ហើយជីវិតរបស់ខ្ញុំបានផ្លាស់ប្ដូរយ៉ាងច្រើន។ នៅតំបន់ដែលយើងរស់នៅពីមុន មនុស្សធ្លាប់តែឃើញខ្ញុំនៅក្បែរថ្នាក់ដាក់ផ្លែឈើលក់។ ប៉ុន្ដែ នៅតំបន់រស់នៅថ្មីរបស់យើង គេមិនបានស្គាល់ខ្ញុំទេ ហើយចំពោះមនុស្សជាច្រើន ខ្ញុំមើលទៅដូចជាមនុស្សចម្លែក។ មនុស្សទៀតចេះតែសម្លឹងមើលខ្ញុំ ដូច្នេះខ្ញុំបាននៅក្នុងផ្ទះអស់ជាច្រើនសប្ដាហ៍។ ក្រោយមក ខ្ញុំនឹកចាំថាពេលដែលខ្ញុំបានចូលទៅជិតព្រះយេហូវ៉ា នោះគឺល្អណាស់ចំពោះខ្ញុំ។ ខ្ញុំបានសរសេរសំបុត្រទៅការិយាល័យសាខានៃសាក្សីព្រះយេហូវ៉ា ហើយពួកគាត់បានចាត់បុគ្គលម្នាក់ដែលត្រូវចិត្ដខ្ញុំឲ្យមក។ បងស្រីណានីដែលជាសាសនទូតបានមកលេងខ្ញុំដោយជិះម៉ូតូកូនទា។

ផ្លូវដីនៅតំបន់របស់យើងតែងតែរអិល ហើយនៅរដូវភ្លៀង ផ្លូវនោះទៅជាបែកភក់។ បងណានីបានដួលម៉ូតូជាច្រើនដង ពេលដែលគាត់មកបង្រៀនគម្ពីរដល់ខ្ញុំ ប៉ុន្ដែគាត់មិនបានឈប់ព្យាយាមឡើយ។ ថ្ងៃមួយ គាត់បានស្នើសុំយកខ្ញុំទៅកិច្ចប្រជុំ។ ខ្ញុំយល់ថានេះមានន័យថាខ្ញុំត្រូវចេញពីផ្ទះ ហើយស៊ូទ្រាំនឹងការសម្លឹងមើលរបស់មនុស្ស។ បន្ថែមទៅទៀត កាលដែលគាត់ឌុបខ្ញុំ នោះបន្ថែមទម្ងន់លើម៉ូតូដែលពិបាកកាច់ចង្កូតស្រាប់ទៅហើយ។ ទោះជាយ៉ាងនេះក៏ដោយ ខ្ញុំបានយល់ព្រម ដោយសារខ្ញុំបាននឹកចាំផ្នែកបន្ទាប់នៃគម្ពីរដែលខ្ញុំចូលចិត្ដជាងគេ ដែលចែងថា«ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ាទុកជាទីពឹងហើយ»។

ជួនកាលបងណានីនិងខ្ញុំដួលចូលក្នុងភក់ ប៉ុន្ដែដោយសារយើងស្រឡាញ់កិច្ចប្រជុំ យើងមិនខ្វល់ឡើយ។ នៅខាងក្រៅមនុស្សបានសម្លឹងមើលខ្ញុំដោយឆ្ងល់ ប៉ុន្ដែនៅសាលប្រជុំបងប្អូនបានញញឹមដាក់ខ្ញុំដោយសេចក្ដីស្រឡាញ់ នេះពិតជាខុសគ្នាឆ្ងាយណាស់! ប្រាំបួនខែក្រោយមក ខ្ញុំបានទទួលការជ្រមុជទឹក។

«ដើម្បីឲ្យបានថ្លែងប្រាប់ពីអស់ទាំងការរបស់ទ្រង់» គឺជាផ្នែកចុងក្រោយនៃបទគម្ពីរដែលខ្ញុំចូលចិត្ដជាងគេ។ ខ្ញុំបានដឹងថាកិច្ចបម្រើផ្សាយគឺជាការពិបាកដ៏ធំបំផុតសម្រាប់ខ្ញុំ។ ខ្ញុំនៅតែនឹកចាំអំពីលើកទី១ដែលខ្ញុំបានផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ ទាំងកូនក្មេងទាំងមនុស្សពេញវ័យចេះតែសម្លឹងមើលខ្ញុំ ដើរតាមខ្ញុំ ហើយសើចចំអករបៀបដែលខ្ញុំដើរ។ នោះពិតជាធ្វើឲ្យខ្ញុំឈឺចិត្ដខ្លាំងណាស់ ប៉ុន្ដែពេលខ្ញុំរំលឹកខ្លួនឯងថាពួកគេក៏ត្រូវការសួនឧទ្យានយ៉ាងខ្លាំងដូចខ្ញុំដែរ ខ្ញុំអាចស៊ូទ្រាំបាន។

ដើម្បីធ្វើឲ្យខ្ញុំស្រួលផ្សព្វផ្សាយជាង ខ្ញុំបានប្រើរទេះកង់បីដែលបង្វិលដោយដៃ។ ដៃគូផ្សាយរបស់ខ្ញុំរុញរទេះខ្ញុំពេលឡើងទួល ហើយបន្ទាប់មកគាត់ឡើងរទេះនោះពេលចុះទួល។ ទោះជាដំបូងឡើយកិច្ចបម្រើផ្សាយគឺពិបាកសម្រាប់ខ្ញុំក៏ដោយ មិនយូរក្រោយមកកិច្ចការនោះធ្វើឲ្យខ្ញុំសប្បាយរីករាយខ្លាំងដល់ម៉្លេះបានជានៅឆ្នាំ១៩៩៨ ខ្ញុំបានក្លាយទៅជាអ្នកត្រួសត្រាយពេញពេល។

ខ្ញុំបានដឹកនាំការសិក្សាគម្ពីរជាច្រើន ហើយសិស្សគម្ពីរបួននាក់ក្នុងចំណោមសិស្សទាំងនោះបានទទួលការជ្រមុជទឹក។ ម្យ៉ាងទៀត ប្អូនស្រីបង្កើតម្នាក់របស់ខ្ញុំក៏បានទទួលយកសេចក្ដីពិតដែរ នេះគួរឲ្យសប្បាយរីករាយមែន! ពេលអំពីការរីកចម្រើនរបស់អ្នកទៀត នោះច្រើនតែលើកទឹកចិត្ដខ្ញុំនៅពេលដែលខ្ញុំត្រូវការការលើកទឹកចិត្ដ។ ថ្ងៃមួយ កាលដែលខ្ញុំរងទុក្ខដោយសារជំងឺគ្រុនចាញ់ ខ្ញុំបានទទួលសំបុត្រមួយពីប្រទេសកូតឌីវ័រ។ ខ្ញុំបានចាប់ផ្ដើមការសិក្សាគម្ពីរជាមួយនឹងនិស្សិតសកលវិទ្យាល័យម្នាក់នៅមាត់ទ្វារផ្ទះរបស់គាត់នៅប្រទេសបួគីណាហ្វាសូ ហើយខ្ញុំបានផ្ទេរគាត់ឲ្យបងប្រុសរួមជំនឿម្នាក់។ ក្រោយមក សិស្សគម្ពីរនោះបានរើទៅប្រទេសកូតឌីវ័រ។ ខ្ញុំសប្បាយដែលបានថាគាត់បានក្លាយទៅជាអ្នកផ្សព្វផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក!

តើខ្ញុំចិញ្ចឹមជីវិតយ៉ាងដូចម្ដេច? អង្គការមួយដែលជួយជនពិការបានស្នើសុំបង្រៀនខ្ញុំឲ្យចេះកាត់ដេរ។ គ្រូបង្រៀនម្នាក់បានកត់សម្គាល់ទម្លាប់ធ្វើការរបស់ខ្ញុំ ហើយបាននិយាយថា«យើងគួរតែបង្រៀនអ្នកអំពីរបៀបធ្វើសាប៊ូ»។ ពួកគេបានធ្វើដូច្នេះ។ សព្វថ្ងៃនេះ នៅផ្ទះរបស់ខ្ញុំ ខ្ញុំធ្វើសាប៊ូបោកខោអាវនិងសាប៊ូដុំ។ មនុស្សចូលចិត្ដសាប៊ូរបស់ខ្ញុំ ហើយបានណែនាំអ្នកទៀតឲ្យប្រើសាប៊ូនោះ។ ខ្ញុំដឹកជញ្ជូនសាប៊ូទាំងនោះឲ្យគេដោយខ្លួនឯងដោយប្រើម៉ូតូកូនទាកង់បី។

គួរឲ្យស្តាយ នៅឆ្នាំ២០០៤ ខ្ញុំត្រូវឈប់ត្រួសត្រាយ ដោយសារខ្ញុំឈឺខ្នងយ៉ាងខ្លាំង។ ប៉ុន្ដែ ខ្ញុំនៅតែចេញទៅផ្សព្វផ្សាយជាទៀងទាត់។

មនុស្សនិយាយថាខ្ញុំមានកេរ្ដិ៍ឈ្មោះជាមនុស្សញញឹម។ ខ្ញុំមានមូលហេតុជាច្រើនដើម្បីសប្បាយរីករាយ ដោយសារការចូលទៅជិតព្រះ នោះជាការល្អដល់ខ្ញុំ (រៀបរាប់ដោយបងសារ៉ា ម៉ៃហ្គា)។