លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូររំពឹងគិតជានិច្ចអំពីអ្វីពីព្រះ

ចូររំពឹងគិតជានិច្ចអំពីអ្វីពីព្រះ

«ចូរសញ្ជឹងគិតអំពីការទាំងនេះ ចូរជក់ចិត្ដគំនិតនឹងការទាំងនេះ ដើម្បីឲ្យមនុស្សទាំងអស់ឃើញថាអ្នកមានជំនឿន»។—ធីម៉ូថេទី១ ៤:១៥

ចម្រៀងលេខ: ២២, ៥២

១, ២. តើអ្វីខ្លះធ្វើឲ្យមនុស្សខុសគ្នាពីសត្វ?

ខួរក្បាលរបស់មនុស្សគឺពិសេសណាស់។ ជាឧទាហរណ៍ មនុស្សមានសមត្ថភាពរៀនភាសា ហើយភាសានោះធ្វើឲ្យយើងចេះអាន ចេះសរសេរ ចេះនិយាយ និងយល់អ្វីដែលយើងឮ។ ភាសាក៏ធ្វើឲ្យយើងមានសមត្ថភាពអធិដ្ឋាននិងច្រៀងសរសើរព្រះយេហូវ៉ាផងដែរ។ អ្វីទាំងនេះធ្វើឲ្យយើងខុសគ្នាពីសត្វ។ អ្នកវិទ្យាសាស្ដ្រមិនអាចយល់យ៉ាងសព្វគ្រប់អំពីរបៀបដែលខួរក្បាលរបស់យើងអាចធ្វើអ្វីដ៏អស្ចារ្យទាំងនេះបានឡើយ។

សមត្ថភាពរបស់យើងក្នុងការប្រើប្រាស់ភាសាគឺជាអំណោយមួយពីព្រះយេហូវ៉ា។ (ទំនុកតម្កើង ១៣៩:១៤; ការបើកបង្ហាញ ៤:១១) លោកក៏បានផ្ដល់ឲ្យយើងនូវអំណោយមួយទៀតដែលធ្វើឲ្យយើងខុសគ្នាពីសត្វដែរ។ មនុស្សបានត្រូវបង្កើតឲ្យ‹មានភាពដូចព្រះ›។ យើងមានចិត្ដសេរី ពោលគឺសេរីភាពដើម្បីសម្រេចចិត្ដដោយខ្លួនយើង។ ម្យ៉ាងទៀត យើងអាចសម្រេចចិត្ដប្រើភាសាដែលយើងចេះដើម្បីបម្រើនិងសរសើរព្រះយេហូវ៉ា។—លោកុប្បត្ដិ ១:២៦

. តើព្រះយេហូវ៉ាបានផ្ដល់អ្វីឲ្យយើងដើម្បីធ្វើឲ្យយើងមានប្រាជ្ញា?

ព្រះយេហូវ៉ាបានបង្ហាញយើងអំពីរបៀបបម្រើនិងសរសើរលោក ដោយផ្ដល់គម្ពីរឲ្យយើង។ គម្ពីរទាំងមូលផ្នែកខ្លះនៃគម្ពីរមានជាង២.៨០០ភាសា។ នៅពេលដែលយើងរំពឹងគិតអំពីអ្វីដែលគម្ពីរចែង យើងអាចចាប់ផ្ដើមមានរបៀបគិតគូរដូចព្រះ។ (ទំនុកតម្កើង ៤០:៥; ៩២:៥; ១៣៩:១៧) ម្យ៉ាងទៀត ពេលយើងមានគំនិតដូចព្រះយេហូវ៉ា នោះធ្វើឲ្យយើងមានប្រាជ្ញា ហើយនាំយើងទៅដល់ជីវិតដែលគ្មានទីបញ្ចប់។—សូមអាន ធីម៉ូថេទី២ ៣:១៤-១៧

. តើការរំពឹងគិតមានន័យយ៉ាងណា ហើយតើយើងនឹងពិភាក្សាសំណួរអ្វីខ្លះ?

ការរំពឹងគិតគឺជាការផ្ដោតអារម្មណ៍ទៅលើអ្វីមួយ ហើយគិតយ៉ាងស៊ីជម្រៅនិងដិតដល់អំពីអ្វីនោះ។ (ទំនុកតម្កើង ៧៧:១២; សុភាសិត ២៤:១, ២) យើងទទួលប្រយោជន៍ច្រើនបំផុតពេលដែលយើងរំពឹងគិតអំពីអ្វីដែលយើងរៀនអំពីព្រះយេហូវ៉ានិងលោកយេស៊ូ។ (យ៉ូហាន ១៧:៣) ក្នុងអត្ថបទនេះ យើងនឹងឆ្លើយសំណួរដូចទៅនេះ៖ ដើម្បីងាយស្រួលរំពឹងគិតជាង តើយើងអាចអានតាមរបៀបណា? តើយើងអាចរំពឹងគិតអំពីអ្វីខ្លះ? តើអ្វីអាចជួយយើងរំពឹងគិតជាទៀងទាត់ ហើយចូលចិត្ដរំពឹងគិត?

ចូរធ្វើឲ្យប្រាកដថាអ្នកទទួលប្រយោជន៍ពីអ្វីដែលអ្នកសិក្សា

៥, ៦. តើអ្វីអាចជួយអ្នកនឹកចាំនិងយល់អ្វីដែលអ្នកបានអានច្រើនជាង?

តើអ្នកធ្លាប់កត់សម្គាល់ទេថាមានអ្វីមួយចំនួនដែលយើងអាចធ្វើដោយមិនគិត ដូចជាដកដង្ហើម ដើរ ឬក៏ជិះកង់ជាដើម? គួរឲ្យស្តាយណាស់ នៅពេលខ្លះយើងប្រហែលជាអានដោយមិនគិតសោះ។ យើងប្រហែលជាថែមទាំងចាប់ផ្ដើមគិតអំពីរឿងផ្សេងកាលដែលយើងកំពុងអាន។ តើអ្នកអាចធ្វើអ្វីដើម្បីកុំឲ្យរឿងនេះកើតឡើង? គឺសំខាន់ណាស់ដែលអ្នកផ្ដោតអារម្មណ៍លើអ្វីដែលអ្នកកំពុងអាន ហើយគិតអំពីអត្ថន័យនៃអ្វីទាំងនោះ។ បន្ទាប់មក ពេលដែលអ្នកអានចប់វគ្គមួយ ឬក៏អានដល់ចំណងជើងតូចមួយទៀតក្នុងសៀវភៅមួយ សូមផ្អាកបន្ដិច ហើយរំពឹងគិតអំពីអ្វីដែលអ្នកទើបតែបានអាន។ សូមគិតអំពីអ្វីដែលអ្នកបានរៀន ហើយសូមធ្វើឲ្យប្រាកដថាអ្នកពិតជាយល់អ្វីទាំងនោះ។

ការអានគម្ពីរដោយបញ្ចេញសំឡេងនឹងជួយអ្នកស្រួលផ្ដោតអារម្មណ៍ជាងព្រមទាំងនឹកចាំអ្វីដែលអ្នកបានអានច្រើនជាង

អ្នកវិទ្យាសាស្ដ្របានស្រាវជ្រាវឃើញថា ការអានដោយបញ្ចេញសំឡេងធ្វើឲ្យយើងស្រួលចាំជាងនូវអ្វីដែលយើងអាន។ ព្រះដែលជាអ្នកបង្កើតរបស់យើងជ្រាបអំពីរឿងនេះ ហេតុនេះលោកបានប្រាប់យ៉ូស្វេឲ្យ«នឹកជញ្ជឹង»អំពីគម្ពីរក្រឹត្យវិន័យ ឬពាក្យភាសាហេប្រឺនៅបទគម្ពីរនេះក៏អាចបកប្រែដែរថា«អានដោយបញ្ចេញសំឡេងតិច»ដើម្បីឲ្យខ្លួនឮ។ (សូមអាន យ៉ូស្វេ ១:៨) ការអានគម្ពីរដោយបញ្ចេញសំឡេងក៏នឹងជួយអ្នកស្រួលផ្ដោតអារម្មណ៍ជាង ព្រមទាំងនឹកចាំអ្វីដែលអ្នកបានអានច្រើនជាងដែរ។

. តើពេលណាជាពេលល្អបំផុតដើម្បីរំពឹងគិតអំពីគម្ពីរ? (សូមមើលរូបភាពនៅដើមអត្ថបទ)

យើងត្រូវខំព្យាយាមយ៉ាងខ្លាំងដើម្បីរំពឹងគិតនិងផ្ដោតអារម្មណ៍លើអ្វីដែលយើងរៀន។ ហេតុនេះ គឺជាការល្អបំផុតដែលអ្នករំពឹងគិតនៅពេលដែលអ្នកមិនអស់កម្លាំង ហើយនៅកន្លែងស្ងប់ស្ងាត់ដែលគ្មានអ្វីជាច្រើនអាចបំបែរអារម្មណ៍របស់អ្នក។ ដាវីឌដែលជាអ្នកតែងទំនុកតម្កើងម្នាក់បានរំពឹងគិតកាលដែលគាត់នៅលើគ្រែនៅពេលយប់។ (ទំនុកតម្កើង ៦៣:៦) លោកយេស៊ូដែលជាបុគ្គលល្អឥតខ្ចោះបានជ្រើសរើសកន្លែងដែលស្ងាត់ដើម្បីរំពឹងគិតនិងអធិដ្ឋាន។—លូកា ៦:១២

អ្វីដ៏ល្អដែលយើងអាចរំពឹងគិត

. () តើយើងអាចរំពឹងគិតអំពីអ្វី? () តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាពេលយើងនិយាយប្រាប់អ្នកទៀតអំពីលោក?

បន្ថែមពីលើអ្វីដែលអ្នកអានក្នុងគម្ពីរ មានអ្វីផ្សេងទៀតដែលអ្នកអាចរំពឹងគិត។ ជាឧទាហរណ៍ នៅពេលដែលអ្នកឃើញអ្វីមួយដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានបង្កើត អ្នកអាចឈប់បន្ដិច ហើយសួរខ្លួនថា ‹តើនេះបង្រៀនខ្ញុំអ្វីខ្លះអំពីព្រះយេហូវ៉ា?›។ ការគិតបែបនេះច្បាស់ជានឹងជំរុញចិត្ដអ្នកឲ្យអធិដ្ឋានអរគុណព្រះយេហូវ៉ា។ ម្យ៉ាងទៀត បើអ្នកនៅជាមួយនឹងអ្នកទៀត អ្នកនឹងចង់ប្រាប់ពួកគេអំពីអារម្មណ៍ដែលអ្នកមានចំពោះព្រះយេហូវ៉ា។ (ទំនុកតម្កើង ១០៤:២៤; សកម្មភាព ១៤:១៧) ព្រះយេហូវ៉ាយកចិត្ដទុកដាក់ ហើយពេញចិត្ដពេលដែលយើងរំពឹងគិត អធិដ្ឋាន ហើយនិយាយគ្នាអំពីលោក។ គម្ពីរធានាថា«សៀវភៅរំឭកបានកត់ទុកនៅចំពោះព្រះយេហូវ៉ាសំរាប់ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ នឹងពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់»។—ម៉ាឡាគី ៣:១៦

តើអ្នករំពឹងគិតអំពីរបៀបដែលអ្នកអាចជួយសិស្សគម្ពីររបស់អ្នកទេ? (សូមមើលវគ្គ)

. () តើប៉ូលបានប្រាប់ធីម៉ូថេឲ្យរំពឹងគិតអំពីអ្វីខ្លះ? () តើយើងអាចរំពឹងគិតអំពីអ្វីខ្លះពេលដែលយើងរៀបចំសម្រាប់កិច្ចបម្រើផ្សាយរបស់យើង?

សាវ័កប៉ូលបានប្រាប់ធីម៉ូថេឲ្យរំពឹងគិតអំពីឥទ្ធិពលនៃការនិយាយ ការប្រព្រឹត្ដ និងការបង្រៀនរបស់គាត់ទៅលើអ្នកទៀត។ (សូមអាន ធីម៉ូថេទី១ ៤:១២-១៦) អ្នកក៏អាចរំពឹងគិតអំពីអ្វីទាំងនោះផងដែរ។ ជាឧទាហរណ៍ យើងត្រូវការពេលវេលាដើម្បីរំពឹងគិតពេលដែលយើងរៀបចំដើម្បីបង្រៀនសិស្សគម្ពីរ។ សូមគិតអំពីសិស្សគម្ពីររបស់អ្នក ហើយព្យាយាមស្វែងរកសំណួរមួយ ឬក៏ឧទាហរណ៍មួយដែលនឹងជួយគាត់ឲ្យរីកចម្រើន។ ពេលដែលអ្នករៀបចំបង្រៀនសិស្សគម្ពីររបស់អ្នកដោយធ្វើបែបនេះ ជំនឿរបស់អ្នកនឹងត្រូវពង្រឹង ហើយអ្នកនឹងក្លាយទៅជាអ្នកបង្រៀនគម្ពីរដែលកាន់តែល្អប្រសើរនិងខ្នះខ្នែងជាង។ អ្នកក៏នឹងទទួលប្រយោជន៍ផងដែរពេលដែលអ្នករំពឹងគិតមុនពេលអ្នកចេញទៅផ្សព្វផ្សាយ។ (សូមអាន អែសរ៉ា ៧:១០) អ្នកប្រហែលជាអាចអានជំពូកមួយពីសៀវភៅសកម្មភាពដើម្បីជួយអ្នកឲ្យកាន់តែខំខ្នះខ្នែងផ្សព្វផ្សាយ។ អ្នកក៏អាចរំពឹងគិតអំពីគម្ពីរខ្លះដែលអ្នកចង់ប្រើពេលផ្សព្វផ្សាយនៅថ្ងៃនោះនិងសៀវភៅផ្សេងដែលអ្នកចង់ស្នើផ្ដល់។ (ធីម៉ូថេទី២ ១:៦) សូមគិតអំពីមនុស្សក្នុងតំបន់ផ្សាយនិងអ្វីដែលអ្នកអាចនិយាយដែលអាចធ្វើឲ្យពួកគេចាប់អារម្មណ៍។ នៅពេលដែលអ្នករៀបចំដូចនេះ អ្នកនឹងអាចប្រើគម្ពីរដោយមានប្រសិទ្ធភាពដើម្បីផ្សព្វផ្សាយដល់អ្នកទៀត។—កូរិនថូសទី១ ២:៤

ទុកឲ្យអ្វីដែលអ្នកអានជ្រាបចូលក្នុងចិត្ដរបស់អ្នក ហើយអរគុណព្រះយេហូវ៉ាចំពោះអ្វីដ៏ល្អដែលអ្នកកំពុងរៀន

១០. តើយើងអាចរំពឹងគិតអំពីអ្វីដ៏ល្អណាខ្លះទៀត?

១០ តើអ្នកអាចរំពឹងគិតអំពីអ្វីទៀត? បើអ្នកកត់កំណត់ក្នុងអំឡុងសុន្ទរកថាសាធារណៈ សន្និបាត និងមហាសន្និបាត សូមចំណាយពេលដើម្បីពិនិត្យកំណត់នោះឡើងវិញ។ ពេលអ្នកធ្វើដូច្នេះ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំបានរៀនអ្វីខ្លះពីបណ្ដាំរបស់ព្រះ និងពីអង្គការរបស់លោក?›។ អ្នកក៏អាចរំពឹងគិតអំពីព័ត៌មានដែលមានក្នុងទស្សនាវដ្ដីប៉មយាមដែលចេញជារៀងរាល់ខែ ព្រមទាំងសៀវភៅថ្មីដែលចេញនៅមហាសន្និបាត។ ពេលដែលអ្នកអានបទពិសោធន៍ផ្សេងៗ សូមផ្អាកបន្ដិចដើម្បីគិត ហើយឲ្យព័ត៌មាននោះមានឥទ្ធិពលលើចិត្ដរបស់អ្នក។ ពេលដែលអ្នកអានសៀវភៅផ្សេងរបស់យើង អ្នកប្រហែលជាចង់គូសចំណាំនូវគំនិតសំខាន់ៗ ឬក៏កត់កំណត់មួយចំនួននៅរឹមទំព័រ។ ការធ្វើបែបនេះនឹងជួយអ្នកកាលដែលអ្នករៀបចំធ្វើការត្រឡប់ទៅជួប រៀបចំទៅពង្រឹងកម្លាំងចិត្ដបងប្អូនក្នុងនាមជាគង្វាល ឬក៏រៀបចំសុន្ទរកថាមួយ។ សំខាន់បំផុត ពេលអ្នកផ្អាកនិងរំពឹងគិតអំពីអ្វីដែលអ្នកបានអាន អ្នកទុកពេលឲ្យព័ត៌មានទាំងនោះជ្រាបចូលក្នុងចិត្ដរបស់អ្នក ហើយទុកពេលអធិដ្ឋានអរគុណព្រះយេហូវ៉ាចំពោះអ្វីដ៏ល្អដែលអ្នកកំពុងរៀន។

ចូររំពឹងគិតអំពីបណ្ដាំរបស់ព្រះជារៀងរាល់ថ្ងៃ

១១. តើសៀវភៅមួយណាជាសៀវភៅដ៏សំខាន់បំផុតដែលយើងគួរតែរំពឹងគិត ហើយតើតាមរបៀបណាការធ្វើបែបនេះអាចជួយយើង?

១១ គម្ពីរគឺជាសៀវភៅដ៏សំខាន់បំផុតដែលយើងគួរតែរំពឹងគិត។ ប៉ុន្ដែ ចុះយ៉ាងណាបើថ្ងៃណាមួយអ្នកត្រូវគេហាមមិនឲ្យមានគម្ពីរទៀត? គ្មានអ្នកណាម្នាក់អាចឃាត់អ្នកមិនឲ្យរំពឹងគិតអំពីអ្វីដែលអ្នកបាននឹកចាំនោះទេ ដូចជាគម្ពីរ ឬក៏ចម្រៀងរាជាណាចក្រមួយចំនួនដែលអ្នកចូលចិត្ដជាងគេជាដើម។ (សកម្មភាព ១៦:២៥) ម្យ៉ាងទៀត សកម្មពលរបស់ព្រះនឹងជួយអ្នកនឹកចាំអ្វីដែលអ្នកធ្លាប់រៀន ហើយនេះនឹងជួយអ្នករក្សាភាពស្មោះត្រង់។—យ៉ូហាន ១៤:២៦

១២. តើអ្វីជាវិធីមួយដែលអ្នកអាចរៀបចំកាលវិភាគសម្រាប់ការអានគម្ពីរជារៀងរាល់ថ្ងៃ?

១២ តើអ្វីជាវិធីមួយដែលអ្នកអាចរៀបចំកាលវិភាគសម្រាប់ការអានគម្ពីរជារៀងរាល់ថ្ងៃ? រាល់សប្ដាហ៍ នៅថ្ងៃខ្លះអ្នកប្រហែលជាអាចអាននិងរំពឹងគិតអំពីអំណានគម្ពីរប្រចាំសប្ដាហ៍សម្រាប់សាលាកិច្ចបម្រើផ្សាយ។ នៅថ្ងៃផ្សេងទៀត អ្នកអាចអានក្នុងសៀវភៅដំណឹងល្អរបស់ម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន ហើយរំពឹងគិតអំពីអ្វីដែលលោកយេស៊ូបានមានប្រសាសន៍និងអ្វីដែលលោកបានធ្វើ។ (រ៉ូម ១០:១៧; ហេប្រឺ ១២:២; ពេត្រុសទី១ ២:២១) យើងក៏មានសៀវភៅមួយដែលរៀបរាប់ជាលំដាប់លំដោយអំពីព្រឹត្ដិការណ៍នៃជីវិតរបស់លោកយេស៊ូដែរ។ សៀវភៅនេះអាចជួយអ្នកឲ្យទទួលប្រយោជន៍កាន់តែច្រើនពីការអានសៀវភៅដំណឹងល្អ។—យ៉ូហាន ១៤:៦

ហេតុអ្វីការរំពឹងគិតគឺសំខាន់ម៉្លេះ?

១៣, ១៤. ហេតុអ្វីការបន្ដរំពឹងគិតអំពីព្រះយេហូវ៉ានិងលោកយេស៊ូគឺសំខាន់ម៉្លេះសម្រាប់យើង ហើយតើការធ្វើបែបនេះនឹងជំរុញចិត្ដយើងឲ្យធ្វើអ្វី?

១៣ ការរំពឹងគិតអំពីព្រះយេហូវ៉ានិងលោកយេស៊ូអាចជួយបុគ្គលម្នាក់ក្លាយទៅជាគ្រិស្ដសាសនិកដែលមានភាពចាស់ទុំ ហើយជួយគាត់រក្សាជំនឿមាំមួន។ (ហេប្រឺ ៥:១៤; ៦:១) បុគ្គលម្នាក់ដែលមិនសូវចំណាយពេលគិតអំពីព្រះយេហូវ៉ានឹងបាត់បង់ចំណងមិត្ដភាពរបស់គាត់ជាមួយនឹងលោកបន្ដិចម្ដងៗ ឬនៅទីបំផុតគាត់ថែមទាំងបដិសេធលោកទៀតផង។ (ហេប្រឺ ២:១; ៣:១២) លោកយេស៊ូបានព្រមានថា បើយើងមិនស្តាប់ ឬទទួលយកបណ្ដាំរបស់ព្រះដោយ«មានចិត្ដល្អដែលប្រកបដោយគុណធម៌» យើងនឹងមិន«រក្សាទុក»នូវបណ្ដាំនោះឡើយ។ ផ្ទុយទៅវិញ ‹ការខ្វល់ខ្វាយ ទ្រព្យសម្បត្ដិ និងការសប្បាយនៃជីវិតនេះអាចទាញបំបែរអារម្មណ៍›របស់យើងយ៉ាងងាយស្រួល។—លូកា ៨:១៤, ១៥

១៤ ដូច្នេះ សូមយើងបន្ដរំពឹងគិតអំពីគម្ពីរ ហើយកាន់តែស្គាល់ព្រះយេហូវ៉ា។ ការធ្វើបែបនេះនឹងជំរុញចិត្ដយើងឲ្យបន្ដមានគុណសម្បត្ដិនិងបុគ្គលិកលក្ខណៈដូចលោកកាន់តែច្រើន។ (កូរិនថូសទី២ ៣:១៨) យើងអាចបន្ដរៀនថែមទៀតអំពីបិតារបស់យើងដែលស្ថិតនៅស្ថានសួគ៌ ហើយយកតម្រាប់លោកជារៀងរហូត។ គ្មានឯកសិទ្ធិណាដែលអស្ចារ្យជាងនេះឡើយ!—សាស្តា ៣:១១

ការរំពឹងគិតអំពីព្រះយេហូវ៉ានិងលោកយេស៊ូជួយអ្នករក្សាចិត្ដខ្នះខ្នែងចំពោះសេចក្ដីពិត

១៥, ១៦. () តើអ្នកបានទទួលប្រយោជន៍យ៉ាងណាពីការរំពឹងគិតអំពីព្រះយេហូវ៉ានិងលោកយេស៊ូ? () ហេតុអ្វីពេលខ្លះយើងប្រហែលជាពិបាករំពឹងគិត ប៉ុន្ដែហេតុអ្វីយើងគួរបន្ដព្យាយាម?

១៥ ការរំពឹងគិតអំពីព្រះយេហូវ៉ានិងលោកយេស៊ូជួយអ្នករក្សាចិត្ដខ្នះខ្នែងចំពោះសេចក្ដីពិត។ ចិត្ដខ្នះខ្នែងរបស់អ្នកនឹងលើកទឹកចិត្ដបងប្អូនរួមជំនឿព្រមទាំងមនុស្សដែលអ្នកជួបក្នុងកិច្ចបម្រើផ្សាយ។ ម្យ៉ាងទៀត នៅពេលដែលអ្នករំពឹងគិតអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើចំពោះអ្នកដោយផ្ដល់គ្រឿងបូជាលោះរបស់លោកយេស៊ូ នោះអ្នកនឹងបន្ដឲ្យតម្លៃចំពោះចំណងមិត្ដភាពជិតស្និទ្ធរបស់អ្នកជាមួយនឹងព្រះ។ (រ៉ូម ៣:២៤; យ៉ាកុប ៤:៨) នៅប្រទេសអាហ្វ្រិកខាងត្បូង បងប្រុសម៉ាកដែលបានជាប់គុកអស់បីឆ្នាំដោយសារជំនឿរបស់គាត់បាននិយាយថា«ការរំពឹងគិតអាចប្រៀបដូចជាការធ្វើដំណើរមួយដ៏គួរឲ្យរំភើបចិត្ដ។ កាលដែលយើងរំពឹងគិតកាន់តែច្រើនអំពីអ្វីដែលទាក់ទងនឹងព្រះ យើងនឹងកាន់តែរកឃើញអ្វីថ្មីអំពីព្រះយេហូវ៉ាដែលជាព្រះរបស់យើង។ នៅពេលខ្លះ ពេលខ្ញុំមានអារម្មណ៍ធ្លាក់ទឹកចិត្ដបន្ដិចបន្ដួចខ្វល់អំពីអនាគត ខ្ញុំយកគម្ពីរមក ហើយរំពឹងគិតអំពីគម្ពីរ។ ខ្ញុំមានអារម្មណ៍ថាការធ្វើបែបនេះពិតជានាំឲ្យខ្ញុំមានចិត្ដស្ងប់»។

១៦ ជីវិតក្នុងពិភពលោកនេះពេញទៅដោយអ្វីដែលបំបែរអារម្មណ៍ ដែលធ្វើឲ្យពិបាកស្វែងរកពេលដើម្បីរំពឹងគិតអំពីគម្ពីរ។ បងប្រុសផាទ្រីកដែលជាជនជាតិអាហ្វ្រិកបាននិយាយថា ព័ត៌មានផ្សេងជាច្រើនបានចូលក្នុងគំនិតរបស់គាត់ មានទាំងព័ត៌មានដែលគាត់ត្រូវការនិងមិនត្រូវការ ហេតុនេះជារៀងរាល់ថ្ងៃគាត់ត្រូវបែងចែកព័ត៌មានទាំងនោះ។ គាត់បាននិយាយថា«កាលដែលខ្ញុំស្វែងយល់គំនិតរបស់ខ្ញុំ ខ្ញុំច្រើនតែឃើញថាខ្ញុំមាន‹គំនិតសាន់វ័ណ្ឌ› ហើយខ្ញុំត្រូវអធិដ្ឋានទៅព្រះយេហូវ៉ាអំពីរឿងទាំងនោះ មុនពេលដែលខ្ញុំអាចរំពឹងគិតដោយមានអារម្មណ៍ស្រឡះល្អ។ ទោះបីជាការធ្វើដូច្នេះប្រហែលជាធ្វើឲ្យខ្ញុំចំណាយពេលវេលាបន្ដិចបន្ដួចមុននឹងខ្ញុំអាចចាប់ផ្ដើមរំពឹងគិតអំពីរឿងដែលទាក់ទងនឹងព្រះក៏ដោយ ខ្ញុំមានអារម្មណ៍ជិតស្និទ្ធជាងជាមួយនឹងព្រះយេហូវ៉ា។ នេះបើកចិត្ដគំនិតរបស់ខ្ញុំឲ្យយល់សេចក្ដីពិតកាន់តែច្បាស់»។ (ទំនុកតម្កើង ៩៤:១៩) យើងទទួលប្រយោជន៍ជាច្រើនពេលយើងអាននិងរំពឹងគិតអំពីគម្ពីរជារៀងរាល់ថ្ងៃ។—សកម្មភាព ១៧:១១

តើតាមរបៀបណាអ្នកអាចរកពេល?

១៧. តើតាមរបៀបណាអ្នកអាចរកពេលដើម្បីរំពឹងគិត?

១៧ បុគ្គលខ្លះភ្ញាក់ពីព្រលឹមដើម្បីអានគម្ពីរ រំពឹងគិត និងអធិដ្ឋាន។ អ្នកទៀតធ្វើបែបនេះនៅពេលសម្រាកថ្ងៃត្រង់។ ចំពោះអ្នក ប្រហែលជាពេលដែលល្អបំផុតដើម្បីអានគម្ពីរគឺនៅពេលល្ងាច ឬមុនពេលចូលដំណេក។ អ្នកខ្លះចូលចិត្ដអានគម្ពីរនៅពេលព្រឹក ហើយអានម្ដងទៀតមុនចូលដំណេក។ (យ៉ូស្វេ ១:៨) អ្វីដែលសំខាន់គឺ«ប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត» ពោលគឺយកពេលដែលអ្នកទុកសម្រាប់ធ្វើអ្វីដែលមិនសូវសំខាន់ ទៅរំពឹងគិតអំពីបណ្ដាំរបស់ព្រះជារៀងរាល់ថ្ងៃ។—អេភេសូរ ៥:១៥, ១៦

១៨. តើគម្ពីរសន្យាអ្វីចំពោះអ្នកដែលរំពឹងគិតអំពីបណ្ដាំរបស់ព្រះជារៀងរាល់ថ្ងៃហើយធ្វើតាមអ្វីដែលពួកគេរៀន?

១៨ គម្ពីរសន្យាថាព្រះយេហូវ៉ានឹងផ្ដល់ពរដល់អស់អ្នកដែលរំពឹងគិតអំពីបណ្ដាំរបស់លោកហើយព្យាយាមយ៉ាងខ្លាំងដើម្បីធ្វើតាមអ្វីដែលពួកគេរៀន។ (សូមអាន ទំនុកតម្កើង ១:១-) លោកយេស៊ូបានមានប្រសាសន៍ថា៖ «អស់អ្នកដែលបណ្ដាំរបស់ព្រះហើយធ្វើតាម ទើបមានសុភមង្គល!»។ (លូកា ១១:២៨) ប៉ុន្ដែសំខាន់បំផុត ការរំពឹងគិតអំពីបណ្ដាំរបស់ព្រះយេហូវ៉ាជារៀងរាល់ថ្ងៃនឹងជួយយើងឲ្យប្រព្រឹត្ដតាមរបៀបដែលធ្វើឲ្យលោកទទួលការសរសើរ។ ពេលដែលយើងធ្វើដូច្នេះ ព្រះយេហូវ៉ានឹងផ្ដល់រង្វាន់ដល់យើង ពោលគឺសុភមង្គលនៅឥឡូវនេះ និងជីវិតដែលគ្មានទីបញ្ចប់នៅពិភពលោកថ្មីរបស់លោក។—យ៉ាកុប ១:២៥; ការបើកបង្ហាញ ១:៣