លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបង្ហាត់បង្រៀនកូនជំទង់របស់អ្នកឲ្យបម្រើព្រះយេហូវ៉ា

ចូរបង្ហាត់បង្រៀនកូនជំទង់របស់អ្នកឲ្យបម្រើព្រះយេហូវ៉ា

«កុមារយេស៊ូក៏កាន់តែធំហើយប្រកបដោយប្រាជ្ញាកាន់តែច្រើនឡើងៗ ថែមទាំងកាន់តែទទួលនូវការពេញចិត្ដពីព្រះនិងមនុស្ស»។—លូកា ២:៥២

ចម្រៀងលេខ: ៤១, ១១

១, ២. () តើពុកម្ដាយខ្លះដែលមានកូនវ័យជំទង់បារម្ភអំពីអ្វី? () តើកូនអាចទទួលប្រយោជន៍យ៉ាងណាពីពេលដែលពួកគេមានវ័យជំទង់?

ពេលកូនទទួលការជ្រមុជទឹក នោះជាពេលដ៏សប្បាយរីករាយយ៉ាងខ្លាំងចំពោះពុកម្ដាយរបស់គាត់។ កូនទាំងបួននាក់របស់បងស្រីបឺរេនីស៊ីបានទទួលការជ្រមុជទឹក មុនពួកគេមានអាយុ១៤ឆ្នាំ។ គាត់និយាយថា«យើងអរផង ភ័យផង។ យើងសប្បាយចិត្ដណាស់ដែលកូនរបស់យើងចង់បម្រើព្រះយេហូវ៉ា។ ប៉ុន្ដែ យើងក៏ដឹងដែរថាក្នុងវ័យជំទង់ កូនរបស់យើងនឹងជួបការពិបាកជាច្រើន»។ អ្នកក៏ប្រហែលជាបារម្ភអំពីរឿងនេះដែរ បើកូនប្រុសកូនស្រីរបស់អ្នកមានវ័យជំទង់ ឬជិតក្លាយទៅជាមនុស្សវ័យជំទង់។

អ្នកជំនាញខាងចិត្ដសាស្ដ្ររបស់កុមារនិយាយថាពេលកូនស្ថិតក្នុងវ័យជំទង់ នេះអាចជាការពិបាកសម្រាប់ពុកម្ដាយនិងកូន ប៉ុន្ដែពុកម្ដាយមិនគួរគិតថាកូនជំទង់របស់ពួកគេមានបញ្ហាសតិអារម្មណ៍មានចិត្ដគំនិតដូចកូនក្មេងនោះទេ។ ផ្ទុយទៅវិញ គាត់និយាយថាកូនជំទង់គឺមានគំនិតធ្វើអ្វីថ្មីៗ មានអារម្មណ៍ដែលមានឥទ្ធិពលខ្លាំងលើគំនិតនិងការប្រព្រឹត្ដ ហើយត្រូវការចំណាយពេលជាមួយនឹងមិត្ដភក្ដិ។ ដូច្នេះ កាលដែលកូនរបស់អ្នកមានវ័យជំទង់ ពួកគេអាចធ្វើឲ្យចំណងមិត្ដភាពរបស់ពួកគេជាមួយនឹងព្រះយេហូវ៉ាកាន់តែជិតស្និទ្ធជាង ដូចលោកយេស៊ូបានធ្វើពេលលោកនៅក្មេង។ (សូមអាន លូកា ២:៥២) ពួកគេក៏អាចធ្វើឲ្យសមត្ថភាពរបស់ពួកគេក្នុងកិច្ចផ្សព្វផ្សាយកាន់តែប្រសើរឡើង ហើយបណ្ដុះឲ្យមានសេចក្ដីប៉ងប្រាថ្នាយ៉ាងខ្លាំងដើម្បីបម្រើព្រះយេហូវ៉ាឲ្យបានច្រើនជាង។ ម្យ៉ាងទៀត ពួកគេអាចធ្វើការសម្រេចចិត្ដដោយខ្លួនពួកគេបាន ដូចជាការប្រគល់ជីវិតខ្លួនជូនព្រះយេហូវ៉ានិងស្តាប់បង្គាប់លោកជាដើម។ ប៉ុន្ដែ ក្នុងនាមជាពុកម្ដាយ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីបង្ហាត់បង្រៀនកូនវ័យជំទង់របស់អ្នកឲ្យបម្រើព្រះយេហូវ៉ា? អ្នកអាចរៀនពីរបៀបដែលលោកយេស៊ូបង្ហាត់បង្រៀនពួកអ្នកកាន់តាមលោកដោយមានសេចក្ដីស្រឡាញ់ ចិត្ដរាបទាប និងការយល់ធ្លុះជ្រៅ។

ចូរស្រឡាញ់កូនជំទង់របស់អ្នក

. តើសាវ័កដឹងយ៉ាងដូចម្ដេចថាលោកយេស៊ូគឺជាមិត្ដភក្ដិរបស់ពួកគាត់?

លោកយេស៊ូមិនគ្រាន់តែជាម្ចាស់ពួកសាវ័ករបស់លោកប៉ុណ្ណោះទេ។ លោកក៏ជាមិត្ដភក្ដិរបស់ពួកគេដែរ។ (សូមអាន យ៉ូហាន ១៥:១៥) នៅសម័យគម្ពីរ តាមធម្មតាម្ចាស់មិននិយាយជាមួយនឹងខ្ញុំបម្រើរបស់គាត់អំពីគំនិតនិងអារម្មណ៍របស់គាត់ទេ។ ប៉ុន្ដែ លោកយេស៊ូមិនបានប្រព្រឹត្ដទៅលើសាវ័ករបស់លោកដូចជាខ្ញុំបម្រើឡើយ។ លោកស្រឡាញ់ពួកគាត់ ហើយបានចំណាយពេលជាមួយនឹងពួកគាត់។ លោកសប្បាយចិត្ដប្រាប់ពួកគាត់អំពីគំនិតនិងអារម្មណ៍របស់លោក ហើយលោកស្តាប់ពួកគាត់ដោយយកចិត្ដទុកដាក់ ពេលពួកគាត់ចង់ប្រាប់លោកអំពីគំនិតនិងអារម្មណ៍របស់ពួកគាត់។ (ម៉ាកុស ៦:៣០-៣២) ការប្រាស្រ័យទាក់ទងនេះរវាងលោកយេស៊ូនិងសាវ័ករបស់លោកបានធ្វើឲ្យលោកនិងពួកគាត់ទៅជាមិត្ដភក្ដិដ៏ជិតស្និទ្ធ ហើយក៏បានត្រៀមចិត្ដរបស់សាវ័កលោកសម្រាប់កិច្ចការដែលពួកគាត់នឹងធ្វើនៅអនាគតដែរ។

. ពុកម្ដាយទាំងឡាយ តើតាមរបៀបណាអ្នកអាចធ្វើជាមិត្ដភក្ដិរបស់កូនអ្នក? (សូមមើលរូបភាពនៅដើមអត្ថបទ)

ទោះជាអ្នកមានសិទ្ធិអំណាចលើកូនរបស់អ្នកក៏ដោយ អ្នកក៏អាចធ្វើជាមិត្ដភក្ដិរបស់ពួកគេបានដែរ។ មិត្ដភក្ដិចំណាយពេលជាមួយគ្នា។ ប្រហែលជាអ្នកអាចចំណាយពេលធ្វើការតិចជាង ឬកាត់បន្ថយពេលដែលអ្នកប្រើដើម្បីធ្វើអ្វីផ្សេងទៀត ដើម្បីអ្នកអាចមានពេលច្រើនជាងនៅជាមួយនឹងកូនរបស់អ្នក។ អ្នកគួរអធិដ្ឋាននិងគិតយ៉ាងដិតដល់អំពីរឿងនេះ។ មិត្ដភក្ដិចូលចិត្ដអ្វីដែលស្រដៀងគ្នា។ ដូច្នេះ ចូរស្វែងយល់អំពីចំណង់ចំណូលចិត្ដកូនជំទង់របស់អ្នក ដូចជាចម្រៀងនិងភ្លេង ភាពយន្ដ ឬកីឡាដែលគាត់ចូលចិត្ដជាងគេ។ បន្ទាប់មក ចូរព្យាយាមចូលចិត្ដអ្វីដែលគាត់ចូលចិត្ដ។ បងស្រីអ៊ីឡារីអាដែលរស់នៅប្រទេសអ៊ីតាលី និយាយថា«ពុកម្ដាយរបស់ខ្ញុំយកចិត្ដទុកដាក់ចំពោះចម្រៀងនិងភ្លេងដែលខ្ញុំស្តាប់។ តាមពិតទៅ ឪពុករបស់ខ្ញុំបានទៅជាមិត្ដភក្ដិដ៏ល្អបំផុតរបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ស្រួលនិយាយជាមួយគាត់អំពីរឿងអ្វីក៏បាន»។ ដោយធ្វើជាមិត្ដភក្ដិរបស់កូនអ្នក ហើយជួយពួកគេធ្វើជាមិត្ដរបស់ព្រះយេហូវ៉ា អ្នកមិនបាត់បង់សិទ្ធិអំណាចរបស់អ្នកជាពុកម្ដាយឡើយ។ (ទំនុកតម្កើង ២៥:១៤) កូនរបស់អ្នកនឹងឃើញថាអ្នកស្រឡាញ់និងឲ្យតម្លៃពួកគេ ហើយពួកគេនឹងកាន់តែស្រួលនិយាយជាមួយអ្នកអំពីរឿងគ្រប់យ៉ាង។

. តើតាមរបៀបណាអ្នកកាន់តាមលោកយេស៊ូអាចមានជីវិតដ៏សប្បាយ បើពួកគេធ្វើកិច្ចការរបស់ព្រះយេហូវ៉ា?

លោកយេស៊ូបានដឹងថាបើពួកអ្នកកាន់តាមលោកមានចិត្ដខ្នះខ្នែងក្នុងការបម្រើព្រះយេហូវ៉ា ហើយជាប់រវល់ក្នុងការផ្សព្វផ្សាយដំណឹងល្អ នោះពួកគេនឹងមានសុភមង្គលពិត។ ដូច្នេះ លោកបានលើកទឹកចិត្ដពួកគេឲ្យខំព្យាយាមក្នុងកិច្ចការផ្សព្វផ្សាយ ហើយលោកបានសន្យាថាលោកនឹងជួយពួកគេ។—ម៉ាថាយ ២៨:១៩, ២០

៦, ៧. ពេលអ្នកបង្រៀនកូនរបស់អ្នកឲ្យមានទម្លាប់ល្អក្នុងការបម្រើព្រះយេហូវ៉ា ហេតុអ្វីនេះបង្ហាញថាអ្នកស្រឡាញ់ពួកគេ?

អ្នកចង់ឲ្យកូនរបស់អ្នកបន្ដនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា។ ម្យ៉ាងទៀត ព្រះយេហូវ៉ាចង់ឲ្យអ្នកបង្ហាត់បង្រៀននិងប្រដៅពួកគេ។ លោកបានផ្ដល់សិទ្ធិអំណាចឲ្យអ្នកធ្វើដូច្នេះ។ (អេភេសូរ ៦:៤) ហេតុនេះ អ្នកត្រូវធ្វើឲ្យប្រាកដថាកូនរបស់អ្នកទទួលការបង្ហាត់បង្រៀនជាទៀងទាត់។ ជាឧទាហរណ៍ អ្នកធ្វើឲ្យប្រាកដថាកូនរបស់អ្នកចូលសាលា ដោយសារអ្នកដឹងថាការអប់រំគឺសំខាន់ ហើយអ្នកចង់ឲ្យពួកគេសប្បាយនឹងរៀនអ្វីថ្មីៗ។ ស្រដៀងគ្នាដែរ អ្នកធ្វើឲ្យប្រាកដថាពួកគេចូលរួមកិច្ចប្រជុំ សន្និបាត និងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។ យ៉ាងណាមិញ ការអប់រំដែលពួកគេទទួលពីព្រះយេហូវ៉ាអាចសង្គ្រោះជីវិតរបស់ពួកគេ។ ដូច្នេះ ចូរជួយពួកគេឲ្យសប្បាយរៀនអំពីព្រះយេហូវ៉ានិងឲ្យទទួលស្គាល់ថាលោកអាចបង្រៀនពួកគេឲ្យមានប្រាជ្ញា។ (សុភាសិត ២៤:១៤) មួយវិញទៀត ចូរបង្ហាត់បង្រៀនកូនរបស់អ្នកឲ្យចេញទៅផ្សព្វផ្សាយជាទៀងទាត់។ ចូរធ្វើតាមគំរូរបស់លោកយេស៊ូដោយជួយពួកគេសប្បាយបង្រៀនបណ្ដាំរបស់ព្រះដល់អ្នកទៀត។

តើការមានទម្លាប់ល្អក្នុងការបម្រើព្រះយេហូវ៉ា ដូចជាការសិក្សា កិច្ចប្រជុំ និងកិច្ចផ្សព្វផ្សាយ ជួយកូនជំទង់របស់អ្នកយ៉ាងដូចម្ដេច? បងស្រីអ៊ែរិនដែលរស់នៅប្រទេសអាហ្វ្រិកខាងត្បូង និយាយថា«យើងដែលជាកូនតែងតែបានត្អូញត្អែរអំពីការសិក្សាគម្ពីរ កិច្ចប្រជុំ និងកិច្ចផ្សព្វផ្សាយ។ ជួនកាលយើងបានបង្អាក់ការសិក្សាជាក្រុមគ្រួសារដើម្បីគេចវេះពីការសិក្សានោះ។ ប៉ុន្ដែ ឪពុកម្ដាយរបស់យើងមិនបានបណ្ដោយឲ្យយើងធ្វើតាមចិត្ដយើងទេ»។ គាត់សប្បាយចិត្ដដែលពុកម្ដាយរបស់គាត់បានជួយគាត់ឲ្យទទួលស្គាល់ថាអ្វីទាំងនេះគឺសំខាន់ខ្លាំងណាស់។ ឥឡូវនេះ ពេលណាគាត់ខានចូលរួមកិច្ចប្រជុំ ឬមិនអាចចេញទៅផ្សព្វផ្សាយ គាត់ចង់ចូលរួមក្នុងសកម្មភាពទាំងនេះឡើងវិញឲ្យបានលឿនបំផុត។

ចូរមានចិត្ដរាបទាប

. () តើលោកយេស៊ូបានបង្ហាញយ៉ាងណាថាលោកមានចិត្ដរាបទាប? () តើចិត្ដរាបទាបរបស់លោកយេស៊ូបានជួយអ្នកកាន់តាមលោកយ៉ាងដូចម្ដេច?

ទោះជាលោកយេស៊ូជាមនុស្សល្អឥតខ្ចោះក៏ដោយ លោកមានចិត្ដរាបទាប ហើយបានប្រាប់អ្នកកាន់តាមលោកថាលោកត្រូវការជំនួយពីព្រះយេហូវ៉ា។ (សូមអាន យ៉ូហាន ៥:១៩) តើនេះបានធ្វើឲ្យអ្នកកាន់តាមលោកមិនសូវគោរពលោកយេស៊ូឬ? មិនមែនទេ។ ពេលពួកគេឃើញថាលោកកាន់តែពឹងផ្អែកលើព្រះយេហូវ៉ា ពួកគេកាន់តែទុកចិត្ដលើលោក។ ក្រោយមក ពួកគេបានធ្វើតាមគំរូរបស់លោកស្ដីអំពីចិត្ដរាបទាប។—សកម្មភាព ៣:១២, ១៣, ១៦

ពេលអ្នកទទួលស្គាល់កំហុសរបស់ខ្លួន នោះកូនរបស់អ្នកនឹងគោរពអ្នក

. ពេលអ្នកទទួលស្គាល់កំហុសរបស់អ្នកហើយនិយាយថាអ្នកសុំអភ័យទោស តើនេះអាចជួយកូនជំទង់របស់អ្នកយ៉ាងដូចម្ដេច?

មិនដូចលោកយេស៊ូ យើងជាមនុស្សមិនល្អឥតខ្ចោះ ហើយចេះធ្វើខុស។ ដូច្នេះ ចូរមានចិត្ដរាបទាប។ ចូរទទួលស្គាល់ថាមានអ្វីជាច្រើនដែលអ្នកមិនអាចធ្វើ ហើយចូរទទួលស្គាល់កំហុសរបស់ខ្លួន។ (យ៉ូហានទី១ ១:៨) ក្រោយមក កូនជំទង់របស់អ្នកនឹងរៀនឲ្យចេះទទួលស្គាល់កំហុសរបស់ខ្លួនដែរ ហើយគាត់នឹងគោរពអ្នកកាន់តែច្រើន។ ជាធម្មតា តើអ្នកគោរពថៅកែណាច្រើនជាង? តើថៅកែម្នាក់ដែលទទួលស្គាល់កំហុសពេលគាត់ធ្វើខុស ឬក៏ថៅកែដែលមិនដែលនិយាយពាក្យសុំអភ័យទោស? បងស្រីរ៉ូសម៉ារីដែលមានកូនបីនាក់និយាយថា គាត់និងប្ដីរបស់គាត់សុខចិត្ដទទួលស្គាល់កំហុសរបស់ខ្លួន។ គាត់ពន្យល់ថា«នោះបានជំរុញចិត្ដកូនយើងឲ្យប្រាប់យើងអំពីអារម្មណ៍និងគំនិតរបស់ពួកគេ ពេលពួកគេមានបញ្ហា»។ គាត់បន្ថែមថា«យើងបានបង្រៀនកូនរបស់យើងឲ្យរកឃើញដំណោះស្រាយដ៏ល្អបំផុតចំពោះបញ្ហារបស់ពួកគេ។ ពេលពួកគេត្រូវការជំនួយ យើងតែងតែបានប្រាប់ពួកគេឲ្យមើលសៀវភៅរបស់យើងដែលមានមូលដ្ឋានលើគម្ពីរ ហើយយើងបានអធិដ្ឋានជាមួយគ្នា»។

១០. តើតាមរបៀបណាលោកយេស៊ូមានចិត្ដរាបទាបសូម្បីតែនៅពេលលោកប្រាប់អ្នកកាន់តាមលោកអំពីអ្វីដែលពួកគេត្រូវធ្វើ?

១០ លោកយេស៊ូមានសិទ្ធិអំណាចប្រាប់អ្នកកាន់តាមលោកអំពីអ្វីដែលពួកគេត្រូវធ្វើ។ ប៉ុន្ដែ ដោយសារលោកមានចិត្ដរាបទាប លោកច្រើនតែពន្យល់អំពីមូលហេតុដែលពួកគេគួរធ្វើអ្វីនោះ។ ជាឧទាហរណ៍ លោកមិនគ្រាន់តែប្រាប់ពួកគេឲ្យស្វែងរករាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះជាមុនប៉ុណ្ណោះទេ។ លោកក៏បានមានប្រសាសន៍ដែរថា៖ ‹ព្រះនឹងផ្ដល់របស់ទាំងនេះឲ្យអ្នក›។ ពេលលោកយេស៊ូប្រាប់អ្នកកាន់តាមលោកឲ្យឈប់វិនិច្ឆ័យអ្នកទៀត លោកបានពន្យល់ថា«ដើម្បីកុំឲ្យអ្នកទទួលការវិនិច្ឆ័យ ព្រោះអ្នកវិនិច្ឆ័យអ្នកទៀតយ៉ាងណា អ្នកនឹងទទួលការវិនិច្ឆ័យយ៉ាងនោះដែរ»។—ម៉ាថាយ ៦:៣១–៧:២

១១. ពេលពន្យល់អំពីមូលហេតុដែលអ្នកបង្កើតច្បាប់មួយ ឬធ្វើការសម្រេចចិត្ដមួយ តើនេះជួយកូនយ៉ាងដូចម្ដេច?

១១ ចូររកពេលត្រឹមត្រូវដើម្បីពន្យល់កូនជំទង់របស់អ្នកអំពីមូលហេតុដែលអ្នកធ្វើច្បាប់មួយការសម្រេចចិត្ដមួយ។ ពេលកូនជំទង់របស់អ្នកយល់អំពីមូលហេតុ គាត់នឹងទំនងជាចង់ស្តាប់បង្គាប់អ្នក។ បងប្រុសបារីដែលបានចិញ្ចឹមអប់រំកូនបួននាក់និយាយថា«ការប្រាប់អំពីមូលហេតុផ្សេងជួយកូនជំទង់ឲ្យទុកចិត្ដអ្នក»។ កូនជំទង់នឹងឃើញថាអ្នកមិនមែនបង្កើតច្បាប់មួយ ឬធ្វើការសម្រេចចិត្ដមួយ គ្រាន់តែដោយសារអ្នកមានសិទ្ធិអំណាចធ្វើដូច្នេះប៉ុណ្ណោះទេ ប៉ុន្ដែដោយសារអ្នកមានហេតុផលត្រឹមត្រូវ។ ម្យ៉ាងទៀត សូមចាំថាកូនជំទង់មិនមែនជាក្មេងតូចទៀតទេ។ ពួកគេកំពុងរៀនឲ្យចេះគិតគូរដោយខ្លួនឯង ហើយពួកគេចង់ធ្វើការសម្រេចចិត្ដដោយខ្លួនពួកគេ។ (រ៉ូម ១២:១) បងបារីពន្យល់ថា«កូនជំទង់ត្រូវការរៀនធ្វើការសម្រេចចិត្ដល្អដែលផ្អែកទៅលើការត្រិះរិះជាជាងអារម្មណ៍»។ (ទំនុកតម្កើង ១១៩:៣៤) ដូច្នេះ ចូរមានចិត្ដរាបទាប ហើយពន្យល់កូនជំទង់របស់អ្នកអំពីមូលហេតុដែលអ្នកធ្វើការសម្រេចចិត្ដណាមួយ។ តាមរបៀបនេះ កូនជំទង់របស់អ្នករៀនធ្វើការសម្រេចចិត្ដដោយខ្លួនគាត់ ហើយគាត់នឹងដឹងថាអ្នកឲ្យតម្លៃចំពោះគាត់ ព្រមទាំងទទួលស្គាល់ថាគាត់កំពុងទៅជាមនុស្សធំពេញវ័យ។

ចូរមានការយល់ធ្លុះជ្រៅ

១២. ដោយសារលោកយេស៊ូមានការយល់ធ្លុះជ្រៅ តើតាមរបៀបណាលោកបានជួយពេត្រុស?

១២ លោកយេស៊ូមានការយល់ធ្លុះជ្រៅ ហើយបានយល់អំពីជំនួយដែលអ្នកកាន់តាមលោកត្រូវការ។ ជាឧទាហរណ៍ ពេលលោកយេស៊ូប្រាប់អ្នកកាន់តាមលោកថាលោកនឹងត្រូវគេសម្លាប់ ពេត្រុសបានប្រាប់លោកយេស៊ូឲ្យអាណិតខ្លួនលោកផង។ លោកយេស៊ូបានដឹងថាពេត្រុសស្រឡាញ់លោក ប៉ុន្ដែលោកក៏ដឹងដែរថាការវែកញែករបស់ពេត្រុសគឺមិនត្រឹមត្រូវទេ។ តើតាមរបៀបណាលោកយេស៊ូបានជួយគាត់និងអ្នកកាន់តាមទៀត? ដំបូងលោកបានកែតម្រង់ពេត្រុស។ បន្ទាប់មក លោកយេស៊ូបានពន្យល់អំពីអ្វីដែលនឹងកើតឡើងចំពោះពួកអ្នកដែលមិនព្រមធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ានៅពេលដ៏ពិបាក។ លោកយេស៊ូក៏បានមានប្រសាសន៍ដែរថាព្រះយេហូវ៉ានឹងផ្ដល់រង្វាន់ដល់ពួកអ្នកដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន។ (ម៉ាថាយ ១៦:២១-២៧) ពេត្រុសបានទាញយកមេរៀននោះ។—ពេត្រុសទី១ ២:២០, ២១

១៣, ១៤. () តើអ្វីអាចបង្ហាញថាកូនជំទង់របស់អ្នកត្រូវពង្រឹងជំនឿរបស់គាត់? () តើតាមរបៀបណាអ្នកអាចដឹងអំពីអ្វីដែលកូនប្រុសកូនស្រីរបស់អ្នកពិតជាត្រូវការ?

១៣ ចូរអធិដ្ឋានទៅព្រះយេហូវ៉ាសុំឲ្យអ្នកមានការយល់ធ្លុះជ្រៅដើម្បីអ្នកអាចយល់អំពីអ្វីដែលកូនជំទង់របស់អ្នកត្រូវការ។ (ទំនុកតម្កើង ៣២:៨) ប្រហែលជាអ្នកឃើញថាគាត់លែងសប្បាយដូចពីមុន ឬឃើញថាគាត់និយាយមិនល្អអំពីបងប្អូនរួមជំនឿ។ អ្នកប្រហែលជាមានអារម្មណ៍ថាមានរឿងមួយដែលគាត់មិនប្រាប់អ្នកឲ្យដឹង។ សូមកុំឆាប់គិតថាកូនជំទង់របស់អ្នកកំពុងធ្វើអ្វីដែលខុសធ្ងន់ដោយលួចលាក់ឡើយ។ ប៉ុន្ដែ ចូរកុំព្រងើយកន្ដើយនឹងបញ្ហានោះ ឬគ្រាន់តែសង្ឃឹមថាបញ្ហានោះនឹងលែងមានទៀតនោះឡើយ។ គាត់ប្រហែលជាត្រូវការឲ្យអ្នកជួយគាត់ពង្រឹងជំនឿរបស់គាត់។

ចូរជួយកូនជំទង់របស់អ្នកឲ្យរកមិត្ដភក្ដិល្អក្នុងក្រុមជំនុំ (សូមមើលវគ្គ១៤)

១៤ ដើម្បីដឹងអំពីរបៀបដែលអ្នកអាចជួយកូនជំទង់របស់អ្នក ចូរសួរសំណួរដោយស្លូតបូតនិងគួរសម។ ការសួរសំណួរគឺដូចជាការដងទឹកពីអណ្ដូង។ បើអ្នកដងទឹកលឿនពេក អ្នកនឹងមិនបានទឹកច្រើនដូចដែលអ្នកចង់បានទេ។ ស្រដៀងគ្នាដែរ បើអ្នកមិនមានចិត្ដអត់ធ្មត់ពេលអ្នកសួរសំណួរ ឬព្យាយាមបង្ខំកូនជំទង់របស់អ្នកឲ្យនិយាយ នោះអ្នកនឹងមិនដឹងអំពីគំនិតនិងអារម្មណ៍របស់គាត់ឡើយ។ (សូមអាន សុភាសិត ២០:៥) បងអ៊ីឡារីអាចាំថាពេលគាត់នៅក្មេងជំទង់ គាត់ចង់ចំណាយពេលច្រើនជាងជាមួយនឹងសិស្សរួមថ្នាក់របស់គាត់ ប៉ុន្ដែគាត់ដឹងថានោះគឺមិនត្រឹមត្រូវទេ។ ឪពុកម្ដាយរបស់គាត់បានសម្គាល់ឃើញថាគាត់កំពុងព្រួយបារម្ភអំពីរឿងមួយ។ បងអ៊ីឡារីអានិយាយថា«នៅល្ងាចមួយ ពួកគាត់គ្រាន់តែប្រាប់ខ្ញុំថាពួកគាត់បានសម្គាល់ឃើញថាខ្ញុំមិនសូវសប្បាយចិត្ដ ហើយពួកគាត់បានសួរខ្ញុំថាតើខ្ញុំមានបញ្ហាអ្វី។ ភ្លាមនោះខ្ញុំបានចាប់ផ្ដើមយំ បានពន្យល់អំពីស្ថានភាពនោះ ហើយបានសុំជំនួយពីពួកគាត់។ ពួកគាត់បានឱបខ្ញុំ ហើយបានប្រាប់ខ្ញុំថាពួកគាត់យល់អំពីអារម្មណ៍និងគំនិតរបស់ខ្ញុំ ហើយបានសន្យាថាជួយខ្ញុំ»។ ភ្លាមពុកម្ដាយរបស់បងអ៊ីឡារីអាបានចាប់ផ្ដើមជួយគាត់ឲ្យរកមិត្ដភក្ដិល្អក្នុងក្រុមជំនុំ។

ចូររកមើលគុណសម្បត្ដិរបស់កូនជំទង់អ្នក ហើយសរសើរគាត់

១៥. តើអ្វីជារបៀបមួយទៀតដែលលោកយេស៊ូបង្ហាញថាលោកមានការយល់ធ្លុះជ្រៅ?

១៥ លោកយេស៊ូក៏មានការយល់ធ្លុះជ្រៅដែរពេលលោកបានកត់សម្គាល់ឃើញគុណសម្បត្ដិរបស់អ្នកកាន់តាមលោក។ ជាឧទាហរណ៍ ពេលណាថាណែលបានថាលោកយេស៊ូមកពីក្រុងណាសារ៉ែត គាត់បាននិយាយថា«តើអាចមានអ្វីល្អចេញមកពីក្រុងណាសារ៉ែតឬ?»។ (យ៉ូហាន ១:៤៦) បើអ្នកនៅទីនោះ តើអ្នកនឹងគិតថាណាថាណែលជាមនុស្សដែលចេះតែគិតមិនល្អអំពីអ្នកទៀត ឬជាមនុស្សលម្អៀង ឬគិតថាគាត់មិនមានជំនឿទេ? លោកយេស៊ូមិនបានគិតដូច្នេះទេ។ ផ្ទុយទៅវិញ លោកមានការយល់ធ្លុះជ្រៅ ហើយដឹងថាណាថាណែលជាមនុស្សទៀងត្រង់ ហេតុនេះលោកបានមានប្រសាសន៍ថា«ជនជាតិអ៊ីស្រាអែលដ៏ពិតម្នាក់ ដែលគ្មានកិច្ចកលអ្វីសោះ»។ (យ៉ូហាន ១:៤៧) លោកយេស៊ូអាចឃើញអ្វីដែលនៅក្នុងចិត្ដ ហើយលោកប្រើសមត្ថភាពនោះដើម្បីរកមើលគុណសម្បត្ដិរបស់មនុស្ស។

១៦. តើតាមរបៀបណាអ្នកអាចលើកទឹកចិត្ដកូនជំទង់របស់អ្នកឲ្យកែខ្លួន?

១៦ ទោះជាអ្នកមិនអាចឃើញអ្វីដែលនៅក្នុងចិត្ដដូចលោកយេស៊ូអាចឃើញក៏ដោយ អ្នកអាចមានការយល់ធ្លុះជ្រៅបាន។ ព្រះយេហូវ៉ាអាចជួយអ្នករកមើលគុណសម្បត្ដិរបស់កូនជំទង់អ្នក។ ទោះបីជាកូនជំទង់របស់អ្នកធ្វើឲ្យអ្នកខកចិត្ដក្ដី ចូរកុំនិយាយថាគាត់ជាមនុស្សមិនល្អ ឬជាមនុស្សចូលចិត្ដបង្ករឿងឡើយ។ សូម្បីតែគិតបែបនោះចំពោះគាត់ ក៏មិនគួរគិតដែរ។ ផ្ទុយទៅវិញ ចូរប្រាប់កូនជំទង់អ្នកថាអ្នកអាចឃើញគុណសម្បត្ដិរបស់គាត់ ហើយជឿជាក់ថាគាត់ចង់ធ្វើអ្វីដែលត្រឹមត្រូវ។ ចូរកត់សម្គាល់អ្វីដែលគាត់ធ្វើដើម្បីកែខ្លួន ហើយសរសើរគាត់។ ចូរជួយគាត់បង្កើនគុណសម្បត្ដិរបស់គាត់ឲ្យកាន់តែខ្លាំងឡើងដោយផ្ដល់ភារកិច្ចថែមទៀតដល់គាត់ពេលដែលអាចធ្វើបាន។ លោកយេស៊ូបានធ្វើដូច្នេះចំពោះអ្នកកាន់តាមលោក។ មួយឆ្នាំកន្លះក្រោយពីលោកយេស៊ូបានជួបណាថាណែល (គាត់ក៏បានត្រូវហៅថាបាថូឡូម៉េដែរ) លោកបានប្រគល់ឲ្យគាត់នូវភារកិច្ចដ៏សំខាន់មួយ។ លោកបានតែងតាំងណាថាណែលជាសាវ័ក ហើយដោយចិត្ដស្មោះត្រង់ ណាថាណែលបានធ្វើកិច្ចការដែលលោកយេស៊ូបានផ្ដល់ឲ្យគាត់។ (លូកា ៦:១៣, ១៤; សកម្មភាព ១:១៣, ១៤) ដូច្នេះ ជាជាងធ្វើឲ្យកូនជំទង់របស់អ្នកមានអារម្មណ៍ថាអ្វីដែលគាត់ធ្វើមិនដែលល្អ ចូរសរសើរនិងលើកទឹកចិត្ដគាត់។ ចូរធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់អាចនាំឲ្យអ្នកនិងព្រះយេហូវ៉ាសប្បាយរីករាយ ហើយថាគាត់អាចប្រើសមត្ថភាពផ្សេងរបស់គាត់ដើម្បីបម្រើព្រះយេហូវ៉ា។

ការបង្ហាត់បង្រៀនកូនជំទង់របស់អ្នកនឹងនាំឲ្យអ្នកមានអំណរក្រៃលែង

១៧, ១៨. បើអ្នកបន្ដបង្ហាត់បង្រៀនកូនជំទង់របស់អ្នកឲ្យបម្រើព្រះយេហូវ៉ា តើនេះអាចនាំឲ្យមានលទ្ធផលអ្វី?

១៧ អ្នកប្រហែលជាមានអារម្មណ៍ដូចសាវ័កប៉ូលដែរ។ គាត់ព្រួយបារម្ភច្រើនអំពីពួកអ្នកដែលប្រៀបដូចជាកូនរបស់គាត់។ អ្នកទាំងនោះគឺជាអ្នកដែលសាវ័កប៉ូលបានជួយបង្រៀនអំពីព្រះយេហូវ៉ា ហើយគាត់ស្រឡាញ់ពួកគេខ្លាំងណាស់។ ដូច្នេះ ពេលគាត់គិតថាអ្នកខ្លះទាំងនោះប្រហែលជាមិនបន្ដបម្រើព្រះយេហូវ៉ាទៀត គាត់ឈឺចិត្ដណាស់។ (កូរិនថូសទី១ ៤:១៥; កូរិនថូសទី២ ២:៤) បងប្រុសវីកទ័រដែលបានចិញ្ចឹមអប់រំកូនបីនាក់ និយាយថា«ពេលកូននៅក្នុងវ័យជំទង់គឺមិនស្រួលនោះទេ។ ប៉ុន្ដែ យើងមានពេលសប្បាយច្រើនជាងពេលពិបាក។ ដោយមានជំនួយពីព្រះយេហូវ៉ា យើងមានចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងកូនរបស់យើង»។

១៨ ពុកម្ដាយទាំងឡាយ អ្នកខំប្រឹងបង្ហាត់បង្រៀនកូនរបស់អ្នក ដោយសារអ្នកស្រឡាញ់ពួកគេយ៉ាងខ្លាំង។ ចូរកុំឈប់ព្យាយាមឡើយ។ សូមគិតថាអ្នកនឹងមានអំណរខ្លាំងយ៉ាងណា ពេលកូនរបស់អ្នកធ្វើការសម្រេចចិត្ដបម្រើព្រះ ហើយបន្ដបម្រើលោកយ៉ាងស្មោះត្រង់។—យ៉ូហានទី៣ ៤