លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នក«ស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»ទេ?

តើអ្នក«ស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»ទេ?

«អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»។—ម៉ាថាយ ២២:៣៩

ចម្រៀងលេខ: ២៥, ៣៦

១, ២. តើបទគម្ពីរបង្ហាញយ៉ាងណាអំពីសារៈសំខាន់នៃសេចក្ដីស្រឡាញ់?

សេចក្ដីស្រឡាញ់គឺជាគុណសម្បត្ដិសំខាន់ចម្បងរបស់ព្រះយេហូវ៉ា។ (យ៉ូហានទី១ ៤:១៦) ព្រះបានបង្កើតលោកយេស៊ូគ្រិស្ដមុនអ្វីទាំងអស់ ហើយលោកយេស៊ូបានចំណាយពេលរាប់ពាន់លានឆ្នាំនៅស្ថានសួគ៌ជាមួយនឹងបិតាលោក ហើយបានឃើញថាព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់យ៉ាងខ្លាំង។ (កូឡុស ១:១៥) ក្នុងជីវិតលោកយេស៊ូ ទាំងនៅស្ថានសួគ៌ទាំងនៅផែនដី លោកបានបង្ហាញសេចក្ដីស្រឡាញ់ដូចបិតាលោក។ ដូច្នេះ យើងអាចជឿជាក់ថាព្រះយេហូវ៉ានិងលោកយេស៊ូនឹងគ្រប់គ្រងដោយសេចក្ដីស្រឡាញ់ជានិច្ច។

ពេលបុគ្គលម្នាក់បានសួរលោកយេស៊ូថាបញ្ញត្ដិមួយណាសំខាន់ជាងគេ លោកយេស៊ូបានមានប្រសាសន៍ថា«‹អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ដ អស់ពីព្រលឹង ហើយអស់ពីសមត្ថភាពរិះគិត›។ នេះជាបញ្ញត្ដិទីមួយ ហើយជាបញ្ញត្ដិសំខាន់ជាងគេ។ បញ្ញត្ដិសំខាន់ទីពីរក៏ស្រដៀងនឹងនេះដែរ គឺ៖ ‹អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក›»។—ម៉ាថាយ ២២:៣៧-៣៩

. តើអ្នកណាជា«អ្នកជិតខាង»យើង?

ក្នុងទំនាក់ទំនងទាំងអស់របស់យើងគឺជាការសំខាន់ដែលយើងបង្ហាញសេចក្ដីស្រឡាញ់។ លោកយេស៊ូបានមានប្រសាសន៍ថាយើងត្រូវស្រឡាញ់ព្រះយេហូវ៉ានិងអ្នកជិតខាងផងដែរ។ ប៉ុន្ដែ តើអ្នកណាគឺជា«អ្នកជិតខាង»យើង? បើយើងបានរៀបការហើយ អ្នកជិតខាងដែលជិតស្និទ្ធបំផុតគឺប្ដីប្រពន្ធរបស់យើង។ អ្នកជិតខាងយើងក៏រួមបញ្ចូលបងប្អូនក្នុងក្រុមជំនុំដែរ ព្រមទាំងមនុស្សដែលយើងជួបក្នុងកិច្ចបម្រើផ្សាយ។ ក្នុងអត្ថបទនេះ យើងនឹងរៀនអំពីរបៀបដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាងយើង។

ចូរស្រឡាញ់គូអាពាហ៍ពិពាហ៍របស់អ្នក

. តើតាមរបៀបណាអាពាហ៍ពិពាហ៍អាចបានជោគជ័យ ទោះជាមនុស្សមានភាពខុសឆ្គងក៏ដោយ?

ព្រះយេហូវ៉ាបានបង្កើតអាដាមនិងអេវ៉ា ហើយបានផ្សំផ្គុំពួកគេ។ នោះជាអាពាហ៍ពិពាហ៍ដំបូង។ ព្រះចង់ឲ្យពួកគេមានអាពាហ៍ពិពាហ៍ដ៏សប្បាយ ហើយចង់ឲ្យពួកគេបង្កើតកូនឲ្យមានពាសពេញផែនដី។ (លោកុប្បត្ដិ ១:២៧, ២៨) ប៉ុន្ដែ ក្រោយពីពួកគេមិនបានស្តាប់បង្គាប់ព្រះយេហូវ៉ា ចំណងអាពាហ៍ពិពាហ៍របស់ពួកគេលែងល្អដូចពីមុនទៀត ហើយភាពខុសឆ្គងនិងសេចក្ដីស្លាប់បានឆ្លងដល់យើងទាំងអស់គ្នា។ (រ៉ូម ៥:១២) ទោះជាយ៉ាងនោះក៏ដោយ ចំណងអាពាហ៍ពិពាហ៍អាចបានជោគជ័យនៅសព្វថ្ងៃនេះ។ នៅក្នុងគម្ពីរ ព្រះយេហូវ៉ាដែលជាអ្នកផ្ដើមឲ្យមានអាពាហ៍ពិពាហ៍បានឲ្យឱវាទដ៏ល្អបំផុតសម្រាប់ប្ដីប្រពន្ធ។—សូមអាន ធីម៉ូថេទី២ ៣:១៦, ១៧

ព្រះយេហូវ៉ាតម្រូវឲ្យប្ដីធ្វើជាប្រមុខដែលបង្ហាញសេចក្ដីស្រឡាញ់

. តើសេចក្ដីស្រឡាញ់គឺសំខាន់យ៉ាងណាក្នុងចំណងអាពាហ៍ពិពាហ៍?

គម្ពីរបញ្ជាក់ថាសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅនិងជ្រាលជ្រៅគឺសំខាន់ចាំបាច់ដើម្បីមានទំនាក់ទំនងដែលមានសុភមង្គល ហើយគឺច្បាស់ជាដូច្នេះចំពោះចំណងអាពាហ៍ពិពាហ៍។ សាវ័កប៉ូលបានរៀបរាប់អំពីសេចក្ដីស្រឡាញ់ដ៏ស្មោះពេលដែលគាត់បាននិយាយថា«សេចក្ដីស្រឡាញ់មានចិត្ដធ្ងន់ហើយក៏សប្បុរស។ សេចក្ដីស្រឡាញ់មិនចេះច្រណែន មិនចេះនិយាយអួតអាង មិនចេះក្រអឺតក្រអោង មិនប្រព្រឹត្ដឥតសមរម្យ មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនឆាប់ខឹង។ សេចក្ដីស្រឡាញ់មិនចាំទុកក្នុងចិត្ដនូវអ្វីដែលគេធ្វើឲ្យយើងឈឺចិត្ដ។ សេចក្ដីស្រឡាញ់មិនអរសប្បាយអំពីអ្វីដែលមិនសុចរិតឡើយ តែអរសប្បាយអំពីសេចក្ដីពិត។ សេចក្ដីស្រឡាញ់អត់ធន់នឹងអ្វីទាំងអស់ ជឿអ្វីទាំងអស់ សង្ឃឹមលើអ្វីទាំងអស់ ស៊ូទ្រាំនឹងអ្វីទាំងអស់។ សេចក្ដីស្រឡាញ់មិនចេះសាបសូន្យឡើយ»។ (កូរិនថូសទី១ ១៣:៤-) ពេលយើងគិតអំពីពាក្យសម្ដីរបស់ប៉ូល ហើយធ្វើតាមពាក្យទាំងនោះ យើងអាចមានសុភមង្គលក្នុងចំណងអាពាហ៍ពិពាហ៍។

គម្ពីរបង្ហាញយើងអំពីរបៀបដែលយើងអាចមានអាពាហ៍ពិពាហ៍ដែលបានជោគជ័យ (សូមមើលវគ្គ៦, ៧)

៦, ៧. () តើគម្ពីរចែងយ៉ាងណាអំពីប្រមុខភាព? () តើប្ដីដែលជាគ្រិស្ដសាសនិកត្រូវប្រព្រឹត្ដយ៉ាងណាចំពោះប្រពន្ធរបស់គាត់?

ព្រះយេហូវ៉ាបានសម្រេចចិត្ដអំពីអ្នកណាគួរធ្វើជាប្រមុខគ្រួសារ។ ប៉ូលបានពន្យល់ថា«ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ប្រមុខរបស់បុរសទាំងឡាយគឺគ្រិស្ដ ឯប្រមុខរបស់ស្ដ្រីទាំងឡាយគឺបុរស ឯប្រមុខរបស់គ្រិស្ដគឺព្រះ»។ (កូរិនថូសទី១ ១១:៣) ប៉ុន្ដែ ព្រះយេហូវ៉ាតម្រូវឲ្យប្ដីធ្វើជាប្រមុខដែលបង្ហាញសេចក្ដីស្រឡាញ់ គាត់មិនត្រូវឃោរឃៅគ្មានមេត្ដាទាល់តែសោះ។ ព្រះយេហូវ៉ាគឺជាប្រមុខដែលសប្បុរសនិងមិនគិតអំពីប្រយោជន៍ផ្ទាល់ខ្លួន។ ជាលទ្ធផល លោកយេស៊ូគោរពសិទ្ធិអំណាចរបស់ព្រះដែលប្រកបទៅដោយសេចក្ដីស្រឡាញ់។ លោកយេស៊ូបានមានប្រសាសន៍ថា«ខ្ញុំស្រឡាញ់បិតានៅស្ថានសួគ៌»។ (យ៉ូហាន ១៤:៣១) លោកយេស៊ូច្បាស់ជាមិនមានអារម្មណ៍ដូច្នេះទេ បើព្រះយេហូវ៉ាបានប្រព្រឹត្ដដោយឥតមេត្ដាចំពោះលោក។

ទោះបីប្ដីគឺជាប្រមុខរបស់ប្រពន្ធក៏ដោយ គម្ពីរប្រាប់គាត់ឲ្យផ្ដល់កិត្ដិយសដល់នាង។ (ពេត្រុសទី១ ៣:៧) តើប្ដីអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? គាត់អាចពិចារណាអំពីសេចក្ដីត្រូវការរបស់ប្រពន្ធ ហើយយល់អំពីចំណង់ចំណូលចិត្ដរបស់នាងនិងខំព្យាយាមធ្វើតាម។ គម្ពីរចែងថា«ប្ដីទាំងឡាយអើយ ចូរស្រឡាញ់ប្រពន្ធជាដរាប ដូចគ្រិស្ដបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់ខ្លួនលោកដើម្បីក្រុមជំនុំ»។ (អេភេសូរ ៥:២៥) ពិតមែន លោកយេស៊ូថែមទាំងបានលះបង់ជីវិតដើម្បីអ្នកកាន់តាមលោក។ ពេលប្ដីធ្វើជាប្រមុខដែលមានសេចក្ដីស្រឡាញ់ដូចលោកយេស៊ូ នោះនឹងងាយស្រួលជាងឲ្យប្រពន្ធរបស់គាត់ស្រឡាញ់និងគោរពគាត់ ព្រមទាំងគោរពការសម្រេចចិត្ដរបស់គាត់។—សូមអាន ទីតុស ២:៣-

ចូរស្រឡាញ់បងប្អូនរួមជំនឿ

. តើយើងគួរមានអារម្មណ៍យ៉ាងណាចំពោះបងប្អូនរបស់យើង?

សព្វថ្ងៃនេះ មនុស្សរាប់លាននាក់ទូទាំងផែនដីគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ពួកគាត់គឺជាបងប្អូនរួមជំនឿរបស់យើង។ តើយើងគួរមានអារម្មណ៍យ៉ាងណាចំពោះពួកគាត់? គម្ពីរចែងថា«ចូរយើងធ្វើល្អដល់មនុស្សទាំងអស់ ជាពិសេសដល់បងប្អូនរួមជំនឿរបស់យើង»។ (កាឡាទី ៦:១០; សូមអាន រ៉ូម ១២:១០) សាវ័កពេត្រុសបានសរសេរថា ការ«ស្តាប់បង្គាប់សេចក្ដីពិត»គួរតែនាំឲ្យមាន‹ការស្រឡាញ់គ្នាយ៉ាងស្មោះជាបងប្អូន›។ ពេត្រុសក៏បានប្រាប់គ្រិស្ដសាសនិកទៀតដែរថា«ជាពិសេស ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យខ្លាំង»។—ពេត្រុសទី១ ១:២២; ៤:៨

៩, ១០. ហេតុអ្វីរាស្ដ្ររបស់ព្រះមានសាមគ្គីភាព?

អង្គការរបស់យើងនៅទូទាំងពិភពលោកគឺជាអ្វីដ៏ពិសេស។ ហេតុអ្វី? ដោយសារយើងមានសេចក្ដីស្រឡាញ់ដ៏ស្មោះនិងជ្រាលជ្រៅចំពោះបងប្អូនរបស់យើង។ សំខាន់ជាងនេះទៅទៀត ដោយសារយើងស្រឡាញ់ព្រះយេហូវ៉ានិងធ្វើតាមច្បាប់របស់លោក នោះលោកគាំទ្រយើងដោយថាមពលដ៏ខ្លាំងក្លាបំផុតក្នុងសកលលោក ពោលគឺសកម្មពលបរិសុទ្ធរបស់លោក។ សកម្មពលរបស់ព្រះជួយយើងឲ្យមានសាមគ្គីភាពពិតជាមួយនឹងបងប្អូនរួមជំនឿទូទាំងពិភពលោក។—សូមអាន យ៉ូហានទី១ ៤:២០, ២១

១០ ប៉ូលបានបញ្ជាក់អំពីភាពចាំបាច់នៃសេចក្ដីស្រឡាញ់ក្នុងចំណោមគ្រិស្ដសាសនិក ពេលគាត់បានសរសេរថា«ចូរបំពាក់ខ្លួនដោយសេចក្ដីមេត្ដាករុណាដ៏ជ្រាលជ្រៅបំផុត សេចក្ដីសប្បុរស ចិត្ដរាបទាប ចិត្ដស្លូតបូត និងចិត្ដធ្ងន់។ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ បើអ្នកណាមានហេតុត្អូញត្អែរអំពីអ្នកណាម្នាក់។ ព្រះយេហូវ៉ាបានអភ័យទោសឲ្យអ្នករាល់គ្នាដោយគ្មានល័ក្ខខ័ណ្ឌ ម៉្លោះហើយ ចូរអ្នករាល់គ្នាធ្វើដូច្នោះដែរ។ ប៉ុន្ដែក្រៅពីការទាំងនេះ ចូរបំពាក់ខ្លួនដោយសេចក្ដីស្រឡាញ់ ព្រោះនោះជាចំណងដែលធ្វើឲ្យមានសាមគ្គីភាពល្អឥតខ្ចោះ»។ (កូឡុស ៣:១២-១៤) យើងសប្បាយណាស់ដោយសារសេចក្ដីស្រឡាញ់ដែលជា«ចំណងដែលធ្វើឲ្យមានសាមគ្គីភាពល្អឥតខ្ចោះ» មាននៅក្នុងចំណោមយើង ទោះជាយើងមកពីប្រទេសណាក៏ដោយ!

សេចក្ដីស្រឡាញ់និងសាមគ្គីភាពបញ្ជាក់ថាសាក្សីព្រះយេហូវ៉ាគឺជាអ្នកកាន់តាមពិតរបស់គ្រិស្ដ ដែលជាមនុស្សដែលព្រះកំពុងប្រើដើម្បីផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រនៅទូទាំងពិភពលោក

១១. តើអ្វីបញ្ជាក់ថានេះជាអង្គការរបស់ព្រះ?

១១ សេចក្ដីស្រឡាញ់ដ៏ស្មោះនិងសាមគ្គីភាពរបស់អ្នកបម្រើព្រះយេហូវ៉ាបញ្ជាក់ថាពួកគេគឺជាអ្នកដែលកាន់សាសនាពិត។ លោកយេស៊ូបានមានប្រសាសន៍ថា«យ៉ាងនេះ មនុស្សគ្រប់គ្នានឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ បើអ្នករាល់គ្នាស្រឡាញ់គ្នា»។ (យ៉ូហាន ១៣:៣៤, ៣៥) ម្យ៉ាងទៀត សាវ័កយ៉ូហានបានសរសេរថា«យើងអាចសម្គាល់កូនរបស់ព្រះ និងកូនរបស់មេកំណាចបាន ដោយសេចក្ដីនេះឯង គឺអ្នកណាដែលមិនប្រព្រឹត្ដអំពើសុចរិត ឬមិនស្រឡាញ់បងប្អូនខ្លួន អ្នកនោះមិនកើតមកពីព្រះទេ។ ព្រោះថា នេះជាបណ្ដាំដែលអ្នករាល់គ្នាបានពីដើមដំបូងថា យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក»។ (យ៉ូហានទី១ ៣:១០, ១១) សេចក្ដីស្រឡាញ់និងសាមគ្គីភាពបញ្ជាក់ថាសាក្សីព្រះយេហូវ៉ាគឺជាអ្នកកាន់តាមពិតរបស់គ្រិស្ដ ដែលជាមនុស្សដែលព្រះកំពុងប្រើដើម្បីផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រនៅទូទាំងពិភពលោក។—ម៉ាថាយ ២៤:១៤

ការប្រមូល«មនុស្សមួយក្រុមធំ»

១២, ១៣. តើ«មនុស្សមួយក្រុមធំ»កំពុងធ្វើអ្វីនៅសព្វថ្ងៃនេះ ហើយនៅអនាគតឆាប់ខាងមុខនេះ តើអ្វីនឹងកើតឡើងដល់ពួកគេ?

១២ អ្នកបម្រើព្រះយេហូវ៉ាភាគច្រើននៅសព្វថ្ងៃនេះ គឺជាសមាជិក«មនុស្សមួយក្រុមធំ»ដែលមកពីកន្លែងផ្សេងក្នុងពិភពលោកនេះ ហើយពួកគេបង្ហាញការគាំទ្រចំពោះរាជាណាចក្រព្រះ។ ពួកគេ«គឺជាអ្នកដែលចេញផុតពីគ្រាទុក្ខវេទនាដ៏ខ្លាំង ហើយពួកគេបានបោកសម្អាតអាវវែងរបស់ពួកគេឲ្យក្នុងឈាមរបស់កូនចៀម» ដោយបង្ហាញជំនឿលើគ្រឿងបូជាលោះរបស់លោកយេស៊ូ។ «មនុស្សមួយក្រុមធំ»ស្រឡាញ់ព្រះយេហូវ៉ានិងបុត្ររបស់លោក ហើយពួកគេគោរពប្រណិប័តន៍ព្រះយេហូវ៉ា«ទាំងយប់ទាំងថ្ងៃ»។—ការបើកបង្ហាញ ៧:៩, ១៤, ១៥

១៣ មិនយូរទៀត ព្រះនឹងបំផ្លាញចោលពិភពលោកដ៏អាក្រក់នេះក្នុងគ្រា«ទុក្ខវេទនាជាខ្លាំង»។ (ម៉ាថាយ ២៤:២១; សូមអាន យេរេមា ២៥:៣២, ៣៣) ប៉ុន្ដែ ព្រះយេហូវ៉ានឹងការពារ ហើយដឹកនាំអ្នកបម្រើលោកឲ្យចូលក្នុងពិភពលោកថ្មីរបស់លោក ព្រោះលោកស្រឡាញ់ពួកគេ។ ដូចលោកបានសន្យាជិត២០០០ឆ្នាំមុនថា«លោកនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ក៏នឹងលែងមានទៀតដែរ»។ តើអ្នកទន្ទឹងរង់ចាំជីវិតក្នុងសួនឧទ្យាន ក្រោយពីលែងមានអំពើអាក្រក់ ទុក្ខវេទនា និងសេចក្ដីស្លាប់ទេ?—ការបើកបង្ហាញ ២១:៤

១៤. សព្វថ្ងៃនេះ តើមនុស្សមួយក្រុមធំមានគ្នាប៉ុន្មាននាក់?

១៤ នៅពេលដែលគ្រាចុងក្រោយបង្អស់បានចាប់ផ្ដើមក្នុងឆ្នាំ១៩១៤ មានអ្នកបម្រើរបស់ព្រះតែប៉ុន្មានពាន់នាក់ប៉ុណ្ណោះ។ ដោយសារពួកគាត់ស្រឡាញ់អ្នកជិតខាងនិងដោយមានជំនួយពីសកម្មពលបរិសុទ្ធរបស់ព្រះ ក្រុមតូចនោះនៃបងប្អូនដែលព្រះបានរើសតាំង បានផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ ទោះជាមានការពិបាកផ្សេងក៏ដោយ។ តើនេះមានលទ្ធផលយ៉ាងណា? សព្វថ្ងៃនេះ មនុស្សមួយក្រុមធំដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដីកំពុងត្រូវប្រមូល។ មានសាក្សីប្រហែលជា៨.០០០.០០០នាក់នៅក្នុងក្រុមជំនុំជាង១១៥.៤០០ទូទាំងពិភពលោក ហើយចំនួននេះបន្ដកើនឡើង។ ជាឧទាហរណ៍ មានសាក្សីថ្មីជាង២៧៥.៥០០នាក់បានទទួលការជ្រមុជទឹកនៅឆ្នាំកិច្ចបម្រើ២០១៤។ នេះមានន័យថាមនុស្សជិត៥.៣០០នាក់បានទទួលការជ្រមុជទឹកជារៀងរាល់សប្ដាហ៍។

១៥. តើមនុស្សជាច្រើននាក់នៅសព្វថ្ងៃនេះអំពីដំណឹងល្អយ៉ាងដូចម្ដេច?

១៥ គឺពិតជាអស្ចារ្យមែនពេលឃើញថាមនុស្សជាច្រើននាក់បានដំណឹងល្អអំពីរាជាណាចក្រព្រះ។ សព្វថ្ងៃនេះ សៀវភៅផ្សេងរបស់យើងមានជាង៧០០ភាសា។ ទស្សនាវដ្ដីប៉មយាមគឺជាទស្សនាវដ្ដីដែលបានត្រូវចែកចាយច្រើនជាងគេបំផុតក្នុងពិភពលោក។ ទស្សនាវដ្ដីប៉មយាមជាង៥២.០០០.០០០ក្បាលបានត្រូវបោះពុម្ពជារៀងរាល់ខែ ហើយទស្សនាវដ្ដីនោះបានត្រូវចែកចាយជា២៤៧ភាសា។ ម្យ៉ាងទៀត សៀវភៅសិក្សារបស់យើងតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? បានត្រូវបកប្រែជាង២៥០ភាសា។ រហូតមកដល់សព្វថ្ងៃនេះ សៀវភៅនេះបានត្រូវបោះពុម្ពជាង២០០លានក្បាល។

១៦. ហេតុអ្វីអង្គការរបស់ព្រះយេហូវ៉ាបន្ដរីកចម្រើន?

១៦ អង្គការរបស់យើងបន្ដរីកចម្រើនដោយសារយើងមានជំនឿលើព្រះ ហើយទទួលស្គាល់ថាគម្ពីរគឺជាបណ្ដាំរបស់ព្រះ។ (ថែស្សាឡូនិចទី១ ២:១៣) យើងបន្ដទទួលពរពីព្រះយេហូវ៉ា ទោះជាសាថានស្អប់និងប្រឆាំងយើងក៏ដោយ។—កូរិនថូសទី២ ៤:៤

ចូរស្រឡាញ់អ្នកទៀតជានិច្ច

១៧, ១៨. តើព្រះយេហូវ៉ាចង់ឲ្យយើងមានអារម្មណ៍យ៉ាងណាចំពោះពួកអ្នកដែលមិនគោរពប្រណិប័តន៍លោក?

១៧ មនុស្សមានប្រតិកម្មផ្សេងចំពោះកិច្ចផ្សព្វផ្សាយរបស់យើង។ មនុស្សខ្លះស្តាប់ ប៉ុន្ដែមនុស្សខ្លះទៀតស្អប់ដំណឹងដែលយើងផ្សាយ។ តើព្រះយេហូវ៉ាចង់ឲ្យយើងមានអារម្មណ៍យ៉ាងណាចំពោះពួកអ្នកដែលមិនគោរពប្រណិប័តន៍លោក? ទោះជាមនុស្សមានប្រតិកម្មយ៉ាងណាក៏ដោយចំពោះដំណឹងដែលយើងផ្សព្វផ្សាយ យើងធ្វើតាមឱវាទដែលបានកត់ទុកក្នុងគម្ពីរ។ គម្ពីរចែងថា«ចូរឲ្យសម្ដីរបស់អ្នករាល់គ្នាប្រកបដោយភាពសប្បុរស ប្រៀបដូចជាបានត្រូវបង់អំបិល។ ធ្វើដូច្នេះ អ្នកនឹងដឹងថាគួរឆ្លើយដូចម្ដេចចំពោះមនុស្សម្នាក់»។ (កូឡុស ៤:៦) ពេលណាដែលយើងនិយាយការពារជំនឿរបស់យើង យើងចង់ធ្វើដូច្នេះ«ដោយចិត្ដស្លូតបូតនិងដោយការគោរពដ៏ជ្រាលជ្រៅ» ពីព្រោះយើងស្រឡាញ់អ្នកជិតខាងយើង។—ពេត្រុសទី១ ៣:១៥

១៨ ទោះបីជាមនុស្សខឹង ហើយមិនព្រមទទួលយកដំណឹងដែលយើងផ្សព្វផ្សាយក្ដី យើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាងយើង ហើយធ្វើតាមគំរូរបស់លោកយេស៊ូ។ ពេលលោកយេស៊ូ«ត្រូវគេជេរប្រមាថ លោកមិនបានជេរប្រមាថគេវិញទេ។ ពេលដែលលោករងទុក្ខ នោះលោកមិនបានគំរាមកំហែងគេឡើយ»។ ផ្ទុយទៅវិញ លោកយេស៊ូបានទុកចិត្ដទៅលើព្រះយេហូវ៉ា។ (ពេត្រុសទី១ ២:២៣) ដូច្នេះ នៅគ្រប់ពេលវេលា យើងបង្ហាញចិត្ដរាបទាប ហើយធ្វើតាមឱវាទដែលថា«មិនមែនដោយធ្វើអំពើអាក្រក់សងអ្នកដែលធ្វើអំពើអាក្រក់មកលើខ្លួន ឬជេរប្រមាថសងអ្នកដែលជេរប្រមាថខ្លួនឡើយ ប៉ុន្ដែផ្ទុយទៅវិញ ចូរឲ្យពរ»។—ពេត្រុសទី១ ៣:៨, ៩

យើងត្រូវស្រឡាញ់សត្រូវរបស់យើង ទោះជាពួកគេប្រព្រឹត្ដយ៉ាងណាចំពោះយើងក៏ដោយ

១៩. តើយើងគួរប្រព្រឹត្ដយ៉ាងណាចំពោះសត្រូវរបស់យើង?

១៩ ចិត្ដរាបទាបជួយយើងធ្វើតាមគោលការណ៍ដ៏សំខាន់មួយដែលលោកយេស៊ូបានផ្ដល់ឲ្យ។ លោកបានពន្យល់ថា«អ្នករាល់គ្នាធ្លាប់គេថា៖ ‹អ្នកត្រូវស្រឡាញ់អ្នកជិតខាង តែត្រូវស្អប់សត្រូវ›។ ក៏ប៉ុន្ដែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរបន្ដស្រឡាញ់សត្រូវរបស់អ្នក ហើយអធិដ្ឋានដើម្បីអ្នកដែលបៀតបៀនអ្នក ដើម្បីបង្ហាញថាអ្នកជាកូននៃបិតារបស់អ្នកដែលនៅស្ថានសួគ៌ ពីព្រោះលោកធ្វើឲ្យថ្ងៃរះលើមនុស្សអាក្រក់និងមនុស្សល្អ ថែមទាំងបង្អុរភ្លៀងលើមនុស្សសុចរិតនិងមនុស្សទុច្ចរិត»។ (ម៉ាថាយ ៥:៤៣-៤៥) ក្នុងនាមជាអ្នកបម្រើព្រះ យើងត្រូវស្រឡាញ់សត្រូវរបស់យើង ទោះជាពួកគេប្រព្រឹត្ដយ៉ាងណាចំពោះយើងក៏ដោយ។

២០. ហេតុអ្វីយើងដឹងថាសេចក្ដីស្រឡាញ់ចំពោះព្រះនិងអ្នកជិតខាងនឹងមានពាសពេញផែនដី? (សូមមើលរូបភាពនៅដើមអត្ថបទ)

២០ យើងត្រូវបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ានិងអ្នកជិតខាងយើងនៅគ្រប់ពេលវេលា។ ទោះជាមនុស្សប្រឆាំងយើងនិងដំណឹងដែលយើងផ្សព្វផ្សាយក៏ដោយ យើងជួយពួកគេពេលដែលពួកគេត្រូវការជំនួយ។ សាវ័កប៉ូលបានសរសេរថា«អ្នករាល់គ្នាមិនត្រូវជំពាក់អ្វីអ្នកណាទេ សូម្បីតែអ្វីមួយក៏ដោយ ក្រៅពីការបង្ហាញសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក ព្រោះអ្នកដែលស្រឡាញ់អ្នកទៀតបានបំពេញតាមច្បាប់យ៉ាងត្រឹមត្រូវ។ ព្រោះច្បាប់ទាំងប៉ុន្មានដែលថា‹អ្នកមិនត្រូវផិតក្បត់ឲ្យសោះ អ្នកមិនត្រូវធ្វើឃាតកម្មឲ្យសោះ អ្នកមិនត្រូវលួចឲ្យសោះ អ្នកមិនត្រូវប៉ងប្រាថ្នាចង់បានរបស់អ្នកដទៃឲ្យសោះ› ហើយបញ្ញត្ដិណាផ្សេងទៀតបានត្រូវសង្ខេបក្នុងពាក្យថា‹អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក›។ អ្នកដែលមានសេចក្ដីស្រឡាញ់មិនធ្វើអំពើអាក្រក់ទៅលើអ្នកជិតខាងរបស់ខ្លួនឡើយ ដូច្នេះសេចក្ដីស្រឡាញ់ធ្វើឲ្យច្បាប់សម្រេចគ្រប់ជំពូក»។ (រ៉ូម ១៣:៨-១០) ក្នុងពិភពលោកដ៏អាក្រក់ ឃោរឃៅ និងបែកបាក់គ្នានេះដែលគ្រប់គ្រងដោយសាថាន អ្នកបម្រើព្រះបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះអ្នកជិតខាងពួកគេ។ (យ៉ូហានទី១ ៥:១៩) ក្រោយពីព្រះយេហូវ៉ាបំផ្លាញសាថាន ពួកវិញ្ញាណកំណាចរបស់វា និងពិភពលោកដ៏អាក្រក់នេះ សេចក្ដីស្រឡាញ់នឹងមានពាសពេញផែនដី។ ពេលមនុស្សទាំងអស់នៅផែនដីស្រឡាញ់ព្រះយេហូវ៉ានិងអ្នកជិតខាងពួកគេ នេះពិតជាពរដ៏វិសេសមែន!