លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបង្ហាត់បង្រៀនកូនរបស់អ្នកឲ្យបម្រើព្រះយេហូវ៉ា

ចូរបង្ហាត់បង្រៀនកូនរបស់អ្នកឲ្យបម្រើព្រះយេហូវ៉ា

«សូមឲ្យអ្នកសំណប់របស់ព្រះ . . . បង្ហាញឲ្យយើងខ្ញុំដឹងពីការដែលត្រូវប្រព្រឹត្ដចំពោះកូនដែលត្រូវកើតមកនោះ»។—ពួកចៅហ្វាយ ១៣:៨

ចម្រៀងលេខ: ៤១, ១២០

. តើម៉ាណូអាបានធ្វើអ្វីពេលគាត់ថាគាត់នឹងធ្វើជាពុកម្នាក់?

ម៉ាណូអានិងប្រពន្ធរបស់គាត់បានជឿជាក់ថាពួកគាត់មិនអាចមានកូនបានទេ។ ប៉ុន្ដែថ្ងៃមួយ ទេវតារបស់ព្រះយេហូវ៉ាបានប្រាប់ប្រពន្ធរបស់ម៉ាណូអាថានាងនឹងមានកូនប្រុសមួយ។ នោះពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមែន! ពេលនាងបានប្រាប់ម៉ាណូអាអំពីដំណឹងនោះ គាត់រំភើបចិត្ដយ៉ាងខ្លាំង។ ប៉ុន្ដែ គាត់ក៏បានគិតយ៉ាងដិតដល់ដែរអំពីអ្វីដែលព្រះយេហូវ៉ាតម្រូវឲ្យគាត់ធ្វើក្នុងនាមជាពុកម្នាក់។ កាលដែលមនុស្សជាច្រើននាក់នៅស្រុកអ៊ីស្រាអែលកំពុងធ្វើអ្វីដែលអាក្រក់ តើតាមរបៀបណាគាត់និងប្រពន្ធរបស់គាត់អាចបង្ហាត់បង្រៀនកូនរបស់ពួកគាត់ឲ្យស្រឡាញ់ព្រះយេហូវ៉ានិងបម្រើលោក? ម៉ាណូអាបានអង្វរសុំព្រះយេហូវ៉ាចាត់ទេវតារបស់លោកមកម្ដងទៀត ហើយគាត់បាននិយាយថា«សូមឲ្យអ្នកសំណប់របស់ព្រះ ដែលទ្រង់បានចាត់មកយើងខ្ញុំនោះបានមកម្ដងទៀត ដើម្បីនឹងបង្ហាញឲ្យយើងខ្ញុំដឹងពីការដែលត្រូវប្រព្រឹត្ដចំពោះកូនដែលត្រូវកើតមកនោះ»។—ពួកចៅហ្វាយ ១៣:១-

. តើអ្នកត្រូវបង្រៀនកូនរបស់អ្នកអំពីអ្វី ហើយតើតាមរបៀបណាអ្នកអាចធ្វើដូច្នេះ? (សូមមើលដែរនូវប្រអប់ដែលមានចំណងជើងថា« សិស្សគម្ពីរដែលសំខាន់បំផុតរបស់អ្នក»)

បើអ្នកជាពុកម្ដាយ អ្នកទំនងជាយល់អំពីអារម្មណ៍របស់ម៉ាណូអា។ អ្នកក៏មានភារកិច្ចជួយកូនរបស់អ្នកឲ្យស្គាល់ព្រះយេហូវ៉ានិងស្រឡាញ់លោកដែរ។ (សុភាសិត ១:៨) ក្នុងអំឡុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ អ្នកអាចជួយពួកគេបន្ដរៀនអំពីព្រះយេហូវ៉ានិងរៀនគម្ពីរ។ ប៉ុន្ដែ អ្នកមិនគ្រាន់តែត្រូវសិក្សាគម្ពីរជាមួយនឹងកូនរបស់អ្នករាល់សប្ដាហ៍ប៉ុណ្ណោះទេ។ (សូមអាន ចោទិយកថា ៦:៦-) តើអ្វីទៀតនឹងជួយអ្នកបង្ហាត់បង្រៀនពួកគេឲ្យស្រឡាញ់ព្រះយេហូវ៉ានិងបម្រើលោក? ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីគំរូរបស់លោកយេស៊ូ។ ទោះជាលោកមិនមែនជាពុកក៏ដោយ អ្នកអាចរៀនពីរបៀបដែលលោកបង្រៀននិងបង្វឹកបង្ហាត់ពួកអ្នកកាន់តាមលោក។ លោកយេស៊ូស្រឡាញ់ពួកគេ ហើយលោកមានចិត្ដរាបទាប។ ម្យ៉ាងទៀត លោកមានការយល់ធ្លុះជ្រៅ ពោលគឺលោកយល់អំពីអារម្មណ៍របស់ពួកគេ ហើយស្គាល់អំពីរបៀបជួយពួកគេ។ ឥឡូវនេះ សូមឲ្យយើងពិចារណាអំពីរបៀបដែលយើងអាចយកតម្រាប់លោកយេស៊ូ។

ចូរស្រឡាញ់កូនរបស់អ្នក

. តើពួកអ្នកកាន់តាមលោកយេស៊ូដឹងយ៉ាងដូចម្ដេចថាលោកស្រឡាញ់ពួកគេ?

លោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកជាច្រើនដងថាលោកស្រឡាញ់ពួកគេ។ (សូមអាន យ៉ូហាន ១៥:៩) លោកក៏បានចំណាយពេលយ៉ាងច្រើនជាមួយនឹងពួកគេដែរ។ (ម៉ាកុស ៦:៣១, ៣២; យ៉ូហាន ២:២; ២១:១២, ១៣) លោកយេស៊ូមិនគ្រាន់តែជាគ្រូរបស់ពួកគេប៉ុណ្ណោះទេ លោកក៏ជាមិត្ដភក្ដិរបស់ពួកគេដែរ។ ដូច្នេះ ពួកគេបានជឿជាក់ថាលោកស្រឡាញ់ពួកគេ។ តើអ្នកអាចរៀនអ្វីពីលោកយេស៊ូ?

. តើតាមរបៀបណាអ្នកអាចបង្ហាញកូនរបស់អ្នកថាអ្នកស្រឡាញ់ពួកគេ? (សូមមើលរូបភាពនៅដើមអត្ថបទ)

ចូរប្រាប់កូនរបស់អ្នកថាអ្នកស្រឡាញ់ពួកគេ ហើយចូរបង្ហាញឲ្យពួកគេឃើញថាពួកគេគឺសំខាន់យ៉ាងណាចំពោះអ្នក។ (សុភាសិត ៤:៣; ទីតុស ២:៤) សាំយូអែលដែលរស់នៅប្រទេសអូស្ត្រាលី និយាយថា«ពេលខ្ញុំនៅក្មេង ឪពុកខ្ញុំធ្លាប់អានសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ ឲ្យខ្ញុំស្តាប់ជារៀងរាល់ល្ងាច។ គាត់ឆ្លើយសំណួររបស់ខ្ញុំ ឱបខ្ញុំ ហើយថើបខ្ញុំមុនពេលចូលគេង។ ខ្ញុំភ្ញាក់ផ្អើលណាស់ ពេលខ្ញុំដឹងក្រោយមកថាពុករបស់ខ្ញុំបានធំឡើងក្នុងក្រុមគ្រួសារដែលមិនសូវឱបនិងថើបទេ! ប៉ុន្ដែ គាត់ខំព្យាយាមបង្ហាញសេចក្ដីស្រឡាញ់ចំពោះខ្ញុំ។ ហេតុនេះ ខ្ញុំមានអារម្មណ៍ជិតស្និទ្ធខ្លាំងជាមួយនឹងគាត់ ហើយខ្ញុំមានអារម្មណ៍ស្កប់ចិត្ដនិងមានសុវត្ថិភាព»។ ចូរជួយកូនរបស់អ្នកឲ្យមានអារម្មណ៍ដូច្នេះ ដោយឧស្សាហ៍និយាយទៅកាន់ពួកគេថា «ពុកស្រឡាញ់កូន»«ម៉ែស្រឡាញ់កូន»។ ចូរឱបនិងថើបពួកគេ។ ចូរចំណាយពេលនិយាយជាមួយនឹងពួកគេ បរិភោគជាមួយនឹងពួកគេ ហើយលេងជាមួយនឹងពួកគេ។

៥, ៦. () ដោយសារលោកយេស៊ូស្រឡាញ់ពួកអ្នកកាន់តាមលោក តើលោកបានធ្វើអ្វី? () តើអ្នកគួរប្រដៅកូនរបស់អ្នកតាមរបៀបណា?

លោកយេស៊ូបានមានប្រសាសន៍ថា«ខ្ញុំកែតម្រង់ ហើយប្រដៅអស់អ្នកដែលខ្ញុំស្រឡាញ់»។ *(សូមមើលកំណត់សម្គាល់) (ការបើកបង្ហាញ ៣:១៩) ជាឧទាហរណ៍ អ្នកកាន់តាមលោកបានប្រកែកគ្នាជាច្រើនដងថាអ្នកណាជាអ្នកធំជាងគេក្នុងចំណោមពួកគេ។ លោកយេស៊ូមិនបានព្រងើយកន្ដើយនឹងបញ្ហានេះទេ។ ផ្ទុយទៅវិញ ដោយចិត្ដអត់ធ្មត់ លោកបានឲ្យឱវាទពួកគេម្ដងហើយម្ដងទៀត។ ប៉ុន្ដែ លោកតែងតែសប្បុរស ហើយលោករង់ចាំពេលត្រឹមត្រូវនិងកន្លែងសមរម្យដើម្បីកែតម្រង់ពួកគេ។—ម៉ាកុស ៩:៣៣-៣៧

ចូរជ្រើសរើសពេលត្រឹមត្រូវនិងកន្លែងសមរម្យដើម្បីប្រដៅកូន ហើយធ្វើដូច្នេះដោយស្លូតបូត

ដោយសារអ្នកស្រឡាញ់កូនរបស់អ្នក អ្នកដឹងថាអ្នកត្រូវប្រដៅពួកគេ។ ពេលខ្លះការពន្យល់ពួកគេអំពីមូលហេតុដែលការប្រព្រឹត្ដខ្លះគឺត្រឹមត្រូវ ឬមិនត្រឹមត្រូវ នោះគ្រប់គ្រាន់ហើយ។ ប៉ុន្ដែ ចុះយ៉ាងណាបើពួកគេនៅតែមិនស្តាប់បង្គាប់? (សុភាសិត ២២:១៥) ចូររៀនពីលោកយេស៊ូ។ ដោយចិត្ដអត់ធ្មត់ ចូរបន្ដប្រដៅពួកគេដោយណែនាំ បង្ហាត់បង្រៀន និងកែតម្រង់ពួកគេ។ ចូរជ្រើសរើសពេលត្រឹមត្រូវនិងកន្លែងសមរម្យដើម្បីប្រដៅពួកគេ ហើយធ្វើដូច្នេះដោយស្លូតបូត។ បងស្រីអ៊ីឡេននៅប្រទេសអាហ្វ្រិកខាងត្បូងនឹកចាំអំពីរបៀបដែលពុកម្ដាយរបស់នាងប្រដៅនាង។ ឪពុកម្ដាយនាងតែងតែពន្យល់នាងអំពីអ្វីដែលពួកគាត់តម្រូវឲ្យនាងធ្វើ។ បើពួកគាត់ប្រាប់នាងថានាងនឹងត្រូវដាក់ទោសដោយសារនាងមិនស្តាប់បង្គាប់ នោះពួកគាត់ធ្វើមែន។ ប៉ុន្ដែ នាងនិយាយថា«ពួកគាត់មិនដែលប្រដៅខ្ញុំដោយសារពួកគាត់ខឹង ឬដោយមិនពន្យល់ខ្ញុំអំពីមូលហេតុដែលខ្ញុំទទួលការប្រដៅទេ»។ ដោយសារពុកម្ដាយរបស់នាងធ្វើដូច្នេះ នាងតែងតែដឹងថាពួកគាត់ស្រឡាញ់នាង។

ចូរមានចិត្ដរាបទាប

៧, ៨. () តើពួកអ្នកកាន់តាមលោកយេស៊ូបានរៀនអ្វីពីសេចក្ដីអធិដ្ឋានរបស់លោក? () តើតាមរបៀបណាសេចក្ដីអធិដ្ឋានរបស់អ្នកអាចបង្រៀនកូនអ្នកឲ្យពឹងផ្អែកលើព្រះ?

ពេលលោកយេស៊ូហៀបនឹងត្រូវគេចាប់ខ្លួននិងសម្លាប់ លោកបានអង្វរបិតារបស់លោកថា«អប្បា បិតាអើយ! លោកអាចសម្រេចគ្រប់ការទាំងអស់បាន។ សូមដកពែងនេះចេញពីខ្ញុំ។ ប៉ុន្ដែសូមឲ្យបំណងរបស់លោកបានសម្រេច មិនមែនបំណងរបស់ខ្ញុំទេ»។ *(សូមមើលកំណត់សម្គាល់) (ម៉ាកុស ១៤:៣៦) សូមស្រមៃគិតអំពីអារម្មណ៍របស់អ្នកកាន់តាមលោកយេស៊ូពេលពួកគេបានឮ ឬបានដឹងនៅពេលក្រោយមកអំពីសេចក្ដីអធិដ្ឋានរបស់លោក។ ពួកគេទទួលស្គាល់ថាទោះជាលោកជាមនុស្សល្អឥតខ្ចោះក៏ដោយ លោកនៅតែសុំជំនួយពីបិតារបស់លោក។ ដូច្នេះ ពួកគេយល់ថាពួកគេក៏គួរមានចិត្ដរាបទាប ហើយពឹងផ្អែកលើព្រះយេហូវ៉ាដែរ។

ពេលកូនរបស់អ្នកអ្នកអធិដ្ឋានសុំឲ្យព្រះយេហូវ៉ាជួយអ្នក ពួកគេក៏រៀនពឹងផ្អែកលើព្រះយេហូវ៉ាដែរ

កូនរបស់អ្នកអាចរៀនច្រើនពីសេចក្ដីអធិដ្ឋានរបស់អ្នក។ នេះមិនមានន័យថាអ្នកអធិដ្ឋានដើម្បីទុកគំរូឲ្យកូនរបស់អ្នកប៉ុណ្ណោះទេ។ ប៉ុន្ដែ ពេលពួកគេស្តាប់សេចក្ដីអធិដ្ឋានរបស់អ្នក ពួកគេអាចរៀនឲ្យចេះពឹងផ្អែកលើព្រះយេហូវ៉ា។ ក្នុងសេចក្ដីអធិដ្ឋានរបស់អ្នក ចូរកុំអធិដ្ឋានសុំព្រះយេហូវ៉ាជួយកូនរបស់អ្នកប៉ុណ្ណោះ ប៉ុន្ដែចូរអធិដ្ឋានសុំលោកជួយអ្នកដែរ។ បងស្រីអាណាដែលរស់នៅប្រទេសប្រេស៊ីលនិយាយថា«ពេលមានបញ្ហាដូចជាពេលយាយតាខ្ញុំឈឺ ឪពុកម្ដាយរបស់ខ្ញុំបានសុំព្រះយេហូវ៉ាផ្ដល់កម្លាំងឲ្យពួកគាត់ដើម្បីស៊ូទ្រាំនឹងស្ថានភាពនោះ ហើយផ្ដល់ប្រាជ្ញាដើម្បីធ្វើការសម្រេចចិត្ដល្អត្រឹមត្រូវ។ ទោះជាពេលពួកគាត់មានការតានតឹងចិត្ដយ៉ាងខ្លាំងក៏ដោយ ពួកគាត់ទុកចិត្ដលើព្រះយេហូវ៉ាថាលោកនឹងជួយដោះស្រាយបញ្ហារបស់ពួកគាត់។ ហេតុនេះ ខ្ញុំបានរៀនចេះពឹងផ្អែកលើព្រះយេហូវ៉ា»។ ពេលកូនរបស់អ្នកអ្នកអធិដ្ឋានសុំព្រះយេហូវ៉ាផ្ដល់ចិត្ដក្លាហានឲ្យអ្នកដើម្បីផ្សព្វផ្សាយដល់អ្នកជិតខាង ឬសុំច្បាប់ពីនិយោជករបស់អ្នកដើម្បីចូលរួមមហាសន្និបាត ពួកគេទទួលស្គាល់ថាអ្នកពឹងផ្អែកលើព្រះយេហូវ៉ាដើម្បីឲ្យលោកជួយអ្នក ហើយពួកគេក៏រៀនធ្វើដូច្នេះដែរ។

. () តើតាមរបៀបណាលោកយេស៊ូបានបង្រៀនពួកអ្នកកាន់តាមលោកឲ្យមានចិត្ដរាបទាបនិងមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួន? () បើអ្នកមានចិត្ដរាបទាបនិងមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួន តើកូនរបស់អ្នកនឹងរៀនអ្វី?

លោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកឲ្យមានចិត្ដរាបទាបនិងមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយលោកក៏បានទុកគំរូឲ្យពួកគេដែរ។ (សូមអាន លូកា ២២:២៧) ពួកសាវ័ករបស់លោកបានឃើញថាលោកបានលះបង់ប្រយោជន៍ខ្លួនដើម្បីបម្រើព្រះយេហូវ៉ានិងជួយអ្នកទៀត ហើយពួកគេបានរៀនធ្វើដូច្នេះដែរ។ អ្នកក៏អាចបង្រៀនកូនរបស់អ្នកដោយគំរូរបស់អ្នកដែរ។ បងស្រីដេប៊ីដែលមានកូនពីរនាក់និយាយថា«ខ្ញុំមិនដែលច្រណែនដោយសារប្ដីរបស់ខ្ញុំបានចំណាយពេលជាមួយបងប្អូនទៀតក្នុងនាមជាអ្នកចាស់ទុំឡើយ។ ខ្ញុំដឹងថាពេលណាគ្រួសាររបស់យើងត្រូវការការយកចិត្ដទុកដាក់ពីប្ដីរបស់ខ្ញុំ គាត់នឹងធ្វើដូច្នេះមែន»។ (ធីម៉ូថេទី១ ៣:៤, ៥) តើគំរូរបស់បងដេប៊ីនិងបងប្រាណាសដែលជាប្ដីរបស់នាងមានឥទ្ធិពលយ៉ាងណាលើក្រុមគ្រួសាររបស់ពួកគាត់? បងប្រាណាសបាននិយាយថាកូនរបស់គាត់តែងតែស្ម័គ្រចិត្ដជួយនៅសន្និបាត។ ពួកគេសប្បាយរីករាយ រកបានមិត្ដភក្ដិល្អ ហើយចង់សេពគប់ជាមួយនឹងបងប្អូនរួមជំនឿ។ ឥឡូវនេះ សមាជិកទាំងអស់ក្នុងក្រុមគ្រួសារកំពុងបម្រើព្រះយេហូវ៉ាក្នុងកិច្ចបម្រើពេញពេល។ បើអ្នកមានចិត្ដរាបទាបនិងមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួន អ្នកកំពុងបង្រៀនកូនរបស់អ្នកឲ្យស្ម័គ្រចិត្ដជួយអ្នកទៀត។

ចូរមានការយល់ធ្លុះជ្រៅ

១០. ពេលមនុស្សខ្លះនៅស្រុកកាលីឡេបានមករកលោកយេស៊ូ តើលោកបានប្រើសមត្ថភាពយល់ធ្លុះជ្រៅយ៉ាងដូចម្ដេច?

១០ លោកយេស៊ូមានការយល់ធ្លុះជ្រៅយ៉ាងល្អឥតខ្ចោះ។ លោកមិនបានផ្ដោតអារម្មណ៍តែទៅលើអ្វីដែលមនុស្សធ្វើប៉ុណ្ណោះទេ តែលោកផ្ដោតអារម្មណ៍ទៅលើមូលហេតុដែលពួកគេធ្វើអ្វីនោះ។ លោកអាចឃើញអ្វីដែលនៅក្នុងចិត្ដរបស់ពួកគេ។ ជាឧទាហរណ៍ មានពេលមួយមនុស្សខ្លះនៅស្រុកកាលីឡេបានមករកលោក។ (យ៉ូហាន ៦:២២-២៤) លោកបានដឹងថាមូលហេតុធំចម្បងដែលពួកគេនៅទីនោះ គឺមិនមែនដោយសារពួកគេចង់ស្តាប់សេចក្ដីបង្រៀនរបស់លោកទេ តែគឺដោយសារពួកគេចង់បានអាហារ។ (យ៉ូហាន ២:២៥) លោកយេស៊ូស្គាល់អ្វីដែលនៅក្នុងចិត្ដរបស់ពួកគេ។ ក្រោយមក ដោយចិត្ដអត់ធ្មត់ លោកបានកែតម្រង់ពួកគេ ហើយពន្យល់ពួកគេអំពីការកែប្រែដែលពួកគេត្រូវធ្វើ។—សូមអាន យ៉ូហាន ៦:២៥-២៧

ចូរជួយកូនរបស់អ្នកឲ្យមានអំណរក្នុងកិច្ចបម្រើផ្សាយ (សូមមើលវគ្គ១១)

១១. () តើតាមរបៀបណាអ្នកអាចព្យាយាមយល់អារម្មណ៍របស់កូនអ្នកចំពោះកិច្ចផ្សព្វផ្សាយ? () តើតាមរបៀបណាអ្នកអាចជួយកូនរបស់អ្នកមានអំណរក្នុងកិច្ចបម្រើផ្សាយ?

១១ ទោះជាអ្នកមិនអាចឃើញអ្វីដែលនៅក្នុងចិត្ដរបស់មនុស្សទៀតក៏ដោយ អ្នកក៏អាចមានការយល់ធ្លុះជ្រៅដែរ។ ជាឧទាហរណ៍ អ្នកអាចព្យាយាមយល់អំពីអារម្មណ៍របស់កូនអ្នកចំពោះកិច្ចបម្រើផ្សាយ។ អ្នកអាចសួរខ្លួនអ្នកថា ‹ក្នុងកិច្ចបម្រើផ្សាយ តើប្រហែលជាពួកគេទន្ទឹងរង់ចាំតែពេលយើងឈប់សម្រាកនិងបរិភោគផឹកភេសជ្ជៈប៉ុណ្ណោះឬ?›។ បើអ្នកឃើញថាកូនរបស់អ្នកមិនសូវមានអំណរក្នុងកិច្ចបម្រើផ្សាយ សូមព្យាយាមធ្វើឲ្យកិច្ចបម្រើផ្សាយកាន់តែគួរឲ្យចាប់អារម្មណ៍ចំពោះពួកគេ។ ចូរឲ្យពួកគេធ្វើកិច្ចការដែលពួកគេអាចធ្វើបានដើម្បីពួកគេមានអារម្មណ៍ថាពួកគេក៏មានប្រយោជន៍ដែរ។

១២. () តើលោកយេស៊ូបានព្រមានពួកអ្នកកាន់តាមលោកអំពីអ្វី? () ហេតុអ្វីពួកអ្នកកាន់តាមលោកយេស៊ូពិតជាត្រូវការការព្រមានពីលោក?

១២ តើលោកយេស៊ូបានប្រើសមត្ថភាពយល់ធ្លុះជ្រៅតាមរបៀបណាទៀត? លោកដឹងថាកំហុសមួយអាចនាំទៅដល់កំហុសមួយទៀត និងថែមទាំងនាំឲ្យប្រព្រឹត្ដអំពើខុសឆ្គងធ្ងន់ធ្ងរទៀតផង ហើយលោកបានព្រមានពួកអ្នកកាន់តាមលោកអំពីរឿងនេះ។ ជាឧទាហរណ៍ អ្នកកាន់តាមលោកបានដឹងថាការប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទគឺជាការខុស។ ប៉ុន្ដែ លោកយេស៊ូបានព្រមានពួកគេអំពីអ្វីដែលអាចនាំឲ្យបុគ្គលម្នាក់ប្រព្រឹត្ដអំពើប្រាសចាកសីលធម៌។ លោកបានមានប្រសាសន៍ថា«អ្នកណាដែលសម្លឹងមើលស្រីរហូតដល់កើតមានចិត្ដស្រើបស្រាល អ្នកនោះបានផិតក្បត់ជាមួយនឹងនាងនៅក្នុងចិត្ដរួចហើយ។ ដូច្នេះ ប្រសិនបើភ្នែកស្ដាំរបស់អ្នក បណ្ដាលឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញ ហើយបោះចោលទៅ»។ (ម៉ាថាយ ៥:២៧-២៩) ពួកអ្នកកាន់តាមលោកយេស៊ូបានរស់នៅក្នុងចំណោមជនជាតិរ៉ូមដែលប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ដែលចូលចិត្ដមើលរឿងល្ខោនដែលពោរពេញទៅដោយឈុតរួមភេទនិងដែលប្រើពាក្យចំអេសចំអាស។ ហេតុនេះដោយសេចក្ដីស្រឡាញ់ លោកយេស៊ូបានព្រមានអ្នកកាន់តាមលោកឲ្យជៀសវាងអ្វីណាក៏ដោយដែលនាំឲ្យពួកគេពិបាកធ្វើអ្វីដែលត្រឹមត្រូវ។

១៣, ១៤. តើតាមរបៀបណាអ្នកអាចជួយកូនរបស់អ្នកជៀសវាងការកម្សាន្ដដែលប្រាសចាកសីលធម៌?

១៣ ក្នុងនាមជាពុកម្ដាយ អ្នកអាចប្រើសមត្ថភាពយល់ធ្លុះជ្រៅដើម្បីការពារកូនរបស់អ្នកពីការធ្វើអ្វីមួយដែលនាំឲ្យព្រះយេហូវ៉ាមិនពេញចិត្ដ។ គួរឲ្យស្តាយណាស់ សព្វថ្ងៃនេះសូម្បីតែកូនក្មេងតូចក៏ងាយស្រួលឃើញរូបអាសអាភាសនិងអ្វីផ្សេងទៀតដែលប្រាសចាកសីលធម៌ដែរ។ អ្នកគួរតែប្រាប់កូនរបស់អ្នកថាការមើលអ្វីដែលប្រាសចាកសីលធម៌ គឺជាការខុស។ ប៉ុន្ដែ មានអ្វីទៀតដែលអ្នកអាចធ្វើដើម្បីការពារពួកគេ។ សូមសួរខ្លួនអ្នកថា ‹តើកូនរបស់ខ្ញុំដឹងអំពីមូលហេតុដែលរូបអាសអាភាសនាំឲ្យមានគ្រោះថ្នាក់ខ្លាំងម៉្លេះទេ? តើអ្វីអាចធ្វើឲ្យពួកគេចង់មើលរូបភាពទាំងនោះ? តើខ្ញុំធ្វើឲ្យពួកគេងាយស្រួលនិយាយជាមួយនឹងខ្ញុំអំពីរឿងអ្វីក៏ដោយទេ ដើម្បីពួកគេនឹងសុំជំនួយពីខ្ញុំសូម្បីតែពេលពួកគេជួបប្រទះការល្បួងឲ្យមើលរូបអាសអាភាស?›។ សូម្បីតែពេលកូននៅតូចក៏ដោយ អ្នកអាចនិយាយទៅកាន់ពួកគេថា«បើកូនឃើញអ្វីមួយតាមអ៊ីនធឺណិតដែលធ្វើឲ្យកូនចង់ដឹងអំពីការរួមភេទ ហើយកូនចង់មើលវា សូមកូនមកនិយាយជាមួយពុកម៉ែ។ កូនកុំខ្លាចអៀនខ្មាសសុំជំនួយពីពុកម៉ែឡើយ។ ពុកម៉ែចង់ជួយកូន»។

១៤ ពេលអ្នកជ្រើសរើសការកម្សាន្ដសម្រាប់ខ្លួនអ្នក សូមគិតយ៉ាងដិតដល់ផងដែរអំពីរបៀបដែលអ្នកអាចធ្វើជាគំរូល្អដល់កូនរបស់អ្នក។ បងប្រាណាសដែលបានត្រូវរៀបរាប់នៅវគ្គខាងលើនិយាយថា«អ្នកអាចនិយាយយ៉ាងច្រើនអំពីរឿងជាច្រើន ប៉ុន្ដែកូននឹងសង្កេតមើលអ្វីដែលអ្នកធ្វើ ហើយយកតម្រាប់អ្នក»។ បើអ្នកតែងតែប្រុងប្រយ័ត្នពេលជ្រើសរើសចម្រៀង ភ្លេង សៀវភៅ និងរឿងភាពយន្ដ ដែលជាការកម្សាន្ដស្អាតស្អំ អ្នកអាចជួយកូនរបស់អ្នកឲ្យធ្វើដូច្នេះដែរ។—រ៉ូម ២:២១-២៤

ព្រះយេហូវ៉ានឹងជួយអ្នក

១៥, ១៦. () ហេតុអ្វីអ្នកអាចជឿជាក់ថាព្រះយេហូវ៉ានឹងជួយអ្នកបង្ហាត់បង្រៀនកូនរបស់អ្នក? () តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទបន្ទាប់?

១៥ តើអ្វីបានកើតឡើងពេលម៉ាណូអាបានសុំព្រះយេហូវ៉ាជួយគាត់ឲ្យក្លាយទៅជាពុកដ៏ល្អម្នាក់? «ព្រះទ្រង់ក៏ស្តាប់តាមពាក្យរបស់ម៉ាណូអា»។ (ពួកចៅហ្វាយ ១៣:៩) ឪពុកម្ដាយទាំងឡាយ ព្រះយេហូវ៉ាក៏នឹងស្តាប់សេចក្ដីអធិដ្ឋានរបស់អ្នកដែរ។ លោកនឹងជួយអ្នកបង្ហាត់បង្រៀនកូនរបស់អ្នក។ ម្យ៉ាងទៀត លោកនឹងជួយអ្នកបង្ហាញសេចក្ដីស្រឡាញ់ មានចិត្ដរាបទាប និងមានការយល់ធ្លុះជ្រៅ។

១៦ ដូចព្រះយេហូវ៉ានឹងជួយអ្នកបង្ហាត់បង្រៀនកូនរបស់អ្នកពេលពួកគេនៅក្មេង លោកក៏អាចជួយអ្នកបង្ហាត់បង្រៀនពួកគេដែរពេលដែលពួកគេមានវ័យជំទង់។ ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីរបៀបដែលគំរូរបស់លោកយេស៊ូស្ដីអំពីសេចក្ដីស្រឡាញ់ ចិត្ដរាបទាបនិងការយល់ធ្លុះជ្រៅ អាចជួយអ្នកបង្ហាត់បង្រៀនកូនវ័យជំទង់របស់អ្នកឲ្យបម្រើព្រះយេហូវ៉ា។

^ វគ្គ 5 គម្ពីរបង្រៀនថាការប្រដៅមានន័យថាការណែនាំ ការបង្ហាត់បង្រៀន ការកែតម្រង់ និងជួនកាលការដាក់ទោស។ ឪពុកម្ដាយគួរតែប្រដៅកូនតាមរបៀបស្លូតបូត ហើយមិនមែនប្រដៅកូននៅពេលដែលខ្លួនកំពុងខឹងនោះទេ។

^ វគ្គ 7 ឯកសារយោងមួយពន្យល់ថា នៅសម័យលោកយេស៊ូ កូនហៅពុករបស់ពួកគេថាអប្បា។ ពាក្យនេះគឺបញ្ជាក់អំពីសេចក្ដីស្រឡាញ់និងការគោរព (The International Standard Bible Encyclopedia)។