លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

រាជាណាចក្ររបស់ព្រះបានគ្រប់គ្រងអស់១០០ឆ្នាំហើយ!

រាជាណាចក្ររបស់ព្រះបានគ្រប់គ្រងអស់១០០ឆ្នាំហើយ!

«ព្រះនៃសេចក្ដីសុខសាន្ដ . . . សូមឲ្យលោកផ្ដល់អ្វីល្អគ្រប់យ៉ាងដើម្បីឲ្យអ្នករាល់គ្នាធ្វើតាមបំណងប្រាថ្នារបស់លោក»។—ហេប្រឺ ១៣:២០, ២១

ចម្រៀងលេខ: ១៣៦, ១៤

. តើកិច្ចការផ្សព្វផ្សាយគឺសំខាន់យ៉ាងណាចំពោះលោកយេស៊ូ? សូមពន្យល់។

លោកយេស៊ូចូលចិត្ដនិយាយអំពីរាជាណាចក្ររបស់ព្រះខ្លាំងណាស់។ កាលដែលលោកយេស៊ូនៅផែនដី លោកបាននិយាយអំពីរាជាណាចក្រព្រះច្រើនជាងនិយាយអំពីប្រធានបទផ្សេងទៀត។ ក្នុងអំឡុងកិច្ចបម្រើផ្សាយ លោកបាននិយាយអំពីរាជាណាចក្រជាង១០០ដង។ រាជាណាចក្រព្រះគឺពិតជាសំខាន់ចំពោះលោកយេស៊ូ។—សូមអាន ម៉ាថាយ ១២:៣៤

. តើមានមនុស្សប៉ុន្មាននាក់បានបង្គាប់នៅម៉ាថាយ ២៨:១៩, ២០ ហើយហេតុអ្វីយើងនិយាយដូច្នោះ?

មិនយូរក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានលេចមកជួបក្រុមមនុស្សជាង៥០០នាក់។ (កូរិនថូសទី១ ១៥:៦) ប្រហែលជានៅពេលនោះលោកយេស៊ូបានបង្គាប់ឲ្យផ្សព្វផ្សាយដល់«មនុស្សគ្រប់ជាតិសាសន៍»។ កិច្ចការនេះគឺមិនស្រួលនោះទេ។ * (សូមមើលកំណត់សម្គាល់) លោកបានប្រាប់ពួកគេថាកិច្ចការផ្សព្វផ្សាយនឹងបន្ដអស់មួយរយៈពេលយូរ រហូតដល់«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។ ពេលអ្នកផ្សព្វផ្សាយដំណឹងល្អនៅសព្វថ្ងៃនេះ អ្នកកំពុងជួយធ្វើឲ្យទំនាយនោះក្លាយទៅជាការពិត។—ម៉ាថាយ ២៨:១៩, ២០

. តើអ្វីបីយ៉ាងណាខ្លះបានជួយយើងឲ្យផ្សព្វផ្សាយដំណឹងល្អ?

ក្រោយពីលោកយេស៊ូបានបង្គាប់ឲ្យផ្សព្វផ្សាយ លោកបានមានប្រសាសន៍ថា«ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា»។ (ម៉ាថាយ ២៨:២០) ដូច្នេះ លោកយេស៊ូបានសន្យាដល់អ្នកកាន់តាមលោកថាលោកនឹងបន្ដដឹកនាំកិច្ចការផ្សព្វផ្សាយ ហើយថាលោកនឹងជួយពួកគេឲ្យផ្សព្វផ្សាយនៅទូទាំងពិភពលោក។ ព្រះយេហូវ៉ាក៏នៅជាមួយនឹងយើងដែរ ហើយលោកបានផ្ដល់ឲ្យយើងនូវ«អ្វីល្អគ្រប់យ៉ាង»ដើម្បីជួយយើងផ្សព្វផ្សាយ។ (ហេប្រឺ ១៣:២០, ២១) នៅអត្ថបទនេះ យើងនឹងពិចារណាអ្វីបីយ៉ាងក្នុងចំណោមអ្វីល្អទាំងនោះគឺ៖ () ឧបករណ៍ជំនួយផ្សេងដែលយើងបានទទួល () វិធីផ្សេងដែលយើងបានប្រើ ហើយ () ការបង្ហាត់បង្រៀនដែលយើងបានទទួល។ ដំបូង សូមឲ្យយើងពិចារណាអំពីឧបករណ៍ខ្លះដែលយើងបានប្រើក្នុងអំឡុង១០០ឆ្នាំកន្លងទៅនេះ។

ឧបករណ៍ដែលជួយអ្នកបម្រើរបស់ព្រះ ឲ្យផ្សព្វផ្សាយ

. តើឧបករណ៍ផ្សេងជាច្រើនបានជួយយើងយ៉ាងណាក្នុងកិច្ចការផ្សព្វផ្សាយ?

លោកយេស៊ូបានប្រៀបប្រដូចដំណឹងអំពីរាជាណាចក្រទៅនឹងគ្រាប់ពូជដែលបានត្រូវដាំនៅលើដីប្រភេទផ្សេងៗ។ (ម៉ាថាយ ១៣:១៨, ១៩) ដើម្បីជ្រួយដី អ្នកថែសួនប្រើឧបករណ៍ផ្សេងជាច្រើន។ ស្រដៀងគ្នាដែរ ស្ដេចរបស់យើងបានផ្ដល់ឲ្យយើងនូវឧបករណ៍ផ្សេងដែលយើងអាចប្រើដើម្បីជួយមនុស្សទៀតទទួលយកដំណឹងរបស់យើង។ ឧបករណ៍ជំនួយខ្លះមានប្រយោជន៍សម្រាប់មួយរយៈពេលខ្លី រីឯឧបករណ៍ជំនួយខ្លះទៀតនៅតែមានប្រយោជន៍រហូតដល់សព្វថ្ងៃនេះ។ ប៉ុន្ដែ ឧបករណ៍ទាំងអស់បានជួយយើងឲ្យបង្កើនសមត្ថភាពក្នុងកិច្ចផ្សព្វផ្សាយ។

កាតផ្សព្វផ្សាយបានជួយបុគ្គលជាច្រើននាក់ឲ្យចាប់ផ្ដើមផ្សព្វផ្សាយ

. តើកាតផ្សព្វផ្សាយគឺជាអ្វី ហើយតើកាតនោះបានត្រូវប្រើយ៉ាងដូចម្ដេច?

នៅឆ្នាំ១៩៣៣ អ្នកផ្សាយបានចាប់ផ្ដើមប្រើកាតផ្សព្វផ្សាយ ដែលជាឧបករណ៍មួយដែលបានជួយបុគ្គលជាច្រើននាក់ឲ្យចាប់ផ្ដើមផ្សព្វផ្សាយ។ វាជាកាតតូចមួយដែលមានព័ត៌មានខ្លីអំពីគម្ពីរ។ ជួនកាល កាតថ្មីមួយដែលមានព័ត៌មានថ្មីបានត្រូវបោះពុម្ព។ ពេលបងប្រុសអឺឡេនម៉ាយអឺមានអាយុប្រហែលជា១០ឆ្នាំ គាត់បានប្រើកាតផ្សព្វផ្សាយជាលើកដំបូង។ គាត់បានពន្យល់ថា«តាមធម្មតា ពាក្យផ្ដើមផ្សព្វផ្សាយគឺ ‹តើលោកអ្នកចង់អានកាតនេះទេ?›។ ក្រោយពីម្ចាស់ផ្ទះអានកាតនោះ យើងបានបង្ហាញសៀវភៅរបស់យើង ហើយទៅជួបអ្នកផ្សេងទៀត»។

. តើកាតផ្សព្វផ្សាយមានប្រយោជន៍យ៉ាងណា?

កាតផ្សព្វផ្សាយបានជួយអ្នកផ្សាយតាមរបៀបផ្សេងៗ។ ជាឧទាហរណ៍ អ្នកផ្សាយខ្លះជាមនុស្សអៀនខ្មាស ហើយទោះជាពួកគេពិតជាចង់ផ្សព្វផ្សាយក៏ដោយ ពួកគេមិនដឹងថាគួរនិយាយអ្វីទេ។ អ្នកផ្សាយខ្លះទៀតជាមនុស្សមានចិត្ដក្លាហានណាស់។ ពួកគេបានប្រាប់ម្ចាស់ផ្ទះអំពីអ្វីទាំងអស់ដែលពួកគេដឹងក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ប៉ុន្ដែអ្វីដែលពួកគេបាននិយាយមិនតែងតែបង្ហាញថាពួកគេគិតអំពីអារម្មណ៍របស់ម្ចាស់ផ្ទះឡើយ។ កាតផ្សព្វផ្សាយបានជួយអ្នកផ្សាយទាំងអស់ឲ្យផ្សព្វផ្សាយតាមរបៀបដែលច្បាស់និងស្រួលយល់។

. តើការប្រើកាតផ្សព្វផ្សាយមានការពិបាកអ្វីខ្លះ?

ការប្រើកាតផ្សព្វផ្សាយក៏មានការពិបាកដែរ។ បងស្រីក្រេស អ៊ីសស្ដេប បាននិយាយថា«ជួនកាល គេសួរយើងថា ‹តើកាតនេះចង់និយាយអំពីអ្វី? ប្រាប់ខ្ញុំបានអត់?›»។ ម្យ៉ាងទៀត ម្ចាស់ផ្ទះខ្លះមិនអាចអានអ្វីដែលបានសរសេរនៅលើកាតបានឡើយ។ ម្ចាស់ផ្ទះខ្លះទៀតគ្រាន់តែយកកាត ហើយក៏បិទទ្វារទៅ។ មនុស្សខ្លះមិនចូលចិត្ដដំណឹងដែលយើងផ្សាយទេ ហេតុនេះពួកគេបានហែកកាតនោះចោល។ ទោះជាមានការពិបាកក្ដី កាតនោះបានជួយអ្នកផ្សាយឲ្យផ្សព្វផ្សាយដល់អ្នកជិតខាង ហើយជួយអ្នកទៀតស្គាល់ថាពួកគេជាអ្នកផ្សព្វផ្សាយអំពីរាជាណាចក្រ។

. តើម៉ាស៊ីនចាក់ថាសសំឡេងដែលអាចយួរ បានត្រូវប្រើយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅដើមអត្ថបទ)

ឧបករណ៍មួយទៀតដែលបានត្រូវប្រើក្រោយឆ្នាំ១៩៣០គឺ ម៉ាស៊ីនចាក់ថាសសំឡេងដែលអាចយួរ។ សាក្សីខ្លះបានហៅវាថាអេរ៉ុន ពីព្រោះម៉ាស៊ីននេះបាននិយាយជំនួសពួកគេ។ (សូមអាន និក្ខមនំ ៤:១៤-១៦) បើម្ចាស់ផ្ទះយល់ព្រមស្តាប់ អ្នកផ្សាយបានចាក់សុន្ទរកថាមួយដ៏ខ្លី ហើយបន្ទាប់មកស្នើផ្ដល់សៀវភៅខ្លះរបស់យើង។ ជួនកាល ក្រុមគ្រួសារទាំងមូលបាននាំគ្នាមកស្តាប់សុន្ទរកថា! នៅឆ្នាំ១៩៣៤ សមាគមប៉មយាមបានចាប់ផ្ដើមផលិតម៉ាស៊ីនចាក់ថាសសំឡេងដែលអាចយួរដែលបានត្រូវរៀបចំឡើងសម្រាប់កិច្ចបម្រើផ្សាយ។ នៅទីបំផុត សុន្ទរកថាផ្សេងចំនួន៩២បានត្រូវថតចម្លង។

. តើម៉ាស៊ីនចាក់ថាសសំឡេងដែលអាចយួរមានប្រសិទ្ធភាពយ៉ាងណា?

ពេលបងប្រុសហ៊ីលឡារី ហ្គោស្លិនបានស្តាប់សុន្ទរកថាមួយក្នុងចំណោមសុន្ទរកថាទាំងនោះ គាត់បានខ្ចីម៉ាស៊ីនចាក់ថាសសំឡេងនោះអស់មួយអាទិត្យដើម្បីផ្សព្វផ្សាយដំណឹងពីគម្ពីរដល់អ្នកជិតខាងគាត់។ ជាលទ្ធផល មនុស្សមួយចំនួនបានចាប់អារម្មណ៍នឹងសេចក្ដីពិត ហើយបានទទួលការជ្រមុជទឹក។ នៅទីបំផុត កូនស្រីពីរនាក់របស់បងហ្គោស្លិនបានចូលសាលាគីលាត ហើយបានទៅជាសាសនទូត។ ដូចកាតផ្សព្វផ្សាយដែរ ម៉ាស៊ីនចាក់ថាសសំឡេងដែលអាចយួរ បានជួយអ្នកផ្សាយជាច្រើនឲ្យចាប់ផ្ដើមផ្សព្វផ្សាយ។ ក្រោយមក តាមរយៈសាលាកិច្ចបម្រើផ្សាយ ស្ដេចរបស់យើងនឹងបង្ហាត់បង្រៀនរាស្ដ្ររបស់លោកឲ្យក្លាយទៅជាអ្នកបង្រៀនដ៏មានប្រសិទ្ធភាព។

អ្នកបម្រើព្រះប្រើវិធីផ្សេងដើម្បីផ្សព្វផ្សាយដល់មនុស្សទៀត

១០, ១១. តើកាសែតនិងវិទ្យុបានត្រូវប្រើយ៉ាងដូចម្ដេចដើម្បីផ្សព្វផ្សាយដំណឹងល្អ ហើយហេតុអ្វីវិធីទាំងនោះមានប្រសិទ្ធភាព?

១០ ក្រោមការដឹកនាំរបស់ស្ដេចយើង រាស្ដ្ររបស់ព្រះបានប្រើវិធីផ្សេងដើម្បីផ្សព្វផ្សាយដល់មនុស្សឲ្យបានច្រើនបំផុត។ វិធីផ្សព្វផ្សាយទាំងនោះគឺសំខាន់ណាស់ ជាពិសេសពេលយើងមានកម្មករតែប៉ុន្មាននាក់ប៉ុណ្ណោះ។ (សូមអាន ម៉ាថាយ ៩:៣៧) ជាឧទាហរណ៍ ជាច្រើនឆ្នាំមុន កាសែតបានត្រូវប្រើដើម្បីផ្សព្វផ្សាយដំណឹងល្អ។ រាល់សប្ដាហ៍បងរ៉ាសិលបានផ្ញើសុន្ទរកថាទៅក្រុមហ៊ុនខាងព័ត៌មាន។ ក្រោយមក ពួកគេបានបញ្ជូនសុន្ទរកថារបស់គាត់ទៅបោះពុម្ពក្នុងកាសែតនៅប្រទេសកាណាដា ទ្វីបអឺរ៉ុប និងសហរដ្ឋអាម៉េរិក។ មកដល់ឆ្នាំ១៩១៣ ចំនួនកាសែតផ្សេងដែលបានបោះពុម្ពសុន្ទរកថារបស់បងរ៉ាសិលបានកើនឡើងដល់២០០០កាសែត ហើយមនុស្សប្រហែលជា១៥.០០០.០០០នាក់បានអានសុន្ទរកថាទាំងនោះ!

កាសែតនិងវិទ្យុមានប្រយោជន៍ក្នុងការផ្សព្វផ្សាយដល់មនុស្សជាច្រើននៅតំបន់ដែលមានអ្នកផ្សាយតិច

១១ វិទ្យុក៏បានត្រូវប្រើដោយមានប្រសិទ្ធភាពដែរ ដើម្បីផ្សព្វផ្សាយដំណឹងល្អ។ នៅគ្រាដំបូងដែលយើងចាប់ផ្ដើមផ្សាយសុន្ទរកថាតាមវិទ្យុ បងរ៉ូធើហ្វឺតបានថ្លែងសុន្ទរកថាមួយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩២២ ដែលមានអ្នកស្តាប់ប្រហែលជា៥០.០០០នាក់។ មិនយូរក្រោយមក យើងបានចាប់ផ្ដើមប្រើប៉ុស្តិ៍វិទ្យុរបស់យើងផ្ទាល់ (WBBR) ហើយកម្មវិធីដំបូងបានត្រូវចាក់ផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩២៤។ ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩២៤ បានសរសេរថា«យើងជឿថាវិទ្យុជាវិធីដែលមានប្រសិទ្ធភាពបំផុតនិងដែលធូរថ្លៃបំផុត សម្រាប់ផ្សាយសេចក្ដីពិត»។ ដូចកាសែតដែរ វិទ្យុបានជួយយើងផ្សព្វផ្សាយដល់មនុស្សជាច្រើននៅតំបន់ដែលមានអ្នកផ្សាយតិច។

អ្នកផ្សាយរាជាណាចក្រជាច្រើននាក់ចូលចិត្ដផ្សព្វផ្សាយជាសាធារណៈ ហើយចូលចិត្ដប្រាប់មនុស្សទៀតអំពីគេហទំព័ររបស់យើង (សូមមើលវគ្គ១២, ១៣)

១២. () តើអ្នកចូលចិត្ដការផ្សព្វផ្សាយជាសាធារណៈបែបណាខ្លាំងជាងគេ? () តើអ្វីអាចជួយយើងឲ្យយកឈ្នះអារម្មណ៍ភ័យខ្លាចក្នុងការផ្សព្វផ្សាយជាសាធារណៈ?

១២ ការផ្សព្វផ្សាយជាសាធារណៈគឺជាវិធីមួយដ៏មានប្រសិទ្ធភាពដែលយើងកំពុងប្រើនៅសព្វថ្ងៃនេះ ដើម្បីផ្សព្វផ្សាយដល់មនុស្សទៀត។ រាស្ដ្ររបស់ព្រះកំពុងខំព្យាយាមថែមទៀតដើម្បីផ្សព្វផ្សាយដល់មនុស្សនៅកន្លែងចាំឡានក្រុង ស្ថានីយរថភ្លើង ចំណតឡានម៉ូតូ កន្លែងសាធារណៈ និងនៅផ្សារ។ តើការផ្សព្វផ្សាយជាសាធារណៈធ្វើឲ្យអ្នកភ័យខ្លាចទេ? បើដូច្នេះមែន ចូរអធិដ្ឋានសុំជំនួយ ហើយពិចារណាអំពីអ្វីដែលបងប្រុសម៉ាណេរ៉ាដែលជាអ្នកធ្វើដំណើរត្រួតពិនិត្យបាននិយាយ។ គាត់បាននិយាយថា«យើងបានចាត់ទុកវិធីផ្សព្វផ្សាយថ្មីនីមួយថាជាវិធីមួយទៀតដើម្បីបម្រើព្រះយេហូវ៉ា ដើម្បីបង្ហាញភាពស្មោះត្រង់របស់យើងចំពោះលោក និងដើម្បីបង្ហាញចិត្ដស្មោះគ្រប់លក្ខណៈរបស់យើង ហើយយើងចង់បង្ហាញឲ្យឃើញថាយើងជាមនុស្សដែលសុខចិត្ដបម្រើលោកតាមរបៀបណាក៏ដោយដែលលោកសុំយើង»។ ពេលយើងយកឈ្នះអារម្មណ៍ភ័យខ្លាចរបស់យើង ហើយប្រើវិធីថ្មីដើម្បីផ្សព្វផ្សាយ នោះយើងពង្រឹងទំនុកចិត្ដរបស់យើងទៅលើព្រះយេហូវ៉ា ហើយក្លាយទៅជាអ្នកផ្សាយដែលប៉ិនប្រសប់ជាង។—សូមអាន កូរិនថូសទី២ ១២:៩, ១០

១៣. ហេតុអ្វីការប្រើគេហទំព័ររបស់យើងក្នុងកិច្ចបម្រើផ្សាយជាវិធីផ្សព្វផ្សាយមួយដ៏មានប្រសិទ្ធភាព ហើយតើអ្នកធ្លាប់មានបទពិសោធន៍អ្វីខ្លះពីការប្រើគេហទំព័រនោះ?

១៣ អ្នកផ្សាយជាច្រើននាក់សប្បាយប្រាប់អ្នកទៀតអំពីគេហទំព័រjw.org។ ក្នុងគេហទំព័រនោះមនុស្សអាចអាននិងថតចម្លងសៀវភៅផ្សេងដែលមានមូលដ្ឋានលើគម្ពីរជាង៧០០ភាសា។ ជារៀងរាល់ថ្ងៃ មនុស្សជាងលានសែននាក់ចូលមើលគេហទំព័ររបស់យើង។ កាលពីមុន វិទ្យុបានផ្សាយដំណឹងល្អដល់មនុស្សនៅតំបន់ដាច់ស្រយាល។ សព្វថ្ងៃនេះ គេហទំព័ររបស់យើងក៏ដូច្នេះដែរ។

ការបង្ហាត់បង្រៀនអ្នកបម្រើព្រះឲ្យផ្សព្វផ្សាយដំណឹងល្អ

១៤. តើអ្នកផ្សាយត្រូវការការបង្ហាត់បង្រៀនអ្វី ហើយតើសាលាអ្វីបានជួយពួកគេឲ្យក្លាយទៅជាអ្នកបង្រៀនដែលប៉ិនប្រសប់?

១៤ ឧបករណ៍និងវិធីផ្សព្វផ្សាយដែលយើងបានពិចារណា បានត្រូវប្រើដោយមានប្រសិទ្ធភាពខ្លាំងណាស់។ ប៉ុន្ដែ អ្នកផ្សាយនៅសម័យមុនត្រូវការការបង្ហាត់បង្រៀនអំពីរបៀបក្លាយទៅជាអ្នកផ្សាយដែលប៉ិនប្រសប់។ ជាឧទាហរណ៍ ពេលខ្លះម្ចាស់ផ្ទះមិនយល់ស្របនឹងអ្វីដែលគាត់បានតាមម៉ាស៊ីនចាក់ថាសសំឡេងទេ។ ពេលខ្លះទៀតម្ចាស់ផ្ទះចាប់អារម្មណ៍ ហើយចង់រៀនថែមទៀត។ អ្នកផ្សាយត្រូវដឹងអំពីរបៀបទប់ទល់នឹងការជំទាស់ដោយមិនធ្វើឲ្យគេទើសចិត្ដ ហើយដឹងអំពីរបៀបក្លាយទៅជាអ្នកបង្រៀនដែលប៉ិនប្រសប់ជាង។ ដោយច្បាស់ជាមានជំនួយពីសកម្មពលបរិសុទ្ធរបស់ព្រះ បងន័របានឃើញថាគឺជាការសំខាន់ដែលអ្នកផ្សាយរៀនអំពីរបៀបនិយាយក្នុងកិច្ចបម្រើផ្សាយ។ ដូច្នេះ ចាប់ពីឆ្នាំ១៩៤៣ ក្រុមជំនុំបានចាប់ផ្ដើមរៀបចំសាលាកិច្ចបម្រើផ្សាយ។ សាលានេះបានជួយយើងទាំងអស់គ្នាឲ្យក្លាយទៅជាអ្នកបង្រៀនដែលប៉ិនប្រសប់។

១៥. () តើបងប្អូនខ្លះធ្លាប់មានបទពិសោធន៍បែបណាពេលពួកគាត់បានថ្លែងសុន្ទរកថានៅសាលាកិច្ចបម្រើផ្សាយ? () ចំពោះអ្នក តើសេចក្ដីសន្យារបស់ព្រះយេហូវ៉ានៅទំនុកតម្កើង ៣២:៨បានក្លាយទៅជាការពិតយ៉ាងដូចម្ដេច?

១៥ បងប្អូនជាច្រើននាក់មិនធ្លាប់និយាយនៅមុខអ្នកស្តាប់ទេ។ បងប្រុសរ៉ាមូនឹកចាំអំពីសុន្ទរកថាដំបូងរបស់គាត់កាលពីឆ្នាំ១៩៤៤។ សុន្ទរកថានោះបាននិយាយអំពីបុគ្គលម្នាក់ក្នុងគម្ពីរ គឺដូអេក។ គាត់បាននិយាយថា«ជើងរបស់ខ្ញុំញ័រ ដៃខ្ញុំក៏ញ័រ ហើយថ្គាមរបស់ខ្ញុំក៏ញ័រទៀត»។ គាត់បានបន្ថែមថា«នោះគឺជាបទពិសោធន៍ដំបូងរបស់ខ្ញុំក្នុងការថ្លែងសុន្ទរកថានៅលើវេទិកា ប៉ុន្ដែខ្ញុំមិនបានឈប់ឡើយ»។ ទោះជាការថ្លែងសុន្ទរកថាគឺមិនស្រួលក៏ដោយ កូនក្មេងក៏បានថ្លែងសុន្ទរកថានៅសាលានោះដែរ។ បងម៉ាណេរ៉ានឹកចាំអំពីអ្វីដែលបានកើតឡើងពេលក្មេងប្រុសម្នាក់បានថ្លែងសុន្ទរកថាដំបូងរបស់គាត់។ គាត់បាននិយាយថា«ក្មេងប្រុសនោះភ័យខ្លាំងដល់ម៉្លេះបានជាពេលគាត់បានចាប់ផ្ដើមសុន្ទរកថារបស់គាត់ គាត់បានចាប់ផ្ដើមយំខ្សឹកខ្សួល។ ប៉ុន្ដែ ដោយសារគាត់បានតាំងចិត្ដថ្លែងសុន្ទរកថានោះ គាត់យំបែបនោះរហូតដល់ចប់សុន្ទរកថារបស់គាត់»។ ប្រហែលជាអ្នកមិនឆ្លើយនៅកិច្ចប្រជុំ ឬមិនរួមចំណែកក្នុងផ្នែកផ្សេងនៃកិច្ចប្រជុំ ដោយសារអ្នកអៀនខ្មាស ឬក៏មានអារម្មណ៍ថាអ្នកមិនអាចធ្វើបានទេ។ បើដូច្នេះ ចូរសុំព្រះយេហូវ៉ាឲ្យជួយអ្នកយកឈ្នះអារម្មណ៍ភ័យខ្លាចនោះ។ លោកនឹងជួយអ្នកដូចដែលលោកបានជួយពួកអ្នកដែលជាសិស្សសាលាកិច្ចបម្រើផ្សាយនៅសម័យមុន។—សូមអាន ទំនុកតម្កើង ៣២:៨

តាំងពីឆ្នាំ១៩៤៣ សាសនទូតជាង៨.៥០០នាក់ដែលបានទទួលការបង្ហាត់បង្រៀនពីសាលាគីលាតបានត្រូវចាត់ឲ្យទៅ១៧០ប្រទេស

១៦. តើអ្វីជាគោលដៅនៃសាលាគីលាត () នៅសម័យមុន និង () តាំងពីឆ្នាំ២០១១?

១៦ អង្គការព្រះក៏បានផ្ដល់ការបង្ហាត់បង្រៀនតាមរយៈសាលាគីលាតដែរ។ គោលដៅមួយនៃសាលានោះគឺដើម្បីជួយសិស្សឲ្យមានចិត្ដចង់ផ្សព្វផ្សាយដំណឹងល្អកាន់តែខ្លាំង។ សាលាគីលាតបានចាប់ផ្ដើមនៅឆ្នាំ១៩៤៣ ហើយតាំងពីពេលនោះមក សិស្ស៨.៥០០នាក់បានទទួលការបង្ហាត់បង្រៀន ហើយបានត្រូវចាត់ឲ្យទៅ១៧០ប្រទេស។ តាំងពីឆ្នាំ២០១១ ពួកអ្នកដែលបានត្រូវអញ្ជើញឲ្យចូលសាលានេះគឺជាអ្នកត្រួសត្រាយពិសេស អ្នកធ្វើដំណើរត្រួតពិនិត្យ សមាជិកបេតអែល ឬសាសនទូតដែលមិនទាន់ចូលសាលាគីលាត។

១៧. តើការបង្ហាត់បង្រៀននៅសាលាគីលាតមានប្រសិទ្ធភាពយ៉ាងណា?

១៧ តើការបង្ហាត់បង្រៀននៅសាលាគីលាតមានប្រសិទ្ធភាពទេ? មានប្រសិទ្ធភាពមែន។ សូមពិចារណាអំពីអ្វីដែលបានកើតឡើងនៅប្រទេសជប៉ុន។ នៅខែសីហា ឆ្នាំ១៩៤៩ មានអ្នកផ្សព្វផ្សាយតិចជាង១០នាក់ក្នុងប្រទេសនោះ។ ប៉ុន្ដែ មកដល់ដំណាច់ឆ្នាំនោះ សាសនទូត១៣នាក់បានផ្សព្វផ្សាយជាមួយនឹងអ្នកផ្សាយនៅតំបន់នោះ។ សព្វថ្ងៃនេះ មានអ្នកផ្សាយប្រហែលជា២១៦.០០០នាក់នៅប្រទេសជប៉ុន ហើយស្ទើរតែពាក់កណ្ដាលនៃពួកគេគឺជាអ្នកត្រួសត្រាយ!

១៨. តើយើងមានសាលាផ្សេងទៀតអ្វីខ្លះ?

១៨ យើងមានសាលាផ្សេងទៀតជាច្រើនដូចជា៖ សាលាកិច្ចបម្រើរាជាណាចក្រ សាលាសម្រាប់អ្នកត្រួសត្រាយ សាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ សាលាសម្រាប់អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងប្រពន្ធ ព្រមទាំងសាលាសម្រាប់សមាជិកគណៈកម្មាធិការត្រួតពិនិត្យការិយាល័យសាខានិងប្រពន្ធ។ សាលាទាំងនេះបានបង្ហាត់បង្រៀនបងប្អូនដោយមានប្រសិទ្ធភាព ហើយបានពង្រឹងជំនឿរបស់ពួកគាត់។ យើងអាចឃើញច្បាស់ថាលោកយេស៊ូកំពុងបន្ដបង្ហាត់បង្រៀនមនុស្សជាច្រើន។

១៩. តើបងរ៉ាសិលបាននិយាយយ៉ាងណាអំពីកិច្ចការផ្សព្វផ្សាយ ហើយតើនេះបានក្លាយទៅជាការពិតយ៉ាងដូចម្ដេច?

១៩ រាជាណាចក្រព្រះបានគ្រប់គ្រងជាង១០០ឆ្នាំហើយ។ ក្នុងអំឡុងពេលនោះ លោកយេស៊ូគ្រិស្ដដែលជាស្ដេចរបស់យើង កំពុងដឹកនាំកិច្ចការផ្សព្វផ្សាយ។ នៅឆ្នាំ១៩១៦ បងរ៉ាសិលបានជឿថាការផ្សព្វផ្សាយដំណឹងល្អនឹងត្រូវធ្វើឡើងកាន់តែច្រើននៅទូទាំងពិភពលោក។ គាត់បាននិយាយថា៖ «កិច្ចការនោះកំពុងកើនឡើងយ៉ាងឆាប់រហ័ស ហើយវានឹងបន្ដកើនឡើង ដោយសារយើងត្រូវផ្សព្វផ្សាយ‹ដំណឹងល្អនៃរាជាណាចក្រ›នៅទូទាំងពិភពលោក» (Faith on the March សៀវភៅដែលបានត្រូវសរសេរដោយអាឡិចសេនដឺ ម៉ាក់មីល្លិន នៅទំព័រ៦៩)។ កិច្ចការនោះកំពុងធ្វើឡើងនៅសព្វថ្ងៃនេះ! យើងអរគុណព្រះយេហូវ៉ាជាព្រះនៃសេចក្ដីសុខសាន្ដ ដែលលោកផ្ដល់ឲ្យយើងនូវអ្វីគ្រប់យ៉ាងដែលយើងត្រូវការដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោក!

^ វគ្គ 2 បុគ្គលភាគច្រើនក្នុងក្រុមនោះទំនងជាបានក្លាយទៅជាគ្រិស្ដសាសនិក។ ហេតុអ្វីយើងនិយាយដូច្នោះ? ពីព្រោះសាវ័កប៉ូលបានហៅពួកគេថា‹បងប្អូនប្រាំរយនាក់›។ គាត់ក៏បាននិយាយដែរថា«បងប្អូនភាគច្រើនពីចំណោមបងប្អូនទាំងនោះ នៅរស់រហូតដល់សព្វថ្ងៃនេះ តែពួកគាត់ខ្លះបានដេកលក់ក្នុងសេចក្ដីស្លាប់ហើយ»។ ដូច្នេះ តាមមើលទៅប៉ូលនិងគ្រិស្ដសាសនិកទៀតបានស្គាល់ពួកគេជាច្រើននាក់ដែលបានដោយផ្ទាល់នូវបង្គាប់របស់លោកយេស៊ូដែលឲ្យផ្សព្វផ្សាយ។