លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេហូវ៉ានឹងទ្រទ្រង់អ្នក

ព្រះយេហូវ៉ានឹងទ្រទ្រង់អ្នក

«ព្រះយេហូវ៉ានឹងទ្រទ្រាំចំពោះគេនៅគ្រាដេកឈឺនៅគ្រែ»។—ទំនុកតម្កើង ៤១:៣

ចម្រៀងលេខ: ២៣, ១៣៨

១, ២. តើព្រះបានធ្វើអ្វីនៅសម័យគម្ពីរ ហើយសព្វថ្ងៃនេះ តើអ្នកខ្លះប្រហែលជាចង់ដឹងអំពីអ្វីពេលពួកគេឈឺ?

បើអ្នកធ្លាប់ឈឺធ្ងន់ អ្នកប្រហែលជាបានសួរថា ‹តើខ្ញុំនឹងជាឡើងវិញទេ?›។ ឬប្រហែលជាសមាជិកម្នាក់នៃក្រុមគ្រួសារ ឬមិត្ដភក្ដិម្នាក់ឈឺ ហើយអ្នកចង់ដឹងថាគាត់នឹងជាឡើងវិញយ៉ាងណា។ គឺជាការធម្មតាទេដែលអ្នកចង់ឲ្យខ្លួនអ្នកនិងបុគ្គលដែលអ្នកស្រឡាញ់មានសុខភាពល្អ។ គម្ពីរចែងអំពីបុគ្គលខ្លះដែលឈឺនិងចង់ដឹងថាពួកគាត់នឹងជាឡើងវិញយ៉ាងណា។ ជាឧទាហរណ៍ ស្ដេចអ័ហាស៊ីយ៉ាដែលជាកូនរបស់អ័ហាប់និងយេសិបិល ចង់ដឹងថារបួសរបស់គាត់នឹងជាមិនជា។ ក្រោយមក ស្ដេចបេនហាដាឌ់នៃស្រុកស៊ីរីបានឈឺ ហើយចង់ដឹងថាគាត់នឹងជាឡើងវិញយ៉ាងណា។—ពង្សាវតារក្សត្រទី២ ១:២; ៨:៧, ៨

គម្ពីរក៏ប្រាប់យើងដែរថានៅអតីតកាល ជួនកាលព្រះយេហូវ៉ាបានធ្វើឲ្យមនុស្សជាសះស្បើយតាមរយៈអព្ភូតហេតុ ហើយថែមទាំងបានប្រើអ្នកប្រកាសទំនាយរបស់លោកឲ្យប្រោសមនុស្សខ្លះដែលបានស្លាប់ឲ្យរស់ឡើងវិញ។ (ពង្សាវតារក្សត្រទី១ ១៧:១៧-២៤; ពង្សាវតារក្សត្រទី២ ៤:១៧-២០, ៣២-៣៥) សព្វថ្ងៃនេះ មនុស្សខ្លះដែលឈឺប្រហែលជាចង់ដឹងថាព្រះក៏នឹងធ្វើអ្វីមួយដែរ ដើម្បីជួយពួកគេឲ្យជាឡើងវិញយ៉ាងណា។

-. តើព្រះយេហូវ៉ានិងលោកយេស៊ូអាចធ្វើអ្វី ហើយតើយើងនឹងពិភាក្សាសំណួរអ្វីខ្លះ?

ព្រះយេហូវ៉ាមានអំណាចលើសុខភាពរបស់មនុស្ស។ លោកបានដាក់ទោសបុគ្គលខ្លះឲ្យមានជំងឺ ដូចជាផារ៉ូនៅសម័យអាប្រាហាំ ហើយក្រោយមកម៉ារាមដែលជាបងស្រីរបស់ម៉ូសេ។ (លោកុប្បត្ដិ ១២:១៧; ជនគណនា ១២:៩, ១០; សាំយូអែលទី២ ២៤:១៥) ម្យ៉ាងទៀត លោកបានដាក់ទោសជនជាតិអ៊ីស្រាអែលដោយឲ្យពួកគេកើត«ជំងឺ»មាន«សេចក្ដីវេទនា» ពេលពួកគេមិនស្មោះត្រង់នឹងលោក។ (ចោទិយកថា ២៨:៥៨-៦១) នៅពេលផ្សេងទៀត ព្រះយេហូវ៉ាបានការពារមិនឲ្យរាស្ដ្ររបស់លោកឈឺ។ (និក្ខមនំ ២៣:២៥; ចោទិយកថា ៧:១៥) លោកថែមទាំងបានធ្វើឲ្យពួកគេខ្លះជាសះស្បើយ។ ជាឧទាហរណ៍ លោកបានធ្វើឲ្យយ៉ូបជាសះស្បើយពេលគាត់ឈឺធ្ងន់ ហើយចង់ស្លាប់។—យ៉ូប ២:៧; ៣:១១-១៣; ៤២:១០, ១៦

យើងជឿជាក់ថាព្រះយេហូវ៉ាមានឫទ្ធានុភាពដើម្បីធ្វើឲ្យពួកអ្នកដែលឈឺជាសះស្បើយ។ លោកយេស៊ូក៏អាចធ្វើឲ្យមនុស្សឈឺជាសះស្បើយដែរ។ ពេលលោកនៅផែនដី លោកបានធ្វើឲ្យពួកអ្នកដែលមានជំងឺដូចជាជំងឺឃ្លង់ ឬជំងឺឆ្កួតជ្រូកជាដើមបានជាសះស្បើយ។ លោកបានធ្វើឲ្យមនុស្សងងឹតភ្នែកនិងពួកអ្នកដែលស្លាប់ដៃស្លាប់ជើងបានជាសះស្បើយ។ (សូមអាន ម៉ាថាយ ៤:២៣, ២៤; យ៉ូហាន ៩:១-) អព្ភូតហេតុទាំងនេះជួយយើងឲ្យទន្ទឹងរង់ចាំអ្វីដ៏អស្ចារ្យដែលលោកយេស៊ូនឹងធ្វើនៅពិភពលោកថ្មី។ នៅពេលនោះ មនុស្ស«នឹងមិនថា៖ ‹ខ្ញុំឈឺ›ទៀតឡើយ»។—អេសាយ ៣៣:២៤

ប៉ុន្ដែ បើយើងឈឺធ្ងន់ តើយើងអាចរំពឹងថាព្រះយេហូវ៉ាលោកយេស៊ូនឹងធ្វើឲ្យយើងជាសះស្បើយដោយអព្ភូតហេតុនៅឥឡូវនេះទេ? ហើយតើយើងគួរគិតអំពីអ្វី ពេលយើងជ្រើសរើសវិធីព្យាបាលមួយ?

ចូរពឹងព្រះយេហូវ៉ា ពេលអ្នកឈឺ

. តើគម្ពីរចែងយ៉ាងណាអំពីអព្ភូតហេតុដែលគ្រិស្ដសាសនិកនៅសតវត្សរ៍ទី១បានធ្វើ?

នៅសតវត្សរ៍ទី១ ព្រះយេហូវ៉ាបានរើសតាំងគ្រិស្ដសាសនិកដោយសកម្មពលបរិសុទ្ធរបស់លោក ហើយបានឲ្យពួកគាត់ខ្លះមានសមត្ថភាពធ្វើអព្ភូតហេតុ។ (សកម្មភាព ៣:២-៧; ៩:៣៦-៤២) ជាឧទាហរណ៍ ពួកគាត់អាចធ្វើឲ្យមនុស្សជាសះស្បើយ ហើយអាចនិយាយភាសាផ្សេងៗ។ (កូរិនថូសទី១ ១២:៤-១១) ប៉ុន្ដែក្រោយមក អព្ភូតហេតុទាំងនោះលែងមានទៀត ដូចគម្ពីរបានចែង។ (កូរិនថូសទី១ ១៣:៨) ដូច្នេះ សព្វថ្ងៃនេះយើងមិនអាចរំពឹងថាព្រះនឹងធ្វើអព្ភូតហេតុដើម្បីធ្វើឲ្យយើងបុគ្គលជាទីស្រឡាញ់របស់យើងជាសះស្បើយឡើយ។

ព្រះយេហូវ៉ាជ្រាបច្បាស់អំពីអ្វីដែលអ្នកបម្រើលោកកំពុងរងទុក្ខ ហើយលោកមិនភ្លេចភាពស្មោះត្រង់របស់ពួកគេទេ

. តើទំនុកតម្កើង ៤១:៣ អាចលើកទឹកចិត្ដយើងយ៉ាងណា?

ប៉ុន្ដែបើអ្នកឈឺ ព្រះយេហូវ៉ានឹងសម្រាលទុក្ខ ព្រមទាំងគាំទ្រអ្នក ដូចលោកបានធ្វើចំពោះអ្នកបម្រើលោកនៅអតីតកាល។ ស្ដេចដាវីឌបានសរសេរថា«មានពរហើយ អ្នកណាដែលមានអធ្យាស្រ័យដល់ពួកមនុស្សក្រីក្រ ព្រះយេហូវ៉ាទ្រង់នឹងជួយអ្នកនោះឲ្យរួចក្នុងថ្ងៃអាក្រក់។ ព្រះយេហូវ៉ាទ្រង់នឹងជួយទំនុកបំរុង ហើយថែរក្សាជីវិតអ្នកនោះ»។ (ទំនុកតម្កើង ៤១:១, ២) ដាវីឌមិនចង់ថា មនុស្សល្អម្នាក់ដែលរស់នៅសម័យនោះដែលចេះយល់អារម្មណ៍របស់ពួកមនុស្សក្រីក្រមនុស្សទន់ទាបនឹងមិនស្លាប់ទេ។ ដូច្នេះ តើតាមរបៀបណាព្រះយេហូវ៉ានឹងជួយមនុស្សល្អនោះ? ដាវីឌបានពន្យល់ថា«ព្រះយេហូវ៉ានឹងទ្រទ្រាំចំពោះគេនៅគ្រាដេកឈឺនៅគ្រែ ទ្រង់ក៏រៀបគ្រែឲ្យ នៅគ្រប់វេលាមានធុរៈ»។ (ទំនុកតម្កើង ៤១:៣) ព្រះយេហូវ៉ាជ្រាបច្បាស់អំពីអ្វីដែលអ្នកបម្រើលោកកំពុងរងទុក្ខ ហើយលោកមិនភ្លេចពួកគេទេ។ លោកអាចឲ្យពួកគេមានចិត្ដក្លាហាននិងប្រាជ្ញា។ ព្រះយេហូវ៉ាក៏បានបង្កើតរូបកាយមនុស្សឲ្យចេះជាសះស្បើយដោយឯកឯងដែរ។

. យោងទៅតាមទំនុកតម្កើង ៤១:៤ តើដាវីឌបានសុំព្រះយេហូវ៉ាឲ្យធ្វើអ្វីពេលគាត់ឈឺធ្ងន់?

នៅទំនុកតម្កើង ទំនុកទី៤១ ដាវីឌក៏ប្រាប់យើងដែរអំពីពេលដែលគាត់ឈឺធ្ងន់ ហើយមានអារម្មណ៍តានតឹងចិត្ដនិងខ្សោយកម្លាំង។ តាមមើលទៅ នៅពេលនោះអាប់សាឡំមដែលជាកូនប្រុសគាត់កំពុងព្យាយាមទៅជាស្ដេចជំនួសគាត់។ ដាវីឌឈឺខ្លាំងរហូតដល់គាត់មិនអាចឃាត់អាប់សាឡំមបានទេ។ គាត់បានដឹងថាបញ្ហាដែលក្រុមគ្រួសារគាត់ជួបប្រទះ គឺបណ្ដាលមកពីអំពើខុសឆ្គងរបស់គាត់ជាមួយនឹងបាតសេបា។ (សាំយូអែលទី២ ១២:៧-១៤) ដូច្នេះ តើគាត់បានធ្វើអ្វី? គាត់បានអធិដ្ឋានថា«ព្រះយេហូវ៉ាអើយ សូមអាណិតមេត្ដាដល់ទូលបង្គំផង។ សូមប្រោសព្រលឹងទូលបង្គំឲ្យបានជា ដ្បិតទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយ»។ (ទំនុកតម្កើង ៤១:៤) ដាវីឌបានដឹងថាព្រះយេហូវ៉ាបានអភ័យទោសចំពោះអំពើខុសឆ្គងរបស់គាត់ ហើយគាត់បានពឹងព្រះឲ្យជួយក្នុងអំឡុងពេលគាត់ឈឺ។ ប៉ុន្ដែ តើដាវីឌបានរំពឹងថាព្រះយេហូវ៉ានឹងធ្វើអព្ភូតហេតុមួយឬ?

. () ពេលស្ដេចហេសេគាឈឺ ហើយជិតស្លាប់ តើព្រះយេហូវ៉ាបានធ្វើអ្វី? () តើដាវីឌបានរំពឹងថាព្រះយេហូវ៉ានឹងធ្វើអ្វី?

ពិតមែន ជួនកាលព្រះបានសម្រេចចិត្ដធ្វើឲ្យមនុស្សជាសះស្បើយ។ ជាឧទាហរណ៍ ពេលស្ដេចហេសេគាឈឺ ហើយជិតស្លាប់ ព្រះយេហូវ៉ាបានធ្វើឲ្យគាត់ជាឡើងវិញ។ ហេសេគាបានរស់ទៅទៀតអស់១៥ឆ្នាំ។ (ពង្សាវតារក្សត្រទី២ ២០:១-) រីឯដាវីឌ គាត់មិនបានរំពឹងថាព្រះនឹងធ្វើអព្ភូតហេតុមួយឡើយ។ ផ្ទុយទៅវិញ គាត់បានរំពឹងថាព្រះនឹងជួយគាត់ដូចដែលលោកបានជួយ«អ្នកណាដែលមានអធ្យាស្រ័យដល់ពួកមនុស្សក្រីក្រ»។ ដាវីឌមានចំណងមិត្ដភាពដ៏ល្អជាមួយនឹងព្រះយេហូវ៉ា ហេតុនេះគាត់អាចសុំព្រះយេហូវ៉ាសម្រាលទុក្ខគាត់និងថែរក្សាគាត់ក្នុងអំឡុងពេលគាត់ឈឺ ហើយជួយគាត់ដើម្បីឲ្យគាត់ជាសះស្បើយ។ យើងអាចសុំព្រះយេហូវ៉ាជួយយើងតាមរបៀបដូចគ្នាដែរ។—ទំនុកតម្កើង ១០៣:៣

១០. តើអ្វីបានកើតឡើងដល់ទ្រភីមនិងអេប៉ាប្រូឌីត ហើយតើយើងអាចទាញមេរៀនអ្វី?

១០ នៅសតវត្សរ៍ទី១ មិនមែនគ្រិស្ដសាសនិកទាំងអស់បានជាសះស្បើយដោយអព្ភូតហេតុទេ ទោះជាសាវ័កប៉ូលនិងអ្នកទៀតអាចធ្វើឲ្យមនុស្សឈឺជាឡើងវិញក៏ដោយ។ (សូមអាន សកម្មភាព ១៤:៨-១០) សាវ័កប៉ូលបានធ្វើឲ្យពុករបស់ផឹបភ្លាសដែលឈឺគ្រុនក្ដៅ ហើយមានជំងឺរាកមួលជាឡើងវិញ។ ប៉ូលបាន«អធិដ្ឋាន ហើយដាក់ដៃលើគាត់ធ្វើឲ្យជាសះស្បើយ»។ (សកម្មភាព ២៨:៨) ប៉ុន្ដែ ប៉ូលមិនបានធ្វើឲ្យមនុស្សទាំងអស់ដែលគាត់បានស្គាល់ជាសះស្បើយឡើយ។ ទ្រភីមដែលជាមិត្ដភក្ដិម្នាក់របស់ប៉ូល បានធ្វើដំណើរជាមួយនឹងគាត់ជាសាសនទូត។ (សកម្មភាព ២០:៣-៥, ២២; ២១:២៩) ពេលទ្រភីមឈឺ ប៉ូលមិនបានធ្វើឲ្យគាត់ជាឡើងវិញទេ។ ដូច្នេះ ទ្រភីមត្រូវឈប់ធ្វើដំណើរជាមួយនឹងប៉ូល ហើយស្នាក់នៅក្រុងមីលេតដើម្បីជាសះស្បើយ។ (ធីម៉ូថេទី២ ៤:២០) អេប៉ាប្រូឌីតដែលជាមិត្ដភក្ដិម្នាក់ទៀតរបស់ប៉ូល បានឈឺ ហើយជិតស្លាប់។ ប៉ុន្ដែ គម្ពីរមិនបានចែងថាប៉ូលបានធ្វើឲ្យគាត់ជាឡើងវិញទេ។—ភីលីព ២:២៥-២៧, ៣០

តើអ្នកគួរទទួលយកយោបល់បែបណា?

១១, ១២. តើយើងដឹងអ្វីខ្លះអំពីលូកា ហើយតើគាត់ទំនងជាបានជួយប៉ូលយ៉ាងណា?

១១ លូកាជាគ្រូពេទ្យម្នាក់ ហើយគាត់បានធ្វើដំណើរជាមួយនឹងប៉ូល។ (សកម្មភាព ១៦:១០-១២; ២០:៥, ៦; កូឡុស ៤:១៤) គាត់ទំនងជាបានជួយប៉ូលនិងអ្នកទៀតពេលពួកគេឈឺ កាលដែលពួកគេធ្វើដំណើរជាសាសនទូត។ (កាឡាទី ៤:១៣) ដូចលោកយេស៊ូបានមានប្រសាសន៍ «អ្នកដែលឈឺ»ត្រូវការគ្រូពេទ្យ។—លូកា ៥:៣១

យើងត្រូវប្រុងប្រយ័ត្ន ពេលអ្នកណាម្នាក់ឲ្យយោបល់ដល់យើងស្ដីអំពីសុខភាព

១២ លូកាមិនគ្រាន់តែជាបុគ្គលម្នាក់ដែលចូលចិត្ដឲ្យយោបល់ស្ដីអំពីសុខភាពទេ។ គាត់បានទទួលការបង្ហាត់បង្រៀនជាគ្រូពេទ្យ។ គម្ពីរមិនបានចែងថាគាត់បានទទួលការបង្ហាត់បង្រៀននៅណា ឬនៅពេលណាឡើយ។ ប៉ុន្ដែ គម្ពីរបានចែងថាប៉ូលបានផ្ញើសេចក្ដីនឹករឭកពីលូកាទៅគ្រិស្ដសាសនិកនៅក្រុងកូឡុស។ ដូច្នេះ លូកាប្រហែលជាបានទទួលការបង្ហាត់បង្រៀននៅសាលាវេជ្ជសាស្ដ្រនាក្រុងឡៅឌីសេដែលជាក្រុងមួយនៅជិតក្រុងកូឡុស។ ម្យ៉ាងទៀត ពេលលូកាបានសរសេរសៀវភៅដំណឹងល្អនិងសៀវភៅសកម្មភាព គាត់បានប្រើពាក្យវេជ្ជសាស្ដ្រយ៉ាងចំៗ។ ដោយសារគាត់ជាគ្រូពេទ្យ គាត់បានបញ្ចូលរឿងជាច្រើនអំពីពេលដែលលោកយេស៊ូបានធ្វើឲ្យមនុស្សជាសះស្បើយ។

១៣. តើយើងត្រូវចាំអំពីអ្វី មុននឹងឲ្យទទួលយកយោបល់អំពីសុខភាព?

១៣ សព្វថ្ងៃនេះ គ្មានបងប្អូនយើងណាម្នាក់អាចធ្វើអព្ភូតហេតុនិងធ្វើឲ្យយើងជាសះស្បើយបានឡើយ។ ប៉ុន្ដែដោយសារពួកគាត់ចង់ជួយយើង បងប្អូនខ្លះប្រហែលជាឲ្យយោបល់ដល់យើង សូម្បីតែពេលយើងមិនសុំយោបល់ពីគាត់ក៏ដោយ។ យោបល់ខ្លះមិននាំឲ្យមានបញ្ហាអ្វីទេ។ ជាឧទាហរណ៍ ប៉ូលបានប្រាប់ធីម៉ូថេឲ្យពិសាស្រាបន្ដិចបន្ដួច។ ធីម៉ូថេបានឈឺក្រពះ ប្រហែលជាដោយសារគាត់បានពិសាទឹកមិនស្អាត។ * (សូមមើលកំណត់សម្គាល់) (សូមអាន ធីម៉ូថេទី១ ៥:២៣) ប៉ុន្ដែ យើងត្រូវប្រុងប្រយ័ត្ន។ បងប្អូនម្នាក់ប្រហែលជាព្យាយាមបញ្ចុះបញ្ចូលយើងឲ្យប្រើថ្នាំពេទ្យថ្នាំធម្មជាតិប្រភេទណាមួយ ឬក៏បរិភោគជៀសវាងអាហារខ្លះ។ គាត់ប្រហែលជាប្រាប់យើងថានោះបានជួយបុគ្គលណាម្នាក់ក្នុងក្រុមគ្រួសាររបស់គាត់ដែលមានបញ្ហាស្រដៀងនឹងយើង។ ប៉ុន្ដែ នេះមិនមានន័យថាវានឹងជួយយើងនោះទេ។ យើងត្រូវចាំថា ទោះជាមនុស្សជាច្រើនប្រើថ្នាំវិធីព្យាបាលណាមួយក៏ដោយ វានៅតែអាចបង្កបញ្ហាជាច្រើន។—សូមអាន សុភាសិត ២៧:១២

ចូរគិតពិចារណាឲ្យបានវែងឆ្ងាយ

១៤, ១៥. () តើយើងគួរប្រុងប្រយ័ត្ននឹងមនុស្សបែបណា? () តើយើងអាចទាញយកមេរៀនអ្វីពីសុភាសិត ១៤:១៥?

១៤ យើងទាំងអស់គ្នាចង់មានសុខភាពល្អដើម្បីយើងអាចសប្បាយនឹងជីវិត ព្រមទាំងខំប្រឹងបម្រើព្រះយេហូវ៉ា។ ប៉ុន្ដែ យើងមិនល្អឥតខ្ចោះ ហេតុនេះយើងមិនអាចជៀសផុតពីជំងឺទាំងអស់បានឡើយ។ ពេលយើងឈឺ ប្រហែលជាមានវិធីព្យាបាលផ្សេងៗ ហើយយើងមានសិទ្ធិសម្រេចចិត្ដអំពីអ្វីដែលយើងនឹងទទួលយក។ ប៉ុន្ដែគួរឲ្យស្តាយណាស់ មនុស្សខ្លះក្រុមហ៊ុនខ្លះនិយាយថាពួកគេបានរកឃើញវិធីព្យាបាលដែលនឹងធ្វើឲ្យយើងជាពីជំងឺ។ ពួកគេធ្វើដូច្នេះដោយសារពួកគេចង់បានលុយច្រើន។ ពួកគេប្រហែលជានិយាយថាមនុស្សជាច្រើននាក់បានប្រើវិធីព្យាបាលនោះ ហើយបានស្រួលខ្លួនឡើងវិញ។ ម្យ៉ាងទៀតបើយើងឈឺ យើងប្រហែលជាសុខចិត្ដសាកល្បងអ្វីទាំងអស់ដែលអាចជួយយើងឲ្យស្រួលខ្លួនជាង ហើយរស់បានយូរជាង។ ប៉ុន្ដែ យើងមិនត្រូវភ្លេចឱវាទនៅក្នុងបណ្ដាំរបស់ព្រះដែលថា«មនុស្សឆោតល្ងង់គេជឿគ្រប់ពាក្យទាំងអស់ តែមនុស្សមានគំនិតវាងវៃរមែងមើលផ្លូវខ្លួនដោយប្រយ័ត្ន»។—សុភាសិត ១៤:១៥

យើងត្រូវគិតពិចារណាឲ្យបានវែងឆ្ងាយ ហើយប្រុងប្រយ័ត្នមុននឹងជឿអ្វីមួយ

១៥ បើយើងជាមនុស្សមានគំនិតវាងវៃមានប្រាជ្ញា យើងនឹងប្រុងប្រយ័ត្នមុននឹងជឿអ្វីមួយ ជាពិសេសបើបុគ្គលដែលឲ្យយោបល់ដល់យើងមិនបានទទួលការបង្ហាត់បង្រៀនយ៉ាងត្រឹមត្រូវទេ។ យើងនឹងសួរខ្លួនយើងថា ‹គាត់និយាយថាវីតាមីននេះ ថ្នាំធម្មជាតិនេះ ឬការតមអាហារខ្លះបានជួយអ្នកទៀត ប៉ុន្ដែតើខ្ញុំដឹងប្រាកដថាវាពិតជាបានជួយពួកគេទេ? ទោះជាវាបានជួយអ្នកទៀតក៏ដោយ ម៉េចបានជាខ្ញុំដឹងថាវានឹងជួយខ្ញុំ? តើខ្ញុំគួរស្រាវជាវថែមទៀត ហើយសុំយោបល់ពីបុគ្គលខ្លះដែលបានទទួលការបង្ហាត់បង្រៀនយ៉ាងល្អស្ដីអំពីវិធីព្យាបាលបញ្ហាសុខភាពរបស់ខ្ញុំទេ?›។—ចោទិយកថា ១៧:៦

១៦. តើយើងគួរពិចារណាអំពីអ្វី ពេលយើងធ្វើការសម្រេចចិត្ដអំពីសុខភាពរបស់យើង?

១៦ ពេលយើងសម្រេចចិត្ដថាធ្វើតេស្ដមួយណាទទួលយកវិធីព្យាបាលមួយណា នោះយើងត្រូវមានការ«ដឹងខុសត្រូវ»គិតពិចារណាឲ្យបានវែងឆ្ងាយ។ (ទីតុស ២:១២) នេះគឺសំខាន់ណាស់ បើការធ្វើតេស្ដវិធីព្យាបាលនោះមើលទៅចម្លែក។ តើបុគ្គលដែលយើងពិគ្រោះជំងឺជាមួយអាចពន្យល់អំពីមូលហេតុដែលការធ្វើតេស្ដវិធីព្យាបាលនោះមានប្រសិទ្ធភាពទេ? តើការពន្យល់នោះចម្លែកទេ? តើគ្រូពេទ្យជាច្រើននាក់យល់ស្របថាការធ្វើតេស្ដវិធីព្យាបាលនោះពិតជាអាចជួយធ្វើឲ្យមនុស្សជាសះស្បើយទេ? (សុភាសិត ២២:២៩) ម្យ៉ាងទៀត ឧបមាថាមានអ្នកណាម្នាក់ប្រាប់យើងថាគេបានរកឃើញអ្វីថ្មីមួយនៅកន្លែងណាមួយដែលឆ្ងាយ ហើយថាគ្រូពេទ្យមិនទាន់បានដឹងនៅឡើយទេ។ ប៉ុន្ដែ តើមានភ័ស្ដុតាងដែលបញ្ជាក់ថាមានអ្វីនោះដែលអាចធ្វើឲ្យជាទេ? អ្នកខ្លះប្រហែលជាស្នើព្យាបាលជំងឺរបស់យើងដោយប្រើគ្រឿងផ្សំពិសេសមួយដែលគេមិនប្រាប់យើងប្រើវត្ថុស័ក្ដិសិទ្ធិណាមួយ។ នេះអាចនាំឲ្យមានគ្រោះថ្នាក់ខ្លាំងណាស់។ សូមចាំថាព្រះព្រមានយើងមិនឲ្យប្រើវេទមន្ដ ឬរកគ្រូមន្ដអាគមឡើយ។—លេវីវិន័យ ១៩:២៦; ចោទិយកថា ១៨:១០-១២

«សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ!»

១៧. តើអ្វីជាសេចក្ដីប៉ងប្រាថ្នាធម្មតារបស់យើង?

១៧ គណៈអភិបាលនៅសតវត្សរ៍ទី១បានផ្ញើសំបុត្រមួយទៅបងប្អូនក្នុងក្រុមជំនុំនានាដើម្បីប្រាប់ពួកគាត់អំពីអ្វីមួយចំនួនដែលពួកគាត់ត្រូវជៀសវាង។ នៅទីបញ្ចប់នៃសំបុត្រនោះ គណៈអភិបាលបានសរសេរថា«ប្រសិនបើអ្នករាល់គ្នាជៀសវាងដោយប្រុងប្រយ័ត្នពីការទាំងនេះ នោះអ្នករាល់គ្នានឹងបានសុខសប្បាយ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ!»។ (សកម្មភាព ១៥:២៩) ទោះជាពាក្យប៉ុន្មានម៉ាត់ចុងក្រោយគឺគ្រាន់តែជារបៀបមួយទៀតដើម្បីនិយាយលាគ្នាក្ដី ពាក្យទាំងនោះរំលឹកយើងថាជាការធម្មតាទេដែលយើងចង់មានសុខភាពល្អ។

ទោះជាយើងចង់មានសុខភាពល្អក្ដី យើងផ្ដោតអារម្មណ៍ទៅលើការបម្រើព្រះយេហូវ៉ា (សូមមើលវគ្គ១៧)

១៨, ១៩. នៅពិភពលោកថ្មី តើយើងទន្ទឹងរង់ចាំអ្វី?

១៨ ដោយសារយើងមិនល្អឥតខ្ចោះ យើងមិនអាចជៀសផុតពីជំងឺទាំងអស់បានទេ។ ម្យ៉ាងទៀត ពេលយើងឈឺ យើងមិនរំពឹងថាព្រះយេហូវ៉ានឹងធ្វើអព្ភូតហេតុដើម្បីឲ្យយើងជាសះស្បើយឡើយ។ ប៉ុន្ដែយើងអាចទន្ទឹងរង់ចាំពេលដែលព្រះនឹងធ្វើឲ្យយើងជាសះស្បើយទាំងស្រុងនាអនាគត។ នៅការបើកបង្ហាញ ២២:១, ២ សាវ័កយ៉ូហានបាននិយាយអំពី«ទឹកដែលផ្ដល់ជីវិត»និង«ដើមឈើដែលផ្ដល់ជីវិត»ដែលនឹងធ្វើឲ្យមនុស្សគ្រប់រូបជាសះស្បើយ។ នេះមិនសំដៅលើថ្នាំធម្មជាតិដែលយើងអាចប្រើនៅពេលឥឡូវនេះ ឬនៅពិភពលោកថ្មីដើម្បីធ្វើឲ្យយើងជាពីជំងឺឡើយ។ ផ្ទុយទៅវិញ នេះសំដៅលើអ្វីទាំងអស់ដែលព្រះយេហូវ៉ានិងលោកយេស៊ូនឹងធ្វើដើម្បីឲ្យយើងអាចរស់ជារៀងរហូត។—អេសាយ ៣៥:៥, ៦

១៩ យើងទន្ទឹងរង់ចាំគ្រាដ៏អស្ចារ្យនោះ។ ប៉ុន្ដែឥឡូវនេះ យើងជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់យើងម្នាក់ៗ ហើយលោកយល់អំពីអារម្មណ៍របស់យើងពេលយើងរងទុក្ខ។ ដូចដាវីឌដែរ យើងមានទំនុកចិត្ដថាបើយើងឈឺ ព្រះយេហូវ៉ានឹងមិនបោះបង់យើងចោលឡើយ។ លោកនឹងថែរក្សាជានិច្ចនូវពួកអ្នកដែលស្មោះត្រង់នឹងលោក។—ទំនុកតម្កើង ៤១:១២

^ វគ្គ 13 សៀវភៅមួយចែងថាអ្នកវិទ្យាសាស្ដ្របានរកឃើញថាមេរោគដែលបង្កឲ្យមានជំងឺគ្រុនពោះវៀននិងមេរោគទៀតដែលបង្កគ្រោះថ្នាក់ងាប់ភ្លាមពេលលាយជាមួយនឹងស្រាទំពាំងបាយជូរ (The Origins and Ancient History of Wine)។