គោលសំខាន់ៗពីសៀវភៅវិវរណៈ ផ្នែកទី១
ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅវិវរណៈ ផ្នែកទី១
ពេលជាប់គុកនៅកោះប៉ាត់ម៉ុស សាវ័កយ៉ូហានដែលមានចំណាស់បន្ដិចហើយបានឃើញក្នុងគំនិតនូវព្រឹត្ដិការណ៍១៦យ៉ាង។ គាត់បានឃើញក្នុងគំនិតពីអ្វីដែលព្រះយេហូវ៉ានិងព្រះយេស៊ូនឹងបង្ហើយក្នុងអំឡុងថ្ងៃនៃព្រះអម្ចាស់។ គឺជារយៈពេលដែលចាប់ផ្ដើមពីការស្ថាបនារាជាណាចក្ររបស់ព្រះយេហូវ៉ានៅឆ្នាំ១៩១៤ រហូតដល់ទីបញ្ចប់នៃការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រិស្ត។ សៀវភៅវិវរណៈសរសេរដោយសាវ័កយ៉ូហាន ប្រហែលជានៅឆ្នាំ៩៦ គ.ស. ជាកំណត់ហេតុដែលគួរឲ្យកោតស្ងើចពីការបើកបង្ហាញឲ្យឃើញក្នុងគំនិតនេះ។
សូមពិនិត្យមើលចំណុចសំខាន់ៗដែលមាននៅសៀវភៅវិវរណៈ ១:១–១២:១៧ ពិពណ៌នាពីព្រឹត្ដិការណ៍៧យ៉ាងដែលត្រូវបានបើកបង្ហាញឲ្យយ៉ូហានឃើញក្នុងគំនិត។ ព្រឹត្ដិការណ៍ដែលបានបើកបង្ហាញឲ្យឃើញក្នុងគំនិតទាំងនេះ គឺដើម្បីជាប្រយោជន៍ដល់យើង ពីព្រោះជាប់ទាក់ទងនឹងអ្វីដែលកំពុងកើតឡើងនៅក្នុងពិភពលោកនេះ ហើយបង្ហាញពីរបៀបដែលព្រះយេហូវ៉ានឹងចាត់វិធានការនៅពេលឆាប់ៗខាងមុខនេះដែរ។ កំណត់ហេតុស្តីអំពីព្រឹត្ដិការណ៍ដែលបានបើកបង្ហាញឲ្យឃើញក្នុងគំនិតទាំងនេះ ប្រាកដជានឹងជួយសម្រាលទុក្ខ ព្រមទាំងលើកទឹកចិត្តដល់អស់អ្នកដែលអានដោយមានចិត្តជឿ។—ហេ. ៤:១២
«កូនចៀម»បកត្រា៦ក្នុងចំណោមត្រាទាំង៧
ដំបូងយ៉ូហានឃើញព្រះយេស៊ូគ្រិស្តដែលត្រូវបានតម្កើងឡើង ហើយទទួលសារមួយចំនួនដែលត្រូវបានបង្គាប់ឲ្យគាត់‹សរសេរក្នុងរមូរមួយ ហើយផ្ញើទៅក្រុមជំនុំទាំងប្រាំពីរ›។ (វិវរ. ១:១០, ១១) គាត់បានឃើញក្នុងគំនិតពីបល្ល័ង្ក ហើយពីស្ថានភាពនៅជុំវិញបល្ល័ង្កស្ថានសួគ៌។ នៅក្នុងដៃស្ដាំនៃមួយអង្គដែលគង់លើបល្ល័ង្កមានរមូរមួយដែលមានបិទត្រា៧។ មួយអង្គដែល«គួរនឹង . . . បើកក្រាំងនោះ» គ្មាននរណាក្រៅពី«សត្វសិង្ហដែលកើតពីពូជអំបូរយូដា» ឬ«កូនចៀម១ . . . មានទាំងស្នែង៧ នឹងភ្នែក៧»ទេ។—វិវរ. ៤:២; ៥:១, ២, ៥, ៦
ការបើកបង្ហាញឲ្យឃើញក្នុងគំនិតទី៣បង្ហាញពីអ្វីដែលនឹងកើតឡើងពេលដែល«កូនចៀម»បកម្ដងមួយៗត្រា៦ដំបូង។ បកដល់ត្រាទី៦ ដីក៏រញ្ជួយយ៉ាងខ្លាំង ហើយថ្ងៃដ៏ធំនៃកំហឹងរបស់លោកទាំងពីរបានមកដល់។ (វិវរ. ៦:១, ១២, ១៧; ព.ថ.) ក៏ប៉ុន្តែ ការបើកបង្ហាញឲ្យឃើញក្នុងគំនិតជាបន្ទាប់បង្ហាញពី«ទេវតា៤រូប ឈរនៅជ្រុងផែនដីទាំង៤ ទាំងទប់ខ្យល់នៅផែនដី»រហូតដល់អ្នករើសតាំងបានបង្គ្រប់ជាស្ថាពរចំនួន១៤៤.០០០នាក់។ «មនុស្ស១ហ្វូងយ៉ាងធំ»ក្រៅពីពួកអ្នករើសតាំង«ឈរនៅមុខបល្ល័ង្ក នឹងកូនចៀម»។—វិវរ. ៧:១, ៩
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១:៤; ៣:១; ៤:៥; ៥:៦—តើពាក្យ«វិញ្ញាណទាំង៧»គូសបញ្ជាក់អំពីអ្វី? លេខ៧ បញ្ជាក់ពីភាពពេញលេញតាមខ្នាតតម្រារបស់ព្រះ។ ដូច្នេះ សារផ្ញើជូនទៅ«ពួកជំនុំទាំង៧»សំខាន់បំផុតគឺសំដៅទៅរាស្ត្ររបស់ព្រះយេហូវ៉ាទាំងអស់ ដែលបានជួបជុំគ្នាទៅតាមពួកជំនុំ ដែលមានចំនួនជាង១០០.០០០ក្រុមជំនុំនៅទូទាំងផែនដី។ (វិវរ. ១:១១, ២០) ដោយហេតុថា ព្រះយេហូវ៉ាប្រទានសកម្មពលបរិសុទ្ធ ដើម្បីនឹងទៅធ្វើកិច្ចការអ្វីដែលទ្រង់ចង់ឲ្យសម្រេច។ ដូចនេះពាក្យ«វិញ្ញាណទាំង៧»ចង្អុលប្រាប់ពីភាពពេញលេញដែលសកម្មពលរបស់ព្រះជួយឲ្យមានគំនិតយល់ឆ្លុះជ្រៅ និងនាំមកនូវពរដល់អស់អ្នកដែលយកចិត្តទុកដាក់ស្ដាប់ទំនាយ។ សៀវភៅវិវរណៈទំនងជាមានទម្រង់ទៅតាមគម្រោងស្តីពីការពិភាក្សាដែលមានគំនិត៧ប្លែកៗគ្នាជាបន្តបន្ទាប់។ លេខ៧ នៅទីនេះតំណាងភាពពេញលេញ ហើយដោយឥតស្រពេចស្រពឹល«សេចក្ដីអាថ៌កំបាំង[«ដ៏ពិសិដ្ឋ»]នៃព្រះ»នឹង«បានសំរេច»ឬឈានមកដល់ទីបញ្ចប់។—វិវរ. ១០:៧; ព.ថ.
១:៨, ១៧—តើឋានន្តរ«ជាអាលផា នឹងជាអូមេកា»និង«ជាដើម ហើយជាចុង»សំដៅទៅនរណា? ឋានន្តរ«ជាអាលផា នឹងជាអូមេកា»សមនឹងព្រះយេហូវ៉ាបំផុត ហើយក៏បញ្ជាក់ថាគ្មានព្រះណាទៀតដែលមានអំណាចខ្លាំងក្លាបំផុតមុននិងក្រោយទ្រង់ឡើយ។ ទ្រង់«ជាដើម ហើយជាចុង»ផង។ (វិវរ. ២១:៦; ២២:១៣) ថ្វីបើនៅវិវរណៈ ២២:១៣ ព្រះយេហូវ៉ា«ជាដើម ហើយជាចុង»ផង នោះមានន័យថាគ្មាននរណាមុនទ្រង់ និងក្រោយពីទ្រង់ក៏គ្មាននរណាដែរ។ ប៉ុន្តែ យោងទៅតាមបរិបទនៃជំពូកទី១នៅសៀវភៅវិវរណៈបង្ហាញថាឋានន្តរ«ជាដើម ហើយជាចុង»សំដៅទៅព្រះយេស៊ូគ្រិស្តវិញ។ ទ្រង់ជាមនុស្សទី១ដែលត្រូវបានប្រោសជាបុគ្គលវិញ្ញាណដែលមានជីវិតអមតៈ និងជាមនុស្សចុងក្រោយបំផុតដែលព្រះយេហូវ៉ាបានប្រោសឲ្យមានជីវិតបែបនេះដោយអង្គទ្រង់ផ្ទាល់។—កូល. ១:១៨
២:៧—តើអ្វីជា«ស្ថានបរមសុខរបស់ព្រះ»? ដោយហេតុថា ពាក្យទាំងនេះត្រូវបានសរសេរសម្រាប់ពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ ស្ថានបរមសុខនៅទីនេះសំដៅទៅវិស័យខាងស្ថានសួគ៌ ជាកន្លែងដែលព្រះយេហូវ៉ាមានវត្តមាន។ ពួកអ្នករើសតាំងដែលស្មោះត្រង់នឹងបានបរិភោគ«ផ្លែរបស់ដើមជីវិត» ជាពរដែលមកពីព្រះ។ ពួកគាត់នឹងទទួលអមតភាពឬភាពមិនចេះស្លាប់។—១កូ. ១៥:៥៣
៣:៧—តើព្រះយេស៊ូទទួល«កូនសោរបស់ហ្លួងដាវីឌ»នៅពេលណា? ហើយតើទ្រង់បានប្រើកូនសោនោះយ៉ាងដូចម្ដេច? ព្រះយេស៊ូត្រូវបានតែងតាំងឲ្យឡើងសោយរាជ្យតាមតំណវង្សត្រកូលរបស់ដាវីឌ ពេលទ្រង់ទទួលការជ្រមុជទឹកនៅឆ្នាំ២៩ គ.ស.។ យ៉ាងណាក៏ដោយ រហូតដល់ឆ្នាំ៣៣ គ.ស. ទើបព្រះយេស៊ូបានទទួលកូនសោរបស់ហ្លួងដាវីឌ ពេលដែលទ្រង់ត្រូវបានលើកតម្កើងឲ្យនៅខាងស្ដាំព្រះយេហូវ៉ានៅឯស្ថានសួគ៌។ នៅទីនោះទ្រង់បានទទួលសិទ្ធិទាំងអស់នៃរាជាណាចក្រយូដា ដែលធ្លាប់តែមានកូនចៅរបស់ដាវីឌគ្រប់គ្រង។ ចាប់ពីពេលនោះមក ព្រះយេស៊ូប្រើកូនសោដើម្បីបើកឱកាសឲ្យអ្នកបម្រើរបស់ទ្រង់ បានរួមចំណែកកាន់តែច្រើនក្នុងកិច្ចការដែលទាក់ទងនឹងរាជាណាចក្ររបស់ព្រះ។ នៅឆ្នាំ១៩១៩ ព្រះយេស៊ូបានយក«កូនសោនៃវង្សដាវីឌ»ដាក់លើស្មាក្រុម«អ្នកបំរើស្មោះត្រង់» ដោយតាំងក្រុមអ្នកបម្រើនោះឲ្យត្រួត«លើរបស់ទ្រព្យលោកទាំងអស់»។—អេសា. ២២:២២; ម៉ាថ. ២៤:៤៥, ៤៧
៣:១២—តើ«ឈ្មោះថ្មី»របស់ព្រះយេស៊ូជាអ្វី? ឈ្មោះនេះទាក់ទងនឹងមុខតំណែងថ្មី ព្រមទាំងឯកសិទ្ធិផ្សេងៗរបស់ព្រះយេស៊ូ។ (ភី. ២:៩-១១) ក្នុងខណៈដែលគ្មាននរណាម្នាក់ស្គាល់ឈ្មោះថ្មីនោះដូចព្រះយេស៊ូស្គាល់ ព្រះយេស៊ូកត់ទុកលើសិរសាបងប្អូនស្មោះត្រង់របស់ទ្រង់នៅស្ថានសួគ៌ ដើម្បីឲ្យពួកគាត់អាចមានចំណងមេត្រីភាពជិតស្និទ្ធជាមួយទ្រង់។ ព្រះយេស៊ូថែមទាំងផ្ដល់ភារកិច្ចដល់ពួកគាត់ទៀតផង។
មេរៀនសម្រាប់យើង:
១:៣: ដ្បិត«ឯពេលវេលា[នៃសេចក្ដីវិនិច្ឆ័យរបស់ព្រះទៅលើរបៀបរបបរបស់សាតាំង]នោះជិតដល់ហើយ» គឺមានសេចក្ដីត្រូវការជាបន្ទាន់ដើម្បីយល់សារដែលមាននៅក្នុងសៀវភៅវិវរណៈ ហើយប្រព្រឹត្តឲ្យសមស្របផង។
៣:១៧, ១៨: ដើម្បីក្លាយទៅជាអ្នកមានក្នុងកិច្ចបម្រើពិសិដ្ឋ យើងត្រូវតែទិញ«មាសដែលសំរងក្នុងភ្លើង»ពីព្រះយេស៊ូ។ នេះបានន័យថាយើងត្រូវតែខំព្យាយាមធ្វើកិច្ចការល្អជាបរិបូរ។ (១ធី. ៦:១៧-១៩) យើងក៏ត្រូវការស្លៀក«សំលៀកបំពាក់ស»ដែលប្រកាសពីអត្តសញ្ញាណរបស់យើង ជាអ្នកកាន់តាមព្រះគ្រិស្ត ហើយយក«ថ្នាំលាបភ្នែក»ដែលជាពាក្យទូន្មានដែលបានបោះពុម្ពក្នុងទស្សនាវដ្ដីប៉មយាម ដើម្បីបង្កើនសមត្ថភាពវែកញែកស្តីពីកិច្ចបម្រើពិសិដ្ឋនោះ។—វិវរ. ១៩:៨
៧:១៣, ១៤: អ្នកចាស់ទុំទាំង២៤តំណាងពួក១៤៤.០០០នាក់ដែលប្រកបដោយសិរីរុងរឿងនៃស្ថានសួគ៌ ជាកន្លែងដែលពួកគាត់បម្រើមិនគ្រាន់តែជាស្តេច តែជាសង្ឃផងដែរ។ ពួកគាត់ត្រូវបានតំណាងដោយពួកសង្ឃសាសន៍អ៊ីស្រាអែលនៅសម័យបុរាណ ដែលស្តេចដាវីឌចែកចេញជា២៤ផ្នែកនៅសម័យគាត់។ អ្នកចាស់ទុំម្នាក់បើកសម្ដែងឲ្យយ៉ូហានស្គាល់អត្តសញ្ញាណរបស់មនុស្ស១ហ្វូងយ៉ាងធំ។ ដូច្នេះហើយ ដំណើររស់ឡើងវិញនៃពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ត្រូវតែចាប់ផ្ដើមមុនឆ្នាំ១៩៣៥។ ហេតុអ្វីក៏ត្រូវបានសន្មតដូច្នេះ? ពីព្រោះ នៅឆ្នាំនោះឯងដែលអ្នករើសតាំងនៅផែនដីបានស្គាល់អត្តសញ្ញាណត្រឹមត្រូវរបស់មនុស្ស១ហ្វូងយ៉ាងធំ។—លូ. ២២:២៨-៣០; វិវរ. ៤:៤; ៧:៩
ការបកត្រាទី៧ នាំទៅដល់ស្នូរត្រែទាំង៧
កូនចៀមបកត្រាទី៧។ ទេវតា៧រូបទទួលត្រែ៧។ ទេវតា៦នាក់ចាប់ផ្លុំត្រែដើម្បីប្រកាសសារវិនិច្ឆ័យទោសពិភពគ្រិស្តសាសនាដែលស្មើនឹង«១ភាគក្នុង៣»នៃមនុស្សជាតិ។ (វិវរ. ៨:១, ២, ៧-១២; ៩:១៥, ១៨) នោះគឺជាព្រឹត្ដិការណ៍ទី៥ដែលយ៉ូហានបានឃើញក្នុងគំនិត។ រួមចំណែកក្នុងការបើកបង្ហាញឲ្យឃើញក្នុងគំនិតជាបន្ទាប់ យ៉ូហានក៏យករមូរមកទទួលទានហើយចាប់វាស់ព្រះវិហារនៃព្រះ។ បន្ទាប់ពីត្រែទី៧ផ្លុំឡើង សំឡេងជាច្រើនបន្លឺយ៉ាងខ្លាំងថា៖ «នគរទាំងប៉ុន្មាននៅលោកីយ បានត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើងរាល់គ្នា នឹងជារបស់ផងព្រះគ្រីស្ទនៃទ្រង់ហើយ»។—វិវរ. ១០:១០; ១១:១, ១៥
វិវរណៈ ១១:១៥, ១៧។ មានទីសម្គាល់យ៉ាងធំមួយនៅលើមេឃ។ ស្ត្រីស្ថានសួគ៌បង្កើតបានកូនមួយ ជាកូនប្រុស។ មេកំណាចត្រូវបានបោះទម្លាក់ចេញពីស្ថានសួគ៌។ ដោយខឹងនឹងស្ត្រីនោះ មេកំណាចក៏«ចេញទៅច្បាំងនឹងសំណល់ពូជនាងទាំងប៉ុន្មាន»។—វិវរ. ១២:១, ៥, ៩, ១៧
ការបើកបង្ហាញឲ្យឃើញក្នុងគំនិតទី៧បានធ្វើឲ្យយើងយល់កាន់តែច្បាស់ពីអ្វីដែលបានចែងនៅចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
៨:១-៥—ហេតុអ្វីបានជានៅស្ថានសួគ៌ទៅជាស្ងាត់ច្រៀប? ហើយកើតមានសំឡេងអ្វីនិយាយទៅផែនដី? ភាពស្ងាត់ច្រៀបជាន័យធៀបដែលបានកើតឡើងនៅស្ថានសួគ៌ គឺដើម្បីឲ្យបានឮ«សេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ»ពីផែនដី។ នេះគឺនៅគ្រាបញ្ចប់នៃសង្គ្រាមលោកទី១។ ពួកអ្នករើសតាំងមិនបានឡើងទៅស្ថានសួគ៌នៅទីបញ្ចប់នៃគ្រារបស់សាសន៍ដទៃ ដូចភាគច្រើនសង្ឃឹមនោះឡើយ។ ពេលមានសង្គ្រាមពួកគាត់បានឆ្លងកាត់គ្រាលំបាកលំបិនណាស់។ ដូច្នេះ ឥឡូវនេះពួកគាត់នាំគ្នាអធិដ្ឋានយ៉ាងអស់ពីចិត្តសុំការណែនាំពីព្រះ។ ក្នុងការឆ្លើយតបសេចក្ដីអធិដ្ឋានរបស់ពួកគាត់ ទេវតាមួយរូបបានគ្រវែងភ្លើងជាន័យធៀបមកផែនដី ដើម្បីជម្រុលចិត្តគ្រិស្តសាសនិករើសតាំងឲ្យបង្កើនសកម្មភាពខាងកិច្ចបម្រើព្រះឲ្យបានកាន់តែច្រើនថែមទៀត។ ទោះជាមានចំនួនតិចក្ដី ពួកគាត់បានចាប់ផ្ដើមធ្វើកិច្ចបម្រើផ្សាយនៅទូទាំងពិភពលោក ដែលនាំឲ្យរាជាណាចក្ររបស់ព្រះក្លាយជាចំណោទដ៏សំខាន់មួយ ប្រៀបដូចជាបង្កាត់ភ្លើងក្នុងពិភពគ្រិស្តសាសនា។ សេចក្ដីព្រមានដែលមានមូលដ្ឋានពីគម្ពីរដែលខ្លាំងដូចសំឡេងផ្គរលាន់ចាប់ផ្ដើមហើយ សេចក្ដីពិតក្នុងគម្ពីរត្រូវបានស្គាល់ រីឯវិស័យខាងសាសនាមិនពិតត្រូវបានអង្រួនឲ្យរង្គើរហូតដល់គ្រឹះ ដូចគ្នានឹងអគារធំៗដែលត្រូវរង្គោះរង្គើដោយដីរញ្ជួយដែរ។
៨:៦-១២; ៩:១, ១៣; ១១:១៥—តើពេលណាទើបទេវតាទាំង៧រូបត្រៀមផ្លុំត្រែ? តើពេលណាអាចឮសំឡេងត្រែ? ហើយយ៉ាងដូចម្ដេច? ការត្រៀមផ្លុំត្រែទាំង៧ រួមទាំងការណែនាំដើម្បីឲ្យគ្រិស្តសាសនិករើសតាំងដែលនៅសល់នៅផែនដីមានសកម្មភាពឡើងវិញ គឺចាប់ពីឆ្នាំ១៩១៩ដល់១៩២២។ អ្នករើសតាំងទាំងនោះចាប់ផ្ដើមជាប់រវល់ក្នុងការរៀបចំឡើងវិញនូវកិច្ចបម្រើសាធារណៈ និងបណ្ដុះឲ្យមានភាពប៉ិនប្រសប់ក្នុងការផ្សព្វផ្សាយផង។ (វិវរ. ១២:១៣, ១៤) ការផ្លុំត្រែ តំណាងការប្រកាសដោយឥតភ័យខ្លាច ពីសេចក្ដីវិនិច្ឆ័យរបស់ព្រះយេហូវ៉ាទៅលើពិភពលោករបស់សាតាំង ដោយរាស្ត្ររបស់ព្រះដែលមានជំនួយពីពពួកទេវតា។ នេះបានចាប់ផ្ដើមតាំងពីឆ្នាំ១៩២២ នៅមហាសន្និបាតនាតំបន់ស៊ីដឺផូញ រដ្ឋអូហៃយ៉ូ រហូតទៅដល់គ្រាវេទនាយ៉ាងធំ។
៨:១៣; ៩:១២; ១១:១៤—តើក្នុងន័យអ្វីដែលសូរត្រែបីចុងក្រោយឮថា «វេទនា»ទៅវិញ? សូរត្រែបួនដំបូងប្រកាសពីស្ថានភាពដែលប្រៀបដូចជាស្លាប់ស្តីអំពីចំណងមេត្រីភាពជាមួយព្រះរបស់ពិភពគ្រិស្តសាសនា បីចុងក្រោយជាសេចក្ដីវេទនាដែលត្រូវចាត់ការយោងទៅតាមព្រឹត្ដិការណ៍ច្បាស់លាស់នានា។ សូរត្រែទី៥ជាប់ទាក់ទងនឹងការរំដោះរាស្ត្ររបស់ព្រះពី«ជង្ហុកធំ» ដើម្បីឲ្យមានសកម្មភាពឡើងវិញនៅឆ្នាំ១៩១៩ និងបំពេញកិច្ចការផ្សព្វផ្សាយដោយឥតឈប់ឈរដែលហាក់ដូចជាការធ្វើទុក្ខបុកម្នេញដល់ពិភពគ្រិស្តសាសនា។ (វិវរ. ៩:១) សូរត្រែទី៦គឺស្តីអំពីកងពលសេះដ៏ធំបំផុតក្នុងប្រវត្ដិសាស្ត្រ ហើយការផ្សព្វផ្សាយនៅទូទាំងពិភពលោកដែលបានចាប់ផ្ដើមនៅឆ្នាំ១៩២២។ សូរត្រែចុងក្រោយបង្អស់ទាក់ទងនឹងការតាំងឡើងនៃរាជាណាចក្រនៃព្រះមេស្ស៊ី។
មេរៀនសម្រាប់យើង:
៩:១០, ១៩: សេចក្ដីដែលបានចែងនៅក្នុងសៀវភៅផ្សេងៗនៃ«អ្នកបំរើស្មោះត្រង់»ដែលមានមូលដ្ឋានលើគម្ពីរយ៉ាងជាក់ច្បាស់ ក៏មានសារដែលប្រកាសអំពីសេចក្ដីវិនិច្ឆ័យទោសផង។ (ម៉ាថ. ២៤:៤៥) សារនេះប្រៀបដូចជាកន្ទុយកណ្ដូបដែលមាន«ទ្រនិចដូចជាខ្យាដំរី» ហើយសេះជាកងពល ពួកសេះទាំងនោះមាន«កន្ទុយ . . . ដូចជាពស់»។ ហេតុអ្វី? ពីព្រោះសៀវភៅទាំងនេះព្រមាន«ពីថ្ងៃដែលព្រះ[យេហូវ៉ា] . . . សងសឹក»។ (អេសា. ៦១:២) ចូរយើងមានចិត្តក្លាហាន និងខ្នះខ្នែងក្នុងការចែកចាយសៀវភៅទាំងនោះ។
៩:២០, ២១: មនុស្សរាបសាជាច្រើននាក់ដែលរស់នៅក្នុងជាតិសាសន៍ដែលមិនមែនជាគ្រិស្តសាសនាព្រមទទួលយកសារដែលពួកយើងផ្សព្វផ្សាយ។ យ៉ាងណាក៏ដោយ យើងមិនគិតថាមនុស្សជាច្រើនដែលស្ថិតនៅខាងក្រៅវិស័យគ្រិស្តសាសនិកនឹងប្ដូរសាសនា ដែលសំដៅទៅដូចជា«សំណល់មនុស្ស»ទេ។ ប៉ុន្តែ យើងនៅតែខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ។
១២:១៥, ១៦: «ផែនដី» វត្ថុធាតុក្នុងរបៀបរបបរបស់សាតាំង ឬអ្នកដែលមានអំណាចគ្រប់គ្រងនៅប្រទេសផ្សេងៗ គាំទ្រសេរីភាពក្នុងការថ្វាយបង្គំ។ ចាប់ផ្ដើមពីឆ្នាំ១៩៤០អំណាចទាំងនោះ«លេបទន្លេ[ការធ្វើទុក្ខបុកម្នេញ] ដែលនាគព្រួសចេញពីមាត់វាទៅបាត់»។ ពិតហើយ បើព្រះយេហូវ៉ាចង់ធ្វើដូច្នេះមែន ទ្រង់អាចបណ្ដាលឲ្យពួកអាជ្ញាធរសម្រេចទៅតាមបំណងប្រាថ្នារបស់ទ្រង់បាន។ ដូច្នេះហើយ ជាការសមរម្យដែលសុភាសិត ២១:១ ចែងថា៖ «ព្រះទ័យនៃស្តេច នោះនៅក្នុងព្រះហស្តព្រះយេហូវ៉ា ដូចជាផ្លូវនៃទឹកហូរទាំងឡាយ ទ្រង់ឲ្យបែរហូរទៅខាងណាក៏តាមតែព្រះហឫទ័យ»។ នេះគួរតែពង្រឹងជំនឿរបស់យើងទៅលើព្រះ មែនទេ?