លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរមានអំណរក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្ស

ចូរមានអំណរក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្ស

ចូរ​មាន​អំណរ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស

​«ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស»​ចុះ!—ម៉ាថ. ២៨:១៩

១​-​៣​. (ក) តើ​បង​ប្អូន​គ្រិស្ត​សាសនិក​ជា​ច្រើន​នាក់​មាន​អារម្មណ៍​យ៉ាង​ណា​ស្តី​អំពី​ការ​បង្រៀន​សិស្ស​គម្ពីរ? (ខ) តើ​យើង​នឹង​ពិភាក្សា​សំណួរ​អ្វី​ខ្លះ?

បង​ស្រី​ម្នាក់​ដែល​កំពុង​បម្រើ​ក្នុង​ក្រុម​ភាសា​ហិណ្ឌី​នៅ​សហរដ្ឋអាម៉េរិក​បាន​សរសេរ​ថា​៖ «ខ្ញុំ​បាន​បង្រៀន​គម្ពីរ​ដល់​ក្រុម​គ្រួសារ​មួយ​ដែល​មក​ពី​ប្រទេស​ប៉ាគីស្ថាន អស់​រយៈ​ពេល​១១​សប្ដាហ៍​កន្លង​មក​ហើយ។ យើង​បាន​ក្លាយ​ទៅ​ជា​មិត្ត​ភក្ដិ ហើយ​កាល​គិត​អំពី​ពេល​ក្រុម​គ្រួសារ​នេះ​នឹង​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ​ក្នុង​ពេល​ឆាប់ៗ នោះ​នាំ​ឲ្យ​ខ្ញុំ​យំ។ ខ្ញុំ​យំ​ដោយ​សារ​មិន​អាច​សេពគប់​ជា​មួយ​ពួក​គាត់​ត​ទៅ​ទៀត មិន​ត្រឹម​តែ​ប៉ុណ្ណោះ គឺ​ដោយ​សារ​ខ្ញុំ​មាន​អំណរ​ពេល​បង្រៀន​ពួក​គាត់​អំពី​ព្រះ​យេហូវ៉ា»។

តើ​អ្នក​ធ្លាប់​មាន​អំណរ​ដែល​មក​ពី​ការ​បង្រៀន​គម្ពីរ​ដល់​អ្នក​ដទៃ​ដូច​បង​ស្រី​នេះ​ទេ? ព្រះ​យេស៊ូ​និង​សិស្ស​របស់​ទ្រង់​នៅ​សតវត្សរ៍​ទី​១ មាន​អំណរ​ខ្លាំង​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស។ ពេល​សិស្ស​៧០​នាក់​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន​ត្រឡប់​មក​ពី​ផ្សព្វ​ផ្សាយ​វិញ​ដោយ​រីករាយ នោះ​ព្រះ​យេស៊ូ​អង្គ​ទ្រង់​ផ្ទាល់​បាន​«រីករាយ​ដោយ​ព្រះ​វិញ្ញាណ»។ (លូ. ១០:១៧​-​២១) ស្រ​ដៀង​គ្នា​ដែរ បង​ប្អូន​គ្រិស្ត​សាសនិក​ជា​ច្រើន​មាន​អំណរ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស។ តាម​ពិត នៅ​ឆ្នាំ​២០០៧ អ្នក​ផ្សាយ​ដែល​ខំ​ប្រឹង​ធ្វើ​ការ​ដោយ​រីករាយ​បាន​បង្រៀន​សិស្ស​គម្ពីរ ប្រាំមួយ​លាន​ប្រាំ​សែន​នាក់​រៀង​រាល់​ខែ​ជា​មធ្យម!

ប៉ុន្តែ អ្នក​ផ្សាយ​ខ្លះ​មិន​ទាន់​បាន​បង្រៀន​គម្ពីរ​ដល់​អ្នក​ដទៃ​ទេ។ អ្នក​ផ្សាយ​ឯ​ទៀត មិន​បាន​បង្រៀន​សិស្ស​គម្ពីរ​យូរ​ឆ្នាំ​មក​ហើយ។ តើ​យើង​អាច​ជួប​ប្រទះ​ការ​ពិបាក​ណាខ្លះ​ក្នុង​ការ​បង្រៀន​សិស្ស​គម្ពីរ? តើ​យើង​អាច​យក​ឈ្នះ​លើ​ការ​ពិបាក​ទាំង​នោះ​យ៉ាង​ដូច​ម្ដេច? កាល​ដែល​យើង​ខំ​អស់ពី​សមត្ថភាព​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេស៊ូ​ដែល​ថា​៖ «ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស» តើ​យើង​នឹង​ទទួល​រង្វាន់​អ្វី​ខ្លះ?—ម៉ាថ. ២៨:១៩

ការ​ពិបាក​ខ្លះៗ​ដែល​អាច​នាំ​ឲ្យ​យើង​លែង​មាន​អំណរ

៤, ៥​. (ក) នៅ​ប្រទេស​ខ្លះ តើ​មនុស្ស​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង? (ខ) នៅ​កន្លែង​ផ្សេង តើ​អ្នក​ផ្សាយ​មាន​ការ​ពិបាក​អ្វី​ខ្លះ?

នៅ​ប្រទេស​ខ្លះ មនុស្ស​ចង់​បាន​សៀវភៅ​ហើយ​ចង់​រៀន​គម្ពីរ​ជា​មួយ​យើង​ខ្លាំង​ណាស់។ គូ​ស្វាមីភរិយា​ពី​ប្រទេស​អូស្ដ្រាលី ដែល​កំពុង​បម្រើ​ជា​បណ្ដោះ​អាសន្ន​នៅ​ប្រទេស​សំប៊ី​បាន​សរសេរ​ថា​៖ «ជា​រឿង​ពិត​មែន​ណា៎​បង​ប្អូន! ការ​ផ្សព្វ​ផ្សាយ​ក្នុង​ប្រទេស​សំប៊ី​គឺ​ល្អ​ណាស់។ ការ​ផ្សព្វ​ផ្សាយ​តាម​ផ្លូវ​គឺ​អស្ចារ្យ​ណាស់! ព្រោះ​មនុស្ស​មក​ជួប​យើង ហើយ​អ្នក​ខ្លះ​ក៏​សុំ​ទស្សនាវដ្ដី​ចំ​តាម​ថ្ងៃ​ខែ​ដែល​បាន​បោះពុម្ព​ផង»។ នៅ​ឆ្នាំ​២០០៧ បង​ប្អូន​ប្រុស​ស្រី​នៅ​ប្រទេស​សំប៊ី​បាន​បង្រៀន​សិស្ស​គម្ពីរ​ជាង​ពីរ​សែន​នាក់ ហើយ​បើ​គិត​ជា​មធ្យម នេះ​បាន​ន័យ​ថា​អ្នក​ផ្សាយ​រៀងៗ​ខ្លួន​មាន​សិស្ស​គម្ពីរ​យ៉ាង​ហោច​ណាស់​ម្នាក់។

ក៏​ប៉ុន្តែ នៅ​កន្លែង​ផ្សេង​ទៀត អ្នក​ផ្សាយ​ប្រហែលជា​ពិបាក​ជូន​សៀវភៅ​និង​បង្រៀន​សិស្ស​គម្ពីរ​យ៉ាង​ទៀង​ទាត់។ ហេតុ​អ្វី​ពិបាក​ម្ល៉េះ? ជា​ញយ​ដង ពេល​បង​ប្អូន​យើង​ទៅ​ផ្សាយ មនុស្ស​មិន​នៅ​ផ្ទះ ហើយ​ពេល​ជួប​ម្ចាស់​ផ្ទះ ពួក​គេ​ប្រហែលជា​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​រឿង​សាសនា។ ពួក​គេ​ប្រហែលជា​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដែល​មិន​ចាប់​អារម្មណ៍​នឹង​សាសនា ឬ​ក៏​ប្រហែលជា​ស្អប់ខ្ពើម​ការ​លាក់​ពុត​ដែល​មាន​ក្នុង​សាសនា​មិន​ពិត។ មនុស្ស​ជា​ច្រើន​ប្រហែលជា​ល្វើយ និង​ខ្ចាត់​ខ្ចាយ​ដោយ​គង្វាល​ក្លែង​ក្លាយ។ (ម៉ាថ. ៩:៣៦) ជា​ការ​គួរ​ឲ្យ​យល់​មែន ដែល​មនុស្ស​បែប​នោះ​ប្រហែលជា​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ពិភាក្សា​អំពី​គម្ពីរ។

៦​. តើ​បង​ប្អូន​ខ្លះ​ប្រហែលជា​មាន​ការ​ពិបាក​អ្វី​ខ្លះ​ដែល​ដាក់​កម្រិត​លើ​ខ្លួន?

អ្នក​ផ្សាយ​ដ៏​ស្មោះ​ត្រង់​ខ្លះ​មាន​ការ​ពិបាក​ផ្សេង​ដែល​អាច​នាំ​ឲ្យ​ពួក​គាត់​លែង​មាន​អំណរ។ ទោះ​បើ​ពួក​គាត់​មាន​សកម្មភាព​ជា​ច្រើន​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​ពី​មុន​ក៏​ពិត​មែន តែ​ឥឡូវ​ត្រូវ​បាន​រារាំង​ដោយ​សុខភាព​មិន​ល្អ ឬ​ភាព​ចាស់​ជរា​ដែល​បាន​ដាក់​កម្រិត​លើ​ពួក​គាត់។ ណា​មួយ​ទៀត សូម​គិត​អំពី​ការ​ពិបាក​ខ្លះៗ​ដែល​ប្រហែលជា​យើង​បាន​ដាក់​កម្រិត​លើ​ខ្លួន​ឯង។ ជា​ឧទាហរណ៍ តើ​អ្នក​មាន​អារម្មណ៍​ថា ខ្លួន​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​បង្រៀន​សិស្ស​គម្ពីរ​ឬ​ទេ? ប្រហែលជា​អ្នក​មាន​អារម្មណ៍​ដូច​ម៉ូសេ​ពេល​ព្រះ​យេហូវ៉ា​ចាត់​គាត់​ឲ្យ​ទៅ​និយាយ​ជា​មួយ​ផារ៉ោន។ ម៉ូសេ​និយាយ​ថា​៖ «ឱ​ព្រះ​អម្ចាស់​អើយ ទូល​បង្គំ​ជា​អ្នក​មិន​សូវ​មាន​វោហារ​ទេ គឺ​តាំង​តែ​ពី​ដើម​រៀង​មក ហើយ​ឥឡូវ​នេះ»។ (និក្ខ. ៤:​១០) អារម្មណ៍​ថា​ខ្លួន​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់​ជាប់​ទាក់​ទង​នឹង​ការ​ខ្លាច​បរាជ័យ។ ប្រហែលជា​យើង​ព្រួយ​បារម្ភ​ថា​មនុស្ស​នឹង​មិន​ក្លាយ​ទៅ​ជា​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ទេ ដោយ​សារ​យើង​មិន​មែន​ជា​អ្នក​ដែល​ពូកែ​បង្រៀន។ ដូច្នេះ ដោយ​ចង់​ជៀស​វាង​ពី​ការ​ទទួល​បរាជ័យ នោះ​យើង​ប្រហែលជា​សម្រេច​ចិត្ត​មិន​បង្រៀន​សិស្ស​គម្ពីរ​តែ​ម្ដង។ តើ​យើង​អាច​យក​ឈ្នះ​លើ​ការ​ពិបាក​ដែល​ទើប​តែ​រៀប​រាប់​មក​នេះ​យ៉ាង​ដូច​ម្ដេច?

ចូរ​ប្រុង​ប្រៀប​ចិត្ត​របស់​ខ្លួន

៧​. តើ​អ្វី​ជំរុញ​ទឹក​ចិត្ត​ព្រះ​យេស៊ូ​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

វិធី​ទី​១​គឺ​ឲ្យ​យើង​ប្រុង​ប្រៀប​ចិត្ត។ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «ដ្បិត​មាត់​គេ​ពោល​បញ្ចេញ​សេចក្ដី​បរិបូរ ដែល​នៅ​ក្នុង​ចិត្ត​ជា​និច្ច»។ (លូ. ៦:៤៥) អ្វី​ដែល​ជំរុញ​ទឹក​ចិត្ត​ព្រះ​យេស៊ូ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​គឺ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​អ្នក​ដទៃ។ ជា​ឧទាហរណ៍ ពេល​ទ្រង់​ឃើញ​ប្រជាជន​យូដា​ឃ្លាត​ចេញ​ពី​ព្រះ នោះ​ទ្រង់​មាន​«ព្រះ​ហឫទ័យ​ក្ដួល​អាណិត​ដល់​គេ»។ ទ្រង់​មាន​ប្រសាសន៍​ទៅ​កាន់​សិស្ស​របស់​ទ្រង់​ថា​៖ «ចំ​រូត​ធំ​ណាស់ . . . ចូរ​សូម​អង្វរ​ដល់​ព្រះ​អម្ចាស់​នៃ​ចំ​រូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំ​រូត​ទ្រង់»។—ម៉ាថ. ៩:៣៦​-​៣៨

៨​. (ក) តើ​គប្បី​ឲ្យ​យើង​គិត​អំពី​អ្វី​ខ្លះ? (ខ) តើ​យើង​អាច​រៀន​អ្វី​ពី​ពាក្យ​របស់​សិស្ស​គម្ពីរ​ម្នាក់?

ពេល​ចូល​រួម​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស យក​ល្អ​បើ​យើង​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​ប្រយោជន៍​ដែល​យើង​ទទួល ដោយ​ព្រោះ​បុគ្គល​ម្នាក់​បាន​ចំណាយ​ពេល​បង្រៀន​គម្ពីរ​ដល់​យើង។ ម្យ៉ាង​ទៀត សូម​គិត​អំពី​មនុស្ស​ដែល​យើង​នឹង​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​ប្រយោជន៍​ដែល​ពួក​គេ​នឹង​ទទួល​ដោយ​ឮ​សារ​ដែល​យើង​ផ្សាយ។ ស្ត្រី​ម្នាក់​បាន​សរសេរ​ទៅ​ការិយាល័យ​សាខា​នៅ​ប្រទេស​ដែល​គាត់​រស់​នៅ​ថា​៖ «ខ្ញុំ​ចង់​ជម្រាប​ជូន​ថា​ខ្ញុំ​អបអរ​ណាស់​ចំពោះ​បង​ស្រីៗ​ដែល​មក​បង្រៀន​ខ្ញុំ។ ជួនកាល​ប្រហែលជា​ពួក​គាត់​មួ​នឹង​ខ្ញុំ​ដោយ​សារ​ខ្ញុំ​សួរ​សំណួរ​ច្រើន​ពេក ហើយ​ខ្ញុំ​តែង​តែ​នាំ​ឲ្យ​ពួក​គាត់​នៅ​យូរ​ជាង​ពេល​កំណត់​ដើម្បី​ឆ្លើយ​សំណួរ​ទាំង​នោះ។ ប៉ុន្តែ ពួក​គាត់​អត់​ធ្មត់​នឹង​ខ្ញុំ ហើយ​បង្រៀន​ខ្ញុំ​ដោយ​រីករាយ​ពី​អ្វី​ដែល​ពួក​គាត់​បាន​រៀន​ផ្ទាល់​ខ្លួន។ ខ្ញុំ​សូម​អរ​ព្រះ​គុណ​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​ដោយ​សារបាន​ជួប​ពួក​គាត់»។

៩​. តើ​ព្រះ​យេស៊ូ​បាន​ផ្ចង់​អារម្មណ៍​ទៅ​លើ​អ្វី? តើ​យើង​អាច​យក​តម្រាប់​តាម​ទ្រង់​យ៉ាង​ដូច​ម្ដេច?

ពិត​មែន មនុស្ស​ទាំង​អស់​មិន​បាន​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​ឡើយ។ (ម៉ាថ. ២៣:៣៧) មនុស្ស​ខ្លះ​បាន​កាន់​តាម​ទ្រង់​មួយ​រយៈ ប៉ុន្តែ ក្រោយ​មក​ពួក​គេ​ជំទាស់​នឹង​សេចក្ដី​បង្រៀន​របស់​ទ្រង់ ហើយ​«មិន​តាម​ទ្រង់​ទៀត​ទេ»។ (យ៉ូន. ៦:៦៦) ក៏​ប៉ុន្តែ ពេល​មនុស្ស​ខ្លះ​មិន​ស្ដាប់ ព្រះ​យេស៊ូ​នៅ​តែ​ចាត់​ទុក​សារ​របស់​ខ្លួន​ថា​មាន​តម្លៃ។ ទោះ​បើ​ពូជ​ជា​ច្រើន​ដែល​ទ្រង់​សាប​ព្រោះ​មិន​បាន​បង្កើត​ផល​ផ្លែ​ក៏​ពិត​មែន តែ​ព្រះ​យេស៊ូ​ផ្ចង់​អារម្មណ៍​ទៅ​លើ​អ្វីៗ​ដ៏​ល្អ​ដែល​ទ្រង់​កំពុង​ធ្វើ។ ទ្រង់​បាន​ឃើញ​ថា​វាល​ស្រែ​ក្រហម​ល្មម​ច្រូត ហើយ​ក៏​ទទួល​អំណរ​ជា​ច្រើន​ពី​ការ​រួម​ចំណែក​ក្នុង​ចម្រូត​នោះ។ (សូម​អាន យ៉ូហាន ៤:៣៥, ៣៦) ជា​ជាង​ឃើញ​ដី​ស្ងួត​នៅ​ចន្លោះ​ដើម​ស្រូវ​តែ​ប៉ុណ្ណោះ តើ​យើង​អាច​ផ្ចង់​អារម្មណ៍​ទៅ​លើ​ចម្រូត​ដែល​អាច​មាន​នៅ​តំបន់​ផ្សាយ​របស់​យើង​ដែរ​ឬ​ទេ? សូម​ឲ្យ​យើង​ពិនិត្យ​មើល​របៀប​ដែល​យើង​អាច​រក្សា​ចិត្ត​គំនិត​ល្អ​បែប​នេះ។

ផ្សព្វ​ផ្សាយ​ដោយ​មាន​គោលដៅ​ចាប់​ផ្ដើម​បង្រៀន​សិស្ស​ថ្មី

១០, ១១​. ដើម្បី​រក្សា​អំណរ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ?

១០ អ្នក​ធ្វើ​ស្រែ​ម្នាក់ គាត់​សាប​ព្រោះ​គ្រាប់​ពូជ​ដោយ​មាន​គោលដៅ​ច្រូត​ផល​ផ្លែ​ពី​គ្រាប់​ពូជ​នោះ។ ស្រ​ដៀង​គ្នា​ដែរ យើង​ត្រូវ​ផ្សាយ​ដោយ​មាន​គោលដៅ​ចាប់​ផ្ដើម​បង្រៀន​សិស្ស​គម្ពីរ​ថ្មី។ ចុះ​យ៉ាង​ណា​វិញ បើ​អ្នក​ចំណាយ​ពេល​ក្នុង​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ទៀង​ទាត់ តែ​មិន​អាច​ជួប​មនុស្ស​ច្រើន​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ឬ​ក៏​ពេល​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប? នេះ​ប្រហែលជា​នាំ​ឲ្យ​អ្នក​មាន​អារម្មណ៍​អន្ទះអន្ទែង​ក្នុង​ចិត្ត។ តើ​គប្បី​ឲ្យ​អ្នក​ឈប់​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ឬ​ទេ? ពិត​ជា​មិន​គប្បី​ទេ! យើង​នៅ​តែ​ជួប​មនុស្ស​ជា​ច្រើន​តាម​រយៈ​វិធី​ផ្សព្វ​ផ្សាយ​ដ៏​មាន​ប្រសិទ្ធភាព​នេះ គឺជា​វិធី​ផ្សាយ​ដែល​យើង​បាន​ប្រើ​អស់​រយៈ​ពេល​យូរ​មក​ហើយ។

១១ យ៉ាង​ណា​ក៏​ដោយ ដើម្បី​រក្សា​ឲ្យ​មាន​អំណរ តើ​អ្នក​អាច​បង្កើន​វិធី​ផ្សព្វ​ផ្សាយ​របស់​អ្នក​ឬ​ទេ? ជា​ឧទាហរណ៍ តើ​អ្នក​បាន​សាក​ល្បង​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​នៅ​តាម​ផ្លូវ ឬ​នៅ​កន្លែង​ធ្វើ​ការ​របស់​ពួក​គាត់​ទេ? តើ​អ្នក​អាច​ទាក់​ទង​មនុស្ស​តាម​ទូរស័ព្ទ ឬ​សុំ​លេខ​ទូរស័ព្ទ​ពី​មនុស្ស​ដែល​អ្នក​បាន​ផ្សព្វ​ផ្សាយ​រួច​ទៅ​ហើយ ដើម្បី​អាច​ទាក់​ទង​គាត់​បាន​ទេ? ដោយ​ការ​ព្យាយាម​និង​ចេះ​ប្រែ​ប្រួល​ក្នុង​កិច្ច​បម្រើ​ផ្សាយ នោះ​អ្នក​នឹង​មាន​អំណរ​ក្នុង​ការ​ជួប​មនុស្ស​ដែល​នឹង​ស្ដាប់​សារ​រាជាណាចក្រ​របស់​ព្រះ។

ចូរ​ស៊ូ​ទ្រាំ​នឹង​ភាព​ព្រងើយ​កន្តើយ

១២​. ប្រសិនបើ​មើល​ទៅ​មនុស្ស​ជា​ច្រើន​ក្នុង​តំបន់​ផ្សាយ​ធ្វើ​ព្រងើយ​កន្តើយ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ?

១២ ចុះ​យ៉ាង​ណា​វិញ បើ​មនុស្ស​ជា​ច្រើន​នៅ​តំបន់​ផ្សាយ​ធ្វើ​ព្រងើយ​កន្តើយ​ស្តី​អំពី​រឿង​សាសនា? តើ​អ្នក​អាច​កែ​សម្រួល​ពាក្យ​ផ្សាយ​របស់​អ្នក​ដើម្បី​និយាយ​អំពី​រឿង​ដែល​នឹង​ទាក់​ទាញ​ចិត្ត​ម្ចាស់​ផ្ទះ​ឬ​ទេ? សាវ័ក​ប៉ុល​បាន​សរសេរ​ទៅ​កាន់​បង​ប្អូន​រួម​ជំនឿ​នៅ​ទី​ក្រុង​កូរិនថូស​ថា​៖ «ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​សាសន៍​យូដា ដល់​ពួក​សាសន៍​យូដា . . . ហើយ​ដូច​ជា​ឥត​ក្រិត្យ​វិន័យ​ដល់​ពួក​អ្នក​ដែល​គ្មាន​ក្រិត្យ​វិន័យ (មិន​មែន​ថា​ខ្ញុំ​ឥត​ក្រិត្យ​វិន័យ​របស់​ព្រះ​ទេ)»។ តើ​ប៉ុល​មាន​បំណង​ចិត្ត​ធ្វើ​អ្វី? គាត់​បាន​ពោល​ថា​៖ «[ខ្ញុំ]​បាន​ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង​អស់ ដល់​មនុស្ស​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ដល់​អ្នក​ខ្លះ ដោយ​សារ​សណ្ឋាន​ទាំង​នោះ​ឯង»។ (១កូ. ៩:២០​-​២២) ដូច​គ្នា​ដែរ តើ​យើង​អាច​និយាយ​អំពី​សាច់​រឿង​ដែល​មនុស្ស​នៅ​តំបន់​ផ្សាយ​នឹង​ចាប់​អារម្មណ៍​ឬ​ទេ? មនុស្ស​ជា​ច្រើន​ដែល​មិន​ចាប់​អារម្មណ៍​នឹង​សាសនា ចង់​មាន​ចំណង​មេត្រី​ភាព​ដ៏​ប្រសើរ​ជាង​រវាង​សមាជិក​ក្នុង​ក្រុម​គ្រួសារ។ ពួក​គេ​ក៏​ប្រហែលជា​ស្វែងរក​គោល​បំណង​ក្នុង​ជីវិត​ដែរ។ តើ​យើង​អាច​ផ្សាយ​សារ​រាជាណាចក្រ​របស់​ព្រះ​ដល់​មនុស្ស​បែប​នោះ តាម​របៀប​ដែល​នឹង​ទាក់​ទាញ​ចិត្ត​ពួក​គេ​ទេ?

១៣, ១៤​. តើ​យើង​អាច​ទទួល​អំណរ​កាន់​តែ​ច្រើន​ឡើង​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​យ៉ាង​ដូច​ម្ដេច?

១៣ សូម្បី​តែ​នៅ​កន្លែង​ដែល​មើល​ទៅ​មនុស្ស​ភាគ​ច្រើន​ធ្វើ​ព្រងើយ​កន្តើយ​ក៏​ដោយ អ្នក​ផ្សព្វ​ផ្សាយ​កាន់​តែ​ច្រើន​នាក់​បាន​បង្កើន​អំណរ​ពី​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស។ តើ​ពួក​គាត់​បាន​បង្កើន​អំណរ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​រៀន​ភាសា​ផ្សេង។ គូ​ស្វាមីភរិយា​ដែល​មាន​អាយុ​៦០​ឆ្នាំ​ជាង បាន​យល់​ឃើញ​ថា​មាន​និស្សិត​ជន​ជាតិ​ចិន​និង​ក្រុម​គ្រួសារ រស់​នៅ​ក្នុង​តំបន់​ផ្សាយ​នៃ​ក្រុម​ជំនុំ​របស់​ពួក​គាត់។ ស្វាមី​បាន​ពោល​ថា​៖ «ដោយ​សារ​មាន​និស្សិត​ជន​ជាតិ​ចិន​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ នោះ​យើង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​រៀន​ភាសា​ចិន»។ គាត់​បន្ត​ថា​៖ «ទោះ​បើ​នេះ​បាន​ន័យ​ថា រាល់​ថ្ងៃ​យើង​ត្រូវ​ចំណាយ​ពេល​ដើម្បី​រៀន​ភាសា​ចិន​ក៏​ដោយ តែ​យើង​បាន​ទទួល​អំណរ​ដោយ​សារ​មាន​សិស្ស​គម្ពីរ​ជន​ជាតិ​ចិន​ច្រើន​នាក់»។

១៤ សូម្បី​តែ​អ្នក​មិន​អាច​រៀន​ភាសា​ផ្សេង​ក៏​ដោយ ពេល​អ្នក​ជួប​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង អ្នក​អាច​ប្រើ​កូន​សៀវភៅ ដំណឹង​ល្អ​សម្រាប់​មនុស្ស​គ្រប់​សាសន៍។ ធម្មតា​អ្នក​ក៏​អាច​ទទួល​សៀវភៅ​ក្នុង​ភាសា​របស់​មនុស្ស​ដែល​អ្នក​បាន​ជួប​ដែរ។ ត្រូវ​មែន ដើម្បី​អាច​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​មនុស្ស​ដែល​និយាយ​ភាសា​និង​មាន​វប្បធម៌​ផ្សេង នោះ​ត្រូវ​ការ​ពេល​វេលា​និង​ការ​ព្យាយាម​ថែម​ទៀត។ ប៉ុន្តែ សូម​ចាំ​គោលការណ៍​ដែល​មាន​ក្នុង​បណ្ដាំ​របស់​ព្រះ​ដែល​ថា​៖ «អ្នក​ណា​ដែល​ព្រោះ​ដោយ​សទ្ធា នោះ​នឹង​ច្រូត​បាន​ច្រើន​វិញ»។—២កូ. ៩:៦

សមាជិក​ទាំង​ឡាយ​ក្នុង​ក្រុម​ជំនុំ​រួម​ចំណែក

១៥, ១៦​. (ក) ហេតុ​អ្វី​សមាជិក​ទាំង​ឡាយ​ក្នុង​ក្រុម​ជំនុំ​មាន​ចំណែក​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស? (ខ) តើ​បង​ប្អូន​វ័យ​ចាស់​មាន​តួនាទី​អ្វី​ក្នុង​ក្រុម​ជំនុំ?

១៥ ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​មិន​អាស្រ័យ​ទៅ​លើ​ការ​ខំ​ប្រឹង​របស់​បុគ្គល​តែ​ម្នាក់​ឡើយ។ ផ្ទុយ​ទៅ​វិញ សមាជិក​ទាំង​ឡាយ​ក្នុង​ក្រុម​ជំនុំ​អាច​ជួយ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស។ ហេតុ​អ្វី​សមាជិក​ទាំង​ឡាយ​អាច​ជួយ​បាន? ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។ (យ៉ូន. ១៣:៣៥) ប្រាកដ​ហើយ ពេល​សិស្ស​គម្ពីរ​មក​កិច្ច​ប្រជុំ នោះ​ពួក​គាត់​ជា​ញយ​ដង​ស្ងើច​នឹង​បរិយាកាស​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នៅ​កិច្ច​ប្រជុំ​របស់​យើង។ សិស្ស​គម្ពីរ​ម្នាក់​បាន​សរសេរ​ថា​៖ «ខ្ញុំ​ចូល​ចិត្ត​ទៅ​កិច្ច​ប្រជុំ​មែន។ មនុស្ស​នៅ​ទី​នោះ​ទទួល​ស្វាគមន៍​ខ្ញុំ​ខ្លាំង​ណាស់!»។ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​អស់​អ្នក​ដែល​កាន់​តាម​ទ្រង់ នោះ​ប្រហែលជា​មាន​ការ​ប្រឆាំង​ពី​ក្រុម​គ្រួសារ​របស់​ខ្លួន។ (សូម​អាន ម៉ាថាយ ១០:៣៥​-​៣៧) ក៏​ប៉ុន្តែ ទ្រង់​បាន​សន្យា​ថា ពួក​គាត់​នឹង​ទទួល​«បង​ប្អូន​ប្រុស​ស្រី ម្ដាយ​ហើយ​កូន»​រួម​ជំនឿ​ជា​ច្រើន​ក្នុង​ក្រុម​ជំនុំ។—ម៉ាក. ១០:៣០

១៦ ជា​ពិសេស​បង​ប្អូន​វ័យ​ចាស់​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​សិស្ស​គម្ពីរ​ឲ្យ​រីក​ចម្រើន។ តើ​អាច​ជួយ​តាម​របៀប​ណា? គឺ​ដោយ​ចម្លើយ​ដ៏​លើក​ទឹក​ចិត្ត​របស់​ពួក​គាត់។ សូម្បី​តែ​បង​ប្អូន​វ័យ​ចាស់​មិន​អាច​បង្រៀន​សិស្ស​គម្ពីរ​ក៏​ដោយ តែ​អស់​អ្នក​ដែល​ឮ​ចម្លើយ​របស់​ពួក​គាត់ នោះ​នឹង​ពង្រឹង​ជំនឿ​របស់​ខ្លួន។ គន្លង​ជីវិត​របស់​បង​ប្អូន​វ័យ​ចាស់​ដែល​នៅ​«ក្នុង​ផ្លូវ​សុចរិត» នាំ​ឲ្យ​ក្រុម​ជំនុំ​កាន់​តែ​មាន​សោភណភាព ព្រម​ទាំង​ទាក់​ទាញ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ឲ្យ​ចូល​មក​ក្នុង​អង្គការ​របស់​ព្រះ។—សុ. ១៦:៣១

យក​ឈ្នះ​លើ​អារម្មណ៍​ភ័យ​ខ្លាច

១៧​. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​យក​ឈ្នះ​លើ​ការ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់?

១៧ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់​បង្រៀន​សិស្ស​គម្ពីរ តើ​អ្នក​អាច​ធ្វើ​អ្វី? សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​បាន​ជួយ​ម៉ូសេ​ដោយ​ផ្ដល់​សកម្ម​ពល​របស់​ទ្រង់ និង​ដៃ​គូ​ម្នាក់ ពោល​គឺ​អើរ៉ុន​ជា​បង​ប្រុស​បង្កើត​របស់​គាត់។ (និក្ខ. ៤:១០​-​១៧) ព្រះ​យេស៊ូ​បាន​សន្យា​ថា​សកម្ម​ពល​របស់​ព្រះ​នឹង​គាំទ្រ​ការ​ផ្សព្វ​ផ្សាយ​របស់​យើង។ (កិច្ច. ១:៨) ម្យ៉ាង​ទៀត ព្រះ​យេស៊ូ​បាន​ចាត់​សិស្ស​ឲ្យ​ទៅ​ផ្សាយ​ជា​គូ។ (លូ. ១០:១) ដូច្នេះ​ហើយ ប្រសិនបើ​អ្នក​ពិបាក​បង្រៀន​សិស្ស​គម្ពីរ សូម​អធិដ្ឋាន​សុំ​សកម្ម​ពល​របស់​ព្រះ​ផ្ដល់​ប្រាជ្ញា ហើយ​ក្រោយ​មក​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​បង​ប្អូន​ដែល​មាន​ពិសោធន៍ ដែល​អាច​ពង្រឹង​ទំនុក​ចិត្ត​និង​អាច​ជួយ​អ្នក​បាន។ ពេល​យើង​ចាំ​ថា ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​មនុស្ស​ធម្មតា ជា​«ពួក​កំសោយ​នៅ​លោកីយ»​ដើម្បី​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​នេះ នោះ​ពិត​ជា​ពង្រឹង​ជំនឿ​យើង​មែន!—១កូ. ១:២៦​-​២៩

១៨​. តើ​យើង​អាច​យក​ឈ្នះ​ការ​ខ្លាច​បរាជ័យ​យ៉ាង​ដូច​ម្ដេច?

១៨ តើ​យើង​អាច​យក​ឈ្នះ​ការ​ខ្លាច​បរាជ័យ​យ៉ាង​ដូច​ម្ដេច? យក​ល្អ​បើ​យើង​ចង​ចាំ​ថា​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​មិន​ដូច​ជា​ការ​ធ្វើ​ម្ហូប​ទេ។ ម្ហូប​ឆ្ងាញ់​ឬ​មិន​ឆ្ងាញ់​គឺ​អាស្រ័យ​ទៅ​លើ​បុគ្គល​តែ​ម្នាក់ ពោល​គឺ​ចុងភៅ។ ផ្ទុយ​ទៅ​វិញ ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​មិន​អាស្រ័យ​ទៅ​លើ​យើង​តែ​ប៉ុណ្ណោះ​ឡើយ។ ព្រះ​យេហូវ៉ា ធ្វើ​កិច្ចការ​សំខាន់​ជាង​គេ ក្នុង​ការ​ទាញ​នាំ​មនុស្ស​ទៅ​ដល់​ទ្រង់។ (យ៉ូន. ៦:៤៤) យើង​និង​បង​ប្អូន​ឯ​ទៀត​ខំ​ជួយ​សិស្ស​ឲ្យ​រីក​ចម្រើន​ដោយ​បង្រៀន​អស់ពី​សមត្ថភាព​ខ្លួន។ (សូម​អាន ធីម៉ូថេទី២ ២:១៥) សិស្ស​គម្ពីរ​ត្រូវ​តែ​អនុវត្ត​តាម​អ្វី​ដែល​ខ្លួន​បាន​រៀន។ (ម៉ាថ. ៧:២៤​-​២៧) ប្រសិនបើ​សិស្ស​ឈប់​រៀន​គម្ពីរ នេះ​ប្រហែលជា​នាំ​ឲ្យ​យើង​ខក​ចិត្ត។ យើង​សង្ឃឹម​ថា​សិស្ស​គម្ពីរ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ត្រឹម​ត្រូវ តែ​យើង​ម្នាក់ៗ​«ត្រូវ​រាប់​រៀប​ទូល​ថ្វាយ​ព្រះ ពី​ដំណើរ​របស់​ខ្លួន​យើង​ជា​មិន​ខាន»។—រ៉ូម ១៤:១២

តើ​មាន​រង្វាន់​អ្វី​ខ្លះ?

១៩​-​២១​. (ក) តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​បង្រៀន​សិស្ស​គម្ពីរ? (ខ) តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អស់​អ្នក​ដែល​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ?

១៩ ការ​បង្រៀន​សិស្ស​គម្ពីរ​នាំ​ឲ្យ​យើង​ផ្ចង់​អារម្មណ៍​ទៅ​លើ​ការ​ស្វែងរក​រាជាណាចក្រ​ព្រះ​ជា​មុន​សិន។ ណា​មួយ​ទៀត នេះ​ក៏​នាំ​ឲ្យ​បណ្ដាំ​របស់​ព្រះ​ចាក់​ឫស​ជ្រៅ​ជាង​ទៅ​ក្នុង​ចិត្ត​និង​គំនិត​របស់​យើង​ផង។ ហេតុ​អ្វី? អ្នក​ត្រួស​ត្រាយ​ម្នាក់​ឈ្មោះ​បារ៉ាក​ពន្យល់​ថា​៖ «ការ​បង្រៀន​សិស្ស​គម្ពីរ​ជំរុញ​ខ្ញុំ​ឲ្យ​សិក្សា​បណ្ដាំ​របស់​ព្រះ​កាន់​តែ​ប្រសើរ​ជាង។ ចំពោះ​ខ្ញុំ មុន​អាច​បង្រៀន​អ្នក​ដទៃ​ដោយ​ប្រសិទ្ធភាព​បាន ខ្ញុំ​ត្រូវ​តែ​ពង្រឹង​ជំនឿ​របស់​ខ្លួន​ជា​មុន​សិន»។

២០ ប្រសិនបើ​អ្នក​មិន​បង្រៀន​សិស្ស​គម្ពីរ តើ​នេះ​មាន​ន័យ​ថា​កិច្ច​បម្រើ​របស់​អ្នក​គ្មាន​តម្លៃ​ចំពោះ​ព្រះ​ទេ? ពិត​ជា​មិន​មែន​ទេ! ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​ការ​ព្យាយាម​របស់​យើង​ក្នុង​ការ​សរសើរ​ទ្រង់។ អស់​អ្នក​ដែល​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ជា​«អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ»។ ក៏​ប៉ុន្តែ ការ​បង្រៀន​សិស្ស​គម្ពីរ​នាំ​ឲ្យ​យើង​ទទួល​អំណរ​ថែម​ទៀត កាល​ដែល​យើង​ឃើញ​របៀប​ដែល​ព្រះ​ធ្វើ​ឲ្យ​គ្រាប់​ពូជ​ដែល​យើង​បាន​សាប​ព្រោះ​នោះ​ដុះ​ដាល​ឡើង។ (១កូ. ៣:៦,) អេម៉ី​ជា​អ្នក​ត្រួស​ត្រាយ​ម្នាក់​និយាយ​ថា​៖ «កាល​ដែល​យើង​ឃើញ​សិស្ស​គម្ពីរ​លូត​លាស់​ខាង​ចំណេះ​ពិត នោះ​យើង​មាន​កតញ្ញុតាធម៌​យ៉ាង​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​សារ​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​ជួយ​ផ្ដល់​អំណោយ​ទាន​ដ៏​អស្ចារ្យ​ដល់​បុគ្គល​នោះ ពោល​គឺ​ឱកាស​ស្គាល់​ព្រះ​យេហូវ៉ា និង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់»។

២១ ការ​ខំ​ប្រឹង​អស់ពី​សមត្ថភាព​ក្នុង​ការ​ចាប់​ផ្ដើម​និង​បង្រៀន​សិស្ស​គម្ពីរ នឹង​ជួយ​យើង​ឲ្យ​ផ្ចង់​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ​ឥឡូវ ព្រម​ទាំង​ពង្រឹង​សេចក្ដី​សង្ឃឹម​របស់​យើង​ឲ្យ​រួច​រស់​ជីវិត ហើយ​ចូល​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ។ ដោយ​មាន​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា យើង​ប្រហែលជា​អាច​ជួយ​អស់​អ្នក​ដែល​ស្ដាប់​យើង​ផង។ (សូម​អាន ធីម៉ូថេទី១ ៤:១៦) នេះ​ពិត​ជា​នាំ​ឲ្យ​យើង​មាន​អំណរ​ក្រៃ​លែង!

តើ​អ្នក​ចាំ​ទេ?

តើ​មាន​ការ​ពិបាក​អ្វី​ដែល​អាច​នាំ​ឲ្យ​បង​ប្អូន​ខ្លះៗ​មិន​បង្រៀន​សិស្ស​គម្ពីរ?

ប្រសិនបើ​មើល​ទៅ​មនុស្ស​ជា​ច្រើន​នៅ​តំបន់​ផ្សាយ​ធ្វើ​ព្រងើយ​កន្តើយ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ?

តើ​យើង​ទទួល​រង្វាន់​ណាខ្លះ​ពី​ការ​បង្រៀន​សិស្ស​គម្ពីរ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៥]

តើ​អ្នក​បង្កើន​វិធី​ផ្សព្វ​ផ្សាយ​ដើម្បី​ជួប​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ឬ​ទេ?