លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មើល! អ្នកបម្រើដ៏ជាទីគាប់ចិត្ដរបស់ព្រះយេហូវ៉ា

មើល! អ្នកបម្រើដ៏ជាទីគាប់ចិត្ដរបស់ព្រះយេហូវ៉ា

មើល! អ្នក​បម្រើ​ដ៏​ជា​ទី​គាប់​ចិត្ត​របស់​ព្រះ​យេហូវ៉ា

‹មើល! នេះ​នែ​អ្នក​បំរើ . . . ដែល​ជា​ទី​គាប់​ចិត្ត​របស់​អញ!›។—អេសា. ៤២:១

១​. កាល​ដែល​ជិត​ដល់​ពេល​ធ្វើ​ពិធី​រំលឹក តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​អ្វី? ហើយ​ហេតុ​អ្វី?

កាល​ដែល​ជិត​ដល់​ពេល​ធ្វើ​ពិធី​រំលឹក​មរណៈ​ភាព​របស់​គ្រិស្ត នោះ​យក​ល្អ​ឲ្យ​រាស្ត្រ​របស់​ព្រះ​ធ្វើ​តាម​ដំបូន្មាន​របស់​សាវ័ក​ប៉ុល​ឲ្យ​«រំពឹង​មើល​ដល់​ព្រះ​យេស៊ូ​វ​ដ៏​ជា​មេ​ផ្ដើម ហើយ​ជា​មេ​សំ​រេច​សេចក្ដី​ជំនឿ​របស់​យើង»។ ប៉ុល​បាន​បន្ថែម​ថា​៖ «ដូច្នេះ ចូរ​ពិចារណា​មើល​ទ្រង់ ដែល​ទ្រង់​បាន​ទ្រាំទ្រ​នឹង​ពួក​មនុស្ស​មាន​បាប ដែល​ធ្វើ​ទទឹង​ទទែ​ង​នឹង​ទ្រង់​ជា​ខ្លាំង​ម្ល៉េះ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​នឿយ​ហត់ ហើយ​រសាយ​ចិត្ត​ចេញ»។ (ហេ. ១២:២, ៣) យក​ល្អ​ឲ្យ​ពួក​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ និង​គូ​កន​របស់​ពួក​គាត់​ដែល​ជា​ពួក​ចៀម​ឯ​ទៀត យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ប្រព្រឹត្ត​ដ៏​ស្មោះ​ត្រង់​របស់​គ្រិស្ត​ដែល​នៅ​ទី​បំផុត​នាំ​ឲ្យ​ទ្រង់​បូជា​ជីវិត​ខ្លួន។ ដោយ​ធ្វើ​ដូច្នេះ នោះ​នឹង​ជួយ​ពួក​គាត់​ឲ្យ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​ត្រង់ ព្រម​ទាំង​ជៀស​វាង​ពី​ការ​«រសាយ​ចិត្ត​ចេញ»។—សូម​ពិនិត្យ​បន្ថែម កាឡាទី ៦:៩

២​. ស្តី​អំពី​ទំនាយ​របស់​លោក​អេសាយ​ដែល​ទាក់​ទង់​នឹង​បុត្រ​ព្រះ តើ​យើង​អាច​រៀន​អ្វី​ខ្លះ?

តាម​រយៈ​លោក​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់ ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​គាត់​ទាយ​ទំនាយ​ជា​បន្ត​បន្ទាប់​ដែល​ទាក់​ទង​យ៉ាង​ចំៗ​នឹង​បុត្រ​របស់​ទ្រង់។ ទំនាយ​ទាំង​នេះ​នឹង​ជួយ​យើង​ឲ្យ​«រំពឹង​មើល​ដល់​ព្រះ​យេស៊ូ​វ​ដ៏​ជា​មេ​ផ្ដើម ហើយ​ជា​មេ​សំ​រេច​សេចក្ដី​ជំនឿ​របស់​យើង»។ * ទំនាយ​ទាំង​នោះ​ផ្ដល់​ព័ត៌មាន​អំពី​បុគ្គលិក​លក្ខណៈ ការ​រង​ទុក្ខ និង​ការ​លើក​តម្កើង​ជា​ស្តេច​និង​ជា​អ្នក​លោះ​របស់​យើង។ ទំនាយ​នោះ​នឹង​បង្កើន​ការ​យល់​ដឹង​របស់​យើង​ចំពោះ​ពិធី​រំលឹក ដែល​ឆ្នាំ​នេះ​នឹង​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​មេ​សា ក្រោយ​ពី​ថ្ងៃ​លិច។

អ្នក​បម្រើ​ត្រូវ​បាន​សម្គាល់

៣, ៤​. (ក) នៅ​សៀវភៅ​អេសាយ តើ​ពាក្យ​«អ្នក​បំរើ»​សំដៅ​ទៅ​លើ​អ្នក​ណាខ្លះ? (ខ) ចំពោះ​អ្នក​បម្រើ​ដែល​បាន​រៀប​រាប់​នៅ​សៀវភៅ​អេសាយ​ជំពូក​ទី​៤២ ៤៩ ៥០ ៥២ និង​៥៣ តើ​គម្ពីរ​សម្គាល់​អ្នក​បម្រើ​នោះ​យ៉ាង​ដូច​ម្ដេច?

ក្នុង​សៀវភៅ​អេសាយ ពាក្យ​«អ្នក​បម្រើ»​ត្រូវ​បាន​កត់​ទុក​ជា​ច្រើន​ដង។ ម្ដង​ម្កាល​ពាក្យ​នេះ​សំដៅ​ទៅ​លើ​លោក​អេសាយ​តែ​ម្ដង។ (អេសា. ២០:៣; ៤៤:២៦) ពេល​ខ្លះ​សំដៅ​ទៅ​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​មូល ឬ​យ៉ាកុប។ (អេសា. ៤១:៨, ៩; ៤៤:១, ២, ២១) ចុះ​យ៉ាង​ណា​វិញ ចំពោះ​ទំនាយ​ដ៏​អស្ចារ្យ​អំពី​អ្នក​បម្រើ​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​អេសាយ ជំពូក​ទី​៤២ ៤៩ ៥០ ៥២ និង​៥៣? បទ​គម្ពីរ​ភាសា​ក្រិច​របស់​ពួក​គ្រិស្ត​សាសនិក​បញ្ជាក់​យ៉ាង​ច្បាស់ អំពី​អត្តសញ្ញាណ​របស់​អ្នក​បម្រើ​នៃ​ព្រះ​យេហូវ៉ា​ដែល​បាន​ពិពណ៌នា​ក្នុង​ជំពូក​ទាំង​នោះ។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ថា មន្ត្រី​ជន​ជាតិ​អេចូពី​ដែល​បាន​រៀប​រាប់​នៅ​សៀវភៅ​កិច្ចការ កំពុង​តែ​អាន​ទំនាយ​មួយ​នៃ​ទំនាយ​ទាំង​នោះ ពេល​អ្នក​ផ្សាយ​ដំណឹង​ល្អ​ម្នាក់​ឈ្មោះ​ភីលីព ត្រូវ​បាន​ណែនាំ​ដោយ​សកម្ម​ពល​របស់​ព្រះ​ដើម្បី​ទៅ​ជួប​គាត់។ មន្ត្រី​នោះ​អាន​បទ​គម្ពីរ​ដែល​បាន​កត់​ទុក​នៅ​អេសាយ ៥៣:៧, ៨ រួច​សួរ​ភីលីព​ថា​៖ «ខ្ញុំ​សូម​សួរ​អ្នក តើ​ហោរា​និយាយ​ដូច្នេះ គឺ​និយាយ​ពី​អ្នក​ណា ពី​ខ្លួន​លោក ឬ​ពី​អ្នក​ដទៃ?»។ ភីលីព​បាន​ពន្យល់​ភ្លាមៗ​ឲ្យ​គាត់​ដឹង​ថា អេសាយ​រៀប​រាប់​អំពី​ព្រះ​យេស៊ូ​ដែល​ជា​មេស្ស៊ី។—កិច្ច. ៨:​២៦​-​៣៥

កាល​ដែល​ព្រះ​យេស៊ូ​ជា​ទារក​ក្មេង​ខ្ចី បុរស​សុចរិត​ម្នាក់​ឈ្មោះ​ស៊ីម្មាន ដែល​ស្ថិត​ក្រោម​អំណាច​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ បាន​ប្រកាស​ថា​«ព្រះ​យេស៊ូ​វ ជា​ឱរស»​នឹង​ក្លាយ​ទៅ​ជា​«ពន្លឺ​សំ​រាប់​បំភ្លឺ​ដល់​សាសន៍​ដទៃ» ដូច​បាន​ទាយ​ទុក​ក្នុង​សៀវភៅ​អេសាយ ៤២:៦ និង ៤៩:៦។ (លូ. ២:​២៥​-​៣២) ម្យ៉ាង​ទៀត សេចក្ដី​អាម៉ាស់​ខ្មាស​ដែល​ព្រះ​យេស៊ូ​មាន​នៅ​ពេល​យប់​នៃ​ការ​កាត់​ទោស​ទ្រង់ នោះ​បាន​ទាយ​ទុក​នៅ​សៀវភៅ​អេសាយ ៥០:៦​-​៩។ (ម៉ាថ. ២៦:៦៧; លូ. ២២:៦៣) នៅ​បុណ្យ​ថ្ងៃ​ទី​៥០ នា​ឆ្នាំ​៣៣ គ.ស. សាវ័ក​ពេត្រុស​បាន​សម្គាល់​យ៉ាង​ច្បាស់​ថា​ព្រះ​យេស៊ូ​ជា​«អ្នក​បំរើ»​របស់​ព្រះ​យេហូវ៉ា។ (អេសា. ៥២:១៣; ៥៣:១១; សូម​អាន កិច្ចការ ៣:១៣, ២៦) តើ​យើង​អាច​រៀន​អ្វី​ពី​ទំនាយ​ទាំង​នេះ​ស្តី​អំពី​មេស្ស៊ី?

ព្រះ​យេហូវ៉ា​បង្ហាត់​បង្រៀន​អ្នក​បម្រើ​របស់​ទ្រង់

៥​. តើ​អ្នក​បម្រើ​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​អ្វី?

ទំនាយ​មួយ​របស់​អេសាយ​ស្តី​អំពី​អ្នក​បម្រើ​របស់​ព្រះ ជួយ​បំភ្លឺ​ឲ្យ​យើង​យល់​នូវ​ចំណង​មេត្រី​ភាព​ដ៏​ស្និទ្ធស្នាល​រវាង​ព្រះ​យេហូវ៉ា​និង​បុត្រ​ច្បង មុន​ពេល​បុត្រ​នោះ​ចុះ​មក​ផែនដី។ (សូម​អាន អេសាយ ៥០:៤​-​៩) អ្នក​បម្រើ​នោះ​បាន​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​តែង​តែ​បង្ហាត់​បង្រៀន​ខ្លួន ដោយ​ពោល​ពាក្យ​ថា​៖ «ទ្រង់​ដាស់​ត្រចៀក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្ដាប់ ដូច​ជា​អ្នក​ដែល​កំពុង​តែ​រៀន​សូត្រ»។ (អេសា. ៥០:៤) ក្នុង​អំឡុង​ពេល​ទាំង​នោះ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​បាន​ស្ដាប់​តាម​បិតា​របស់​ខ្លួន ហើយ​រៀន​ពី​ទ្រង់​ដោយ​ក្លាយ​ទៅ​ជា​សិស្ស​ម្នាក់​ដែល​ចេះ​ចុះ​ចូល។ នេះ​ពិត​ជា​ឱកាស​ដ៏​ល្អ​ឯក​មែន! ដែល​ត្រូវ​បាន​បង្រៀន​ដោយ​ព្រះ​ដែល​ជា​អ្នក​បង្កើត​សកល​លោក។

៦​. តើ​អ្នក​បម្រើ​បង្ហាញ​ការ​ចុះ​ចូល​ដ៏​ល្អ​ឥត​ខ្ចោះ​ចំពោះ​បិតា​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច?

ក្នុង​ទំនាយ​នេះ អ្នក​បម្រើ​បាន​ហៅ​បិតា​ថា​ជា​«ព្រះ​អម្ចាស់​យេហូវ៉ា»។ នេះ​បង្ហាញ​ថា​អ្នក​បម្រើ​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​មាន​សិទ្ធិ​គ្រប់​គ្រង​សកល​លោក​ទាំង​មូល។ ដោយ​បង្ហាញ​ការ​ចុះ​ចូល​ដ៏​ល្អ​ឥត​ខ្ចោះ​ចំពោះ​បិតា​របស់​ខ្លួន នោះ​អ្នក​បម្រើ​បាន​និយាយ​ថា​៖ «ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​បើក​ត្រចៀក​ខ្ញុំ​ហើយ ខ្ញុំ​មិន​បាន​រឹង​ចចេស ឬ​បែរ​ក្រោយ​ឡើយ»។ (អេសា. ៥០:៥) អ្នក​បម្រើ​«បាន​នៅ​ជិត​ទ្រង់​ដូច​ជា​មេ​ជាង»​ក្នុង​ការ​បង្កើត​សកល​លោក​និង​មនុស្ស​ជាតិ។ «មេ​ជាង»​នេះ​«មាន​សេចក្ដី​រីករាយ​នៅ​ចំពោះ[ព្រះ​យេហូវ៉ា]ជា​និច្ច ក៏​មាន​សេចក្ដី​រីករាយ​ចំពោះ​ផែនដី​ទាំង​ដុំ​មូល​នៃ​ទ្រង់ ហើយ​បាន​សេចក្ដី​អំណរ ដោយ​នៅ​ជា​មួយ​នឹង​ពួក​មនុស្ស​លោក»។—សុ. ៨:២២​-​៣១

៧​. តើ​អ្វី​បង្ហាញ​ថា​អ្នក​បម្រើ​មាន​ទំនុក​ចិត្ត​ថា​បិតា​នឹង​គាំទ្រ​ទ្រង់​ក្នុង​អំឡុង​ទុក្ខ​លំបាក?

ការ​បង្ហាត់​បង្រៀន​ដែល​ព្រះ​យេស៊ូ​ទទួល និង​សេចក្ដី​ស្រឡាញ់​ដែល​ទ្រង់​មាន​ចំពោះ​មនុស្ស​ជាតិ បាន​ជួយ​ឲ្យ​ទ្រង់​ប្រុង​ប្រៀប​ខ្លួន​ពេល​ចុះ​មក​ផែនដី ហើយ​ក៏​ជួយ​ទ្រង់​ពេល​ប្រឈម​មុខ​ការ​ប្រឆាំង​ដ៏​ខ្លាំងក្លា​ដែរ។ ទ្រង់​នៅ​តែ​មាន​អំណរ​ក្នុង​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា សូម្បី​តែ​មាន​ការ​បៀតបៀន​យ៉ាង​សាហាវ​ក៏​ដោយ។ (ទំនុក. ៤០:៨; ម៉ាថ. ២៦:​៤២; យ៉ូន. ៦:៣៨) នៅ​ពេល​មាន​ទុក្ខ​លំបាក​នៅ​ផែនដី នោះ​ព្រះ​យេស៊ូ​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​បិតា​នឹង​ពេញ​ចិត្ត ព្រម​ទាំង​គាំទ្រ​ទ្រង់​ផង។ ដូច​បាន​ទាយ​ទុក​ក្នុង​ទំនាយ​របស់​អេសាយ ព្រះ​យេស៊ូ​អាច​និយាយ​ថា​៖ «ព្រះ​ដែល​តាំង​ខ្ញុំ​ជា​សុចរិត ទ្រង់​គង់នៅ​ជិត។ តើ​អ្នក​ណា​នឹង​តវ៉ា​ចំពោះ​ខ្ញុំ​ទៀត? . . . មើល! ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ជួយ​ខ្ញុំ»។ (អេសា. ៥០:៨, ៩) ព្រះ​យេហូវ៉ា​ពិត​ជា​បាន​ជួយ​ព្រះ​យេស៊ូ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​ទ្រង់​មែន ដូច​បាន​ឃើញ​តាម​រយៈ​ទំនាយ​ឯ​ទៀត​របស់​អេសាយ។

កិច្ច​បម្រើ​ផ្សាយ​របស់​អ្នក​បម្រើ

៨​. ដូច​បាន​ទាយ​ទុក​ក្នុង​អេសាយ ៤២:១ តើ​អ្វី​បញ្ជាក់​ថា​ព្រះ​យេស៊ូ​ជា​«អ្នក​ជ្រើស​រើស»​របស់​ព្រះ​យេហូវ៉ា?

កំណត់​ហេតុ​ក្នុង​គម្ពីរ​បាន​រៀប​រាប់​អ្វី​ដែល​បាន​កើត​ឡើង​ពេល​ព្រះ​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នា​ឆ្នាំ​២៩ គ.ស. ដោយ​ថា​៖ «ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ទ្រង់ . . . ក៏​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា​៖ ‹ឯង​ជា​កូន​ស្ងួន​ភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់›»។ (លូ. ៣:២១, ២២) យ៉ាង​នេះ ព្រះ​យេហូវ៉ា​បាន​សម្គាល់​«អ្នក​ជ្រើស​រើស»​របស់​ទ្រង់​យ៉ាង​ច្បាស់ ដែល​បាន​ចែង​ក្នុង​ទំនាយ​អេសាយ។ (សូម​អាន អេសាយ ៤២:១​-​៧) ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​ព្រះ​យេស៊ូ ទ្រង់​បាន​សម្រេច​ទំនាយ​នេះ​តាម​វិធី​ដ៏​អស្ចារ្យ។ ក្នុង​សៀវភៅ​ដំណឹង​ល្អ​ដែល​ម៉ាថាយ​បាន​សរសេរ នោះ​គាត់​ដក​ស្រង់​ពាក្យ​ពី​សៀវភៅ​អេសាយ ៤២:១​-​៤ ហើយ​ប្រើ​ពាក្យ​នោះ​ដើម្បី​សំដៅ​ទៅ​លើ​ព្រះ​យេស៊ូ។—ម៉ាថ. ១២:១៥​-​២១

៩, ១០​. (ក) ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​ព្រះ​យេស៊ូ តើ​ទ្រង់​បាន​សម្រេច​ទំនាយ​នៅ​សៀវភៅ​អេសាយ ៤២:៣ យ៉ាង​ដូច​ម្ដេច? (ខ) ពេល​គង់នៅ​ផែនដី តើ​គ្រិស្ត​បាន​នាំ​ឲ្យ​មាន​«សេចក្ដី​យុត្ដិធម៌»​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​ទ្រង់​«តាំង​សេចក្ដី​យុត្ដិធម៌​ឡើង​នៅ​ផែនដី»​នៅ​ពេល​ណា?

ពួក​មេ​ដឹក​នាំ​សាសនា​យូដា​ស្អប់​មនុស្ស​សាមញ្ញ​ធម្មតា​ក្នុង​ចំណោម​ជន​ជាតិ​យូដា។ (យ៉ូន. ៧:៤៧​-​៤៩) គេ​ប្រព្រឹត្ត​ដោយ​ជិះ​ជាន់​បណ្ដា​ជន ហេតុ​នេះ​ហើយ​បាន​ជា​បណ្ដា​ជន​ប្រៀប​ដូច​ជា​«ដើម​ត្រែង​ដែល​បាក់» ឬ​«ប្រឆេះ»​ដែល​ហៀប​នឹង​រលត់។ ប៉ុន្តែ ព្រះ​យេស៊ូ​បង្ហាញ​ចិត្ត​អាណិត​អាសូរ​ដល់​អ្នក​ដែល​ក្រ​និង​អ្នក​គ្រាំគ្រា​ចិត្ត។ (ម៉ាថ. ៩:៣៥, ៣៦) ទ្រង់​បាន​ផ្ដល់​សេចក្ដី​អញ្ជើញ​ដ៏​សប្បុរស​ដោយ​មាន​ប្រសាសន៍​ថា​៖ «អស់​អ្នក​ដែល​នឿយ​ព្រួយ​ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំ​រាក»។ (ម៉ាថ. ១១:២៨) ម្យ៉ាង​ទៀត ទ្រង់​បាន​នាំ​ឲ្យ​មាន​«សេចក្ដី​យុត្ដិធម៌»​ដោយ​បង្រៀន​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​អ្វី​ដែល​ខុស​និង​ត្រូវ។ (អេសា. ៤២:៣) ណា​មួយ​ទៀត ទ្រង់​បាន​បង្ហាញ​ថា ច្បាប់​របស់​ព្រះ​ត្រូវ​តែ​ប្រតិបត្ដិ​ដោយ​មាន​វិចារណញ្ញាណ​និង​មេត្ដា​ករុណា។ (ម៉ាថ. ២៣:២៣) បន្ថែម​ទៅ​ទៀត ព្រះ​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​យុត្ដិធម៌​ដោយ​មិន​រើស​មុខ​ក្នុង​ការ​ផ្សព្វ​ផ្សាយ ដល់​អ្នក​មាន​និង​អ្នក​ក្រ​ផង។—ម៉ាថ. ១១:៥; លូ. ១៨:១៨​-​២៣

១០ ទំនាយ​របស់​អេសាយ​ក៏​ទាយ​ថា​«អ្នក​ជ្រើស​រើស»​របស់​ព្រះ​យេហូវ៉ា​នឹង​«តាំង​សេចក្ដី​យុត្ដិធម៌​ឡើង​នៅ​ផែនដី»។ (អេសា. ៤២:៤) បន្ដិច​ទៀត ក្នុង​ឋានៈ​ជា​ស្តេច​នៃ​រាជាណាចក្រ​មេស្ស៊ី ទ្រង់​នឹង​តាំង​សេចក្ដី​យុត្ដិធម៌​ឡើង​នៅ​ផែនដី​ពេល​ទ្រង់​កម្ទេច​ចោល​រដ្ឋាភិបាល​ទាំង​ឡាយ ហើយ​ការ​គ្រប់​គ្រង​ដ៏​សុចរិត​របស់​ទ្រង់​នឹង​ត្រូវ​ជំនួស​រដ្ឋាភិបាល​របស់​មនុស្ស​វិញ។ ទ្រង់​នឹង​នាំ​ឲ្យ​មាន​ពិភព​លោក​ថ្មី​ដែល​«មាន​សុទ្ធតែ​សេចក្ដី​សុចរិត»។—២ពេ. ៣:១៣; ដា. ២:៤៤

«ពន្លឺ»​និង​«សេចក្ដី​សញ្ញា»

១១​. តើ​ព្រះ​យេស៊ូ​ជា​«ពន្លឺ​ភ្លឺ​ដល់​អស់​ទាំង​សាសន៍»​នៅ​សតវត្សរ៍​ទី​១​ក្នុង​ន័យ​អ្វី? ហើយ​នៅ​បច្ចុប្បន្ន​នេះ​ក្នុង​ន័យ​អ្វី?

១១ ស្រប​ទៅ​តាម​អេសាយ ៤២:៦ ព្រះ​យេស៊ូ​ពិត​ជា​«ពន្លឺ​ភ្លឺ​ដល់​អស់​ទាំង​សាសន៍»​មែន។ ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​នៅ​ផែនដី ទ្រង់​ផ្សាយ​ដំណឹង​ល្អ​ដែល​ប្រៀប​ដូច​ជា​ពន្លឺ​ដល់​ជន​ជាតិ​យូដា​ជា​ដំបូង។ (ម៉ាថ. ១៥:​២៤; កិច្ច. ៣:២៦) ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​ជា​ពន្លឺ​លោកីយ»។ (យ៉ូន. ៨:១២) ទ្រង់​បាន​ក្លាយ​ទៅ​ជា​ពន្លឺ​ចំពោះ​ជន​ជាតិ​យូដា និង​សាសន៍​ដទៃ​ដោយ​មិន​ត្រឹម​តែ​នាំ​ឲ្យ​ពួក​គេ​មាន​ការ​យល់​ដឹង​អំពី​ព្រះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្ដល់​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ទ្រង់​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង។ (ម៉ាថ. ២០:២៨) បន្ទាប់​ពី​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ នោះ​ទ្រង់​បង្គាប់​ពួក​សិស្ស​ឲ្យ​ធ្វើ​ជា​សាក្សី​បញ្ជាក់​ពី​ទ្រង់​«រហូត​ដល់​ចុង​ផែនដី​បំផុត​ផង»។ (កិច្ច. ១:៨) ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​ប៉ុល​និង​បា​ណា​បាស ពួក​គាត់​បាន​ដក​ស្រង់​ពាក្យ​ពី​ទំនាយ​នៅ​អេសាយ ៤២:៦ ដែល​ទាក់​ទង​នឹង​«ពន្លឺ​ភ្លឺ​ដល់​អស់​ទាំង​សាសន៍» ហើយ​យក​ចំណុច​នោះ​ប្រើ​សំដៅ​ទៅ​លើ​កិច្ច​ផ្សព្វ​ផ្សាយ​ដែល​ពួក​គាត់​កំពុង​តែ​ធ្វើ​ក្នុង​ចំណោម​មនុស្ស​ដែល​មិន​មែន​ជា​ជន​ជាតិ​យូដា។ (កិច្ច. ១៣:៤៦​-​៤៨) កិច្ចការ​ផ្សព្វ​ផ្សាយ​ក៏​កំពុង​តែ​សម្រេច​នៅ​បច្ចុប្បន្ន​នេះ​ដែរ ខណៈ​ដែល​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ និង​គូ​កន​របស់​ពួក​គាត់​ផ្សាយ​ដំណឹង​ល្អ ហើយ​ជួយ​មនុស្ស​ឲ្យ​មាន​ជំនឿ​ទៅ​លើ​ព្រះ​យេស៊ូ​ដែល​ជា​«ពន្លឺ​ភ្លឺ​ដល់​អស់​ទាំង​សាសន៍»។

១២​. តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​អ្នក​បម្រើ​របស់​ទ្រង់​«ជា​សេចក្ដី​សញ្ញា​ដល់​បណ្ដា​ជន»​យ៉ាង​ដូច​ម្ដេច?

១២ ក្នុង​ទំនាយ​ដដែល​នោះ ព្រះ​យេហូវ៉ា​បាន​ប្រាប់​អ្នក​បម្រើ​របស់​ទ្រង់​ដែល​ត្រូវ​បាន​ជ្រើស​រើស​ថា​៖ «អញ​នឹង . . . ថែ​រក្សា​ឯង អញ​នឹង​តាំង​ឯង​ឡើង ទុក​ជា​សេចក្ដី​សញ្ញា​ដល់​បណ្ដា​ជន»។ (អេសា. ៤២:៦) សាតាំង​ខំ​ប្រឹង​បំផ្លាញ​ព្រះ​យេស៊ូ ហើយ​ខំ​រារាំង​មិន​ឲ្យ​បំពេញ​កិច្ច​បម្រើ​ផ្សាយ​នៅ​ផែនដី​ទេ តែ​ព្រះ​យេហូវ៉ា​បាន​ថែ​រក្សា​រហូត​ដល់​មរណភាព​របស់​ទ្រង់​តាម​វេលា​កំណត់។ (ម៉ាថ. ២:១៣; យ៉ូន. ៧:៣០) ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ ហើយ​ផ្ដល់​ទ្រង់​ទុក​ជា​«សេចក្ដី​សញ្ញា»​ឬ​កិច្ច​ព្រមព្រៀង​ដល់​មនុស្ស​នៅ​ផែនដី។ សេចក្ដី​សន្យា​ដ៏​ឧឡារ​នោះ​បង្កើន​ទំនុក​ចិត្ត​ថា អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​នឹង​បន្ត​ធ្វើ​ជា​«ពន្លឺ​ភ្លឺ​ដល់​អស់​ទាំង​សាសន៍» ក្នុង​ការ​ជួយ​រំដោះ​អស់​អ្នក​ដែល​មិន​ទាន់​ដឹង​ពី​គោល​បំណង​របស់​ព្រះ។—សូម​អាន អេសាយ ៤៩:៨, ៩

១៣​. ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ តើ​ព្រះ​យេស៊ូ​បាន​សង្គ្រោះ​«ពួក​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ងងឹត»​តាម​របៀប​ណា? ហើយ​តើ​ទ្រង់​នៅ​តែ​បន្ត​កិច្ចការ​សង្គ្រោះ​យ៉ាង​ដូច​ម្ដេច?

១៣ ស្រប​ទៅ​តាម​កិច្ច​ព្រមព្រៀង​នេះ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ដែល​ត្រូវ​បាន​ជ្រើស​រើស​នឹង​«ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ឡើង» «នាំ​ពួក​ត្រូវ​ចាប់​ចង​ចេញ​ពី​គុក​ងងឹត» ហើយ​សង្គ្រោះ​«ពួក​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ងងឹត»។ (អេសា. ៤២:៧) ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ ព្រះ​យេស៊ូ​បាន​ធ្វើ​ដូច្នោះ​ដោយ​បក​អាក្រាត​អំពី​ទំនៀម​ទម្លាប់​នៃ​សាសនា​មិន​ពិត ហើយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​វិញ។ (ម៉ាថ. ១៥:៣; លូ. ៨:១) យ៉ាង​នេះ ទ្រង់​បាន​សង្គ្រោះ​ជន​ជាតិ​យូដា​ពី​សាសនា​មិន​ពិត ហើយ​ពួក​គាត់​បាន​ក្លាយ​ទៅ​ជា​សិស្ស​របស់​ទ្រង់។ (យ៉ូន. ៨:​៣១, ៣២) ស្រ​ដៀង​គ្នា​ដែរ ព្រះ​យេស៊ូ​បាន​នាំ​មនុស្ស​រាប់​លាន​នាក់​ដែល​មិន​មែន​ជា​ជន​ជាតិ​យូដា​ឲ្យ​រៀន​សេចក្ដី​ពិត។ ទ្រង់​បាន​បង្គាប់​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​«ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍»។ ព្រះ​យេស៊ូ​បាន​សន្យា​ថា នឹង​នៅ​ជា​មួយ​ពួក​សិស្ស​របស់​ទ្រង់​«ដរាប​ដល់​បំផុត​កល្ប»។ (ម៉ាថ. ២៨:១៩, ២០) ពី​ស្ថាន​សួគ៌ គ្រិស្ត​យេស៊ូ​កំពុង​ត្រួត​ពិនិត្យ​មើល​ការ​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក។

ព្រះ​យេហូវ៉ា​បាន​តម្កើង​«អ្នក​បម្រើ»

១៤, ១៥​. ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​តម្កើង​អ្នក​បម្រើ​របស់​ទ្រង់? ហើយ​តម្កើង​យ៉ាង​ដូច​ម្ដេច?

១៤ ក្នុង​ទំនាយ​មួយ​ទៀត​អំពី​អ្នក​បម្រើ​របស់​ទ្រង់​ដែល​ជា​មេស្ស៊ី នោះ​ព្រះ​យេហូវ៉ា​បាន​ពោល​ថា​៖ «មើល! អ្នក​បំរើ​របស់​អញ​នឹង​ប្រព្រឹត្ត​ដោយ​ប្រយ័ត​ប្រយែង ទ្រង់​នឹង​បាន​ដំ​កើង​ឡើង គេ​នឹង​លើក​ទ្រង់​ឡើង​ឲ្យ​គង់នៅ​ទី​ខ្ពស់​ណាស់»។ (អេសា. ៥២:១៣) ដោយ​ហេតុ​ថា ព្រះ​យេស៊ូ​មាន​ចិត្ត​ស្មោះ​ភក្ដី​ក្នុង​ការ​ចុះ​ចូល​ចំពោះ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ព្រះ​យេស៊ូ​ក៏​បាន​រក្សា​ចិត្ត​ស្មោះ​ត្រង់​ពេល​មាន​ការ​ល្បង​ល​ដ៏​ពិបាក​បំផុត​ដែរ​នោះ ព្រះ​យេហូវ៉ា​ក៏​តម្កើង​បុត្រ​របស់​ទ្រង់​ឡើង។

១៥ សាវ័ក​ពេត្រុស​បាន​សរសេរ​អំពី​ព្រះ​យេស៊ូ​ថា​៖ «ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ស្ថាន​សួគ៌ គង់នៅ​ខាង​ស្ដាំ​នៃ​ព្រះ ទាំង​មាន​ពួក​ទេវតា ពួក​មាន​អំណាច នឹង​ពួក​មាន​ឥទ្ធិ​ឫទ្ធិ​ទាំង​ប៉ុន្មាន ចុះ​ចូល​នឹង​ទ្រង់​ដែរ»។ (១ពេ. ៣:២២) ស្រ​ដៀង​គ្នា​ដែរ សាវ័ក​ប៉ុល​សរសេរ​ថា​៖ «[ព្រះ​យេស៊ូ​បាន]​បន្ទាប​ព្រះ​អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្ដាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​លើ​ឈើ​ឆ្កាង​ផង។ ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម​ផង។ ដើម្បី​កាល​ណា​ឮ​ព្រះ​នាម​ព្រះ​យេស៊ូ​វ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន​សួគ៌ នៅ​ផែនដី ហើយ​នៅ​ក្រោម​ផែនដី​ត្រូវ​លុត​ចុះ។ ហើយ​ឲ្យ​គ្រប់​ទាំង​អណ្ដាត​បាន​ថ្លែង​ប្រាប់​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​ជា​ព្រះ​អម្ចាស់ សំ​រាប់​ជា​សិរី​ល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា»។—ភី. ២:៨​-​១១

១៦​. នៅ​ឆ្នាំ​១៩១៤ តើ​ព្រះ​យេស៊ូ​ត្រូវ​បាន‹លើក​ឡើង​ឲ្យ​គង់នៅ​ទី​ខ្ពស់​ណាស់›យ៉ាង​ដូច​ម្ដេច? ហើយ​តើ​ទ្រង់​បាន​សម្រេច​ការ​អ្វី​ខ្លះ​តាំង​ពី​ពេល​នោះ​មក?

១៦ នៅ​ឆ្នាំ​១៩១៤ ព្រះ​យេហូវ៉ា​បាន​តម្កើង​ព្រះ​យេស៊ូ​យ៉ាង​ខ្ពស់​ថែម​ទៀត។ ព្រះ​យេស៊ូ​ត្រូវ​បាន‹លើក​ឡើង​ឲ្យ​គង់នៅ​ទី​ខ្ពស់​ណាស់› ពេល​ដែល​ព្រះ​យេហូវ៉ា​លើក​ទ្រង់​ឲ្យ​សោយរាជ្យ​ជា​ស្តេច​ក្នុង​រាជាណាចក្រ​នៃ​មេស្ស៊ី។ (ទំនុក. ២:៦; ដា. ៧:១៣, ១៤) តាំង​ពី​ពេល​នោះ​មក គ្រិស្ត​បាន​«គ្រប់​គ្រង​នៅ​កណ្ដាល​ពួក​ខ្មាំង​សត្រូវ»។ (ទំនុក. ១១០:២) មុន​ដំបូង ទ្រង់​បាន​បង្ក្រាប​សាតាំង​និង​ពួក​វិញ្ញាណ​កំណាច​ដោយ​ទម្លាក់​ពួក​វា​មក​ក្បែរៗ​ផែនដី។ (វិវរ. ១២:៧​-​១២) ក្រោយ​មក ដោយ​ធ្វើ​ដូច​ជា​ស៊ី​រូស​ដ៏​ឧត្តម គ្រិស្ត​បាន​ដោះ​លែង​បង​ប្អូន​របស់​ទ្រង់​ដែល​ត្រូវ​បាន​រើស​តាំង​ដែល​នៅ​សេស​សល់​លើ​ផែនដី ឲ្យ​រួច​ពី​«បាប៊ីឡូនដ៏​ជា​ធំ»។ (វិវរ. ១៨:២; អេសា. ៤៤:២៨) ទ្រង់​បាន​ត្រួត​ត្រា​លើ​ការ​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក ហើយ​ជា​លទ្ធផល​បាន​ប្រមូល​ពួក​«សំណល់»​នៃ​ពួក​បង​ប្អូន​របស់​ទ្រង់​ដែល​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌ និង​ពួក​«ចៀម​ឯ​ទៀត»​រាប់​លាន​នាក់​ដែល​ជា​គូ​កន​ដ៏​ស្មោះ​ភក្ដី​របស់​«ហ្វូង​តូច»។—វិវរ. ១២:១៧; យ៉ូន. ១០:១៦; លូ. ១២:៣២

១៧​. ដោយ​សិក្សា​ទំនាយ​របស់​អេសាយ​ស្តី​អំពី​«អ្នក​បម្រើ»​នោះ តើ​យើង​បាន​រៀន​អ្វី​ខ្លះ?

១៧ ការ​សិក្សា​ទំនាយ​ដ៏​អស្ចារ្យ​ទាំង​នេះ​ពី​សៀវភៅ​អេសាយ ពិត​ជា​បាន​បង្កើន​ចិត្ត​ដឹង​គុណ​ចំពោះ​ព្រះ​យេស៊ូ​គ្រិស្ត ជា​ស្តេច​និង​ជា​អ្នក​លោះ​យើង។ ការ​ចុះ​ចូល​របស់​ទ្រង់​ជា​បុត្រ​ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ បាន​បង្ហាញ​ពី​ការ​បង្ហាត់​បង្រៀន​ដែល​ទ្រង់​ទទួល​ពេល​នៅ​ជិត​បិតា​មុន​ចុះ​មក​ផែនដី។ ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា​ទ្រង់​ជា​«ពន្លឺ​ភ្លឺ​ដល់​អស់​ទាំង​សាសន៍»​ដោយ​កិច្ច​បម្រើ​ផ្សាយ​របស់​ខ្លួន ព្រម​ទាំង​កិច្ច​ផ្សព្វ​ផ្សាយ​ដែល​ទ្រង់​បាន​ត្រួត​ពិនិត្យ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ។ ដូច​យើង​នឹង​ឃើញ​នៅ​អត្ថបទ​បន្ទាប់ មាន​ទំនាយ​មួយ​ទៀត​ស្តី​អំពី​អ្នក​បម្រើ​ដែល​ជា​មេស្ស៊ី។ ទំនាយ​នោះ​លាត​ត្រដាង​ពី​ព្រះ​យេស៊ូ​ថា​ទ្រង់​នឹង​ត្រូវ​រង​ទុក្ខ និង​លះ​បង់​ជីវិត​ខ្លួន​ដើម្បី​ប្រយោជន៍​យើង។ នេះ​ពិត​ជា​រឿង​ដែល​យើង​គួរ​«ពិចារណា​មើល»​កាល​ដែល​ជិត​ដល់​ពេល​ធ្វើ​ពិធី​រំលឹក​មរណភាព​របស់​ព្រះ​យេស៊ូ។—ហេ. ១២:២, ៣

[កំណត់​សម្គាល់]

^ វគ្គ 2 អ្នក​អាច​អាន​ទំនាយ​ទាំង​នេះ​នៅ​សៀវភៅ​អេសាយ ៤២:១​-​៧; ៤៩:១​-​១២; ៥០:៤​-​៩; និង ៥២:១៣​–​៥៣:១២។

ការ​សើរើ​ឡើង​វិញ

តើ​«អ្នក​បម្រើ»​ក្នុង​ទំនាយ​របស់​អេសាយ​ជា​អ្នក​ណា? ហើយ​ហេតុ​ម្ដេច​បាន​ជា​យើង​ដឹង?

តើ​អ្នក​បម្រើ​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​អ្វី​ពី​ព្រះ​យេហូវ៉ា?

តើ​ព្រះ​យេស៊ូ​ជា​«ពន្លឺ​ភ្លឺ​ដល់​អស់​ទាំង​សាសន៍»​យ៉ាង​ដូច​ម្ដេច?

តើ​អ្នក​បម្រើ​នោះ​ត្រូវ​បាន​តម្កើង​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២២]

ភីលីព​បាន​សម្គាល់​យ៉ាង​ច្បាស់​ថា «អ្នក​បម្រើ»​ក្នុង​ទំនាយ​របស់​អេសាយ គឺជា​ព្រះ​យេស៊ូ​ដែល​ជា​មេស្ស៊ី

[រូបភាព​នៅ​ទំព័រ​២៣]

ក្នុង​នាម​ជា​អ្នក​បម្រើ​ដែល​ត្រូវ​បាន​ជ្រើស​រើស ព្រះ​យេស៊ូ​បាន​បង្ហាញ​ចិត្ត​មេត្ដា​ដល់​អ្នក​ក្រ​និង​អ្នក​គ្រាំគ្រា​ចិត្ត

[រូបភាព​នៅ​ទំព័រ​២៤]

ព្រះ​យេស៊ូ​ត្រូវ​បាន​តម្កើង​ដោយ​បិតា​របស់​ទ្រង់ ហើយ​ឲ្យ​សោយរាជ្យ​ជា​ស្តេច​ក្នុង​រាជាណាចក្រ​នៃ​មេស្ស៊ី