លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អញ្ជើញ«មកតាមខ្ញុំចុះ»

អញ្ជើញ«មកតាមខ្ញុំចុះ»

អញ្ជើញ​«មក​តាម​ខ្ញុំ​ចុះ»

«បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង . . . ហើយ​មក​តាម​ខ្ញុំ​ចុះ!»។—លូ. ៩:២៣

១, ២​. (ក) តើ​ព្រះ​យេស៊ូ​បាន​ផ្ដល់​សេចក្ដី​អញ្ជើញ​អ្វី​ដ៏​សប្បុរស? (ខ) ចំពោះ​សេចក្ដី​អញ្ជើញ​របស់​ព្រះ​យេស៊ូ តើ​អ្នក​បាន​តប​ឆ្លើយ​យ៉ាង​ណា?

នៅ​ជិត​ដំណាច់​កិច្ច​បម្រើ​ផ្សាយ​របស់​ព្រះ​យេស៊ូ ទ្រង់​កំពុង​តែ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ស្រុក​ប៉េរ៉េ ជា​ភូមិ​ភាគ​មួយ​នៅ​ត្រើយ​ម្ខាង​ទន្លេ​យ័រដាន់ ដែល​ស្ថិត​នៅ​ខាង​ជើង​ឆៀង​ខាង​កើត​ស្រុក​យូដា។ បុរស​ក្មេង​ម្នាក់​បាន​សួរ​ទ្រង់​ថា តើ​គាត់​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់? បន្ទាប់​ពី​ជ្រាប​ថា​បុរស​ក្មេង​នោះ​បាន​កាន់​តាម​ក្រឹត្យ​វិន័យ​ម៉ូសេ​យ៉ាង​ស្មោះ​ត្រង់ នោះ​ព្រះ​យេស៊ូ​បាន​ផ្ដល់​សេចក្ដី​អញ្ជើញ​ដ៏​អស្ចារ្យ​មួយ។ ទ្រង់​មាន​ប្រសាសន៍​ថា​៖ «ត្រូវ​ទៅ​លក់​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្ដិ​នៅ​លើ​ស្ថាន​សួគ៌​វិញ រួច . . . មក​តាម​ខ្ញុំ​ចុះ»។ (ម៉ាក. ១០:២១) សូម​គិត​មើល ព្រះ​យេស៊ូ បុត្រ​តែ​មួយ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​អញ្ជើញ​គាត់​ឲ្យ​មក​តាម​ទ្រង់!

បុរស​ក្មេង​នោះ​មិន​បាន​មក​តាម​សេចក្ដី​អញ្ជើញ​របស់​ព្រះ​យេស៊ូ​ទេ តែ​អ្នក​ឯ​ទៀត​ព្រម​មក​តាម​ទ្រង់។ មិន​យូរ​មុន​ព្រះ​យេស៊ូ​ជួប​បុរស​ក្មេង​នោះ ទ្រង់​មាន​ប្រសាសន៍​ទៅ​កាន់​ភីលីព​ថា​៖ «ចូរ​តាម​ខ្ញុំ​មក»។ (យ៉ូន. ១:៤៣) ភីលីព​បាន​មក​តាម ហើយ​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​សាវ័ក​ម្នាក់។ ព្រះ​យេស៊ូ​ក៏​បាន​អញ្ជើញ​ម៉ាថាយ ហើយ​គាត់​ក៏​មក​តាម​ដែរ។ (ម៉ាថ. ៩:៩; ១០:២​-​៤) ពិត​មែន​ហើយ ព្រះ​យេស៊ូ​បាន​ផ្ដល់​សេចក្ដី​អញ្ជើញ​ទៅ​អស់​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សុចរិត ពេល​ដែល​ទ្រង់​មាន​ប្រសាសន៍​ថា​៖ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង . . . ហើយ​មក​តាម​ខ្ញុំ​[ជា​ដរាប]​ចុះ»។ (លូ. ៩:២៣) ដូច្នេះ អ្នក​ណា​ក៏​ដោយ ឲ្យ​តែ​ចង់​មក​តាម​ទ្រង់​ពិត​មែន នោះ​អាច​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេស៊ូ​បាន។ តើ​អ្នក​ចង់​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេស៊ូ​ទេ? យើង​ភាគ​ច្រើន​បាន​មក​តាម​សេចក្ដី​អញ្ជើញ​ដ៏​សប្បុរស​របស់​ព្រះ​យេស៊ូ​រួច​ទៅ​ហើយ។ ណា​មួយ​ទៀត នៅ​ក្នុង​កិច្ច​បម្រើ​ផ្សាយ យើង​ក៏​ប្រាប់​មនុស្ស​ថា​ព្រះ​យេស៊ូ​អញ្ជើញ​ពួក​គេ​ឲ្យ​មក​តាម​ទ្រង់​ដែរ។

៣​. តើ​យើង​អាច​ជៀស​វាង​ពី​ការ​រសាត់​ចេញ​ពី​ការ​កាន់​តាម​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

គួរ​ឲ្យ​ស្ដាយ​ណាស់! អ្នក​ខ្លះ​ចាប់​អារម្មណ៍​ទៅ​លើ​សេចក្ដី​ពិត​ដែល​មាន​ក្នុង​គម្ពីរ ប៉ុន្តែ ពួក​គេ​មិន​បាន​បន្ត​រៀន​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ឈប់​រៀន ហើយ​នៅ​ទី​បំផុត​«រសាត់​ចេញ»​ពី​ការ​កាន់​តាម​ព្រះ​យេស៊ូ។ (ហេ. ២:១) តើ​អ្នក​អាច​ជៀស​វាង​ពី​ការ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​នោះ​យ៉ាង​ដូច​ម្ដេច? យក​ល្អ​ប្រសិនបើ​យើង​សួរ​ខ្លួន​ឯង​សំណួរ​ដូច​ត​ទៅ​នេះ: ‹ហេតុ​អ្វី​យើង​សម្រេច​ចិត្ត​កាន់​តាម​ព្រះ​យេស៊ូ​នៅ​ដើម​ដំបូង? តើ​ការ​កាន់​តាម​ព្រះ​យេស៊ូ​មាន​ន័យ​អ្វី?›។ ដោយ​ចាំ​ចម្លើយ​ចំពោះ​សំណួរ​ទាំង​ពីរ​នេះ​នឹង​ជួយ​យើង​ឲ្យ​ស្ថិត​នៅ​ក្នុង​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​ដែល​យើង​បាន​ជ្រើស​រើស ហើយ​ជួយ​យើង​ឲ្យ​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​មក​តាម​ព្រះ​យេស៊ូ​ដែរ។

ហេតុ​អ្វី​គួរ​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេស៊ូ?

៤, ៥​. ហេតុ​អ្វី​ព្រះ​យេស៊ូ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​នាំ​មុខ​យើង?

យេរេមា ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់​បាន​ពោល​ថា​៖ «ឱ​ព្រះ​យេហូវ៉ា​អើយ ទូល​បង្គំ​ដឹង​ថា ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​ដំ​រង់​ជំហាន​របស់​ខ្លួន នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ»។ (យេ. ១០:២៣) ត្រង់​ចំណុច​នេះ ប្រវត្ដិសាស្ត្រ​នៃ​មនុស្ស​លោក​បាន​បញ្ជាក់​ពី​សច្ចភាព​នៃ​ពាក្យ​របស់​យេរេមា។ យើង​ឃើញ​កាន់​តែ​ច្បាស់​ឡើងៗ​ថា មនុស្ស​ដែល​មិន​ល្អ​ឥត​ខ្ចោះ​គ្មាន​ជោគជ័យ​ក្នុង​ការ​តម្រង់​ឬ​គ្រប់​គ្រង​ខ្លួន​ឯង​ឡើយ។ យើង​ព្រម​មក​តាម​ព្រះ​យេស៊ូ ដោយ​សារ​យើង​រៀន​ដឹង​ថា​ទ្រង់​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ជា​អ្នក​នាំ​មុខ​យើង។ ហើយ​ទ្រង់​នាំ​មុខ​យើង​តាម​របៀប​ដែល​គ្មាន​មនុស្ស​ណា​អាច​យក​តម្រាប់​តាម​បាន​ឡើយ។ សូម​ពិចារណា​មូលហេតុ​ខ្លះៗ​ដែល​បញ្ជាក់​ថា​ព្រះ​យេស៊ូ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​នាំ​មុខ​យើង។

មុន​ដំបូង ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​ផ្ទាល់​បាន​ជ្រើស​រើស​ព្រះ​យេស៊ូ​ជា​មេស្ស៊ី​ដែល​ជា​អ្នក​នាំ​មុខ។ មាន​តែ​ព្រះ​ដែល​ជា​អ្នក​បង្កើត អាច​ដឹង​ថា​ត្រូវ​តែង​តាំង​បុគ្គល​មួយ​ណា​ជា​អ្នក​នាំ​មុខ​យើង មែន​ទេ? ទី​២ ព្រះ​យេស៊ូ​មាន​លក្ខណៈ​សម្បត្ដិ​ដែល​យើង​គួរ​កោត​ស្ងើច​និង​អាច​យក​តម្រាប់​តាម។ (សូម​អាន អេសាយ ១១:២, ៣) ទ្រង់​ជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ។ (១ពេ. ២:​២១) ទី​៣ ព្រះ​យេស៊ូ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​ទ្រង់ ដូច​ទ្រង់​បាន​បង្ហាញ​ពេល​ស៊ូ​ស្លាប់​ដើម្បី​ពួក​គាត់។ (សូម​អាន យ៉ូហាន ១០:១៤, ១៥) ណា​មួយ​ទៀត ទ្រង់​បង្ហាញ​ថា​ខ្លួន​ជា​គង្វាល​ម្នាក់​ដែល​យក​ចិត្ត​ទុក​ដាក់ កាល​ដែល​ទ្រង់​ណែនាំ​យើង​ឲ្យ​មាន​សុភមង្គល​ក្នុង​ជីវិត​ឥឡូវ និង​នាំ​យើង​ឲ្យ​មាន​អនាគត​ដ៏​អស្ចារ្យ​ដែល​គ្មាន​ទី​បញ្ចប់។ (យ៉ូន. ១០:១០, ១១; វិវរ. ៧:១៦, ១៧) ដោយ​មូលហេតុ​ទាំង​នេះ​និង​មូលហេតុ​ឯ​ទៀត យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ពេល​យើង​ជ្រើស​រើស​មក​តាម​ទ្រង់។ ប៉ុន្តែ តើ​ការ​មក​តាម​ព្រះ​យេស៊ូ​រួម​បញ្ចូល​អ្វី​ខ្លះ?

៦​. តើ​ការ​កាន់​តាម​ព្រះ​យេស៊ូ​រួម​បញ្ចូល​អ្វី?

ការ​ធ្វើ​ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​គឺ​មិន​គ្រាន់តែ​ហៅ​ខ្លួន​ជា​គ្រិស្ត​សាសនិក​ប៉ុណ្ណោះ​ឡើយ។ សព្វ​ថ្ងៃ​នេះ មនុស្ស​ប្រមាណ​ជា​ពីរ​ពាន់​លាន​នាក់​អះអាង​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក។ ប៉ុន្តែ ការ​ប្រព្រឹត្ត​របស់​ពួក​គេ​បង្ហាញ​ថា​ខ្លួន​ជា​«ពួក​ទទឹង​ច្បាប់»​ទៅ​វិញ។ (សូម​អាន ម៉ាថាយ ៧:​២១​-​២៣) ពេល​មនុស្ស​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​សេចក្ដី​អញ្ជើញ​ឲ្យ​កាន់​តាម​ព្រះ​យេស៊ូ នោះ​យើង​បង្ហាញ​ថា​ជីវភាព​រស់​នៅ​គ្រប់​ផ្នែក​របស់​គ្រិស្ត​សាសនិក​ពិត ត្រូវ​តែ​សម​ស្រប​តាម​សេចក្ដី​បង្រៀន​និង​គំរូ​របស់​ទ្រង់ ហើយ​ត្រូវ​តែ​អនុវត្ត​តាម​ជា​រៀង​រាល់​ថ្ងៃ​ដែរ។ ដើម្បី​បញ្ជាក់​អំពី​អត្ថន័យ​នេះ សូម​ពិចារណា​ចំណុច​ខ្លះៗ​ដែល​យើង​ដឹង​អំពី​ព្រះ​យេស៊ូ។

ចូរ​មាន​ប្រាជ្ញា​ដូច​ព្រះ​យេស៊ូ​ចុះ

៧, ៨​. (ក) តើ​ប្រាជ្ញា​ជា​អ្វី? ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​មាន​ប្រាជ្ញា​ច្រើន​ម្ល៉េះ? (ខ) តើ​ព្រះ​យេស៊ូ​បង្ហាញ​ប្រាជ្ញា​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​យើង​អាច​យក​តម្រាប់​តាម​ទ្រង់​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេស៊ូ​បាន​សម្ដែង​លក្ខណៈ​សម្បត្ដិ​ដ៏​ល្អ​ប្រសើរ​ជា​ច្រើន។ ប៉ុន្តែ យើង​នឹង​ប្រមូល​អារម្មណ៍​ទៅ​លើ​លក្ខណៈ​សម្បត្ដិ​តែ​បួន​ប៉ុណ្ណោះ ពោល​គឺ​ប្រាជ្ញា ចិត្ត​រាប​ទាប ចិត្ត​ខ្នះខ្នែង និង​សេចក្ដី​ស្រឡាញ់។ មុន​ដំបូង សូម​គិត​អំពី​ប្រាជ្ញា​របស់​ទ្រង់ ដែល​ជា​ភាព​ប៉ិនប្រសប់​ក្នុង​ការ​ប្រើ​ចំណេះ និង​ការ​យល់​ដឹង​តាម​របៀប​ដែល​ផ្ដល់​ប្រយោជន៍។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «មាន​គ្រប់​ទាំង​ផល​ថ្លៃ​វិសេស​នៃ​ប្រាជ្ញា នឹង​សេចក្ដី​ចេះ​ដឹង​លាក់​ទុក​ក្នុង​[ព្រះ​យេស៊ូ]»។ (កូល. ២:៣) តើ​ព្រះ​យេស៊ូ​មាន​ប្រាជ្ញា​បែប​នេះ​ពី​ណា​មក? អង្គ​ទ្រង់​ផ្ទាល់​មាន​ប្រសាសន៍​ថា​៖ «គឺ​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ តាម​ដែល​ព្រះ​វរបិតា​បាន​បង្រៀន​ខ្ញុំ»។ (យ៉ូន. ៨:២៨) ត្រូវ​ហើយ ព្រះ​យេហូវ៉ា​ផ្ដល់​ប្រាជ្ញា​ឲ្យ​ព្រះ​យេស៊ូ។ ដូច្នេះ យើង​មិន​ភ្ញាក់​ផ្អើល​ពី​ការ​គិត​ពិចារណា​ដ៏​ត្រឹម​ត្រូវ​របស់​ទ្រង់​ឡើយ។

ជា​ឧទាហរណ៍ ព្រះ​យេស៊ូ​បាន​គិត​ពិចារណា​យ៉ាង​ត្រឹម​ត្រូវ​ក្នុង​ការ​ជ្រើស​រើស​គន្លង​ជីវិត​របស់​ខ្លួន។ ទ្រង់​បាន​សម្រេច​ចិត្ត​រក្សា​ឲ្យ​មាន​របៀប​រស់​នៅ​ដ៏​សាមញ្ញ​ធម្មតា ហើយ​ផ្ចង់​អារម្មណ៍​ទៅ​លើ​អ្វី​តែ​មួយ​គត់ ពោល​គឺ​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ ដោយ​ប្រាជ្ញា ទ្រង់​បាន​ចំណាយ​ពេល​វេលា​និង​កម្លាំង​ដើម្បី​ចម្រើន​ផល​ប្រយោជន៍​នៃ​រាជាណាចក្រ​របស់​ព្រះ។ យើង​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​ដោយ​ខំ​រក្សា​ឲ្យ​មាន‹ភ្នែក​ល្អ›។ ដូច្នេះ​ហើយ យើង​ជៀស​វាង​ពី​របស់​របរ​ខ្លះ​ដែល​មិន​ចាំ​បាច់ ដែល​អាច​ក្លាយ​ទៅ​ជា​បន្ទុក​ធ្ងន់​ស៊ី​អស់​ទាំង​កម្លាំង​ទាំង​ស្មារតី​របស់​យើង។ (ម៉ាថ. ៦:២២) គ្រិស្ត​សាសនិក​ជា​ច្រើន​បាន​ចាត់​វិធានការ​ឲ្យ​មាន​របៀប​រស់​នៅ​ដ៏​សាមញ្ញ​ធម្មតា ដើម្បី​អាច​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ បង​ប្អូន​ខ្លះ​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ។ ប្រសិនបើ​បង​ប្អូន​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ នេះ​ជា​ការ​ដ៏​គួរ​ឲ្យ​សរសើរ​ណាស់! ការ‹ស្វែងរក​នគរ​ព្រះ​ជា​មុន​សិន›នាំ​ឲ្យ​មាន​សុភមង្គល​និង​សេចក្ដី​ស្កប់​ស្កល់​ជា​ច្រើន។—ម៉ាថ. ៦:៣៣

ចូរ​មាន​ចិត្ត​រាប​ទាប​ដូច​ព្រះ​យេស៊ូ​ចុះ

៩, ១០​. តើ​ព្រះ​យេស៊ូ​បាន​បង្ហាញ​ចិត្ត​រាប​ទាប​យ៉ាង​ដូច​ម្ដេច?

ទិដ្ឋភាព​ទី​២​នៃ​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេស៊ូ​ដែល​យើង​នឹង​ពិចារណា​គឺ​ចិត្ត​រាប​ទាប​របស់​ទ្រង់។ កាល​ណា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ទទួល​អំណាច​ណា​មួយ នោះ​ជា​រឿយៗ ពួក​គាត់​ចាប់​មាន​ចិត្ត​ធំ។ ប៉ុន្តែ ព្រះ​យេស៊ូ​ខុស​ស្រឡះ​ពី​នេះ! ទោះ​បើ​ទ្រង់​មាន​ភារកិច្ច​សំខាន់​បំផុត​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ក៏​ពិត​មែន តែ​ព្រះ​យេស៊ូ​មិន​បង្ហាញ​ចិត្ត​ក្រអឺត​សោះ សូម្បី​តែ​បន្ដិច​ក៏​មិន​មាន​ដែរ។ ហើយ​យើង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ចិត្ត​រាប​ទាប​ដូច​ទ្រង់​ដែរ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «ត្រូវ​តែ​មាន​គំនិត​គិត​ដូច​ជា​ព្រះ​គ្រីស្ទ​យេស៊ូវ​វិញ ដែល​ទោះ​បើ​ទ្រង់​មាន​រូបអង្គ​ជា​ព្រះ​ក៏​ដោយ គង់តែ​មិន​បាន​រាប់​សេចក្ដី​ដែល​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្ដី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ គឺ​ទ្រង់​បាន​លះ​បង់​ព្រះ​អង្គ​ទ្រង់ មក​យក​រូបភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង»។ (ភី. ២:៥​-​៧) តើ​នេះ​រួម​បញ្ចូល​អ្វី​ខ្លះ?

១០ ព្រះ​យេស៊ូ​មាន​ឯកសិទ្ធិ​ដ៏​រុងរឿង​ក្នុង​ការ​គង់​ជា​មួយ​បិតា​នៅ​ស្ថាន​សួគ៌ តែ​ទ្រង់​បាន​ស្ម័គ្រ​ចិត្ត​«លះ​បង់​ព្រះ​អង្គ​ទ្រង់»​វិញ។ ជីវិត​របស់​ព្រះ​យេស៊ូ​បាន​ផ្ទេរ​មក​ក្នុង​ផ្ទៃ​នាង​ព្រហ្មចារី​សាសន៍​យូដា​ម្នាក់ ហើយ​ក្នុង​រយៈ​ពេល​ប្រាំបួន​ខែ ទ្រង់​បាន​លូត​លាស់​ធំ​ធាត់​រហូត​ដល់​ទ្រង់​បាន​កើត​មក​ជា​ទារក​ក្មេង​ខ្ចី នៅ​ក្នុង​គ្រួសារ​ជាង​ឈើ​ដ៏​សាមញ្ញ​មួយ។ ក្នុង​ផ្ទះ​របស់​យ៉ូសែប ព្រះ​យេស៊ូ​បាន​ធំ​ចម្រើន​ឡើង​ជា​ក្មេង​ចេះ​ដើរ​តេសតាស រួច​មក​ជា​កុមារ​មួយ​រូប ហើយ​ទី​បំផុត​ជា​យុវជន​ម្នាក់។ ព្រះ​យេស៊ូ​មិន​មាន​អំពើ​ខុស​ឆ្គង​ទេ តែ​យ៉ាង​ណា​ក៏​ដោយ ពី​ទារក​រហូត​ដល់​យុវវ័យ នោះ​ទ្រង់​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​មាតាបិតា​ដែល​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ (លូ. ២:៥១, ៥២) នេះ​ជា​ភាព​រាប​ទាប​ដែល​មិន​មាន​ពីរ​ទេ!

១១​. តើ​យើង​អាច​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​តាម​របៀប​ណាខ្លះ?

១១ នៅ​ពេល​ដែល​យើង​ស្ម័គ្រ​ចិត្ត​ទទួល​ភារកិច្ច​ដែល​ជួនកាល​មើល​ទៅ​ហាក់​ដូច​ជា​ថោក​ទាប នោះ​បាន​ន័យ​ថា​យើង​យក​តម្រាប់​តាម​ចិត្ត​រាប​ទាប​របស់​ព្រះ​យេស៊ូ​ហើយ។ ជា​ឧទាហរណ៍ សូម​ពិចារណា​ពី​ភារកិច្ច​របស់​យើង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ កិច្ចការ​បែប​នោះ​មើល​ទៅ​ឃើញ​ដូច​ជា​ថោក​ទាប ជា​ពិសេស​នៅ​ពេល​ដែល​ម្ចាស់​ផ្ទះ​ធ្វើ​ព្រងើយ​កន្តើយ សើច​ចំអក​ដាក់ ឬ​ជំទាស់​នឹង​យើង។ យ៉ាង​ណា​ក្ដី ការ​ស៊ូ​ទ្រាំ​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ គឺជា​ការ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​មក​តាម​ព្រះ​យេស៊ូ​ស្រប​ទៅ​តាម​សេចក្ដី​អញ្ជើញ​របស់​ទ្រង់។ ដូច្នេះ​យើង​អាច​ជួយ​សង្គ្រោះ​ជីវិត។ (សូម​អាន ធីម៉ូថេទី២ ៤:១​-​៥) ឧទាហរណ៍​មួយ​ទៀត​គឺជា​ការ​ថែ​ទាំ​សម្អាត​សាល​ប្រជុំ​របស់​យើង។ នេះ​រួម​បញ្ចូល​ភារកិច្ច​ខ្លះ​ដែល​មើល​ទៅ​ហាក់​ដូច​ជា​ថោក​ទាប! ដូច​ជា​ការ​ប្រមូល​យក​សំរាម​ពី​ធុង​ទៅ​ចោល ឬ​បោស​ជូត​កម្រាល​ឥដ្ឋ​ការ៉ូ​ជា​ដើម។ ក៏​ប៉ុន្តែ យើង​ទទួល​ស្គាល់​ថា ការ​ថែ​ទាំ​សម្អាត​សាល​ប្រជុំ ដែល​ជា​មណ្ឌល​នៃ​ការ​ថ្វាយ​បង្គំ​ពិត គឺជា​ផ្នែក​មួយ​នៃ​កិច្ច​បម្រើ​បរិសុទ្ធ​របស់​យើង។ ដោយ​ស្ម័គ្រ​ចិត្ត​បំពេញ​ភារកិច្ច​ដែល​មើល​ទៅ​ហាក់​ដូច​ជា​ថោក​ទាប នោះ​យើង​បង្ហាញ​ចិត្ត​រាប​ទាប ហើយ​ធ្វើ​ដូច្នេះ​បាន​ន័យ​ថា​យើង​កំពុង​ដើរ​តាម​លំ​អាន​ដាន​លោក​គ្រិស្ត។

ចូរ​មាន​ចិត្ត​ខ្នះខ្នែង​ដូច​ព្រះ​យេស៊ូ​ចុះ

១២, ១៣​. (ក) តើ​ព្រះ​យេស៊ូ​បង្ហាញ​ចិត្ត​ខ្នះខ្នែង​យ៉ាង​ដូច​ម្ដេច? តើ​អ្វី​ជំរុញ​ទឹក​ចិត្ត​ទ្រង់​ឲ្យ​ធ្វើ​ដូច្នេះ? (ខ) តើ​អ្វី​ដែល​នឹង​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

១២ សូម​យើង​ពិចារណា​អំពី​ចិត្ត​ខ្នះខ្នែង​របស់​ព្រះ​យេស៊ូ​នៅ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ព្រះ​យេស៊ូ​បាន​ធ្វើ​កិច្ចការ​ច្រើន​ណាស់​ពេល​ទ្រង់​នៅ​ផែនដី។ ពេល​ទ្រង់​នៅ​ក្មេង​ទ្រង់​បាន​ធ្វើ​ជា​ជាង​ឈើ​ជា​មួយ​យ៉ូសែប​ដែល​ជា​ឪពុក​ចិញ្ចឹម។ ក្នុង​អំឡុង​កិច្ច​បម្រើ ទ្រង់​បាន​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន​មាន​ទាំង​ការ​ព្យាបាល​ជំងឺ ហើយ​និង​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ ក៏​ប៉ុន្តែ កិច្ចការ​ចម្បង​របស់​ទ្រង់​គឺជា​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ និង​បង្រៀន​អស់​អ្នក​ដែល​មាន​ចិត្ត​ចង់​ស្ដាប់។ (ម៉ាថ. ៤:២៣) ក្នុង​ឋានៈ​ជា​អ្នក​កាន់​តាម​ទ្រង់ យើង​ក៏​ត្រូវ​ធ្វើ​កិច្ចការ​ដូច​នេះ​ដែរ។ ដូច្នេះ តើ​តាម​របៀប​ណា​ដែល​យើង​អាច​យក​តម្រាប់​តាម​ទ្រង់? របៀប​មួយ​គឺ យើង​អាច​បណ្ដុះ​ឲ្យ​មាន​បំណង​ចិត្ត​ដូច​ព្រះ​យេស៊ូ។

១៣ អ្វី​ដែល​សំខាន់​នោះ គឺជា​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ដែល​បាន​ជំរុញ​ទឹក​ចិត្ត​ព្រះ​យេស៊ូ​ឲ្យ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​មនុស្ស។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​ក៏​ស្រឡាញ់​សេចក្ដី​ពិត​ដែល​ទ្រង់​បង្រៀន​ដែរ។ ចំពោះ​ព្រះ​យេស៊ូ សេចក្ដី​ពិត​ដែល​ទ្រង់​ប្រកាស​ផ្សាយ​ដល់​មនុស្ស​ទូទៅ​ជា​អ្វី​ដែល​មាន​តម្លៃ​បំផុត ហើយ​ទ្រង់​មាន​ចិត្ត​ខ្នះខ្នែង​ចង់​ផ្សព្វ​ផ្សាយ​ដល់​ពួក​គេ។ យើង​ក៏​មាន​គំនិត​ដូច​ទ្រង់​ដែរ ក្នុង​នាម​ជា‹គ្រូ​បង្រៀន›បណ្ដាំ​របស់​ព្រះ។ សូម​គិត​អំពី​សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​ខ្លះៗ​ដែល​យើង​បាន​រៀន​ពី​បណ្ដាំ​របស់​ព្រះ! យើង​ដឹង​រឿង​ស្តី​អំពី​អ្នក​ណា​ដែល​មាន​សិទ្ធិ​គ្រប់​គ្រង​សកលលោក​ទាំង​មូល ហើយ​ពី​របៀប​ដែល​នឹង​ត្រូវ​ដោះ​ស្រាយ។ យើង​យល់​យ៉ាង​ច្បាស់​នូវ​អ្វី​ដែល​គម្ពីរ​បាន​បង្រៀន​ស្តី​អំពី​ស្ថានភាព​របស់​មនុស្ស​ស្លាប់ និង​អំពី​ពរ​ដែល​រាជាណាចក្រ​របស់​ព្រះ​នឹង​នាំ​មក​ក្នុង​ពិភព​លោក​ថ្មី​របស់​ទ្រង់។ សេចក្ដី​ពិត​ទាំង​អស់​នេះ​នៅ​តែ​មាន​តម្លៃ​ដដែល មិន​ថា​យើង​ទើប​តែ​បាន​រៀន ឬ​ក៏​ធ្លាប់​បាន​រៀន​យូរ​មក​ហើយ​ក្ដី។ សេចក្ដី​ពិត​បែប​នេះ​មាន​តម្លៃ​កាត់​ថ្លៃ​មិន​បាន​ឡើយ។ (សូម​អាន ម៉ាថាយ ១៣:៥២) ដោយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដែល​ផុស​ចេញ​ពី​ចិត្ត​សាទរ នោះ​យើង​ផ្ទេរ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្រៀន​យើង​ទៅ​អ្នក​ឯ​ទៀត។

១៤​. តើ​យើង​អាចយ​តម្រាប់​តាម​របៀប​ដែល​ព្រះ​យេស៊ូ​បង្រៀន​យ៉ាង​ដូច​ម្ដេច?

១៤ សូម​កត់​សម្គាល់​អំពី​របៀប​ដែល​ព្រះ​យេស៊ូ​បង្រៀន​ដែរ។ ទ្រង់​តែង​តែ​ទាក់​ទាញ​អារម្មណ៍​អ្នក​ស្ដាប់​ទៅ​លើ​បទ​គម្ពីរ។ ពេល​លើក​ចំណុច​សំខាន់​មួយ ទ្រង់​តែង​តែ​មាន​ប្រសាសន៍​ថា​៖ «មាន​សេចក្ដី​ចែង​ទុក​មក​ដូច្នេះ»។ (ម៉ាថ. ៤:៤; ២១:១៣) គម្ពីរ​បាន​កត់​ទុក​ពាក្យ​របស់​ព្រះ​យេស៊ូ ហើយ​បាន​បង្ហាញ​ថា​ទ្រង់​លើក​ខ​គម្ពីរ​ចំៗ​ឬ​តាម​របៀប​ប្រយោល ជាង​៥០​ភាគ​រយ​ពី​បទ​គម្ពីរ​ភាសា​ហេព្រើរ។ ដូច​ព្រះ​យេស៊ូ​ដែរ ក្នុង​កិច្ច​បម្រើ​ផ្សាយ យើង​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​គម្ពីរ ហើយ​យើង​ព្យាយាម​លើក​បទ​គម្ពីរ​ឲ្យ​បាន​ច្រើន​បំផុត។ តាម​របៀប​នោះ មនុស្ស​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​អាច​ឃើញ​ដោយ​ខ្លួន​ឯង ថា​យើង​បង្រៀន​គំនិត​របស់​ព្រះ​មិន​មែន​គំនិត​របស់​យើង​ទេ។ យើង​មាន​ចិត្ត​សប្បាយ​មែន! ពេល​អ្នក​ណា​ម្នាក់​យល់​ព្រម​ឲ្យ​យើង​អាន​ពី​គម្ពីរ និង​ព្រម​ពិភាក្សា ស្តី​អំពី​ប្រយោជន៍ និង​អត្ថន័យ​នៃ​បណ្ដាំ​របស់​ព្រះ។ នៅ​ទី​បំផុត យើង​មាន​អំណរ​ខ្លាំង​ណាស់​បើ​មនុស្ស​នោះ​សុខ​ចិត្ត​កាន់​តាម​ព្រះ​យេស៊ូ។

ការ​កាន់​តាម​ព្រះ​យេស៊ូ​មាន​ន័យ​ថា​យើង​ស្រឡាញ់​អ្នក​ដទៃ

១៥​. តើ​លក្ខណៈ​សម្បត្ដិ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេស៊ូ​ជា​អ្វី? ហើយ​តើ​ការ​សញ្ជឹង​គិត​អំពី​លក្ខណៈ​សម្បត្ដិ​នេះ​មាន​ឥទ្ធិពល​មក​លើ​យើង​យ៉ាង​ដូច​ម្ដេច?

១៥ ទិដ្ឋភាព​ចុង​ក្រោយ​នៃ​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេស៊ូ​ដែល​យើង​នឹង​ពិភាក្សា​គឺ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស ជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មាន​ភាព​កក់​ក្ដៅ​ក្នុង​ចិត្ត​ជា​ទី​បំផុត។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​បង្ខំ​[ឬ​«ជំរុញ»]​យើង​ខ្ញុំ»។ (២កូ. ៥:១៤; ២​ករ. ៥:១៤, ខ.ស.) កាល​ណា​យើង​សញ្ជឹង​គិត​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេស៊ូ​មាន​ចំពោះ​មនុស្ស​ជាតិ​ជា​ទូទៅ និង​ចំពោះ​យើង​ម្នាក់ៗ នោះ​យើង​មាន​ភាព​កក់​ក្ដៅ​ក្នុង​ចិត្ត ហើយ​ជំរុញ​យើង​ឲ្យ​យក​តម្រាប់​តាម​ទ្រង់។

១៦, ១៧​. តើ​ព្រះ​យេស៊ូ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ឯ​ទៀត​តាម​របៀប​ណាខ្លះ?

១៦ តើ​ព្រះ​យេស៊ូ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច? ការ​ដែល​ទ្រង់​ស្ម័គ្រ​ចិត្ត​ប្ដូរ​ជីវិត​ជំនួស​យើង នោះ​ជា​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​បំផុត។ (យ៉ូន. ១៥:១៣) ក៏​ប៉ុន្តែ​ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​ទ្រង់ ព្រះ​យេស៊ូ​ក៏​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​របៀប​ផ្សេងៗ​ដែរ។ ជា​ឧទាហរណ៍ ទ្រង់​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​អ្នក​ដែល​រង​ទុក្ខ​លំបាក។ ពេល​ទ្រង់​បាន​ឃើញ​ម៉ា​រា​និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​នាង​កំពុង​យំ​សោក ដោយ​ព្រោះ​តែ​ឡា​សារ​ស្លាប់ ព្រះ​យេស៊ូ​មាន​សេចក្ដី​រំជួល​ទាំង​វិល​វល់​ក្នុង​ចិត្ត។ ថ្វី​ដ្បិត​តែ​ទ្រង់​ហៀបនឹង​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ​ក្ដី ព្រះ​យេស៊ូ​រំជួល​ចិត្ត​ខ្លាំង​ពេក​ក៏​ធ្វើ​ឲ្យ​«ទ្រង់​ព្រះ​កន្សែង»។—យ៉ូន. ១១:៣២​-​៣៥

១៧ ពេល​ព្រះ​យេស៊ូ​ចាប់​ផ្ដើម​កិច្ច​បម្រើ​ផ្សាយ នោះ​មាន​មនុស្ស​ឃ្លង់​ម្នាក់​មក​ឯ​ទ្រង់ ហើយ​និយាយ​ថា​៖ «បើ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូល​បង្គំ​ជា​ស្អាត​បាន»។ តើ​ព្រះ​យេស៊ូ​តប​ឆ្លើយ​យ៉ាង​ណា? កំណត់​ហេតុ​ចែង​ថា​៖ «ទ្រង់​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត»។ រួច​ហើយ​ទ្រង់​ធ្វើ​ការ​អស្ចារ្យ​មួយ។ ទ្រង់​«លូក​ព្រះ​ហស្ត​ទៅ​ពាល់​គាត់​ដោយ​បន្ទូល​ថា​៖ ‹ខ្ញុំ​ចង់​ដែរ ឲ្យ​ជា​ស្អាត​ទៅ›។ ស្រាប់​តែ​រោគ​ឃ្លង់​ចេញ​ពី​គាត់​បាត់​ទៅ ហើយ​គាត់​បាន​ជា​ស្អាត»។ យោង​ទៅ​តាម​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ គេ​ចាត់​ទុក​មនុស្ស​ឃ្លង់​ថា​មិន​ស្អាត។ ព្រះ​យេស៊ូ​ប្រាកដជា​អាច​ព្យាបាល​មនុស្ស​ឃ្លង់​នោះ​ពី​ចម្ងាយ​ដោយ​មិន​បាច់​ប៉ះពាល់​គាត់​ផង។ ក៏​ប៉ុន្តែ កាល​ដែល​ព្រះ​យេស៊ូ​ព្យាបាល​មនុស្ស​ឃ្លង់​នោះ ទ្រង់​អនុញ្ញាត​ឲ្យ​គាត់​ពាល់​ដៃ​ទ្រង់ ប្រហែល​នេះ​ជា​លើក​ដំបូង​ដែល​គាត់​ពាល់​មនុស្ស​ឯ​ទៀត​ក្នុង​រយៈ​ពេល​យូរ​ឆ្នាំ​មក​ហើយ។ នេះ​ពិត​ជា​ទង្វើ​ដែល​បង្ហាញ​ចិត្ត​អាណិត​អាសូរ​ដែល​គួរ​ឲ្យ​អស្ចារ្យ​មែន!—ម៉ាក. ១:៤០​-​៤២

១៨​. តើ​យើង​អាច​បង្ហាញ​ចិត្ត​«អាណិត​អាសូរ»​យ៉ាង​ដូច​ម្ដេច?

១៨ ក្នុង​ឋានៈ​ជា​អ្នក​កាន់​តាម​គ្រិស្ត​យើង​ត្រូវ​តែ​ចេះ​បង្ហាញ​ការ​យល់​ចិត្ត​ដែរ ដោយ​បង្ហាញ​«ចិត្ត​អាណិត​អាសូរ»។ (១ពេ. ៣:៨) មិន​មែន​ជា​ការ​ងាយ​ស្រួល​ឲ្យ​យើង​យល់​ពី​អារម្មណ៍​របស់​បង​ប្អូន​រួម​ជំនឿ​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ ឬ​ការ​ធ្លាក់​ទឹក​ចិត្ត​ឡើយ ជា​ពិសេស​ដោយ​សារ​យើង​មិន​ដែល​ពិសោធ​សេចក្ដី​ឈឺ​ចាប់​បែប​នោះ​ផ្ទាល់​ខ្លួន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​យល់​ពី​អារម្មណ៍​របស់​អ្នក​ជំងឺ​សូម្បី​តែ​ទ្រង់​មិន​ដែល​ឈឺ​ក្ដី។ តើ​តាម​របៀប​ណា​ដែល​យើង​អាច​បណ្ដុះ​ឲ្យ​ចេះ​យល់​អារម្មណ៍​អ្នក​ឯ​ទៀត​ដូច​ទ្រង់​បាន? យើង​ត្រូវ​ប្រុង​ស្ដាប់​ដោយ​ចិត្ត​អត់​ធ្មត់​ពេល​ដែល​អ្នក​រង​ទុក្ខ​ណា​ម្នាក់​ទុក​ចិត្ត​យើង ហើយ​ចង់​ប្រាប់​យើង​ដោយ​អស់ពី​ចិត្ត​អស់ពី​ថ្លើម​របស់​គេ។ គួរ​គប្បី​ឲ្យ​យើង​សួរ​ខ្លួន​ថា ‹ប្រសិនបើ​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​នោះ តើ​ខ្ញុំ​នឹង​មាន​អារម្មណ៍​យ៉ាង​ណា?›។ ប្រសិនបើ​យើង​ខំ​យល់​អារម្មណ៍​អ្នក​ឯ​ទៀត​ឲ្យ​បាន​កាន់​តែ​ច្រើន យើង​នឹង​អាច​«ជួយ​កំសាន្ត​ដល់​ពួក​អ្នក​ណា​ដែល​មាន​សេចក្ដី​ទន់​ក្រំ​ចិត្ត»​បាន​កាន់​តែ​ល្អ​ដែរ។ (១ថែ. ៥:​១៤) នោះ​យើង​កំពុង​ដើរ​តាម​លំ​អាន​ដាន​ព្រះ​យេស៊ូ​ពិត​មែន។

១៩​. តើ​គំរូ​របស់​ព្រះ​យេស៊ូ​មាន​ឥទ្ធិពល​លើ​យើង​តាម​របៀប​ណាខ្លះ?

១៩ ការ​សិក្សា​ពី​ពាក្យ​និង​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេស៊ូ​ពិត​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​រំភើប​ចិត្ត​ណាស់! ព្រោះ​ថា​បើ​យើង​រៀន​កាន់​តែ​ច្រើន​អំពី​ទ្រង់ នោះ​យើង​ក៏​កាន់​តែ​ចង់​ធ្វើ​ឲ្យ​ដូច​ទ្រង់ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​យើង​ក៏​កាន់​តែ​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ធ្វើ​ដូច​ទ្រង់​ដែរ។ ដូច្នេះ ចូរ​យើង​មាន​ចិត្ត​អរ​សប្បាយ​ក្នុង​ការ​យក​តម្រាប់​តាម​មេស្ស៊ី​ដែល​ជា​ស្តេច​នៅ​ពេល​ឥឡូវ និង​នៅ​ពេល​អនាគត​ផង​ដែរ!

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

តើ​យើង​អាច​បង្ហាញ​ប្រាជ្ញា​ដូច​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

តើ​យើង​អាច​បង្ហាញ​ចិត្ត​រាប​ទាប​តាម​របៀប​ណាខ្លះ?

តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

តើ​យើង​អាច​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ប្រអប់​នៅ​ទំព័រ​១០]

សៀវភៅ​ថ្មី

ក្នុង​អំឡុង​កម្មវិធី​មហាសន្និបាត​តាម​តំបន់​ឆ្នាំ​២០០៧ យើង​បាន​ទទួល​សៀវភៅ​ថ្មី​មួយ​ជា​ភាសា​អង់គ្លេស។ សៀវភៅ​នេះ​មាន​១៩២​ទំព័រ ហើយ​មាន​ចំណង​ជើង​ថា ‹អញ្ជើញ​មក​តាម​ខ្ញុំ​ចុះ›។ សៀវភៅ​ថ្មី​នេះ​ត្រូវ​បាន​រៀប​ចំ​ដើម្បី​ជួយ​គ្រិស្ត​សាសនិក​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះ​យេស៊ូ ជា​ពិសេស​លើ​លក្ខណៈ​សម្បត្ដិ​និង​ការ​ប្រព្រឹត្ត​របស់​ទ្រង់។ ក្រោយ​ពី​ពីរ​ជំពូក​ដំបូង​ដែល​ជា​ពាក្យ​ផ្ដើម នោះ​ផ្នែក​ទី​១​នៃ​សៀវភៅ​នេះ​រៀប​រាប់​អំពី​លក្ខណៈ​សម្បត្ដិ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេស៊ូ ដូច​ជា​ចិត្ត​រាប​ទាប ចិត្ត​ក្លាហាន ប្រាជ្ញា ការ​ស្ដាប់​បង្គាប់ និង​ការ​ស៊ូ​ទ្រាំ​របស់​ព្រះ​យេស៊ូ​ជា​ដើម។

បន្ទាប់​ពី​នេះ មាន​ផ្នែក​ផ្សេងៗ​ដែល​ទាក់​ទង​នឹង​សកម្មភាព​របស់​ព្រះ​យេស៊ូ​ក្នុង​ឋានៈ​ជា​អ្នក​បង្រៀន និង​អ្នក​ផ្សាយ​ដំណឹង​ល្អ ព្រម​ទាំង​វិធី​ខ្លះៗ​ដែល​ទ្រង់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង។ ជា​ទូទៅ​ក្នុង​សៀវភៅ​នេះ មាន​ព័ត៌មាន​ដែល​ត្រូវ​បាន​រៀប​ចំ​ដើម្បី​ជួយ​គ្រិស្ត​សាសនិក​ឲ្យ​យក​តម្រាប់​តាម​ព្រះ​យេស៊ូ។

យើង​ជឿ​ជាក់​ថា​សៀវភៅ​ថ្មី​នេះ​នឹង​ជំរុញ​ទឹក​ចិត្ត​យើង​គ្រប់​គ្នា​ឲ្យ​ពិនិត្យ​មើល​ខ្លួន​ឯង​ហើយ​សួរ​ថា ‹តើ​ខ្ញុំ​ពិត​ជា​កាន់​តាម​ព្រះ​យេស៊ូ​ទេ? តើ​ខ្ញុំ​អាច​កាន់​តាម​ទ្រង់​ឲ្យ​បាន​ដិត​ដល់​ជាង​យ៉ាង​ដូច​ម្ដេច?›។ សៀវភៅ​ថ្មី​នេះ​ក៏​នឹង​ជួយ​អ្នក​ដទៃ​ដែល​មាន​ចិត្ត​ស្មោះ​ឲ្យ​កាន់​តាម​ព្រះ​យេស៊ូ​ជា​មួយ​យើង​ដែរ។

[រូបភាព​នៅ​ទំព័រ​៩]

ព្រះ​យេស៊ូ​ស្ម័គ្រ​ចិត្ត​មក​ផែនដី ហើយ​កើត​ជា​ទារក​ក្មេង​ខ្ចី។ តើ​នេះ​តម្រូវ​ឲ្យ​ទ្រង់​មាន​លក្ខណៈ​សម្បត្ដិ​អ្វី?

[រូបភាព​នៅ​ទំព័រ​១១]

តើ​អ្វី​នឹង​ជំរុញ​យើង​ឲ្យ​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ?