លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរឲ្យសេចក្ដីបង្រៀនរបស់លោកយេស៊ូមានឥទ្ធិពលលើចិត្ដគំនិតរបស់អ្នក

ចូរឲ្យសេចក្ដីបង្រៀនរបស់លោកយេស៊ូមានឥទ្ធិពលលើចិត្ដគំនិតរបស់អ្នក

ចូរ​ឲ្យ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​មាន​ឥទ្ធិពល​លើ​ចិត្ត​គំនិត​របស់​អ្នក

​«លោក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក មាន​ប្រសាសន៍​តាម​ប្រសាសន៍​របស់​ព្រះ»។—យ៉ូន. ៣:៣៤

១, ២​. តើ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​ពី​ធម្មទាន​នៅ​លើ​ភ្នំ​អាច​ប្រៀប​ធៀប​ទៅ​នឹង​អ្វី? ហើយ​តើ​អ្វី​បង្ហាញ​ថា​សេចក្ដី​បង្រៀន​នោះ​មាន​មូលដ្ឋាន​ទៅ​លើ​«ប្រសាសន៍​របស់​ព្រះ»?

សព្វ​ថ្ងៃ​នេះ​ត្បូង​ដ៏​ធំ​មួយ​ដែល​គេ​បាន​ឆ្នៃ​គឺជា​ត្បូង​មួយ​ដែល​មាន​ទំហំ​៥៣០​ការ៉ាត់ ដែល​គេ​ហៅ​ថា​ដួង​តារា​នៃ​ទ្វីប​អាហ្វ្រិក។ ត្បូង​នោះ​ពិត​ជា​មាន​តម្លៃ​មែន! ប៉ុន្តែ សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​ពី​ធម្មទាន​នៅ​លើ​ភ្នំ​មាន​តម្លៃ​ខ្ពស់​ជាង​នេះ​ទៅ​ទៀត។ យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ទេ​ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​សេចក្ដី​បង្រៀន​របស់​លោក​គ្រិស្ត! ដោយ​សំដៅ​ទៅ​លើ​លោក​យេស៊ូ គម្ពីរ​បាន​ចែង​ថា​៖ «លោក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក មាន​ប្រសាសន៍​តាម​ប្រសាសន៍​របស់​ព្រះ»។—យ៉ូន. ៣:៣៤​-​៣៦

ទោះ​បើ​ធម្មទាន​នៅ​លើ​ភ្នំ​ប្រហែលជា​បាន​ថ្លែង​ក្នុង​រយៈ​ពេល​តិច​ជាង​សាមសិប​នាទី​ក៏​ពិត​មែន តែ​ធម្មទាន​នោះ​បាន​ដក​ស្រង់​ពាក្យ​ចំនួន​២១​ដង​ពី​សៀវភៅ​៨​ផ្សេងៗ ពី​បទ​គម្ពីរ​ភាសា​ហេប្រឺ។ ដូច្នេះ ធម្មទាន​នោះ​មាន​មូលដ្ឋាន​រឹង​មាំ​ទៅ​លើ​«ប្រសាសន៍​របស់​ព្រះ»។ ឥឡូវ​សូម​ឲ្យ​យើង​មើល​នូវ​របៀប​ដែល​យើង​អាច​អនុវត្ត​តាម​សេចក្ដី​បង្រៀន​ខ្លះៗ ក្នុង​ចំណោម​សេចក្ដី​បង្រៀន​ជា​ច្រើន​ដែល​មាន​តម្លៃ ដែល​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ​បាន​ថ្លែង​យ៉ាង​ប៉ិន​ប្រសប់។

«ទៅ​រក​ជា​នឹង​បង​ប្អូន​អ្នក​សិន»

៣​. ក្រោយ​ពី​ព្រមាន​អ្នក​កាន់​តាម​អំពី​ឥទ្ធិពល​ដែល​មក​ពី​ការ​ខឹង​ងំ តើ​លោក​យេស៊ូ​បាន​ជូន​ដំបូន្មាន​អ្វី?

ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​ជា​មនុស្ស​ដែល​មាន​សុភមង្គល​និង​ធ្វើ​ឲ្យ​មាន​សន្ដិភាព ដោយ​សារ​យើង​មាន​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ ព្រម​ទាំង​មាន​ផល​ដែល​ត្រូវ​បាន​បង្កើត​មក​រួម​ទាំង​អំណរ​និង​សេចក្ដី​សុខ​សាន្ត​ជា​ដើម។ (កាឡ. ៥:២២, ២៣) លោក​យេស៊ូ​មិន​ចង់​ឲ្យ​អ្នក​កាន់​តាម​បាត់បង់​សេចក្ដី​សុខសាន្ត​និង​សុភមង្គល​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ព្រមាន​ពួក​គេ​អំពី​ឥទ្ធិពល​ដែល​មក​ពី​ការ​ខឹង​ងំ ដែល​អាច​នាំ​ទៅ​ដល់​សេចក្ដី​ស្លាប់។ (សូម​អាន ម៉ាថាយ ៥:២១, ២២) ក្រោយ​មក​លោក​ប្រកាស​ថា​៖ «ដូច្នេះ ប្រសិនបើ​អ្នក​កំពុង​យក​គ្រឿង​បូជា​មក​ទី​បូជា ហើយ​នៅ​ទី​នោះ​អ្នក​នឹក​ឃើញ​ថា​បង​ប្អូន​ណា​ម្នាក់​កំពុង​ប្រកាន់​ទោស​អ្នក ចូរ​ទុក​គ្រឿង​បូជា​របស់​អ្នក​នៅ​មុខ​ទី​បូជា រួច​ទៅ​រក​ជា​នឹង​បង​ប្អូន​អ្នក​សិន។ បន្ទាប់​មក ចូរ​ត្រឡប់​មក​បូជា​អ្វី​ទាំង​នោះ​ចុះ»។ម៉ាថ. ៥:២៣, ២៤

៤, ៥​. (ក) តើ​«គ្រឿង​បូជា»​ដែល​លោក​យេស៊ូ​បាន​សំដៅ​ទៅ​លើ​នៅ​សៀវភៅ​ម៉ាថាយ ៥:២៣, ២៤ ជា​អ្វី? (ខ) តើ​ការ​រក​ជា​នឹង​បង​ប្អូន​ដែល​បាន​ទាស់​ចិត្ត មាន​សារៈ​សំខាន់​ប៉ុណ្ណា?

«គ្រឿង​បូជា»​ដែល​លោក​យេស៊ូ​បាន​រៀប​រាប់​នោះ​គឺ​អ្វីៗ​ក៏​ដោយ​ដែល​ត្រូវ​ថ្វាយ​នៅ​ឯ​វិហារ​នា​ទី​ក្រុង​យេរូសាឡិម។ ជា​ឧទាហរណ៍ ការ​បូជា​សត្វ​ធ្លាប់​ជា​អ្វី​សំខាន់​ចាំ​បាច់​ចំពោះ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ដោយ​សារ​នេះ​ជា​ផ្នែក​នៃ​ការ​ថ្វាយ​បង្គំ​លោក។ យ៉ាង​ណា​ក៏​ដោយ លោក​យេស៊ូ​បាន​ដៅ​បញ្ជាក់​អំពី​អ្វី​ដែល​មាន​សារៈ​សំខាន់​ជាង​នេះ​ទៀត ពោល​គឺ​ការ​រក​ជា​នឹង​បង​ប្អូន​ដែល​បាន​ទាស់​ចិត្ត​មុន​ថ្វាយ​គ្រឿង​បូជា​ចំពោះ​ព្រះ។

ដូច្នេះ តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​សេចក្ដី​បង្រៀន​នេះ​របស់​លោក​យេស៊ូ? គឺថា​ការ​ប្រព្រឹត្ត​របស់​យើង​ចំពោះ​អ្នក​ដទៃ​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា។ (១យ៉ូន. ៤:​២០) ពិត​មែន នៅ​សម័យ​បុរាណ​ការ​ថ្វាយ​គ្រឿង​បូជា​ចំពោះ​ព្រះ​គឺជា​ឥត​អំពើ បើ​អ្នក​ថ្វាយ​នោះ​មិន​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ​ចំពោះ​អ្នក​ដទៃ។—សូម​អាន មីកា ៦:៦​-​៨

យើង​ត្រូវ​មាន​ចិត្ត​រាប​ទាប

៦, ៧​. ពេល​ខំ​ប្រឹង​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ឡើង​វិញ​ជា​មួយ​បង​ប្អូន​ដែល​យើង​បាន​ធ្វើ​ឲ្យ​ទាស់​ចិត្ត ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​មាន​ចិត្ត​រាប​ទាប?

ការ​រក​ជា​នឹង​បង​ប្អូន​ដែល​បាន​ទាស់​ចិត្ត​ទំនង​ជា​សាក​ល្បង​ចិត្ត​រាប​ទាប​របស់​យើង។ មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​មិន​ឈ្លោះ​ប្រកែក ឬ​ប្រកួត​នឹង​បង​ប្អូន​រួម​ជំនឿ​ដើម្បី​អាង​សិទ្ធិ​របស់​ខ្លួន​ឡើយ។ ការ​ធ្វើ​ដូច្នេះ​នឹង​បង្កើត​ស្ថានភាព​ដ៏​អាក្រក់​ស្រ​ដៀង​នឹង​អ្វី​ដែល​ធ្លាប់​មាន​ក្នុង​ចំណោម​ពួក​គ្រិស្ត​សាសនិក​នៅ​ទី​ក្រុង​កូរិនថូស​ពី​បុរាណ។ ស្តី​អំពី​ស្ថានភាព​នោះ សាវ័ក​ប៉ុល​លើក​ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដោយ​និយាយ​ថា​៖ «ដោយ​សារ​អ្នក​រាល់​គ្នា​ប្ដឹង​ផ្ដល់​គ្នា​ដូច្នេះ នេះ​មាន​ន័យ​ថា​អ្នក​រាល់​គ្នា​បាន​បរាជ័យ​ទាំង​ស្រុង។ ហេតុ​អ្វី​មិន​សុខ​ចិត្ត​ទ្រាំ​អំពើ​អយុត្ដិធម៌​នោះ​វិញ? ហេតុ​អ្វី​មិន​សុខ​ចិត្ត​ទ្រាំ​ពេល​មាន​គេ​បោក​យក​ទ្រព្យ?»។—១កូ. ៦:៧

លោក​យេស៊ូ​មិន​មាន​ប្រសាសន៍​ថា យើង​គួរ​ទៅ​រក​បង​ប្អូន​ដើម្បី​ធ្វើ​ឲ្យ​គាត់​ជឿ​ជាក់​ថា​គាត់​ខុស​ហើយ​យើង​ត្រូវ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​គួរ​មាន​គោលដៅ​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ឡើង​វិញ។ ដើម្បី​រក​ជា​នឹង​បង​ប្អូន យើង​ត្រូវ​ប្រាប់​អំពី​អារម្មណ៍​របស់​យើង​ដោយ​ឥត​លាក់​លៀម។ ម្យ៉ាង​ទៀត យើង​ក៏​ត្រូវ​ទទួល​ស្គាល់​ថា​បុគ្គល​ឯ​ទៀត​បាន​ឈឺ​ចិត្ត ហើយ​ប្រសិន​បើ​យើង​បាន​ធ្វើ​ខុស យើង​ពិត​ជា​ចង់​សុំ​អត់​ទោស​ដោយ​បង្ហាញ​ចិត្ត​រាប​ទាប។

«ប្រសិន​បើ​ភ្នែក​ស្ដាំ​របស់​អ្នក បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល»

៨​. សូម​រៀប​រាប់​យ៉ាង​សង្ខេប​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​ពោល​នៅ​ម៉ាថាយ​៥:២៩, ៣០។

ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ លោក​យេស៊ូ​បាន​ជូន​ដំបូន្មាន​យ៉ាង​ល្អៗ​ស្តី​អំពី​សីលធម៌។ លោក​បាន​ដឹង​ថា​អវយវៈ​ដ៏​មិន​ល្អ​ឥត​ខ្ចោះ​នៃ​រូប​កាយ​យើង អាច​មាន​អានុភាព​អាក្រក់​មក​លើ​យើង។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ពោល​ថា​៖ «ដូច្នេះ ប្រសិនបើ​ភ្នែក​ស្ដាំ​របស់​អ្នក បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ទៅ ពីព្រោះ​បើ​អ្នក​បាត់​បង់​ភ្នែក​ម្ខាង គឺ​មាន​ប្រយោជន៍​ជាង​រូប​កាយ​ទាំង​មូល​ត្រូវ​បោះ​ទៅ​ក្នុង​ជ្រលង​ភ្នំ​ហ៊ីណុំ។ បន្ថែម​ទៅ​ទៀត ប្រសិនបើ​ដៃ​ស្ដាំ​របស់​អ្នក បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​កាត់​វា​ចេញ ហើយ​បោះ​ចោល​ទៅ ពីព្រោះ​បើ​អ្នក​បាត់​បង់​ដៃ​ម្ខាង គឺ​មាន​ប្រយោជន៍​ជាង​រូប​កាយ​ទាំង​មូល​ត្រូវ​បោះ​ទៅ​ក្នុង​ជ្រលង​ភ្នំ​ហ៊ីណុំ»។ម៉ាថ. ៥:​២៩, ៣០

៩​. តើ​«ភ្នែក»​ឬ​«ដៃ»​របស់​យើង​នាំ​ឲ្យ​យើង​«ជំពប់​ដួល»​យ៉ាង​ដូច​ម្ដេច?

«ភ្នែក»​ដែល​លោក​យេស៊ូ​បាន​រៀប​រាប់​នោះ​តំណាង​អំណាច​ឬ​សមត្ថភាព​ដើម្បី​ផ្ចង់​អារម្មណ៍​ទៅ​លើ​អ្វី​មួយ ហើយ​«ដៃ»​តំណាង​កិច្ច​ការ​ដែល​យើង​ធ្វើ​ដោយ​ដៃ​របស់​ខ្លួន។ ប្រសិន​បើ​មិន​ប្រយ័ត្ន អវយវៈ​ទាំង​នេះ​អាច​នាំ​ឲ្យ​យើង​«ជំពប់​ដួល» ហើយ​លែង​«ដើរ​ជា​មួយ​នឹង​ព្រះ»។ (លោ. ៥:២២; ៦:៩) ដូច្នេះ កាល​ណា​យើង​ត្រូវ​បាន​ល្បង​ល​ឲ្យ​ធ្វើ​ខុស​ច្បាប់​ព្រះ​យេហូវ៉ា នោះ​យើង​ត្រូវ​ចាត់​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់ ដើម្បី​ខ្វេះ​ភ្នែក​ឬ​កាត់​ដៃ​ចេញ​ក្នុង​ន័យ​ធៀប។

១០, ១១​. តើ​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​ជៀស​ចេញ​ពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ?

១០ តើ​យើង​អាច​បង្ខាំង​ភ្នែក​របស់​យើង​ពី​ការ​មើល​អ្វី​ដែល​ប្រាសចាក​សីលធម៌​យ៉ាង​ដូច​ម្ដេច? បុរស​ម្នាក់​ដែល​កោត​ខ្លាច​ព្រះ ឈ្មោះ​យ៉ូប​បាន​ពោល​ថា​៖ «ខ្ញុំ​បាន​តាំង​សញ្ញា​នឹង​ភ្នែក​ខ្ញុំ​ហើយ ដូច្នេះ ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​មើល​ស្ត្រី​ក្រមុំ​ដោយ​ចាប់​ចិត្ត​បាន»។ (យ៉ូប ៣១:១) យ៉ូប​ជា​បុរស​ដែល​រៀប​ការ​ហើយ​បាន​ប្ដេជ្ញា​ចិត្ត​មិន​បំពាន​ច្បាប់​ខាង​សីលធម៌​របស់​ព្រះ។ យើង​ក៏​គួរ​មាន​ចិត្ត​គំនិត​ដូច​នេះ​ដែរ មិន​ថា​យើង​រៀប​ការ​ហើយ​ឬ​នៅ​លីវ​ក៏​ដោយ។ ដើម្បី​ជៀស​ចេញ​ពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ យើង​ត្រូវ​ឲ្យ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​ដឹក​នាំ​យើង ហើយ​នេះ​នឹង​នាំ​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ព្រះ​ចេះ​ទប់​ចិត្ត។—កាឡ. ៥:២២​-​២៥

១១ ដើម្បី​ជៀស​ចេញ​ពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ យក​ល្អ​បើ​យើង​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​អនុញ្ញាត​ឲ្យ​ភ្នែក​បណ្ដាល​ខ្ញុំ​ឲ្យ​មាន​ចិត្ត​ស្រើប​ស្រាល​ចំពោះ​អ្វីៗ​ដែល​ប្រាសចាក​សីលធម៌​ដែល​មាន​ជា​ច្រើន​តាម​សៀវភៅ ទូរទស្សន៍ ឬ​ប្រព័ន្ធ​អ៊ីនធឺណិត​ទេ?›។ សូម​ឲ្យ​យើង​ចង​ចាំ​ពាក្យ​ទាំង​នេះ​របស់​យ៉ាកុប ពេល​គាត់​រៀប​រាប់​ថា​៖ «មនុស្ស​ទាំង​អស់​ត្រូវ​ល្បង​ល​ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ទាក់​ទាញ​និង​ល្បួង​លួង​លោម។ រួច​មក ពេល​ដែល​សេចក្ដី​ប៉ង​ប្រាថ្នា​នោះ​ចាប់​មាន​គភ៌ នោះ​ក៏​សម្រាល​ចេញ​ជា​អំពើ​ខុស​ឆ្គង កាល​ណា​អំពើ​ខុស​ឆ្គង​បាន​សម្រេច​ហើយ នោះ​នាំ​ឲ្យ​ស្លាប់»។ (យ៉ា. ១:១៤, ១៥) តាម​ការ​ពិត ប្រសិន​បើ​អ្នក​ណា​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​«សម្លឹង​មើល»​មនុស្ស​ភេទ​ផ្ទុយ​ដោយ​មាន​ចិត្ត​ស្រើប​ស្រាល នោះ​គាត់​ត្រូវ​តែ​ធ្វើ​ការ​កែប្រែ​ទាំង​ស្រុង ដែល​អាច​ប្រៀប​ទៅ​នឹង​ការ​ខ្វេះ​ភ្នែក​ចេញ​ហើយ​បោះ​វា​ចោល។—សូម​អាន ម៉ាថាយ ៥:២៧, ២៨

១២​. តើ​ដំបូន្មាន​របស់​ប៉ុល​មាន​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​ប្រយុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់​ដែល​ផុស​ចេញ​ពី​ភាព​ខុស​ឆ្គង?

១២ យើង​ត្រូវ​តាំង​ចិត្ត​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌ ដោយ​ព្រោះ​ការ​ប្រើ​ដៃ​មិន​ត្រឹម​ត្រូវ​ក៏​អាច​នាំ​យើង​ឲ្យ​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ខាង​សីលធម៌​របស់​ព្រះ​យេហូវ៉ា​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​គួរ​ស្ដាប់​តាម​ដំបូន្មាន​របស់​ប៉ុល​ដែល​ថា​៖ «ចូរ​រម្ងាប់​ភាព​ទោរ​ទន់​ដែល​មាន​នៅ​ក្នុង​អវយវៈ​រូប​កាយ​របស់​អ្នក​រាល់​គ្នា គឺ​ភាព​ទោរ​ទន់​ទៅ​រក​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អំពើ​ស្មោកគ្រោក តម្រេក សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់ និង​ការ​ច្រណែន​ចង់​បាន​របស់​អ្នក​ដទៃ ដែល​ទុក​ដូច​ជា​ការ​គោរព​បូជា​រូប​ព្រះ»។ (កូឡ. ៣:៥) ពាក្យ​«រម្ងាប់»​បាន​សង្កត់​ថា​យើង​ត្រូវ​តែ​ចាត់​វិធានការ​ដ៏​តឹងរ៉ឹង​បំផុត ដើម្បី​ប្រយុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់​ដែល​ផុស​ចេញ​ពី​ភាព​ខុស​ឆ្គង។

១៣, ១៤​. ហេតុ​អ្វី​សំខាន់​ចាំ​បាច់​ឲ្យ​យើង​ជៀស​ចេញ​ពី​ការ​គិត​គូរ​និង​ការ​ប្រព្រឹត្ត​ដែល​ប្រាសចាក​សីលធម៌?

១៣ មនុស្ស​ទំនង​ជា​សុខ​ចិត្ត​ឲ្យ​គ្រូ​ពេទ្យ​កាត់​ដៃ​ជើង​ដើម្បី​ឲ្យ​ខ្លួន​រួច​រស់​ជីវិត។ ការ​«បោះ​ចោល»​ភ្នែក​និង​ដៃ​ក្នុង​ន័យ​ធៀប​គឺ​សំខាន់​ចាំ​បាច់​ណាស់ ដើម្បី​ឲ្យ​យើង​ជៀស​ចេញ​ពី​ការ​គិត​គូរ​និង​ការ​ប្រព្រឹត្ត​ប្រាសចាក​សីលធម៌​ដែល​អាច​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​លែង​ពេញ​ចិត្ត​នឹង​យើង។ ការ​រក្សា​ភាព​ស្អាត​ស្អំ​ខាង​គំនិត សីលធម៌ និង​រក្សា​ចំណង​មេត្រី​ភាព​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ គឺ​វិធី​តែ​មួយ​គត់​ដែល​យើង​អាច​គេច​ផុត​ពី​ហ្គេហេណា ដែល​តំណាង​សេចក្ដី​ហិន​វិនាស​ជា​រៀង​រហូត។

១៤ យើង​មាន​អំពើ​ខុស​ឆ្គង​និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ពី​ជីដូន​ជីតា​របស់​យើង ហេតុ​នេះ​ហើយ​បាន​ជា​ការ​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​ត្រូវ​ការ​ការ​ខិត​ខំ។ ប៉ុល​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​វាយ​ដំ​រូប​កាយ​របស់​ខ្ញុំ ហើយ​បង្ខំ​ឲ្យ​ចុះ​ចូល​ដូច​ខ្ញុំ​បម្រើ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ទៅ​ជា​មនុស្ស​ដែល​ព្រះ​លែង​ពេញ​ចិត្ត​ដោយ​សារ​ហេតុ​ណា​មួយ ក្រោយ​ពី​ខ្ញុំ​បាន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត»។ (១កូ. ៩:២៧) ដូច្នេះ សូម​ឲ្យ​យើង​ប្ដេជ្ញា​ចិត្ត​ដើម្បី​អនុវត្ត​តាម​ដំបូន្មាន​របស់​លោក​យេស៊ូ​ស្តី​អំពី​សីលធម៌ ដោយ​មិន​អនុញ្ញាត​ឲ្យ​ខ្លួន​ប្រព្រឹត្ត​តាម​របៀប​ណា​ដែល​បង្ហាញ​ចិត្ត​អកតញ្ញូ​ចំពោះ​ការ​បូជា​លោះ​របស់​លោក។—ម៉ាថ. ២០:២៨; ហេ. ៦:៤​-​៦

«ចូរ​ទម្លាប់​ឲ្យ​គេ»

១៥, ១៦​. (ក) តើ​លោក​យេស៊ូ​បាន​តាំង​គំរូ​ក្នុង​ការ​បង្ហាញ​ចិត្ត​សទ្ធា​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ពាក្យ​របស់​លោក​យេស៊ូ​ដែល​បាន​កត់​ទុក​នៅ​លូកា ៦:៣៨​មាន​ន័យ​អ្វី?

១៥ សេចក្ដី​បង្រៀន​និង​គំរូ​ដ៏​ល្អ​អស្ចារ្យ​នាំ​ឲ្យ​មាន​ចិត្ត​សទ្ធា។ លោក​បាន​បង្ហាញ​ចិត្ត​សទ្ធា​ដ៏​ធំ​ក្នុង​ការ​ចុះ​មក​ផែនដី​ដើម្បី​ប្រយោជន៍​មនុស្ស​ជាតិ​ដែល​មិន​ល្អ​ឥត​ខ្ចោះ។ (សូម​អាន កូរិនថូសទី២ ៨:៩) លោក​យេស៊ូ​ស្ម័គ្រ​ចិត្ត​លះ​បង់​សិរី​រុងរឿង​ដែល​ខ្លួន​មាន​នៅ​ឯ​ស្ថាន​សួគ៌ ដើម្បី​ក្លាយ​ទៅ​ជា​មនុស្ស ព្រម​ទាំង​លះ​បង់​ជីវិត​សម្រាប់​មនុស្ស​ជាតិ​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ដែល​ខ្លះ​នឹង​ទទួល​មត៌ក​រួម​ជា​មួយ​លោក​គ្រិស្ត​នៅ​ឯ​រាជាណាចក្រ​ស្ថាន​សួគ៌។ (រ៉ូម ៨:១៦, ១៧) លោក​យេស៊ូ​ពិត​ជា​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ចិត្ត​សទ្ធា​កាល​ដែល​លោក​មាន​ប្រសាសន៍​ថា​៖

១៦«ចូរ​ទម្លាប់​ឲ្យ​គេ ហើយ​គេ​នឹង​ឲ្យ​អ្នក​រាល់​គ្នា។ ពួក​គេ​នឹង​វាល់​ឲ្យ​អ្នក​នូវ​រង្វាល់​មួយ​ពេញ ទាំង​សង្កត់ រលាក់ និង​ថែម​ឲ្យ​ហៀរ​ទៀត រួច​ចាក់​ចូល​ថ្នក់​អាវ​របស់​អ្នក។ ព្រោះ​អ្នក​វាល់​ឲ្យ​គេ​ប៉ុណ្ណា នោះ​គេ​នឹង​វាល់​ឲ្យ​អ្នក​ប៉ុណ្ណឹង​ដែរ»។ (លូក. ៦:៣៨) ពាក្យ​«ចាក់​ចូល​ថ្នក់​អាវ​របស់​អ្នក»​សំដៅ​ទៅ​លើ​ទម្លាប់​មួយ​នៅ​ប្រទេស​ដែល​គម្ពីរ​ត្រូវ​បាន​សរសេរ គឺ​នៅ​ឯ​ផ្សារ អ្នក​លក់​បាន​ទុក​ទំនិញ​នៅ​ក្នុង​ថ្នក់​អាវ​ធំ​របស់​អ្នក​ទិញ​ដែល​មាន​ខ្សែ​ក្រវាត់​ជួយ​ទប់​កុំ​ឲ្យ​ទំនិញ​ទាំង​នោះ​ធ្លាក់។ ដូច្នេះ ការ​បង្ហាញ​ចិត្ត​សទ្ធា​ដោយ​ឥត​ព្រាង​ទុក​ជា​មុន នោះ​អាច​នាំ​អ្នក​ដទៃ​វាល់​ឲ្យ​យើង​ជា​ច្រើន​វិញ ប្រហែល​ជា​ពេល​ដែល​យើង​ខ្វះ​ខាត។—សាស. ១១:២

១៧​. តើ​ព្រះ​យេហូវ៉ា​បាន​តាំង​គំរូ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្ហាញ​ចិត្ត​សទ្ធា​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​ការ​ផ្ដល់​អ្វី​ខ្លះ​អាច​នាំ​ឲ្យ​យើង​ទទួល​អំណរ?

១៧ ព្រះ​យេហូវ៉ា​ស្រឡាញ់​និង​ផ្ដល់​ពរ​ចំពោះ​មនុស្ស​ដែល​ឲ្យ​ដោយ​ចិត្ត​សប្បាយ។ លោក​បាន​តាំង​គំរូ​ដ៏​ល្អ​បំផុត​ពី​ចិត្ត​សទ្ធា​ដោយ​ផ្ដល់​បុត្រ​តែ​មួយ​គត់​ដែល​លោក​បង្កើត​ផ្ទាល់​«ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ»។ (យ៉ូន. ៣:១៦) ប៉ុល​បាន​សរសេរ​ថា​៖ «អ្នក​ដែល​សាប​ព្រោះ​ដោយ​បរិបូរ នឹង​ប្រមូល​ផល​បាន​បរិបូរ​ដែរ។ ចូរ​អ្នក​រាល់​គ្នា​ម្នាក់ៗ​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ចុះ មិន​មែន​ដោយ​ទើស​ទាល់​ឬ​ដោយ​មាន​គេ​បង្ខំ​ឡើយ ព្រោះ​ព្រះ​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ត​សប្បាយ»។ (២កូ. ៩:៦, ៧) ការ​ផ្ដល់​ពេល​វេលា កម្លាំង និង​ធនធាន​របស់​យើង​ដើម្បី​ចម្រើន​ការ​ថ្វាយ​បង្គំ​ពិត ប្រាកដជា​នាំ​ឲ្យ​យើង​មាន​អំណរ​និង​រង្វាន់​ដ៏​មាន​តម្លៃ​មែន។—សូម​អាន សុភាសិត ១៩:១៧; លូកា ១៦:៩

«កុំ​ផ្លុំ​ត្រែ​មុន​ឡើយ»

១៨​. តើ​យើង​«មិន​ទទួល​រង្វាន់»​ពី​បិតា​របស់​យើង​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​បើ​យើង​ធ្វើ​អ្វី?

១៨«ចូរ​ប្រយ័ត្ន កុំ​ប្រព្រឹត្ត​អំពើ​សុចរិត​នៅ​មុខ​មនុស្ស​ដើម្បី​ឲ្យ​គេ​ឃើញ​ឡើយ ពីព្រោះ​បើ​ប្រព្រឹត្ត​ដូច្នោះ អ្នក​រាល់​គ្នា​នឹង​មិន​ទទួល​រង្វាន់​ពី​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ទេ»។ (ម៉ាថ. ៦:១) ពេល​លោក​យេស៊ូ​ប្រើ​ពាក្យ​«អំពើ​សុចរិត» លោក​ចង់​សំដៅ​ទៅ​លើ​កិរិយា​ប្រព្រឹត្ត​ដែល​សម​ស្រប​នឹង​បំណង​ប្រាថ្នា​របស់​ព្រះ។ លោក​មិន​ចង់​បញ្ជាក់​ថា​យើង​មិន​គួរ​បង្ហាញ​ការ​ប្រព្រឹត្ត​ជា​គ្រិស្ត​សាសនិក​នៅ​កន្លែង​សាធារណៈ​នោះ​ឡើយ ពីព្រោះ​លោក​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​«ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​[ពួក​គេ]»។ (ម៉ាថ. ៥:១៤​-​១៦) ប៉ុន្តែ យើង​«មិន​ទទួល​រង្វាន់»​ពី​បិតា​របស់​យើង​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ទេ បើ​យើង​ប្រព្រឹត្ត​ដើម្បី​«ឲ្យ​គេ​ឃើញ»​ហើយ​កោត​ស្ងើច​យើង ហាក់​ដូច​យើង​ជា​តួ​ល្ខោន។ ប្រសិនបើ​យើង​មាន​បំណង​ចិត្ត​ដូច​នេះ នោះ​យើង​នឹង​មិន​មាន​ចំណង​មេត្រី​ភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ ឬ​ទទួល​ពរ​ដែល​គ្មាន​ទី​បញ្ចប់​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ​ឡើយ។

១៩, ២០​. (ក) ពេល​លោក​យេស៊ូ​និយាយ​ប្រឆាំង​នឹង​ការ​«ផ្លុំ​ត្រែ»​កាល​ដែល​«ធ្វើ​ទាន» តើ​លោក​ចង់​បញ្ជាក់​អំពី​អ្វី? (ខ) តើ​យើង​មិន​ឲ្យ​ដៃ​ឆ្វេង​ដឹង​អំពី​អ្វី​ដែល​ដៃ​ស្ដាំ​កំពុង​ធ្វើ​យ៉ាង​ដូច​ម្ដេច?

១៩ ប្រសិនបើ​យើង​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ នោះ​យើង​នឹង​ធ្វើ​តាម​ការ​ដាស់​តឿន​របស់​លោក​យេស៊ូ​ដែល​ថា​៖ «ម្ល៉ោះ​ហើយ ពេល​ដែល​អ្នក​ធ្វើ​ទាន កុំ​ផ្លុំ​ត្រែ​មុន​ឡើយ ព្រោះ​នោះ​ជា​អ្វី​ដែល​មនុស្ស​លាក់​ពុត​ធ្វើ​នៅ​សាលា​ប្រជុំ និង​នៅ​តាម​ផ្លូវ ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​កោត​សរសើរ​ពួក​គេ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ពួក​គេ​បាន​ទទួល​រង្វាន់​គ្រប់​សព្វ​ហើយ»។ (ម៉ាថ. ៦:២) ការ​«ធ្វើ​ទាន»​ជា​អំណោយ​ដើម្បី​ជួយ​អស់​អ្នក​ដែល​មាន​ការ​ខ្វះ​ខាត។ (សូម​អាន អេសាយ ៥៨:៦, ៧) លោក​យេស៊ូ​និង​ពួក​សាវ័ក​ធ្លាប់​មាន​ប្រអប់​ទុក​ប្រាក់​ដើម្បី​ជួយ​ពួក​ក្រី​ក្រ។ (យ៉ូន. ១២:៥​-​៨; ១៣:២៩) នៅ​សម័យ​នោះ គេ​មិន​ផ្លុំ​ត្រែ​មែនទែន​មុន​ចែក​ទាន​ទេ ដូច្នេះ​តាម​មើល​ទៅ លោក​យេស៊ូ​បាន​ប្រើ​ពាក្យ​ប្រៀប​ធៀប​ដែល​ផ្ទុយ​ពី​ទិដ្ឋភាព​ជាក់​ស្តែង ពេល​លោក​និយាយ​ថា​យើង​មិន​គួរ​«ផ្លុំ​ត្រែ»​មុន​យើង​«ធ្វើ​ទាន»​ឡើយ។ យើង​មិន​ត្រូវ​ប្រកាស​ការ​ធ្វើ​ទាន​ដូច​ពួក​ផារិស៊ី​ដែល​ជា​ជន​ជាតិ​យូដា​បាន​ធ្វើ​នោះ​ឡើយ។ លោក​យេស៊ូ​បាន​ហៅ​ពួក​គេ​ជា​មនុស្ស​លាក់​ពុត​ដោយ​សារ​ពួក​គេ​បាន​ឃោសនា​បរិច្ចាគ​ទាន​របស់​ខ្លួន​«នៅ​សាលា​ប្រជុំ​និង​នៅ​តាម​ផ្លូវ»។ មនុស្ស​លាក់​ពុត​នោះ​នឹង​«ទទួល​រង្វាន់​គ្រប់​សព្វ​ហើយ»។ ប៉ុន្តែ រង្វាន់​ដែល​ពួក​គេ​ទទួល​គឺ​ការ​អបអរសាទរ​ពី​មនុស្ស​តែ​ប៉ុណ្ណោះ ឬ​ប្រហែល​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ​ក្បែរ​ពួក​រ៉ាប៊ី​ដែល​មាន​មុខ​មាត់ ពីព្រោះ​ព្រះ​យេហូវ៉ា​មិន​ផ្ដល់​រង្វាន់​ដល់​ពួក​គេ​សោះ។ (ម៉ាថ. ២៣:៦) ក៏​ប៉ុន្តែ តើ​អ្នក​កាន់​តាម​គ្រិស្ត​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ដូច​ម្ដេច? លោក​យេស៊ូ​បាន​ប្រាប់​ពួក​គេ​ព្រម​ទាំង​យើង​ផង​ថា​៖

២០«ប៉ុន្តែ កាល​ណា​អ្នក​ធ្វើ​ទាន កុំ​ឲ្យ​ដៃ​ឆ្វេង​របស់​អ្នក​ដឹង​អំពី​អ្វី​ដែល​ដៃ​ស្ដាំ​កំពុង​ធ្វើ​ឡើយ ដើម្បី​ឲ្យ​អ្នក​អាច​ធ្វើ​ទាន​ដោយ​ស្ងាត់​កំបាំង រួច​បិតា​របស់​អ្នក ដែល​កំពុង​មើល​ពី​ទី​ស្ងាត់​កំបាំង​នឹង​ផ្ដល់​រង្វាន់​ឲ្យ​អ្នក»។ (ម៉ាថ. ៦:៣, ៤) ធម្មតា​យើង​ប្រើ​ដៃ​ទាំង​ពីរ ដូច្នេះ ការ​មិន​ឲ្យ​ដៃ​ឆ្វេង​ដឹង​អំពី​អ្វី​ដែល​ដៃ​ស្ដាំ​កំពុង​ធ្វើ បាន​សេចក្ដី​ថា​យើង​មិន​ឃោសនា​អ្វី​ដែល​យើង​បាន​ធ្វើ​ចំពោះ​អ្នក​ដទៃ សូម្បី​តែ​ទៅ​បង​ប្អូន​ដែល​ជិត​ដិត​នឹង​យើង ដូច​ជា​ដៃ​ឆ្វេង​ជិត​នឹង​ដៃ​ស្ដាំ​ដែរ។

២១​. តើ​រង្វាន់​ពី​អ្នក​ដែល​«កំពុង​មើល​ពី​ទី​ស្ងាត់​កំបាំង»​បាន​ផ្ដល់​រួម​បញ្ចូល​អ្វី​ខ្លះ?

២១ ប្រសិន​បើ​យើង​មិន​អួត​អំពី​អ្វី​ដែល​យើង​ផ្ដល់​ឲ្យ​អ្នក​ដទៃ នោះ​យើង​នឹង​«ធ្វើ​ទាន»​ដោយ​ស្ងាត់​កំបាំង។ រួច​បិតា​របស់​យើង​«ដែល​កំពុង​មើល​ពី​ទី​ស្ងាត់​កំបាំង»​នឹង​ផ្ដល់​រង្វាន់​ឲ្យ​យើង។ ដោយ​ព្រោះ​បិតា​របស់​យើង​គង់នៅ​លើ​ស្ថាន​សួគ៌ នោះ​លោក​នៅ​«ទី​ស្ងាត់​កំបាំង» ពោល​គឺ​មនុស្ស​មិន​អាច​ឃើញ​លោក​ឡើយ។ (យ៉ូន. ១:១៨) រង្វាន់​អ្នក​ដែល​«កំពុង​មើល​ពី​ទី​ស្ងាត់​កំបាំង»​បាន​ផ្ដល់ រួម​បញ្ចូល​ចំណង​មេត្រី​ភាព​ដ៏​ស្និទ្ធ​ស្នា​ល​ជា​មួយ​ព្រះ​យេហូវ៉ា ការ​អត់​ឱន​ទោស​អំពើ​ខុស​ឆ្គង​របស់​យើង ព្រម​ទាំង​ជីវិត​ជា​រៀង​រហូត។ (សុ. ៣:៣២; យ៉ូន. ១៧:៣; អេភ. ១:៧) រង្វាន់​នេះ​ពិត​ជា​ល្អ​ប្រសើរ​ជាង​ទទួល​ការ​សរសើរ​ពី​មនុស្ស!

យើង​គួរ​ស្រឡាញ់​សេចក្ដី​បង្រៀន​ដ៏​មាន​តម្លៃ

២២, ២៣​. ហេតុ​អ្វី​គប្បី​ឲ្យ​យើង​ស្រឡាញ់​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ?

២២ ធម្មទាន​នៅ​លើ​ភ្នំ​ពិត​ជា​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​បង្រៀន​ដែល​មាន​តម្លៃ។ សេចក្ដី​បង្រៀន​នោះ​ប្រាកដជា​អាច​នាំ​ឲ្យ​យើង​ទទួល​អំណរ ទោះ​បី​មាន​ភាព​ច្របូក​ច្របល់​ក្នុង​ពិភព​លោក​ក៏​ដោយ។ ត្រូវ​ហើយ យើង​នឹង​មាន​សុភមង្គល​ប្រសិន​បើ​យើង​ស្រឡាញ់​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ ហើយ​អនុញ្ញាត​ឲ្យ​សេចក្ដី​បង្រៀន​នោះ​មាន​ឥទ្ធិពល​លើ​ចិត្ត​គំនិត​និង​គន្លង​ជីវិត​របស់​យើង​ផង។

២៣ អស់​អ្នក​ដែល​«ឮ»​ហើយ​«ធ្វើ​តាម»​អ្វី​ដែល​លោក​យេស៊ូ​បាន​បង្រៀន​នឹង​ទទួល​ពរ​ជា​មិន​ខាន។ (សូម​អាន ម៉ាថាយ ៧:២៤, ២៥) ដូច្នេះ សូម​ឲ្យ​យើង​ប្ដេជ្ញា​ចិត្ត​ដើម្បី​ធ្វើ​តាម​ដំបូន្មាន​របស់​លោក​យេស៊ូ។ យើង​នឹង​ពិចារណា​សេចក្ដី​បង្រៀន​បន្ថែម​ទៀត​របស់​លោក​យេស៊ូ​ពី​ធម្មទាន​នៅ​លើ​ភ្នំ​ក្នុង​អត្ថបទ​បន្ទាប់។

តើ​អ្នក​ឆ្លើយ​យ៉ាង​ណា?

ហេតុ​អ្វី​សំខាន់​ឲ្យ​យើង​រក​ជា​នឹង​បង​ប្អូន​ដែល​បាន​ទាស់​ចិត្ត?

តើ​យើង​អាច​ជៀស​ចេញ​ពី​ការ​ជំពប់​ដួល​ដោយ​«ភ្នែក​ស្ដាំ»​របស់​យើង​យ៉ាង​ដូច​ម្ដេច?

តើ​យើង​គួរ​មាន​ចិត្ត​គំនិត​អ្វី​ចំពោះ​ចិត្ត​សទ្ធា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៧]

ការ​«រក​ជា»​នឹង​បង​ប្អូន​រួម​ជំនឿ​ដែល​បាន​ទាស់​ចិត្ត ពិត​ជា​មាន​ប្រយោជន៍​ណាស់!

[រូបភាព​នៅ​ទំព័រ​១៩]

ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ដល់​អស់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ត​សប្បាយ