លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តួនាទីរបស់នាងម៉ារៀក្នុងគោលបំណងរបស់ព្រះ

តួនាទីរបស់នាងម៉ារៀក្នុងគោលបំណងរបស់ព្រះ

តួនាទី​របស់​នាង​ម៉ារៀ​ក្នុង​គោល​បំណង​របស់​ព្រះ

ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ ស្ត្រី​ម្នាក់​បាន​បន្លឺ​សំឡេង​ពី​ក្នុង​ចំណោម​បណ្ដា​ជន​ជម្រាប​លោក​ថា​៖ «ស្ត្រី​ដែល​បាន​រក្សា​លោក​ក្នុង​ផ្ទៃ ហើយ​បំបៅ​លោក មាន​សុភមង្គល​ហើយ!»។ ប្រសិនបើ​លោក​យេស៊ូ​មាន​ចិត្ត​ចង់​ឲ្យ​គេ​គោរព​ប្រណិប័តន៍​ម្ដាយ​របស់​លោក នោះ​ជា​ឱកាស​ដ៏​ល្អ​ប្រសើរ​ដើម្បី​លើក​ទឹក​ចិត្ត​គេ​ឲ្យ​ធ្វើ​ដូច្នោះ។ ផ្ទុយ​ទៅ​វិញ លោក​មាន​ប្រសាសន៍​ថា​៖ «ទេ! គឺ​អស់​អ្នក​ដែល​ឮ​បណ្ដាំ​របស់​ព្រះ​ហើយ​ធ្វើ​តាម ទើប​មាន​សុភមង្គល!»។—លូកា ១១:២៧, ២៨

លោក​យេស៊ូ​មិន​បាន​លើក​កិត្ដិយស​ពិសេស​ដល់​ម្ដាយ​របស់​លោក​ទេ ហើយ​ក៏​មិន​បាន​ប្រាប់​ឲ្យ​អ្នក​កាន់​តាម​ធ្វើ​ដូច្នេះ​ដែរ។ ប៉ុន្តែ អ្នក​ជឿ​ដ៏​ស្មោះ​ជា​ច្រើន​នាក់​បាន​កោត​សរសើរ​នាង​ម៉ារៀ។ ដូច្នេះ តើ​នេះ​សម​ស្រប​នឹង​ប្រសាសន៍​របស់​លោក​យេស៊ូ​ទេ? សូម​ឲ្យ​យើង​ពិចារណា​សេចក្ដី​បង្រៀន​ខ្លះៗ​ដែល​មាន​ជា​ទូទៅ អំពី​ម្ដាយ​របស់​លោក​យេស៊ូ​ដោយ​ប្រៀប​ធៀប​ទៅ​នឹង​បទ​គម្ពីរ​បរិសុទ្ធ។

«ក្នុង​ចំណោម​ស្រី​ទាំង​ឡាយ . . . មាន​ពរ​ហើយ» ព្រម​ទាំង​«ពេញ​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ»

ទេវតា​មួយ​រូប​ឈ្មោះ​កាព្រីយ៉ែល​បាន​ប្រាប់​ម៉ារៀ​អំពី​តួនាទី​របស់​នាង​ក្នុង​គោល​បំណង​របស់​ព្រះ ពេល​កាព្រីយ៉ែល​បាន​ជម្រាប​សួរ​នាង​ថា​៖ «សួស្តី អ្នក​សំណព្វ​របស់​ព្រះ។ ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​នាង»។ (លូកា ១:២៨) ការ​បក​ប្រែ​ផ្សេង​ទៀត​បាន​បក​ប្រែ​ការ​ជម្រាប​សួរ​ដដែល​នេះ​ថា​៖ «អបអរ​សាទរ! អ្នក​ដែល​ពេញ​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ។ លោក​ម្ចាស់​ស្ថិត​នៅ​ជា​មួយ​អ្នក»។ មិន​យូរ​ក្រោយ​ពី​នេះ អេលីសាបិត​បាន​ជម្រាប​សួរ​នាង​ម៉ារៀ​ដោយ​ប្រើ​ពាក្យ​ថា​៖ «ក្នុង​ចំណោម​ស្រី​ទាំង​ឡាយ នាង​មាន​ពរ​ហើយ! ឯ​កូន​ដែល​នាង​នឹង​បង្កើត​ក៏​មាន​ពរ​ដែរ!»។ (លូកា ១:៤២) ប្រយោគ​ទាំង​នេះ​បញ្ជាក់​ថា​នាង​ម៉ារៀ​គួរ​នឹង​ទទួល​ការ​គោរព​ប្រណិប័តន៍​ពិសេស មែន​ទេ?

តាម​ការ​ពិត មិន​មែន​ទេ។ ទោះ​បើ​សាសនា​កាតូលិក​បាន​បញ្ចូល​ពាក្យ​ទាំង​នេះ​ក្នុង​សេចក្ដី​អធិដ្ឋាន​ថ្លែង​ដល់​នាង​ម៉ារៀ​ក៏​ពិត​មែន តែ​គម្ពីរ​មិន​បាន​ផ្ដល់​មូលហេតុ​ដែល​យើង​គួរ​អធិដ្ឋាន​ដល់​នាង​ឡើយ។ ទាំង​កាព្រីយ៉ែល​ទាំង​អេលីសាបិត​ទទួល​ស្គាល់​កិត្ដិយស​ដ៏​លើស​លប់​ដែល​នាង​ម៉ារៀ​មាន ជា​អ្នក​ដែល​នឹង​សម្រាល​កូន ដែល​នឹង​ក្លាយ​ទៅ​ជា​មេស្ស៊ី (អ្នក​ដែល​បាន​តែង​តាំង​ដោយ​ព្រះ​ដើម្បី​កាន់​មុខ​តំណែង​ពិសេស)។ ប៉ុន្តែ សេចក្ដី​បង្រៀន​ឲ្យ​អធិដ្ឋាន​ដល់​នាង​មិន​មាន​ក្នុង​គម្ពីរ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពេល​អ្នក​កាន់​តាម​របស់​លោក​យេស៊ូ សុំ​ឲ្យ​លោក​បង្រៀន​ពួក​គេ​នូវ​របៀប​ដែល​គួរ​អធិដ្ឋាន នោះ​លោក​បាន​បង្ហាញ​ប្រាប់​ថា​សេចក្ដី​អធិដ្ឋាន​ទាំង​អស់​គួរ​ថ្លែង​ដល់​បិតា​របស់​លោក​វិញ។ តាម​ពិត សេចក្ដី​អធិដ្ឋាន​ដ៏​ល្បីល្បាញ​ដែល​លោក​យេស៊ូ​ថ្លែង​ទុក​ជា​គំរូ ចាប់​ផ្ដើម​ពី​ពាក្យ​ដែល​ថា​៖ «ឱ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌»។—ម៉ាថាយ ៦:៩

ក្នុង​ចំណោម​ពួក​អ្នក​គ្រប់​គ្រង

សេចក្ដី​បង្រៀន​មួយ​ទៀត​អំពី​នាង​ម៉ារៀ​ដែល​មាន​ជា​ទូទៅ គឺថា​ឥឡូវ​នាង​ជា​«មហាក្សត្រិយ៍​នៃ​ស្ថាន​សួគ៌»។ គម្ពីរ​មិន​ដែល​បាន​ផ្ដល់​ឋានន្តរ​បែប​នេះ​ឲ្យ​នាង​ឡើយ។ ក៏​ប៉ុន្តែ គម្ពីរ​បាន​បង្ហាញ​ថា​នាង​មាន​តួនាទី​ពិសេស​ក្នុង​ការ​កាន់កាប់​ត្រួត​ត្រា​របស់​ព្រះ​នៅ​ឯ​ស្ថាន​សួគ៌។ តើ​តួនាទី​នោះ​ជា​អ្វី?

លោក​យេស៊ូ​បាន​បញ្ជាក់​ថា​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​ខ្លះ​របស់​លោក នឹង​គ្រប់​គ្រង​ជា​មួយ​លោក​នៅ​ឯ​ស្ថាន​សួគ៌​ក្នុង​រាជាណាចក្រ​របស់​លោក។ (លូកា ២២:២៨​-​៣០) លោក​យេស៊ូ​នឹង​ផ្ដល់​អំណាច​ឲ្យ​អស់​អ្នក​ដែល​បាន​ជ្រើស​រើស​នោះ​ដើម្បី​បម្រើ​ជា​«សង្ឃ​របស់​ព្រះ​នៃ​យើង ហើយ​ពួក​គេ​នឹង​ធ្វើ​ជា​ស្តេច​គ្រប់​គ្រង​លើ​ផែនដី»។ (ការបើកបង្ហាញ ៥:១០) គម្ពីរ​បាន​នាំ​ឲ្យ​យើង​សន្និដ្ឋាន​យ៉ាង​ច្បាស់​ថា​នាង​ម៉ារៀ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ទទួល​កិត្ដិយស​ដ៏​លើស​លុប​នេះ។ ហេតុ​អ្វី​យើង​អាច​សន្និដ្ឋាន​ដូច្នេះ?

អ្នក​ទំនង​ជា​ចាំ​ថា​ក្រោយ​ពី​ពេល​ដែល​លោក​យេស៊ូ​បាន​ស្លាប់ នោះ​នាង​ម៉ារៀ​បាន​«ព្យាយាម​ក្នុង​ការ​អធិដ្ឋាន»​ជា​មួយ​អ្នក​កាន់​តាម​លោក ព្រម​ទាំង​ប្អូន​ប្រុស​ខ្លះៗ​របស់​លោក​ដែរ។ បង​ប្អូន​គ្រិស្ត​សាសនិក​ប្រមាណ​១២០​នាក់​បាន​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ដូច្នេះ រួម​ទាំង​«ស្ត្រី​ខ្លះ»​ផង។ (សកម្មភាព ១:១២​-​១៥) គម្ពីរ​បាន​ចែង​ថា​៖ «ក្នុង​អំឡុង​បុណ្យ​ថ្ងៃ​ទី​ហាសិប ពួក​គាត់​ទាំង​អស់​គ្នា​នៅ​ជុំ​គ្នា​នៅ​កន្លែង​តែ​មួយ» ពេល​ដែល​ព្រះ​បាន​ផ្ដល់​សកម្ម​ពល​របស់​លោក​លើ​ពួក​គាត់ ហើយ​ផ្ដល់​ឲ្យ​ពួក​គាត់​មាន​សមត្ថភាព​និយាយ​ជា​ភាសា​ផ្សេងៗ​ផង។—សកម្មភាព ២:១​-​៤

យ៉ាង​នេះ នាង​ម៉ារៀ​ស្ថិត​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ទទួល​សកម្ម​ពល​បរិសុទ្ធ ហើយ​នេះ​ជា​ទី​សំអាង​ដែល​បង្ហាញ​ថា​នាង​ក៏​បាន​ជ្រើស​រើស​ឲ្យ​គ្រប់​គ្រង​ជា​មួយ​លោក​យេស៊ូ​ក្នុង​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​របស់​លោក។ ដូច្នេះ យើង​មាន​មូលហេតុ​យ៉ាង​ត្រឹម​ត្រូវ​ឲ្យ​ជឿ​ជាក់​ថា​នាង​ម៉ារៀ​កំពុង​មាន​សិរី​រុងរឿង​នៅ​ឯ​ស្ថាន​សួគ៌​ជា​មួយ​លោក​យេស៊ូ។ (រ៉ូម ៨:១៤​-​១៧) សូម​គិត​អំពី​ឯក​សិទ្ធ​របស់​នាង ព្រម​ទាំង​អ្នក​គ្រប់​គ្រង​ឯ​ទៀត​ដែល​មាន​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​ព្រះ។

ផ្ដល់​ពរ​ដ៏​អស្ចារ្យ

សៀវភៅ​ការ​បើក​បង្ហាញ​ក្នុង​គម្ពីរ​បាន​ចែង​ថា​អ្នក​ដែល​ស្ថិត​ក្នុង​ចំណោម​១៤៤.០០០​នាក់ នឹង​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដើម្បី​ទទួល​សិរី​រុងរឿង​នៅ​ឯ​ស្ថាន​សួគ៌​ក្នុង​ការ​បម្រើ​នៅ​ក្បែរ​លោក​យេស៊ូ​ជា​សង្ឃ អ្នក​វិនិច្ឆ័យ និង​ស្តេច។ (ការបើកបង្ហាញ ១៤:១, ៤; ២០:៤,) ក្នុង​ឋានៈ​ជា​សង្ឃ ពួក​គេ​នឹង​រួម​ចំណែក​ក្នុង​ការ​ផ្ដល់​ប្រយោជន៍​ពី​ថ្លៃ​លោះ​របស់​លោក​យេស៊ូ​ដល់​មនុស្ស​ជាតិ​ទាំង​អស់​ដែល​ចេះ​ស្ដាប់​បង្គាប់ ព្រម​ទាំង​នាំ​ឲ្យ​ពួក​គេ​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ខាង​រាង​កាយ ខាង​សីលធម៌ ហើយ​ខាង​ចំណង​មេត្រី​ភាព​ជា​មួយ​ព្រះ​ផង។ (ការបើកបង្ហាញ ២១:១​-​៤) នេះ​ពិត​ជា​ឯក​សិទ្ធ​ពិសេស​មែន​ពេល​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទាំង​អស់​ដែល​មាន​ចិត្ត​ភក្ដី ឃើញ​គ្រា​ដ៏​ល្អ​អស្ចារ្យ​នោះ! *

នាង​ម៉ារៀ​ធ្លាប់​មាន ហើយ​នៅ​តែ​មាន​ចំណែក​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ ដោយ​ព្រោះ​នាង​មាន​ចិត្ត​រាប​ទាប ជំនឿ ចេះ​ស្ដាប់​បង្គាប់ ជា​ម្ដាយ​ដែល​ស្រឡាញ់​កូន​យ៉ាង​អស់ពី​ចិត្ត ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត នាង​បាន​ស៊ូ​ទ្រាំ​ពេល​ប្រឈម​មុខ​ទុក្ខ​លំបាក នោះ​ជា​ការ​សមរម្យ​ឲ្យ​យើង​យក​តម្រាប់​តាម​នាង។ ណា​មួយ​ទៀត នាង​គួរ​ទទួល​សេចក្ដី​គោរព​យ៉ាង​ជ្រាល​ជ្រៅ ដោយ​សារ​នាង​សម្រាល​កូន​ដែល​នឹង​ក្លាយ​ទៅ​ជា​មេស្ស៊ី ហើយ​រួម​ចំណែក​ក្នុង​ការ​ផ្ដល់​ប្រយោជន៍​ដែល​មក​ពី​ថ្លៃ​លោះ​ដល់​មនុស្ស​ជាតិ។

យ៉ាង​ណា​ក៏​ដោយ មេរៀន​ដ៏​សំខាន់​បំផុត​ដែល​យើង​រៀន​ពី​ម៉ារៀ គឺ​ថា​នាង ព្រម​ទាំង​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ឯ​ទៀត​របស់​ព្រះ ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា មិន​មែន​ព្រះ​ឯ​ទៀត​ឡើយ។ នាង​ម៉ារៀ ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ដែល​នឹង​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌ បន្លឺ​សំឡេង​ថា​៖ «សូម​ឲ្យ​លោក​ដែល​អង្គុយ​លើ​បល្ល័ង្ក[ព្រះ​យេហូវ៉ា]និង​កូន​ចៀម[លោក​យេស៊ូ​គ្រិស្ត]​ប្រកប​ដោយ​ពរ កិត្ដិយស សិរី​រុងរឿង និង​កម្លាំង​ខ្លាំងក្លា​ជា​រៀង​រហូត»។—ការបើកបង្ហាញ ៥:១៣; ១៩:១០

[កំណត់​សម្គាល់]

^ វគ្គ 13 ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​ចំពោះ​ពរ​ទាំង​នេះ សូម​មើល​ជំពូក​ទី​៨​នៃ​សៀវភៅ តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែល​ត្រូវ​បាន​បោះពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

[រូបភាព​នៅ​ទំព័រ​១០]

ជា​ការ​សមរម្យ​ឲ្យ​យើង​យក​តម្រាប់​តាម​នាង​ម៉ារៀ​ក្នុង​ការ​បង្ហាញ​ចិត្ត​រាប​ទាប ជំនឿ និង​ចេះ​ស្ដាប់​បង្គាប់