លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើសេចក្ដីបង្រៀនរបស់លោកយេស៊ូមានឥទ្ធិពលទៅលើរបៀបដែលអ្នកអធិដ្ឋានឬទេ?

តើសេចក្ដីបង្រៀនរបស់លោកយេស៊ូមានឥទ្ធិពលទៅលើរបៀបដែលអ្នកអធិដ្ឋានឬទេ?

តើ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​ដែល​អ្នក​អធិដ្ឋាន​ឬ​ទេ?

«ពេល​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ចប់​ហើយ នោះ​បណ្ដា​ជន​បាន​កោត​ស្ងើច​ក្រៃ​លែង​នឹង​សេចក្ដី​បង្រៀន​របស់​លោក»។—ម៉ាថ. ៧:២៨

១, ២​. ហេតុ​អ្វី​បាន​ជា​បណ្ដា​ជន​កោត​ស្ងើច​ក្រៃ​លែង​នឹង​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ?

គប្បី​ឲ្យ​យើង​ទទួល​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​ដែល​ជា​បុត្រ​តែ​មួយ​គត់​ដែល​ព្រះ​បង្កើត​ផ្ទាល់ ហើយ​អនុវត្ត​តាម​ក្នុង​ជីវិត។ គ្មាន​មនុស្ស​ណា​មាន​ប្រសាសន៍​ដូច​លោក​ទេ ហេតុ​នេះ​ហើយ​បាន​ជា​បណ្ដា​ជន​កោត​ស្ងើច​ក្រៃ​លែង​នឹង​សេចក្ដី​បង្រៀន​របស់​លោក​ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ!—សូម​អាន ម៉ាថាយ ៧:២៨, ២៩

បុត្រ​របស់​ព្រះ​មិន​បាន​បង្រៀន​ដូច​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ឡើយ ដោយ​ព្រោះ​ពួក​គេ​ថ្លែង​ពាក្យ​ជា​ច្រើន​ដែល​មាន​មូលដ្ឋាន​លើ​សេចក្ដី​បង្រៀន​របស់​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ លោក​គ្រិស្ត​បាន​បង្រៀន​«ក្នុង​នាម​ជា​អ្នក​ដែល​មាន​អំណាច» ដោយ​ព្រោះ​អ្វី​ដែល​លោក​បង្រៀន​នោះ​មក​ពី​ព្រះ។ (យ៉ូន. ១២:៥០) ដូច្នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​សេចក្ដី​បង្រៀន​ឯ​ទៀត​របស់​លោក​យេស៊ូ​ដែល​មាន​ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ។ យើង​ចង់​ដឹង​ថា តើ​សេចក្ដី​បង្រៀន​ទាំង​នេះ​អាច​មាន​និង​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​របៀប​ដែល​យើង​អធិដ្ឋាន?

កុំ​អធិដ្ឋាន​ដូច​មនុស្ស​លាក់​ពុត​ឡើយ

៣​. សូម​រៀប​រាប់​យ៉ាង​សង្ខេប​ពី​ពាក្យ​របស់​លោក​យេស៊ូ​ដែល​បាន​កត់​ទុក​នៅ​ម៉ាថាយ ៦:៥?

សេចក្ដី​អធិដ្ឋាន​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​ថ្វាយ​បង្គំ​ពិត ហើយ​គប្បី​ឲ្យ​យើង​អធិដ្ឋាន​ដល់​ព្រះ​យេហូវ៉ា​ជា​រឿយៗ។ ប៉ុន្តែ សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​គួរ​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​ដែល​យើង​អធិដ្ឋាន។ លោក​មាន​ប្រសាសន៍​ថា​៖ «ពេល​ដែល​អ្នក​រាល់​គ្នា​អធិដ្ឋាន អ្នក​មិន​ត្រូវ​ធ្វើ​ដូច​មនុស្ស​លាក់​ពុត​ទេ ពីព្រោះ​ពួក​គេ​ចូល​ចិត្ត​ឈរ​អធិដ្ឋាន​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​កាច់​ជ្រុង​ផ្លូវ​ធំៗ ដើម្បី​ឲ្យ​មនុស្ស​ឃើញ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ពួក​គេ​បាន​ទទួល​រង្វាន់​គ្រប់​សព្វ​ហើយ»។ម៉ាថ. ៦:៥

៤​-​៦​. (ក) ហេតុ​អ្វី​បាន​ជា​ពួក​ផារិស៊ី​ចូល​ចិត្ត​«ឈរ​អធិដ្ឋាន​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​កាច់​ជ្រុង​ផ្លូវ​ធំៗ»? (ខ) តើ​អ្នក​លាក់​ពុត​បែប​នេះ​«បាន​ទទួល​រង្វាន់​គ្រប់​សព្វ»​យ៉ាង​ដូច​ម្ដេច?

ពេល​អ្នក​កាន់​តាម​លោក​យេស៊ូ​អធិដ្ឋាន ពួក​គាត់​មិន​ត្រូវ​ធ្វើ​តាម​«មនុស្ស​លាក់​ពុត»​ដែល​មាន​អំណួត​ថា​ខ្លួន​ឯង​ជា​មនុស្ស​សុចរិត​ទេ ដូច​ជា​ពួក​ផារិស៊ី​ជា​ដើម ដោយ​ព្រោះ​ពួក​ផារិស៊ី​ខំ​បំភាន់​អ្នក​ឯ​ទៀត​ដោយ​ធ្វើ​ពុត​ជា​អ្នក​ដែល​ស្រឡាញ់​ព្រះ​អស់​ពី​ចិត្ត។ (ម៉ាថ. ២៣:១៣​-​៣២) មនុស្ស​លាក់​ពុត​ចូល​ចិត្ត​អធិដ្ឋាន​ដោយ‹ឈរ​ក្នុង​សាលា​ប្រជុំ​ហើយ​នៅ​កាច់​ជ្រុង​ផ្លូវ​ធំៗ​›។ ហេតុ​អ្វី? គឺ​ដើម្បី​«ឲ្យ​មនុស្ស​ឃើញ»។ ជន​ជាតិ​យូដា​នៅ​សតវត្សរ៍​ទី​១​មាន​ទំនៀម​ទម្លាប់​អធិដ្ឋាន​ជា​ក្រុម​ជំនុំ ក្នុង​អំឡុង​ពេល​ការ​ថ្វាយ​តង្វាយ​ដុត​ចំពោះ​ព្រះ​នៅ​ឯ​វិហារ (ប្រហែល​ជា​វេលា​ម៉ោង​៩​ព្រឹក និង​ម៉ោង​បី​រសៀល)។ បណ្ដា​ជន​ដែល​រស់​នៅ​ទី​ក្រុង​យេរូសាឡិម ក៏​នឹង​អធិដ្ឋាន​ជា​មួយ​ក្រុម​អ្នក​ថ្វាយ​បង្គំ​នៅ​ឯ​បរិវេណ​នៃ​វិហារ​ដែរ។ ក្រៅ​ទី​ក្រុង​យេរូសាឡិម ជន​ជាតិ​យូដា​ដែល​កាន់​តាម​សាសនា​យ៉ាង​ម៉ឺង​ម៉ាត់ អធិដ្ឋាន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ជា​ញឹក​ញយ ខណៈ​ដែល‹ឈរ​ក្នុង​សាលា​ប្រជុំ›។—សូម​ពិនិត្យ​បន្ថែម លូកា ១៨:​១១, ១៣

ប៉ុន្តែ មនុស្ស​ភាគ​ច្រើន​មិន​នៅ​ជិត​វិហារ​ឬ​សាលា​ប្រជុំ​ដើម្បី​អធិដ្ឋាន​ដូច​បាន​រៀប​រាប់​ពី​វគ្គ​មុន​ទេ។ ដូច្នេះ​ពេល​ដល់​ម៉ោង​អធិដ្ឋាន ទោះ​បើ​ពួក​គាត់​នៅ​កន្លែង​ណា​ដ៏​ដោយ ពួក​គាត់​អធិដ្ឋាន​នៅ​កន្លែង​នោះ។ ចំពោះ​អ្នក​ខ្លះ ពេល​ដល់​ម៉ោង​អធិដ្ឋាន ពួក​គេ​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​បាន​«នៅ​កាច់​ជ្រុង​ផ្លូវ​ធំៗ»។ ពួក​គេ​ចង់​ឲ្យ​មនុស្ស​ដែល​ដើរ​កាត់​ផ្លូវ​នោះ​«ឃើញ»។ អ្នក​លាក់​ពុត​ដែល​ធ្វើ​ជា​អ្នក​ស្រឡាញ់​ព្រះ​ស្មោះ​ពី​ចិត្ត នោះ​នឹង​«អធិដ្ឋាន​យ៉ាង​យូរ»​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​កោត​ស្ងើច។ (លូក. ២០:​៤៧) យើង​មិន​គួរ​មាន​ចិត្ត​គំនិត​ដូច​នេះ​ឡើយ។

លោក​យេស៊ូ​បាន​ប្រកាស​ថា​មនុស្ស​លាក់​ពុត​ដូច​នោះ​«ទទួល​រង្វាន់​គ្រប់​សព្វ​ហើយ»។ ពួក​គេ​ចង់​បាន​យ៉ាង​ខ្លាំង​ឲ្យ​មនុស្ស​ទទួល​ស្គាល់​នឹង​សរសើរ ហើយ​នេះ​ជា​រង្វាន់​គ្រប់​សព្វ​របស់​ពួក​គេ ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​មិន​តប​ឆ្លើយ​ការ​អធិដ្ឋាន​ដ៏​ពុត​ត្បុត​របស់​ពួក​គេ​ឡើយ។ ម្យ៉ាង​វិញ​ទៀត ព្រះ​នឹង​ឆ្លើយ​តប​ការ​អធិដ្ឋាន​របស់​អ្នក​កាន់​តាម​ពិត​នៃ​លោក​គ្រិស្ត ដូច​បាន​ឃើញ​តាម​ពាក្យ​របស់​លោក​យេស៊ូ​ស្តី​អំពី​រឿង​នេះ។

៧​. តើ​ការ​ដាស់​តឿន​ឲ្យ​ទៅ​អធិដ្ឋាន​ក្នុង​«បន្ទប់​ផ្ទាល់​ខ្លួន»​មាន​ន័យ​អ្វី?

«ក៏​ប៉ុន្តែ ពេល​ដែល​អ្នក​អធិដ្ឋាន ចូរ​ចូល​ទៅ​ក្នុង​បន្ទប់​ផ្ទាល់​ខ្លួន​ហើយ​បិទ​ទ្វារ សឹម​អធិដ្ឋាន​ជម្រាប​បិតា​របស់​អ្នក ដែល​ស្ថិត​នៅ​ទី​ស្ងាត់​កំបាំង។ នោះ​បិតា​របស់​អ្នក ដែល​មើល​ពី​ទី​ស្ងាត់​កំបាំង​នឹង​ផ្ដល់​រង្វាន់​ឲ្យ​អ្នក»។ (ម៉ាថ. ៦:៦) ការ​ដាស់​តឿន​របស់​លោក​យេស៊ូ​ឲ្យ​ទៅ​អធិដ្ឋាន​ក្នុង​បន្ទប់​ផ្ទាល់​ខ្លួន​ហើយ​បិទ​ទ្វារ មិន​បាន​សេចក្ដី​ថា​បុគ្គល​ម្នាក់​មិន​អាច​អធិដ្ឋាន​តំណាង​ក្រុម​ជំនុំ​ឡើយ។ បំណង​នៃ​ការ​ដាស់​តឿន​នោះ​គឺ​ដើម្បី​រារាំង​មនុស្ស​ពី​ការ​អធិដ្ឋាន​ជា​សាធារណៈ​ដែល​នាំ​ឲ្យ​ខ្លួន​ចេញ​មុខ​ចេញ​មាត់ និង​ទាញ​យក​ការ​សរសើរ​ពី​អ្នក​ដទៃ។ គប្បី​ឲ្យ​យើង​ចង​ចាំ​ចំណុច​នេះ​បើ​យើង​មាន​ឯកសិទ្ធិ​អធិដ្ឋាន​ជា​សាធារណៈ​តំណាង​រាស្ត្រ​របស់​ព្រះ។ ម្យ៉ាង​ទៀត សូម​ឲ្យ​យើង​ធ្វើ​តាម​ការ​ដាស់​តឿន​បន្ថែម​ទៀត​ស្តី​អំពី​ការ​អធិដ្ឋាន។

៨​. យោង​ទៅ​តាម​ម៉ាថាយ ៦:៧ តើ​យើង​មិន​គួរ​អធិដ្ឋាន​តាម​របៀប​ណា?

«ពេល​ដែល​អធិដ្ឋាន កុំ​ពោល​ពាក្យ​ដដែលៗ ដូច​ជន​ជាតិ​ដទៃ​ឡើយ ព្រោះ​ពួក​គេ​នឹក​ស្មានថា ព្រះ​នឹង​ស្ដាប់​ពួក​គេ​ដោយ​សារ​បាន​ពោល​ពាក្យ​ជា​ច្រើន»។ (ម៉ាថ. ៦:៧) យ៉ាង​នេះ លោក​យេស៊ូ​បាន​លើក​របៀប​មួយ​ទៀត​ដែល​យើង​មិន​ត្រូវ​អធិដ្ឋាន ពោល​គឺ​ការ​សូត្រ​ពាក្យ​ច្រំ​ដែលៗ។ លោក​មិន​ចង់​បញ្ជាក់​ថា​យើង​មិន​គួរ​ពោល​ពាក្យ​អង្វរ​ដែល​ផុស​ចេញ​ពី​ដួង​ចិត្ត និង​ថ្លែង​អំណរ​គុណ​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​សេចក្ដី​អធិដ្ឋាន​ទេ។ ក្នុង​សួន​ហ្ដេសេម៉ានី នៅ​រាត្រី​មុន​លោក​យេស៊ូ​បាន​ទទួល​មរណភាព លោក​អធិដ្ឋាន​ដោយ​«ពោល​ពាក្យ​ដដែល»។—ម៉ាក. ១៤:៣២​-​៣៩

៩, ១០​. តើ​យើង​មិន​គួរ​អធិដ្ឋាន​ដោយ​និយាយ​ផ្ទួនៗ​ក្នុង​ន័យ​អ្វី?

ប៉ុន្តែ ពិត​ជា​ខុស​ហើយ​បើ​យើង​ត្រាប់​តាម​«ជន​ជាតិ​ដទៃ»​ក្នុង​ការ​ពោល​ពាក្យ​ផ្ទួនៗ​ពេល​អធិដ្ឋាន។ ពួក​គេ​សូត្រ​ពាក្យ​ដែល​បាន​ទន្ទេញ​ចាំ​មាត់​«ដដែលៗ» ដែល​រួម​បញ្ចូល​ពាក្យ​មិន​សំខាន់​ចាំ​បាច់។ ការ​ធ្វើ​ដូច្នេះ​មិន​បាន​ជួយ​អ្នក​ថ្វាយ​បង្គំ​ព្រះ​បា​ល​ទេ ពេល​ពួក​គេ​អង្វរ​ព្រះ​មិន​ពិត​នោះ​«ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់​ថា ឱ​ព្រះ​បាល​អើយ! សូម​ឆ្លើយ​មក​យើង​ខ្ញុំ​រាល់​គ្នា​ផង»។ (១ពង្ស. ១៨:២៦) សព្វ​ថ្ងៃ​នេះ មនុស្ស​រាប់​លាន​នាក់​ប្រើ​ពាក្យ​ជា​ច្រើន​ដដែលៗ​ពេល​អធិដ្ឋាន ដោយ​នឹក​ស្មានថា​«ព្រះ​នឹង​ស្ដាប់​ពួក​គេ»។ ប៉ុន្តែ លោក​យេស៊ូ​បាន​ជួយ​យើង​ឲ្យ​យល់​ឃើញ​ថា ការ​«ពោល​ពាក្យ​ជា​ច្រើន»​ក្នុង​សេចក្ដី​អធិដ្ឋាន​យូរ​និង​សូត្រ​ពាក្យ​ច្រំ​ដែលៗ នោះ​គ្មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា​ទេ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថែម​ទៀត​ថា​៖

១០«ដូច្នេះ កុំ​ធ្វើ​តាម​ពួក​គេ​ឡើយ ព្រោះ​ព្រះ​ដែល​ជា​បិតា​របស់​អ្នក​រាល់​គ្នា​ជ្រាប​ពី​អ្វី​ដែល​អ្នក​ត្រូវ​ការ មុន​អ្នក​សុំ​ទៅ​ទៀត»។ (ម៉ាថ. ៦:​៨) ពួក​មេ​ដឹក​នាំ​សាសនា​យូដា​ជា​ច្រើន​បាន​ធ្វើ​តាម​ជន​ជាតិ​ដទៃ ពេល​អធិដ្ឋាន​ដោយ​ប្រើ​ពាក្យ​ច្រើន​ហួស​ហេតុ​ពេក ដែល​ជា​ពាក្យ​ស្រពេចស្រពិល។ ការ​អធិដ្ឋាន​អស់ពី​ដួង​ចិត្ត​ដែល​រួម​ទាំង​ការ​សរសើរ អំណរ​គុណ និង​សំណូម​ពរ​ជា​ផ្នែក​សំខាន់​នៃ​ការ​ថ្វាយ​បង្គំ​ពិត។ (ភី. ៤:​៦) ក៏​ប៉ុន្តែ គឺ​ខុស​ហើយ​បើ​យើង​ពោល​ពាក្យ​ដដែលៗ ដោយ​គិត​ថា​ចាំ​បាច់​ឲ្យ​យើង​និយាយ​ផ្ទួនៗ​ដើម្បី​ប្រាប់​ព្រះ​ពី​អ្វី​ដែល​យើង​ត្រូវ​ការ។ ពេល​យើង​អធិដ្ឋាន យើង​គួរ​ចង​ចាំ​ថា​យើង​អធិដ្ឋាន​ទៅ​អ្នក​ដែល‹ជ្រាប​ពី​អ្វី​ដែល​យើង​ត្រូវ​ការ មុន​យើង​សុំ​លោក​ទៅ​ទៀត›។

១១​. ប្រសិន​បើ​យើង​មាន​ឯកសិទ្ធិ​អធិដ្ឋាន​ជា​សាធារណៈ តើ​យើង​គួរ​ចង​ចាំ​អ្វី?

១១ សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​ស្តី​អំពី​ការ​អធិដ្ឋាន​ដែល​មិន​ត្រឹម​ត្រូវ គួរ​រំលឹក​យើង​ថា​ព្រះ​មិន​ពេញ​ចិត្ត​នឹង​ពាក្យ​ពីរោះ​និង​ពាក្យ​ដែល​ច្រើន​ហួស​ហេតុ​នោះ​ឡើយ។ យើង​ក៏​គួរ​យល់​ឃើញ​ថា​ការ​អធិដ្ឋាន​ជា​សាធារណៈ​មិន​មែន​ជា​ឱកាស​ដែល​យើង​ខំ​ប្រឹង​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​កោត​ស្ងើច​នឹង​យើង ឬ​នាំ​ឲ្យ​ពួក​គេ​ងឿង​ឆ្ងល់​ថា​ត្រូវ​រង់​ចាំ​យូរ​ប៉ុន្មាន​ទៀត​ទើប​អាច​ពោល​ពាក្យ​«អា​មេន»។ ណា​មួយ​ទៀត ការ​ប្រើ​សេចក្ដី​អធិដ្ឋាន​ជា​វិធី​ដើម្បី​ជូន​ដំណឹង​ឬ​ទូន្មាន​អ្នក​ស្ដាប់ ក៏​ខុស​ទំនង​នឹង​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ​ដែរ។

លោក​យេស៊ូ​បង្រៀន​យើង​នូវ​របៀប​អធិដ្ឋាន

១២​. តើ​អ្នក​នឹង​ពន្យល់​សារៈ​សំខាន់​នៃ​សំណូម​ពរ​«សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ»​យ៉ាង​ដូច​ម្ដេច?

១២ ទោះ​បើ​លោក​យេស៊ូ​ព្រមាន​អំពី​ការ​ប្រើ​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​នៃ​សេចក្ដី​អធិដ្ឋាន​ដោយ​មិន​ត្រឹម​ត្រូវ​ក៏​ពិត​មែន តែ​លោក​ក៏​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​នូវ​របៀប​អធិដ្ឋាន​ដែរ។ (សូម​អាន ម៉ាថាយ ៦:៩​-​១៣) សេចក្ដី​អធិដ្ឋាន​ដែល​លោក​ផ្ដល់ មិន​ត្រូវ​ទន្ទេញ​ចាំ​មាត់​ដើម្បី​សូត្រ​ពាក្យ​នោះ​ម្ដង​ហើយ​ម្ដង​ទៀត​ឡើយ។ ផ្ទុយ​ទៅ​វិញ សេចក្ដី​អធិដ្ឋាន​នោះ​បាន​ទុក​ជា​គំរូ​សម្រាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង។ ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​ចាត់​ទុក​ព្រះ​ជា​សំខាន់​បំផុត​ដោយ​ចាប់​ផ្ដើម​សេចក្ដី​អធិដ្ឋាន​នោះ​ថា​៖ «ឱ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌ សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ»។ (ម៉ាថ. ៦:៩) យើង​ហៅ​ព្រះ​យេហូវ៉ា​ជា​«បិតា​របស់​យើង»​ពីព្រោះ​លោក​ជា​អ្នក​បង្កើត​យើង ដែល​គង់​«នៅ​ស្ថាន​សួគ៌»​សែន​ឆ្ងាយ​ពី​ផែនដី​យើង។ (ចោទិ. ៣២:៦; ២របា. ៦:២១; សកម្ម. ១៧:២៤, ២៨) ការ​ប្រើ​ពាក្យ​ពហុវចនៈ ដែល​ជា​ពាក្យ​«យើង» នោះ​គួរ​រំលឹក​យើង​ថា​បង​ប្អូន​រួម​ជំនឿ​ក៏​មាន​ចំណង​មេត្រី​ភាព​ដ៏​ស្និទ្ធ​ស្នា​ល​ជា​មួយ​ព្រះ​ដែរ។ ប្រយោគ​ដែល​ថា​«សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ» ជា​សំណូម​ពរ​ឲ្យ​ព្រះ​យេហូវ៉ា​ចាត់​វិធានការ​ដើម្បី​ធ្វើ​ឲ្យ​គេ​លើក​សរសើរ​នាម​របស់​លោក ដោយ​បំបាត់​អ្វីៗ​ទាំង​អស់​ដែល​បាន​បង្ខូច​នាម​របស់​លោក​ចាប់​តាំង​ពី​ការ​បះបោរ​ប្រឆាំង​នៅ​សួន​អេដែន​មក។ ក្នុង​ការ​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​នោះ ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​គ្រប់​អំពើ​អាក្រក់​ចេញ​ពី​ផែនដី ហើយ​ដោយ​ធ្វើ​ដូច្នេះ​លោក​នឹង​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ។—អេសេ. ៣៦:២៣

១៣​. (ក) តើ​សំណូម​ពរ​«សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់»​នឹង​សម្រេច​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​នៅ​ផែនដី​រួម​បញ្ចូល​អ្វី?

១៣«សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ»។ (ម៉ាថ. ៦:១០) ដោយ​ជាប់​ទាក់​ទង​គ្នា​នឹង​សំណូម​ពរ​នេះ​ក្នុង​សេចក្ដី​អធិដ្ឋាន​ដែល​ត្រូវ​បាន​ផ្ដល់​ជា​គំរូ មិន​គប្បី​ឲ្យ​យើង​ភ្លេច​ថា​«រាជាណាចក្រ»​ជា​រដ្ឋាភិបាល​មេស្ស៊ី​នៅ​ឯ​ស្ថាន​សួគ៌ ដែល​មាន​គ្រិស្ត​សោយរាជ្យ​ជា​មួយ​និង​«ពួក​បរិសុទ្ធ»​ដែល​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (ដា. ៧:១៣, ១៤, ១៨; អេសា. ៩:៦, ៧) ការ​អធិដ្ឋាន​ឲ្យ​រាជាណាចក្រ​នោះ​«មក​ដល់» ជា​សំណូម​ពរ​មួយ​ដែល​ថា​ឲ្យ​រាជាណាចក្រ​របស់​ព្រះ​មក​ប្រឆាំង​នឹង​អ្នក​ដែល​ជំទាស់​ការ​គ្រប់​គ្រង​របស់​ព្រះ​នៅ​ផែនដី។ បន្ដិច​ទៀត នេះ​នឹង​កើត​ឡើង​មែន ហើយ​នឹង​បើក​ផ្លូវ​ឲ្យ​មាន​សេចក្ដី​សុចរិត សន្ដិភាព និង​ភាព​ចម្រុង​ចម្រើន​នៅ​ពេញ​ផែនដី ដែល​ប្រៀប​ដូច​ជា​សួន​ឧទ្យាន។ (ទំនុក. ៧២:១​-​១៥; ដា. ២:៤៤; ២ពេ. ៣:១៣) បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​កំពុង​សម្រេច​នៅ​ស្ថាន​សួគ៌ ហើយ​ការ​សុំ​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​សម្រេច​នៅ​ផែនដី ជា​ការ​អង្វរ​ឲ្យ​ព្រះ​សម្រេច​គោល​បំណង​របស់​លោក​ចំពោះ​ផែនដី​យើង រួម​ទាំង​បំផ្លាញ​អ្នក​ប្រឆាំង​លោក​សព្វ​ថ្ងៃ ដូច​លោក​បាន​ធ្វើ​នៅ​សម័យ​បុរាណ​ផង។—សូម​អាន ទំនុកដំកើង ៨៣:១, ២, ១៣​-​១៨

១៤​. ហេតុ​អ្វី​សមរម្យ​ឲ្យ​យើង​អធិដ្ឋាន​សុំ​«អាហារ​ដែល​យើង​ត្រូវ​ការ​សម្រាប់​ថ្ងៃ​នេះ»?

១៤«សូម​ផ្ដល់​អាហារ ដែល​យើង​ត្រូវ​ការ​សម្រាប់​ថ្ងៃ​នេះ»។ (ម៉ាថ. ៦:១១; លូក. ១១:៣) ពេល​យើង​ធ្វើ​សំណូម​ពរ​នេះ​តាម​រយៈ​សេចក្ដី​អធិដ្ឋាន នោះ​យើង​សុំ​ឲ្យ​ព្រះ​ផ្ដល់​ម្ហូប​ដែល​យើង​ត្រូវ​ការ​«សម្រាប់​ថ្ងៃ​នេះ»។ នេះ​បង្ហើប​ឲ្យ​ដឹង​ថា​យើង​មាន​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា​ថា​លោក​មាន​សមត្ថភាព​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ​ជា​រៀង​រាល់​ថ្ងៃ។ នេះ​មិន​មែន​ជា​សេចក្ដី​អធិដ្ឋាន​សុំ​លើស​ពី​អ្វី​ដែល​យើង​ត្រូវ​ការ​នោះ​ឡើយ។ ប្រហែល​ជា​សេចក្ដី​អធិដ្ឋាន​សុំ​អ្វី​ដែល​យើង​ត្រូវ​ការ​ជា​រៀង​រាល់​ថ្ងៃ រំលឹក​យើង​ថា​ព្រះ​បាន​បង្គាប់​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​រើស​យក​នំ​ម៉ាន៉ា​«ល្មម​តែ​១​ថ្ងៃ​រាល់ៗ​ថ្ងៃ»។—និក្ខ. ១៦:៤

១៥​. តើ​យើង​គួរ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​អភ័យទោស​ឲ្យ​យើង?

១៥ សំណូម​ពរ​បន្ទាប់​ក្នុង​សេចក្ដី​អធិដ្ឋាន​ដែល​ត្រូវ​បាន​ផ្ដល់​ជា​គំរូ នាំ​ឲ្យ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ជា​ចាំ​បាច់។ លោក​យេស៊ូ​បាន​និយាយ​ថា​៖ «សូម​អភ័យទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង ដូច​យើង​បាន​អភ័យទោស​ឲ្យ​អ្នក​ដែល​បាន​ធ្វើ​ខុស​នឹង​យើង​ដែរ»។ (ម៉ាថ. ៦:១២) លុះ​ត្រា​តែ​យើង​បាន​«អភ័យទោស»​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង ទើប​ព្រះ​យេហូវ៉ា​អភ័យទោស​យើង​វិញ។ (សូម​អាន ម៉ាថាយ ៦:១៤, ១៥) គប្បី​ឲ្យ​យើង​អភ័យទោស​អ្នក​ឯ​ទៀត​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។—អេភ. ៤:៣២; កូឡ. ៣:១៣

១៦​. តើ​សំណូម​ពរ​ស្តី​អំពី​សេចក្ដី​ល្បួង​និង​សេចក្ដី​សង្គ្រោះ​ឲ្យ​រួច​ពី​មេ​កំណាច​បង្កប់​អត្ថន័យ​អ្វី​ខ្លះ?

១៦«សូម​កុំ​ឲ្យ​យើង​ចាញ់​សេចក្ដី​ល្បួង​ឡើយ តែ​សូម​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​មេ​កំណាច​វិញ»។ (ម៉ាថ. ៦:១៣) តើ​សំណូម​ពរ​ទាំង​ពីរ​ដែល​ទាក់​ទង​នឹង​គ្នា​ក្នុង​សេចក្ដី​អធិដ្ឋាន​ជា​គំរូ​របស់​លោក​យេស៊ូ​បង្កប់​អត្ថន័យ​អ្វី? មុន​ដំបូង យើង​ដឹង​ច្បាស់​ថា​ព្រះ​យេហូវ៉ា​មិន​ល្បួង​យើង​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទេ។ (សូម​អាន យ៉ាកុប ១:១៣) សាថាន​ដែល​ជា​«មេ​កំណាច»​ជា​«មេ​ល្បួង»​ពិត​ប្រាកដ។ (ម៉ាថ. ៤:៣) ដូច្នេះ​សំណូម​ពរ​ដែល​ថា​«សូម​កុំ​ឲ្យ​យើង​ចាញ់​សេចក្ដី​ល្បួង​ឡើយ» ជា​ការ​អង្វរ​ឲ្យ​ព្រះ​យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​យើង​ចុះ​ចាញ់​ពេល​យើង​ត្រូវ​បាន​ល្បួង​ឲ្យ​ធ្វើ​ខុស​ច្បាប់​របស់​លោក។ ការ​អង្វរ​«សូម​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​មេ​កំណាច​វិញ» ជា​សំណូម​ពរ​ឲ្យ​ព្រះ​យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​សាថាន​ធ្វើ​ឲ្យ​យើង​ជំពប់​ដួល។ ណា​មួយ​ទៀត យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ‹នឹង​មិន​ឲ្យ​យើង​ទទួល​រង​ការ​ល្បួង​ហួស​ពី​សមត្ថភាព​ស៊ូ​ទ្រាំ​របស់​យើង​ឡើយ›។—សូម​អាន កូរិនថូសទី១ ១០:១៣

‹ចូរ​សុំ រក និង​គោះ​ទ្វារ​ឥត​ឈប់›

១៧, ១៨​. តើ​ការ‹សុំ រក និង​គោះ​ទ្វារ​ឥត​ឈប់›មាន​ន័យ​អ្វី?

១៧ សាវ័ក​ប៉ុល​បាន​ដាស់​តឿន​បង​ប្អូន​រួម​ជំនឿ​ថា​៖ «ចូរ​តស៊ូ​ក្នុង​ការ​អធិដ្ឋាន»។ (រ៉ូម ១២:១២) ស្រ​ដៀង​គ្នា​ដែរ លោក​យេស៊ូ​បាន​បង្គាប់​ថា​៖ «ចូរ​សុំ​ឥត​ឈប់ នោះ​អ្នក​នឹង​ទទួល ចូរ​រក​ឥត​ឈប់ នោះ​អ្នក​នឹង​រក​ឃើញ ចូរ​គោះ​ទ្វារ​ឥត​ឈប់ នោះ​ទ្វារ​នឹង​ត្រូវ​បើក​ឲ្យ។ ពីព្រោះ អស់​អ្នក​ដែល​សុំ​នឹង​ទទួល ហើយ​អស់​អ្នក​ដែល​រក នឹង​រក​ឃើញ ហើយ​ចំពោះ​អស់​អ្នក​ដែល​គោះ ទ្វារ​នឹង​ត្រូវ​បើក​ឲ្យ»។ (ម៉ាថ. ៧:៧, ៨) ជា​ការ​សមរម្យ​ឲ្យ​«សុំ​ឥត​ឈប់»​ពី​អ្វី​ក៏​ដោយ ឲ្យ​តែ​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ ដោយ​សម​ស្រប​នឹង​ពាក្យ​របស់​លោក​យេស៊ូ នោះ​សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ «ហើយ​យើង​មាន​ទំនុក​ចិត្ត​ថា អ្វី​ក៏​ដោយ​ដែល​យើង​អធិដ្ឋាន​សុំ ដែល​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ នោះ​ព្រះ​នឹង​ស្ដាប់​យើង»។—១យ៉ូន. ៥:១៤

១៨ ដំបូន្មាន​របស់​លោក​យេស៊ូ​ឲ្យ‹សុំ​និង​រក​ឥត​ឈប់› មាន​ន័យ​ថា​យើង​គួរ​អធិដ្ឋាន​ដោយ​អស់ពី​ចិត្ត​ហើយ​មិន​ឈប់​អធិដ្ឋាន​បើ​មិន​មាន​ការ​តប​ឆ្លើយ​ភ្លាមៗ។ ម្យ៉ាង​ទៀត គឺ​ចាំ​បាច់​ឲ្យ​យើង​«គោះ​ទ្វារ​ឥត​ឈប់»​ដើម្បី​ចូល​រាជាណាចក្រ​របស់​ព្រះ ហើយ​ទទួល​ពរ ប្រយោជន៍ និង​រង្វាន់​ពី​រាជាណាចក្រ​នោះ។ ក៏​ប៉ុន្តែ តើ​យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​នឹង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ទេ? យើង​អាច​មាន​ទំនុក​ចិត្ត​មែន​បើ​យើង​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា ព្រោះ​គ្រិស្ត​បាន​ពោល​ថា​៖ «អស់​អ្នក​ដែល​សុំ​នឹង​ទទួល ហើយ​អស់​អ្នក​ដែល​រក នឹង​រក​ឃើញ ហើយ​ចំពោះ​អស់​អ្នក​ដែល​គោះ ទ្វារ​នឹង​ត្រូវ​បើក​ឲ្យ»។ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​មាន​បទ​ពិសោធន៍​ជា​ច្រើន​ដែល​បង្ហាញ​ថា​ព្រះ​ពិត​ជា​អ្នក​ដែល​«ស្ដាប់​សេចក្ដី​អធិស្ឋាន»​មែន។—ទំនុក. ៦៥:២

១៩, ២០​. ស្រប​ទៅ​តាម​ពាក្យ​របស់​លោក​យេស៊ូ​ដែល​បាន​កត់​ទុក​នៅ​សៀវភៅ​ម៉ាថាយ ៧:៩​-​១១ តើ​ព្រះ​យេហូវ៉ា​ដូច​នឹង​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច?

១៩ លោក​យេស៊ូ​បាន​ប្រៀប​ធៀប​ព្រះ​ទៅ​នឹង​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ដែល​ផ្ដល់​របស់​របរ​ល្អ​សម្រាប់​កូន​គាត់។ សូម​ស្រមៃ​គិត​ថា​ខ្លួន​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្ដាប់​ធម្មទាន​នៅ​លើ​ភ្នំ​នោះ ហើយ​បាន​ឮ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​សុំ​នំ​ប៉័ង​នោះ តើ​មាន​អ្នក​ណា​នឹង​ឲ្យ​ដុំ​ថ្ម​ទៅ​កូន​ទេ? ចុះ​បើ​កូន​សុំ​ត្រី តើ​មាន​អ្នក​ណា​នឹង​ឲ្យ​សត្វ​ពស់​ទៅ​កូន? ដូច្នេះ សូម្បី​តែ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​ទុច្ចរិត ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន ទម្រាំ​តែ​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ លោក​ប្រាកដ​ជា​នឹង​ផ្ដល់​អ្វី​ដ៏​ល្អ​ដល់​អ្នក​ដែល​សុំ​ពី​លោក​យ៉ាង​ណា​ទៅ​ហ្ន៎!»។ម៉ាថ. ៧:៩​-​១១

២០ ទោះ​បើ​បិតា​មួយ​រូប​គឺ​«អាក្រក់»​ក្នុង​ន័យ​ថា​គាត់​បាន​ទទួល​អំពើ​ខុស​ឆ្គង​ជា​មត៌ក តែ​បិតា​នោះ​ស្រឡាញ់​កូន​គាត់​មែន។ គាត់​មិន​បំភាន់​កូន តែ​ខំ​ប្រឹង​ផ្ដល់​ឲ្យ​«របស់​ល្អ»​ទៅ​កូន។ ដោយ​ប្រព្រឹត្ត​ដូច​បិតា​មួយ​រូប​ចំពោះ​យើង នោះ​បិតា​ដ៏​ជា​ទី​ស្រឡាញ់​នៅ​ឯ​ស្ថាន​សួគ៌​ផ្ដល់​«អ្វី​ដ៏​ល្អ»​ដូច​ជា​សកម្ម​ពល​បរិសុទ្ធ​របស់​លោក​ជា​ដើម។ (លូក. ១១:១៣) សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​អាច​ពង្រឹង​យើង​ឲ្យ​បំពេញ​កិច្ច​បម្រើ​ដែល​ផ្គាប់​ចិត្ត​ព្រះ​យេហូវ៉ា ជា​អ្នក​ផ្ដល់​«គ្រប់​ទាំង​របស់​ល្អ​និង​អំណោយ​ដ៏​ល្អ​ឥត​ខ្ចោះ»។—យ៉ា. ១:១៧

ចូរ​បន្ត​ទទួល​ប្រយោជន៍ ពី​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ

២១, ២២​. តើ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ពី​ធម្មទាន​នៅ​លើ​ភ្នំ? ហើយ​ចំពោះ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ដូច​ម្ដេច?

២១ ធម្មទាន​នៅ​លើ​ភ្នំ​ប្រាកដជា​សុន្ទរកថា​ដ៏​ល្អ​បំផុត​ដែល​ធ្លាប់​ថ្លែង​លើ​ផែនដី។ សុន្ទរកថា​នោះ​គឺ​អស្ចារ្យ​ដោយ​សារបាន​បង្រៀន​យើង​អំពី​ព្រះ ហើយ​ស្រួល​យល់​ផង។ តាម​រយៈ​ចំណុច​ផ្សេងៗ​ដែល​បាន​លើក​ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ​ពី​អត្ថបទ​នេះ​និង​អត្ថបទ​មុន​ទាំង​ពីរ យើង​អាច​ទទួល​ប្រយោជន៍​ជា​ច្រើន​បើ​យើង​អនុវត្ត​តាម​ដំបូន្មាន​ដែល​មាន​ក្នុង​ធម្មទាន​នេះ។ សេចក្ដី​បង្រៀន​ទាំង​នេះ​របស់​លោក​យេស៊ូ​អាច​នាំ​ឲ្យ​យើង​មាន​ជីវិត​ដ៏​ប្រសើរ​ជាង​ឥឡូវ ព្រម​ទាំង​ផ្ដល់​សេចក្ដី​សង្ឃឹម​ឲ្យ​យើង​មាន​អនាគត​ល្អ។

២២ នៅ​ក្នុង​អត្ថបទ​ទាំង​បី​នេះ យើង​បាន​ពិនិត្យ​មើល​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​ដែល​មាន​តម្លៃ​ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ​តែ​បន្ដិច​បន្តួច​ប៉ុណ្ណោះ។ ពុំ​មែន​ជា​ការ​ចម្លែក​អ្វី​ឡើយ! ដែល​បណ្ដា​ជន​«បាន​កោត​ស្ងើច​ក្រៃ​លែង​នឹង​សេចក្ដី​បង្រៀន​របស់​លោក»។ (ម៉ាថ. ៧:២៨) យ៉ាង​ប្រាកដ​ណាស់ យើង​នឹង​មាន​អារម្មណ៍​ដូច​នោះ​ដែរ ពេល​យើង​ធ្វើ​ឲ្យ​ចិត្ត​និង​គំនិត​របស់​យើង​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​បង្រៀន​ទាំង​នេះ​និង​សេចក្ដី​បង្រៀន​ឯ​ទៀត​របស់​គ្រូ​ដ៏​ឧត្តម​គឺ​លោក​យេស៊ូ​គ្រិស្ត។

តើ​អ្នក​ឆ្លើយ​យ៉ាង​ណា?

តើ​លោក​យេស៊ូ​មាន​ប្រសាសន៍​អ្វី​ស្តី​អំពី​ការ​អធិដ្ឋាន​របស់​មនុស្ស​ពុត​ត្បុត?

ហេតុ​អ្វី​យើង​មិន​គួរ​សូត្រ​ពាក្យ​ដដែលៗ​ពេល​អធិដ្ឋាន?

តើ​សេចក្ដី​អធិដ្ឋាន​ដែល​លោក​យេស៊ូ​ផ្ដល់​ជា​គំរូ​មាន​សំណូម​ពរ​អ្វី​ខ្លះ?

តើ​យើង​អាច‹សុំ រក និង​គោះ​ទ្វារ​ឥត​ឈប់›យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២១]

លោក​យេស៊ូ​ផ្ដន្ទា​ទោស​មនុស្ស​លាក់​ពុត​ដែល​គ្រាន់តែ​អធិដ្ឋាន​ដើម្បី​ឲ្យ​អ្នក​ដទៃ​ឃើញ​និង​ឮ​ប៉ុណ្ណោះ

[រូបភាព​នៅ​ទំព័រ​២៣]

​ការ​សមរម្យ​ឲ្យ​យើង​អធិដ្ឋាន​សុំ​អាហារ​ដែល​យើង​ត្រូវ​ការ​សម្រាប់​ថ្ងៃ​នេះ តើ​អ្នក​ដឹង​ថា​ហេតុ​អ្វី​ទេ?