លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ពួកគេដើរជាប់តាមកូនចៀម»

«ពួកគេដើរជាប់តាមកូនចៀម»

«ពួក​គេ​ដើរ​ជាប់​តាម​កូន​ចៀម»

«ពួក​គេ​ដើរ​ជាប់​តាម​កូន​ចៀម ទោះ​ជា​លោក​ទៅ​កន្លែង​ណា​ក៏​ដោយ»។—បប. ១៤:៤

១​. តើ​អ្នក​កាន់​តាម​ពិត​របស់​លោក​យេស៊ូ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​ដើរ​ជាប់​តាម​លោក?

លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​អស់​រយៈ​ប្រហែល​ជា​ពីរ​ឆ្នាំ​កន្លះ កាល​ដែល​លោក​«កំពុង​បង្រៀន​នៅ​ឯ​ការ​ប្រជុំ​សាធារណៈ​មួយ​នៅ​ក្រុង​កាពើណិម»។ ប៉ុន្តែ «ពួក​អ្នក​កាន់​តាម​ជា​ច្រើន​របស់​លោក​បាន​ត្រឡប់​ទៅ​ប្រកប​កិច្ចការ​ពី​មុន លែង​ចង់​តាម​លោក​ត​ទៅ​ទៀត» ដោយ​ព្រោះ​ពួក​គេ​មាន​អារម្មណ៍​ថា​សម្ដី​របស់​លោក​យេស៊ូ​គួរ​ឲ្យ​ទាស់​ចិត្ត​ណាស់។ ពេល​ដែល​លោក​យេស៊ូ​សួរ​សាវ័ក​១២​នាក់​ថា តើ​ពួក​គេ​ចង់​ទៅ​ដែរ​ឬ? នោះ​ស៊ីម៉ូន​ពេត្រុស​ឆ្លើយ​ថា​៖ «លោក​ម្ចាស់ តើ​យើង​នឹង​ទៅ​ឯ​អ្នក​ណា​វិញ? ប្រសាសន៍​របស់​លោក​នាំ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​យើង​បាន​ជឿ ក៏​បាន​ដឹង​ថា លោក​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ»។ (យ៉ូន. ៦:៤៨, ៥៩, ៦០, ៦៦​-​៦៩) អ្នក​កាន់​តាម​ពិត​របស់​លោក​យេស៊ូ​មិន​ព្រម​ឈប់​កាន់​តាម​លោក​ឡើយ។ ពួក​គេ​បន្ត​ចុះ​ចូល​ក្រោម​ការ​ណែនាំ​របស់​លោក​យេស៊ូ ក្រោយ​ពី​បាន​រើស​តាំង​ដោយ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ។—សកម្ម. ១៦:៧​-​១០

២​. (ក) តើ​អ្នក​ណា​ជា​«ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា»? (ខ) តើ​ខ្ញុំ​បម្រើ​បាន​បង្ហាញ​ទម្លាប់​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​«ដើរ​ជាប់​តាម​កូន​ចៀម»​យ៉ាង​ដូច​ម្ដេច?

ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ពួក​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​នៅ​សម័យ​នេះ? ក្នុង​ទំនាយ​របស់​លោក​យេស៊ូ​ស្តី​អំពី​«សញ្ញា​សម្គាល់​ដែល​បញ្ជាក់​វត្តមាន​របស់​លោក និង​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក» លោក​យេស៊ូ​បាន​ហៅ​ក្រុម​មួយ​នៃ​អ្នក​កាន់​តាម​លោក​នៅ​ផែនដី​ដែល​បាន​រើស​តាំង​ដោយ​សកម្ម​ពល​របស់​ព្រះ ថា​«ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា»។ (ម៉ាថ. ២៤:៣, ៤៥) ក្រុម​នៃ​ខ្ញុំ​បម្រើ​នេះ​បាន​បង្ហាញ​ទម្លាប់​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​«ដើរ​ជាប់​តាម​កូន​ចៀម ទោះ​ជា​លោក​ទៅ​កន្លែង​ណា​ក៏​ដោយ»។ (សូម​អាន ការ​បើក​បង្ហាញ ១៤:៤, ៥) សមាជិក​នៃ​ក្រុម​នេះ​បាន​រក្សា​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​ក្នុង​ន័យ​ដែល​ទាក់​ទង​នឹង​សាសនា ដោយ​ព្រោះ​ពួក​គេ​មិន​ក្លាយ​ជា​ស្មោកគ្រោក​នឹង​ជំនឿ ព្រម​ទាំង​ការ​ប្រព្រឹត្ត​របស់​«បាប៊ីឡូន​ដ៏​ខ្លាំងក្លា»​ដែល​ជា​សាសនា​មិន​ពិត​ទាំង​ឡាយ​ដែល​ប្រៀប​ដូច​ជា​ចក្រភព​មួយ។ (បប. ១៧:៥) «ក្នុង​មាត់​ពួក​គេ»​គ្មាន​ពាក្យ​ភូតភរ​អំពី​សេចក្ដី​បង្រៀន​ទេ ហើយ​ពួក​គេ​រក្សា​ឲ្យ​«គ្មាន​ខ្ចោះ»​ក្នុង​ពិភព​លោក​របស់​សាថាន។ (យ៉ូន. ១៥:១៩) នៅ​ថ្ងៃ​ខាង​មុខ ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ដែល​នៅ​សល់​លើ​ផែនដី «នឹង​មក»​តាម​កូន​ចៀម​ទៅ​ស្ថាន​សួគ៌។—យ៉ូន. ១៣:៣៦

៣​. ហេតុ​អ្វី​បាន​ជា​សំខាន់​ឲ្យ​យើង​ទុក​ចិត្ត​ក្រុម​នៃ​ខ្ញុំ​បម្រើ?

លោក​យេស៊ូ​បាន​តែង​តាំង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​«ខ្ញុំ​បម្រើ​ឯ​ទៀត​របស់​លោក» ពោល​គឺ​សមាជិក​ក្រុម​នៃ​ខ្ញុំ​បម្រើ «ដើម្បី​ឲ្យ​អាហារ​ពួក​គេ​បរិភោគ​តាម​ត្រូវ​ពេល»។ ណា​មួយ​ទៀត លោក​ក៏​បាន​តែង​តាំង​ពួក​គាត់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​«ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​លោក»​ដែរ។ (ម៉ាថ. ២៤:៤៥​-​៤៧) «ទ្រព្យ​សម្បត្ដិ»​ទាំង​នេះ​រួម​បញ្ចូល​«មនុស្ស​មួយ​ក្រុម​ធំ»​នៃ​«ចៀម​ឯ​ទៀត»​ដែល​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង។ (បប. ៧:៩; យ៉ូន. ១០:១៦) សមាជិក​នៃ​ក្រុម​ដែល​ត្រូវ​បាន​រើស​តាំង និង​«ចៀម​ឯ​ទៀត»​គួរ​ទុក​ចិត្ត​ក្រុម​នៃ​ខ្ញុំ​បម្រើ​ដែល​ត្រូវ​បាន​តែង​តាំង​លើ​ពួក​គាត់ មែន​ទេ? មាន​មូលហេតុ​ជា​ច្រើន​ដែល​ក្រុម​នៃ​ខ្ញុំ​បម្រើ​សម​នឹង​ទទួល​ការ​ទុក​ចិត្ត​ពី​យើង។ មូលហេតុ​ដ៏​អស្ចារ្យ​ពីរ​យ៉ាង​ដែល​យើង​គួរ​ទុក​ចិត្ត​ពួក​គាត់​គឺ (១) ព្រះ​យេហូវ៉ា​ទុក​ចិត្ត​ក្រុម​នៃ​ខ្ញុំ​បម្រើ។ (២) លោក​យេស៊ូ​ក៏​ទុក​ចិត្ត​ក្រុម​នៃ​ខ្ញុំ​បម្រើ​ដែរ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ទី​សំអាង​ដែល​បញ្ជាក់​ថា ទាំង​ព្រះ​យេហូវ៉ា​ទាំង​លោក​យេស៊ូ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា។

ព្រះ​យេហូវ៉ា​ទុក​ចិត្ត​ខ្ញុំ​បម្រើ

៤​. ហេតុ​អ្វី​បាន​ជា​យើង​អាច​ទុក​ចិត្ត​ទៅ​លើ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ ដែល​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​បាន​ផ្ដល់​ឲ្យ​យើង?

សូម​គិត​អំពី​អ្វី​ដែល​បាន​ជួយ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា ក្នុង​ការ​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ ដែល​យើង​ត្រូវ​ការ​តាម​ត្រូវ​ពេល។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ «[ខ្ញុំ]​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវ​ដែល​ឯង​ត្រូវ​ដើរ»។ លោក​បន្ថែម​ថា​៖ «[ខ្ញុំ]​នឹង​ទូន្មាន​ឯង ដោយ​ភ្នែក​[ខ្ញុំ]​មើល​ឯង​ជាប់»។ (ទំនុក. ៣២:៨) ត្រូវ​ហើយ ព្រះ​យេហូវ៉ា​ណែនាំ​ក្រុម​នៃ​ខ្ញុំ​បម្រើ។ ហេតុ​ដូច្នេះ​ហើយ យើង​អាច​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ការ​យល់​ធ្លុះ​និង​គំនិត​ឆ្លុះ​យល់​អំពី​បទ​គម្ពីរ ព្រម​ទាំង​ការ​ណែនាំ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ដែល​យើង​ទទួល​ពី​ក្រុម​នៃ​ខ្ញុំ​បម្រើ។

៥​. តើ​អ្វី​បង្ហាញ​ថា​សកម្ម​ពល​របស់​ព្រះ​កំពុង​ពង្រឹង​កម្លាំង​ក្រុម​នៃ​ខ្ញុំ​បម្រើ?

ព្រះ​យេហូវ៉ា​ក៏​ផ្ដល់​សកម្ម​ពល​បរិសុទ្ធ​របស់​លោក​ដល់​ក្រុម​នៃ​ខ្ញុំ​បម្រើ​ដែរ។ ទោះ​បើ​យើង​មិន​អាច​មើល​ឃើញ​សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​ក៏​ពិត​មែន តែ​យើង​អាច​ឃើញ​លទ្ធផល​ពី​អ្នក​ដែល​ទទួល​សកម្ម​ពល​នោះ។ សូម​គិត​អំពី​អ្វី​ដែល​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​បាន​សម្រេច​នៅ​ទូ​ទាំង​ពិភព​លោក​ក្នុង​ការ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ព្រះ​យេហូវ៉ា បុត្រ និង​រាជាណាចក្រ​របស់​លោក។ អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​កំពុង​ផ្សព្វ​ផ្សាយ​សារ​រាជាណាចក្រ​របស់​ព្រះ​នៅ​ច្រើន​ជាង​២៣០​ប្រទេស​និង​កោះ​ផ្សេងៗ។ នេះ​ជា​ទី​សំអាង​ជាក់​ស្តែង​បញ្ជាក់​ថា​សកម្ម​ពល​របស់​ព្រះ​កំពុង​ពង្រឹង​កម្លាំង​ក្រុម​នៃ​ខ្ញុំ​បម្រើ មែន​ទេ? (សូម​អាន សកម្មភាព ១:៨) ក្រុម​នៃ​ខ្ញុំ​បម្រើ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់ៗ​ដើម្បី​រៀប​ចំ និង​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ ដល់​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​ទូ​ទាំង​ពិភព​លោក​តាម​ត្រូវ​ពេល។ ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​និង​ប្រតិបត្ដិ​តាម​ការ​សម្រេច​ចិត្ត​បែប​នោះ ក្រុម​នៃ​ខ្ញុំ​បម្រើ​បង្ហាញ​សេចក្ដី​ស្រឡាញ់ ចិត្ត​ស្លូតបូត ព្រម​ទាំង​គុណ​សម្បត្ដិ​ផ្សេងៗ​ទៀត​ដែល​បង្កើត​ដោយ​សកម្ម​ពល​របស់​ព្រះ។—កាឡ. ៥:​២២, ២៣

៦, ៧​. តើ​ព្រះ​យេហូវ៉ា​ទុក​ចិត្ត​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ដល់​កម្រិត​ណា?

ដើម្បី​យល់​ដឹង​ថា​ព្រះ​ទុក​ចិត្ត​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ដល់​កម្រិត​ណា សូម​ជញ្ជឹង​គិត​អំពី​អ្វី​ដែល​លោក​បាន​សន្យា​ដល់​សមាជិក​ក្រុម​នៃ​ខ្ញុំ​បម្រើ​នោះ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «ត្រែ​នឹង​បន្លឺ​ឡើង រួច​មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដោយ​មិន​អាច​ខូច​បាន​ឡើយ ហើយ​យើង​នឹង​ត្រូវ​ផ្លាស់​ប្រែ។ ព្រោះ​អ្នក​ដែល​អាច​ខូច​រលួយ​ត្រូវ​ទៅ​ជា​អ្នក​ដែល​មិន​អាច​ខូច​រលួយ ហើយ​អ្នក​ដែល​អាច​ស្លាប់​ត្រូវ​ទៅ​ជា​អមតៈ»។ (១កូ. ១៥:៥២,៥៣) អ្នក​កាន់​តាម​លោក​យេស៊ូ​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ ដែល​បម្រើ​ព្រះ​យ៉ាង​ស្មោះ​ត្រង់​ហើយ​ស្លាប់​ខាង​រូប​កាយ​ដែល​អាច​ខូច​រលួយ នោះ​នឹង​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មិន​គ្រាន់​ជា​បុគ្គល​វិញ្ញាណ​ដែល​មាន​ជីវិត​ជា​រៀង​រហូត​ប៉ុណ្ណោះ​ឡើយ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​ពួក​គេ​មាន​ជីវិត​អមតៈ ដែល​ជា​ភាព​គ្មាន​ទី​បញ្ចប់​និង​មិន​អាច​បំផ្លាញ​បាន។ ម្យ៉ាង​ទៀត ពួក​គេ​ផ្លាស់​ប្រែ​ទៅ​ជា​អ្នក​ដែល​មិន​អាច​ខូច​រលួយ ក្នុង​ន័យ​ថា​ពួក​គេ​ទទួល​រូប​កាយ​ដែល​គ្មាន​ភាព​ខូច​ខាត ហើយ​តាម​មើល​ទៅ ជា​រូប​កាយ​ដែល​ចេះ​ទ្រទ្រង់​ខ្លួន​ឯង​ផង។ សៀវភៅ​ការ​បើក​បង្ហាញ ៤:៤ ពិពណ៌នា​ថា​ពួក​អ្នក​ដែល​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​អង្គុយ​លើ​បល្ល័ង្ក​ទាំង​ពាក់​មកុដ​មាស​លើ​ក្បាល​ដែរ។ ត្រូវ​ហើយ ពួក​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​នឹង​ទទួល​សិរី​រុងរឿង​ជា​ពូជ​ពង្ស​ស្តេច។ ប៉ុន្តែ មាន​ទី​សំអាង​បន្ថែម​ទៀត​ដែល​បញ្ជាក់​ថា​ព្រះ​មាន​ទំនុក​ចិត្ត​លើ​ពួក​អ្នក​ដែល​បាន​រើស​តាំង​នោះ។

សៀវភៅ​ការ​បើក​បង្ហាញ ១៩:៧, ៨ ចែង​ថា​៖ «វេលា​សម្រាប់​ពិធី​មង្គល​ការ​របស់​កូន​ចៀម​បាន​មក​ដល់​ហើយ ឯ​ភរិយា​របស់​លោក​បាន​រៀប​ចំ​ខ្លួន។ ព្រោះ​នាង​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ស្លៀកពាក់​ក្រណាត់​សាច់​ល្អ​ដែល​ស្អាត​ហើយ​ភ្លឺ ពីព្រោះ​ក្រណាត់​សាច់​ល្អ​នោះ​តំណាង​ការ​ប្រព្រឹត្ត​ដ៏​សុចរិត​របស់​ពួក​អ្នក​បរិសុទ្ធ»។ ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ពួក​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ធ្វើ​ជា​កូន​ក្រមុំ​របស់​បុត្រ​លោក។ ​«ពិធី​មង្គល​ការ​របស់​កូន​ចៀម»​ប្រកប​ទៅ​ដោយ​ភាព​មិន​អាច​ខូច​រលួយ អម​ត​ភាព និង​ពូជ​ពង្ស​ស្តេច ហើយ​ទាំង​នេះ​ពិត​ជា​អំណោយ​ទាន​ដែល​គួរ​ឲ្យ​ស្ញប់​ស្ញែង​មែន! អំណោយ​ទាន​ទាំង​នេះ​ជា​ទី​សំអាង​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ដែល​បញ្ជាក់​ពី​ទំនុក​ចិត្ត​របស់​ព្រះ​ចំពោះ​ពួក​អ្នក​រើស​តាំង ដែល​«ដើរ​ជាប់​តាម​កូន​ចៀម ទោះ​ជា​លោក​ទៅ​កន្លែង​ណា​ក៏​ដោយ»។

លោក​យេស៊ូ​ទុក​ចិត្ត​ខ្ញុំ​បម្រើ

៨​. តើ​លោក​យេស៊ូ​បង្ហាញ​ថា លោក​មាន​ទំនុក​ចិត្ត​លើ​ពួក​អ្នក​កាន់​តាម ដែល​បាន​រើស​តាំង​ដោយ​សកម្ម​ពល​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

តើ​មាន​ទី​សំអាង​ដែល​បញ្ជាក់​ថា​លោក​យេស៊ូ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​អ្នក​កាន់​តាម​ដែល​បាន​រើស​តាំង​ដោយ​សកម្ម​ពល​របស់​ព្រះ​ទេ? នៅ​រាត្រី​ចុង​បំផុត​នៃ​ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែនដី នោះ​លោក​បាន​ធ្វើ​កិច្ច​សន្យា​ជា​មួយ​សាវ័ក​ដ៏​ស្មោះ​ត្រង់​១១​នាក់​របស់​លោក។ លោក​បាន​ប្រាប់​ពួក​គាត់​ថា​៖ «អ្នក​រាល់​គ្នា​បាន​នៅ​ជាប់​ជា​មួយ​នឹង​ខ្ញុំ ពេល​ដែល​ខ្ញុំ​មាន​ទុក្ខ​លំបាក ហើយ​ខ្ញុំ​ធ្វើ​កិច្ច​ព្រមព្រៀង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ដូច​បិតា​របស់​ខ្ញុំ​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ជា​មួយ​នឹង​ខ្ញុំ ពោល​គឺ​សម្រាប់​រាជាណាចក្រ​មួយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ពិសា​អាហារ​ពិសា​ស្រា​នៅ​តុ​របស់​ខ្ញុំ​ក្នុង​រាជាណាចក្រ​របស់​ខ្ញុំ ហើយ​អង្គុយ​លើ​បល្ល័ង្ក​ដើម្បី​វិនិច្ឆ័យ​កុលសម្ព័ន្ធ​ទាំង​ដប់​ពីរ​នៃ​អ៊ីស្រាអែល»។ (លូក. ២២:២៨​-​៣០) កិច្ច​ព្រមព្រៀង​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ជា​មួយ​សាវ័ក​១១​នាក់​នោះ​ជាប់​ពាក់​ព័ន្ធ​នឹង​ពួក​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ទាំង​អស់ ដែល​មាន​ចំនួន​១៤៤.០០០​នាក់។ (លូក. ១២:៣២; បប. ៥:៩, ១០; ១៤:១) ប្រសិន​បើ​លោក​យេស៊ូ​មិន​ទុក​ចិត្ត​ពួក​គេ តើ​លោក​នឹង​ធ្វើ​កិច្ច​ព្រមព្រៀង​ឲ្យ​ពួក​គេ​សោយរាជ្យ​ជា​មួយ​លោក​ទេ?

៩​. តើ​«ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​[គ្រិស្ត]»​រួម​បញ្ចូល​អ្វី​ខ្លះ?

ម្យ៉ាង​ទៀត លោក​យេស៊ូ​គ្រិស្ត​បាន​តែង​តាំង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​«ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​លោក» ពោល​គឺ​អ្វីៗ​ទាំង​អស់​នៅ​ផែនដី​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ​របស់​លោក។ (ម៉ាថ. ២៤:៤៧) ទ្រព្យ​សម្បត្ដិ​ទាំង​នេះ​រួម​បញ្ចូល​អគារ​នានា​នៅ​ឯ​មន្ទីរ​ចាត់​ការ​នៃ​សាក្សី​ព្រះ​យេហូវ៉ា ការិយាល័យ​សាខា​នៅ​ប្រទេស​ផ្សេងៗ សាល​សន្និបាត​និង​សាល​ប្រជុំ​នានា​នៅ​ទូ​ទាំង​ពិភព​លោក ព្រម​ទាំង​កិច្ចការ​ផ្សព្វ​ផ្សាយ​និង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​ផង។ ប្រសិន​បើ​មិន​ទុក​ចិត្ត​លើ​មនុស្ស​ណា​ម្នាក់ តើ​មាន​នរណា​ដែល​នឹង​ប្រគល់​ឲ្យ​មនុស្ស​នោះ​ថែ​រក្សា និង​ប្រើប្រាស់​ទ្រព្យ​សម្បត្ដិ​ដែល​មាន​តម្លៃ​របស់​ខ្លួន​ទេ?

១០​. តើ​អ្វី​ដែល​បង្ហាញ​ថា​លោក​យេស៊ូ​គ្រិស្ត​នៅ​ជា​មួយ​ពួក​អ្នក​កាន់​តាម​ដែល​បាន​រើស​តាំង?

១០ មិន​យូរ​ប៉ុន្មាន​មុន​ឡើង​ទៅ​ស្ថាន​សួគ៌ លោក​យេស៊ូ​ដែល​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​លេច​ខ្លួន​ឲ្យ​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​ឃើញ ហើយ​បាន​សន្យា​ដល់​ពួក​គាត់​ថា​៖ «មើល! ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ»។ (ម៉ាថ. ២៨:២០) តើ​លោក​យេស៊ូ​បាន​ធ្វើ​តាម​ពាក្យ​សន្យា​នោះ​ទេ? ក្នុង​អំឡុង​ពេល​១៥​ឆ្នាំ​កន្លង​ទៅ​នេះ ក្រុម​ជំនុំ​នៃ​សាក្សី​ព្រះ​យេហូវ៉ា​បាន​រីក​ចម្រើន​ជាង​៤០​ភាគ​រយ ពី​៧០.០០០​ក្រុម​ជំនុំ ដល់​ទៅ​ជាង​១០០.០០០​ក្រុម​ជំនុំ។ តើ​មាន​អ្នក​កាន់​តាម​ថ្មី​ប៉ុន្មាន​នាក់? មាន​អ្នក​កាន់​តាម​ជិត​៤​លាន​កន្លះ ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​អំឡុង​១៥​ឆ្នាំ​កន្លង​ទៅ​នេះ ហើយ​បើ​គិត​ជា​មធ្យម នេះ​បាន​សេចក្ដី​ថា​ជាង​៨០០​នាក់​ជា​រៀង​រាល់​ថ្ងៃ។ ការ​រីក​ចម្រើន​ដ៏​អស្ចារ្យ​ទាំង​នេះ​ជា​ទី​សំអាង​ជាក់​ស្តែង​ដែល​ថា គ្រិស្ត​ណែនាំ​ពួក​អ្នក​កាន់​តាម​ដែល​បាន​រើស​តាំង នៅ​ឯ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ ព្រម​ទាំង​គាំទ្រ​ពួក​គាត់​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​ដែរ។

ខ្ញុំ​បម្រើ​ពិត​ជា​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា

១១, ១២​. តើ​ខ្ញុំ​បម្រើ​បង្ហាញ​ថា​ខ្លួន​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​យ៉ាង​ដូច​ម្ដេច?

១១ ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា គប្បី​ឲ្យ​យើង​ទុក​ចិត្ត​ពួក​គាត់​ដែរ មែន​ទេ? យ៉ាង​ណា​មិញ ខ្ញុំ​បម្រើ​បាន​បង្ហាញ​ថា​ខ្លួន​ស្មោះ​ត្រង់​ក្នុង​ការ​សម្រេច​កិច្ចការ​ដែល​ត្រូវ​បាន​ប្រគល់​ឲ្យ​ពួក​គេ​ធ្វើ។ ជា​ឧទាហរណ៍ ទស្សនាវដ្ដី​ប៉មយាម ត្រូវ​បាន​បោះពុម្ព​អស់​រយៈ​ពេល​១៣០​ឆ្នាំ​ហើយ។ កិច្ច​ប្រជុំ សន្និបាត មហាសន្និបាត​នានា​នៃ​សាក្សី​ព្រះ​យេហូវ៉ា​មាន​កម្មវិធី​បង្រៀន​ដែល​ជួយ​យើង​ឲ្យ​ពង្រឹង​ជំនឿ​របស់​ខ្លួន​ជា​បន្ត។

១២ ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ក៏​ចេះ​ពិចារណា​ដែរ ដោយ​ព្រោះ​ពួក​គាត់​មិន​ធ្វើ​អ្វី​មុន​ពេល​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ណែនាំ​ជាក់​លាក់ ហើយ​កាល​ណា​យល់​ច្បាស់​ការ​ណែនាំ​របស់​ព្រះ​ស្តី​អំពី​រឿង​ណា​មួយ នោះ​ពួក​គាត់​អនុវត្ត​តាម​ភ្លាមៗ។ ជា​ឧទាហរណ៍ ចំពោះ​កិរិយា​ប្រព្រឹត្ត​ដែល​ឥត​កោត​ខ្លាច​ព្រះ​របស់​មនុស្ស​ខាង​ពិភព​លោក​នេះ អ្នក​នាំ​មុខ​សាសនា​មិន​ពិត​យល់​ព្រម​ដោយ​នៅ​ស្ងៀម​អត់​មាត់ ឬ​ក៏​បណ្ដោយ​ដោយ​និយាយ​ជា​ចំហ​ថា​ជា​រឿង​ធម្មតា។ ប៉ុន្តែ ខ្ញុំ​បម្រើ​ព្រមាន​យើង​ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​អន្ទាក់​ផ្សេងៗ ដែល​មាន​នៅ​ក្នុង​ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន។ ខ្ញុំ​បម្រើ​ផ្ដល់​ការ​ព្រមាន​ដែល​ប្រកប​ដោយ​ប្រាជ្ញា​និង​តាម​ត្រូវ​ពេល​បាន ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​កំពុង​ចម្រើន​កម្លាំង​ដល់​ខ្ញុំ​បម្រើ​នោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បម្រើ​សម​នឹង​ទទួល​ការ​ទុក​ចិត្ត​ទាំង​ស្រុង​ពី​យើង។ ប៉ុន្តែ តើ​យើង​អាច​បង្ហាញ​ថា​យើង​ទុក​ចិត្ត​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​យ៉ាង​ដូច​ម្ដេច?

ចូរ​«ទៅ​ជា​មួយ»​ពួក​អ្នក​រើស​តាំង ខណៈ​ដែល​ពួក​គាត់​ដើរ​ជាប់​តាម​កូន​ចៀម

១៣​. យោង​ទៅ​តាម​ទំនាយ​របស់​សាការី តើ​យើង​អាច​បង្ហាញ​ការ​ទុក​ចិត្ត​ទៅ​លើ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​យ៉ាង​ដូច​ម្ដេច?

១៣ សៀវភៅ​សាការី​ក្នុង​គម្ពីរ​បាន​រៀប​រាប់​អំពី​«មនុស្ស​១០​នាក់»​ដែល​និយាយ​ទៅ​កាន់​«សាសន៍​យូដា​ម្នាក់»​ថា​៖ «យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង . . . អ្នក​រាល់​គ្នា»។ (សូម​អាន សាការី ៨:២៣) ដោយ​ហេតុ​ថា​«សាសន៍​យូដា​ម្នាក់»​ត្រូវ​បាន​ពិពណ៌នា​ជា​«អ្នក​រាល់​គ្នា» នេះ​បាន​សេចក្ដី​ថា​គាត់​តំណាង​មនុស្ស​មួយ​ក្រុម។ នៅ​សម័យ​យើង គាត់​តំណាង​គ្រិស្ត​សាសនិក​ដែល​បាន​រើស​តាំង​ដោយ​សកម្ម​ពល​របស់​ព្រះ​ដែល​នៅ​សេស​សល់​លើ​ផែនដី ពោល​គឺ​បង​ប្អូន​មួយ​ផ្នែក​របស់​«អ៊ីស្រាអែល​នៃ​ព្រះ»។ (កាឡ. ៦:១៦) «មនុស្ស​១០​នាក់​ពី​ភាសា​ផ្សេងៗ»​តំណាង​មនុស្ស​មួយ​ក្រុម​ធំ​នៃ​ចៀម​ឯ​ទៀត។ ដូច​ពួក​គ្រិស្ត​សាសនិក​ដែល​បាន​រើស​តាំង​ដើរ​ជាប់​នឹង​លោក​យេស៊ូ​ទោះ​ជា​លោក​ទៅ​កន្លែង​ណា​ក៏​ដោយ នោះ​មនុស្ស​មួយ​ក្រុម​ធំ​«ទៅ​ជា​មួយ»​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​ដែរ។ អស់​អ្នក​ក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម​ធំ​មិន​គួរ​ខ្មាស​ទាល់​តែ​សោះ​ក្នុង​ការ​សម្គាល់​ខ្លួន​ជា​គូកន​នៃ​«អ្នក​ដែល​ត្រូវ​ហៅ​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌»។ (ហេ. ៣:១) លោក​យេស៊ូ​មិន​ខ្មាស​ហៅ​ពួក​អ្នក​រើស​តាំង​ជា​«បង​ប្អូន»​ទេ។—ហេ. ២:១១

១៤​. តើ​យើង​អាច​គាំទ្រ​បង​ប្អូន​របស់​គ្រិស្ត​ដោយ​ស្មោះ​ភក្ដី​យ៉ាង​ដូច​ម្ដេច?

១៤ លោក​យេស៊ូ​គ្រិស្ត​មាន​ប្រសាសន៍​ថា ពេល​យើង​គាំទ្រ​បង​ប្អូន​របស់​លោក​ដោយ​ស្មោះ​ភក្ដី នោះ​ដូច​ជា​យើង​គាំទ្រ​លោក​ផ្ទាល់​តែ​ម្ដង។ (សូម​អាន ម៉ាថាយ ២៥:៤០) បើ​ដូច្នេះ តើ​អស់​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី អាច​គាំទ្រ​បង​ប្អូន​របស់​គ្រិស្ត​ដែល​ត្រូវ​បាន​រើស​តាំង​ដោយ​សកម្ម​ពល​របស់​ព្រះ​តាម​វិធី​ណាខ្លះ? សំខាន់​ចម្បង​គឺ​ដោយ​ជួយ​ពួក​គាត់​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ។ (ម៉ាថ. ២៤:១៤; យ៉ូន. ១៤:១២) ជា​ច្រើន​ទសវត្សរ៍​កន្លង​ទៅ​នេះ ពួក​អ្នក​រើស​តាំង​ដែល​នៅ​ផែនដី​មាន​ចំនួន​កាន់​តែ​តិច​ទៅៗ ខណៈ​ដែល​ពួក​ចៀម​ឯ​ទៀត​មាន​ចំនួន​រឹត​តែ​កើន​ឡើង។ កាល​ណា​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ដោយ​បម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ពេល​បើ​អាច​ធ្វើ​បាន នោះ​ពួក​គាត់​គាំទ្រ​បង​ប្អូន​ដែល​បាន​រើស​តាំង​ដោយ​សកម្ម​ពល​របស់​ព្រះ ក្នុង​ការ​បំពេញ​កិច្ចការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស។ (ម៉ាថ. ២៨:១៩, ២០) ណា​មួយ​ទៀត កុំ​ឲ្យ​យើង​ភ្លេច​គាំទ្រ​កិច្ចការ​នេះ​ដោយ​ធ្វើ​វិភាគ​ទាន​តាម​វិធី​ផ្សេងៗ។

១៥​. ពេល​ខ្ញុំ​បម្រើ​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ និង​ធ្វើ​ការ​សម្រេច​ចិត្ត​ស្តី​អំពី​របៀប​រៀប​ចំ​ក្នុង​អង្គការ តើ​គប្បី​ឲ្យ​គ្រិស្ត​សាសនិក​ម្នាក់ៗ​មាន​អារម្មណ៍​យ៉ាង​ដូច​ម្ដេច?

១៥ ក្រុម​នៃ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ តាម​រយៈ​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ព្រម​ទាំង​កិច្ច​ប្រជុំ​និង​សន្និបាត​នៃ​ពួក​គ្រិស្ត​សាសនិក​ផង។ ដូច្នេះ តើ​យើង​ម្នាក់ៗ​ជា​គ្រិស្ត​សាសនិក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្វីៗ​ទាំង​អស់​ដែល​ត្រូវ​បាន​ផ្ដល់​នោះ? តើ​យើង​ចូល​រួម​ដោយ​ដឹង​គុណ និង​ស្ម័គ្រ​ចិត្ត​អនុវត្ត​តាម​អ្វី​ដែល​យើង​បាន​រៀន​ទេ? តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ខ្ញុំ​បម្រើ​ធ្វើ​ការ​សម្រេច​ចិត្ត​ស្តី​អំពី​របៀប​រៀប​ចំ​ក្នុង​អង្គការ? កាល​ដែល​យើង​ស្ម័គ្រ​ចិត្ត​ស្ដាប់​បង្គាប់​ការ​ណែនាំ​ដែល​យើង​ទទួល នេះ​ផ្ដល់​ទី​សំអាង​ថា​យើង​មាន​ជំនឿ​ទៅ​លើ​របៀប​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា។—យ៉ា. ៣:១៧

១៦​. ហេតុ​អ្វី​គប្បី​ឲ្យ​គ្រិស្ត​សាសនិក​គ្រប់​គ្នា​ស្ដាប់​តាម​បង​ប្អូន​របស់​គ្រិស្ត?

១៦ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ «ចៀម​របស់​ខ្ញុំ​ស្ដាប់​សំឡេង​របស់​ខ្ញុំ ខ្ញុំ​ស្គាល់​ពួក​គេ ហើយ​ពួក​គេ​មក​តាម​ខ្ញុំ»។ (យ៉ូន. ១០:២៧) ពួក​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ស្ដាប់​តាម​លោក​យេស៊ូ​មែន។ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ពួក​អ្នក​ដែល​«ទៅ​ជា​មួយ»​ពួក​គាត់? ពួក​អ្នក​ដែល​«ទៅ​ជា​មួយ»​ត្រូវ​តែ​ស្ដាប់​តាម​លោក​យេស៊ូ​ដែរ។ ម្យ៉ាង​ទៀត ពួក​គាត់​ត្រូវ​ស្ដាប់​តាម​បង​ប្អូន​របស់​លោក​ផង។ យ៉ាង​ណា​មិញ បង​ប្អូន​របស់​លោក​យេស៊ូ​បាន​ទទួល​ភារកិច្ច​ក្នុង​ការ​ណែនាំ​និង​ថែ​រក្សា​រាស្ត្រ​របស់​ព្រះ។ តើ​ការ​ស្ដាប់​តាម​សំឡេង​បង​ប្អូន​របស់​គ្រិស្ត​រួម​បញ្ចូល​អ្វី?

១៧​. តើ​ការ​ស្ដាប់​តាម​ក្រុម​នៃ​ខ្ញុំ​បម្រើ​រួម​បញ្ចូល​អ្វី?

១៧ សព្វ​ថ្ងៃ​នេះ ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​ត្រូវ​បាន​តំណាង​ដោយ​គណៈ​អភិបាល ដែល​នាំ​មុខ​និង​ចាត់​ចែង​ការ​ផ្សព្វផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ​នៅ​ទូ​ទាំង​ផែនដី។ សមាជិក​នៃ​គណៈ​អភិបាល​សុទ្ធតែ​ពួក​អ្នក​ចាស់​ទុំ​ដែល​មាន​ពិសោធន៍​ហើយ​បាន​រើស​តាំង​ដោយ​សកម្ម​ពល​របស់​ព្រះ។ ជា​ពិសេស​យើង​អាច​ពិពណ៌នា​ពី​ពួក​គាត់​ថា​ជា‹ពួក​អ្នក​ដែល​កំពុង​នាំ​មុខ​យើង​រាល់​គ្នា›។ (ហេ. ១៣:៧) ក្នុង​ការ​ថែ​រក្សា​មើល​អ្នក​ប្រកាស​សារ​អំពី​រាជាណាចក្រ​របស់​ព្រះ​ដែល​មាន​ចំនួន​ជាង​៧.០០០.០០០​នាក់ ដែល​មាន​ក្នុង​ជាង​១០០.០០០​ក្រុម​ជំនុំ​នៅ​ទូ​ទាំង​ពិភព​លោក នោះ​ពួក​អ្នក​ត្រួត​ពិនិត្យ​ដែល​បាន​រើស​តាំង​ទាំង​នេះ​«ជាប់​រវល់​ក្នុង​កិច្ចការ​ដ៏​ច្រើន​របស់​លោក​ម្ចាស់»។ (១កូ. ១៥:៥៨) ការ​ស្ដាប់​តាម​ក្រុម​នៃ​ខ្ញុំ​បម្រើ​មាន​ន័យ​ថា​យើង​សហការ​គ្នា​ទាំង​ស្រុង​ជា​មួយ​គណៈ​អភិបាល​ដែល​តំណាង​ពួក​គាត់។

អស់​អ្នក​ដែល​ស្ដាប់​តាម​ខ្ញុំ​បម្រើ​ទទួល​ពរ

១៨, ១៩​. (ក) តើ​អស់​អ្នក​ដែល​ស្ដាប់​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​បាន​ទទួល​ពរ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

១៨ តាំង​ពី​ពេល​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​ត្រូវ​បាន​តែង​តាំង​មក ពួក​គេ​បាន​«ទាញ​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វិល​មក​ឯ​សេចក្ដី​សុចរិត»។ (ដា. ១២:៣) មនុស្ស​ជា​ច្រើន​នេះ​រួម​បញ្ចូល​ទាំង​អស់​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រួច​រស់​ជីវិត​ពី​សេចក្ដី​ហិន​វិនាស​នៃ​របៀប​របប​ពិភព​លោក​នេះ។ ការ​មាន​ភាព​សុចរិត​ចំពោះ​ព្រះ ពិត​ជា​មាន​ពរ​មែន!

១៩ នៅ​អនាគត ពេល​«ក្រុង​បរិសុទ្ធ គឺ​ក្រុង​យេរូសាឡិម​ថ្មី​[ដែល​មាន​១៤៤.០០០​នាក់]​ចុះ​មក​ពី​ព្រះ​នៅ​ស្ថាន​សួគ៌ ហើយ​ក្រុង​នោះ​បាន​ត្រូវ​រៀប​ចំ​ដូច​កូន​ក្រមុំ​ដែល​បាន​តុបតែង​ខ្លួន​សម្រាប់​ស្វាមី​របស់​នាង» តើ​អស់​អ្នក​ដែល​បាន​ស្ដាប់​សំឡេង​របស់​ខ្ញុំ​បម្រើ​នឹង​ទទួល​អ្វី? គម្ពីរ​រៀប​រាប់​ថា​៖ «ព្រះ​ផ្ទាល់​នឹង​នៅ​ជា​មួយ​នឹង​ពួក​គេ។ លោក​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​នឹង​លែង​មាន​ទៀត​ដែរ។ អ្វីៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​បាត់​អស់​ហើយ»។ (បប. ២១:២​-​៤) ដូច្នេះ សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​ស្ដាប់​តាម​គ្រិស្ត និង​បង​ប្អូន​របស់​លោក​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ដែល​បាន​រើស​តាំង​ដោយ​សកម្ម​ពល​របស់​ព្រះ។

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ?

តើ​មាន​ទី​សំអាង​អ្វី​ខ្លះ​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​ទុក​ចិត្ត​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា?

តើ​អ្វី​ដែល​បង្ហាញ​ថា​លោក​យេស៊ូ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ក្រុម​នៃ​ខ្ញុំ​បម្រើ?

ហេតុ​អ្វី​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​សម​នឹង​ទទួល​ការ​ទុក​ចិត្ត​ពី​យើង?

តើ​យើង​អាច​បង្ហាញ​ថា​យើង​ទុក​ចិត្ត​ខ្ញុំ​បម្រើ​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៦]

តើ​អ្នក​ដឹង​ទេ​ថា​ព្រះ​យេហូវ៉ា​បាន​រើស​នរណា​ឲ្យ​ធ្វើ​ជា​កូន​ក្រមុំ​របស់​បុត្រ​លោក?

[រូបភាព​នៅ​ទំព័រ​២៧]

លោក​យេស៊ូ​គ្រិស្ត​បាន​ប្រគល់​«ទ្រព្យ​សម្បត្ដិ»​របស់​លោក​ឲ្យ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា

[រូបភាព​នៅ​ទំព័រ​២៨]

ពេល​យើង​ចូល​រួម​នឹង​ការ​ផ្សព្វ​ផ្សាយ យើង​គាំទ្រ​ពួក​អ្នក​ដែល​បាន​រើស​តាំង​ដោយ​សកម្ម​ពល​របស់​ព្រះ